ពោធិ៍សាត់ :ដោយសារតែមានដុងពីកំណើត អ្វីដែលធ្វើឱ្យលោក ហេង ម៉ាក បានមើលឃើញមួយភ្លែតហើយ ដាក់ចិត្តដាក់កាយធ្វើរបស់នោះ លោកអាចសម្រេចដូចបំណង។ក្នុងនោះរួមមានសមិទ្ធផលជាម៉ាស៊ីនផលិតឥដ្ឋ ម៉ាស៊ីនកាត់ស្មៅនិងម៉ាស៊ីនចិញ្ច្រាំវត្ថុផ្សេងៗ ដែលលោក ម៉ាក អាចផលិតបានដោយគ្រាន់តែមើលយូធូបហើយធ្វើតាមប៉ុណ្ណោះ។
ម៉ាស៊ីនទាំងនេះមិនមែនជាសំបកគំហើញថ្មីនោះទេ។ ប៉ុន្តែសម្រាប់មនុស្សដែលមិនធ្លាប់បានរៀនឬយល់ដឹងពីបច្ចេកទេសរបស់វា ការដែលអាចធ្វើតាមយូធូបរហូតដល់ចេញជាផលិតផលសម្រេច ហើយអាចប្រើប្រាស់បានជាមួយការធានា១ឆ្នាំទៀតនោះ វាគឺជារឿងដ៏អស្ចារ្យ។
ក្នុងចំណោមម៉ាស៊ីនដែលលោកបានប្រទះឃើញក្នុងវីដេអូយូធូបមានម៉ាស៊ីនកាត់ស្មៅ ដែលត្រូវបានលោកកែច្នៃដើម្បីសម្រួលការងាររបស់អ្នកមានគុណ។
លោក ម៉ាក បានបញ្ជាក់ប្រាប់សារព័ត៌មាន SR News យ៉ាងដូច្នេះថា៖ «ហេតុផលដែលខ្ញុំកែច្នៃម៉ាស៊ីនកាត់ស្មៅនេះមក ព្រោះឪពុកខ្ញុំជាអ្នកចាំចម្ការឱ្យគេ ហើយឃើញគាត់មានការលំបាក ក៏មានគំនិតច្នៃម៉ាស៊ីនកាត់ស្មៅនេះឡើង»។
គំនិតនេះត្រូវបានបំភ្លឺបន្ថែមតាមរយៈការមើលវីដេអូនៅក្នុងយូធូប ដែលបានបង្ហាញពីអំពីដំណើរការនៃការផលិតម៉ាស៊ីនកាត់ស្មៅ។ក្រោយពីមើលរួច លោកក៏មានកូនចិត្តមួយគិតថាវាហាក់មិនមានការពិបាកអ្វីនោះទេ។លោកក៏ចាប់ផ្ដើមប្រមែប្រមូលឧបករណ៍មកធ្វើសាកល្បង។ណាមួយគ្រឿងម៉ាស៊ីនទាំងនោះមិនមានភាពសាញ៉ាំ ហើយគ្រឿងបង្គុំភាគច្រើនក៏មានស្រាប់។
លោកបានបន្ថែមទៀតថា ការធ្វើម៉ាស៊ីនកាត់ស្មៅនេះ លោកត្រូវការដែកមួយចំនួន ម៉ាស៊ីនម៉ាស៊ូតមួយគ្រឿង និងកង់ឡានមួយគូ ប៉ុស្តិ៍ផ្សារលួស ម៉ូទ័រស្វានឧបករណ៍កាត់ដែក និងកម្លាំងជាងពីរនាក់ក្នុងការ ផលិតម៉ាស៊ីនកាត់ស្មៅមួយគ្រឿង។
នៅក្នុងការផលិតម៉ាស៊ីនកាត់ស្មៅនេះដែរ លោកក៏បានជួបផលលំបាកមួយចំនួន។ទីមួយគឺពិបាកក្នុងការរៀបផ្លែកាំបិតឲ្យត្រូវតាមបច្ចេកទេស សម្រាប់កាត់ស្មៅខ្ពស់ៗហើយក្រាស់ៗ។ទីពីរលៃលករៀបរូបរាងឲ្យបានត្រឹមត្រូវទៅតាមម៉ាស៊ីនជាក់ស្ដែង។
ដោយសារតែការលំបាកនេះហើយ ទើបលោកបានបញ្ជាក់ពីតម្លៃផលិតរបស់លោកយ៉ាងដូច្នេះថា៖ «ក្នុងការផលិតម៉ាស៊ីនកាត់ស្មៅមួយគ្រឿងខ្ញុំត្រូវការចំណាយពេល ១០ថ្ងៃ និងមានតម្លៃ ១,៧៥០ ដុល្លារថែមទាំងមានការធានារយះពេល១ឆ្នាំទៀតផង!។
បុរសវ័យ៣៣ឆ្នាំរូបនេះបានបន្តទៀតថា៖ «អតិថិជនដែលបានជាវម៉ាស៊ីនកាត់ស្មៅយកទៅប្រើប្រាស់ ពួកគាត់មានការគាំទ្រនិងសសើរថាម៉ាស៊ីនម៉ាស៊ីនកាត់ស្មៅនេះមានគុណភាពល្អ ដំណើរការលឿន កាត់ស្មៅបានស្អាតមានសុវត្តិភាពខ្ពស់ មិនមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់»។
ក្រៅពីធ្វើម៉ាស៊ីនកាត់ស្មៅនេះលោក ម៉ាកក៏កំពុងច្នៃធ្វើម៉ាស៊ីនផលិតឥដ្ឋ និងផលិតឥដ្ឋបរិស្ថាន ឬហៅថាឥដ្ឋអេកូ។
បច្ចុប្បន្ននេះលោក ម៉ាកក៏មានបំណងចង់ផលិតម៉ាស៊ីនផលិតធ្យូងអនាម័យ ម៉ាស៊ីនកាត់ស្មៅដែលមានចំនួន៣ខ្នាត គឺខ្នាត ៨ តឹក ខ្នាត១ម៉ែត្រ២តឹក និង ខ្នាត១ម៉ែត្រ ៤០តឹកជាមួយការធានាជួសជុល សម្រាប់ការខូចខាតនិងមានគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ភ្ញៀវ។
សិប្បកម្មផលិតម៉ាស៊ីនកាត់ស្មៅនេះមានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើទុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នាថ្ងៃអនាគតលោក ម៉ាកមានបំណងចង់ផលិតគ្រឿងឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្មដូចជាម៉ាស៊ីនចិញ្ច្រាំស្មៅ ក្បាលបូមទឹក ការកែច្នៃគោយន្តកន្ត្រៃនិងកូនត្រាក់ទ័រតូច។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងគេហទំព័រហ្វេសប៊ុក Heng Mak ( https://shorturl.at/3IBSf)ឬលេខទូរសព្ទ៖ ០៨៨ ៧០៩ ៩៤៣៤ និង ០៦៦ ៨០០ ៤៨៤៕
សៀមរាប៖ មនុស្សមួយចំនួនអាចមិនស្គាល់ផ្លែព្នៅតែរុក្ខជាតិមួយនេះត្រូវបានគេទទួលស្គាល់ពីគុណប្រយោជន៍ជួយសុខភាព ហើយពលរដ្ឋមួយចំនួនបរិភោគវាស្រស់ៗច្នៃធ្វើជាឱសថ និងតែសម្រាប់ឆុងផឹកជាដើម។
ដោយមើលឃើញពីគុណប្រយោជន៍នៃផ្លែព្នៅនេះ សហគមន៍ដាំបន្លែសុវត្ថិភាពសៀមរាបបានកែច្នៃផ្លែព្នៅជាផលិតផលក្រៀម ដូចជា តែព្នៅជាដើម ដែលអាចរក្សាទុកបានយូរនិងអំណោយផលក្នុងការដាក់លក់នៅលើទីផ្សារ។
កញ្ញា ចៅ សុភ័ក្ត្រត្រាបុគ្គលិកសម្របសម្រួលទីផ្សារសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបបានប្រាប់សារព័ត៌មាន SR News៖ «ពលរដ្ឋមួយចំនួននៅក្នុងសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបយើងច្នៃជាផលិតផល តែព្នៅ ជួយដល់សុខភាពលក់នៅលើទីផ្សារ ដោយមិនមានសារធាតុរក្សាទុកអីនោះទេនិងជួយអភិរក្សវាផងដែរ»។
តែព្នៅត្រូវបានប្រើប្រាស់ជាឱសថបុរាណធម្មជាតិសម្រាប់ព្យាបាលជំងឺក្រពះទល់លាមក ហើមពោះ និងរាគរូស។ វាក៏អាចជួយសម្រួលដល់ដំណេក ដំណើរការតម្រងនោម ប៉ូវកម្លាំងនិងមានគុណប្រយោជន៍ជាច្រើនទៀតសម្រាប់សុខភាព។
ដោយសារផ្លែព្នៅជារុក្ខផលធម្មជាតិដែលមានសភាពរឹងគួរសមនោះ ដូច្នេះប្រជាសហគមកាត់វាជាចំណិតៗមុននឹងយកទៅហាលឱ្យស្ងួត ដោយប្រកាន់ខ្ជាប់នូវអនាម័យតាមបច្ចេកទេសសុវត្ថិភាពចំណីអាហារ។
កញ្ញា សុភ័ក្ត្រត្រា បានលើកឡើងបន្តថា៖ «ផ្លែព្នៅយើងរើសផ្លែដែលល្អៗ មិនទុំពេក ហើយក៏មិនខ្ចីពេកដែរហើយមួយវិញទៀត ផ្លែព្នៅ រៀងពិបាកកាត់ដែរ ដោយសារវារឹងគួរសម អ៊ីចឹងយើងកាត់ជាចំណិតតូចៗដើម្បីយកទៅហាលឱ្យស្ងួតល្អ និងមានអនាម័យត្រឹមត្រូវ»។
បច្ចុប្បន្ន សមាគមបានកែច្នៃតែ ដែលពីរុក្ខជាតិធម្មជាតិចំនួន៣ រសជាតិរួមមាន៖ តែស្លឹកគ្រៃ តែម្ជូរល្មម ឬតែម្ជូរព្រឹក និងតែព្នៅដែលសុទ្ធសឹងជាតែ ល្អចំពោះសុខភាព។
ទោះជាយ៉ាងណាក្ដី កញ្ញា សុភ័ក្ត្រត្រា ទទួលស្គាល់ថាតែព្នៅ មិនសូវមានអ្នកគាំទ្រច្រើនដូច តែស្លឹកគ្រៃ និងតែម្ជូរល្មមនោះទេ ដោយហេតុថាផ្លែព្នៅមិនសូវមានអ្នកស្គាល់។
អ្នកសម្របសម្រួលវ័យ ២៧ឆ្នាំ រូបនេះបានបន្តថា៖«ផ្លែព្នៅ តាមតំបន់មួយចំនួនមិនសូវដែលស្គាល់ ឧទាហរណ៍អ្នកនៅភ្នំពេញ ពិសេសក្មេងៗឥលូវខ្លះមិនស្គាល់នោះទេហើយក៏សឹងតែដាច់ពូជទៅហើយ មានតិចតួចនៅក្នុងព្រៃជ្រៅៗប៉ុណ្ណោះនៅតាមភូមិលែងសូវមានព្នៅដូចមុនហើយ»។
បច្ចុប្បន្នតែព្នៅ សុខភាពរបស់សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប មួយកញ្ចប់ធំ មាន២៤កញ្ចប់តូចទម្ងន់៤៨ក្រាម ហើយមានតម្លៃ ១៦០០០រៀល។ សមាគមក៏មានតម្លៃអាស្រ័យទៅតាមការលក់បោះដុំជាគីឡូ និងលក់រាយ ដល់អាជីវករដែលចង់បានព្នៅ យកទៅលាយជាឱសថផ្សេងៗផងដែរ។
តម្លៃតែព្នៅលក់លើទីផ្សារ អាស្រ័យលើការចំណាយលើវត្ថុធាតុដើមធម្មជាតិនិងកម្លាំងពលកម្មប្រជាសហគមផ្ទាល់ ដោយសមាគមមិនមានឧបករណ៍ទំនើបៗដូចសហគ្រាសធំៗនោះទេ។
បុគ្គលិកសម្របសម្រួលទីផ្សារសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបបានពន្យល់ថា៖ «មានអ្នកខ្លះត្អូញថា ផលិតផលក្នុងស្រុកសោះម៉េចក៏ថ្លៃម៉េស? តែមែនទែនទៅថ្លៃដោយសារតែ សម្បកវេចខ្ចប់សុទ្ធសឹងតែជារបស់នាំចូល ណាមួយផលិតផលរបស់យើងផលិតដោយដៃប្រជាសហគមផ្ទាល់មិនមានម៉ាស៊ីនក្នុងការកែច្នៃដូចទៅហ្នឹងសហគ្រាសផ្សេងៗនោះទេទើបធ្វើឱ្យតម្លៃរៀងខ្ពស់បន្តិច»។
ជាក់ស្ដែងប្រជាសហគមដែលផលិត តែព្នៅ ជាអ្នករស់នៅតំបន់ប្រាសាទបាគង។ដូច្នេះហើយផ្លែព្នៅដែលពួកគាត់រកនៅតាមភូមិស្រុករបស់គាត់ផ្ទាល់ នៅសេសសល់មិនច្រើនប៉ុន្មាននោះទេ។មួយចំនួនទៀតត្រូវនាំយកពីលើភ្នំគូលែន ដើម្បីផលិតចេញជាតែលក់នៅលើទីផ្សារ។
តែព្នៅ ផលិតដោយសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបមានលក់នៅហាងរបស់សមាគមផ្ទាល់ដែលស្ថិតនៅជើងភ្នំគូលែន និងមួយទីតាំងទៀតស្ថិតនៅឃុំឃុនរាមស្រុកបន្ទាយស្រី។ នៅរាជធានីភ្នំពេញ ផលិតផលសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបអាចរកជាវបាននៅហាងមួយចំនួនរួមមានម៉ាត ខេមរៈអាហារ ផ្សារលក់ផលិតផលខ្មែរ និងហាងសុខ ហ្វាម នៅជិតផ្សារកណ្ដាល ជាដើម។
កញ្ញា សុភ័ក្ត្រត្រា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យការជួយគាំទ្ររបស់ក្នុងស្រុកឱ្យបានច្រើនពិសេសផលិតផលដែលធ្វើដោយដៃរបស់ សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាបដែលមានលក់នៅលើទីផ្សារ តាមម៉ាត ផ្សារធម្មជាតិ ឬនៅតាមកម្មវិធីតាំងពិរព័ណ៍នានាជាដើម។
សមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ត្រូវបានបង្កើតឡើងក្នុងការជួយសម្រួលជីវភាពប្រជាកសិករបង្កើនចំណូលបន្ថែមពីរបរធ្វើស្រែចម្ការក៏ដូចជារួមគ្នាអភិរក្សធនធានធម្មជាតិឱ្យនៅគង់វង្សផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈទំព័រហ្វេសប៊ុកអ្នកដាំបន្លែសុវត្ថិភាពសៀមរាបTheGreen Farmers Siem Reap ឬតាមរយៈលេខទូរសព្ទ 070 256 084៕
សៀមរាប :ដូនតាខ្មែរយើងបានបន្សល់ទុកក្បួនខ្នាតសិល្បៈចម្លាក់ជាច្រើនប្រភេទ រាប់តាំងពីចម្លាក់លើថ្ម ឈើ ប្រាក់ ស្ពាន់ និងលើស្បែកសត្វជាដើម។ អ្នកបន្តវេនមរតកនេះទាមទារពេលវេលាការហ្វឹកហាត់ និងបេះដូងស្រឡាញ់ជំនាញនេះពិតៗ ទើបអាចអាស្រ័យផលរបរបានយូរអង្វែង។
ក្នុងចំណោមអ្នកជំនាន់ក្រោយទាំងនេះ យុវជនខា គឹមឈុយ បានក្លាយជាជាងចម្លាក់លើស្បែកគោអស់ជាង ២ឆ្នាំមកហើយបន្ទាប់ពីរូបលោកបានសិក្សាជំនាញនេះជាង១ទសវត្សរ៍ ជាមួយនឹងលោកគ្រូ ញឹកសេរីរតនា នៅសិប្បកម្ម Little Angels។
លោកបានប្រាប់ SRNews ថា៖ «គិតមកដល់ពេលបច្ចុប្បន្ននេះ ខ្ទង់ជាង ១២ឆ្នាំមកហើយដែលខ្ញុំបានសិក្សានៅទីនោះ។ កាលគ្រានោះខ្ញុំជាក្មេងកំព្រា ហើយបានចូលរៀននៅទីនោះពេលដែលយើងអាចឆ្លាក់បានហើយយើងអាចលក់រូបចម្លាក់នោះយកលុយដើម្បីផ្គត់ផ្គង់ការសិក្សាបាន។
កត្តាជីវភាពពុំអាចឱ្យលោកបន្តការសិក្សាបានខ្ពង់ខ្ពស់នោះទេតែមូលហេតុដែលលោក គឹមឈុយ បានចូលរៀនឆ្លាក់ស្បែក គឺកើតចេញពីចិត្តស្រឡាញ់ជំនាញនេះផងដែរ។
លោកបានរៀបរាប់ប្រាប់ SRNews ថា៖ «បានជាខ្ញុំចាប់យកមុខរបបជាជាងចម្លាក់លើស្បែកគោនេះ ដោយសារតែចិត្តស្រឡាញ់ចង់ថែវប្បធម៌ដូនតាដែលមានតាំងពីយូរលង់ណាស់មកហើយ»។
ចម្លាក់ស្បែកត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនមុននឹងលេចរូបរាងជាស្នាដៃដ៏ប្រណីត។យោងតាមលោក គឹមឈុយ ដំបូងឡើយលោកត្រូវទៅទិញស្បែកគោស្រស់ៗ ពីហាងកាប់គោយកមកលាតត្រដាងដើម្បីចៀរយកសាច់ និងខ្លាញ់ឲ្យស្អាត រួចហាលវាឲ្យស្ងួតល្អកុំឱ្យធុំក្លិនដោយត្រូវប្រើរយៈពេលប្រាំពីរទៅដប់ថ្ងៃ។
លោកបានបញ្ជាក់ផងដែរថា៖ «ស្បែកគោដែលយើងយកមកធ្វើគឺមិនឲ្យលើសដប់ពីរម៉ោងទេដែលវាអាចបណ្ដោយឲ្យស្បែកគោអន់ និងឆាប់ពុកផុយ»។
បន្ទាប់ពីហាលវាស្ងួចចប់សព្វគ្រប់ហើយ លោកត្រូវយកវាមកកាត់ទៅតាមខ្នាតដែលត្រូវឆ្លាក់។ រាល់ចម្លាក់នីមួយៗទាមទារការគូររូបព្រៀងនៅលើស្បែកគោសិនទើបជាងអាចឆ្លាក់ទៅតាមក្បូរក្បាច់រចនាដូចដែលបានគ្រោងទុក។
ទំរាំអាចរំលេចចេញជាស្នាដៃដ៏ល្អឥតខ្ចោះជាងចម្លាក់វ័យ ២៧ឆ្នាំរូបនេះ បានលើកពីផលលំបាកថា៖ «ការឆ្លាក់រូបនីមួយៗត្រូវការភាពម៉ឺងម៉ាត់ម៉ត់ចត់ ព្រោះបើឆ្លាក់ខុសហើយ មិនអាចកែបានទេ»។
បន្ទាប់ពីឆ្លាក់រួច ស្បែកគោត្រូវបានយកទៅលាបថ្នាំពណ៌ដើម្បីកម្ចាត់ក្លិន និងអាចរក្សាទុកបានយូរ។
លោក គឹមឈុយ បញ្ជាក់ផងដែរថា៖ «ការលាបថ្នាំពណ៌នេះទៀតសោធយើងលាបទៅតាមការចង់បានរបស់អតិថិជន មានដូចជាពណ៌ស ពណ៌ក្រហម ពណ៌ក្រមៅ ឬពណ៌កាហ្វេពណ៌ខ្មៅជាដើម»។
ចម្លាក់លើស្បែកគោមាន ៣ ខ្នាតសម្រាប់អតិថិជនជ្រើសរើសគឺខ្នាតតូច តម្លៃចាប់ពី ៥ ដុល្លារ ដល់ ៥០ដុល្លារ ខ្នាតកណ្ដាល តម្លៃពី ៥០ដុល្លារដល់ ៨០ដុល្លារ និងខ្នាតធំ តម្លៃពី ៣០០ ដុល្លារ ដល់ជាង១០០០ដុល្លារ។អតិថិជននិយមជាវចម្លាក់ស្បែកគោយកទៅដាក់តាំងលម្អផ្ទះនិងការិយាល័យធ្វើការជាដើម។
សិប្បកម្មចម្លាក់ស្បែកគោ មានទីតាំងស្ថិតនៅភូមិព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ភ្ងៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកដល់កន្លែងផ្ទាល់និងបានឃើញទឹកដៃរបស់លោក តែងតែនាំគ្នាសរសើរថា ចម្លាក់មានភាពរស់រវើកហើយខ្លះថែមទាំងជួយទិញទៀតផង។
សម្រាប់គម្រោងទៅថ្ងៃអនាគត នៅពេលដែលមុខរបររបស់លោកឈរជើងបាននឹងធឹងហើយលោកនឹងចាប់ផ្តើមទទួលបង្រៀនសិស្ស ដើម្បីបន្ត និងរក្សាសិល្បៈមួយនេះឲ្យគង់វង្សតរៀងទៅ។
ព័ត៌មានបន្ថែមពីចម្លាក់ស្បែកគោ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុកចម្លាក់ស្បែកគោ ឬទំនាក់ទំនងទូរសព្ទលេខ ០៦០ ៦២៩ ១៧៤៕
ការហាត់ប្រាណមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលអាចជួយលើកកម្ពស់គុណភាពជីវិតរបស់យើង។
ការហាត់នៅក្លិបហាត់ប្រាណ (Gym) ជាប្រចាំផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពមិនថាកាយសម្បទារឹងមាំនោះទេ សូម្បីតែអារម្មណ៍ស្មារតីក៏ប្រសើរឡើងដែរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួននៃការហាត់ប្រាណនៅ Gym ដែល SR News លើកមកបង្ហាញ៖
១.ធ្វើឱ្យកាយសម្បទារឹងមាំ
ការហ្វឹកហាត់លើកទម្ងន់និងលំហាត់ប្រាណទៅតាមផ្នែកនៃរាងកាយ អាចជួយពង្រឹងសាច់ដុំ និងបង្កើនកម្លាំងថាមពល។រីឯលំហាត់ប្រាណបែប Cardio ដូចជាការរត់ ជិះកង់ អាចធ្វើឱ្យសុខភាពបេះដូងនិងកម្លាំងកាន់តែរឹងមាំ។
២.ជួយគ្រប់គ្រងទម្ងន់
ការហាត់ប្រាណទៀងទាត់ជួយដុតកាឡូរីកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ។ ការហ្វឹកហ្វឺនកម្លាំងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អនិងងាយស្រួលក្នុងការដុតកាឡូរីសូម្បីតែពេលសម្រាក។
៣.បង្កើនសុខភាពផ្លូវចិត្ត
លំហាត់ប្រាណនាំឱ្យមានការបញ្ចេញអរម៉ូន endorphins ដែលជាប្រភេទអរម៉ូនជួយកាត់បន្ថយការឈឺចាប់ភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ការហាត់ប្រាណទៀងទាត់អាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបង្កើនទំនុកចិត្តលើខ្លួនឯង និងធ្វើឱ្យសុខុមាលភាពទូទៅប្រសើរឡើង។ លំហាត់ប្រាណក៏រួមចំណែកចបង្កើនគុណភាពនៃការគេង ជួយឱ្យចាប់លង់លក់ និងដំណេកស្កប់ស្កល់។
៤.លើកកម្ពស់សុខភាពឆ្អឹង និងសន្លាក់
លំហាត់ប្រាណទម្ងន់ជួយពង្រឹងឆ្អឹង បង្កើនកំហាប់ដង់ស៊ីតេឆ្អឹងនិងរួមចំណែកកាត់បន្ថយអត្រាប្រឈមនឹងស្ថានភាពពុកឆ្អឹង។ ការពង្រឹងសាច់ដុំជុំវិញសន្លាក់ អាចធ្វើឱ្យប្រសើរឡើងនូវសុខភាពសន្លាក់និងកាត់បន្ថយហានិភ័យនៃការរងរបួស។
៥.ធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាល
លំហាត់ប្រាណបង្កើនលំហូរឈាមទៅកាន់ខួរក្បាលបង្កើនមុខងារនៃការយល់ដឹង ការចងចាំ និងការផ្តោតអារម្មណ៍។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការហាត់ប្រាណទៀងទាត់កាត់បន្ថយហានិភ័យនៃការថយចុះញាណយល់ដឹងដែលខ្សោយទៅតាមអាយុកាល។
៦.មានភាពសកម្មក្នុងសង្គម
មនុស្សជាច្រើនស្វែងរកការផ្សារភ្ជាប់នឹងជីវិងតសង្គមនៅក្នុងបរិយាកាសនៃកន្លែងហាត់ប្រាណដោយអ្នកអាចជួបមនុស្សថ្មី ចូលរួមថ្នាក់ហាត់ប្រាណជាក្រុម ឬស្វែងរកដៃគូហាត់ប្រាណដែលអាចជួយឱ្យអ្នកទទួលបានការលើកទឹកចិត្ត និងទំនួលខុសត្រូវ។
ការបញ្ចូលការហាត់ប្រាណទៀងទាត់ទៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកជាកត្តារួមចំណែកធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកប្រសើរឡើងហើយទាំងនេះជាធាតុផ្សំដ៏សំខាន់នៃរបៀបរស់នៅដ៏រស់រវើកនិងប្រកបដោយតុល្យភាព៕
សៀមរាបៈ គ្រឿងអលង្ការនិងរបស់តុបតែងកាយច្នៃពីសម្បកគ្រាប់កាំភ្លើង ដោយស្នាដៃសិប្បករនៅខេត្តសៀមរាបទទួលបានការពេញនិយមពីអតិថិជន នៅតាមបណ្តាខេត្ត និងថែមទាំងបាននាំយកទៅលក់នៅសហរដ្ឋអាមេរិកនិងអង់គ្លេសទៀតផង។
អ្នកច្នៃសម្បកគ្រាប់កាំភ្លើងជាគ្រឿងអលង្ការលោក ឡុង ឡេង កើតក្នុងគ្រួសារក្រីក្រ ដែលមានស្រុកកំណើតនៅភូមិអូរតាប៉ោងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកជាកូនទី ៤ ក្នុងចំណោមបងប្អូនស្រី៧ នាក់ទៀត។
សិប្បកររូបនេះបានរៀបរាប់ពីអតីតកាលឱ្យSR Newsដឹងថា ដោយសារតែឪពុកម្តាយក្រីក្រ សូម្បីតែដីស្រែក៏មិនមានធ្វើនិងគ្មានលទ្ធភាពរកលុយឱ្យកូនៗរៀនផងនោះ លោកត្រូវរៀនបណ្តើរ ទូលនំលក់បណ្តើរ។ជួនកាលលោកត្រូវស៊ីឈ្នួលឡើងបេះដូងឱ្យគេក្នុងមួយថ្ងៃឱ្យបានចន្លោះពី២០ ដើមទៅ ៣០ដើមក៏មានដែរ ដើម្បីយកលុយទៅរៀន។
លោក ឡេង បានបញ្ជាក់ថា លោកបានតស៊ូពុះពាររៀនសូត្រចប់ថ្នាក់ទី១២ប៉ុន្តែដោយសារឪពុកម្តាយគ្មានលទ្ធភាពឱ្យរៀនបន្តថ្នាក់មហាវិទ្យាល័យលោកក៏សម្រេចចិត្តសុំម្តាយឪពុកធ្វើដំណើរផ្សងព្រេងមករកការងារធ្វើនៅទីក្រុងតែម្នាក់ឯង។
ពេលមកដល់រាជធានីភ្នំពេញដំបូង លោកបានជួបស្រ្តីជនជាតិអង់គ្លេសម្នាក់ឈ្មោះម៉ារី ដែលជាប្រធានសមាគមរចនា។ សមាគមនោះផ្ដល់ការចិញ្ចឹមថែទាំក្មេងៗកំព្រានិងយុវជន ដែលគ្មានការងារធ្វើជាច្រើននាក់ ដោយបង្ហាត់បង្រៀនជំនាញកែច្នៃដោយដៃប្រែក្លាយកាកសំណល់គ្មានតម្លៃទៅជាវត្ថុសិល្បៈ។
លោកបានបន្តថា ក្រោយមក អ្នកស្រី ម៉ារីបានលាឈប់ពីដំណែងជាប្រធានសមាគម និងបានបើកហាងកែច្នៃគ្រឿងអលង្ការមួយកន្លែងនៅឯខេត្តសៀមរាបដោយនាំយករូបលោកទៅធ្វើជាមេជាងនៅហាងនោះផងដែរ។
ក្រោយពីលោកបម្រើការងារនៅហាងរបស់អ្នកស្រីម៉ារី បានជាងមួយឆ្នាំ គឺនៅដើមឆ្នាំ ២០១៦ លោកក៏សម្រេចចិត្តចេញមកធ្វើអាជីវកម្មខ្លួនឯងវិញម្ដងតាមរយៈការដាក់ឈ្មោះហាងនោះថា «ជីវិតថ្មី» ។
លោកបានបញ្ជាក់ថា៖ «សិប្បកម្មខ្ញុំធ្វើរបស់អ្វីមួយឱ្យប្លែកនិងមានទម្រង់ជាខ្មែរទាំងអស់ ដោយខ្ញុំបានរចនាតាមបែបប្រាសាទអង្គរវត្តផ្ការំដួល ប៉ុន្តែបែបអឺរ៉ុបក៏ខ្ញុំចេះដូចគ្នាដែរឱ្យតែភ្ញៀវចង់បានម៉ូដអីក៏បានដែរ»។
សិប្បកម្មរបស់លោកបានផលិតជារបស់តាក់តែងកាយដូចជាចិញ្ចៀន កងដៃ ក្រវិល បន្តោងខ្សែក កងក កន្លាស់អាវនិងគ្រឿងអលង្ការផ្សេងៗទៀត ក្នុងតម្លៃលក់ចាប់ពី ១០ ដុល្លាររហូតដល់ ៣៥ដុល្លារ។
លោកបានប្រមូលទិញសម្បកគ្រាប់កាំភ្លើងពីបន្ទាយយោធាកន្លែងបាញ់ស៊ីបនៅក្រុងសៀមរាប និងតាមទីកន្លែងលក់អេតចាយ។
គ្រាដំបូងនៃការស្វែងរកវត្ថុធាតុដើម លោកឡេង បានរំឭកប្រាប់ថា៖ «ខ្ញុំទៅកន្លែងបន្ទាយទាហានដំបូង ខ្ញុំសុំទិញគាត់ហើយគាត់សួរថា អូនឯងទិញយកទៅធ្វើអី? ហើយខ្ញុំប្រាប់គាត់ថាខ្ញុំសុំទិញតែសម្បកគ្រាប់ ខ្ញុំមិនទិញគ្រាប់កាំភ្លើងទេខ្ញុំពន្យល់ពីគោលបំណងទើបគាត់លក់ឱ្យខ្ញុំ»។
សម្បកគ្រាប់កាំភ្លើង ដែលលោកប្រមូលមកបានត្រូវកាត់ផ្នែកគូថមានផ្ទុកជាតិដែកចេញ ទើបអាចស្លរំលាយយកទៅកែច្នៃតាមទំហំនៃគ្រឿងអលង្ការមួយៗឬតាមការកុម្ម៉ង់ទិញរបស់អតិថិជន។
ក្នុងមួយខែៗលោកត្រូវការគ្រាប់កាំភ្លើងដែលដុតរំលាយរួចក្នុងបរិមាណចន្លោះពី ៣០គីឡូក្រាម រហូតដល់ ១០០ គីឡូក្រាម ដើម្បីយកមកកែច្នៃគ្រឿងអលង្ការ។
ស្នាដៃគ្រឿងអលង្ការកែច្នៃពីសម្បកគ្រាប់កាំភ្លើងនេះក៏មានដាក់លក់នៅតំបន់ផាប់ស្ទ្រីត ផ្សារទំនើប តាមហាង បណ្ដាខេត្តមួយចំនួនតាមប្រព័ន្ធអនឡាញ និងទីផ្សារក្រៅប្រទេសដូចជា អាមេរិក និង អង់គ្លេសផងដែរ។
លោក ឡេង បន្ថែមថា លោកក៏ទទួលបានការគាំទ្រពីក្រសួងពាណិជ្ជកម្មនិងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបផងដែរ។
ខណៈដែលអាជីវកម្មទទួលបានផ្លែផ្កាសិប្បករដែលមានសាវតាពីគ្រួសារទីទ័ល ក៏ប្រកាន់នូវឆន្ទៈចង់បណ្ដុះបណ្ដាលយុវជននិងក្មេងស្រករក្រោយឱ្យដើរតាមគន្លងរបស់លោកផងដែរទើបលោកស្លាប់ទៅបិទភ្នែកជិត។
លោក ឡេង គ្រោងនឹងផ្ទេរចំណេះជំនាញនេះដល់យុវជនជំនាន់ក្រោយតាមរយៈការស្វែងរកដៃគូសហការជាអង្គការក្មេងកំព្រា ឬសប្បុរសជន ដែលអាចផ្តល់ជាឧបករណ៍កែច្នៃហើយរូបលោកនឹងខិតខំបង្រៀនជំនាញកែច្នៃអលង្ការពីសម្បកគ្រាប់កាំភ្លើងនេះ។
សិប្បកម្មកែច្នៃគ្រាប់កាំភ្លើង «ជីវិតថ្មី» មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់គ្រួស ខេត្តសៀមរាប។ ព័ត៌មានបន្ថែមពីសិប្បកម្មកែច្នៃគ្រាប់កាំភ្លើង«ជីវិតថ្មី» អាចទំនាក់ទំនងតាមទូរសព្ទលេខ០៩៦ ៥៣៩ ២២៨៣៕
ដោយមើលឃើញពីគុណប្រយោជន៍នៃគ្រាប់ស្វាយចន្ទីចំពោះសុខភាពគួបផ្សំនឹងសក្ដានុពលសម្បូរបែបនៃវត្ថុធាតុដើមនេះ ស្ថាបនិកពីររូបបានសហការគ្នាធ្វើប៊័រចន្ទី ដោយផ្ដោតលើការរក្សានូវក្លិនឈ្ងុយរសជាតិដើមផ្អែមបែបធម្មជាតិ និងសុវត្ថិភាពពីការការប្រើសារធាតិគីមីទុកឱ្យបានយូរ។
អ្នកស្រី សាយ ឆេងហោ ជាសហស្ថាបនិកប៊័រចន្ទីបានប្រាប់សារព័ត៌មានSRNews ឱ្យដឹងថា៖ «សិប្បកម្ម Aiden’s Cashews ជាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីទៅជា ប៊័រចន្ទីដំបូងគេនៅកម្ពុជា»។
ស្ថាបនិកសិប្បកម្មប៊័រទាំងពីររូបមានគ្រួសារមកពីអឺរ៉ុបនិងបានសហការគ្នាស្រាវជ្រាវពីអត្ថប្រយោជន៍នៃ គ្រាប់ស្វាយចន្ទី។
អ្នកស្រីបានឱ្យដឹងទៀតថា៖ «ពួកយើងបានកែច្នៃគ្រាប់ចន្ទីឱ្យទៅជាប៊័រចន្ទីដែលមានក្លិនឈ្ងុយ រសជាតិផ្អែមបែបធម្មជាតិរសជាតិដើមដូចទៅនឹងប័រសណ្តែកដីដែរ។ ហើយយើងមិនដាក់បញ្ចូលសារធាតុគីមីរក្សាទុកនោះឡើយ ដោយគិតពីសុខភាពសុវត្ថភាពភាពជាចម្បង»។
គ្រាប់ស្វាយចន្ទី គឺជាធញ្ញជាតិដែលផ្ទុកប្រភពពពួកខ្លាញ់ល្អចំពោះសុខភាព។ ក្រៅពីនេះ វាក៏សម្បូរទៅដោយសារធាតុរ៉ែដូចជា ទង់ដែង ម៉ាញេស្យូមប៉ូតាស្យូម ដែក និងស័ង្កសីជាដើម។
លើសពីការប្រមូលផលយកគ្រាប់ស្វាយចន្ទីទៅលក់ក្រុមគ្រួសារទាំងពីរបានសាកល្បងកែច្នៃគ្រាប់ចន្ទីជាប៊័រ ដែលជាអាហារដ៏ពេញនៅអឺរ៉ុបដោយសារភាពងាយស្រួលគ្រាន់តែលាបលើនំប៉័ងសម្រាប់អាហារពេលព្រឹកបែបងាយៗលឿនៗ។
អ្នកស្រី ឆេងហោ បានបន្តថា៖ «ដំបូងឡើយពួកខ្ញុំគ្រាន់តែជាអ្នកលក់គ្រាប់ស្វាយចន្ទីធម្មតាៗទេ ហើយណាមួយចន្ទីមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ក៏នឹកឃើញថាផលិតផលប៊័រចន្ទីនេះ»។
ស្ថាបនិកវ័យ ២៨ឆ្នាំនេះបានលើកឡើងទៀតថា៖«នៅលើទីផ្សារច្រើនតែគ្រាប់ស្វាយចន្ទី អ៊ីចឹងពួកយើងក៏មានគំនិតចង់កែច្នៃគ្រាប់ចន្ទីឱ្យទៅជាប៊័រចន្ទីស្រដៀងទៅនឹងប៊័រសណ្តែកដីដែរ ដែលពួកយើងធ្លាប់បានដឹងពីមុនរួចមកហើយដែរ»។
ក្នុងដំណើរការសាកល្បងផលិតជាលើកដំបូងអ្នកស្រីគ្រាន់តែយកគ្រាប់ស្វាយចន្ទីទៅក្រឡុកក្នុងម៉ាស៊ីន តែមិនទទួលបានផលល្អនៅឡើយ។ ក្រោយពីទទួលបានយោបល់ច្រើនពីគ្រួសារជាជនជាតិអឺរ៉ុបផ្ទាល់ស្ថាបនិករូបនេះបានទៅសិក្សាស្រាវជ្រាវបន្ថែមទៀតពីដំណើរការធ្វើប៊័រចន្ទីរហូតដល់សម្រេចបានផលិតផលជោគជ័យ។
ប៊័រចន្ទីត្រូវបានសម្រិតសម្រាំងនូវគ្រឿងផ្សំល្អៗរួមមាន៖ គ្រាប់ស្វាយចន្ទីសរីរាង្គ វ៉ាន់នីឡា ប្រេងដូង និងអំបិលក្រហម ទើបធ្វើឱ្យប៊័រនេះមានភាពល្មួតនិងមានរសជាតិឈ្ងុយឆ្ងាញ់។សារធាតុរក្សាទុកបានយូរមិនត្រូវបានដាក់បញ្ចូលក្នុងប៊័រនោះទេ។
អ្នកស្រី ឆេងហោ បានរៀបរាប់ពីការប្រើប្រាស់ប៊័រចន្ទីជាអាហារយ៉ាងដូច្នេះថា៖«ប៊័រចន្ទី Cashew butter របស់យើងណា ញ៉ាំសុទ្ធក៏បានញ៉ាំជាមួយនំបុ័ងគ្រប់ប្រភេទ ការ៉េមតាមតម្រូវការក្រឡុកជាមួយផ្លែឈើធ្វើជាទឹកក្រឡុក smoothie ក៏បានជំនួយសុខភាពច្រើនផ្នែកនិងឆ្អឹងរឹងមាំផងដែរ ញ៉ាំបានទាំងក្មេង និងមនុស្សចាស់»។
ប៊័រចន្ទី មានតម្លៃ ៦ដុល្លារ ក្នុងមួយក្រឡ១៨០ក្រាម។ អ្នកស្រីក៏ទទួលកម្ម៉ង់គិតជាថង់មានទម្ងន់ ៥ គីឡូក្រាមសម្រាប់ដាក់តាមសណ្ឋាគារនិងភោជនីយដា្ឋនផងដែរ។
សន្ទុះនៃការគាំទ្រមានការកើនឡើងច្រើនជាលំដាប់ ក្រោយពីការចុះបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី ១១ខែតុលា ឆ្នាំ២០២៣។
ដោយមានការដាក់ឱ្យភ្លក្សរសជាតិផ្ទាល់នៅតាមទីតាំងលក់ភ្ញៀវជាច្រើនបានសរសើរថា ប៊័រចន្ទីឆ្ងាញ់ប្លែក ហើយអ្វីដែលសំខាន់ គឺមានក្លិនឈ្ងុយខ្លាំងរសជាតិដើមផ្អែមបែបធម្មជាតិ។
បច្ចុប្បន្នប៊័រចន្ទីមានចែកចាយនៅភ្នំពេញតាមរយ: Khmer Organic Shop និងនៅខេត្តសៀមរាបផ្ទាល់ដោយមានដាក់លក់នៅស្ទើរតែគ្រប់ម៉ាត និងតាមតូបលក់ផលិតផលខ្មែរផងដែរ។
នាថ្ងៃអនាគតសិប្បកម្ម Aiden’s Cashews គ្រោងនឹងកែច្នៃផលិតផលបន្ថែមពីប៊័រដូចជានំស្នូលប៊័រចន្ទី នំកញ្ចប់តូចៗច្នៃពីប៊័រចន្ទី ឬគ្រាប់ចន្ទីដែលមនុស្សគ្រប់វ័យអាចទទួលទានបាន។
បន្ទាប់ពីពង្រឹងទីផ្សារក្នុងស្រុកប៊័រចន្ទី Aiden’s Cashews ក៏រំពឹងថានឹងអាចមានវត្តមាននាំចេញទៅលក់នៅបរទេសផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅទំព័រហ្វេសប៊ុក Aiden’s Cashews ឬលេខទូរស័ព្ទ ០៧៧៦៥៧៣៣១៕
ហ្គាសទឹក គឺជាឧបករណ៍យកទឹកផលិតជាអ៊ីដ្រូហ្សែនដែលត្រូវបានបំពាក់ជាមួយម៉ាស៊ីនរថយន្ត ដើម្បីជួយកាត់បន្ថយប្រេងឥន្ធនៈពី ២០ទៅ ២៥ ភាគរយធ្វើឱ្យម៉ាស៊ីនខ្លាំងជាងមុន និងជួយទប់ស្កាត់ការបញ្ចេញផ្សែងពុលបរិស្ថាន។
ត្បិតបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់នៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកតែនៅកម្ពុជា លោក ស្រេង វាសនា អាចត្រូវបានចាត់ទុកថា ជាជនដំបូងគេដែលប្រកបរបរបំពាក់បច្ចេកវិទ្យានេះទៅលើរថយន្តជាច្រើនគ្រឿង។
លោកបានផ្ដល់បទសម្ភាសដល់ SR News ដោយពន្យល់លម្អិតពីយន្តការម៉ាស៊ីននិងការរួមចំណែកជួយបរិស្ថានទាំងបច្ចុប្បន្ន និងថ្ងៃអនាគត តាមរយៈសំណួរចម្លើយនៅខាងក្រោមនេះ៖
១. តើហ្គាសទឹកគឺជាឧបករណ៍អ្វីដែរ?
ហ្គាសទឹកគឺជាឧបករណ៍ផលិតអ៊ីដ្រូហ្សែន ដើម្បីបំពាក់ទៅនឹងម៉ាស៊ីនទូទៅដែលយកទឹកផលិតជាអ៊ីដ្រូហ្សែន ដើម្បីជួយកាត់បន្ថយ ប្រេងឥន្ធនៈពី ២០%-២៥%ធ្វើឱ្យម៉ាស៊ីនខ្លាំងជាងមុន និងជួយទប់ស្កាត់ការបញ្ចេញផ្សែងពុលដោយយើងផលិតអ៊ីដ្រូហ្សែនចូលទៅក្នុងម៉ាស៊ីនជួយទៅដុតចំហេះឱ្យឆេះអស់១០០%អ៊ីចឹងធ្វើឱ្យមានផ្សែង និងឧស្ម័ន CO2 ចេញទៅបរិយាកាសទេ។
២.តើការសិក្សាអំពីហ្គាសទឹកតាំងពីឆ្នាំណា? ហើយលោកបង្កើតហ្គាសទឹកឡើងដោយខ្លួនឯងឬយ៉ាងណា?
ជាក់ស្ដែងយើងបានសិក្សាតាំងពីឆ្នាំ២០២០ មក ហើយយើងបានយកបទពិសាធន៍ពីបែកខាងអឺរ៉ុបមកទេគឺដំបូងយើងចង់យកមកប្រើប្រាស់រថយន្ដផ្ទាល់ខ្លួនទេ ដោយសារមើលឃើញថាវាមានអត្ថប្រយោជន៍ច្រើន។ ពេលយើងប្រើប្រាស់ទៅ វាសន្សំសំចៃប្រេងហើយធ្វើឱ្យរថយន្ដយើងប្រើប្រាស់ស្រួល។ អ៊ីចឹងហើយទើបយើងមានគំនិតមួយថាបើសិនជាយើងយកមកអភិវឌ្ឍន៍យើងនាំចូលយកមកលក់នៅទីផ្សារស្រុកខ្មែរយើងប្រហែលជាបានប៉ុន្តែចៃដន្យអីតម្លៃនៅអឺរ៉ុបតម្លៃមួយឈុតដល់ទៅ ១៥០០ដុល្លារ។ដូច្នេះហើយទើបខ្ញុំគិតថា កែសម្រួលតម្លៃឱ្យសាកសមត្រូវនឹងស្រុកខ្មែរយើង។ហើយពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំសាកទិញឧបករណ៍យកមកតេស្ដដោយតេស្ដខុសៗច្រើនដងដែរ ហើយមកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបានសម្ភារៈមួយដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យដែលអាចបញ្ចេញទៅទីផ្សារស្រុកខ្មែរយើងបាន។
៣. តើមកទល់នឹងពេលនេះលោកបានទទួលបានការគាំទ្រយ៉ាងណាដែរ?
មកទល់នឹងពេលនេះយើងបានបំពាក់ទៅលើគ្រឿងយន្ដសរុបប្រមាណ១ពាន់គ្រឿងចក្ររួចមកហើយ ហើយទទួលបានការឆ្លើយតបត្រឡប់មកវិញថាពួកគាត់អ្នកខ្លះបានចំណេញ ២០%-២៥% អ្នកខ្លះថាចំណេញប្រេងមួយថ្ងៃ ២០លីត្រ ទៅមួយកាន។
៤. នៅពេលកន្លងមក លោកទទួលបានការគាំទ្របែបណាដែរ? ហើយបានបំពាក់ទៅលើរថយន្ដប្រភេទណាខ្លះ?
ឧបករណ៍យើងនេះបានបំពាក់ទៅលើរថយន្ដV1 (ក្បាលអូសកុងតឺន័រ)បន្ទាប់មករថយន្តតាក់ស៊ី រថយន្ដធម្មតាមួយចំនួន ហើយពាក់ព័ន្ធនឹងគ្រឿងកសិកម្មមានដូចជាម៉ាស៊ីនច្រូត ត្រាក់ទ័រ អេចស្ការវើទ័រជាដើម។ ហើយបន្តទៅមុខទៀត យើងនឹងខិតខំស្វែងរកដើម្បីបំពាក់ទៅលើម៉ូតូកង់បីម៉ូតូ ឱ្យមានតម្លៃមួយសមរម្យសម្រាប់ពួកគាត់។
៥.ការធ្វើហ្គាសទឹកដាក់ទៅលើកង់បីនិងម៉ូតូ តើលោកមើលឃើញកត្តាអ្វីដែរ?
ការធ្វើហ្គាសទឹកដាក់ទៅលើកង់បីនិងម៉ូតូ ធម្មតាទី១ ដោយមើលឃើញថា មានទីផ្សារទូលំទូលាយ។ ទី២.មើលឃើញម៉ាស៊ីនកង់បីប្រើយូរទៅកាន់តែខ្សោយទៅៗហើយម៉ូតូមួយចំនួនឧស្សាហ៍សាងលេខដោយសារខ្សោយពេក ពេលឡើងស្ពាន ឡើងទួលមិនចង់រួចទេ។អ៊ីចឹងនៅពេលដែលបំណាក់ហ្គាសទឹកទៅនឹងធ្វើឱ្យម៉ាស៊ីនគាត់ស្ទុះជាងមុនហើយការសន្សំសំចៃហ្គាសបានទៅដល់ ២០% ទៀត។ ដូច្នេះហើយធ្វើឱ្យអ្នកប្រើប្រាស់ចំណេញប្រាក់បន្ថែមនៅពេលដែលប្រើប្រាស់ហ្គាសទឹក។ ពេលបច្ចុប្បន្នយើងបានរកឃើញឧបករណ៍គ្រប់គ្រាន់ហើយនៅឡើយកំពុងតែសិក្សាទៅលើតម្លៃ ដើម្បីឱ្យគាត់ទទួលយកបានដែលអាចឱ្យគាត់ប្រើប្រាស់តែ ២០ថ្ងៃ ទៅ១ខែ នឹងអាចយកដើមវិញបានហើយ។
៦. តើឧបករណ៍ហ្គាសទឹក អ្នកប្រើប្រាស់ត្រូវប្រើប្រាស់ឬពិនិត្យមើលយ៉ាងណាដែរ?
ការប្រើប្រាស់ហ្គាសទឹកមានភាពងាយស្រួលទេ។អ្នកប្រើប្រាស់គ្រាន់តែចាំមើលថា រថយន្តគាត់ជិះបានប្រមាណ៣០០គីឡូម៉ែត្រអាចស្រកទឹកប្រហែលកន្លះថ្នាំដៃអីនោះទេ។ អ៊ីចឹងប្រើប្រាស់គ្រាន់តែច្របាច់ទឹកសុទ្ធចូលឱ្យពេញម៉ាកេ(កម្រិតកំណត់) វាវិញជាការស្រេច មិនបាច់ត្រូវចំណាយអ្វីផ្សេងទៀតទេ។
៧. តើការដំឡើងឧបករណ៍ហ្គាសទឹកត្រូវចំណាយរយៈពេលប៉ុន្មាន? នៅពេលដែលភ្ញៀវចង់យកមកពិនិត្យមានគិតសេវាអ្វីដែរទេ?
ការដំឡើងឧបករណ៍ហ្គាសទឹកប្រើពេលត្រឹមតែមួយម៉ោងកន្លះទេរួចរាល់ហើយ ហើយមានការធានារយៈពេលមួយឆ្នាំទៅលើឧបករណ៍និងសេវាថែទាំដោយមិនគិតថ្លៃ។
៨.តើឧបករណ៍ហ្គាសទឹកមានតម្លៃប៉ុន្មានដែរ?
នៅពេលបច្ចុប្បន្ននេះឧបករណ៍ហ្គាសទឹកមានតម្លៃតែ២ ប្រភេទទេ គឺទី១ បំពាក់ទៅលើរថយន្ត ៦ម៉ាស៊ីន ទៅ ៨ ម៉ាស៊ីនតម្លៃត្រឹមតែ ១៩៩ដុល្លារ ហើយមានការធានារយៈពេលមួយឆ្នាំ។ដោយឡែករថយន្តដែលមានម៉ាស៊ីន៥ចុះ តម្លៃត្រឹមតែ ១៤៩ប៉ុណ្ណោះហើយមានការធានារយៈពេលមួយឆ្នាំដែរ។
៩. មកដល់ពេលនេះ តើលោកមានទីតាំងក្នុងការដំឡើងហ្គាសទឹកប៉ុន្មានទីតាំងហើយ?
មកដល់ពេលនេះយើងមានទីតាំងធំនៅភ្នំពេញហើយមាននៅ កំពង់ចាម ត្បូងឃ្មុំ សៀមរាប បាត់ដំបង ព្រះវិហារ ហើយប៉ែកខាងសមុទ្រមានកំពត និងកំពង់សោម។
១០. តើនៅពេលខាងមុខនឹងមានការពង្រីកទីតាំងបន្ថែមទៀតទេ?
ជាក់ស្ដែងយើងមានគម្រោងបើកតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសទើបអាចផ្ដល់សេវាយើងទៅដល់គ្រប់កន្លែងបាន។
១១.នៅពេលទទួលបានការគាំទ្រច្រើន តើលោកមានអារម្មណ៍ម៉េចដែរ? ហើយមានអ្វីចង់អ្វើបន្ថែមទៀតទេ?
ជាក់ស្ដែងនៅពេលដែលយើងមានការគាំទ្រច្រើនធ្វើឱ្យចិត្តមានការសប្បាយរីករាយទៅតាមហ្នឹង ហើយក៏ធ្វើឱ្យយើងខិតខំស្រាវជ្រាវដើម្បីនឹងអភិវឌ្ឍន៍ឧបករណ៍យើងឱ្យកាន់តែល្អជាងនេះទៀត៕
ពិធីបុណ្យសំពះព្រះខែ និងអកអំបុកទាក់ទងទៅនឹងពុទ្ធប្រវត្តិ និងជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុក។
ពិធីបុណ្យសំពះព្រះខែ និងអកអំបុកគឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះបរមពោធិសត្វ ក្នុងកាលដែល ព្រះអង្គយាងចាប់កំណើតជាសត្វទន្សាយព្រះអង្គបានអធិដ្ឋានរក្សាសីល និងបំពេញបារមីដើម្បីត្រាស់ ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់បានក្រឡាខ្លួនជាព្រាហ្មចាស់ម្នាក់មកសុំមំសះ ឬសាច់ទន្សាយ ដើម្បីបរិភោគជាអាហារ។
ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ក៏ជាការថ្វាយដល់ព្រះចន្ទដែលកំពុងរះពេញវង់ ត្រូវនឹងវេលាដែល ប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត ហើយកសិករបានយកស្រូវទុំថ្មីៗទៅលីងបុក រួចអុំយក អង្កាមថ្មីៗ រួចដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ដើម្បីសម្ដែងការដឹងគុណទេវតា ដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឱ្យដំណាំសព្វសារពើដុះដាលនិងទទួលផល។
បើតាមលោក បណ្ឌិត អាំង ជូលាន នរវិទូខ្មែរបានពន្យល់ថា ក្នុងទំនៀមទ្វាទសមាសមានពិធីមួយ ដែលគេប្រារឰឡើងនៅថ្ងៃពេញបូណ៌មីខែកត្តឹក ដែលហៅថា «អកអំបុក សំពះព្រះខែ»។បើនៅក្រុងភ្នំពេញផងគេភ្ជាប់ពិធីនេះទៅនឹងបុណ្យអុំទូក បណ្តែតប្រទីបទៀត ដ្បិតទឹកទន្លេសាបដែលកំពុងហូរខ្លាំងបញ្ច្រាសមកក្រោមវិញ ក៏នៅទីនោះស្រាប់។
ស្តាប់មួយភ្លែតទៅអកអំបុកនិងសំពះព្រះខែហាក់ដូចជារឿងពីរដាច់ដោយឡែកពីគ្នា គួឲ្យឆ្ងល់ថា ហេតុអ្វីក៏យកមកបញ្ចូលគ្នា? ដំបូងគួរយើងយកពាក្យថា “អំបុក” មកគិត។ ដើម្បីមានអំបុកទាល់តែមានស្រូវថ្មី ហើយដើម្បីមានស្រូវថ្មីទាល់តែទើបនឹងច្រូតហើយមិនយូរប៉ុន្មាន។ បើយើងគិតទៅពាក់កណ្តាលខែកត្តឹកឃើញថាបើរបបភ្លៀងមានជាប្រក្រតីហើយស្រែភាគច្រើនទូទៅនិយមស្រូវធ្ងន់ជាធម្មតាដូចទំនឹមទំនៀមពីបុរាណរៀងមក គឺថាពេលនោះជាពេលដែលគេចាប់ផ្តើមច្រូតស្រូវដូច្នោះមែន។ ភ្ជាប់នឹង “អំបុក”នោះមានពាក្យថា “អក”។គប្បីយើងពិចារណាថា ម្តេចក៏គេមិនថា ស៊ី ឬហូប ឬទទួលទានជាដើម ហើយប្រើពាក្យថា “អក” ទៅវិញ? គំនិតដែលនៅពីក្រោយនោះគឺ“សេសសល់ ហូរហៀរ” បន្តមកទៀតគឺ “សម្បូណ៌ សប្បាយ” ឥតខ្វះខាត។ រីការអកនោះគឺអកឬបង្អកមែន ហើយជាកិច្ចទៀតផង។
និយាយពីព្រះខែម្តង។ គ្មានអ្វីប្លែកទេដែលគេធ្វើនៅពេល“ពេញបេណ៌” ព្រោះពាក្យសំស្ក្រឹត “បូណ៌” ប្រែថា “ពេញលេញ”ហើយអាចមានន័យថា “ហូរហៀរ” ដូចគ្នាដែរ។ ដូច្នេះ “អកអំបុក សំពះព្រះខែ” នោះសំដៅទៅគំនិតតែមួយទេ គឺភោគផលស្រូវដែលបានមកបរិបូណ៌។ត្រង់នេះសូមបើកវង់ក្រចកបន្តិចថា បើយើងទៅទទួលទានបាយផ្ទះគេ ពេលយើងឆ្អែតហើយគេនៅតែចង់ថែមឲ្យយើងទៀតដើម្បីជាការគួរសម យើងតែងឆ្លើយទៅគេវិញថា យើងទទួលទាន “បរិបូណ៌” ហើយ៕
ពាក្យប្រទីបនេះ ក្លាយពីពាក្យបាលី «បទីប» មានន័យថា គោម, ចង្កៀង។ ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង។ នេះបើតាមវចនានុក្រមខ្មែរ។
ពិធីបុណ្យបណ្តែតប្រទីបនេះ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងពុទ្ធប្រវត្តិ។
ពិធីបណ្តែតប្រទីប គឺជាការបង្ហាញពីការគោរពដឹងគុណដល់ព្រះចង្កូមកែវព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គ ដែលបានប្រតិស្ថាននៅទីកន្លែងផ្សេងៗ។
១ គម្ពីទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖ទី១ នៅត្រៃត្រឹង្សសួគ៌ ទី២ នៅភពនាគ ទី៣នៅស្រុកគន្ធា និងទី៤៖ នៅទន្ដបុរៈកលិង្គរដ្ឋ។
២ ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថាស្នាមព្រះបាទ ព្រះសាម្មាសាម្ពុទ្ធប្រតិស្ថាននៅទីតាំង៥គឺ ទី១៖ នៅសុវណ្ណមាលិបរពត ទី២៖ នៅសុវណ្ណបរពត ទី៣៖ នៅសុមនកូដបរពត
ទី៤៖ នៅយោនកបុរី និង ទី៥៖ នៅស្ទឹងនម្មទា។
ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខ្មែរតែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូរមីខែអស្សុជ ដែលក្រោយមក គេប្រារព្ធពិធីបណ្ដែតប្រទីបនៅយប់ ១៤-១៥កើត និង១រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបានទៅស្ទឹងនម្មទានិងនៅទីឯទៀត ដូចជាពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរដើម្បីសុខចំរើនរុងរឿង ដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។
បន្ថែមពីនេះ អត្ថន័យនៃការបណ្តែតប្រទីបក៏ជាបង្ហាញសម្តែងការរឭកដល់គុណនៃព្រះគង្គា និងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាកសិករ៕
ភ្លេងពិណពាទ្យគឺភ្លេងបុរាណប្រពៃណីខ្មែរ ដែលមានតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយនិងត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌ កេរមរតករបស់ដូនតាខ្មែរដែលត្រូវអភិរក្សថែរក្សា ឱ្យបានគង់វង្សស្ថិតស្ថេរ។
បើទោះបីជាយ៉ាងណាក៏ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួន នៅមានការភាន់ច្រឡំ ឬយល់ថាវង់ភ្លេងពិណពាទ្យនេះ គឺជារបស់សៀម ដែលហៅថា ភ្លេងសៀម។
សៀមហៅវង់ភ្លេងនេះថា ជា ប៉ីពាទ្យ(ពិផាត) ព្រោះក្នុងការចាប់ផ្តើមគេប្រើ ប៉ី ឬស្រឡៃនាំមុខគេ។
ចំណែកខ្មែរ ហៅថា ភ្លេងពិណពាទ្យព្រោះនៅក្នុងក្រុមភ្លេងនោះកាលដើមឡើយ គេនិយមប្រើពិណចេញផ្តើមមុនគេ។
តាមការពិតភ្លេងពិណពាទ្យមានកំណើតចេញពីប្រទេសឥណ្ឌាតាំងពីសម័យព្រេងនាយមកម្ល៉េះ។លុះក្រោយមកខ្មែរក៏បានកែសម្រួលនិងថែមថយគ្រឿងភ្លេងឲ្យក្លាយជាភ្លេងរបស់ខ្មែរវិញ។
ចំពោះឈ្មោះថា «ពិណពាទ្យ» នេះគឺមកពីរវង់ភ្លេងនេះមានឧបករណ៍ «ពិណ»និងគង«ពាទ្យ» បានន័យថាកាលដើមទ្បើយ មានឧបករណ៍ដូចជា៖ ពិណ, គង«ពាទ្យ», ខ្សែដៀវ,ខ្លុយ, ឈឹង, ស្រទ្បៃ,ស្គរធំនិងស្គរសម្ភោ។ ជាក់ស្ដែង ចំពោះឧបករណ៍«ពិណ»និងគង«ពាទ្យ»ទាំងនេះយើងឃើញមាននៅតាមចម្លាក់នៅតាមប្រាង្គប្រាសាទបន្ទាយឆ្មា បាយ័ន្ដ បាពួននិងអង្គរវត្ដជាដើម។ លុះសំណេរក្រោយមក ឧបករណ៍«ពិណ» ក៏បានបាត់បង់ទៅវិញផងដែរ។ខ្មែរនិយមប្រើប្រាស់ភ្លេងពិណពាទ្យសម្រាប់ប្រគុំកំដរក្នុងឱកាសឡើងរោងលាបំណន់វត្ថុស័ក្ដិសិទ្ធិ ពិធីបុណ្យសពបម្រើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ ម្យ៉ាងទៀតប្រជាជនខ្មែរយើងក៏និយមលេងភ្លេងដើម្បីកំដរសិល្បៈដែលមានអាយុចំណាស់ដូចជារបាំបុរាណផងដែរ។
ពិណពាទ្យជាវង្សភ្លេងដែលលេងក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង(បន់ស្រន់លាបំណន់) ក្នុងពិធីសាសនា (បុណ្យកឋិនទាន បំបួសនាគ ពុទ្ធពិសាក)ជួនកាលប្រើក្នុងពិធីបុណ្យសព។
សព្វថ្ងៃវង់ពិណពាទ្យ ចែកជាពីរវង្ស គឺវង់តូចមានប្រដាប់៥គ្រឿង ចំណែកវង់ធំមាន១០គ្រឿង។
នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យជាពិសេសមួយបែបហៅថាក្រុមភ្លេងមហោរីមានគ្រឿងចម្រុះច្រើនយ៉ាងដល់ទៅ១៦គ្រឿងដែលក្នុងវង្សភ្លេងនេះមានឧបករណ៍ដូចជា ប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំស្គរជ័យ និងស្រឡៃ។
ហេតុអ្វីបានជាមានការភាន់ច្រឡំឈ្មោះវង់ភ្លេងពិណពាទ្យ ទៅជាភ្លេងសៀម?
លោក រត្ន័ សណ្ដាប់អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថាការនាំឱ្យមានការហៅថាភ្លេងសៀមបែបនេះអាចបណ្ដាមកពីស្រុកទេសយើងជួបប្រទះនូវសង្គ្រាមរុំារ៉ៃអស់ជាច្រើនសតវត្សរ៍ពិសេសចាប់ពីការធ្លាក់ចុះនៃអារ្យធម៌អង្គរមកទើបជាហេតុធ្វើឲ្យខ្មែរយើងស្រពិចស្រពិល វង្វេងវង្វាន់គឺមិនដឹងមួយណាជារបស់ខ្លួន និងមួយណាជារបស់បរទេស។ចំពោះមូលហេតុចម្បងនៃការវង្វេងនេះគឺបណ្ដាមកពី៖
* ក្នុងសម័យកាលដែលខ្មែរច្របូកច្របល់ពិសេសសម័យលង្វែកឧដុង្គ គឺសៀមបានប្រម៉ែប្រមូលក្បួនគម្ពឺរច្បាប់ខ្មែរហើយក៏បានយកទៅស្រុកគេ ក្នុងនោះមាន៖ ភ្លេងពិណពាទ្យ របាំ តន្ដ្រីនិងក្បួនច្បាប់ផ្សេងៗទៀតពិសេសជាងនេះផងដែរ សៀមមានឥទ្ធិពលមកលើខ្មែរយ៉ាងខ្លាំង។
* សៀមបានប្រើមធ្យោបាយក្នុងការគាស់រំលើងឫសគល់វប្បធម៌ខ្មែរដោយយកវប្បធម៌ខ្មែរទៅក្រទ្បៃជារបស់ខ្លួនរហូតអ្នកខ្លះហ៊ានហារមាត់និយាយថា ខ្លួន(សៀម) ជាអ្នកស្ថាបនិកប្រាសាទព្រះវិហារថែមទៀតផង។
* ស្ថិតក្នុងកាលៈទេសៈនោះខ្មែរយើងបានចុះខ្សោយយ៉ាងខ្លាំង និងបាត់បង់ស្ទើរទាំងអស់នូវធនធានមនុស្សអ្នកចេះដឹង ជាហេតុនាំឲ្យយើងមានការភាន់ច្រទ្បំនូវអត្ដសញ្ញាណជាតិរបស់ខ្លួនយ៉ាងដូច្នេះទៅ ព្រោះពុំមានឱកាសសិក្សារៀនសូត្រជ្រៅជ្រះដូចសម័យកាលមុនៗ។
ជាចុងបញ្ចប់ លោក រត្ន័ សណ្ដាប់បានបញ្ជាក់ថា ដោយសារតែហេតុផលនេះហើយ ទើបខ្មែរយើង ពុំបានពិចារណាឲ្យដិតដល់ អំពីដើមកំណើតភ្លេងពិណពាទ្យដែលជារបស់បុព្វបុរសខ្លួន គឺគ្រាន់តែឃើញទិដ្ឋភាពខាងក្រៅដែលកាលនោះខ្មែរបាននាំយកភ្លេងពិណពាទ្យនេះមកពីប្រទេសសៀមវិញ គឺកាលបើឃើញដូច្នេះក៏ស្មានថាជាភ្លេងរបស់សៀម ក៏នាំគ្នាហៅថា«ភ្លេងសៀមៗ» រហូតមក៕
ពិធីបុណ្យអុំទូកជាព្រះរាជពិធីដ៏សំខាន់មួយរបស់ជាតិខ្មែរ និងមានប្រវត្តិតាំងពីបុរាណកាលមកហើយបានចែងទុកក្នុងឯកសារជាតិ អន្តរជាតិពិសេសបានចារទុកលើសិលាចារឹកក៏ដូចជាជញ្ជាំងប្រាសាទខ្មែរនានាថែមទៀត។
ថ្ងៃនេះ សារព័ត៌មាន SRNews សូមលើកយកពីប្រវត្តិនៃពិធីបុណ្យអុំទូកមកចែកជូនប្រិយមិត្តអ្នកអានបានស្វែងយល់បន្ថែម៖
១. តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា៖នៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។
ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមាដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
២. ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាងអាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖
សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាតងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំ ការពារស្រុកមានដូចខាងក្រោមនេះ៖
ទាហានជើងទឹក ចែកជា៣ក្រុម៖
- ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនិងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។
- ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនិងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។
- ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូក ប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀង អាហារសម្រាប់ កងទ័ព ។
របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូកដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃ ពេញ បូណ៌មី ខែកត្តិករដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះ មានទីប្រជុំទឹកគ្រប់ខេត្តទៅមកបានស្រួល។
តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថាប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺនពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរហូតមក។
ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យនេះឡើងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរដែលបានរំដោះទឹកដីឲ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ។
ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំនិងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត ក្រុងមួយចំនួនបានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះឱ្យខេត្តរបស់ខ្លួនទៀតផង។
ពិធីប្រណាំងទូកនាពេលបច្ចុប្បន្ន
កាលដើមឡើយទូកដែលចូលរួមប្រណាំងមានតែបីប្រភេទប៉ុណ្ណោះមានទូកប៉ុកចាយ ទូកអុំ និងទូកចែវ។ ទូកទាំងបីប្រភេទនេះមានទូកបុរសនិងទូកនារី ដាច់ដោយឡែកពីគ្នា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះគណៈកម្មការបុណ្យជាតិបានអនុញ្ញាតឱ្យមានទូកបរទេសក្នុងការចូលរួមប្រណាំងជាលក្ខណៈប្រពៃណីដែរ។ឯចំណុះកីឡាករក្នុងទូកនីមួយៗមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទទូកដែរគឺទូកខ្លីមានចំនួនពី ២០ ទៅ ៣០ នាក់ និងទូកវែងមានចំនួនពី ៤០ ទៅ ៥០នាក់។
មកដល់សព្វថ្ងៃនេះចំណុះទូកមានការប្រែប្រួលច្រើន គឺទូកវែងមានចំនួនកីឡាកររហូតដល់ ៧០នាក់ក្នុងមួយទូក។ ការចូលរួមភាគច្រើនគឺមកពីខេត្តដែលនៅជាប់ដងទន្លេ ដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ក្រចេះ ព្រៃវែង ស្ទឹងត្រែងជាដើមហើយក៏ខេត្តទាំងនេះជាខេត្តដែលមានចំនួនទូកច្រើនជាងគេ។ ក្រៅពីនេះក៏មានទូកមកពីខេត្តមួយចំនួនទៀតដូចជា ខេត្តកំពង់ឆ្នាំង កំពង់ធំ តាកែវ សៀមរាប ពោធិ៍សាត់ បាត់ដំបង ផងដែរ។អ្វីដែលពិសេសគឺទូកដែលចូលរួមមានស្ទើរទូទាំងប្រទេសសូម្បីតែខេត្តដែលគ្មានទន្លេ ស្ទឹង សោះក៏ចូលរួមដែរ ដូចជា កំពង់ស្ពឺ រតនគិរីត្បូងឃ្មុំ ជាដើម។
ចំពោះការជ្រើសរើសកីឡាករប្រណាំងទូកជាប្រការសំខាន់តម្រូវឱ្យមានគុណសម្បត្តិជាចម្បង។ថ្វីដ្បិតតែការប្រណាំងទូកជាការកម្សាន្តតាមបែបប្រពៃណីប៉ុន្តែក៏ទាមទារឱ្យកីឡាករមានកាយសម្បទាគ្រប់គ្រាន់ និងរឹងមាំ។អ្វីដែលត្រូវការបំផុតនោះ គឺកីឡាករត្រូវតែចេះហែលទឹក។
ការប្រកួតទៀតសោតកីឡាករគ្រប់រូបចាំបាច់ត្រូវតែគោរពវិន័យរបស់គណៈកម្មការរៀបចំអុំទូកកំណត់និងត្រូវចេះយល់ចិត្តគ្នា ព្រោះថាការប្រកួតអុំទូកត្រូវប្រព្រឹត្តជាក្រុមប្រសិនបើគ្មានការយល់ចិត្តគ្នា ការអធ្យាស្រ័យគ្នាទេនោះ នឹងអាចប៉ះពាល់ដល់ក្រុមខ្លួនអាចដូចនឹងពាក្យស្លោកមួយថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក”។ប៉ុន្តែទោះបីជាយ៉ាងណាក៏គណៈកម្មការបុណ្យអុំទូកបានត្រៀមរួចជាស្រេចក្នុងការជួយសង្គ្រោះលើគ្រោះថ្នាក់ណាមួយដែលនឹងអាចកើតមានជាយថាហេតុ។ទាំងសម្ភារ ទាំងឧបករណ៍ជំនួយមានដូចជា កប៉ាល់ ទូក អូប៊័រនិងក្រុមជួយអ្នករងគ្រោះ ជាដើម៕
កំពង់ចាមៈ ស្របពេលសំណង់ផ្ទះល្វែងបុរី និងផ្ទះថ្មជាច្រើនកំពុងសាងសង់យ៉ាងព្រោងព្រាតជាងផ្ទះនៅឯខេត្តកំពង់ចាមឯណោះវិញបែរជាងាកមកសាងសង់ផ្ទះឈើចល័តយ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការរបស់អតិថិជន។
មានអាជីពជាជាងធ្វើតុទ្វារ បង្អួចសម្រាប់ផ្គត់ផ្គងតាមសាលារៀនលោក គិនគាន់ បានចាប់ផ្តើមធ្វើផ្ទះឈើចល័តដំបូងនៅអំឡុងឆ្នាំ២០២០ដោយពេលនោះលោកធ្វើជាផ្ទះឈើគម្រូ ១តែប៉ុណ្ណោះ និងយករូបភាពផ្ទះឈើនេះបង្ហោះលើបណ្តាញសង្គម។
លោកប្រាប់សារព័ត៌មានSRNEWS យ៉ាងដូច្នេះថា៖ «ពេលកូវីដគេផ្អាកគម្រោងនៅតាមសាលារៀនក្រុមជាងខ្ញុំមានគ្នាជាង១០នាក់ អ៊ីចឹងយើងទំនេរអត់មានការងារអីធ្វើទេ ហើយពេលនោះក៏អត់មានអ្នកធ្វើផ្ទះឈើលក់ដែរ ខ្ញុំក៏នឹកច្នៃផ្ទះគម្រូលេងហើយបង្ហោះតាមហ្វេសប៊ុក ស្រាប់តែមានភ្ញៀវមើលឃើញ គាត់មានរីស៊ត(Resort) គាត់ត្រូវចិត្តក៏ទិញយកទៅ»។
ស្នាដៃធ្វើផ្ទះឈើដំបូងរបស់ជាងផ្ទះវ័យ៤២ឆ្នាំរូបលក់ខាតដើម ដោយសារលោកចំណាយប្រាក់ច្រើនទៅលើសម្ភារៈ និងពេលវេលាត្បិតនេះជាបទពិសោធន៍ថ្មីតែវាក៏ជាផ្នែកមួយក្នុងការជម្រុញទឹកចិត្ត ឱ្យលោកធ្វើផ្ទះឈើចល័តនេះជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះផ្ទះចល័តស្រុកស្រីសន្ធររបស់លោក គិនគាន់ ទទួលបានការចាប់អារម្មណ៍និងការគាំទ្រ យ៉ាងច្រើនពីសំណាក់បងប្អូនដែលនិយមស្រឡាញ់ផ្ទះឈើទូទាំងប្រទេសដោយលោកទទួលបាន ការកុម៉្មង់ម៉ូតផ្ទះឈើជាច្រើនផ្សេងៗគ្នាពីសំណាក់អតិថិជន។
ជាងផ្ទះវ័យ៤២ឆ្នាំខាងលើនេះនិយាយថា៖ «សព្វថ្ងៃខ្ញុំធ្វើផ្ទះហើយបង្ហោះលើហ្វេសប៊ុក ហើយមានបងប្អូនជាវយកទៅជាហូរហែ ហើយក៏មានការកុម៉្មង់ឱ្យធ្វើឥតដាច់ផ្ទះឈើទាំងអស់នោះ បងប្អូនខ្លះគាត់ទិញយក ទៅនៅខ្លះយកទៅដាក់នៅរីស៊ត ធ្វើផ្ទះលម្ហែតាមចិត្តគាត់ស្រឡាញ់អ៊ីចឹងទៅ»។ ផ្ទះឈើចល័តស្រុកស្រីសន្ធរមានសាងសាង់ផ្ទះឈើជាច្រើនប្រភេទ និងតាមការកុម៉្មង់របស់ភ្ញៀវ ដូចជាផ្ទះខ្មែរបុរាណ ផ្ទះរោងដោលផ្ទះរោងឌឿង ផ្ទះប៉ិត ផ្ទះកន្តាំង បឹងកាឡូ និងផ្ទះឈើផ្សេងៗ ហើយផ្ទះឈើទាំងអស់នេះមានទំហំ៣ខ្នាតរួមមានខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។
សម្រាប់តម្លៃនៃផ្ទះនីមួយៗលោក គិន គាន់ បញ្ជាក់យ៉ាងលម្អិតថា៖ « ផ្ទះតូចមានទំហំ ៣ម៉ែត្រ គុណ៦ម៉ែត្រមានពីរប្រភេទគឺផ្ទះទាបតម្លៃ៤៨០០ដុល្លារ ហើយផ្ទះខ្ពស់ ៥៥០០ដុល្លារ ផ្ទះមធ្យមមានទំហំ៣,៥ម៉ែត្រគុណ ៧ម៉ែត្រ និងមានពីរប្រភេទផ្ទះទាប តម្លៃ៧០០០ដុល្លារ និងផ្ទះខ្ពស់ ៧៧០០ដុល្លារចំណែកផ្ទះធំ មានទំហំ ៤ម៉ែត្រ គុណ៩ម៉ែត្រ និងមានពីរប្រភេទដូចគ្នា ផ្ទះទាប តម្លៃ១០១០០ដុល្លារ ឯផ្ទះខ្ពស់ ១០៨០០ដុល្លារ»។
មេជាងរូបនេះបន្តថា « ឈើដែលយើងយកមកធ្វើផ្ទះសុទ្ធតែឈើលេខមួយមាន ស្រឡៅ សុក្រំ ផ្ចឹក ធានាគុណភាព យើងយកសុក្រំ ផ្ចឹក ធ្វើជាសសរនិងធ្វើជាក្តារក្រាល ហើយស្រឡៅ ធ្វើគ្រឿងផ្ទះ រនូត រនងជាដើម តែដំបូលវិញមានតាមម្ចាស់គេកុម៉្មង់មានដូចជាជ័រ ស៊ីប្រូថៃ ក្បឿងស្រកាលីញ ហើយតម្លៃវាទៅតាមណុងដែរ»។
ផ្ទះឈើចល័តនេះត្រូវការរយៈពេលសាងសង់ចន្លោះពីកន្លះខែ ទៅ១ខែ ដោយរួមបញ្ជូលទាំង ការតបណ្តាញភ្លើង និងការដេគ័រផ្សេងៗប៉ុន្តែពុំមានបន្ទប់ទឹកនោះទេ ប្រសិនបើអតិថិជន ចង់បានបន្ទប់ទឹក ត្រូវបូកតម្លៃបន្ថែម។ផ្ទះឈើដែលសាងសង់រួច នឹងត្រូវដឹកយកទៅតំឡើង ដល់ទីតាំងអតិថិជន ហើយក្រុមការងារលោកក៏មានទទួលធ្វើបន្ទប់ខាងក្រោមផងដែរ។
ម្ចាស់អាជីវកម្មខាងលើនេះបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត នៅពេលភ្ញៀវសរសើរពីស្នាដៃធ្វើ ផ្ទះឈើនេះ និយាយទៅផ្ទះយើងមានគុណភាពនិងធានា តែបើភ្ញៀវគាត់ពុំសូវចូលចិត្តកន្លែងណា យើងយកចំណុចនោះមកកែលម្ហឱ្យកាន់ល្អសំខាន់ខ្ញុំមានជំហរមួយ គឺត្រូវតែដាប់ដេត ( Update) ផ្ទះឈើនេះរហូត»។
ផ្ទះចល័តស្រុកស្រីសន្ធរមានទីតាំងភូមិ សំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្តកំពង់ចាម៕
អំឡុងពេលវិស្សមកាលជាពេលវេលាមួយដែលមនុស្សភាគច្រើនធ្វើដំណើរកម្សាន្តឆ្ងាយ ក្រោមបរិយាកាសហាលវាលក្រោមកម្ដៅថ្ងៃ ដែលអាចប៉ះពាល់ដល់ស្បែកមុខយ៉ាងខ្លាំង។
ដូច្នេះការថែរក្សាស្បែកមុខគឺពិតជាសំខាន់ក្នុងការការពារហានិភ័យពីការបំផ្លាញស្បែកដោយសារពន្លឺព្រះអាទិត្យនិងបរិយាកាសកខ្វក់ពីខាងក្រៅ។
ខាងក្រោមនេះជាតិចនិក ៥យ៉ាងសម្រាប់ការថែរក្សាស្បែកមុខរបស់អ្នកអំឡុងពេលវិស្សមកាលដែល SR News លើកយកមកបង្ហាញ៖
១. ប្រើឡេការពារកម្តៅថ្ងៃជាប្រចាំ
មិនថាអ្នកនៅផ្ទះឬចេញក្រៅផ្ទះ ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ (Sunscreen) ជាប្រចាំពិតជាសំខាន់ណាស់។អ្នកគួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃ (Sunscreen) ដែលមាន SPF ៣០ឡើងទៅដោយត្រូវលាបបន្ថែមរៀងរាល់រយៈពេលពីរម៉ោងម្ដងប្រសិនបើស្បែករបស់អ្នកបែកញើស ឬត្រូវទឹក។ ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃអាចរួមចំណែកការពារឬកាត់បន្ថយអត្រាជាំមុខពីពន្លឺព្រះអាទិត្យបានមួយផ្នែកធំ។
២. ព្យាយាមធ្វើឱ្យស្បែកមានសំណើមគ្រប់គ្រាន់
ស្បែកមុខគួរតែមានសំណើមគ្រប់គ្រាន់ ដូច្នេះមុនពេលចូលគេង និងពេលព្រឹកព្រលឹម អ្នកគួរប្រើប្រាស់ម៉ាសចិញ្ចឹមស្បែកមុខដែលមានសារធាតុជួយបន្ថែមសំណើមដូចជា ម៉ាសប្រទាល ម៉ាសបឺរ ឬម៉ាសផ្សំពីទឹកឃ្មុំ។
៣. លាងមុខឱ្យបានស្អាត
ការសម្អាតផ្ទៃមុខឱ្យបានស្អាតមុនចាប់ផ្តើមប្រើប្រាស់គ្រឿងសម្អាងនិងក្រោយពេលប្រើប្រាស់គ្រឿងសម្អាង គឺពិតជាសំខាន់ណាស់។ ចាប់ផ្តើមថ្ងៃថ្មីនឹងបញ្ចប់ទៅវិញដោយការលាងសម្អាតមុខដោយសាប៊ូស្រាលៗដែលមិនមានជាតិគីមីខ្លាំង ដើម្បីលាងខ្លាញ់ បាក់តេរីនិងសារធាតុកខ្វក់ពីមុខរបស់អ្នកឱ្យបានស្អាត។
៤. ផឹកទឹកឲ្យបានគ្រប់គ្រាន់
ការញ៉ាំទឹកគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ដល់សុខភាពជាពិសេសធ្វើឱ្យស្បែកមានសំណើមពីខាងក្នុង។ អំឡុងពេលនៅថ្ងៃវិស្សមកាលដើម្បីស្បែកមានសំណើមពីខាងក្នុងអ្នកគួរផឹកទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយការផឹកទឹកគ្រប់គ្រាន់ជួយសម្រួលការបញ្ចេញកាកសំណល់និងធ្វើឲ្យស្បែកមានភាពភ្លឺចែងចាំងផងដែរ។
៥. ការពារមុខពីធូលី បរិយាកាសកខ្វក់ និងកម្ដៅថ្ងៃ គ្រប់ពេលចេញទៅក្រៅ
ប្រសិនបើអ្នកធ្វើដំណើរចេញក្រៅផ្ទះឬទីកន្លែងឆ្ងាយ ដែលមានកម្ដៅខ្លាំង ឬកន្លែងដែលមានបរិយាកាសកខ្វក់អ្នកត្រូវពាក់មួក និងប្រើប្រាស់ម៉ាសពាក់មុខ ដើម្បីការពារស្បែកមុខពីកម្ដៅថ្ងៃ និងធូលីផ្សេងមកលើផ្ទៃមុខ។
ការអនុវត្តតិចនិកទាំងនេះនឹងជួយការពារស្បែកមុខរបស់អ្នកមិនឱ្យប្រែជាស្រអាប់ក្នុងអំឡុងពេលវិស្សមកាល។ជាពិសេស អ្នកអាចជឿជាក់ថា នឹងមិននាំមកជាមួយនូវមុខជាំឬស្បែកស្រអាប់ក្រោយដើរលេងថ្ងៃឈប់សម្រាកនោះទេ៕
ប្រពៃណីនៃការផលិតកុលភាជន៍ខ្មែរមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។វត្ថុដែលគេធ្វើអំពីដី រួចសូនចេញជារូបក្អម ក្រឡ ពាង ចាន ឆ្នាំង ហើយយកទៅដុតនោះគេហៅថាជា កុលភាជន៍។ ប្រពៃណីនេះក៏បានបន្តរហូតដល់បច្ចុប្បន្ន។
ដើម្បីលើស្ទួយវិស័យកុលភាជន៍ដែលជាជំនាញពីដូនតាខ្មែរគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជាបានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេស វប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុននឹងរៀបចំកម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិព័រណ៍នេះនឹងធ្វើនៅសារមន្ទីរខ្លែងខ្មែរស្ថិតនៅតាមបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
តាមរយៈពិព័រណ៍នេះអ្នកចូលរួម នឹងទទួលបានបទពិសោធន៍ថ្មីៗអំពីការធ្វើកំណាយស្រាវជ្រាវការសាកល្បងធ្វើក្បាច់លម្អ (ធ្វើជាបន្តោង និងផ្លិត) ការបង្កើត 3D mode នៃកុលាលភាជន៍។
ជាមួយគ្នានេះអ្នកចូលរួម ក៏អាចទស្សនាសារមន្ទីរតាមបែបឌីជីថល ទទួលបានបទពិសោធន៍ថ្មីៗអំពី VR ការបង្កើតហ្គេមអំពីកុលាលភាជន៍ និងការឆ្លើយសំណួរអំពីកុលាលភាជន៍ខ្មែរផងដែរ។
ពិព័រណ៍ «ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» នឹងស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីនៅ សារមន្ទីរខ្លែងខ្មែរ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹកដល់ម៉ោង៤:៣០នាទី៕
ពានរង្វាន់ Grammy Awards ឆ្នាំ ២០២៥ មិនបានសម្រាំងបេក្ខភាពអ្នកដណ្ដើមពានមកពីពិភពចម្រៀង K-pop ឡើយ ទោះបីជាក្រុមតារាទាំងនោះចេញសុទ្ធតែបទផ្ទុះអាល់ប៊ុមក៏លក់ដាច់ ហើយភាពច្នៃប្រឌិតនៃសិល្បៈក៏ត្រូវបានគេទទួលស្គាល់ក្នុងវិស័យតន្ត្រីជាសកល។
អវត្តមានតារា K-pop បានធ្វើឱ្យមហាជនមិនអស់ចិត្តដោយពួកគេយល់ថា ពានរង្វាន់នេះហាក់មិនបានរាប់បញ្ចូលសិល្បករ K-pop ទាល់តែសោះ។
កាលពីសប្ដាហ៍កន្លងទៅនេះ បញ្ជីពេញលេញនៃឈ្មោះបេក្ខភាពសម្រាំងឈានទៅដល់ការឈ្នះពាន Grammy ត្រូវបានប្រកាស ដោយ Beyoncé នាំមុខគេ សម្រាប់បេក្ខភាពដណ្ដើមពានចំនួន ១១ប្រភេទ វ៉ាដាច់ Taylor Swift និងសិល្បករល្បីៗផ្សេងទៀត។
ទោះបីជាមានការរិះគន់យ៉ាងខ្លាំងពីអវត្តមានក្រុម K-pop ធំៗដូចជា BTS, BLACKPINK, Stray Kids និង SEVENTEENក៏ដោយក៏មិនមានសិល្បករ ឬចម្រៀង K-pop ណាមួយត្រូវបានបញ្ចូលក្នុងប្រភេទពានរង្វាន់ Grammy Awards ឆ្នាំនេះដែរ។
ក្នុងចំណោមករណីមិនអស់ចិត្តនោះ រួមមាន Lisa សមាជិកក្រុម BLACKPINK ដែលមនុស្សជាច្រើនរំពឹងថានាងនឹងត្រូវបានគេជ្រើសរើសសម្រាប់បទNew Woman ដែលនាងបានសហការច្រៀងជាមួយតារាចម្រៀងអេស្ប៉ាញRosalía។
តារាចម្រៀងវ័យ ២៧ឆ្នាំរូបនេះបានបញ្ជូនស្នាដៃរបស់នាងទៅប្រកួតសម្រាប់ប្រភេទពានរង្វាន់ Record of the Year និង Song of the Year របស់ Grammy។
Lisa ដែលមានឈ្មោះពេញថាLalisa Manoban ក៏ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងសម្រាប់ពានរង្វាន់ជាសិល្បករថ្មីល្អបំផុតនិងការសម្តែងទោលល្អបំផុតជាមួយនឹងបទចម្រៀងទោល Rockstar របស់នាង។
ទន្ទឹមនឹងនេះដែរ ក្រុមច្រៀង StrayKids បានដាក់នូវអាល់ប៊ុម Ate សម្រាប់ប្រកួតដណ្ដើមពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំនិងអាល់ប៊ុមចម្រៀងប៉ុបល្អបំផុត ដោយបទរបស់ពួកគេ Chk Chk Boom ត្រូវបានចាត់ទុកថាជាស្នាដៃដ៏លេចធ្លោទាំងភាពច្នៃប្រឌិតនិងការសម្ដែងរួមគ្នា។
ខណៈពេលអត់មានក្រុម K-pop ណាមួយជាប់ក្នុងបញ្ជីសម្រាំងរបស់Grammy ពួកគេក៏ធ្លាប់បានឈ្នះពានរង្វាន់ដោយអាស្រ័យលើចង្វាក់ភ្លេងនិងដៃគូចម្រៀងដែលពួកគេសហការជាមួយផងដែរ ដូចជា Aespa បានចូលរួមចំណែកដល់ Djesse Vol.4 ជាអាល់ប៊ុមរបស់ Jacob Collier ទទួលបានការសរសើរជាអាល់ប៊ុមប្រចាំឆ្នាំ។
Stray Kids ក៏បានចូលរួមបទភ្លេងក្នុងរឿងហូលីវូដDeadpool & Wolverine ដែលត្រូវបានជ្រើសរើសសម្រាប់ប្រភេទបទចម្រៀងឆ្នើមក្នុងខ្សែភាពយន្តទស្សនីយភាព ។
លើសពីនេះ Jungkook សមាជិកក្រុម BTS តាមរយៈបទការច្រៀងរួមក្នុងបទ Coming Home របស់ Usher ក៏បានជាប់ជាបទចម្រៀង R&B ល្អបំផុតផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការឈ្នះពានរង្វាន់ដោយពឹងផ្អែកលើការសហការជាមួយតារាចម្រៀងអាមេរិកមិនបានធ្វើឱ្យអ្នកគាំទ្រតារា K-popពេញចិត្តនោះទេ។ពួកគេរំពឹងថា តារា K-pop នឹងអាចដណ្ដើមពានGrammy តាមរយៈស្នាដៃចម្រៀងរបស់ពួកគេសុទ្ធសាធ៕
ប្រភព៖ The News International
ជាសហគ្រិនអាយុ ២៤ ឆ្នាំ សុខសាន្ត រ៉ូហ្សា បានចាប់ផ្តើមដំណើរធ្វើទៀនក្រអូបក្នុងអំឡុងពេលវិបត្តិកូវីដសកលជាវេលាដ៏លំបាកបំផុត ទាំងមិននឹកស្មានថានាងអាចឈរជើងរីកចម្រើនដូចសព្វថ្ងៃ។
កញ្ញាបានរំឭកប្រាប់ SR News ថា៖ «ចាប់ពីខែសីហាឆ្នាំ២០២០ មកនៅពេលដែលជំងឺរាតត្បាតរាតត្បាតខ្លាំងខ្ញុំបានឃ្លាតចាកពីសាលានិងត្រូវព្យួរការងារដូច្នេះខ្ញុំត្រូវផ្លាស់ទៅស្រុកកំណើតនៅខេត្តសៀមរាបវិញ»។
ពេលនោះហើយដែល រ៉ូហ្សា បានរកឃើញនូវចំណង់ចំណូលចិត្តរបស់នាងចំពោះការធ្វើទៀនក្រអូប។ទោះបីជាមានការបរាជ័យជាច្រើនដងក៏ដោយ ក៏ការចង់ដឹងចង់ឃើញរបស់ រ៉ូហ្សា បាននាំឱ្យនាងមិនរាថយនឹងការពិសោធន៍ធ្វើទៀនក្រអូបរហូតទាល់តែជោគជ័យ។
កញ្ញា រ៉ូហ្សា បានឱ្យដឹងទៀតថា៖ «បន្ទាប់ពីបរាជ័យរាប់មិនអស់និងខ្វះធនធានទៀតផងនោះ ខ្ញុំស្ទើរតែបោះបង់វាចោល។ ទោះយ៉ាងណាក៏ដោយ ដោយសារតែការអត់ធ្មត់និងចំណង់ចំណូលចិត្តរបស់ខ្ញុំ ទីបំផុតខ្ញុំបានបង្កើតទៀនដំបូងរបស់ខ្ញុំ។ តាមដែលខ្ញុំចាំវាជាទៀនក្រអូបក្លិបផ្កាឡាវេនឌឺ។ខ្ញុំបានជូនវាទៅម៉ាក់របស់ខ្ញុំក្នុងនាមជាអ្នកទទួលបានស្នាដៃដំបូងរបស់ខ្ញុំ»។
Magik Glow (ម៉ាជីកហ្គូ) បានរីកចម្រើនពីហាងអនឡាញ រហូតដល់ការបើកហាងដំបូងរបស់ខ្លួននៅតំបន់ទួលទំពូងរាជធានីភ្នំពេញ។
កញ្ញា រ៉ូហ្សា ចែករំលែកថា៖ «ហាងអនឡាញរបស់យើងបានរីកដុះដាលនៅទូទាំងប្រទេសកម្ពុជាបន្ទាប់មកអាជីវកម្មយើងក៏ឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែកអាចឱ្យយើងបើកហាងនៅពីរឆ្នាំក្រោយមក។វាគឺជារឿងមួយដ៏គួរឱ្យរំភើបបំផុត វាដូចជាការរស់នៅក្នុងសុបិន»។
ផ្ដើមចេញពីអាជីវកម្មតូចតាចក្នុងបន្ទប់ដ៏ចង្អៀត ឥឡូវនេះ រ៉ូហ្សា មានបុគ្គលិកបីក្រុមដែលធ្វើការងារក្នុងហាងដ៏កក់ក្ដៅព្រោះនាងសង្កត់ធ្ងន់ថា Magik Glow គឺលើសពីអាជីវកម្មទូទៅ។
កញ្ញា រ៉ូហ្សា បាននិយាយថា៖ «យើងមិនត្រឹមតែជាអាជីវកម្មទៀនប៉ុណ្ណោះទេយើងជាសហគមន៍នៃអ្នកស្រឡាញ់ទៀនមកចែករំលែកចំណង់ចំណូលចិត្តសម្រាប់និរន្តរភាពការសម្រាក និងភាពវិជ្ជមាន។ យើងជឿថា ក្លិនក្រអូបអាចផ្ដល់ថាមពលនិងធ្វើឱ្យខួរក្បាលអារម្មណ៍យើងល្ហែល្ហើយ ហើយនេះជាមូលហេតុដែលយើងប្រើប្រាស់វត្ថុធាតុដើមផ្ដោតលើគុណភាពទាំងស្រុង។ក្រមួនសណ្តែកសៀង និងប្រេងសំខាន់ៗត្រូវបានប្រើដើម្បីបង្កើតក្លិនក្រអូបស្លឹកគ្រៃ និងផ្កាម្លិះ គឺជាប្រភព និងជម្រើសក្លិនដ៏ពេញនិយមបំផុត»។
ទៀនក្រអូបមានតម្លៃ ១៤ដុល្លារ សម្រាប់កែវស្ដង់ដារ និងកែវខ្នាតតូច ទម្ងន់៣៥ក្រាម តម្លៃ ៤,៥ដុល្លារ។
Magik Glow ក៏ផ្តល់ជូននូវសិក្ខាសាលាធ្វើទៀនផងដែរដែលវាបានក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមនៅក្នុងរាជធានីភ្នំពេញ មិនថាចំពោះជនជាតិខ្មែរនិងបរទេស។
កញ្ញា រ៉ូហ្សា បានពន្យល់ថា៖ «នៅថ្នាក់បង្រៀនធ្វើទៀនអ្នកចូលរួមនឹងរៀនអំពីជំហាននៃដំណើរការពីការផលិតរហូតដល់ការប្រើប្រាស់»។
ជាមួយនឹងការទទួលស្គាល់ក្នុងសហគមន៍អ្នកស្រឡាញ់ចូលចិត្តប្រើទៀនក្រអូបរ៉ូហ្សា មានសុទិដ្ឋិនិយមអំពីអនាគតនៃអាជីវកម្មនេះ។ កញ្ញាបានសិក្សាលើផែនការអនាគតសម្រាប់Magik Glow ដោយសង្ឃឹមថា នឹងមានហាងធំ និងសាខាជាច្រើននៅជុំវិញទីក្រុងសម្រាប់ជំហានទីពីរ។
លើសពីទៀនក្រអូប កញ្ញា រ៉ូហ្សា បានឱ្យដឹងផងដែរថា៖«ខណៈដែលឥឡូវនេះយើងគ្រាន់តែជាហាងដែលផ្តោតលើទៀនមួយមុខនោះយើងគ្រោងនឹងពង្រីកទៅហាងលក់ក្លិន ដែលផ្ដោតលើការព្យាបាលដោយក្លិនក្រអូបគ្រប់ប្រភេទហើយយើងទន្ទឹងរង់ចាំនឹងធ្វើឱ្យគម្រោងនេះលេចរូបរាងនៅក្នុងឆ្នាំ ២០២៥»៕
អស់រយៈពេលប្រមាណជិត ៤ខែ លោក អ៊ុំ ប៊ុនរ៉េត ដែលបានធ្វើដំណើរដោយជិះម៉ូតូពីអឺរ៉ុបមកកម្ពុជាតែម្នាក់ឯង បានបញ្ចប់បេសកកម្មដោយឆ្លងកាត់២២ប្រទេស លើចម្ងាយ ២៩០០០គីឡូម៉ែត្រ។
លោកបានមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយការស្វាគមន៍ពីក្រុមម៉ូតូ BMW កម្ពុជា និងការថតរូបអនុស្សាវរីយ៍នៅមុខវត្តភ្នំ។
ក្នុងដំណើរជិះម៉ូតូចម្ងាយជិត ៣ពាន់គីឡូម៉ែត្រមកដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាពនោះលោក ប៊ុនរ៉េត បានសម្ដែងចំណាប់អារម្មណ៍ថា៖ «សូមអរគុណ លោកនាយក និងសហការីដែលនៅចាំបដិសណ្ឋារកិច្ចការមកដល់របស់ខ្ញុំ។ ជាពិសេសអរគុណដល់បងៗក្រុមគ្រូពេទ្យដែលខិតខំជួយសង្គ្រោះជីវិតកុមាររាល់ថ្ងៃដោយមិនខ្លាចនឿយហត់»។
លោក ប៊ុនរ៉េតដែលជាប្រធាន BMW Club កម្ពុជា បានចាប់ផ្ដើមចេញដំណើរពីទីក្រុងមូនិកប្រទេសអាល្លឺម៉ង់នៅព្រឹកព្រលឹមថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤។
លោកបានរៀបរាប់ពីដំណើររយៈពេលជិត ៤ ខែនេះថា៖ «ប្រទេសទាំង ២២ ដែលខ្ញុំបានឆ្លងកាត់មាន អាល្លឺម៉ង់ អូទ្រីស អ៊ីតាលី ស្វីស បារាំង អង់ដូរ៉ាអេស្ប៉ាញ ស្លូវ៉ានី ក្រូអាត បូស្នី-អ៊ែរហ្សេហ្គោវីន ម៉ុងតេណេហ្គ្រោ កូសូវ៉ូ ម៉ាសេដូនីខាងជើងអាល់បានី ក្រិក ប៊ុលហ្គារី តួកគី អ៊ីរ៉ង់ បាគីស្ថាន ចិន ឡាវ ថៃ និងកម្ពុជា»។
បុរសវ័យ៤៤ឆ្ន ាំដែលចូលចិត្តជិះម៉ូតូធំផ្សងព្រេងនិងបំពេញបេសកកម្មសប្បុរសធម៌បានគំនិតធ្វើយុទ្ធនាការជិះម៉ូតូឆ្លងទ្វីបម្នាក់ឯងដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ ដើម្បីកុមារជាមួយនឹងមូលនិធិគន្ធបុប្ផាក្រោយពីលោកបានស្ដាប់បទបង្ហាញរបស់លោកគ្រូ ឃុន លាងឈុន ដែលជាអនុប្រធានមន្ទីរពេទ្យ។
មុនពេលចេញដំណើរលោក ប៊ុនរ៉េត បានលើកឡើងថា៖ «កុមារគឺជាធនធានដ៏មានតម្លៃហើយក៏ជាក្តីសង្ឃឹមនៃអនាគតរបស់ពិភពលោកផងដែរ។ កុមារកម្ពុជាសរុបជិត ១លាននាក់ បានមកសម្រាក និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានាឆ្នាំ២០២៣ និងប្រមាណ ២៨លាននាក់ចាប់តាំងពីពេលមន្ទីពេទ្យចាប់បើកមក»។
ក្រៅពីបំណងចម្បងជួយដល់មូលនិធិគន្ធបុប្ផា ដែលផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមាររាប់លាននាក់ក្នុងប្រទេសកម្ពុជាប្រធាន BMW Club រូបនេះ បន្ថែមថាបេសកកម្មជិះម៉ូតូធំតែម្នាក់ឯងនេះលោកមានបំណងបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងប្រទេសអាឡឺម៉ង់ និងកម្ពុជា។
លោកក៏ចង់បញ្ជាក់ផងដែរថាកម្ពុជាគឺជាប្រទេសមានសុខសន្តិភាពពេញលេញពោរពេញទៅដោយក្តីស្រឡាញ់ និងរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរណ៍មកពីអឺរ៉ុប និងពិភពលោក។
ការជិះម៉ូតូនេះក៏ទទួលបានការគាំទ្រពីប្រទេសអាល្លឺម៉ង់សហគមន៍អ្នកធុរកិច្ចអាល្លឺម៉ង់នៅកម្ពុជា (GBC) ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ ដើមឡើយ លោកគ្រោងនឹងជិះម៉ូតូមកដល់រាជធានីភ្នំពេញនៅថ្ងៃទី ២៥ ខែតុលាឆ្នាំ២០២៤ ដើម្បីប្រារព្ធពិធីបុណ្យស្រាបៀរដ៏ធំរបស់អាល្លឺម៉ង់។ តែដោយសារកត្តាយថាហេតុបេសកកម្មនេះត្រូវបានពន្យាពេល ហើយដំណើរផ្លូវកាន់តែវែងឆ្ងាយពីត្រឹម ២៥០០០គីឡូម៉ែត្រ ឡើងដល់ជាង ២៩០០០គីឡូម៉ែត្រ។
យុទ្ធនាការ កៀរគរជួយដល់កុមារកម្ពុជារបស់លោក នឹងនៅបន្តដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ការបរិច្ចាគដល់មូលនិធិគន្ធបុប្ផាសូមចូលទៅកាន់តំណភ្ជាប់ មូលនិធិគន្ធបុប្ផា៕
សៀមរាបៈ ធ្លាប់ឆ្ងល់ទេថាហេតុអីបានជាយើងបណ្ដុះកូនឈើដូចគេដែរតែមិនល្អដូចគេ?មូលហេតុបណ្ដាលមកពីដីបណ្ដុះរបស់គេមានសារធាតុចិញ្ចឹមច្រើនដូចជាកម្ទេចស្រកីដូងអង្កាម និងអាចម៍ គោ ហើយប្រភេទដីនេះមានទម្ងន់ស្រាលនិងជប់ទឹកបានល្អ។
សមាសធាតុសំខាន់ៗក្នុងដីជួយឲ្យរុក្ខជាតិលូតលាស់បានល្អតែមិនមែនសុទ្ធតែគ្រប់កសិករ និងអ្នកចម្ការបានប្រើប្រាស់ដីបណ្ដុះបែបនេះទេ ដោយសារកត្តាកង្វះបទពិសោធបច្ចេកទេសនិងលទ្ធភាពទិញដីបណ្ដុះ។
ឆ្លើយតបនឹងបញ្ហានេះ កសិករ ឡុង គាន មានគំនិតចង់កាត់បន្ថយការចំណាយលើដីបណ្ដុះក្នុងការដាំបន្លែ ហើយមានបំណងចង់រៀនធ្វើវាដោយខ្លួនឯង។ លោកបានចាប់ផ្ដើមយកដីបណ្ដុះរបស់គេមកពិនិត្យមើលដើម្បីស្វែងយល់ពីធាតុផ្សំ។
លោក ឡុង គាន បានបញ្ជាក់ប្រាប់សារព័ត៌មាន SRNews ថា៖ «ពេលនោះខ្ញុំបានយកគំនិតនេះទៅពិភាក្សាជាមួយនឹងអង្កការមួយ ពេលនោះអង្កការក៏បាននិយាយថាបើលោកពូចង់សាកល្បង ខ្ញុំនឹងឲ្យម៉ាស៊ីនតូចមួយទៅប្រើប្រាស់ដើម្បីផលិតជាដីបណ្ដុះនេះ»។
សិប្បកម្មធ្វើដីបណ្ដុះរបស់លោកបានចាប់ដំណើរការនៅឆ្នាំ២០១៩ក្នុងទ្រង់ទ្រាយតូចជាការសាកល្បង។ ដីបណ្ដុះដែលលោកផលិតរួចត្រូវបានអង្គការយកទៅចែកជូនប្រជាកសិករដទៃផ្សេងទៀតប្រើប្រាស់សាកល្បង។
ដោយទទួលបានលទ្ធផលល្អ ដីបណ្ដុះរបស់លោកឡុង គាន ក៏ទទួលបានគាំទ្រច្រើនពីប្រជាកសិករ។ ឆ្លើយតបនឹងការកុម្ម៉ង់ដីដាំបណ្ដុះកាន់តែច្រើនឡើងៗកសិករ ឡុង គាន បានឈានដល់ការពង្រីកផលិតកម្មដោយផ្លាស់ប្ដូរប្រើម៉ាស៊ីនធំវិញ។
ចំពោះវត្ថុធាតុដើម ដំបូងឡើយលោកប្រមូលផ្លែដូងខ្ចីយកមកហាលឲ្យស្ងួតសិនទើបវាយម្ទេច។ដោយសារតែត្រូវការចំណាយពេលយូរ ទើបលោក ឡុង គាន ប្ដូរមកប្រើតែស្រកីដូងទុំវិញ។
លោកដើរប្រមូលស្រកីដូង និងអាចម៍គោ នៅក្នុងបរិវេណប្រាសាទអង្គរវត្តនិងនៅតាមផ្សារក្នុងភូមិស្រុកនានាឯខេត្តសៀមរាបផ្ទាល់តែម្ដង។ ក្រៅពីរដើរប្រមូលខ្លួនឯងលោកក៏មានឈ្មួញយកវត្ថុធាតុដើមទាំងនេះមកលក់ឲ្យផ្ទាល់ផងដែរ ដើម្បីបំពេញតំរូវការក្នុងដំណើរការផលិត។
លោក ឡុង គាន បានរៀបរាប់ថា៖ «ដំណើរការនៃការធ្វើដីបណ្ដុះនេះទីមួយត្រូវជ្រើសរើស យក ស្រកីដូង អង្កាម និងលាមកគោ។ ទីពីរយើងយកស្រកីដូងទៅវាយកម្ទេចសិនទើបយកវត្ថុធាតុ ដើម ទាំងនេះ យកទៅត្រាំធ្វើជាជីកំប៉ុសដោយផ្អាប់វាទុករយៈពេលបីសប្ដាហ៍រួចទើបយើងយកវាមក ចំហុយ ដើម្បីសម្លាប់មេរោគសិន»។
ដំបូងឡើយសិប្បកម្មមួយនេះធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ក្រោយមកដោយសារមានការគាំទ្រខ្លាំង និងការកុម្ម៉ង់កាន់ច្រើនឡើងៗលោកក៏បន្ថែមកម្លាំងពលកម្មប្រាំនាក់ទៀតមកជួយផលិត។
ក្នុងមួយខែៗលោកពូអាចលក់បាន ចន្លោះពី ២-៣តោន និងច្រើនជាងនេះទៅតាមរដូវកាលនៃការដាំដុះ របស់ប្រជាកសិករ។
ចំពោះតម្លៃ កសិករវ័យ៤៩ឆ្នាំរូបនេះបានឱ្យដឹងថា«ដីបណ្ដុះរបស់ខ្ញុំមានទម្ងន់១២គីឡូក្រាមក្នុងមួយបាវលក់ក្នុងតម្លៃ១២០០០រៀល ហើយមានលក់នៅក្នុងខេត្តសៀមរាប និងសេវាផ្ញើទៅតាមបណ្ដាខេត្តផងដែរ»។
ទោះជាការផលិតដីបណ្ដុះទទួលបានការគាំទ្រច្រើនលោក ឡុង គាន ក៏ជួបផលពិបាកផងដែរជាពិសេសកត្តាអាកាសធាតុ។ នៅរដូវភ្លៀងធ្លាក់ កម្ដៅថ្ងៃមិនគ្រប់គ្រាន់ក្នុងការហាលស្រកីដូងនិងអាចម៍គោ។ មួយវិញទៀតលោកត្រូវការទំហំដីធំ ដើម្បីហាល ក៏ដូចជាស្តុកទុកស្រកីដូងនិងអាចម៍គោទាំងនោះ។
សព្វថ្ងៃនេះលោក ឡុង គាន មានលក់ស្រកីដូងដែលកិនរួចសម្រាប់យកទៅផ្សាំមែកឈើហើយលោកក៏មានគម្រោងចង់ផលិតដីដ៏មានជីជាតិតាមបច្ចេកទេសសម្រាប់ដាំដំណាំផងដែរនៅថ្ងៃអនាគត។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ឡុង គាន ឬលេខទូរសព្ទ៖ ០៧៨ ៩០១ ២២៧ និង ០៧៧៤២៥ ៦៩៦៕
វិមានឯករាជ្យសាងសង់ឡើងនៅឆ្នាំ១៩៥៨គឺជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ (គស.១៨៦៣-គស.១៩៥៣) ដែលមានរយៈពេល៩០ឆ្នាំ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខន្ធដើម្បីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនអ្នកស្នេហាជាតិដែលបានបូជាអាយុជីវិតកម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងបុព្វហេតុរើបម្រះពីនឹមត្រួតត្រារបស់បរទេស។
សំណង់វិមានឯករាជ្យ គឺជាការផ្ដួចផ្ដើមកសាងឡើងដោយព្រះរាជតម្រិះដ៏ភ្លឺស្វាងរុងរឿងរបស់ព្រះបាទសម្ដេចនរោត្តមសីហនុ និងរចនាប្លង់ ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ ដែលមានកម្ពស់២០ម៉ែត្រ និង៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរលំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់២០, ១ជ្រុង៥)ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ របស់ប្រាង្គប្រាសាទអង្គរវត្ត។ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿតជាស្ថាបត្យករដ៏ល្បីល្បាញនាសម័យកាលនោះ។
ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះបានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំងជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា១៩៥៣)។
បើតាម សាស្ត្រាចារ្យ ភឿង សុភ័ណ្ឌបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកនាពេលកន្លងមកថា ជាទូទៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង សត្វនាគតំណាងឲ្យទេវកថាព្រោះយើងមិនដែលឃើញនាគរាជទេ យើងឃើញតែពស់ ។នាគរាជនៅលើវិមានឯករាជ្យមានក្បាលចំនួន៥ និងបែរមុខទៅទិសទាំង៤ដែលតំណាងឲ្យបារមីព្រះមហាក្សត្រគ្រប់គ្រងដឹកនាំប្រទេស ។
លោកបន្តថា ៖« ក្បាលនាគទាំង១០០បង្ហាញពីអំណាចបារមីនៃការខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រក៏ដូចជាប្រជារាស្ត្រខ្មែរទាំងអស់ដើម្បីការពារនូវឯករាជ្យភាពជាតិរបស់ខ្មែរ» ៕
សហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិតនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រខ្នងភ្នំគូលែនគឺជាទីដ៏មនោរម្យសម្រាប់អ្នកទេសចរផ្សងព្រេងមកបោះតង់កម្សាន្ត ទស្សនាប្រាសាទក្នុងព្រឹក្សាភ្លក្សរសជាតិផ្លែឈើព្រៃតាមរដូវកាល និងមើលសិប្បកម្មពីដូនតា។
ដោយសម្លឹងឃើញពីសក្ដានុពលទេសចរណ៍ដែលអាចរួមចំណែកការពារនិងអភិរក្សព្រៃឈើ សហគមន៍នេះត្រូវបានបង្កើតឡើងដោយអាជ្ញាធរមូលដ្ឋាន មន្ទីរនិងក្រសួងបរិស្ថានគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» ក្រោមការជួយជ្រោមជ្រែងពីអង្គការអាគ្រីស៊ូតនិងអង្គការមូលនិធិបុរាណវិទ្យា និងការអភិរក្ស (ADF)។នេះបើយោងតាមប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ លោក ផាន់ ផុន។
លោកបានប្រាប់សារព័ត៌មាន SRពីមូលហេតុនៃការបង្កើតសហគមន៍ព្រៃធំអន្លង់ធំថា៖ «ដោយសារតែចង់ទប់ស្កាត់ការកាប់ឆ្ការព្រៃ និងទន្ទ្រានដីធ្វើចម្ការវិលជុំដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋនិងដើម្បីអភិរក្សធនធានធម្មជាតិដែលនៅសេសសល់ក្នុងមូលដ្ឋានដើម្បីឱ្យក្មេងជំនាន់ក្រោយបានឃើញ។មួយទៀតទាក់ទងនឹងអនុផលព្រៃឈើ ដូចជាគូលែនព្រៃ គុយ ផ្ញៀវ ផ្សិតដែលមាននៅក្នុងព្រៃនេះស្រាប់»។
ស្ថិតនៅចម្ងាយជាង ៨០គីឡូម៉ែត្រពីក្រុងសៀមរាបសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ មានសមាជិក១៧នាក់។ សហគមន៍ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ដោយលាតសន្ធឹងលើផ្ទៃដីប្រមាណ៣៦៥ហិកតា ក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប។
ការបង្កើតសហគមន៍ក៏ដូចជាកិច្ចការអភិរក្សធនធានធម្មជាតិធម្មជាតិ មានទិសដៅសំខាន់ គឺទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ។
ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំបានលើកឡើងថា៖«បើសិនការពារធនធានធម្មជាតិបានល្អ ទឹកភ្លៀងក៏ទទួលផលបានល្អ ប្រើបានយូរ ដូចជាមានទឹកប្រើខួប មិនដាច់! មានទឹកភ្លៀងទាំងប្រាំង ទាំងវស្សា។បើអត់ជួយថែរក្សាការពារទាំងអស់គ្នា ធនធានយើងនឹងប្រែប្រួលកម្ដៅក៏ឡើងខ្លាំង ភ្លៀងអត់ទៀងទាត់»។
ក្រោយពីបង្កើតសហគមន៍នេះឡើង ប្រជាពលរដ្ឋកាន់តែច្រើនឡើងបានយល់ដឹងពីសារៈប្រយោជន៍នៃធនធានធម្មជាតិនិងបានចូលរួមការពារយ៉ាងសកម្ម ដោយងាកពីការកាប់ឆ្ការដីធ្វើចម្ការក្នុងព្រៃ មកអាស្រ័យជីវភាពដោយការចិញ្ចឹមសត្វអនុផលព្រៃឈើ និងអេកូទេសចរណ៍។
លោក ផុន បានឱ្យដឹងថា៖ «ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំនេះឡើងដើម្បីជួយបង្កើតប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការលក់ផលិតផល ក្នុងស្រុករបស់ខ្លួននិងសេវាកម្មដឹកជញ្ជូនភ្ញៀវទស្សនាព្រៃព្រឹក្សាផងដែរ»។
សហគមន៍ព្រៃធំអន្លង់ធំ ជាកន្លែងមាត់ទឹកសម្រាប់ឱ្យភ្ញៀវជាតិឬអន្តរជាតិមកកម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍។
ប្រធានសហគមន៍បានបន្តថា៖ «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាតហើយអាចឱ្យភ្ញៀវទេសចររបោះតង់សម្រាកក្បែរមាត់ទឹក»។
ចំពោះតម្លៃវិញ លោកបានរៀបរាប់ថា៖ «ក្នុង១តង់តម្លៃ១៥ដុល្លារគេងបាន២នាក់ ការរៀបចំម្ហូបមួយកញ្ចប់រួមទាំងទឹកនិងបង្អែមតម្លៃ ៤,៥ដុល្លារក្នុងម្នាក់។រីឯផ្ទះស្នាក់តម្លៃ ២០ដុល្លារ ដែលអាចគេបានជាក្រុមប្រមាណ ១០នាក់និងសេវាកម្មម៉ូតូឌុប កន្លះថ្ងៃ ៤ម៉ឺនរៀល និងមួយថ្ងៃពេញ តម្លៃ ៨ម៉ឺនរៀលទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង»។
សហគមន៍នេះមានតំបន់ទេសភាពទូទៅ និងទីទួលប្រាសាទបុរាណ។ប្រាសាទនីមួយៗស្ថិតដាច់ឆ្ងាយពីគ្នា ដែលតម្រូវឱ្យភ្ញៀវមកលេងមានជម្រើសដើរទស្សនាដោយស្នាក់នៅ ២ យប់ ឬជម្រើសមិនស្នាក់នៅ តែអាចជួលម៉ូតូឌុបជិះ ដោយមានមគ្គុទេសក៍ទេសចរណ៍ពន្យល់ពីប្រវត្តសាស្ត្រនិងការបម្រើម្ហូបអាហារផងដែរ។
លោក ផុន បានបញ្ជាក់ថា៖ «ពេលនេះពលរដ្ឋបានរួមគ្នាអភិរក្សធនធានធម្មជាតិក៏ដូចជាសត្វព្រៃ តំបន់ប្រាសាទដើម្បីបម្រើលើវិស័យទេសចរណ៍។ពួកគាត់បានអាស្រ័យផលទៅលើវិស័យនេះដូចជា ការចិញ្ចឹសត្វ មាន់ទា ជ្រូកនិងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍»។
លោកបានរៀបរាប់បន្តទៀតថា៖«សហគមន៍ការពារធម្មជាតិព្រៃធំ អន្លង់ធំភ្នំគូលែន មានអនុផលដូចជាគូលែនព្រៃធម្មជាតិ គុយ សិរមាន់ ផ្ញៀវ មានឱសថបុរាណ ទឹកធ្លាក់តំបន់ប្រវត្តិសាស្ត្រ តំបន់បុរាណស្ថានទេសភាពស្រស់ស្អាតមើលពីលើភ្នំទៅភូមិខាងក្រោមផងដែរ»។
ក្រៅពីសេវាកម្មនាំភ្ញៀវទស្សនាតំបន់ទីទួលបុរាណប្រាសាទបុរាណ និងតំបន់ទេសភាពទូទៅហើយសហគមន៍ក៏មានទីតាំងសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ដោយដៃដូចជា ត្បាញកន្ទេលកញ្ជើរ ចង្អេរ ទីតាំងដំដែក ដែលជាមុខរបរពីដូនតាមក។ រោងសិប្បកម្មមានផ្ដល់ការបង្រៀនអនុវត្តផ្ទាល់ដល់ភ្ញៀវទេសចរដែលមកដល់ទីតាំងផ្ទាល់ផងដែរ។
ព័ត៌មានលម្អិតអំពីសេវាកម្មសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំភ្នំគូលែនមាននៅលើហ្វេសប៊ុក សហគមន៍ភ្នំគូលែនhttps://www.facebook.com/PhnomKulenCommunity ឬទំនាក់ទំនងប្រធានសហគមន៍ផ្ទាល់តាមរយៈលេខ 085 404 640 ឬ 068 651134 និងលេខអនុប្រធានសហគមន៍ 061 322 311៕
មីសួរមាន់ស្រែក្បែរផ្សារអូឡាំពិកគឺជាអាហារដ៏ពេញនិយមសម្រាប់អ្នកដែលចូលចិត្តទទួលទានអាហារប្រភេទមានទឹកស៊ុបសាច់ និងបន្លែ នាពេលព្រឹក និងថ្ងៃត្រង់។
ម្ចាស់ហាងពូវីមីសួរឆ្ងាញ់អូឡាំពិកបានប្រាប់ SR News ឱ្យដឹងថាមីសួរមាន់ស្រែរបស់គាត់គឺជាម្ហូបល្បីប្រចាំតំបន់នេះជាយូរឆ្នាំមកហើយដោយមានការគាំទ្រពីអតិថិជនយ៉ាងច្រើនកុះករមិនថាអ្នករស់នៅម្ដុំផ្សារអូឡាំពិក ឬភ្ញៀវពីចម្ងាយនោះទេ។
មីសួរមាន់ស្រែ មានជម្រើសសាច់ដូចជា កន្សោមគ្រឿងក្នុង ភ្លៅ ស្លាប សាច់បាក់សៀក រួមទាំងសាច់ផ្សេងទៀត។
មាន់ដែលម្ចាស់ហាងយកមកចម្អិនគឺជាមាន់ស្រែពិតៗដែលម្ចាស់ហាងមានម៉ូយចិញ្ចឹមមាន់យកមកបោះឱ្យគាត់ជាប្រចាំថ្ងៃ។
រសជាតិសាច់ និងទឹកស៊ុបឆ្ងាញ់បូករួមជាមួយនឹងសរសៃមីសួរដ៏ទន់ល្មើយបានធ្វើឱ្យអាហារមួយមុខនេះមានភ្ញៀវកុម្ម៉ង់មិនដាច់សូរ។
អ្នកលក់ក៏មានទឹកជ្រលក់ពិសេសដែលរូបមន្តលាយដោយផ្ទាល់ពីម្ចាស់ហាង។
សម្រាប់តម្លៃមីសួរសាច់មាន់មួយចានមានចាប់ពី ១១០០០៛ សម្រាប់មីសួរមាន់ស្រែធម្មតា និង ៣៥០០០៛ សម្រាប់មីសួរមាន់ស្រែពិសេស។ សម្រាប់កូនក្មេងក៏មានតម្លៃមួយចាន ៨០០០៛ផងដែរ ។
ទីតាំងហាងពូវីមីសួរឆ្ងាញ់អូឡាំពិកស្ថិតនៅលើផ្លូវ ៣១៨ ក្បែរផ្សារអូឡាំពិក៕
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបទី២១ឆ្នាំដែល «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ របាំព្រះរាជទ្រព្យជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាច កាត់ថ្លៃបានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សាអស់រយៈពេល ដ៏យូរលង់ណាស់មកហើយ ។
បើតាមឯកសារដែលមានទាំងនៅលើសិលាចារឹក និងតាមចម្លាក់នៃជញ្ជាំងប្រាសាទបុរាណខ្មែរបានបញ្ជាក់យ៉ាងច្បាស់ថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរនេះ មានវត្តមានតាំងពីសម័យបុរេអង្គរមក ឬប្រមាណជាងមួយពាន់ឆ្នាំមកហើយ។
របាំព្រះរាជទ្រព្យ មានភាពល្បីល្បាញខ្លាំងត្បិតរបាំនេះបង្ហាញនូវកាយវិការទន់ភ្លន់គួរឱ្យចង់គយគន់និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ នាដករ ឬអ្នករាំ បានហាត់រៀនយ៉ាងសកម្មនិងស្ទាត់ជំនាញ អស់រយៈពេលច្រើន ដែលអាចបញ្ចេញកាយវិកា ក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមសាច់រឿង ដែលរៀបរាប់តាមទំនុកច្រៀងនៃក្រុមចម្រៀងជាពួក ហើយមានវង់ភ្លេងពិណពាទ្យ ជាគ្រឿងប្រគំជូនរបាំនេះ។
របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយអ្នកសម្តែងតួអង្គមានបួន៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វាព្រមទាំងតួបន្ទាប់បន្សំមានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែង លើកលែងតែតួតាឥសី និងតួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗ នាពេលបច្ចុប្បន្ននេះ។ ក្នុងការសម្តែងតួអង្គនិមួយៗមានលក្ខណៈនិងមានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខនិង កាយវិការផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី៕
កំពង់ឆ្នាំង: រទេះគោអាចជាយាន្តជំនិះមួយហួសសម័យសម្រាប់ប្រជាកសិករដែលងាកមកប្រើគ្រឿងចក្រ ប៉ុន្តែសម្រាប់លោក វន សុវី រទេះគោបាក់បែកគេបោះបង់ទាំងនោះអាចនាំចំណូលរាប់ម៉ឺនដុល្លារ តាមរយៈការកែច្នៃផ្ដល់សោភ័ណភាព បំពាក់មុខងារថ្មីឡើងវិញដល់យានជំនិះខ្មែរពីបរមបុរាណមួយនេះ។
ការវិវឌ្ឍន៍ទៅប្រើប្រាស់គោយន្ត និងរថយន្តព្រោះវាមានភាពរហ័សងាយស្រួល ហើយអាចដឹក ទំនិញបានច្រើនទៀតនោះ បានធ្វើឱ្យសាបរលាបតម្រូវការរទេះគោដែលជាមធ្យោបាយដឹកកសិផលពីបុរាណ។
ឃើញដូច្នោះ លោក សុវីបានឆក់យកឱកាសក្នុងការកែច្នៃរបស់ចាស់ៗ ដែលគេបោះបង់ចោលទៅជារបស់ប្រើប្រាស់បានឡើងវិញក្នុងបំណងអភិរក្សវត្ថុវប្បធម៌មរតកពីដូនតា ស្វែងរកចំណូល និងរួមចំណែកផ្ដល់ការងារដល់សិស្ស-និស្សិតក្រោយទំនេរពីការសិក្សាផងដែរ។
លោកបានចាប់ផ្តើមដើរប្រមូលទិញរទេះគោចាស់ៗដែលត្រូវបានប្រជាកសិករទុកចោល យកមកកែច្នៃសម្រាប់ប្រើប្រាស់បន្ត ឬសម្រាប់តាំងលម្អ។
លោកបានប្រាប់សារព័ត៌មាន SRNews យ៉ាងដូច្នេះថា៖ «ខ្ញុំចាប់ផ្ដើមកែច្នៃរទេះគោចាស់ៗនេះឡើងនៅក្នុងឆ្នាំ២០២០។ពេលនោះខ្ញុំបានចុះទៅតាមភូមិឃុំនៅតាមស្រុកស្រែចម្ការ ខ្ញុំបានឃើញរទេះគោចាស់ៗដែលគេបោះបង់ចោល ដែលរទេះគោទាំងនោះ ខ្លះនៅប្រើបាន និងខ្លះប្រើមិនបាន»។
លោកបានបន្តទៀតថា៖ «ខ្ញុំក៏បានសាកល្បងសួរទិញរទេះគោចាស់ៗនោះមកកែច្នៃលមើលពេល នោះក៏មានការផ្ទុះចាប់អារម្មណ៍ខ្លាំងទើបខ្ញុំចាប់ផ្តើមបន្តវារហូតមកដល់សព្វថ្ងៃនេះ»។
ចំពោះរទេះគោដែលកែច្នៃរួចហើយ លោក សុវី អាចលក់បានចំណូលបានជាង១ពាន់ដុល្លារក្នុងមួយខែៗ។ជាពិសេស មុនរដូវបុណ្យចូលឆ្នាំខ្មែរ ការលក់អាចនាំចំណូលបានដល់ជាង១ម៉ឺនដុល្លារ។អតិថិជនដែលមកទិញរទេះគោភាគច្រើនជាអ្នកមានជីវភាពធូរធានិងហ៊ានចំណាយលើវត្ថុតុបតែងលម្អ។
លោកបានបន្ថែមទៀតថាចំពោះរទេះគោកែច្នៃរួចមានតម្លៃចាប់ពី៤០០ដុល្លារឡើង ដោយអាស្រ័យទៅលើប្រភេទរទេះសម្រាប់ដឹកកសិផល ឬរទេះប្រើសម្រាប់ជាយាន្តជំនិះ។
លោកបានឱ្យដឹងទៀតថា៖ «បើសម្រាប់រទេះសំឡីវិញមានតម្លៃចាប់ពី១ពាន់ដុល្លាររហូតដល់ ១៥០០ដុល្លារ អាស្រ័យទៅលើភាពប្រណីតរបស់វា»។
សម្រាប់រទេះគោដែលផលិតថ្មីត្រូវចំណាយពេលប្រហែលជា ១៥ ទៅ ៣០ថ្ងៃក្នុងការកែច្នៃ។ ប៉ុន្តែបើរទេះចាស់ៗដែលត្រូវបានយកមកកែច្នៃឡើងវិញនោះសិប្បកម្មរបស់លោកប្រើរយៈពេលតែ ២ ឬ ៣ ថ្ងៃប៉ុណ្ណោះក្នុងការធ្វើឲ្យរួចរាល់និងអាចទិញយកទៅប្រើប្រាស់បានហើយ។
អតិថិជនរបស់លោកភាគច្រើនទិញរទេះគោកែច្នៃនេះយកទៅតាំងលម្អគេហដ្ឋានភោជនីយដ្ឋាន និងមណ្ឌលកម្សាន្តតែប៉ុណ្ណោះ ដោយមិនបានយកទៅប្រើជាមធ្យោបាយដឹកជញ្ជូនដូចមុនទៀតទេ។
លោក សុវី បាននិយាយថា៖ «ភាគច្រើនគេយករទេះគោយកទៅតាំងលម្អជាមួយនឹងទូកត្នោត ដែលតាំងនៅតាមភោជនីយដ្ឋាន ឬក៏នៅតាម ក្រសួងមន្ទីរ មួយចំនួន»។
នៅថ្ងៃអនាគត លោកក៏មានបំណងពង្រីកសិប្បកម្មនិងកែច្នៃរទេះគោចាស់ៗឲ្យមានគុណភាពកាន់តែល្អ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិដូចជាសហគមន៍ខ្មែរនៅក្រៅប្រទេស និងអតិថិជនបរទេស ដែលស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរផងដែរ។
សិប្បកម្មរបស់លោក សុវី ស្ថិតនៅភូមិស្មែតឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ព័ត៌មានបន្ថែមពី សិប្បកម្មនេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក កំពង់ឆ្នាំងលក់រទេះគោតាំងលម្អ (https://www.facebook.com/profile.php?id=100063278285867) និងទំនាក់ទំនងទូរសព្ទលេខឬតេលេក្រាម ០៨៧ ៥៤៩ ០៦១៕
ការលេចឡើងនូវសក់ស្កូវមុនអាយុគឺជារឿងគួរឲ្យភ្ញាក់ផ្អើល និងប៉ះពាល់ដល់សម្រស់យ៉ាងខ្លាំង ជាពិសេស ធ្វើឱ្យយើងគ្មានទំនុកចិត្តលើខ្លួនឯង។ សក់ស្កូវមុនអាយុក៏ជាផលរំខាន នាំឱ្យខាតពេលវេលា និងចំណាយថវិកាជាច្រើនក្នុងការលាបសក់ជាប្រចាំដើម្បីបិតបាំង។
ជាធម្មតាការលេចចេញនូវសក់ស្កូវឡើងបណ្តាលមកពីកត្តាធាតុផ្សំគ្នានៃហ្សែន កត្តានៃរបៀបរស់នៅនិងលក្ខខណ្ឌសុខភាពផ្សេងទៀត។
នៅក្នុងអត្ថបទនេះ SR News នឹងបង្ហាញពីមូលហេតុដែលសក់ប្រែជាពណ៌ស្កូវឆាប់រហ័ស និងអ្វីដែលអ្នកអាចសាកល្បងធ្វើដើម្បីគ្រប់គ្រងស្ថានភាពនេះបាន។
កត្តាដែលធ្វើឱ្យសក់ឆាប់ស្កូវមុនអាយុ៖
១.កត្តាហ្សែន
លក្ខណៈដែលទទួលបានពីកំណើត៖ ប្រសិនបើឪពុកម្ដាយ ឬជីដូនជីតារបស់អ្នកធ្លាប់មានបញ្ហាសក់ស្កូវមុនអាយុនោះអ្នកក៏ទំនងប្រឈមនឹងបញ្ហានេះដូចគ្នា តាមតំណពូជ។ ហ្សែនគឺជាកត្តាខ្លាំងបំផុតមួយក្នុងការកំណត់នៅពេលដែលសក់របស់មនុស្សម្នាក់ៗចាប់ផ្តើមប្រែពណ៌។
២. ភាពតានតឹង
ភាពតានតឹងផ្នែករាងកាយនិងអារម្មណ៍៖ បុគ្គលដែលមានភាពតានតឹងរ៉ាំរ៉ៃអាចប៉ះពាល់ដល់ការផលិតមេឡានីន(សារធាតុដែលទទួលខុសត្រូវចំពោះពណ៌សក់) ហើយអាចពន្លឿនការប្ដូរពណ៌សក់ខ្មៅទៅប្រផេះ ហើយពីពណ៌ប្រផេះទៅជាពណ៌ស យ៉ាងឆាប់រហ័ស។ ស្ត្រេសក៏អាចប៉ះពាល់ដល់សុខភាពទូទៅផងដែរដែលអាចនាំទៅរកសញ្ញានៃភាពចាស់មុនអាយុ រួមទាំងសក់ស្កូវ។
៣. កង្វះអាហារូបត្ថម្ភ
កង្វះសារធាតុចិញ្ចឹមសំខាន់ៗ៖ ការកង្វះវីតាមីន និងសារធាតុរ៉ែមួយចំនួនដូចជា B12 ទង់ដែង ជាតិដែកនិងអាស៊ីតហ្វូលិកនៅក្នុងរាងកាយ អាចរួមចំណែកដល់បញ្ហាសក់ស្កូវ។ សារធាតុចិញ្ចឹមទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសក់ឱ្យមានសុខភាពល្អ និងការផលិតមេឡានីន។ ដូច្នេះការកង្វះអាហារូបត្ថម្ភគឺជាផ្នែកមួយនៃការធ្វើឱ្យសក់ឆាប់ប្រែទៅជាស្កូវលឿន។
៤. កត្តាបរិស្ថាន និងការប៉ះពាល់នឹងសារធាតុគីមី
ការបំពុលនិងផលិតផលគីមី៖ ការប៉ះពាល់ញឹកញាប់ទៅនឹងការបំពុល ឬសារធាតុគីមីធ្ងន់ធ្ងរដូចជាផលិតផលដែលមាននៅក្នុងថ្នាំលាងពណ៌សក់និងផលិតផលមួយចំនួនអាចធ្វើឱ្យសក់ខូច និងនាំឱ្យសក់ស្កូវតាមពេលវេលា។
៥. ការផ្លាស់ប្តូរអ័រម៉ូន
អតុល្យភាពអ័រម៉ូន៖ សម្រាប់ស្ត្រីការផ្លាស់ប្តូរអ័រម៉ូនចាប់ពីដំណាក់កាលពេញវ័យដល់ពេលមានផ្ទៃពោះ ឬអស់រដូវអាចប៉ះពាល់ដល់ពណ៌សក់យ៉ាងខ្លាំង។
ដើម្បីជួយទប់ស្កាត់ឬបន្ថយការឡើងពណ៌សក់ស្កូវមុនអាយុ អ្នកជំនាញណែនាំឱ្យប្រកាន់ខ្ជាប់នូវការរក្សារបបអាហារឱ្យមានតុល្យភាពគ្រប់គ្រងសម្រាលភាពតានតឹង និងជៀសវាងការប៉ះពាល់សារធាតុគីមី។ អ្នកក៏អាចរៀបផែនការឆែកសុខភាពដោយពិគ្រោះជាមួយវេជ្ជបណ្ឌិតឬអ្នកឯកទេសផ្នែកសុខភាពសក់ ដើម្បីពិនិត្យ និងទទួលបានការណែនាំបន្ថែម ដើម្បីឆ្លើយតបនិងសម្រាលបញ្ហាសក់ស្កូវមុនអាយុ៕
បាងកក៖ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានសម្តែងការសាទរចំពោះព្រឹត្តិការណ៍រាប់ថយក្រោយឆ្លងឆ្នាំសកលដោយបានឆ្លើយតបជាវិជ្ជមាននៅពេលដែលលោកស្រីត្រូវបានសួរអំពីការចូលរួមរបស់តារាចម្រៀង Lisa ក្រុម Blackpink។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺរៀបចំដោយវិស័យឯកជនជាចម្បង ហើយលោកស្រីមិនប្រាកដថាការរៀបចំទាំងអស់ត្រូវបានសម្រេចចុងក្រោយយ៉ាងណា។
លោកស្រីបានទទួលស្គាល់ថា៖ «ខណៈពេលដែលវិស័យឯកជនដំណើរការធ្វើព្រឹត្តិការណ៍នេះយ៉ាងពេញលេញខ្ញុំមិនប្រាកដថាជំហានបន្ទាប់គឺជាអ្វីនោះទេ»។
ដោយបង្ហាញពីមោទនភាពរបស់ប្រទេសថៃ លោកស្រីបានបន្ថែមថារដ្ឋាភិបាលនឹងអបអរសាទរវត្តមាន Lisaមិនត្រឹមតែដោយសារតែនាងជាតារាថៃដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេប៉ុន្តែក៏ដោយសារតែការទទួលស្គាល់ជាសកលរបស់នាងផងដែរ។
ក្នុងការសន្ទនាទម្រង់ស្និទ្ធស្នាលក្រៅផ្លូវការ នៅពេលដែលលោកស្រីត្រូវបានសួរថាតើ Lisa នឹងចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍រាប់ថយក្រោយឆ្លងឆ្នាំនៅប្រទេសថៃដែរឬទេ?
អមដោយសំណើច លោកស្រី ផេថងថាន បានឆ្លើយទាំងលេងសើចថា៖«តើអ្នកមានសំបុត្រហើយឬនៅ? តើអ្នកចង់ទៅចូលរួមព្រឹត្តិការណ៍នេះទេ? វាជារឿងឯកជន»៕
Asia News Network/TheNation
ផ្កាទុំហ៊ូ ឬផ្កាឡេវេអាវ ពណ៌ស្វាយ ដើរតួនាទីយ៉ាងសំខាន់ដែលតំណាងឱ្យចំណងមិត្តភាពជាបងប្អូនតាមវប្បធម៌អ្នកកាន់សាសនាហិណ្ឌូ ក្នុងពិធីបុណ្យ Tihar រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលារហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការដាំផ្កាទុំហ៊ូបានក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករនៅតំបន់Gundu ក្រុង Bhaktapur ប្រទេសនេប៉ាល់។
កម្រងផ្កាទុំហ៊ូប្រមាណ ២០ម៉ឺនកម្រងត្រូវបាននាំចេញពីតំបន់ Gundu សម្រាប់ពិធីបុណ្យហិណ្ឌូ Tiharដែលទើបតែបញ្ចប់ទៅប៉ុន្មានថ្ងៃមុននេះ។
យោងតាមសមាគមដំណាំផ្កានៅប្រទេសនេប៉ាល់ កាលពីឆ្នាំមុន ការនាំចេញពីតំបន់ Gundu បានត្រឹមតែ១៥ម៉ឺនកម្រងផ្កាប៉ុណ្ណោះ។
ប្រធានសមាគមលោក Dilip Bade បាននិយាយថា៖«មានតម្រូវការសម្រាប់កម្រងផ្កា ទុំហ៊ូ ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក ជប៉ុនអូស្ត្រាលី កូរ៉េ និងប្រទេសមួយចំនួននៅអឺរ៉ុប»។
តម្រូវការកម្រងផ្កានេះបាន និងកំពុងកើនឡើងក្នុងប្រទេសផ្សេងទៀតដែលមានចំនួនប្រជាជននេប៉ាល់រស់នៅកាន់តែច្រើនឡើង។
សមាគមប្រមូលផលផ្កា បានពង្រីកទីតាំងដាំផ្កាទុំហ៊ូរហូតដល់ ៥២ ស្រុកហើយប្រទេសនេះមិនបានពឹងផ្អែកទាំងស្រុងលើការដាំផ្កាស្បៃរឿង ដែលជាផ្កាម៉្យាងទៀតគេនិយមប្រើក្នុងពិធីបុណ្យTihar របស់ហិណ្ឌូសាសនានោះទេ។
ផ្កាទុំហ៊ូ ៤ លានកម្រង ត្រូវបានគេប៉ាន់ប្រមាណថា បានបំពេញតម្រូវការក្នុងពិធីបុណ្យឆ្នាំនេះ។ទោះជាយ៉ាងណាក៏ដោយមានតែប្រមាណ ២,៥ លានកម្រង ប៉ុណ្ណោះត្រូវបានដាំនៅក្នុងប្រទេសនេប៉ាល់។សមាគមបានបន្ថែមថា ចំនួនមិនគ្រប់គ្រាន់នៃកម្រងផ្កាទុំហ៊ូត្រូវបានបំពេញដោយការនាំចូលពីប្រទេសឥណ្ឌា។
លោក Bade បានលើកឡើងថា ដោយឡែកចំពោះតម្រូវការផ្កាស្បៃរឿងវាក៏កំពុងកើនឡើងពី ១៥ ទៅ ២០ ភាគរយជារៀងរាល់ឆ្នាំ។ ឆ្នាំនេះមានតម្រូវការផ្កាស្បៃរឿង៧០ ម៉ឺនកម្រងផ្កាបន្ថែមទៀតបើធៀបនឹងឆ្នាំមុនដែលបុណ្យ Tihar បានប្រើប្រាស់ប្រហែល៣,៣ លានកម្រងផ្កា។
វិស័យលក់ផ្កាបានរងការខាតបង់ចំនួន ១៥០ លានរូពី (១,៧៨លានដុល្លារ)ឆ្នាំនេះ ដោយសារភ្លៀងធ្លាក់មិនឈប់នៅសប្តាហ៍ចុងក្រោយនៃខែកញ្ញា។
យោងតាមសមាគមន៍បានឱ្យដឹងថា ផ្កាសរុបចំនួន ៤៥០ ប្រភេទកំពុងត្រូវបានដាំលក់នៅប្រទេសនេប៉ាល់ហើយមនុស្សជាង ៤៤០០០នាក់បានទទួលអត្ថប្រយោជន៍ពីឧស្សាហកម្មនេះ។ការដាំដុះផ្កាត្រូវបានអនុវត្តលើផ្ទៃដី ២២១ ហិកតានៅក្នុងប្រទេសនេប៉ាល់៕
Asia News Network/ The Kathmandu Post
នំបញ្ចុកស្រុសទឹកកាពិគឺជាអាហារមួយដែលអ្នកទៅផ្សារអូរឫស្សី តែងតែល្បីតៗគ្នាដោយសារតែរសជាតិឆ្ងាញ់មុត បរិមាណច្រើន សាច់ចម្រុះសម្បូរបែបហើយតម្លៃក៏ថោកសមរម្យ។
តាមរយៈការសាកសួរទាំងអាជីវករនិងអ្នកដំណើរឆ្លងកាត់ផ្សារ នំបញ្ចុកស្រុសទឹកកាពិត្រូវបានគេឱ្យពិន្ទុជាប់លេខមួយតែម្តងដោយមតិភាគច្រើនលាន់មាត់សរសើរថា នំបញ្ចុកស្រុសទឹកកាពិតូបនៅខាងក្រោយផ្សារ មានរសជាតិឆ្ងាញ់ ប្លែកនិងមានជំរើសសាច់ច្រើនប្រភេទ។
ស្ថិតនៅខាងក្រោយផ្សារអូឬស្សីច្រក លេខ ៧ និងលេខ ៨ ដែលមានផ្ទះល្វែងជាជួរ តូបលក់នំបញ្ជុកស្រុសទឹកកាពិនេះស្ថិតនៅខាងក្រោយកន្លែងលក់ផ្លែឈើ។
មិនខុសពីការល្បីតៗគ្នាត្បិតតែតូបលក់នំបញ្ចុកតូចមែនពិត តែមានមនុស្សចេញចូលមិនដាច់ដោយខ្លះអង្គុយទទួលទានផ្ទាល់ និងខ្លះទៀតកុម្ម៉ង់ខ្ចប់។
នំបញ្ចុកស្រុសមួយចាន តម្រៀបដោយខួរក្តាមជើងជ្រូក ជើងមាន់ តៅហូបំពង ឈាមជ្រូកទាំងដុំៗ។អ្នកញ៉ាំក៏អាចជ្រើសរើសទឹកស៊ុប ២ រសជាតិ គឺទឹកស៊ុបក្រហមមានប៉េងប៉ោះនិងទឹកស៊ុបខៀវឈ្ងុយក្លិនគ្រឿងរំដេង រមៀត និងខ្ជាយ។
ចំពោះជម្រើសបន្លែមានត្រយូងចេក ត្រកួនគូឆាយ សណ្ដែកបណ្ដុះ និងពោតបារាំងស្រុសដែលធ្វើឱ្យអ្នកញ៉ាំទទួលបានតុល្យភាពបន្លែ និងសាច់ ហើយមិនរងាន់។
អាហារនេះក៏ទាមទារឱ្យអ្នកញ៉ាំលាយទឹកជ្រលក់ឱ្យបានគ្រប់គ្រឿងដោយដាក់ ទឹកកាពិ ជាមួយនឹងទឹកអំពិលទុំ បន្ថែមដោយម្ទេស និងក្រូចឆ្មារ ក្នុងបរិមាណទៅតាមចំណូលចិត្ត។
នំបញ្ចុកស្រុសទឹកកាពិនេះចានតូចមានតម្លៃត្រឹមតែ ៨០០០៛ និងចានធំមានតម្លៃតែ ១០០០០៛។អ្នកត្រូវការបន្ថែមគ្រឿងផ្សំផ្សេងៗ ត្រូវចំណាយបន្ថែម ២០០០៛ សម្រាប់បន្លែ និង ៤០០០៛ ចំពោះការថែមសាច់។
អ្នកចង់សាកទទួលទានចំណីអាហារក្រោយផ្សារអូរឫស្សីគួរតែត្រៀមខ្លួននឹងបរិយាកាសក្ដៅបែបអ៊ូអរនិងការបែកញើសស្អុះស្អាប់បន្តិច។ ប៉ុន្តែប្រសិនបើមេឃស្រទុំអាកាសធាតុត្រជាក់ ការញ៉ាំនំបញ្ចុកស្រុសនេះអស់មួយចានអាចធ្វើឱ្យយើងស្រួលខ្លួនមានកម្លាំងព្រឺសតែម្ដង។ ដូច្នេះហើយ មិនបាច់ឆ្ងល់ទេថាហេតុអ្វីកន្លែងលក់នំបញ្ចុកស្រុសទឹកកាពិមួយនេះមានភ្ញៀវចេញចូលហូរហែបែបនេះ៕
ដោយសារតែចង់ឃើញអាហារអត្តសញ្ញាណជាតិដែលប្រជាជនខ្មែរស្ទើរតែគ្រប់រូប តែងតែនឹកនារាល់ពេលចាកឆ្ងាយពីប្រទេសកំណើតនោះប្ដីប្រពន្ធខ្មែរនៅកូរ៉េខាងត្បូងបានសាកល្បងច្នៃនំបញ្ចុកក្រៀមច្រកកំប៉ុងដោយជោគជ័យហើយលក់ចែកចាយទៅកាន់ច្រើនប្រទេស។
ខុសប្លែកពីអ្នករស់នៅប្រទេសកម្ពុជាដែលងាយស្វែងរកនំបញ្ចុកអន្លក់ស្រស់ៗស្រូបទឹកសម្លក្ដៅ នៅក្នុងផ្សារ តូបនិងរទេះតាមផ្លូវនោះ ប្រជាជនខ្មែរដែលរស់នៅបរទេសត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រស្វែងរកហាងម្ហូបខ្មែរ។ បើពុំដូច្នោះទេ ពួកគាត់ត្រូវស្វែងរកទិញគ្រឿងផ្សំចឹបចុបជាច្រើនមុខនិងចំណាយពេលយូរទំរាំចម្អិនបាននំបញ្ចុកបែបខ្មែរទទួលទាន។
សម្រាប់អ្នកមិនសូវមានពេលទំនេរក្នុងការធ្វើម្ហូបអាហារប្រចាំថ្ងៃលោក ព្រីង ឆេង និង លោកស្រី ឌក គឹមស្រៀង ជាអ្នកខេត្តកំពង់ចាមរស់នៅប្រទេសកូរ៉េខាងត្បូងមានគំនិតច្នៃនំបញ្ចុកខ្មែរទៅជានំបញ្ចុកក្រៀមច្រកក្នុងកំប៉ុង ដែលអាចឆុងទទួលទានបានគ្រប់ពេលវេលាដូចមីកំប៉ុងដែរ។
លោកបានប្រាប់សារព័ត៌មានSR News ពីដើមចមនៃការធ្វើនំបញ្ចុកកំប៉ុងយ៉ាងដូច្នេះថា៖«ដោយសារចង់ឃើញនំបញ្ចុកខ្មែរប្រែក្លាយដូចជាមីកំប៉ុង ចង់ញ៉ាំពេលណា នៅទីណាក៏បាន ពិសេសទុកបានយូរ និង ជាអត្តញាណខ្មែរ»។
លោកបានបន្ថែមទៀតថាការធ្វើនំបញ្ចុកក្រៀម ទឹកសម្លរ និងល្បោយត្រូវបានឆ្លងកាត់ដំណាក់ កាលច្រើននិងចំណាយពេលក៏ច្រើន។
លោក ព្រីង ឆេង បានរៀបរាប់ថា៖«ដោយសារយើងពីរនាក់ប្ដីប្រពន្ធ ជាអ្នកចាប់ផ្តើមមុនគេដូច្នេះយើងត្រូវគិតច្រើន ដូចជាការស្រាវជ្រាវ លើបច្ចេកទេស និងសម្ភារៈជាដើម។និយាយឱ្យខ្លីគឺគិតគ្រប់យ៉ាង ដើម្បីឱ្យចេញជាផលិតផលសម្រេចប្រកបដោយគុណភាពសុវត្ថិភាព អនាម័យ ព្រមទាំងរសជាតិផងដែរ»។
ថ្វីត្បិតតែដំណាក់កាលផលិតនិងស្រាវជ្រាវមានភាពលំបាក តែគ្រឿងផ្សំនិងរូបមន្តធ្វើមិនសូវខុសគ្នានឹងនំបញ្ចុកខ្មែរទូទៅនោះទេ។
លោកបានបញ្ជាក់យ៉ាងដូចច្នេះថា៖«ចំពោះសសៃនំគឺធ្វើពីម្សៅអង្ករម្សៅដំឡូង និងស្រូវសាឡី និងធាតុផ្សំមួយចំនួនទៀត។ រីឯទឹកសម្លរគឺដូចទឹកសម្លរយើងធ្វើដែរទេ គ្រាន់តែយើង បន្ថែមដំឡូងជ្វានិងដំឡូងបារាំង»។
នំបញ្ចុកក្រៀមកំប៉ុងនេះមាន៣ រសជាតិគឺ សម្លប្រហើរ ណាំយ៉ា និងការី ដែលអាចរក្សាទុកបានរហូតដល់កន្លះឆ្នាំ។
ចំពោះកំប៉ុងនំបញ្ចុកក្រៀមវិញត្រូវបានរចនាដោយមានរូបប្រាសាទអង្ករវត្ត ប្រាសាទព្រះវិហាររូបព្រះបាទជ័យវរ្ម័នទី៧ ជាមួយការរំលេចរូបភាពបញ្ជាក់ថាជាផលិតផលខ្មែរ។
លោក ព្រីង ឆេង និងភរិយាអាចឆ្លៀតនំបញ្ចុកកំប៉ុងនេះ តែកំឡុងពេលចុងសប្តាហ៍ប៉ុណ្ណោះ។ការផលិតក៏អាស្រ័យទៅតាមចំនួនកម្មង់តិច ឬច្រើនពីសំណាក់ភ្ញៀវ។
នំបញ្ចុក ១កេសតូចមាន ៦កំប៉ុង តម្លៃ ១៧០០០ វ៉ុនប្រហែល ១៣ ដុល្លារ។ តម្លៃលក់នំបញ្ចុកំប៉ុងអាចខុសគ្នាតិចតួចនៅប្រទេសកម្ពុជានិងបណ្ដាប្រទេសដទៃទៀត។
ទន្ទឹមនឹងមានការគាំទ្រនេះដែរលោក ព្រីង ឆេង ក៏ទទួលស្គាល់ពីតម្លៃខ្ពស់ក្នុងការផលិតវេចខ្ចប់ផងដែរ។
លោកបានឱ្យដឹងថា៖ «យើងក៏នៅជួបបញ្ហាដែរដោយសារតែការទិញទៅបរិភោគនៅមានកម្រិត ដោយសារមានតម្លៃថ្លៃទាំងតម្លៃថ្លៃដើមក្នុងការផលិត និងការដឹកជញ្ជូនឆ្លងប្រទេស»។
លោកបានបញ្ជាក់ប្រាប់ថា៖«យើងក៏កំពុងស្វែងរកវិធីសាស្ត្រកាត់បន្ថយចំណាយលើការផលិត ដើម្បីឱ្យតម្លៃនំបញ្ចុកនៅទាបសមរម្យអាចលក់លើទីផ្សារស្រុកខ្មែរបានទូទៅ»។
សព្វថ្ងៃនេះនំបញ្ចុកខ្មែរច្រកក្នុងកំប៉ុងមានលក់នៅខ្មែរកូរ៉េ ជប៉ុន និងកាណាដា។ អតិថិជនដែលជាវយកទៅបរិភោគ ពួកគាត់ភាគច្រើនសសើរថា ឆ្ងាញ់ដូចរសជាតិដើម។
នៅថ្ងៃអនាគតលោករំពឹងថានឹងអាចចែកចាយរសជាតិនំបញ្ចុកកំប៉ុងបែបខ្មែរនេះទៅគ្រប់ទីកន្លែង។
ដោយទទួលបានជោជ័យក្នុងការផលិតនំបញ្ចុកក្រៀមកំប៉ុងនេះលោក ព្រីង ឆេង ក៏បានបង្ហើបប្រាប់ដែរថា៖ «យើងក៏កំពុងសាកល្បងផលិតអាហារកំប៉ុងខ្មែរយើងមានដូចជា សម្លរ បង្អែម និងនំខ្មែរយើងផងដែរ»។
សិប្បកម្មរបស់លោកព្រីង ឆេង និង លោកស្រី ឌក គឹមស្រៀង ស្ថិតនៅប្រទេសកូរ៉េខាងត្បូង។ព័ត៌មានបន្ថែមអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក ChhengPring៕
ភ្នំពេញ: ធ្លាប់តែឃើញនំបញ្ចុកផលិតចេញពីម្សៅអង្ករដែលមានពណ៌ស តែនេះជានំបញ្ចុកផលិត ចេញពីដំឡូងជ្វាពណ៌ស្វាយ ដែលកំពុងទទួលបានការគ្រាំទ្រខ្លាំងពីអតិថិជនដោយសារតែពណ៌ស្អាតប្លែកនិងឱជារសឆ្ងាញ់មួយបែប។
នំបញ្ចុក គឺជាអាហារមួយប្រភេទ ដែលមានការពេញនិយមពីគ្រប់ស្រទាប់វណ្ណ:មិនការបរិភោគប្រចាំថ្ងៃ ឬជាអាហារទទួលភ្ញៀវក្នុងកម្មវិធីជួបជុំ និងបុណ្យផ្សេងៗ។
អាហារនេះមានឈ្មោះដើមថា «នំបុកប៉ែន» និងត្រូវបានកត់ត្រាក្នុងសតវត្សរ៍ទី១៣ ឆ្នាំ ១២៧០។ នំបញ្ចុកត្រូវបានចម្អិនដោយយកម្សៅទៅស្ងោរ រួចហើយស្រង់យកទៅបុកលាយទឹកមុននឹងទៅចាក់ក្នុងប៉ែនដែលត្រូវបានសង្កត់ឱ្យចេញជាសរសៃៗរោយទម្លាក់ទៅក្នុងទឹកក្ដៅពុះហើយស្រង់ដាក់ក្នុងកញ្ជ្រែងដោយរៀបជាចង្វាយៗ។
រីឯនំបញ្ចុកដំឡូងជ្វាពណ៌ស្វាយមានដំណាក់កាលផលិតមិនសូវខុសគ្នាពីរូបមន្តពីបរមបុរាណនោះទេដោយគ្រាន់តែបន្ថែមគ្រឿងផ្សំ ភាពច្នៃប្រឌិត និងជំនួយពីម៉ាស៊ីនទៅតាមសម័យកាល។
អ្នកស្រី វីវី ដូ បានរៀបរាប់ថា៖ «ដំណាក់កាលផលិតដំបូង យើងត្រូវយកដំឡូងជ្វាមកចិតសម្បក ចេញ និងលាងទឹកឲ្យស្អាតទើបចិតវាជាចំណិតៗ រួចយកទៅចំហុយឲ្យបានឆ្អិនល្អ ហើយច្របាច់ ឲ្យចូលគ្នាទើបដាក់ម្សៅអង្ករចូលទៅតាមបរិមាណដែលសមល្មមរួចច្របាច់បញ្ចូលគ្នាម្ដងទៀត ដោយដៃ រួចដាក់ទៅក្នុងម៉ាស៊ីនដើម្បីសង្កត់ចេញជាសសៃនំបញ្ចុក»។
សិប្បកម្មនេះបានផ្ដួចផ្ដើមបង្កើតការផលិតនំបញ្ចុកដំឡូងជ្វាពណ៌ស្វាយនៅក្នុងឆ្នាំ២០២២ដោយឈរលើគោលការណ៍សុខភាព និងអនាម័យ។
អាជីវករលក់នំបញ្ចុករូបនេះបានប្រាប់ SRNews ថា៖ «បានជានាងខ្ញុំបង្កើតនំបញ្ចុកដំឡូងជ្វាពណ៌ ស្វាយនេះឡើង ព្រោះចង់ឲ្យអតិថិជនរបស់នាងខ្ញុំមានសុខភាពល្អញ៉ាំអាហារដែលមានអនាម័យ ល្អ និងធ្វើមកពីធម្មជាតិពិតៗ ១០០%ណាមួយវាប្លែកទៀតផង ដែលយើងអាចច្នៃនំបញ្ចុកចេញពីដំឡូងជ្វា»។
ការធ្វើនំបញ្ចុកដំឡូងជ្វាពណ៌ស្វាយ ពិបាកត្រង់ការចំណាយពេលវេលាយូរនិងកម្លាំងមនុស្សច្រើនក្នុងការចិតសម្បកដំឡូង កាត់ផ្នែកមិនល្អចេញ និងលាងទឹកសម្អាតឱ្យដិតដល់ដើម្បីធានាបាននូវគុណភាព និងរសជាតិ។
អ្នកស្រី វីវី ដូ បាននិយាយថា៖ «ដោយសារតែសិប្បកម្មយើងខ្ញុំគិតពីបញ្ហាសុខភាពនិងអនាម័យជាចំបងនោះ ទើបធ្វើឲ្យអតិថិជនដែលទិញយកទៅទទួលទានរួចហើយ ពួកគាត់មានការគាំទ្រខ្លាំង»។
នំបញ្ចុកដំឡូងជ្វាពណ៌ស្វាយនេះមានលក់ក្នុងតម្លៃ១គីឡូក្រាម ២៤០០០រៀល។
ស្ត្រីវ័យ៤៣រូបនេះបានបញ្ជាក់ថា៖ «ដំឡូងជ្វាពណ៌ស្វាយយើងបានប្រមូលទិញពីបងប្អូន ប្រជាកសិករអ្នកដាំយកមកលក់នៅភ្នំពេញ និងបណ្ដាលខេត្តចំពោះតម្លៃវិញគឺប្រែប្រួល ទៅតាមរដូវការនៃការដាំដុះ និងតាមទីផ្សារជាក់ស្តែង»។
សម្រាប់នំបញ្ចុកដំឡូងជ្វាពណ៌ស្វាយមានលក់តែនៅក្នុងហាង An Tian Taiwan Healthy Dessert ដែលស្ថិតនៅផ្លូវ ១៥៥ ផ្សាម្ដុំទួលទំពូង។ អតិថិជនក៏អាចទិញតាមប្រព័ន្ធអនឡាញជាមួយការដឹកជញ្ជូនទៅដល់គេហដ្ឋានទាំងក្នុងរាជធានីភ្នំពេញ ឬផ្ញើទៅតាមខេត្ត។
នៅពេលអនាគត អ្នកស្រី វីវី ដូ និយាយថា៖ «នាងខ្ញុំក៏មានគម្រោងចង់ផលិតមុខម្ហូបថ្មីៗជាច្រើនក៏ដូចជានំ និងបង្អែមសុខភាព សម្រាប់អតិថជនជាទីស្រឡាញ់របស់ហាងផងដែរ»។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ភូមិយើង https://feji.us/hl6odh ឬលេខទូរសព្ទ៖០៦១ ៨០៦ ៨៨៨៕
សៀមរាប៖ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(ន.ទ.ទ.ក) ដែលលាតសន្ធឹងលើផ្ទៃដី ៣,៨ លានហិកតា ត្រូវបានគេរំពឹងថានឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋសហគមន៍ប្រមាណជា ៥០,០០០នាក់តាមរយៈឱកាសអភិវឌ្ឍទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាព។
លោកឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មាន SR ឱ្យដឹងថា៖ «នៅក្នុងតំបន់គោលដៅរបស់យើង គឺអ្នកទទួលផលប្រមាណជា ២៥,០០០គ្រួសារ អ៊ឹចឹងប្រហែលជា ៥ម៉ឺននាក់»។
លោកបានបង្ហាញក្ដីសង្ឃឹមថា៖«ក្រោយពេលអនុវត្តគម្រោង ប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍ធនធានធម្មជាតិមានជីវភាពល្អប្រសើរជាងមុន តាមរយៈការគាំទ្រពីគម្រោងជាពិសេសយើងបង្កើតគោលដៅអេកូទេសចរណ៍»។
គម្រោងនេះស្ថិតក្នុងតំបន់ការពារធម្មជាតិចំនួន ១៤និងខេត្តគោលដៅចំនួន ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។
តំបន់ការពារធនធានធម្មជាតិត្រូវបានក្រសួងបរិស្ថាន រួមជាមួយដៃគូអភិវឌ្ឍបានចូលរួមការរៀបចំហេដ្ឋារចនាសម្ព័ន្ធពង្រឹងសមត្ថភាពនៅក្នុងបែងចែកកំណត់តំបន់គ្រប់គ្រង ការចុះបញ្ជីដីធ្លី ដោយគាំទ្រដល់សហគមន៍ចំនួន ១១ ក្នុងវិស័យអេកូទេសចរណ៍។
ចំពោះការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងរៀបចំថ្លៃសម្រាប់កសាងផ្លូវថ្មើរជើង ការរៀបចំប្រព័ន្ធទឹកស្អាតនិងបង្គន់អនាម័យជាដើម។
ក្នុងចំណោមទីតាំងនៅខេត្តគោលដៅទាំង ៧ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាបានបង្កើតឱ្យមានតំបន់គោលដៅអេកូទេសចរណ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ដែលជាទីតាំងមួយទទួលបានការយកចិត្តដាក់ខ្ពស់។
នៅទីនោះសក្តានុពលពីតំបន់ប្រវត្តិសាស្ត្រក៏ដូចជាអេកូទេសចរណ៍ធម្មជាតិនេះបានធ្វើឱ្យប្រជាសហគមន៍ជាច្រើននៅលើខ្នងភ្នំគូលែន ដែលធ្លាប់តែពឹងពាក់លើធនធានធម្មជាតិដូចជាកាប់ព្រៃឈើនិងបរបាញ់សត្វនោះ បានងាកមកថែរក្សានិងទាញប្រយោជន៍ពីធនធានធម្មជាតិទាំងនេះវិញ។
លោកឃិន ម៉េងឃាង ប្រធានគម្រោងបានបញ្ជាក់បន្ថែមថា៖ «បច្ចុប្បន្នឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ខណៈមានសហគមន៍ធម្មជាតិចំនួន ២ គឺ «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ»ស្ថិតក្នុងភូមិអន្លង់ធំ «សហគមន៍ព្រៃធំពពេល»។ សហគមន៍ទាំងពីរនេះទទួលបានអនុវត្តគម្រោងគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយទទួលបានប្រយោជន៍ដោយផ្ទាល់»។
លោកសង្ឃឹមថាការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសមត្ថភាពសហគមន៍ការភ្ជាប់ទំនាក់ទំនងជាមួយវិស័យទេសចរណ៍ ជាពិសេសអ្នកអភិវឌ្ឍគម្រោងទេសចរក៏ដូចជា Tour Operator នឹងអាចនាំភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកាន់តែច្រើនកុះករទៅកម្សាន្តតំបន់គោលដៅពិសេសតំបន់ភ្នំគូលែននេះតែម្ដង។
នាពេលបច្ចុប្បន្នគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បាននិងកំពុងរៀបចំគាំទ្រខ្សែផ្លូវសម្រាប់ថ្មើរជើង និងសម្រាប់ម៉ូតូភ្ជាប់ពីទីតាំងមួយទៅទីតាំងមួយ។
លោកឃិន ម៉េងឃាង បានលើកឡើងបន្តថា៖ «ខ្សែផ្លូវថ្មើរជើងក្នុងព្រៃនេះទៀតសោតមាន២ខ្សែសំខាន់ៗគឺខ្សែទី១ ជាខ្សែដែលយើងធ្វើដំណើរឆ្លងកាត់ ឬទៅទស្សនាតំបន់ធម្មជាតិ។អ៊ីចឹងពេលដែលយើងធ្វើដំណើរទៅយើងឃើញព្រៃឈើ សត្វព្រៃ ទឹកធ្លាក់ឬទេសភាពស្អាតក្នុងតំបន់នោះដែលមានប្រវែងជិត៥គីឡូម៉ែត្រ។ ហើយខ្សែទី២ជាផ្លូវម៉ូតូ ដែលយើងភ្ជាប់ពីសហគមន៍អន្លង់ធំទៅចម្ងាយប្រហែលជា ៣០គីឡូម៉ែត្រ»។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន កាលពីចុងសប្ដាហ៍ ដែលមានការអញ្ជើញចូលរួមពីសំណាក់វិស័យឯកជននិងភ្នាក់ងារទេសចរ ព័ត៌មានអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសារមួយដ៏សំខាន់សម្រាប់សម្រាប់ភ្ញៀវទេសចរដែលប្រាថ្នាមកកម្សាន្តនៅភ្នំគូលែន។
លោកឡុង ឡេង មកពីវិស័យឯកជនផ្នែកនាំភ្ញៀវទេសចរ ដែលមកបានទស្សនកិច្ចនៅទីតាំងគម្រោងផ្ទាល់បានលើកទឹកចិត្តដល់អ្នកទេសចរក្នុងស្រុកឱ្យដើរលេងកម្សាន្តនៅតាមគោលដៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាពិសេសពង្រឹងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍មូលដ្ឋានឱ្យកាន់តែមានជីវភាពល្អប្រសើរ។
លោកឡេង បានបន្តថា៖«តាមរយៈដំណើរទស្សនកិច្ចនេះ និងជួយផ្សព្វផ្សាយបន្ថែមទៅដល់ប្រតិបត្តករទេសចរក្នុងការជំរុញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិឱ្យមកទស្សនាតំបន់ភ្នំគូលែន។យើងក៏មានការលើកទឹកចិត្តទេសចរក្នុងស្រុកយើងមកទស្សនាឱ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពរបស់សហគមន៍»។
គម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា ក៏បានជួយឱ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយៈការចិញ្វឹមមាន់ឃ្មុំព្រៃ និងសត្វជ្រូកកណ្តុរដ៏កំពុងពេញនិយមផងដែរ ។
តាមការបញ្ជាក់ពីពលរដ្ឋក្នុងសហគមន៍ពួកគាត់បានងាកមកចាប់អារម្មណ៍លើវិស័យទេសចរណ៍ និងបានរួមគ្នាអភិរក្សតំបន់ប្រាសាទធនធានធម្មជាតិ និងសត្វព្រៃ។
ពួកគាត់បានអាស្រ័យផលតាមរយៈការការចិញ្ចឹសត្វមាន់ទា ជ្រូក និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរផងដែរ៕
ការសម្រកទម្ងន់ដែលមានសុវត្ថិភាពទាមទារពេលវេលា និងការទទួលខុសត្រូវខ្ពស់។ ការសម្រកទម្ងន់ដែលមានសុវត្តិភាព និងប្រសិទ្ធភាពចំពោះសុខភាព ត្រូវអនុវត្តតាមវិធីសាស្ត្រដ៏មានតុល្យភាពមួយ ដែលពាក់ព័ន្ធទៅនឹងការកែសម្រួលរបបអាហារបន្តិចម្តងៗផ្សំជាមួយសកម្មភាពរាងកាយជាប់លាប់ជាពិសេសការផ្លាស់ប្តូររបៀបរបបរស់នៅតែម្តង។
ថ្ងៃនេះ SR News និងលើកយកចំណុចសំខាន់ៗមួយចំនួនដែលវិទ្យាស្ថានស្រាវជ្រាវសុខភាពល្បីៗដូចជាCDC និង Mayo Clinic បានណែនាំសម្រាប់អ្នកដែលចង់សម្រកទម្ងន់ប្រកបដោយសុវត្តិភាព។
ចំណុចសំខាន់ៗសម្រាប់ការសម្រកគីឡូដែលមានសុវត្ថិភាពរួមមាន៖
១. ក្នុងមួយសប្តាហ៍សម្រកគីឡូត្រឹមតែ (០.៥ - ១ គីឡូក្រាម)
ក្នុងមួយសប្តាហ៍សម្រកគីឡូប្រហែល០.៥ - ១ គីឡូក្រាម គឺមានសុវត្ថិភាពស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ វាក៏ជាកម្រិតដែលផ្តល់លទ្ធផលល្អ និងសុវត្តិភាពយូរអង្វែង ជាងការបន្ថយទម្ងន់បែបស្រកលឿនក្នុងរយៈពេលដ៏ខ្លី។
២. បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់
ព្យាយាមបរិភោគចំណីអាហារដែលមានសារធាតុចិញ្ចឹមគ្រាប់គ្រាន់និងផ្តល់ថាមពលល្អសម្រាប់រាងកាយ។ ចំណីអាហារពិសេសៗទាំងអស់នោះមានដូចជាបន្លែ ផ្លែឈើ ត្រី សាច់ និងប្រភេទអាហារដែលមានសារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់។
៣. ផឹកទឹកឲ្យបានច្រើន
ការផឹកទឹកច្រើនអាចជួយឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែតហើយកាត់បន្ថយចំណង់ទទួលទានអាហារ។ លើសពីនេះទឹកក៏ជួយបង្កើនមុខងារប្រព័ន្ធរំលាយអាហារឱ្យកាន់តែប្រសើរផងដែរ។
៤. ការធ្វើលំហាត់ប្រាណទៀងទាត់
ការធ្វើលំហាត់ប្រាណទៀងទាត់ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយឱ្យអារម្មណ៍យើងចេះអត់ធ្មត់ច្រើនជាងមុន។ជាពិសេសលំហាត់ប្រាណថែមទាំងជួយបង្កើនកម្លាំងនិងសុខភាពឲ្យបានល្អប្រសើរ សម្រាប់ប្រព័ន្ធបេះដូង និងសសៃឈាមទៀតផង។
៥.គេងឱ្យបានគ្រប់គ្រាន់
ការគេងប្រហែល៧ ទៅ ៨ ម៉ោងក្នុងមួយយប់អាចជួយឱ្យយើងគ្រប់គ្រងអារម្មណ៍បានល្អ មានការចងចាំ កាត់បន្ថយភាពតានតឹង និងការបាក់ទឹកចិត្ត។ ការគេងគ្រប់គ្រាន់ក៏កាត់បន្ថយការឆាប់ឃ្លាន និងជួយសម្រួលដល់សុខភាពបានយ៉ាងល្អ។
៦. កាត់បន្ថយអាហារផ្អែម និងអាហារប្រើប្រាស់ខ្លាញ់ច្រើន
ការបរិភោគអាហារដែលផ្ទុកកាឡូរីច្រើនជាងតម្រូវការប្រចាំថ្ងៃអាចបង្កឲ្យឡើងទម្ងន់យ៉ាងឆាប់រហ័សឡើងវិញ។ ដូច្នេះការផ្លាស់ប្តូររបបអាហារទទួលទានមកជាប្រភេទអាហារបែបបន្លែ ផ្លែឈើ និងក្រុមអាហារសម្បូរជីវជាតិ អាចធ្វើឱ្យប្រព័ន្ធរាងកាយកាន់តែរឹងមាំនិងមិនងាយឡើងទម្ងន់។
ការអនុវត្តន៏តាមវិធីសាស្ត្រខាងលើជាជម្រើសប្រសើរជាងការសម្រកទម្ងន់ដោយបង្អត់អាហារខុសបច្ចេកទេសដែលនាំឱ្យប៉ះពាល់ដល់សុខភាព។ ការសម្រកទម្ងន់សន្សឹមៗដោយជ្រើសរើសប្រភេទអាហារ ធ្វើលំហាត់ប្រាណ ទទួលទានដំណេកគ្រប់គ្រាន់ គឺជាវិធីសម្រកដ៏ត្រឹមត្រូវចំពោះសុខភាពរាងកាយ៕
ក្រសួងបរិស្ថាននាំវិស័យឯកជនទៅទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដមភ្នំគូលែន
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
សៀមរាប៖ ក្រុមការងារអនុវត្តរបស់គម្រោង«និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» បានរៀបចំទស្សនកិច្ចសម្រាប់វិស័យឯកជនទៅកាន់គោលដៅលម្ហែបៃតងនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន»ជាទីដែលក្រសួងបរិស្ថានបានរៀបចំជាសហគមន៍ ដើម្បីគោលដៅនិរន្តរភាពនិងការអភិរក្សធម្មជាតិក្នុងតំបន់អេកូទេសចរណ៍ប្រវត្តិសាស្ត្រ។
យោងតាមលោក ឃិន ម៉េងឃាងប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន គម្រោង«និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលហៅកាត់ថា CSLEP បានធ្វើដំណើរទស្សនកិច្ចពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ដោយទទួលបានការគាំទ្រពីធនាគារពិភពលោក។
លោកបានប្រាប់សារព័ត៌មាន SR ឱ្យដឹងថា៖ «យើងបានអញ្ជើញតំណាងក្រសួងស្ថានប័នពាក់ព័ន្ធវិស័យឯកជនជាច្រើន ដែលគាត់ធ្វើធុរកិច្ចទេសចរណ៍ដើម្បីស្វែងយល់តំបន់ទាក់ទាញទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម«ភ្នំគូលែន» ជាពិសេសតំបន់ប្រវត្តិសាស្ត្រតំបន់បុរាណស្ថាន ហើយនឹងតំបន់ព្រៃឈើធម្មជាតិ ទឹកធ្លាក់ សត្វព្រៃជាដើម»។
គម្រោងនេះមានគោលបំណងសិក្សាស្វែងយល់អំពីទីតាំងសក្តានុពល និងឱកាសក្នុងការអភិវឌ្ឍគម្រោងទេសចរណ៍ធម្មជាតិភ្ជាប់បណ្តាញទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍មូលដ្ឋានតាមរយៈការគាំទ្រគោលនយោបាយអនុវត្តគម្រោងទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិនិងចែករំលែកចំណេះដឹង និងផ្សព្វផ្សាយគោលដៅលម្ហែបៃតងក្នុងតំបន់ការពារធម្មជាតិ។
ការរៀបចំគោលដៅលម្ហែបៃតងសំដៅលើតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិដែលត្រូវបានសិក្សា ដោយរក្សាបាននូវគោលការណ៍ចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតងនិងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សានិងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។នេះបើយោងតាមលោក ឃិន ម៉េងឃាង។
នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិដែលមានភាពទាក់ទាញទេសចរមកកម្សាន្ត សរុបចំនួន ៨៥ កន្លែង ព្រមទាំងមានប្រជាពលរដ្ឋរស់សរុបចំនួន១,២៤៦គ្រួសារ ប្រជាជនសរុបចំនួន ៥,០៣៦នាក់ក្នុងនោះស្ត្រី ២,៤៤៦នាក់ ស្ថិតក្នុងឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប មានប្រជាពលរដ្ឋ។
ជាមួយគ្នានោះនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥រួមមាន៖ ១. សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ២.សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ៣.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ៤.សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និង៥.សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ»។
លោក ឃិន ម៉េងឃាង បានឱ្យដឹងបន្ថែមទៀតថា៖«មកទល់បច្ចុប្បន្ននេះកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន ៧៣ តំបន់ទាំងនេះមានផ្ទៃដីសរុបប្រមាណជា ៧,២ លានហិកតាស្មើនឹង ៤១%នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ ផ្ទៃដីដ៏ធំធេងនេះតម្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រងនិងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គមប្រកបដោយស្មារតីទទួលខុសត្រូវ និងធានាឱ្យមាននិរន្តរភាព»។
តំបន់ការពារធម្មជាតិទាំងអស់នេះមានសក្ដានុពលយ៉ាងធំធេងសម្រាប់លើកកម្ពស់ និងជំរុញ វិស័យ ទេសចរណ៍ជាពិសេសអេកូទេសចរណ៍ ដែលក្នុងនោះមាន៖ ទេសភាពធម្មជាតិស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធ ជីវៈចម្រុះ សត្វស្លាប ទឹកធ្លាក់ ឆ្នេរ ព្រៃឈើ សត្វព្រៃនិងកោះស្រស់ស្អាត តំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យទៅកម្សាន្ត។
គួរបញ្ជាក់ដែរថា ដើម្បីពង្រឹងនិងជួយសម្រួលដល់ការចូលរួមពីសំណាក់វិស័យឯកជនក្នុងការវិនិយោគអភិវឌ្ឍតំបន់អេកូទេសចរណ៍ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ។ សៀវភៅគោលការណ៍ណែនាំនេះក៏បានចែកជូនដល់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីនេះផងដែរ។
CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកលនិងរាជរដ្ឋាភិបាលកម្ពុជា។គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិនិងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញនិងបឹងទន្លេសាប ដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន៧រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕
បទល្បីរបស់ Rosé ពីក្រុម Blackpink ចំណងជើងថា “APT.” ដែលចាប់ដៃគូច្រៀងជាមួយតារាចម្រៀង Bruno Mars អាចនឹងបង្ហាញពីទិសដៅថ្មីសម្រាប់ការវាយលុយទីផ្សារសកលពីវិស័យ K-pop ខណៈបទនេះកំពុងឈរលើចំណុចកំពូលនៃតារាងបទចម្រៀងទូទាំងពិភពលោក។
អ្នកជំនាញខាងតន្ត្រីបានចាត់ទុកបទចម្រៀងនេះថាជាស្នាដៃនិពន្ធបង្កប់ស្នៀតខ្លាំង ដែលទាក់ទាញអ្នកស្តាប់គ្រប់វ័យតែម្ដង។
យោងតាម The Black Label ដែលជាទីភ្នាក់ងាររបស់ Rosé បទ “APT.” ជាប់ចំណាត់ថ្នាក់លេខមួយដោយមានចំនួនស្ដាប់ជាង ១០០លាន លើ Spotify ក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចេញផ្សាយរបស់វា។
នេះជាសមិទ្ធផលដ៏លឿនបំផុតសម្រាប់តារាចម្រៀងទោល K-pop ផ្នែកនារីនិងលឿនបំផុតទីពីរសម្រាប់តារា K-pop បន្ទាប់ពីតារាប្រុស Jungkook សមាជិកក្រុម BTS។
Rosé ចែករំលែកថា បទចម្រៀងនេះត្រូវបានបំផុសគំនិតដោយ «ហ្គេមអាផាតមេន»ដ៏ពេញនិយមរបស់ប្រទេសកូរ៉េ។
តារាចម្រៀងកូរ៉េខាងត្បូងធំធាត់នៅអូស្ត្រាលីរូបនេះបាននិយាយថា៖«វាជាហ្គេមដែលខ្ញុំចូលចិត្តបំផុត- សាមញ្ញ សប្បាយ និងល្អឥតខ្ចោះក្នុងការដាស់អារម្មណ៍។ ខ្ញុំបានចាប់ផ្តើមធ្វើតន្ត្រីអំពីហ្គេមនេះបន្ទាប់ពីបង្រៀនក្រុមស្ទូឌីយោពីរបៀបលេងវា ហើយក្រោយមក Bruno Mars បានចូលរួមបញ្ចប់បទចម្រៀងនេះ»។
វីដេអូចម្រៀងសម្រាប់បទ “APT.” ដែលបង្ហាញពី Mars ជាមួយ Rosé បានទាក់ទាញការមើល២៥លានដងក្នុងរយៈពេល ២៤ ម៉ោង និងឈានដល់ចំនួនទស្សនា ១០០លាន នៅលើ YouTube ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ។
វីដេអូនេះបានហក់ឡើងដល់លេខ ១ យ៉ាងឆាប់រហ័សក្នុងប្រភេទវីដេអូកំពុងពេញនិយមរបស់កូរ៉េខាងត្បូងនិងតារាងតន្ត្រីពេញនិយមរបស់ YouTube របស់សហរដ្ឋអាមេរិកដែលបញ្ជាក់ពីឥទ្ធិពលសកលរបស់ Rosé។ “APT” ទទួលបានអ្នកទស្សនាជាង ១៦០ លានដងគិតត្រឹមថ្ងៃអាទិត្យ។
អ្នកឃ្លាំមើលតន្ត្រី Lim Hee-yun បាននិយាយកាលពីថ្ងៃអាទិត្យថា៖«បទចម្រៀងនេះមានអារម្មណ៍ទាក់ទាញមិនគួរឱ្យជឿ។ និយាយទៅ វាហាក់ដូចជាត្រូវបានបង្កើតឡើងដើម្បីតែល្បីភ្លាមៗតែម្ដង។ពាក្យ 'a-par-teu' ស្ដាប់ទៅទាក់ចិត្តថ្ពក់អារម្មណ៍ និងងំជាប់ត្រចៀក។ បទភ្លេងបែបសាមញ្ញដូចគេដូចឯង តែវាជាការទាក់ទាញយ៉ាងទូលំទូលាយទៅវិញ»។
អ្នករិះគន់តន្ត្រី Cha Woo-jin បានបន្ទរពីអារម្មណ៍នេះដោយពណ៌នាអំពីបទ“APT” ថាវាមានថាមពលស្រូបទាញទោះជាការច្រៀងបែបច្រំដែល តែវាធ្វើឱ្យអ្នកស្ដាប់ចងចាំហើយចង់ចាក់ស្ដាប់ម្ដងហើយម្ដងទៀត។
លោក Chaបាននិយាយកាលពីថ្ងៃអាទិត្យថា៖«ប៉ារ៉ូចម្រៀងនិយាយត្រង់ហើយឆក់យកអារម្មណ៍អ្នកស្ដាប់ភ្លាមៗជាមួយសំឡេងបន្ទរ 'a-par-teu,a-par-teu' ចូលពេញត្រចៀក»។
លោកបានព្យាករណ៍ថា បទ “APT.” អាចសម្រេចបានគោលដៅខ្ពស់មួយកម្រិតទៀតក្នុងប្រវត្តិសាស្ត្រK-pop ទោះបីជាវាស្ថិតក្នុងកម្រិតមួយខុសពីបទ "Gangnam Style" របស់ Psy ក៏ដោយ។
លោកបានបន្តថា៖ «ក្មេងៗស្ទើរតែគ្រប់គ្នាកំពុងតែច្រៀងតាមវា ដែលជារឿងដ៏អស្ចារ្យមួយព្រោះវាទាក់ចិត្តមនុស្សគ្រប់វ័យ»។
Atlantic Records ដែលជាទីភ្នាក់ងារសហរដ្ឋអាមេរិករបស់ Rosé បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក Bruno Mars មកសហការជាមួយ Rosé។
ក្រោពីជាប់លើតារាកំពូលជាច្រើននៅប្រទេសកូរ៉េខាងត្បូងបទ "APT." ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាងកំពូល ៥០ របស់ Spotify សហរដ្ឋអាមេរិកនិងបាននាំមុខតារាង iTunes នៅក្នុងតំបន់ជាង៤០។ នៅក្នុងប្រទេសចិន បទនេះបានឈរនៅកំពូលតារាងរបស់ QQ Music។
ជាមួយនឹងបទចម្រៀងចុងក្រោយរបស់នាង Rosé ក៏បានក្លាយជាសិល្បករទោលស្រី K-pop ដំបូងគេដែលឈរនៅលើតារាងបទចម្រៀងកំពូលរបស់ Spotify របស់សហរដ្ឋអាមេរិក និងសកលលោក ដែលជាទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងអាជីពចម្រៀងរបស់នាង។
អាល់ប៊ុមពេញ ក្រោមចំណងជើងថា “Rosie” ដែលមាន ១២ បទ របស់នាងត្រៀមនឹងសម្ពោធនៅថ្ងៃទី ៦ខែធ្នូ ដោយរួមបញ្ចូលបទ "APT."នេះផងដែរ។បទចម្រៀងទាំងនោះត្រូវបានតែងនិពន្ធដោយ Rosé បង្កប់ដោយទស្សនៈបុគ្គល និងទេពកោសល្យសិល្បៈដ៏ស៊ីជម្រៅរបស់នាង៕
ប្រភព៖ The Korea Herald/Asia News Network
រឿងខ្មោចហ្ស៊ូមប៊ី «The00:07» ដោយអ្នកនិពន្ធ ម៉ីសន សុធារីត្រូវបានចងក្រងជាប្រភេទរឿងនិទាន podcast អមដោយប្រើបញ្ញាសិប្បនិម្មិត AI ចងក្រងជារូបភាព និងវីដេអូខ្លីៗ។
អ្នកស្រី សុធារី បានផលិតសាច់រឿងនេះក្នុងអនាគតកាលឆ្នាំ ២០២៨ក្នុងវេលាស្ថានភាពកាន់តែអាក្រក់ដែលវីរុសហ្ស៊ូមប៊ីបានឆ្លងតៗគ្នានៅក្នុងមន្ទីរពេទ្យហើយបង្កើតជាចលាចលច្របូកច្របល់ពីគ្រោះអាសន្នដ៏កាចសាហាវ។
អ្នកនិពន្ធរូបនេះបានបង្ហើបឈុតឆាករន្ធត់ខ្លះៗថា៖«ការរត់ប្រដេញដើម្បីរិះរកវិធីចាកចេញពីតំបន់គ្រោះថ្នាក់ដែលកើតឡើងពីបញ្ហា error របស់បច្ចេកវិទ្យាគិលានុបដ្ឋាកនិងគិលានុបដ្ឋយិការ៉ូបូត។ ពួកគេមិនត្រឹមតែមិនអាចបំពេញការងារជាគ្រូពេទ្យបាននោះទេប៉ុន្ដែថែមទាំងចម្លងវីរុសទៅកាន់អ្នកជំងឺដែលសម្រាកក្នុងមន្ទីរពេទ្យថែមទៀត»។
តួអង្គសំខាន់ក្នុងសាច់រឿង «The00:07» គឺកុមារាម្នាក់អាយុ ១២ឆ្នាំ ឈ្មោះ វុទ្ធិដែលជាអ្នកមានជំនាញខាងរ៉ូបូត ដោយកុមារារូបនេះមានមនុស្ស ៣គ្រឿងជាអ្នកការពារក្រុមរបស់ខ្លួនក្នុងការរត់គេចពីហានិភ័យ។
ខុសប្លែកពីការនិទានរឿង podcast ទូទៅ អ្នកនិពន្ធ ម៉ីសន សុធារី បានទាញប្រយោជន៍ពីបច្ចេកវិទ្យា AIក្នុងការបង្កើតរូបភាពឈុតឆាកនានា ដើម្បីបំពេញបន្ថែមចំពោះការផ្សព្វផ្សាយជាប្រភេទមាតិកាសោតទស្សន៍(audiovisual) ដែលចាំបាច់ត្រូវមានសំឡេង និងរូបភាព។
ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI ងាយស្រួលក្នុងការបង្កើតរូបភាពស្មុគស្មាញនិងឈុតឆាកពិបាកៗ ដែលតម្រូវឱ្យចំណាយច្រើនក្នុងការផលិត។
អ្នកនិពន្ធរឿងនិងអ្នកនិទានរឿងសំឡេងពិរោះ អ្នកស្រី សុធារី បានបញ្ជាក់ថា៖«ខ្ញុំចង់ដាក់រូប AI ដោយ AI អាចផលិតនូវទិដ្ឋភាពមួយចំនួន ទោះបីជាវាមិនបានច្រើនភាគច្រើនដូចការរំពឹងទុកវាអាចជួយបង្កើតទិដ្ឋភាពសម្រាប់មើលឃើញស្រួលដោយភ្នែកដែលធ្វើឱ្យស្ដាប់អាចស្រមើលស្រមៃកាន់តែស៊ីជម្រៅបាន»។
ក្រៅពីបានទាញប្រយោជន៍ពីបច្ចេកវិទ្យា AI ក្នុងការបរិយាយរឿង «The00:07» អ្នកនិពន្ធដែលដើរទាន់សម័យកាលរូបនេះ ក៏បានបញ្ចូលទស្សនវិជ្ជាមួយចំនួនតាមរយៈការជ្រើសរើសតួអង្គកុមារាអាយុ១២ឆ្នាំ ជាវ័យកាន់តែដើរតួនាទីសំខាន់ទៅថ្ងៃអនាគតនៃបច្ចេកវិទ្យា។
អ្នកនិពន្ធ ម៉ីសន សុធារី បានបន្ដថា៖ «ទស្សនវិទ្យាមិនរើសអើងវ័យណាមួយទេហើយនៅក្នុងសម័យឌីជីថល យើងត្រូវការក្មេងៗកាន់តែច្រើនពីព្រោះពួកគាត់ជំនាញនៅលើរឿងនេះ»។
ប្រិយមិត្តរង់ចាំតាមដានរឿងខ្មោចហ្ស៊ូមប៊ី«The 00:07» ដោយអ្នកនិពន្ធ ម៉ីសន សុធារី អាចតាមដានលើឆានែលយូធូប អ្នកនិពន្ធ ម៉ីសន សុធារី ៕
ភ្នំពេញៈពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០០៤ដល់ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៤គឺជាគម្រប់ខួប២០ព្រះវស្សានៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា។
នាឱកាសនេះសារព័ត៌មានអេសអ័រ(SRNews) សូមលើកយកជីវប្រវត្តិសង្ខេបនិងការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គដូចតទៅ៖
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនីជាព្រះរាជបុត្រានៃព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុ ព្រះរាជបិតានិង សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុព្រះរាជមាតាជាតិខ្មែរព្រះអង្គទ្រង់ប្រសូតនាថ្ងៃទី១៤ខែឧសភាឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្ដមសីហនុ និងសម្តេចព្រះមហាក្សត្រីនរោត្ដមមុនីនាថ សីហនុ។ព្រះអង្គមានព្រះអនុជមួយព្រះអង្គព្រះនាម នរោត្ដមនរិន្ទ្រពង្ស(សោយទិវង្គតនៅឆ្នាំ២០០៣)។
នៅឆ្នាំ១៩៥៩ដល់១៩៦២ព្រះអង្គទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម,វិទ្យាល័យដេកាត(សាលាបារាំងដ៏ល្បីល្បាញនៅសម័យនោះ)នៅរាជធានីភ្នំពេញ។
នៅឆ្នាំ១៩៦២ដល់ ១៩៦៧ព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រ៉ាក(Prague)ប្រទេសឆេកូស្លូវ៉ាគី។
នៅឆ្នាំ១៩៦៧ដល់ ១៩៧១ស្ថិតនៅក្នុងប្រទេសឆេកូស្លូវ៉ាគីព្រះអង្គបានចូលរៀនផ្នែកសិល្បៈរបាំ តូរ្យតន្ត្រីល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ។
នៅឆ្នាំ១៩៧០ ព្រះអង្គបានសិក្សានៅមធ្យមសិក្សាប័ត្រនៅប្រាគដោយទទួលបាននិទ្ទេសល្អណាស់។
នៅឆ្នាំ១៩៧១ព្រះអង្គបានទទួលជ័យលាភីលេខ១ផ្នែករបាំបុរាណនៅវិទ្យាស្ថានអភិរក្សជាតិប្រាគ។
នៅឆ្នាំ១៩៧១ ដល់១៩៧៥ព្រះអង្គបានសិក្សានៅសកលវិទ្យាល័យបណ្ឌិតសភា ផ្នែកសិល្បៈតន្ត្រីប្រាគ។
នៅឆ្នាំ១៩៧៥ ព្រះអង្គបានសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ។
នៅឆ្នាំ១៩៧៥ព្រះអង្គ បានព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈនិងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា។
នៅឆ្នាំ១៩៧៥-១៩៧៦ព្រះអង្គបានចាកចេញពីទីក្រុងប្រ៉ាកដោយបន្តទៅសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកភាពយន្តនៅប្រទេសកូរ៉េខាងជើង។
នៅឆ្នាំ១៩៧៧ ដល់១៩៧៩ ព្រះអង្គបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញនិងស្ថិតក្នុងការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវរាជបិតានិងព្រះវររាជមាតានិងព្រះអនុជសម្តេចនរោត្តមនរិន្ទ្រៈពង្សនៅក្នុងព្រះបរមរាជវាំង។
នៅឆ្នាំ១៩៧៩ព្រះអង្គបានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំងជាមួយព្រះបិតាព្រះមាតា។
នៅឆ្នាំ១៩៧៩ ដល់១៩៨០ ព្រះអង្គបានធ្វើជាព្រះលេខាផ្ទាល់របស់ព្រះវររាជបិតាក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន។
នៅឆ្នាំ១៩៨១ ដល់២០០០ ព្រះអង្គបានយាងទៅកាន់ទីក្រុងប៉ារីសនិងធ្វើជាសាស្ត្រាចារ្យផ្នែករបាំបុរាណនិងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្សMARIUSPETIPA, GABRIEL FAURE និងW.A.MOZARTនៅក្រុងប៉ារីស។
នៅឆ្នាំ១៩៨៤ដល់ ១៩៨៨ព្រះអង្គ ធ្វើជាប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំងនិងជាអគ្គនាយកនិងជានាយកសិល្បៈនៃក្រុមរបាំបាលេ“DEVA”
នៅឆ្នាំ១៩៨៨ ដល់១៩៩៣ ព្រះអង្គធ្វើជាអគ្គនាយកនិងជានាយកសិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្ត“ខេមរាភាពយន្ត”ក្នុងនោះទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីររឿងទី១.”សុបិន្ត”និងទី២.“ធាតុទាំង៤”។
នៅឆ្នាំ១៩៩២-១៩៩៣ព្រះអង្គ ត្រូវជ្រើសតាំងជាឯកច្ឆន្ទជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា
នៅឆ្នាំ១៩៩៣-២០០៤ព្រះអង្គត្រូវបានតែងតាំងជាព្រះរាជប្រតិភូកម្ពុជាប្រចាំអង្គការយូណេស្កូដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំងជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញនិងភក្តីភាពចំពោះវប្បធម៌កម្ពុជា។
នៅឆ្នាំ២០០៤ ព្រះអង្គបានក្លាយជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង
នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ១៩៩៤ព្រះអង្គ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរម្យងារជាសម្តេចក្រុមឃុន
នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០០៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ថ្ងៃទី៣១ ខែសីហាឆ្នាំ២០០៤ព្រះអង្គ ត្រូវបានព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជាសម្តេចព្រះបរមនាថ
នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០០៤ព្រះអង្គត្រូវបានជ្រើសតាំងឲ្យឡើងសោយរាជ្យដោយសមាជិកទាំង៩រូបនៃក្រុមប្រឹក្សារាជសម្បតិ្តក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទនរោត្តមសីហនុ ព្រះបិតារបស់ព្រះអង្គ។
នៅថ្ងៃសុក្រទី២៩ខែតុលា ឆ្នាំ២០០៤សម្តេចព្រះបរមនាថនរោត្តម សីហមុនីទ្រង់ឡើងគ្រងរាជសម្បត្តិជាផ្លូវការ។
នៅខែធ្នូឆ្នាំ២០១៤ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីត្រូវបានអង្គការអន្តរជាតិផ្នែកព្រះពុទ្ធសាសនាថ្វាយព្រះរាជបរមងារ«ព្រះស្រីលោកធម្មិករាជ»ក្នុងមហាសន្និបាតព្រះពុទ្ធសាសនាពិភពលោកលើកទី៦៕
ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងបុណ្យអន្តរជាតិនឹងរៀបចំការបាញ់កាំជ្រួចរយៈពេល ៣ យប់ជាប់គ្នា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនីនៅឆ្នាំនេះ។
ការបាញ់កាំជ្រួចនេះធ្វើឡើងនៅយប់ថ្ងៃទី២៨, ២៩ និង ៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៩:០០ នាទីយប់ នៅមុខព្រះបរមរាជវាំង ខណៈព្រះរាជពិធីរំឭកខួបលើកទី២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រនេះ ក៏នឹងប្រារព្ធឡើងទ្រង់ទ្រាយធំមហោឡារិកជាងរាល់ឆ្នាំផងដែរ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនឹងរៀបចំកម្មវិធីដូចខាងក្រោម៖
- នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៤ នឹងមានព្រះរាជពិធីសាសនា ទៅតាមព្រះរាជប្បវេណីនៅក្នុងព្រះបរមរាជវាំង។
- នៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៤ ព្រះរាជពិធីថ្វាយព្រះពរ នឹងប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង។
- នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក ចាប់ផ្ដើមមិទ្ទិញមហាជននៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី។
ជាមួយគ្នានេះ គ្រប់ក្រសួងរដ្ឋលេខាធិការដ្ឋាន និងស្ថាប័នរដ្ឋ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រដោយមានតុបតែងលម្អបំភ្លឺភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរព្រមទាំងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមក្រសួងរដ្ឋលេខាធិការដ្ឋាន និងសា្ថប័នរបស់ខ្លួនជាដើម។
គួរគូសបញ្ជាក់ថា ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកឆន្ទឡើងសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។ ការជ្រើសរើសឱ្យព្រះអង្គឡើងសោយរាជ្យនៅពេលនោះ ធ្វើឡើងខណៈដែលព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីថែទាំព្រះរោគព្រះបិតា។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានសោយរាជ្យសម្បត្តិ ជាព្រះមហាក្សត្រកម្ពុជាជាផ្លូវការ៕
កំពង់ចាម:ដើម្បីផលិតចង្កឹះឫស្សីដែលជារបស់ប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃស្ដ្រីខ្មែរម្នាក់បានចំណាយប្រាក់កាស និងពេលវេលាដំណើរការសិប្បកម្មមួយដែលផ្ដល់ចំណូលដល់ប្រជាពលរដ្ឋក៏ដូចជាលើកស្ទួយការដាំដើមឫស្សី។
ផ្ដើមចេញពីគោលបំណងចូលរួមចំណែកក្នុងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាងនិងគោលដៅផ្ដល់ការងារឲ្យប្រជាជនស្ថាបនិកសិប្បកម្មផលិតចង្កឹះឫស្សីខ្មែរ អ្នកស្រីហ័រ ដាណា បានចាប់ផ្ដើមផលិតចង្កឹះនេះឡើង ក្រោយពីសម្គាល់ឃើញថា កម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមស្រាប់ជាពិសេស ដើមឫស្សីដែលមានដាំនៅទឹកដីប្រទេសមួយនេះស្ទើរតែគ្រប់ទីកន្លែង។
អ្នកស្រី ដាណាបានបញ្ជាក់ប្រាប់សារព័ត៌មាន SR News យ៉ាងដូច្នេះថា៖«សិប្បកម្មនេះបង្កើតឡើងនៅឆ្នាំ២០២២ដើម្បីជួយទិញដើមឫស្សីពីប្រជាកសិករនិងកែច្នៃដើមឫស្សីទៅជារបស់ប្រើប្រាស់កាត់បន្ថយការនាំចូលចង្កឹះពីប្រទេសជិតខាង»។
ស្ថាបនិកសិប្បកម្មសម្លឹងឃើញតម្រូវការទីផ្សារចង្កឹះឫស្សីដើម្បីផ្គត់ផ្គង់ឧស្សាហកម្មភោជនីយដ្ឋានម្ហូបអាហារនិងការដឹកជញ្ជូនដែលកើនឡើងជារៀងរាល់ថ្ងៃ។
អ្នកស្រីបាននិយាយថា៖«នាពេលបច្ចុប្បន្ន និង ទៅថ្ងៃអនាគតចង្កឹះនឹងពេញនិយមប្រើប្រាស់ច្រើន ជាពិសេសប្រើសម្រាប់ការវេចខ្ចប់អាហារ»។
សិប្បកម្មរបស់អ្នកស្រីមិនត្រឹមតែរួមចំណែកកាត់បន្ថយការនាំចូលប៉ុណ្ណោះទេក្នុងដំណាក់កាលផលិតថែមទាំងគិតគូរដល់សុខភាពអ្នកប្រើប្រាស់ថែមទៀត។
អ្នកស្រី ដាណា បានរៀបរាប់ថា៖«យើងត្រូវប្រមូលដើមឫស្សីយកមកពុះជាចម្រៀកៗដោយគ្រឿងម៉ាស៊ីន និងកាត់ជាកង់ៗទៅតាមខ្នាតដែលចង់បាន រួចរំលីងឲ្យស្អាត ទើបយកទៅស្ងួតក្នុងឡដើម្បីកុំឲ្យមេស៊ី និង ទុកបាន យូរ ដោយមិនប្រើ សារធាតុរក្សាទុកនោះទេដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់»។
ទន្ទឹមនឹងទទួលបានជោគជ័យក្នុងការផលិតចង្កឹះអនាម័យស្ត្រីវ័យ៤២ឆ្នាំរូបនេះក៏ត្រូវជម្នះនឹងការប្រឈមកង្វះបច្ចេកទេសដោយទីមួយ អ្នកស្រីត្រូវរៀនពីការផលិតនៅប្រទេសជិតខាង។ ទីពីរ ការប្រើប្រាស់ម៉ាស៊ីននាំចូលមានតម្លៃថ្លៃនិងទី៣ សិប្បកម្មត្រូវប្រកួតប្រជែងជាមួយចង្កឹះនាំចូលពីប្រទេសជិតខាងដែលមានតម្លៃធូរថ្លៃជាងផលិតផលក្នុងស្រុក។
ទោះយ៉ាងណាក្ដី អ្វីដែលជាមោទនភាពនោះគឺសិប្បកម្មចង្កឹះឫស្សីខ្មែរបានរួមចំណែកជួយង្កើតចំណូលដល់ប្រជាកសិករ តាមរយៈការជួលអ្នកដឹក អ្នកកាប់ឫស្សី និងការប្រមូលទិញដើមឫស្សីពីក្នុងសហគមន៍ដែលមានស្រាប់។តម្លៃឫស្សីទាំងការកាប់ និងការដឹកទៅតាមដើមតូច និង ធំ ចន្លោះពី ៣000 ទៅ៤៥00៛។
ទន្ទឹមនឹងនេះ អ្នកស្រីដាណា ក៏អំពាវនាវរកដៃគូក្នុងការផ្គត់ផ្គង់កម្ទេចឫស្សីផងដែរ។
សព្វថ្ងៃនេះសិប្បកម្មចង្កឹះឫស្សីខ្មែរមានចង្កឹះចំនួន ២ខ្នាត។ សម្រាប់លក់រាយ ខ្នាតវែង ២១ សង់ទីម៉ែត្រ ១បេ មាន ៤០ដុំ មួយដុំមាន ៤០ គូ តម្លៃ ៥៥000រៀលនិងខ្នាតខ្លីប្រវែង១៩ សង់ទីម៉ែត្រ មួយបេ មាន ៤០ដុំ មួយដុំ មាន ២៣គូ ក្នុងតម្លៃ២៧០០០រៀល។
ក្រៅពីតម្លៃលក់រាយអ្នកស្រី ដាណា ក៏មានជាតម្លៃបោះដុំផងដែរដោយតម្លៃខ្នាតខ្លី ៣០បេ ឡើង តម្លៃ២១០០០រៀលក្នុងមួយបេនិង ខ្នាតវែង ២0 បេ ឡើង មានតម្លៃ ៤៤០០០ រៀល ក្នុងមួយបេ។
ចង្កឹះឫស្សីខ្មែរមានដាក់លក់នៅតាមបណ្ដាផ្សារទំនើបដូចជា ឡាក់គី ជីបម៉ុង អ៊ីអន សែនសុខ និងមាននៅ តាមតូបលក់គ្រឿងជ័រ។ អ្នកស្រីដាណា ក៏មានសេវាផ្ញើទៅគ្រប់ខេត្តក្រុងផងដែរ។
អតិថិជនដែលបានជាវយកទៅប្រើប្រាស់រួចហើយពួកគាត់មានការគាំទ្រខ្លាំងដោយសារចង្កឹះមានគុណភាពល្អ ទុកបានយូរនិងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ព័ត៌មានបន្ថែមពីចង្កឹះឫស្សីខ្មែរ នេះ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុក Khmer Chopstick (ចង្កឹះឫស្សីខ្មែរ)ទំនាក់ទំនងទូរសព្ទលេខ០៩៦ ៣២៣ ៣៩៥២៕
ផ្លែប៊ឺរមិនត្រឹមតែជួយសម្រកគីឡូប៉ុណ្ណោះទេថែមទាំងមានគុណប្រយោជន៍ជួយថែរក្សាផ្ទៃមុខឱ្យនៅក្មេងជាងវ័យទៀតថែមទៀតផង។
ដោយសារតែផ្លែប៊ឺរមានតម្លៃថោកសមរម្យនិងងាយរកទិញស្ទើរតែគ្រប់រដូវកាល វាអាចជាគ្រឿងផ្សំធម្មជាតិក្នុងការថែរក្សាសម្រស់ជាប្រចាំ។
ការធ្វើម៉ាសមុខពីផ្លែប៊ឺរមានគុណសម្បត្តិជាច្រើនសម្រាប់ស្បែកដោយសារតែផ្លែប៊ឺរមានផ្ទុកសារធាតុ និងវីតាមីនជាច្រើន (ដូចជាវីតាមីន E,C, និងសារធាតុប្រឆាំង ការខូចខាតនៃស្បែក)ដែលអាចជួយឱ្យស្បែកទន់រលោង និងមានសំណើម។
ថ្វីត្បិតតែមានរូបមន្តខុសៗគ្នាក្នុងការប្រើប្រាស់ផ្លែប៊័រធ្វើជាម៉ាសបិទមុខSR News សូមលើកយកវិធីសាស្ត្រងាយបំផុតក្នុងការធ្វើម៉ាសបិតមុខតាមបែបធម្មជាតិមកបង្ហាញដូចខាងក្រោម៖
១. គ្រឿងផ្សំ
• ផ្លែប៊ឺរ (១/២ ផ្លែ)
• ទឹកឃ្មុំ (១ ស្លាបព្រាបាយ)
• ទឹកក្រូចឆ្មារ (ប្រហែល ១/២ ស្លាបព្រាកាហ្វេ)
២. របៀបធ្វើ
• បកសម្បកផ្លែប៊ឺរចេញ ហើយកិនផ្លែប៊ឺរឱ្យម៉ត (អាចប្រើស្លាបព្រាសង្កត់ក៏បាន)
• បន្ថែម ទឹកឃ្មុំ និងទឹកក្រូចឆ្មារចូលទៅក្នុងផ្លែប៊ឺរដែលកិនរួចរួចកូរឱ្យចូលគ្នាក្លាយជាល្បាយម៉ាសរួចជាការស្រេច
៣. វិធីប្រើ
• លាងសម្អាតផ្ទៃមុខឱ្យបានស្អាត រួចយកល្បាយម៉ាសដែលលាយរួចមកលាបលើមុខ ក និងផ្នែកនៃស្បែកដែលអ្នកចង់ឱ្យមានសំណើម
• ទុកវានៅលើស្បែករយៈពេល ១៥ ទៅ ២០ នាទី។
• លាងមុខចេញដោយប្រើទឹកក្តៅឧណ្ហៗរួចជាការស្រេច។
ការប្រើប្រាស់ម៉ាសនេះជាប្រចាំ ដោយប្រើ ២ ឬ៣ ដងក្នុងមួយសប្តាហ៍ អាចជួយឱ្យស្បែកកាន់តែស្រស់ថ្លា និងមានសំណើមបែបធម្មជាតិ៕
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Agreement Day) មានរយៈពេល ៣៣ឆ្នាំ ថ្ងៃទី ២៣ ខែតុលា ១៩៩១-២០២៤។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាព្រឹត្ដិការណ៍បញ្ចប់សង្គ្រាមស៊ីវិលជាផ្លូវការនៅកម្ពុជាដែលត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងដោយមានភាគីជម្លោះកម្ពុជាចំនួន ៤ បានចុះហត្ថលេខា ជាមួយមានវត្តមានសាក្សីមកពី១៨ប្រទេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)។
ថ្វីដ្បិតតែទិវានេះលែងត្រូវដាក់ជាថ្ងៃបុណ្យជាតិយ៉ាងណាក៏ដោយក៏កិច្ចព្រមព្រៀងនេះជាការរំឭកនូវខួបនៃកិច្ចខិតខំប្រឹងប្រែរបស់ប្រទេសឆ្ពោះទៅរកសន្តិភាពនិងការផ្សះផ្សាជាតិ។
ថ្ងៃនេះSR News និងលើកយកពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកលើប្រទេសកម្ពុជា៖
១.ការបញ្ចប់សង្គ្រាមស៊ីវិល និងបញ្ចប់ការកាន់កាប់ដោយបរទេសមកលើកម្ពុជា
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១បានបញ្ចប់ជាផ្លូវការនូវសង្គ្រាមស៊ីវិលនិងការកាន់កាប់របស់បរទេសមកលើប្រទេសកម្ពុជា។ដោយប្រទេសកម្ពុជាមានជម្លោះចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០រាប់បញ្ចូលទាំងរបបខ្មែរក្រហមដ៏ឃោរឃៅ (១៩៧៥-១៩៧៩) និងសង្គ្រាមជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងកងកម្លាំងវៀតណាម។កិច្ចព្រមព្រៀងនេះបានត្រួសត្រាយផ្លូវសម្រាប់ការដកទ័ពវៀតណាមចេញពីប្រទេសកម្ពុជានិងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការប្រយុទ្ធជាច្រើនឆ្នាំកន្លងមក។
២.ការចាប់ផ្តើមនៃសន្តិភាព និងការផ្សះផ្សា
សម្រាប់ប្រជាជនកម្ពុជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបង្ហាញពីលទ្ធភាពនៃការផ្សះផ្សាជាតិបន្ទាប់ពីឆ្លងកាត់អំពើសាហាវឃោរឃៅជាច្រើនឆ្នាំជាពិសេសក្រោមរបបខ្មែរក្រហម ដែលក្នុងអំឡុងពេលនេះមនុស្សជិតពីរលាននាក់បានស្លាប់។ វាបានផ្តល់ក្របខណ្ឌមួយសម្រាប់បក្ខពួកដែលធ្វើសង្គ្រាមរួមទាំងសំណល់នៃខ្មែរក្រហម ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំបើទោះបីជានៅសេសសល់ក្រុមតូចៗ និងចាប់ផ្តើមកសាងប្រទេសសារជាថ្មីឡើងវិញ។
៣.ការផ្លាស់ប្តូរប្រទេសទៅកាន់លទ្ធិប្រជាធិបតេយ្យក្រោមជំនួយអង្គការសហប្រជាជាតិ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាំទៅដល់ការបង្កើតអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)ដែលមានភារកិច្ចត្រួតពិនិត្យការផ្លាស់ប្តូររបស់ប្រទេសទៅកាន់សន្តិភាពនិងអភិបាលកិច្ចប្រជាធិបតេយ្យ។ អ៊ុនតាក់ បានរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ជាលើកដំបូងរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៣ជាចំណុចរបត់នៃការអភិវឌ្ឍន៍នយោបាយរបស់ខ្លួន។
៤.ការស្ដារអធិបតេយ្យភាពកម្ពុជា
បន្ទាប់ពីការជ្រៀតជ្រែកពីបរទេសជាច្រើនទសវត្សរ៍មកកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានជួយស្ដារអធិបតេយ្យភាពពេញលេញរបស់កម្ពុជាដោយកម្ពុជាបានទទួលឋានៈជាប្រទេសឯករាជ្យមួយដែលរួចផុតពីការគ្រប់គ្រងខាងយោធាឬនយោបាយ ដោយបានកំណត់ដំណាក់កាលកសាងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនឡើងវិញ។
៥.ជំនួយមនុស្សធម៌និងការកសាងឡើងវិញ
កិច្ចព្រមព្រៀងនេះក៏បានបើកទ្វារសម្រាប់ជំនួយអន្តរជាតិដ៏ធំនិងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌ផងដែរ។នេះគឺចាំបាច់សម្រាប់ការកសាងប្រទេសឡើងវិញដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមអំពើប្រល័យពូជសាសន៍ និងភាពក្រីក្រ។ ដំណើរការសន្តិភាពបានអនុញ្ញាតឱ្យមានការបោសសម្អាតមីនការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនិងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីអំពើហិង្សា។
៦.និមិត្តសញ្ញាឯកភាពជាតិ
ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាការរំឭកពីសារៈសំខាន់នៃឯកភាពជាតិ និងសន្តិភាព ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិនិងក្រុមបក្សនយោបាយកម្ពុជា ដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពជាសារមួយក្រើនរំឭកដល់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់ជម្លោះ។
ដោយហេតុផលទាំងអស់នេះទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រឹមតែជាថ្ងៃរំឭកប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែទិវានេះជានិមិត្តរូបនៃក្តីសង្ឃឹម សន្តិភាពនិងការកសាងជាតិសម្រាប់ប្រទេសកម្ពុជាផងដែរ។វាតំណាងឱ្យចំណុចរបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសដោយផ្លាស់ប្តូរពីជម្លោះ និងការបែកបាក់ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍។
អ្នកនិពន្ធ ម៉ៅ ចាន់រស្មី ហៅ កូនទន្សាយ បានដាក់សម្ពោធប្រលោមលោកលើកទី៤របស់ខ្លួនជាផ្លូវការ ដែលមានចំណងជើងថា «បុរសឈុតពណ៌ស» (ភាគ២)ដោយទទួលបានការកក់ និងជាវយ៉ាងច្រើនពីសំណាក់មិត្តអ្នកអាន ជាពិសេសយុវវ័យ។
អ្នកអានម្នាក់បានសរសេរចំណាប់អារម្មណ៍ថា៖ «ពិតណាស់សៀវភៅមួយក្បាលនេះមានគ្រប់រសជាតិទាំងអស់ សប្បាយរីករាយ Sad អប់រំ។ បន្ទាប់ពីអានបុរសឈុតពណ៌សភាគ ២ ចប់ ខ្ញុំក៏អស់ចិត្តជាមួយនឹងសាច់រឿងមួយនេះដែរព្រោះវាបរិបូណ៌ដូចអ្វីដែលអ្នកអានចង់បានអស់ហើយ។ បើនិយាយពីសាច់រឿងមួយក្បាលនេះវិញសម្រាប់ខ្ញុំគឺវា Perfect មិនមានអីរៀបរាប់ច្រើនទេតែនៅឈឺចិត្តមិនទាន់បាត់ទេរឿងអ្នកនិពន្ធធ្វើស៊ីអាកន្ទុយចុងក្រោយបន្តិចហ្នឹង»។
សៀវភៅ «បុរសឈុតពណ៌ស» ភាគ ១ បានចេញផ្សាយកាលពីឆ្នាំ ២០២៣។សៀវភៅប្រលោមលោកថ្មីភាគ ២ នេះជាប្រភេទរឿងអភិនីហារបន្តពីសាច់រឿងមុន ដែលនិយាយអំពីតួអង្គតារាវុធ និង អេសធើ ដោយបង្កប់ខ្លឹមសារអប់រំពីជីវិតគូភាពស្មោះស្ម័គ្រ និងការលះបង់។
សម្រាប់ការនិពន្ធសៀវភៅប្រលោមលោក នីមួយៗ អ្នកនាង ចាន់រស្មីបានចាត់ទុកជីវិតប្រៀបដូចជាជារូបផ្គុំ ហើយអ្នកនិពន្ធក៏ត្រូវស្វែងរកបំណែកថ្មីមួយទៀតជាបន្តបន្ទាប់។
អ្នកនិពន្ធវ័យក្មេងរូបនេះបានបន្តថា៖ «និយាយដោយស្មោះត្រង់ចុះការនិពន្ធប្រលោមលោករបស់ខ្ញុំពុំមែនជាការផ្គុំដែលល្អឥតខ្ចោះគ្មានចំណុចទាស់ទេ តែខ្ញុំបែរជាស្វែងរកចំណុចខ្វះខាតដើម្បីអាចស្វែងរករូបផ្គុំឱ្យបានត្រឹមត្រូវទៅវិញ។ ប្រសិនបើខ្ញុំរង់ចាំទាល់តែអាចរកឃើញគ្រប់បំណែកផ្គុំទើបចាប់ផ្តើមដើរនោះ ខ្ញុំប្រហែលជាមិនអាចមកដល់ទីនេះទេ»។
សៀវភៅ «បុរសឈុតពណ៌ស» (ភាគ២)ត្រូវបានចំណាយពេលសរសេររយៈពេលប្រមាណមួយឆ្នាំ។ ទោះយ៉ាងណាក្ដីអ្នកនិពន្ធបានចាត់ទុកដំណើរដ៏វែងឆ្ងាយនេះថា វាមានសេចក្តីសុខម្យ៉ាងបង្កប់នៅក្នុងភាពអត់ធ្មត់។
អ្នកនាង ចាន់រស្មី បានលើកឡើងថា៖ «មានសម្រស់ម្យ៉ាងស្ថិតនៅក្នុងការដើរទៅមុខសន្សឹមៗតាមល្បឿនរបស់យើងដោយមិនប្រញាប់ប្រញាល់តាមលោកិយ ដ្បិតអីការដើររបស់យើងម្នាក់ៗ មានជំហាននិងល្បឿនខុសៗគ្នា»។
អ្នកនាងបានលើកទឹកចិត្តដល់អ្នកនិពន្ធ ក៏ដូចជាមិត្តអ្នកអានដទៃទៀតថា៖«អ្នកខ្លះក៏អាចនិពន្ធចប់មួយរឿងក្នុងមួយខែ ខ្លះក៏ឡើងទៅដល់មួយឆ្នាំ។ការប្រៀបធៀប បានត្រឹមតែដាក់សម្ពាធឱ្យយើងតែប៉ុណ្ណោះ»។
អ្នកនិពន្ធរូបនេះលើកឡើងថា ការទទួលស្គាល់ល្បឿនរបស់ខ្លួនឯងក៏ជារឿងសំខាន់ដែរធ្វើឱ្យអ្នកដើរ បន្តដំណើរបានយូរ និងមិនងាយហត់ដូចការរត់តាមអ្នកដទៃ។
ជាមួយនឹងការសម្រេចគោលដៅបញ្ចប់សៀវភៅប្រលោមលោកទី ៤ អ្នកនាងចាន់រស្មីបានលើកឡើងថា៖ «ទីបំផុត ការដើរយឺតៗរបស់ខ្ញុំបានមកដល់គោលដៅហើយ។ សៀវភៅទីបួននេះគឺជាលទ្ធផលនៃការស្វែងរកបំណែកផ្គុំថ្មីដើម្បីបំពេញសិល្បៈនៃភាពស្រមើស្រមៃរបស់ខ្ញុំហើយក៏ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានដែលស្រឡាញ់សិល្បៈស្រមើស្រមៃមួយនេះផងដែរ»។
អ្នកនិពន្ធ ចាន់រស្មី ហៅ «កូនទន្សាយ» គឺជាអ្នកស្នងមរតកសរសេរប្រលោមលោកបន្ទាប់ពីម្ដាយដែលជាអ្នកនិពន្ធដ៏ល្បីល្បាញគឺអ្នកស្រី ម៉ៅ សំណាង រហស្សនាម«ទន្សាយ»។ អ្នកម្តាយតែងបន្តជំរុញទឹកចិត្តអ្នកនាងឱ្យសរសេររឿងបន្ថែមទៀតអំពីក្តីសង្ឃឹមសេចក្តីស្រឡាញ់ និងសេរីភាព។
រយៈពេល ៧ឆ្នាំមកហើយ អ្នកនាងបាននិពន្ធប្រលោមលោក ដោយក្នុងចិត្តតែងតែចងចាំសម្ដីរបស់អ្នកម្ដាយជានិច្ចថា៖«យើងមិនអាចកាន់កាំភ្លើងដើម្បីសង្គ្រោះពិភពលោកបានទេ ប៉ុន្តែយើងអាចកាន់ប៊ិកដើម្បីជួយសង្គមរបស់យើង»។
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រអ្នកនិពន្ធ www.maochanraksmey.com។
សម្រាប់ការទិញសៀវភៅអាចទំនាក់ទំនងលេខ ០៨៦៦៦៩៤២៤៕
ភ្នំពេញ: បន្ទាប់ពីភាពជោគជ័យកាលពីឆ្នាំមុនជាមួយចំនួនអ្នកចូលរួមប្រមាណ ២ម៉ឺនក្នុងរយៈពេល៣ ថ្ងៃ ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG(Technology Anime Game Expo)ពីបច្ចេកវិទ្យា Anime ជប៉ុន និងហ្គេម បានវិលត្រឡប់មកវិញកាន់តែធំនៅទីតាំង Factory Phnom Penh ចុងសប្ដាហ៍នេះ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។
លោកស្រី ហាក់ សំបូរ អ្នកតំណាងព្រឹត្តិការណ៍តាំងពិព័រណ៍ TAG EXPO បានឱ្យដឹងថា៖ «គោលបំណងដែលខ្ញុំបង្កើតព្រឹត្តិការណ៍តាំងពិព័រណ៍ TAG EXPO នេះឡើងគឺដោយសារខ្ញុំចង់បង្កើតសហគមន៍ធំមួយសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យាទាំងអ្នកស្រឡាញ់ការ Cosplay ក៏ដូចជាចូលចិត្ត Anime និងអ្នកស្នេហាវិស័យហ្គេមឱ្យគាត់បានជួបជុំគ្នានៅកន្លែងតែមួយ»។
អ្នករៀបចំកម្មវិធីរូបនេះ យល់ឃើញថា ទោះជាមនុស្សចាប់អារម្មណ៍លើវិស័យខុសៗគ្នាក៏ម្នាក់ៗនៅតែអាចផ្លាស់ប្ដូរគំនិត និងការយល់ឃើញ តាមរយៈការចូលរួមកម្សាន្តបែបនេះ។
លោកស្រីក៏សម្គាល់ឃើញផងដែរថា ក្នុងចំណោមអ្នកចូលរួម ត្រូវបានចាត់ទុកថាជាជំនាន់ Gen Z (អ្នកកើតជំនាន់ឆ្នាំ ១៩៩៧ ដល់ឆ្នាំ២០១២) គឺជាក្រុមដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យាខ្លាំងជាងគេ។
លោកស្រីបានឱ្យដឹងទៀតថា៖ «បច្ចុប្បន្នខ្ញុំឃើញថាយុវវ័យ Gen Z យើង គាត់ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យារួមទាំងគាំទ្រខ្លាំងមែនទែនទៅលើវិស័យ Anime និងហ្គេម ហើយក៏មានកម្មវិធី Cosplay និងការប្រកួតហ្គេមច្រើនគួរសមដែរទាំងហ្គេមទូរស័ព្ទនិងកុំព្យូទ័រ។ មួយវិញទៀតកម្មវិធីដែលខ្ញុំឃើញមួយៗហ្នឹងសុទ្ធតែមានអ្នកចូលរួមច្រើនអ៊ីចឹងហើយទើបខ្ញុំបង្កើតកម្មវិធី TAGEXPO នេះឡើងដំបូងតាំងពីឆ្នាំ ២០២៣ ដែលយើងមានវិស័យទាំង៣ បញ្ចូលគ្នាតែម្ដង ហើយទទួលបាន feedback ល្អៗពីអ្នកចូលរួមច្រើនមែនទែន ទើបកម្មវិធីយើងនៅតែបន្តមានក្នុងឆ្នាំ២០២៤ នេះ។
ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG នឹងមានការចូលរួមបង្ហាញពី បច្ចេកវិទ្យា Anime ជប៉ុន និងហ្គេម ជាច្រើនពីប៊្រេនធំៗនៅស្រុកខ្មែរ ក៏ដូចជា Cosplayer ល្បីឈ្មោះពីជាតិ និងអន្តរជាតិ។
ការតាំងពិព័រណ៍ TAG ក៏មាន mascot ផ្ទាល់ខ្លួន ឈ្មោះថា GIGI និងមានមនុស្សតែងខ្លួន Cosplay ពេញកម្មវិធីតែម្ដង។ ស្តង់ចូលរួមភាគច្រើនបង្ហាញពីបច្ចេកវិទ្យាទំនើបៗនិងហ្គេម សម្រាប់យុវវ័យសម័យថ្មី Gen។ កម្មវិធីលើឆាកធំ មានតាំងពីព្រឹកដល់យប់ រួមមានការប្រកួតហ្គេម ប្រកួត Cosplayការសម្ដែង និងការដេញថ្លៃអីវ៉ាន់បច្ចេកវិទ្យាជំនាន់ក្រោយ។
ទន្ទឹមនឹងនោះ អ្នកចូលរួមអាចបំពេញបេសកកម្មសប្បាយៗតម្រូវតាមលក្ខខណ្ឌកម្មវិធីដើម្បីមានឱកាសឈ្នះរង្វាន់១០០ភាគរយ ជាវត្ថុអនុស្សវរីយ៍ កាសស្ដាប់សំបុត្រយន្តហោះ និងម៉ូតូអគ្គីសនី។ ពិព័រណ៍ TAG ក៏មានលក់ Merchandise គុណភាពខ្ពស់ ដែលមានរូបស្អាតៗរបស់ mascot GIGI។
សំបុត្រចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ TAGEXPO 2024 មានតម្លៃចាប់ពី២ដុល្លារឡើងទៅ៕
ភ្នំពេញ: អាជីវកម្មភូមិយើង (OurVillage) បានប្រមែប្រមូលស្វែងរកនំចំណីខ្មែរពីបរមបុរាណដែលស្ទើរតែពុំឃើញមានលក់នៅលើទីផ្សារ យកមកផលិតលក់សម្រាប់អតិថិជន ដែលនឹករសជាតិនំពីកុមារក៏ដូចជារួមចំណែកថែរក្សានំអាហារខ្មែរផងដែរ។
រាប់តាំងពីឆៃប៉ូវផ្អែម ពីស្រុក ស្អាង កោះធំ នំកន្ទ្រាំ ចេកក្រមួនឆាប នំពុម្ព និង នំអាកោពោត អាជីវកម្មបានដាក់លក់នំទឹកត្នោត ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក តុង វ៉េងរ៉ុង ជាអាជីវករលក់នំខ្មែរបាននឹកឃើញផលិតនំទឹកត្នោតឡើងវិញ ក្រោយពីលែងឃើញនំនេះត្រូវបានដាក់លក់នៅលើទីផ្សារ។
លោកបានប្រាប់ SRNews ថា៖ «មួយរយៈក្រោយមកនេះនំទឹកត្នោតមួយប្រភេទនេះក៏អវត្តមាននៅលើទីផ្សារទើបខាងអាជីវកម្មភូមិយើងបានប្រមូលផ្តុំផលិតនំនេះឡើងវិញ ដើម្បីរក្សាឲ្យមានឈ្មោះបោះសំឡេងវិញនិងជួយផ្សព្វផ្សាយឲ្យបងប្អូនខ្មែរយើងបានស្គាល់កាន់តែទូលំទូលាយនៃដំណើរការនៃការធ្វើនំទឹកត្នោតនេះ»។
ខុសពីអាកោត្នោត នំទឹកត្នោតជាប្រភេទនំបុរាណខ្មែរមួយប្រភេទដែលមិនសូវមានគេស្គាល់ច្រើនទេ។ ជាមួយរសជាតិផ្អែមល្មម ឈ្ងុញឆ្ងាញ់នំប្រភេទនេះត្រូវបានគេនិយមធ្វើនៅក្នុងខេត្តកំពង់ស្ពឺ ជាទឹកដីល្បីសម្បូរដើមត្នោតច្រើនជាងគេនៅប្រទេសកម្ពុជា។
លោក វ៉េងរ៉ុង បានរៀបរាប់ពីដំណើរការធ្វើនំយ៉ាងដូច្នេះថា៖«យើងត្រូវជ្រើសរើសយកអង្ករផ្កាម្លិះលេខ១មកត្រាំទឹក ហើយយកទៅ ចំហុយជាមួយនឹងទឹកត្នោត និងស្លឹកតើយ ដើម្បីយកក្លិនរួចកូរជាមួយនឹងទឹកត្នោត និងសាច់ត្នោតរហូតឆ្អិនល្អ ទើបលើកចេញពីភ្លើងទុកឲ្យវាត្រជាក់»។
អាជីវកររូបនេះបានបន្ថែមទៀតថា៖ «បន្ទាប់មកយើងត្រូវសូនវាជាបន្ទះៗរួចដាក់លើ ម្សៅលាតកុំឲ្យវាស្អិត ជាប់គ្នាបន្ទាប់មកហាលវាឲ្យស្ងួតបន្តិចទើបយើងរៀបចំដាក់ចូលក្នុងប្រអប់ជាការស្រេចនិង ធ្វើការចែកចាយនៅលើទីផ្សារ»។
ដំណាក់កាលផលិតមិនសូវស្មុគស្មាញមែន តែលោកបានបញ្ជាក់ថាការសូននំ និងការរកវត្ថុធាតុដើមក៏ជូបបញ្ហាលំបាកផងដែរ។
លោក វ៉េងរ៉ុង បាននិយាយថា៖ «នៅពេលដែលយើងសូន្យនំនោះប្រើកម្លាំងពលកម្មច្រើន និងប្រើរយៈពេលយូរ និងការប្រមូលទិញទឹកត្នោតនៅរដូវវស្សានេះគឺមានផលពិបាកច្រើនដោយសារមិនសូវមានទឹកត្នោតណាមួយអ្នកយកទឹកត្នោតត្រូវជួប ខ្យល់ ភ្លៀងនិងត្រូវមានបច្ចេកទេសក្នុងការបិទបាំងបំពង់ ទឹក ត្នោត កុំឲ្យទឹកភ្លៀងចូល»។
អាជីវករវ័យ៣០ឆ្នាំរូបនេះ បានជួយលើកស្ទួយនំខ្មែរនិងផ្ដល់ចំណូលដល់អ្នកលក់ទឹកត្នោត។
លោកក៏លើកទឹកចិត្តដល់បងប្អូនដែលប្រកបមុខរបរធ្វើនំខ្មែរឲ្យនៅតែបន្តធ្វើជាមួយរូបលោកដើម្បីផ្សព្វផ្សាយនំខ្មែរឱ្យទូលំទូលាយ។
លោក វ៉េងរ៉ុង បានសម្គាល់ឃើញផងដែរថា៖ «មួយរយៈនេះបងប្អូនខ្មែរយើងគាត់បានស្គាល់នំប្រភេទនេះច្រើនហើយ និងបានកុម្ម៉ង់ច្រើនផងដែរ ជាពិសេសនារដូវបុណ្យភ្ជុំ ដោយពួកគាត់យកទៅប្រគេនព្រះសង្ឃនិងឪពុកម្តាយ ហើយនំប្រភេទនេះក៏យើងអាចញ៉ាំបានគ្រប់វ័យផងដែរ ដែលមានរសជាតិផ្អែមឆ្ងាញ់ហើយរសជាតិផ្អែមនេះគឺមិនសូវផ្អែមខ្លាំងប៉ុន្មាននោះទេ គឺផ្អែមល្មមដែលអាចទទួលយកបាន»។
ទោះជាសព្វថ្ងៃ អាជីវកម្មនេះមានដាក់លក់នំចំណីអាហារច្រើនមុខក៏ពិតមែនក៏លោក វ៉េងរ៉ុង បន្តខិតខំចងក្រងផលិតផលខ្មែរតាមភូមិ និងប្រមូលនំខ្មែរដទៃទៀតមកផ្សព្វផ្សាយលក់ក៏ដូចជាអភិរក្សរសជាតិពីដូនតាឱ្យគង់វង្ស សក្ដិសមទៅនឹងអាជីវកម្មរបស់លោកឈ្មោះថា«ភូមិយើង» ផងដែរ។
អាជីវកម្ម ភូមិខ្មែរ មានទីតាំងនៅបុរីពិភពថ្មីគួរស្រូវ២ ផ្ទះលេខ ២១ ផ្លូវលេខ ៤ និងការលក់តាមអនឡាញជាមួយសេវាដឹកជញ្ជូនទៅដល់ទីតាំងទាំងនៅភ្នំពេញនិងបណ្ដាខេត្ត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ភូមិយើង OurVillage (https://www.facebook.com/ourvillage.store)ឬលេខទូរសព្ទ៖ ០១៦ ៣៨៥ ៣១៨៕
សៀមរាប៖ ចាប់តាំងពីឆ្នាំ ២០០៧ មក អង្គការទន្លេគ្លីនិក-កម្ពុជា (TLC) បានផ្តល់សេវាសុខភាពទូទៅដោយឥតគិតថ្លៃជាង ៣៦០០០០ ករណី ដោយផ្ទាល់ដល់កុមារនិងមនុស្សពេញវ័យ នៅតាមសហគមន៍ក្រីក្រដាច់ស្រយាលក្នុងភូមិសាស្ត្របឹងទន្លេសាប។
លោកស្រី ឃឹម ចាន់ថា ប្រធានការិយាល័យអង្គការទន្លេគ្លីនិក-កម្ពុជាបានឱ្យដឹងថា អង្គការប្រតិបត្តិការដោយមិនគិតកម្រៃអ្វីទាំងអស់នៅខេត្តសៀមរាបនិងខេត្តកំពង់ធំ ក្នុងបរិវេណភូមិបណ្ដែតទឹក។
លោកស្រីបានប្រាប់សារព័ត៌មាន SR ឱ្យដឹងថា៖ «និយាយទៅយើងជួយដោយសប្បុរសធម៌តែម្ដងមិនថាការពន្យារកំណើត មិនថាថ្នាំលេប ឬពិនិត្យសុខភាពពិនិត្យផ្ទៃពោះអ្វីទេ»។
អង្គការទន្លេគ្លីនិក-កម្ពុជាទទួលព្យាបាលជំងឺទូទៅនិងទៅតាមកម្រិតជំងឺ។ ក្នុងករណីធ្ងន់ធ្ងរ អង្គការនឹងបញ្ជូនអ្នកជំងឺទៅពេទ្យដែលនៅជិតតាមរយៈការសហការជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្ត។
លោកស្រីប្រធានការិយាល័យអង្គការទន្លេគ្លីនិក-កម្ពុជាបានបញ្ចាក់បន្ថែមថា៖ «បើករណីទាក់ទងនឹងអ្នកជំងឺកុមារនិងបញ្ចូលទៅមន្ទីរពេទ្យខេត្ត ឬមន្ទីរពេទ្យគន្ធបុប្ផា ដោយមានលិខិតបញ្ជូនអ្នកជំងឺត្រឹមត្រូវនិងដឹងជញ្ជូនគាត់តាមរយៈទូក និងឡានរបស់អង្គការ»។
សព្វថ្ងៃ អង្គការមានគ្រូពេទ្យប្រចាំការចំនួន៩នាក់ ដែលនៅចាំផ្ដល់សេវាព្យបាលតាមគោលដៅ ព្រមទាំងពេទ្យចុះកម្មសិក្សានិងពេទ្យស្ម័គ្រចិត្តផងដែរ។
ស្ទើរតែគ្រប់គ្រួសារនៅក្នុងតំបន់ដែលអង្គការចុះទៅព្យាបាលពួកគាត់បានរក្សាទុកលេខទូរសព្ទទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យប្រចាំការ ដើម្បីងាយស្រួលក្នុងករណីមានបញ្ហាសុខភាពណាមួយ។
លោកស្រី ចាន់ថា បានឱ្យដឹងថា៖ «អ្នកដែលរស់តាមតំបន់នោះគាត់មានលេខទូរសព្ទអង្គការ ឬវេជ្ជបណ្ឌិតរបស់យើងនៅក្នុងភូមិគាត់ហើយហើយយើងមានក្រុមមួយទៀត គឺក្រុមសហគមន៍គាត់តែងតែដើរតាមផ្ទះមើលអ្នកជំងឺមួយចំនួន ដែលដេកឈឺនៅលើផ្ទះនិងមានការរាយការណ៍មកកាន់អង្គការ ឬទៅកាន់វេជ្ជបណ្ឌិតផ្ទាល់ឱ្យចុះទៅពិនិត្យព្យាលបាលនៅនឹងកន្លែងតែម្ដង»។
អង្គការទន្លេគ្លីនិកកម្ពុជាធ្វើការព្យាបាលនៅលើផែបណ្តែតទឹកនៅតាមគោលដៅនៃខេត្តសៀមរាបចំនួន ២ ទីតាំង និងខេត្តកំពង់ធំចំនួន៣ ទីតាំង ។
លោកស្រី ចាន់ថា បានបន្តថា៖ «អង្គការទន្លេគ្លីនិកកម្ពុជាមានចំណតផែបណ្តែតទឹកតូចៗសម្រាប់ទទួលព្យាបាលអ្នកជំងឺនៅខេត្តសៀមរាបចំនួន ២ចំណតផែ នៅក្នុងភូមិមាត់ខ្លា និងភូមិស្ទឹងជ្រៅ ចំណែកខេត្តកំពង់ធំមានចំណតផែ ចំនួន៣ គឺភូមិពេជ្រចក្រី ភូមិពាមបាង និងភូមិខ្សាច់ជីរស់»។
នៅខេត្តកំពង់ធំ អង្គការប្រតិបត្តិការចុះពិនិត្យព្យាបាលជំងឺចំនួន៦ ភូមិ គឺភូមិពៅវើយ ភូមិពេជ្រចក្រី ភូមិពាមបាង ភូមិបាឡតនិងភូមិដូនស្តើង ឃុំពាមបាង ស្រុងស្ទោង (ការិយាល័យស្រុកប្រតិបត្តិស្ទោងមណ្ឌលសុខភាពម្សាក្រង) ព្រមទាំង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោស្រុកកំពង់ស្វាយ (ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កំពង់ធំមណ្ឌលសុខភាពកំពង់គោ)។
ដោយអង្គការទន្លេគ្លីនិកកម្ពុជាមើលឃើញថា នៅតំបន់ស្ទឹងសែន ខេត្តកំពង់ធំ មានអ្នកជំងឺច្រើន និងមិនមានការផ្លាស់ប្ដូរទីតាំងរស់នៅខុសពីអ្នកភូមិបណ្ដែតទឹកមួយចំនួនដែលរស់នៅក្នុងខេត្តសៀមរាបនោះទើបអង្គការសម្រេចដាក់ទីតាំងគ្លីនិកប្រចាំការ ដើម្បីចុះធ្វើសកម្មភាពជួយសង្គ្រោះនិងព្យាបាលជំងឺ។
ចំណែកគ្លីនិកដែលស្ថិតនៅចំណតផែផ្សេងៗទៀតជារៀងរាល់សប្ដាហ៍ ក្រុមគ្រូពេទ្យបានចុះចល័តទៅតាមភូមិគោលដៅ ដោយមិនមានការប្រចាំការនៅទីតាំងផ្ទាល់ដូចទៅនៅភូមិខ្សាច់ជីរស់ តាមដងស្ទឹងសែន ខេត្តកំពង់ធំនោះទេ។
លោកស្រី ចាន់ថា បានបញ្ជាក់ថា៖ «យើងដាក់គ្លីនិកប្រចាំមួយកន្លែងនៅភូមិខ្សាច់ជីរស់ ខេត្តកំពង់ធំដោយសារខាងហ្នឹងសម្បូរអ្នកជំងឺ ហើយនៅរៀងរាល់ថ្ងៃ ច័ន្ទដល់ថ្ងៃពុធយើងមានពេទ្យយើងមួយក្រុម មានឈ្មោះថាក្រុមទន្លេ ចុះទៅទាំង ២ខេត្ត។ នៅខេត្តសៀមរាបយើងចុះទៅភូមិមាត់ខ្លាភូមិស្ទឹងជ្រៅ ឯនៅកំពង់ធំ ភូមិពៅវើយ ភូមិពេជ្រចក្រី ភូមិពាមបាងភូមិបាឡត ភូមិដូនស្ដើង ចំណែកមួយក្រុមទៀតដែលមានឈ្មោះថា ក្រុមស្ទឹងសែនចុះនៅភូមិខ្សាច់ពីរស់ នៅរៀងរាល់ថ្ងៃអង្ការ ដល់ថ្ងៃព្រហស្បតិ៍»។
រៀងរាល់ពេលចុះទៅតាមភូមិនីមួយៗអង្គការទន្លេគ្លីនិកតែងតែផ្ដល់ដំណឹងទៅឱ្យមេភូមិមេឃុំនៅទីនោះដឹងមុនមួយសប្តាហ៍ដើម្បីឱ្យមេភូមិប្រកាសដំណឹងនេះទៅកាន់ដែលមានជំងឺនៅក្នុងភូមិមកទទួលសេវាពិនិត្យសុខភាពដោយពុំបង់ប្រាក់។
លោកស្រី ឃឹម ចាន់ថា បានប្រាប់បន្តថា៖«នៅក្រៅពីការពិនិត្យនិងព្យាបាលអ្នកជំងឺនៅក្នុងតំបន់មួយចំនួននៃបឹងទន្លេសាបហើយអង្គការទន្លេគ្លីនិកក៏មានសកម្មភាពជាច្រើនដូចជាចុះអប់រំអ្នករស់នៅតំបន់ភូមិបណ្ដែតទឹក ការថែទាំសុខភាពតាមផ្ទះមានការចែកជូនធុងចម្រុះទឹកស្អាត ផ្ដល់គ្រាប់ពូជ និងបច្ចេកទេសដាំដំណាំលើសួនបណ្ដែតទឹកផងដែរ»។
នាពេលអនាគត អង្គការមានគម្រោងទៅកាន់ភូមិដទៃទៀត ដែលនៅខ្វះខាតសេវាថែទាំទាំងនេះដើម្បីពង្រីកសេវាកម្មថែទាំសុខភាពឱ្យបានកាន់តែធំទូលាយជាងមុន។
បច្ចុប្បន្នអង្គការទន្លេគ្លីនិក-កម្ពុជាមានផលលំបាកទៅលើថវិការទ្រទ្រង់អង្គការដោយមានការចំណាយច្រើនទៅលើថ្នាំសង្កូវ សម្ភារៈ និងការធ្វើដំណើរជាដើម។ ការរ៉ាប់រងការចំណាយនាពេលនេះគឺបានមកពីថវិកាសប្បុរសធម៌ ដែលត្រូវបានបរិច្ចាគទៅកាន់មូលនិធិរបស់អង្គការប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពីលោកស្រី ឃឹម ចាន់ថានៃអង្គការទន្លេគ្លីនិក-កម្ពុជា។
ព័ត៌មានបន្ថែម ឬសម្រាប់ការបរិច្ចាគទ្រទ្រង់អង្គការទន្លេគ្លីនិក-កម្ពុជាសូមទាក់ទងទៅកាន់លេខទូរសព្ទ ០១២៣៩០១១៨ ទំព័រហ្វេសប៊ុក The Lake Clinic Cambodia ឬវិបសាយ www.lakeclinic.org៕
កម្មវិធី «មហោស្រពអក្សរសិល្ប៍ខ្មែរ»បានវិលមកជាថ្មីនៅថ្ងៃទី ១ ដល់ ថ្ងៃទី ៣ខែវិច្ឆិកា ជាមួយការតាំងពិព័រណ៍សៀវភៅ ការប្រកួតតែងនិពន្ធនិងការសម្ដែងសិល្បៈកម្សាន្តដ៏សប្បាយរីករាយ នៅទឹកដីក្រុងកំពង់ចាម។
ក្រោយពីទទួលបានភាពជោគជ័យជាច្រើនឆ្នាំបន្តបន្ទាប់ជាប់ៗគ្នាកម្មវិធី «មហោស្រពអក្សរសិល្ប៍ខ្មែរ» បានឈានដល់ឆ្នាំទី ៧ នេះហើយ។ ប្រធានបទសម្រាប់ឆ្នាំ២០២៤នេះគឺ «អក្សរសិល្ប៍បៃតង» ចំពេលដែលពិភពលោកកំពុងចាប់អារម្មណ៍រឿងបរិស្ថានកិច្ចការអភិរក្សធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
មហោស្រពអក្សរសិល្ប៍ខ្មែរត្រូវបានបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧មកម្ល៉េះក្នុងគោលបំណងបីធំៗគឺ៖ ទីមួយបណ្ដុះស្មារតីស្នេហាអក្សរសាស្ត្រជាតិ ទី២ លើកកម្ពស់នូវកិត្តិយសនិងគុណតម្លៃរបស់អ្នកនិពន្ធ និង ទី៣ បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធនិងវិស័យបោះពុម្ពនិងអក្សរសិល្ប៍។
ទីតាំងចំនួន ៣ ដែលនឹងមានការប្រារព្ធមហោស្រពនេះរួមមានវិទ្យាល័យព្រះសីហនុ វិទ្យាល័យហ៊ុនសែន កំពង់ចាមនិងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។
ការប្រារព្ធកម្មវិធីដោយជ្រើសរើសទឹកដីខេត្តកំពង់ចាមលើកនេះ មានទំនាក់ទំនងជាមួយស្នាដៃនិពន្ធរបស់ទូតសុច្ឆន្ទៈទី១ នៃមហោស្រពអក្សរសិល្ប៍ខ្មែគឺអ្នកនិពន្ធជើងចាស់ ជុត ខៃ។
អ្នកនិពន្ធវ័យ ៨៤ឆ្នាំរូបនេះបានរំឭកប្រាប់ថា៖ «ពេលខាងមុខនឹងមានការតាំងពិព័រណ៍សៀវភៅរបស់ខ្ញុំផងដែរ។កាលពី ៧០ឆ្នាំមុន ខ្ញុំរៀននៅវិទ្យាល័យព្រះសីហនុ សៀវភៅរបស់ខ្ញុំខ្លះដូចជា [រឿង]អស្ដង្គតនៃប្រជាជាតិមួយ [រឿង] ក្មេងវត្តសម័យបារាំង គឺរៀបរាប់ជាពិសេស ខេត្តកំពង់ចាមនេះតែម្ដង»។
សិល្បការិនី ស៊ីនសេដ្ឋសុជ្ឈតា ដែលជាទូតសុច្ឆន្ទៈទី ២នៃមហោស្រពអក្សរសិល្ប៍លើកទី ៧ មានចំណាប់អារម្មណ៍ថា ខ្លួនពិតជាមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសម្រាប់មហោស្រពអក្សរសិល្ប៍ខ្មែរឆ្នាំ ២០២៤។
ចៅស្រីអធិរាជសម្លេងមាសរូបនេះបានបន្តទៀតថា៖ «ក្នុងនាមខ្ញុំជាសិល្បករផ្នែកចម្រៀង និងអ្នកនិពន្ធបទចម្រៀងតួនាទីមួយនេះមានអត្ថន័យជាពិសេសដែលអនុញ្ញាតឱ្យខ្ញុំបញ្ចូលគ្នានូវសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះសិល្បៈជាមួយមរតកអក្សរសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា»។
សិល្បការិនី ស៊ីនសេដ្ឋសុជ្ឈតា បាននិយាយថា៖ «នាងខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយសហគមន៍យើង ដើម្បីរំលេចនិងចែករំលែកសំឡេងដ៏គួរឱ្យកត់សម្គាល់ក៏ដូចជាដើម្បីឈ្វេងយល់បន្ថែមអំពីរឿងរ៉ាវនៃអក្សរសាស្ត្រខ្មែរ។ សូមអរគុណសម្រាប់ឱកាសដ៏មានអត្ថន័យមួយនេះ!»។
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៧ ឆ្នាំ២០២៤ មានរយៈពេលចំនួន ៣ថ្ងៃដោយកម្មវិធីពិសេសៗជាច្រើនដូចជា៖មហោស្រពកំណាព្យតូច, កម្មវិធីណែនាំសៀវភៅ «រលកថ្មី៖ ស្នាដៃអក្សរសិល្ប៍ពី ២០២១ដល់ ២០២៣», ពិព័រណ៍ «បៃតង», សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ, វេទិកាពិភាក្សា «តួនាទីប្រតិបត្តិករវប្បធម៌ក្នុងការលើកកម្ពស់និងចូលរួមការពារបរិស្ថាន», អំណានតាមទីតាំងជាក់លាក់ស្ដីអំពីខេត្តកំពង់ចាម, វេទិកាសេរី «អំណានបៃតង», ទស្សនកិច្ចវប្បធម៌, កិច្ចពិភាក្សា «ជំនួបអ្នកនិពន្ធនៅកំពង់ចាម», សិក្ខាសាលា «បណ្តាំមួយនៃកវីឃុនស្រ៊ុន», ប្រឡងសំណេរបៃតង, ប្រកាសជ័យលាភីស្នាដៃអក្សរសិល្ប៍ច្នៃប្រតិដ្ឋនិងសិល្បៈទស្សនីយភាពចម្រុះ(របាំប្រជាប្រិយ, ចាប៉ីដងវែង, ល្ខោនខោល, អាយ៉ៃ 5G នាងស៊ូស៊ូ, ល្ខោនបាសាក់, និងចាប៉ីដងវែង)៕
ស្ថិតក្នុងព្រះជន្មត្រឹមតែ ១២ព្រះវស្សា ព្រះនាង នរោត្តម ជេនណា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយសមត្ថភាពពហុសិល្បៈទាំងបុរាណនិងសម័យ ទាំងតន្ត្រី ក្បាច់រាំ ច្រៀង និងការសម្ដែងភាពយន្តផងដែរ។
ព្រះនាងត្រូវបានគេកោតសរសើរស្ញប់ស្ញែងដោយសារតែទ្រង់មានរូបរាងស្អាត ចេះនិយាយបានច្រើនភាសា និងពិសេសទេពកោសល្យក្នុងការសម្ដែងតាមរយៈការប្រឡូកក្នុងវិថីសិល្បៈតាំងពីវ័យ ៦ឆ្នាំ។
ព្រះនាងមានអ្នកតាមដានជិត ៣លាននាក់នៅ TikTok និងចំនួនមួយលានទៀតនៅលើ YouTube។
ក្រៅពីមានភាពល្បីល្បាញនៅក្នុងប្រទេសកំណើតព្រះនាង ជេនណា ក៏ទទួលបានឋានៈជាតារាល្បីនៅក្នុងប្រទេសចិនផងដែរបន្ទាប់ពីបានសម្តែងបទចម្រៀងចិនលើទូរទស្សន៍រដ្ឋ CCTV កាលពីចុងឆ្នាំ ២០២៣។ គណនី Weibo របស់ព្រះនាងដែលទើបតែបើកក្នុងខែកញ្ញាបានទាក់ទាញអ្នកគាំទ្រជាង ២ម៉ឺននាក់រួចទៅហើយ។
ថ្មីៗនេះ ព្រះនាង ជេនណា ត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយជាថ្មីម្តងទៀតអំពីអនាគតលើវិថីតន្ត្រី K-pop បន្ទាប់ពី SET News របស់តៃវ៉ាន់នៅថ្ងៃទី ១៤ ខែតុលា បានរាយការណ៍ថា ជំហានបន្ទាប់របស់ព្រះនាងគឺការក្លាយជាអ្នកហ្វឹកហាត់ត្រៀមរះចែងចាំងក្នុងនាមតារា K-pop។
ដំណឹងនេះត្រូវបានផ្សព្វផ្សាយឡើងវិញយ៉ាងទូលំទូលាយនៅក្នុងគេហទំព័រកម្សាន្តរបស់កូរ៉េខាងត្បូងដោយអ្នកខ្លះបានលើកឡើងថា រាជវង្សខ្មែរដែលមានទេពកោសល្យមកពីអាស៊ីអាគ្នេយ៍អាចក្លាយជាអ្នកស្នងតារាស្រីលំដាប់កំពូល លីហ្សា (Lisa) នៃក្រុម Blackpink។
ប៉ុន្តែក្រុមគ្រប់គ្រងរបស់ ព្រះនាងជេនណា បានបដិសេធថា ព្រះនាងមិនបានគិតគូរដល់ការក្លាយជាតារា K-pop ឡើយ។
នៅក្នុងការបង្ហោះក្នុងបណ្ដាញសង្គមចិន Weiboនៅថ្ងៃទី ១៥ ខែតុលា ដែលក្រោយមកត្រូវបានលុបចេញវិញនោះជាព័ត៌មានដែលអះអាងថា ព្រះនាង ជេនណា បានទទួលការអញ្ជើញពីទីភ្នាក់ងារកម្សាន្តកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៣ ប៉ុន្តែព្រះនាងបានបដិសេធសំណើនេះ។
ការបង្ហោះនោះបានសរសេរថា៖«ព្រះនាង ជេននណា នឹងមិនធ្វើជាអ្នកហ្វឹកហាត់ K-pop នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ»។
នៅក្នុងសារផ្ទាល់ខ្លួនរបស់ព្រះនាងទ្រង់បានលើកឡើងពីព្រះហឫទ័យស្រឡាញ់តន្ត្រី ហើយព្រះនាងកំពុងធ្វើការលើអាល់ប៊ុមចម្រៀងភាសាចិនកុកងឺដំបូងរបស់ទ្រង់។
ក្រៅពីការច្រៀង ព្រះនាងមានព្រះបន្ទូលថាចង់ផ្ដោតលើការសិក្សាដែរ ហើយក៏គ្មានគម្រោងក្លាយជាអ្នកហ្វឹកហាត់ក្នុងឧស្សាហកម្មចម្រៀង K-pop នៅកូរ៉េខាងត្បូងដែរ។
ប្រសូតនៅឆ្នាំ ២០១២ ព្រះនាង ជេនណាត្រូវជាចៅស្រីបង្កើតរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងជាចៅទួតរបស់ព្រះបរមរតនកោដ្ឋ សម្តេចនរោត្តម សីហនុ។ ព្រះមាតាបិតាព្រះនាងគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តមបុប្ផារី និងព្រះស្វាមីជនជាតិបារាំង។
ព្រះនាង ជេនណា បានសិក្សាល្ខោនអូប៉េរ៉ានៅសាលាសិល្បៈតន្ត្រីក្នុងទីក្រុងភ្នំពេញហើយទ្រង់អាចនិយាយភាសាបារាំង ខ្មែរ ថៃ ចិន និងអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន South China Morning Post។
ក្នុងវ័យ ៦ឆ្នាំ ព្រះនាងបានចូលប្រឡូកក្នុងវិថីសិល្បៈខ្មែរដោយសម្តែងក្នុងរឿងភាគទូរទស្សន៍ជាច្រើន។
ព្រះនាងបានឈ្នះពានជាតារាសម្ដែងចំណូលថ្មីល្អបំផុតក្នុងមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២សម្រាប់ភាពយន្តភ័យរន្ធត់កម្ពុជារឿងបណ្ដាសារនាងរាត្រី (The Night Curse Of Reatrei, 2024)។
នៅឆ្នាំ ២០២២ ព្រះនាង ជេនណា បានចុះកុងត្រាជាមួយផលិតកម្ម K've Entertainment ដែលជាភ្នាក់ងារកម្សាន្ត K-pop នៅកម្ពុជា។
ព្រះនាងបានបង្ហោះវីដេអូរាំបទក្រុមចម្រៀងនារី Aespa's Next Level និងបទ Pretty Savageរបស់ Blackpink ដោយទទួលបានការចូលមើលកន្លះលាននៅលើ YouTube ។
ក្នុងឆ្នាំ ២០២២ ព្រះនាងក៏បានសម្តែងបទចម្រៀងបែប K-popដែលនាងបានសរសេរថា The First Day Without You នៅមហោស្រពតន្ត្រីកូរ៉េ-កម្ពុជា។
ព្រះនាងបានប្រាប់សារព័ត៌មានកូរ៉េខាងត្បូង YTNក្នុងឆ្នាំ ២០២៣ ថា៖ «ខណៈពេលដែលកំពុងមើលតារា K-pop ច្រៀង និងរាំ ខ្ញុំចូលចិត្តអ្វីៗទាំងអស់អំពីវា...ខ្ញុំចូលចិត្ត K-pop ព្រោះវាទំនើបនិងប្លែក ស្វាហាប់ និងចែកចាំងស្រស់បំព្រង»។
វីដេអូជាច្រើនរបស់ ព្រះនាង ជេនណាច្រៀងជាភាសាផ្សេងៗក៏ត្រូវបានចែករំលែកយ៉ាងផុសផុលលើ YouTube។ នៅក្នុងឆ្នាំ ២០២២ ពេលដែលព្រះនាងច្រៀងបទ At My Worst របស់តារាចម្រៀងអាមេរិក Pink Sweats វីដេអូរបស់ព្រះនាងទទួលបានការចូលមើលចំនួន ២៣ លានដង។វីដេអូព្រះនាងច្រៀងបទ You Exist In My Son ជាបទរបស់តារាចម្រៀងចិន Qu Wanting ក៏ទទួលបានចំនួនចូលមើលជិត ៣០ ម៉ឺនដងផងដែរ៕
ប្រភព៖ Asia News Network/The Straits Times
កំពង់ឆ្នាំង: ឆ្លៀតពេលទំនេរពីការងារ លោក វន សុវី គឺជាបុរសម្នាក់មានចំណង់ចំណូលចិត្តក្នុងការកែច្នៃរបស់ចាស់ៗដែលគេបោះបង់ចោលទៅជារបស់មានសោភ័ណភាពក្នុងបំណងអភិរក្សវត្ថុតាំងវប្បធម៌មរតកពីដូនតាឱ្យបន្តរស់រានសម្រាប់ក្មេងៗជំនាន់ក្រោយ។
មូលហេតុដែលប្រជាជនមួយចំនួនបានបោះបង់ទូកត្នោតហើយងាកមកប្រើប្រាស់ទូកស្មាច់ជំនួសវិញ ដោយសារតែទូកស្មាច់ស្រាលហើយងាយស្រួលទុកដាក់។
ស្របពេលដែលលោកសម្គាល់ឃើញថាប្រជាជនខ្មែរបានងាកមកប្រើប្រាស់ទូកស្មាច់ និងបោះបង់ទូកត្នោតចោល ស្ថាបនិកសិប្បកម្មរូបនេះបានចាប់ផ្ដើមប្រមែប្រមូលទូកត្នោតចាស់ៗយកមកកែច្នៃជាគ្រឿងតាំងលម្អរំលេចដានប្រវត្តិសាស្ត្រនៃយានជំនិះជាមធ្យោបាយធ្វើដំណើរផ្លូវទឹកពីបរមបុរាណខ្មែរ។សិប្បកម្មរបស់លោកក៏រួមចំណែកផ្ដល់ការងារដល់សិស្ស-និស្សិតទំនេរពីការសិក្សាផងដែរ។
លោកបានប្រាប់សារព័ត៌មានSR News យ៉ាងដូច្នេះថា៖ «សិប្បកម្មនេះបង្កើតឡើងនៅឆ្នាំ២០២០ ។ ពេលនោះខ្ញុំបានចុះទៅតាមភូមិនៅស្រុកស្រែចម្ការខ្ញុំបានឃើញទូកត្នោតដែលគេបោះបង់ចោល ដែលទូកត្នោតទាំងនោះទូកខ្លះនៅប្រើបាននិងទូកខ្លះប្រើមិនបាន»។
លោកបានបន្តទៀតថា៖«ខ្ញុំក៏បានសាកល្បងប្រមូលទូកត្នោតទាំងនោះមកកែច្នៃលមើលពេលនោះ ក៏មានការផ្ទុះចាប់អារម្មណ៍ខ្លាំង ទើបខ្ញុំចាប់ផ្តើមប្រមូលទិញទូកត្នោតលក្ខណៈទ្រង់ទ្រាយធំតែម្ដង»។
ការផលិតនេះទៀតសោត លោកសុវីមិនបានទៅកាប់គាស់ខ្លួនឯងនោះទេគឺលោកយកតែទូកដែលគេបោះបង់ចោល ប្រភេទទូកចាស់ៗឬក៏ទូកដែលគេធ្វើរួចហើយបាន៥០-៦០ភាគរយ ប៉ុណ្ណោះយកមកកែច្នៃ។
ម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ថា៖«ខ្ញុំមិនបានចូលរួមក្នុងការកាប់បំផ្លាញ់ដើមត្នោតនោះទេ»។
លោកបានឱ្យដឹងទៀតថា៖«ដើមត្នោត ដែលមានអាយុលើសពី១០ឆ្នាំទៅវាមានខ្លឹមល្អពេល យកមកធ្វើទូកនោះរឹងមាំប្រើបានយូរតែបើដើមត្នោតនៅស្ទើរ ពេលយកមកធ្វើទូក វាប្រើមិនបានយូរនេះទេឆាប់ពុកផុយ»។
ទូកត្នោតដែលលោកបានកែច្នៃរួចហើយអាចយកទៅប្រើប្រាស់សម្រាប់ដាក់តាំងលម្អដាំផ្កា ឬចិញ្ចឹមត្រីក្រឹម នៅតាមភោជនីដ្ឋាន គេហដ្ឋាន ឬតាមពិធីជប់លាងផ្សេងៗដោយគេនិយមយកទៅដាក់ទឹកកកត្រាំភេសជ្ជៈបានទៀតផង។ដំណើរការកែលម្អទូកនិមួយៗលោកត្រូវចំណាយរយៈពេលពីរទៅបីថ្ងៃ។
លោកបាននិយាយថា៖ «ចំពោះទូកដែលជាផលិតផលពាក់កណ្តាលសម្រេចនេះគឺយើងត្រូវ មកហាលថ្ងៃឲ្យស្ងួតទើបយើងចាប់ធ្វើទូកបាន»។
ទោះបីជាការកែច្នៃទូកត្នោតចាស់ៗពុំមានអ្វីជាឧបសគ្គតែលោកត្រូវទិញជើងទម្រពីកន្លែងផ្សេងដើម្បីផ្ដល់លំនឹងដល់ទូកសម្រាប់ការដាក់តាំងលម្អ។
ទូកត្នោតចាស់ៗត្រូវបានលោកប្រមូលទិញស្ទើរតែពីគ្រប់ខេត្តក្រុង។ទូកត្នោតដែលលោកបានកែច្នៃរួចហើយអាចមានតម្លៃចាប់ពី១៥០ដុល្លារទៅតាមប្រភេទទូកខ្លីវែង ឬទូកតូច ទូកធំ។
នៅក្នុង១ខែៗលោកសុវី អាចរកចំណូលបានចន្លោះ៥00 ដុល្លារដល់១000 ដុល្លារ។ ក្នុងខែដែលលោកលក់ដាច់ខ្លាំងលោកអាចរកចំណូលបានរហូតទៅដល់២០០០-៣០០០ដុល្លារឯណោះ។
លោកអាចលក់ទូកត្នោតបានច្រើនបំផុតចន្លោះពេលពិធីបុណ្យអុំទូករហូតដល់ចូលឆ្នាំខ្មែរដោយវាជារដូវកាលមានតម្រូវការខ្ពស់ចំពោះការទិញគ្រឿងដាក់តាំងលម្អ។
លោកបាននិយាយថា៖ «ភាគច្រើនគេយកទូកត្នោតនេះ យកទៅតាំងលម្អជាមួយនឹងរទេះគោដែលតាំងនៅតាមភោជនីយដ្ឋានឬក៏នៅតាមក្រសួង មន្ទីរ មួយចំនួន»។
នៅថ្ងៃអនាគតសិប្បកម្មរបស់លោក ក៏មានបំណងពង្រីកនិងកែច្នៃទូកត្នោតចាស់ៗឲ្យមានគុណភាពកាន់តែល្អដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ខ្មែរនៅក្រៅប្រទេស និងអតិថិជនបរទេសដែលស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរផងដែរ។
សិប្បកម្មរបស់លោកសុវី ស្ថិតនៅភូមិស្មែត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ព័ត៌មានបន្ថែមពីសិប្បកម្មនេះ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុក កំពង់ឆ្នាំងលក់រទេះគោតាំង លម្អ(https://www.facebook.com/profile.php?id=100063278285867:) និងទំនាក់ទំនងទូរសព្ទលេខឬតេលេក្រាម ០៨៧ ៥៤៩ ០៦១៕
កណ្ដាល: អ្នកដែលស្ដាប់រឿងរ៉ាវបុណ្យកឋិនអាចធ្លាប់ឮគេនិយាយតៗគ្នាថា អ្នកទូលត្រៃ ទាល់តែមានវ័យចំណាស់បន្តិចហើយអ្នកមានវ័យក្មេងទូលត្រៃគឺជារឿងអភ័ព្វទៅវិញ។ ទោះជាការតំណាលតៗគ្នាពុំមានប្រភពច្បាស់លាស់តែជំនឿក្មេងមិនអាចទូលត្រៃកឋិនទាននេះ នៅបន្តដិតដាមក្នុងសង្គមពុទ្ធសាសនាខ្មែរ។
កន្លងមក ព្រះសង្ឃនិងមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការក៏ធ្លាប់បានច្រាលចោលបម្រាមក្មេងទូលត្រៃកឋិននេះផងដែរ។
យោងតាមព្រះចៅអធិការហោ ម៉េងខេង នៃវត្តមហាសាគរកោះប្រាំរយ (ហៅ បឹងប្រាំរយ)ដែលស្ថិតនៅស្រុកស្អាងខេត្តកណ្តាល បុណ្យកឋិនទាន ប្រារព្វចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើតខែកត្តិក មានរយៈពេល ២៩ថ្ងៃ។
ពិធីនេះអាចធ្វើបានគ្រប់វ័យឲ្យតែបុគ្គលនោះមានប្រាក់កាសធនធានគ្រប់គ្រាន់ដើម្បីរៀបចំ។
ព្រះអង្គមានសង្ឃដីកាបញ្ជាក់ប្រាប់សារព័ត៌មានSR News យ៉ាងដូច្នេះថា៖ «ពាក្យចចាមអារ៉ាម ដែលថា ក្មេងៗមិនអាចទួលត្រៃបានទេព្រោះបណ្ដាលឲ្យមានគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់ ឬអាយុខ្លី ជាដើមជាពាក្យដែលមិនពិតនោះទេ។ ចំពោះការទូលត្រៃនេះ អាចទូលបានមិនប្រកាន់ចាស់ឬក្មេង ឡើយ»។
ព្រះអង្គក៏សំណូមពរឱ្យឈប់បន្តប្រើពាក្យនេះបន្តទៀត។
ដូចគ្នានេះដែររដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ លោកញៀន ភឿន ត្រូវបានដកស្រស់ប្រសាសន៍ដោយទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKPថា តាមពិតទៅអ្នកមានវ័យប៉ុន្មានក៏អាចធ្វើបុណ្យនេះបានដែរមិនទាស់ខុសអីទេ។
ក្នុងការចុះផ្សាយកាលពីឆ្នាំ២០២២ លោកបានច្រានចោលមតិថា អ្នកនៅវ័យក្មេងមិនអាចផ្តើមធ្វើបុណ្យកឋិនទានឬទូលត្រៃបានឡើយដែលនាំឱ្យអាយុខ្លីរកស៊ីដាក់ និងជួបគ្រោះចង្រៃផ្សេងៗជាដើម។
លោកបានបញ្ជាក់ច្បាស់ៗថា៖«វាមិនដែលបុណ្យឯណាធ្វើមិនបាន គឺអាចធ្វើបុណ្យកឋិនបានទាំងក្មេងទាំងចាស់ធ្វើបានទាំងអស់ព្រោះបុណ្យប្រែថាសទ្ធាជ្រះថ្លា»។
សម្ដេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៏បានចេញវីដេអូផ្សាយពីវត្តរាជបូណ៌ក្រុងសៀមរាបអំពីជំនឿមិនត្រឹមត្រូវនេះផងដែរ។
ព្រះអង្គមានសង្ឃដីកាថា៖«មានមតិចង្រៃនិយាយថាក្មេងៗទូលត្រៃកឋិនអាយុខ្លីឆាប់ងាប់ បើមិនអ៊ីចឹងទេគេថាវាឆុងធ្វើអ្វីក៏មិនមានដែរ បើមន្ត្រីរាជការធ្វើការក៏មិនឡើងបុណ្យឡើងស័ក្ដិ។ បើនិយាយពីពាក្យអ៊ីចឹងវិញវាកើតមាន ហើយអ្នកជឿនោះជឿហើយជឿងាប់ជឿរស់ថានៅក្មេងមិនទាន់ធ្វើបានទេទាល់តែមានកូន មានដន្លងដងស្នែង មានកូនប្រសា បានធ្វើមេកឋិនបាន»។
ព្រះអង្ឃ ពិន សែមបានស្នើសុំឱ្យលប់ជំនឿនេះចេញ ដោយវាពុំមានទេក្នុងព្រះពុទ្ធសាសនា។
ព្រះអង្គមានសង្ឃដីកាថា៖«អ្នកដែលអាចធ្វើជាមេកឋិននាំសំពត់កឋិនយកទៅប្រគេនប្រសង្ឃបានជាតិជាទេវតាក៏នាំបាន ជាមនុស្សក៏បាន មនុស្សអត់គិតថាមនុស្សស្រី មនុស្សប្រុសចាស់ក្មេងអីទេ។ នរណាក៏ដោយ អាយុប៉ុន្មានក៏ដោយឱ្យតែមានសទ្ធាជ្រះថ្លាក៏អាចធ្វើកឋិនបានដែរ»។
ឆ្នាំនេះបន្ទាប់ពីបុណ្យចេញវស្សាបុណ្យកឋិនទានចាប់ផ្ដើមពីថ្ងៃទី ១៨ ខែតុលា រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់។ពុំមានទីវត្ដណាមួយ ត្រូវបានខកខានឡើយ។
យោងតាមសំណេរភិក្ខុតេជវរោ ថាច់ដេវ គង់នៅវត្តផ្នោដូងលើគេហទំព័រ WordPressពាក្យថា «កឋិន» ជាភាសាបាលីសំដៅយកក្របក្ដារដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើ សម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា «សំពត់កឋិន។
ព្រះចៅអធិការវត្តមហាសាគរកោះប្រាំរយនៅស្រុកស្អាងក៏មានសង្ឃដីកាបន្ថែមទៀតថា បើទីវត្តអារាមណាមួយមិនមានកឋិនទានហែចូលទេនោះ គណៈកម្មការវត្ត ត្រូវតែប្រមូលកៀរគរពុទ្ធបរិស័ទចំណុះជើងវត្តដើម្បីប្រារព្វពិធីដង្ហែកឋិនទានចូលវត្តដែរ ។
កម្មវិធីហែអង្គកឋិនទានចូលទៅទីវត្តអារាមនីមួយៗតែងត្រូវបានរៀបចំយ៉ាងអធិកអធមនិងមានភាពសប្បាយរីករាយបំផុត។ អ្នកផ្ដើមបុណ្យបានរៀបចំគ្រឿងបរិក្ខាកឋិនទានមានដូចជា ត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រជាដើមដើម្បីហែចូលទីអារាម ដែលបានកំណត់ ។
នៅក្នុងកម្មវិធីបុណ្យកឋិននេះមានមនុស្សម្នាប្រុសស្រី ក្មេងចាស់ តែងខ្លូន លាបម្សៅ ស្លៀកពាក់ថ្មីៗ ចម្រុះពណ៌គ្នាក្នុងការហែនេះ គេក៏មានការប្រគំភ្លេងឆៃយ៉ាំ ដែលបង្កឲ្យមាន បរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង ។
លុះរសៀលជ្រៀលជ្រេរបន្ដិចទើបនាំគ្នាដង្ហែ អង្គកឋិនទានព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងព្រះវិហារ ហើយវេរអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ៕
ភ្នំពេញ៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដែលត្រូវបានអភិវឌ្ឍមកប្រមាណ៥០ឆ្នាំមកហើយនោះ ត្រូវបានបែកចែកជា ៣ កម្រិត គឺ Narrow AI, General AI, and Super AI។
ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«មគ្គទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា»បានប្រមូលផ្តុំតំណាងមកពីប្រទេសអាស៊ានទាំង ១០ កាលពីថ្ងៃទី ១៧ តុលា លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើងពីកម្រិតបញ្ញារបស់ AI នេះ។
លោកបានពន្យល់ថា៖«AI កម្រិតទាប ឬ Narrow AI មានន័យថាវាឆ្លាតលើរបស់មួយប៉ុណ្ណោះ ដែលយើងបង្រៀនវា។ AI កម្រិតឆ្លាតដូចមនុស្សឬ General AI មានសមត្ថភាពដូចមនុស្សដែលអាចសិក្សាពីបរិស្ថានជុំវិញ និងបង្កើតជាចំណេះដឹងខ្លួនឯង។វាអាចបង្កជាហានិភ័យច្រើន។ មួយទៀតគឺ Super AIដែលសមត្ថភាពវាឆ្លាតលើសមនុស្ស។ ការអភិវឌ្ឍ AI បច្ចុប្បន្នមានកម្រិតទាប តែជិតដល់កម្រិតដូចមនុស្សហើយ ដែលអាចដល់ឆ្នាំ២០៣០ ឬ ២០៥០»។
លោក ខូវ មករារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានលើកឡើងថាបញ្ញាសិប្បនិម្មិតមិនមែនជារឿងថ្មីទេ។ ប៉ុន្តែពិភពលោកកំពុងបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅកាន់ AI ជំនាន់ថ្មី ជាពិសេសជាមួយនឹងការកើនឡើងនៃបច្ចេកវិទ្យា ដូចជា ChatGPT ដែលបានឈានដល់អ្នកប្រើប្រាស់ ១០០លាននាក់ក្នុងរយៈពេលត្រឹមតែពីរខែនៃការចេញផ្សាយរបស់វានៅក្នុងខែកញ្ញាឆ្នាំ ២០២២។
លោកបានលើកឡើងពីការសិក្សាមួយរបស់ McKinsey ដែលព្យាករណ៍ថាការសិក្សារបស់ McKinsey ថា Generative AI អាចចាក់បញ្ចូល ២,៦-៤,៤ ទ្រីលានដុល្លារក្នុងសេដ្ឋកិច្ចពិភពលោកក្នុងមួយឆ្នាំៗ ត្រឹមឆ្នាំ២០៤០ ខណៈការសិក្សារបស់ Kearney បានបង្ហាញថា AI អាចឱ្យ GDP បណ្តាប្រទេសអាស៊ានកើន ក្នុងចន្លោះពី១០ ទៅ១៨ភាគរយត្រឹមឆ្នាំ២០៣០។
លោកបានគូសបញ្ជាក់ពីការទទួលយកយ៉ាងឆាប់រហ័សនៃគំរូភាសាធំ (LLMs) និងAI បង្កើតពហុម៉ូឌុល ដែលប្រើ «prompts» ជាមធ្យមប្រើប្រាស់ (សរសេរការណែនាំចេញ អត្ថបទ រូបភាព សំឡេង វីដេអូនិងកូដ)។
ក្រុមហ៊ុនធំៗ និងពិភពលោកចាប់ផ្តើមវិនិយោគ និង «ប្រណាំង» គ្នា ដើម្បីការពារនិងបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
យ៉ាងណាមិញអាស៊ានទាំង ១០ ប្រទេសបានឯកភាពបង្កើតក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិតមួយហើយក្រុមការងារនេះ បានរៀបចំសេចក្តីព្រាងមគ្គទេសក៍នេះ ដើម្បីតម្រែតម្រង់ការរចនាការអភិវឌ្ឍនិងការដាក់ឱ្យប្រើបញ្ញាសិប្បនិម្មិតបង្កើតមាតិកានៅអាស៊ានឱ្យមានសីលធម៌និងការទទួលខុសត្រូវ។
លោកសិទ្ធិសេរី បានឱ្យដឹងថា៖ «យើងបានឯកភាពគ្នាដាក់ពិគ្រោះយោបល់តាមប្រទេសរៀងៗខ្លួនដូច្នេះ ៩ប្រទេសផ្សេងៗទៀត ក៏ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធរបស់គេដែរ»។
កម្ពុជារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«មគ្គទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា» បានប្រមូលផ្តុំតំណាងមកពីប្រទេសអាស៊ានទាំង១០។
ប្រទេសកម្ពុជាតាមរយៈ MPTC តំណាងឱ្យប្រទេសនៅក្នុងគំនិតផ្តួចផ្តើមក្នុងតំបន់នេះក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខាងសីលធម៌ និងអភិបាលកិច្ចដែលបង្កឡើងដោយបច្ចេកវិទ្យា AI។
លោក សំ សិទ្ធិសេរីអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា។
មហារីកសុដន់ជាកង្វល់ដ៏សំខាន់នៅលើសកលលោកព្រោះវាជាជំងឺដ៏កាចសាហាវបំផុតសម្រាប់ស្ត្រីគ្រប់រូប។ មិនថាតែប្រទេសកម្ពុជានិងប្រទេសផ្សេងៗនៅលើពីភពលោកតួលេខនៃការកើតជំងឺមហារីកសុដន់តែងតែកើនឡើងជារៀងរាល់ឆ្នាំ រីឯភាគរយនៃការព្យាបាលទាន់ពេលវេលានៅមានកម្រិតតិចតួច។ ទោះជាមហារីកសុដន់មិនអាចទប់ស្កាត់បានទាំងស្រុង ប៉ុន្តែមានវិធីមួយចំនួនដែលអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺនេះបាន។
ថ្ងៃនេះSR News និងលើកយកវិធីសាស្ត្រខ្លះៗមកបង្ហាញដល់មិត្តៗនារីដើម្បីជាវិធីក្នុងកាទប់ស្កាត់មិនឱ្យកើតមានជំងឺមហារីកសុដន់៖
១.រក្សាទម្ងន់ឱ្យត្រូវ និងស្តង់ដាររូបរាងរបស់អ្នក
ការឡើងទម្ងន់ខ្លាំងជាពិសេសក្រោយពេលអស់រដូវ បង្កើនហានិភ័យនៃជំងឺមហារីកសុដន់ខ្លាំងបំផុត។ដូច្នេះការរក្សាទម្ងន់ឱ្យមានតុល្យភាពតាមរយៈការញ៉ាំអាហារដែលមានសុខភាពល្អ និងមានវីតាមីនទ្រទ្រង់រាងកាយគ្រប់គ្រាន់ពិតជាអាចជួយកាត់បន្ថយហានិភ័យនៃការកើតមហារីសុដន់បានយ៉ាងមានប្រសិទ្ធភាព។
២.ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការចូលរួមក្នុងសកម្មភាពលេងកីឡាគឺជាផ្នែកមួយនៃការជួយកាត់បន្ថយហានិភ័យនៃកើតជំងឺមហារីកសុដន់។ចូរបង្កើតទម្លាប់ហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន ៣ ឬ ក៏ ៤ដងក្នុងមួយសប្ដាហ៍ ព្រោះថាសកម្មភាពរាងកាយដែលមានការហ្វឹកហាត់កម្លាំងខ្លាំងអាចជួយកាត់បន្ថយនៃការកើតជំងឺមហារីកសុដន់នេះបានផងដែរ។
៣.ជៀសវាងការទទួលទានគ្រឿងស្រវឹង
តាមការសិក្សាបានឱ្យដឹងថាការប្រើប្រាស់គ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់សម្រាប់ស្ត្រីគ្រប់រូបដូច្នេះស្ត្រីគ្រប់រូបគួរតែជៀសវាងការទទួលទានស្រវឹងឬកាត់បន្ថយដោយមានការកំណត់ទទួលត្រឹមត្រូវផងដែរ។
៤.ញ៉ាំអាហារដែលមានសុខភាពល្អ
បង្កើតរបបអាហារដែលសម្បូរទៅដោយផ្លែឈើបន្លែ និងគ្រាប់ធញ្ញជាតិ គឺជាផ្នែកដ៏សំខាន់ក្នុងការជៀសឆ្ងាយពីជំងឺមហារីកសុដន់ជាពិសេសអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាផ្លែប័រ និងស្លឹកបៃតង ដែលអាចជួយការពារពីជំងឺមហារីកសុដន់បាន។អ្វីដែលគួរជៀសវាងគឺប្រភេទអាហារកែច្នៃ (ដូចជាអាហារកញ្ចប់ និងគ្រឿងកំប៉ុង) និងខ្លាញ់មិនល្អ។
៥.សម្រាប់ស្ត្រីមានកូន គួរតែបំបៅទារកដោយទឹកដោះ
ការបំបៅកូនដោយទឹកដោះម្តាយត្រូវបានបង្ហាញថាផ្តល់នូវប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺមហារីកសុដន់បានយ៉ាងមានប្រសិទ្ធភាពជាពិសេសប្រសិនធ្វើការបំបៅកូនក្នុងរយៈពេលមួយឆ្នាំ ឬយូរជាងនេះ។
៦.ជៀសវាងការជក់បារី
ការជក់បារីមានទំនាក់ទំនងទៅនឹងជំងឺមហារីកជាច្រើនប្រភេទរួមទាំងមហារីកសុដន់ ជាពិសេសចំពោះស្ត្រីមុនអស់រដូវ។ ការមិនជក់បារីមិនត្រឹមតែជួយកាត់បន្ថយហានិភ័យមហារីករបស់អ្នកប៉ុណ្ណោះទេថែមទាំងបញ្ចៀសសុខភាពពីការយាយីដោយជំងឺផ្សេងៗទៀតផង ។
៧.ធ្វើតេស្តរកមហារីកសុដន់ ប្រសិនបើអ្នកមានប្រវត្តិគ្រួសារកើតជំងឺមហារីសុដន់
ប្រសិនបើក្នុងគ្រួសារអ្នកមានប្រវត្តិអ្នកកើតជំងឺមហារីកសុដន់អ្នកគួរតែធ្វើតេស្តរកមេរោគមហារីកសុដន់ឱ្យបានកាន់តែឆាប់កាន់តែល្អ។ប្រសិនបើក្នុងគ្រួសារមានកូនស្រី គួរតែទទួលការពិនិត្យរោគវិនិច្ឆ័យតាំងពីនៅវ័យក្មេង។ការពិនិត្យទាន់ពេលវេលា អាចមានឱកាសនៃការព្យាបាល និងសង្ឃឹមច្រើន។
៨.ស្ត្រីគ្រប់រូបគួរតែពិនិត្យនិងតាមដានសុខភាពជាប្រចាំ
ការរកឃើញជំងឺមហារីកសុដន់ទាន់ពេលវេលាពិតជាមានសារសំខាន់ណាស់ព្រោះថាការដឹងអាការៈជំងឺបានលឿន បង្កើនអត្រាព្យាបាលជោគជ័យខ្ពស់ផងដែរ។ ដូច្នេះស្ត្រីគ្រប់រូបគួតែចេះរៀនពិនិត្យមើលសុខភាពខ្លួនឯងឬបើអាចមានកាលវិភាគទៅពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានទៀងទាត់កាន់តែល្អ។
៩.ចេះគ្រប់គ្រងភាពតានតឹងឱ្យបានល្អ
ភាពតានតឹងពិតជាធ្វើឱ្យយើងមានជំងឺច្រើនមុខមិនត្រឹមតែជំងឺមហារីកសុដន់ប៉ុណ្ណោះទេ ថែមទាំងអាចឱ្យជំងឺផ្សេងៗយាយីជីវិតរបស់យើងផងដែរ។ដោយសារភាពតានតឹងទាំងអស់នោះគឺមានឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធការពាររាងកាយនិងសុខភាពទូទៅរបស់អ្នក។ ការគ្រប់គ្រងភាពតានតឹងតាមរយៈការធ្វើសមាធិ យូហ្គាឬបច្ចេកទេសសម្រាកកាយផ្សេងទៀត អាចផ្តល់អត្ថប្រយោជន៍ដល់សុខុមាលភាពទូទៅរបស់អ្នក។
ការអនុវត្តតាមវិធីសាស្ត្រខាងលើពិតជាអាចកាត់បន្ថយនិងហានិភ័យនៃការកើតជំងឺមហារីកសុដន់បាន។ ការពិនិត្យ និងតាមដានសុខភាពជាទៀងទាត់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដ៏មានជំនាញច្បាស់លាស់រឹតតែមានសារៈសំខាន់សម្រាប់សុខភាពសុដន់ក្នុងរយៈពេលវែង៕
បុប្ផាមានពណ៌ខៀវថ្លា និងស្រទាប់ថ្លាស្រួចៗដ៏សែនត្រជាក់គឺជាផ្កាមួយប្រភេទនេះដែល អ្នកអាចមើលឃើញតែពេលរដូវរងាមកដល់។ផ្កាទាំងនេះមានទឹកកក អំបិល និងសារធាតុគីមី ហើយជាធម្មតា ពួកវាច្រើនតែលេចឡើងនៅលើផ្ទៃទឹកកកថ្មីស្តើងៗ។អ្នកអាចឃើញផ្កាទឹកកនៅលើបឹង សមុទ្រនិងសូម្បីតែមហាសមុទ្រនៅតំបន់អាក់ទិក និងអង់តាក់ទិក។
ផ្កាទឹកកកត្រូវបានបង្កើតឡើងដោយដំណើរការដែលចំហាយទឹកត្រូវបានបញ្ចេញនៅពេលដែលខ្យល់ត្រជាក់បង្កកលើផ្ទៃទឹក។ចំហាយទឹកនោះក៏កកនៅពីលើទឹកកក ដែលបង្កើតជាស្រទាប់ផ្កាស្ដើងៗ ។ ផ្កាសទឹកកកសម្បូរទៅដោយជាតិគីមីក្នុងកម្រិតខ្ពស់ដោយវាមានផ្ទុកអំបិល ប្រូមីន ក្លរីន អ៊ីយ៉ូត និងអុកស៊ីដអាសូត។
ផ្កាយទឹកកកមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងគួរឱ្យចាប់អារម្មណ៍តាមបែបវិទ្យាសាស្ត្រផងដែរ ដោយសារបរិមាណអំបិលនិងបាក់តេរីដែលមានផ្ទុកនៅក្នុងពួកវា។
តាមពិតផ្កាទឹកកកមានកម្រិតជាតិប្រៃ ៣ដងបើធៀបនឹងទឹកសមុទ្រ។ចំនួនបាក់តេរីដែលរស់នៅក្នុងផ្កាអាចឡើងដល់ពីមួយលានទៅពីរលាន ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ព្រោះវាជាបរិយាកាសដ៏លំបាកក្នុងការរស់រានរបស់ពពួកបាក់តេរីទាំងនោះ។
អ្នកវិទ្យាសាស្ត្រកំពុងសិក្សាផ្កាទឹកក ដោយសារតែរចនាសម្ព័នតូចៗនៃជីវរបស់វាផ្តល់ឱកាសឱ្យមនុស្សអាចរៀនពីរបៀបដែលជីវិតអាចរស់រានក្នុងស្ថានភាពមិនអំណោយផលបែបនេះ។
ការស្រាវជ្រាវនេះអាចនាំមកនូវការយល់ដឹងកាន់តែច្រើនអំពីរបៀបដែលជីវិតលូតលាស់នៅក្រោមលក្ខខណ្ឌដ៏លំបាកហើយ របកគំហើញនឹងជាប្រយោជន៍ក្នុងវិស័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ៕
ប្រសិនបើអ្នកទៅលេង Haukilahti នៅចន្លោះខែវិច្ឆិកានិងកុម្ភៈ អ្នកទំនងជានឹងអាចមានឱកាសបានឃើញបាតុភូតធម្មជាតិផ្កាទឹកកកទាំងនេះ។ក្រៅពីនៅប្រទេសហ្វាំងឡង់ បាតុភូតផ្កាទឹកកកនេះក៏អាចមាននៅប្រទេសកាណាដាសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន អាល្លឺម៉ង់ ប៉ូឡូញ នៅបណ្ដាប្រទេសស្កាតឌីណាវីផងដែរ៕
រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀល និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ជា សេរីទេសាភិបាល ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ «ក្រដាសប្រាក់នេះ បើយើងនិយាយឱ្យសាមញ្ញទៅគឺជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ជាប្រភេទក្រដាសប្រាក់ Collection ដែលយើងនឹងចេញផ្សាយតែ ២០លានសន្លឹកប៉ុណ្ណោះ។ យើងប្រើលេខ ២០ ម្ភៃម៉ឺន ដើម្បីគ្រប់ខួប ២០ឆ្នាំ និង ២០លានសន្លឹក ដើម្បីគម្រប់ ២០ឆ្នាំនេះ»។
លោកស្រី ជា សេរីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានពន្យល់ពីខ្លឹមសារបច្ចេកទេសនៃការចេញផ្សាយ និងដាក់ឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ឆ្លើយតបនឹងមន្ទិល ការយល់ច្រឡំ ឬការបកស្រាយខុសពីការដាក់ចេញនូវធនប័ត្រប្រភេទថ្មីនេះអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ច។
លោកស្រីបានថ្លែងក្នុងវីដេអូថា៖«ក្នុងឱកាសដាក់ចេញនូវធនប័ត្រប្រភេទ ២សែនរៀលនៅថ្ងៃនេះ ខ្ញុំសូមជម្រាបថានឹងមិនមានប៉ះពាល់អ្វីដល់ចំនួនរូបិយវត្ថុដែលមាននៅក្នុងចរាចរណ៍នៃសេដ្ឋកិច្ចកម្ពុជាយើងនោះទេ»។
លោកស្រីបានពន្យល់ថា៖«មានការព្រួយបារម្ភកន្លងមក នៅពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវប្រភេទធនប័ត្រថ្មីថាធនាគារជាតិនៃកម្ពុជា ឬក៏រាជរដ្ឋាភិបាលខ្វះលុយអ៊ីចឹងហើយបានជាត្រូវបោះផ្សាយលុយដាក់ប្រើប្រាស់បន្ថែម»។
លោកស្រីទេសាភិបាលបញ្ជាក់ថា ការដាក់ចេញនូវធនប័ត្រប្រភេទថ្មីគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលត្រូវបានដកចេញពីចរាចរណ៍។
នៅពេលដែលធនាគារជាតិបានដាក់ធនប័ត្រទៅក្នុងចរាចរណ៍ជាធម្មតាធនប័ត្រនោះតែងតែមានការចាស់ ទក់ រហែក ការប្រើប្រាស់ដោយដៃសើម ការប្រឡាក់ការប៉ះពាល់ដោយត្រូវដី កម្ដៅ រហែក ឬការសរសេរប៊ិកនៅក្រដាសប្រាក់។
ដូច្នេះហើយនៅពេលដែលធនាគារជាតិប្រមូលនូវប្រភេទក្រដាសប្រាក់នេះចូលមកវិញតាមរយៈការបង់ប្រាក់ដោយសាធារណជននៅបណ្ដាសាខាធនាគារជាតិនៃកម្ពុជា យុទ្ធការ និងយន្តការស្រឡាញ់ប្រាក់រៀលដែលកន្លងមកធនាគារជាតិនៃកម្ពុជាតែងតែធ្វើឡើងនៅតាមទីរួមខេត្តមួយចំនួនដើម្បីផ្លាស់ប្ដូរក្រដាសចាស់ទក់រហែក ជាមួយនឹងប្រភេទក្រដាសថ្មី។
លោកស្រី ជាសិរី បានបន្តទៀតថា៖ «យើងនឹងជ្រើសរើសក្រដាសប្រាក់ណាដែលចាស់ដែរតែអាចដាក់ប្រើប្រាស់ក្នុងចរាចរណ៍សេដ្ឋកិច្ចឡើងវិញ ហើយក្រដាសប្រាក់ណាដែលយើងយកទៅកាត់ដុតចោល។ដូច្នេះនៅពេលដែលយើងសម្រេចថា ក្រដាសប្រាក់នោះមិនអាចដាក់ចូលទៅក្នុងចរាចរណ៍វិញបានគឺទីមួយយើងត្រូវយកទៅកាត់ជាកំណាត់តូចៗ បន្ទាប់មកគឺយើងយកទៅដុតចោលនៅឡនៃធនាគារជាតិនៃកម្ពុជា»។
ចំនួនជាក់លាក់នៃក្រដាសប្រាក់ដែលត្រូវបានកាត់និងដុតនោះ នឹងត្រូវបានជំនួសដោយទំហំស្មើគ្នាជាមួយក្រដាសប្រាក់ថ្មី។ ការកាត់ក្រដាស ១ម៉ឺនរៀល ត្រូវបានជំនយសដោយក្រដាស ១ម៉ឺនរៀល ឬក្រដាស ៥០០ រៀល ត្រូវបានជំនួសដោយក្រដាស ៥០០រៀល។
លោកស្រីបញ្ជាក់ដែរថា៖«យើងក៏អាចជំនួសដោយក្រដាសប្រាក់ថ្មី ក្នុងទំហំ និងបរិមាណសរុបត្រូវឱ្យស្មើគ្នាប៉ុន្តែយើងអាចដូរប្រភេទធនប័ត្របាន។ ដូច្នេះ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការគ្រងរាជសម្បត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវក្រដាសប្រភេទ ២០ម៉ឺនរៀល ចំនួន ២០លានសន្លឹក»។
លោកស្រី ជា សិរី ក៏អំពាវនាវផងដែរថា៖ « ខ្ញុំក៏សូមសាធារណជនជួយស្រឡាញ់និងគាំទ្រនូវប្រាក់រៀល ក៏ដូចជាប្រើប្រាស់នូវប្រាក់រៀល រក្សាគុណតម្លៃរបស់ប្រាក់រៀលយើងឱ្យបានកាន់តែខ្លាំង»៕
នៅក្នុងសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ត្រូវបានប្រជារាស្ត្រខ្មែរ ថ្វាយព្រះនាមព្រះអង្គថាជាព្រះបិតាឯករាជ្យជាតិ ព្រះបិតា សិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ…. នាអំឡុងក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គនេះហើយ សមិទ្ធផលធំៗនានាជាច្រើនបានត្រូវកសាងឡើងនិងប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជារាស្ត្រប្រើប្រាស់នៅតាមបណ្តាខេត្ត-ក្រុងនានាដែលមានដូចជា៖
-វិមានឯករាជ្យ
-វិមានរដ្ឋចំការមន
-ចំណតអាកាសយានដ្ឋាន អន្តរជាតិពោធិចិនតុង
-ចំណតអាកាសយានដ្ឋាន សៀមរាប
-ចំណតអាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង
-ផ្លូវជាតិលេខ៤ ភ្នំពេញ ក្រុងព្រះសីហនុ
-កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
-សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ
-សាលមហោស្រពជាតិ ព្រះសុរាម្រិត ភ្នំពេញ
-សាលសន្និសីទចតុម្មុខ
-ពហុកីឡដ្ឋានជាតិអូឡំាពិក ភ្នំពេញ
-ស្ពានព្រះមុនីវង្សទី២
-ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប
-សាកលវិទ្យាល័យសង្គមរាស្រ្តនិយម ភ្នំពេញ
-សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស
-សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល
-មហាវិទ្យាល័យនីតិសាស្រ្តនិង វិទ្យាសាស្រ្តសេដ្ឋកិច្ច
-មហាវិទ្យាល័យគរុកោសល្យ
-ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ
-មហាវិទ្យាល័យសិល្បៈស្ថាបនា
-មហាវិទ្យាល័យសិល្បៈនិងមុខរបរ
-ពុទ្ធិកសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
-សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត
-សាកលវិទ្យាល័យភូមិន្ទកំពង់ចាម
-សាកលវិទ្យាល័យភូមិន្ទបាត់ដំបង
-សាកលវិទ្យាល័យភូមិន្ទ តាកែវ កំពត
-រោងភាពយន្តរដ្ឋ
-ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ
-មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
-រោងចក្រចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ
-រោងចក្រស្រាបៀរ ក្រុងព្រះសីហនុ
-រោងចក្រ នរោត្តម ដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ
-រោងចក្រស្កសរ កំពង់ត្រំា ខេត្តកំពង់ស្ពឺ
-រោងចក្រវាយភ័ណ្ឌ ខេត្តបាត់ដំបង
-រោងចក្របាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង
-រោងចក្រស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត
-រោងចក្រកែវជើងឯក រាជធានីភ្នំពេញ
-រោងចក្រក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល
-រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ
-រោងចក្រជីហ្វូសស្វាតទូកមាស ខេត្តកំពត
-រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល
-រោងចក្រត្រីខប្រអប់ ខេត្តកោះកុង
-រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម
-រោងចក្រវារីអគ្គិសនីគីរីរម្យខេត្តកំពង់ស្ពឺនិងសមិទ្ធផលនានាជាច្រើនទៀតនៅតាម បណ្តាស្រុក ខេត្ត ក្រុង ដូចជាសាលារៀន មន្ទីរ ពេទ្យទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវ ថ្នល់ស្ពានជាដើម។ល។
លើសពីនេះទៅទៀត ព្រះអង្គដែល តែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ ដ៏ឧត្តុង្គឧត្តមចំពោះប្រជានុរាស្ត្រជាកូនចៅចៅទួតរបស់ព្រះអង្គនៅទូទំាំងព្រះរាជណាចក្រកម្ពុជាព្រះអង្គតែងតែបំពេញព្រះរាជសកម្មភាពសង្គមកិច្ច ដូចជាកសាងព្រះវិហារ កុដិ សាលាបុណ្យសាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ ប្រឡាយ អណ្តូង ស្រះទឹកសម្រាប់ប្រគេនព្រះសង្ឃ និងជូនប្រជារាស្រ្ត និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្រ្តទីទ័លក្រ និងជីវ ភាពខ្វះខាតខ្លាំងទៀតផង៕
ភ្នំពេញ: រសជាតិជូរផ្អែមប្រៃសាច់ស្រួយស្រឹប ដែលធ្វើឱ្យអ្នកញ៉ាំហើយជាប់ចិត្តបានធ្វើឱ្យម្ចាស់សិប្បកម្មជ្រក់ទំពាំងព្រេច អ្នកស្រី ជា ធានូកំពុងកាក់កបនឹងការលក់ដូរ ដោយមួយថ្ងៃអាចផលិតលក់ខ្ទង់ចន្លោះពី ១០០ ទៅ២០០គីឡូក្រាម។
ទំពាំងព្រេចគឺជាពន្លកឫស្សីមួយប្រភេទដែលយើងអាចបរិភោគបាន និងជាអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរជាយូរលង់ណាស់មកហើយ។ជាពិសេស ទំពាំងព្រេចត្រូវបានគេនិយមយកទៅធ្វើជ្រក់ដ៏មានឱជារស ហើយវាកំពុងតែមានប្រជាប្រិយភាពនិងទីផ្សារទូលំលាយ។
អ្នកស្រី ជា ធានូ ហៅ ម៉ានូម្ចាស់សិប្បកម្ម យាហ៊ឺអំបិលម្ទេស បានឱ្យដឹងថា រឿងរ៉ាវនៃការបង្កើតសិប្បកម្មនេះឡើងគឺដោយសារអ្នកស្រីចង់រំឭកជីវិតពីកុមារភាពដែលធ្លាប់ទៅជីកទំពាំងព្រេចជាមួយគ្រួសារដើម្បីយកមកទុកឲ្យអ្នកម្ដាយធ្វើជ្រក់សម្រាប់ញ៉ាំ។
ទំពាំងព្រៃមួយប្រភេទនេះមានរសជាតិឆ្ងាញ់ ហើយថែមទាំងរួមចំណែកជួយឲ្យប្រជាកសិកររកចំណូលបន្ថែមមកផ្គត់ផ្គង់គ្រួសារទៀតផង។
សព្វថ្ងៃនេះ សិប្បកម្មយាហ៊ឺអំបិលម្ទេស បានប្រមូលទំពាំងស្រស់ពីសហគមន៍ចន្លោះពី ៥០ ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃ ដែលទំពាំងព្រេចទាំងអស់នេះមានប្រភពមកពីខេត្តព្រះវិហារ ក្រចេះនិងពោធិ៍សាត់។ បន្ថែមពីនេះ អ្នកស្រីក៏ទទួលបន្តពីឈ្មួញកណ្តាលដែលពួកគាត់ជាអ្នកដើរប្រមូលទិញតាមស្រុកភូមិជាប្រចាំ។
ប្រជាជននៅសហគមន៍គឺជាអ្នកដើររកកាច់ទំពាំងព្រេចនិងទទួលកម្រៃពីការកាត់ និងលាងសម្អាតវាសម្រាប់សិប្បកម្មរបស់អ្នកស្រីផងដែរ។
សម្រាប់សិប្បកម្មជ្រក់ទំពាំងព្រេចអ្នកស្រី ម៉ានូ បានប្រើវិធីសាស្ត្រធ្វើជ្រក់ពីអ្នកម្ដាយគួបផ្សំនឹងការច្នៃប្រឌិតដោយខ្លួនឯង។
អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានយកវិធីធ្វើរបស់ម៉ាក់និងព្យាយាមស្វែងរករូបមន្តបន្ថែមទៀត ដើម្បីបង្កើនរសជាតិ»។
ម្ចាស់សិប្បកម្មវ័យ៣២ឆ្នាំរូបនេះក៏បានរៀបរាប់ពីដំណើរការនៃការផលិតជ្រក់ទំពាំងព្រេចនេះថា៖ «យើងត្រូវយកទំពាំងមកបកសម្បកចេញនិងចិតផ្នែកទំពាំងចាស់ៗចេញរួចក៏កោសរោមវាចេញឲ្យស្អាតកុំឲ្យវារមាស់ពេលញ៉ាំ រួចលាងទឹកឲ្យស្អាតទើបយកទៅស្រុសដោយត្រូវប្រើភ្លើងឲ្យសមល្មម និងដាក់គ្រឿងដើម្បីឲ្យវាមានរសជាតិស្រួយឆ្ងាញ់រួចត្រូវយកមកលាង៥ទៅ៦ទឹកបន្ថែមទៀតដើម្បីឲ្យវាអស់ជាតិហាង»។
សិប្បកម្មមួយនេះ អាចផលិតជ្រក់បាន១០០ទៅ២០០គីឡូក្រាមនៅក្នុង១ថ្ងៃ។ យ៉ាងណាមិញកត្តាប្រឈមក្នុងការធ្វើជ្រក់ទំពាំងព្រេចគឺស្ថិតនៅលើការប្រមូលផលតម្លៃក្នុងរដូវខ្សត់ និងខ្នាតរបស់ទំពាំងតែម្ដង។
អ្នកស្រីក៏បញ្ជាក់ពីបញ្ហានេះដែរថា៖«ចំណុចទី១ ពិបាកក្នុងការប្រមូលទិញដោយសារតែរដូវខ្លះមិនសូវសម្បូរទំពាំងព្រេចធ្វើឲ្យទំពាំងមានតម្លៃថ្លៃ។ចំណុចទី២ពេលខ្លះទំពាំងព្រេចទាំងនោះមានទំហំធំៗដែលធ្វើឲ្យជ្រក់មិនសូវឆ្ងាញ់»។
អ្នកស្រី ម៉ានូ បានឱ្យដឹងថា តម្លៃលក់រាយជ្រក់ទំពាំងព្រេចគឺ២២០០០ រៀល ក្នុង១គីឡូក្រាម។ អ្នកស្រីធ្វើការចែកចាយទៅកាន់បណ្តាខេត្តនានាតាមបណ្ដាញសង្គមអនឡាញ បន្តឱ្យឈ្មួយកណ្ដាល និងលក់នៅទីតាំងហាងផ្ទាល់ ដែលស្ថិតនៅផ្ទះលេខ១៤៨ផ្លូវលេខ១៣បុរីពិភពថ្មី ចំការដូង រាជធានីភ្នំពេញ។
អ្នកស្រីបានអះអាងថា តាមបទពិសោធរយៈពេល៥ឆ្នាំកន្លងមកនេះជ្រក់ទំពាំងព្រេចរបស់អ្នកស្ត្រីមានរសជាតិឆ្ងាញ់ ធ្វើឱ្យអ្នកបានទិញយកទៅញ៉ាំហើយពួកគាត់តែងតែសរសើរថាស្រួយឆ្ងាញ់ល្អ។ចំនួនអតិថិជនមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
នាថ្ងៃអនាគតអ្នកស្រីម៉ានូ មានការតាំងចិត្តចង់បន្តផលិតអ្វីដែលជារបស់ខ្មែរនិងរំពឹងថាធនធានដែលខ្មែរមានស្រាប់ អាចត្រូវបានយកមកផលិតលក់ និងនាំចេញទៅក្រៅប្រទេសឱ្យបានច្រើន។
អ្នកស្រីបានបន្តថា៖ «ឲ្យគេស្គាល់ថានេះជារបស់ខ្មែរម្ហូបខ្មែរ ឆ្ងាញ់ហើយ មានអនាម័យ»។
ក្រៅពីផលិតជ្រក់ទំពាំងព្រេច អ្នកស្រីម៉ានូ ក៏មានធ្វើ យាហ៊ឺអំបិលម្ទេស បង្គាអំបិលម្ទេស ស្វាយត្រាំទឹកឃ្មុំដំណាប់ខ្វិតស្ងួត ដំណាប់ល្មុត និងផលិតផលជាច្រើនមុខទៀត។
ប្រិយមិត្តដែលចាប់អារម្មណ៍ផលិតផលអ្នកស្រីម៉ានូ អាចទំនាក់ទំនងគេហទំព័រហ្វេសប៊ុក យាហ៊ឺអំបិលម្ទេស ឬ លេខទូរសព្ទ៖០៧០ ៥៧៥ ៤៥៤៕
ដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលជារឿយៗគេហៅថាយុគសម័យ Y2K គឺជាពេលវេលានៃជម្រើសម៉ូដហឹរៗ លះៗ ពណ៌រស់រវើក ជាការលាយឡំនៃរចនាប័ទ្មអនាគតនិងអតីតកាល។
ជាង ២០ឆ្នាំក្រោយ ម៉ូដ Y2K កំពុងត្រឡប់មកទាក់ទាញយុវជនជំនាន់ក្រោយនិងអ្នកចូលចិត្តលេងខ្លួនដូចគ្នា។
នៅប្រទេសកម្ពុជា តារាល្បីៗបានរួមចំណែកធ្វើឱ្យហ្វេសសិននេះរស់រវើកខណៈហាងសម្លៀកបំពាក់ និងអាជីវកម្មអនឡាញ ក៏បានគាស់កកាយម៉ូដសម័យឆ្នាំ ២០០០ មកលក់ព្រោងព្រាត។
ខោខូវប៊យចង្កេះខ្លីខោរលុងហោប៉ៅធំៗ អាវខើចលើផ្ចិត (Crop Tops) ពពួកអាវយឺតរឹប (Baby tees) អាវមានមួក និងអាវឈុត សំពត់ខ្លីមានខ្សែក្រវាត់មួកតូចគ្របក្បាល ដង្កៀបតូចៗរាយពេញសក់ ខ្សែករឹបក កងដៃខ្សែដៃ វ៉ែនតាខ្មៅ បូរក្បាលស្បែកជើងប៉ាតាបាតក្រាស់ ស្បែកជើងផ្ទាត់ អាវក្រណាត់ស្បៃមានរំភាយ ក្រណាត់កាំម្ញីឌិនភ្លឺៗ និងខោអាវមានរូប ឬឡូហ្គូនានា។ ទាំងនេះសុទ្ធតែវត្ថុតុបតែងខ្លួនបង្ហាញអត្តសញ្ញាញហ្វេសសិន Y2K។
យោងតាមអ្នកជំនាញហ្វេសសិន កត្តាសំខាន់មួយដែលជំរុញឱ្យម៉ូដសម័យ Y2Kវិលមកវិញនោះគឺអារម្មណ៍អាឡោះអាល័យនឹកដល់អតីតកាល។នៅពេលដែលក្មេងជំនាន់ Z ឈានចូលដល់វ័យមួយចាស់ទុំពួកគេកំពុងសម្លឹងត្រឡប់ទៅកុមារភាពរបស់ពួកគេ និងចង់ស្លៀកពាក់តុបតែងខ្លួនវិលរកសម័យនោះវិញ។
ម៉ូដ Y2K បង្ហាញអារម្មណ៍នៃភាពសប្បាយរីករាយនិងសុទិដ្ឋិនិយមដោយឥតខ្វល់ខ្វាយ ដោយផ្តល់នូវអារម្មណ៍ស្រាកស្រាន្តចាកចេញពីបញ្ហាប្រឈមនៃសម័យបច្ចុប្បន្ន។
ហេតុផលមួយទៀតសម្រាប់ការរស់ឡើងវិញរបស់ Y2K គឺជាលក្ខណៈវដ្តនៃនិន្នាការម៉ូដ។ នៅពេលដែលនិន្នាការថ្មីលេចឡើងរចនាប័ទ្មចាស់ៗតែងតែត្រលប់មកវិញ។
អ្នកជំនាញម៉ូដនិងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យម៉ូដY2Kពេញនិយមផងដែរ។
នៅប្រទេសកម្ពុជា តារាល្បីៗរួមមានតារាចម្រៀងល្បីស្ទីល K-Pop កញ្ញា មីណា តារាចម្រៀងរូបស្រស់ SKតារាម៉ូដែល ម៉ៅ ធីតា ហៅដា ដាវ និង អ្នកនាង គង់ ច័ន្ទស្រីមុំសុទ្ធតែបានចាប់យកស្ទីល Y2K ក្នុងការតុបតែងខ្លួន។
ខណៈពេលដែលម៉ូដ Y2K បានវិលមកទាន់សម័យវិញនៅឆ្នាំ២០២៤ វាក៏មិនមានភាពដូចគ្នាទាំងស្រុងទៅនឹងសម័យជាង ២០ឆ្នាំមុននោះដែរ។ ហ្វេសសិន Y2K សម័យ ២០២៤ ត្រូវបានធ្វើបច្ចុប្បន្នភាពនិងបញ្ចូលធាតុផ្សំដ៏ច្នៃប្រឌិត ធ្វើឱ្យវារក្សាលំនាំដើមតែទាន់សម័យ៕
ព្រឹត្ដិការណ៍សៀវភៅធំបំផុតក្នុងពិភពលោក Big Bad Wolf Books បានវិលត្រឡប់មកវិញនៅថ្ងៃទី ២៤ តុលាដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមួយទីតាំងផ្សារ រ៉ុង រឿង ភ្នំពេញ ចាប់ពីម៉ោង ១០ព្រឹក ដល់ ១២យប់ឯណោះ។
យោងតាមសេចក្ដីប្រកាស Big Bad Wolf ដែលជាការលក់សៀវភៅដ៏ធំបំផុតលំដាប់ពិភពលោក ត្រឡប់មកជាថ្មីក្នុងឆ្នាំ ២០២៤នេះ ជាមួយចំនួនសៀវភៅរាប់លានក្បាលនិងការបញ្ចុះតម្លៃចំណេញរហូតដល់ ៩៥ភាគរយ។
ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅបណ្ដាប្រទេសចំនួន ១៥ ក្នុងនោះមាន ៣៧ ទីក្រុង។
ព្រឹត្តិការណ៍ Big Bad Wolf Books កាលពីឆ្នាំមុន ត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១២ខែមីនា នៅផ្សារទំនើបអូឡាំព្យា នៅរាជធានីភ្នំពេញ ដោយបញ្ចប់ត្រឹមម៉ោង ១០យប់។
យោងតាមអ្នករៀបចំកម្មវិធីពិព័រណ៍បានបង្ហាញថា Big Bad Wolf ចង់កសាងវប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។
សៀវភៅទាំងនោះរួមមានសៀវភៅកុមារ រឿងប្រឌិត រឿងពិតដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅក្នុងជំនាន់ផ្សេងៗគ្នាអាចស្វែងរកនូវសៀវភៅលក់ដាច់បំផុតសៀវភៅល្បីៗប្រលោមលោករឿងប្រឌិតបែបវិទ្យាសាស្ត្រមនោសញ្ចេតនា សៀវភៅអភិវឌ្ឍន៍ខ្លួនអក្សរសាស្ត្រ ប្រលោមលោក ក្រាហ្វិក អាជីវកម្ម ស្ថាបត្យកម្មនិងរចនាសៀវភៅធ្វើម្ហូបនិងសៀវភៅជាច្រើនប្រភេទទៀត។ ក្រៅពីសៀវភៅបរទេសក៏មានក៏មានសៀវភៅខ្មែរដែលនិពន្ធដោយកវីល្បីៗនៅកម្ពុជាផងដែរ។
សម្រាប់អ្នកដែលចង់ស្វែងរកចំណីខួរក្បាលនៅ Big Bad Wolf Books ពិព័រណ៍នេះនឹងធ្វើនៅផ្សារ រ៉ុង រឿងភ្នំពេញដែលមានទីតាំងដូចតំណភ្នាប់នេះ https://goo.gl/maps/eccXW95fURFd7PYGA៕
ពងក្រួចកូនដែលជាអាហារដ៏ឆ្ងាញ់ពិសានៅតំបន់ផ្សេងៗនៃអាស៊ីអាគ្នេយ៍ វាមិនត្រឹមតែជាបទពិសោធន៍ចំណីប្លែកតែមួយគត់ប៉ុណ្ណោះទេប៉ុន្តែបងក្រួចកូន ត្រូវបានអ្នកជំនាញម្ហូបអាហារសរសើរពីរសជាតិដ៏ឆ្ងាញ់ពិសារបស់វាក៏ដូចជាគុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភ និងសុខភាពផងដែរ។
ផ្ដល់ថាមពលសម្បូរសារធាតុចិញ្ចឹម
យោងតាមវេជ្ជបណ្ឌិត Jane Smith អ្នកឯកទេសអាហារូបត្ថម្ភនៅវិទ្យាស្ថានសុខភាព និងសុខុមាលភាព ត្រូវបានដកស្រង់សម្ដីក្នុងវិបសាយ www.healthline.com ថា៖ «ស៊ុតក្រួចគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន និងសារធាតុរ៉ែជាពិសេសពួកវាសម្បូរទៅដោយវីតាមីន B12 សេលេញ៉ូម riboflavinនិង choline ដែលមានសារៈសំខាន់សម្រាប់ការថែរក្សាសុខភាពនិងមុខងារសារពាង្គកាយ។
ពង្រឹងប្រព័ន្ធភាពស៊ាំ
បងក្រួចមិនថាពងក្រួចកូន ឬពងក្រួចស៊ុតលឿងសធម្មតា វាត្រូវបានគេសម្គាល់ពីគុណសម្បត្តិនៃការបង្កើនភាពស៊ាំដល់អ្នកបរិភោគវា។
វេជ្ជបណ្ឌិត Michael Lee ដែលជាអ្នកជំនាញខាងអាហាររូបត្ថម្ភនិងជាអ្នកនិពន្ធសៀវភៅ "Superfoods for a Super You" បានពន្យល់ថា៖«ស៊ុតកូន សម្បូរទៅដោយវីតាមីន C និង beta carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយសម្អាតរ៉ាឌីកាល់សេរីចេញពីចរន្តឈាមរបស់អ្នកនិងគាំទ្រដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក»។
សម្បូរប្រូតេអ៊ីនខ្ពស់
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយនៃបងក្រួចកូនគឺការផ្ទុកប្រូតេអ៊ីនខ្ពស់របស់វា។
វេជ្ជបណ្ឌិត Emily Nguyen អ្នកជំនាញផ្នែកអាហារូបត្ថម្ភកីឡានិយាយថា៖ «ប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ការលូតលាស់ និងជួសជុលសាច់ដុំ ហើយការទទួលទានស៊ុតកូនផ្ដល់នូវប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមនេះ»។
វេជ្ជបណ្ឌិតរូបនេះបានបន្តថា៖ «សម្រាប់អ្នកដែលកំពុងស្វែងរកការបង្កើនការទទួលទានប្រូតេអ៊ីនរបស់ពួកគេ ពងទាកូនបងមាន់កូន ឬពងក្រួចកូន គឺជាការបន្ថែមប្រូតេអ៊ីនដ៏ល្អចំពោះរបបអាហាររបស់ពួកគេ»។
គាំទ្រសុខភាពភ្នែក
ស៊ុតក្រួចក៏មានប្រយោជន៍សម្រាប់សុខភាពភ្នែកផងដែរ។វេជ្ជបណ្ឌិត Robert Kim គ្រូពេទ្យឯកទេសជំងឺភ្នែកនៅ Vision Care Clinic កត់សម្គាល់ថា៖ «កម្រិតខ្ពស់នៃវីតាមីន A នៅក្នុងស៊ុតក្រួចជួយធ្វើឱ្យប្រសើរឡើងនូវចក្ខុប្រសាទនិងកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយដោយសារតែវ័យជ្រេ»។
បង្កើនការរំលាយអាហារ
វេជ្ជបណ្ឌិត Sarah Johnson អ្នកឯកទេសសុខភាពប្រព័ន្ធរំលាយអាហារបានលើកឡើងពីអត្ថប្រយោជន៍មួយទៀតថា៖ «ស៊ុតក្រួចអាចជួយជំរុញការរំលាយអាហារដោយសារសារធាតុចិញ្ចឹមដ៏សម្បូរបែបរបស់វា រួមទាំងវីតាមីន B ដែលដើរតួយ៉ាងសំខាន់ក្នុងដំណើរការមេតាបូលីស»។
និយាយរួមទៅ ការបន្ថែមបងក្រួចទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាប់ចាប់ពីការបង្កើនប្រព័ន្ធភាពស៊ាំ រហូតដល់ជំនួយដល់សុខភាពភ្នែកនិងបង្កើនការរំលាយអាហារ។ ដូចដែលវេជ្ជបណ្ឌិត Jane Smith បាននិយាយថា៖ «ស៊ុតក្រួចមិនគ្រាន់តែជាអាហារដ៏ឆ្ងាញ់នោះទេវាគឺជាអាហារូបត្ថម្ភដែលមានថាមពល អាចរួមចំណែកយ៉ាងសំខាន់ដល់សុខភាពនិងសុខុមាលភាពមនុស្សជាទូទៅ»៕
ភ្នំពេញ៖ ឆ្លើយតបនឹងតួរលេខស្លាប់ដោយសារជំងឺឆ្កែឆ្កួតនៅកម្ពុជាយុទ្ធនាការការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឥតគិតថ្លៃ នឹងធ្វើឡើងចំពោះសត្វសុខននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២១ តុលា ដល់ថ្ងៃទី ១ វិច្ឆិកា ២០២៤។
ក្រុមចាក់វ៉ាក់សាំងមានចំនួនប្រមាណជិត ៣០០នាក់ នឹងទៅដល់តាមសហគមន៍ពីផ្ទះមួយទៅផ្ទះមួយ ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជីវិតមនុស្ស និងសត្វពីជំងឺឆ្កែឆ្កួត។
លោក Keiichiro Tazawa មន្ត្រីគម្រោងអន្តរជាតិនៃអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិបានប្រាប់សារព័ត៌មាន SR News ថា៖ «ឆ្នាំនេះ យើងកំពុងធ្វើការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វអង្គការសង្គ្រោះសត្វកម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុក ដើម្បីចាក់វ៉ាក់សាំងលើសត្វឆ្កែជាង ៧០% នៃចំនួនសត្វឆ្កែទាំងអស់នៅក្នុងខេត្តចំនួន ៣ គឺរាជធានីភ្នំពេញ បាត់ដំបងនិងកណ្តាល»។
លោកបានបន្តទៀតថា៖ «យើងមានក្រុមមនុស្សចំនួន២៨៧ នាក់ដែលដើរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីផ្តល់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃដល់សត្វឆ្កែទាំងអស់ដែលពួកគេជួបប្រទះ»។
យុទ្ធនាការនេះក៏ត្រូវបានបញ្ចូលក្នុងផែនការនៃយុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងនិងលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ដែលត្រូវដឹកនាំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ (GDAHP) និងអង្គការបេសកកម្មជំងឺឆ្កែឆ្កួត ជាគម្រោងរបស់អង្គការសប្បុរសធម៌បសុពេទ្យអន្តរជាតិនិងអង្គការសង្ក្រោះសត្វនៅកម្ពុជាផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក ជំងឺឆ្កែឆ្កួតបានសម្លាប់មនុស្សប្រហែល ៥៩០០០ នាក់ នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ នៅកម្ពុជាជំងឺឆ្កែឆ្កួតបានឆក់យកជីវិតមនុស្សប្រមាណ ៨១០ នាក់ក្នុងមួយឆ្នាំធ្វើឱ្យប្រទេសនេះមានអត្រាស្លាប់ខ្ពស់។ នេះបើយោងតាមអង្គការបេសកកម្មជំងឺឆ្កែឆ្កួត (Mission Rabies)។
មន្ត្រីគម្រោងអន្តរជាតិនៃអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិឆ្កែខាំ គឺជាមូលហេតុចម្បងនៃជំងឺឆ្កែឆ្កួតចំពោះមនុស្ស។ តាមការប៉ាន់ស្មាននៅកម្ពុជា មនុស្សជាង ៣០ម៉ឺននាក់ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបានការព្យាបាលក្រោយពេលខាំនោះទេ។
សញ្ញានៃជំងឺឆ្កែឆ្កួតនៅក្នុងសត្វសុខន ឬថនិកសត្វផ្សេងទៀតមានដូចជា ខឹងម៉ួម៉ៅ ការផ្លាស់ប្តូរការព្រុស ការខាំ ចលនាសកម្មភាពប្លែកៗ ការហៀរទឹកមាត់និងការស្លាប់ដោយមិនបានរំពឹងទុក។
បើសង្កេតឃើញអាការៈទាំងនេះសាធារណជនត្រូវបានស្នើឱ្យរាយការណ៍អំពីសត្វដែលសង្ស័យថាមានជំងឺឆ្កែឆ្គួត
ឬទំនាក់ទំនងទៅកាន់លេខ ១១៥ ដើម្បីទទួលការផ្ដល់ដំបូន្មាន និងការប្រឹក្សាពីសុខភាពមនុស្សអំពីជំងឺឆ្កែឆ្កួតបាន។
មន្ត្រីគម្រោងអន្តរជាតិរូបនេះបានលើកឡើងថាជំងឺឆ្កែឆ្កួត គឺ ៩៥% នៃករណីកើតឡើងនៅអាស៊ី និងអាហ្វ្រិក។ ទោះបីជាមានភាពធ្ងន់ធ្ងរក៏ដោយជំងឺឆ្កែឆ្កួតអាចការពារបាន ១០០% តាមរយៈការការពារមុនការប៉ះពាល់ (PrEP) ឬការការពារក្រោយការប៉ះពាល់ (PEP) ដែលរួមមានការលាងមុខរបួសការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និង immunoglobulin ជំងឺឆ្កែឆ្កួត។
យុទ្ធនាការឆ្នាំ ២០២៤ ត្រូវបានបន្តពីគម្រោងកាលឆ្នាំ២០២៣ ដែលកាលពីឆ្នាំមុន សត្វសុខនចំនួន ៧៤៩៨៣ ក្បាលត្រូវបានចាក់វ៉ាក់សាំងក្នុងអំឡុងពេលយុទ្ធនាការត្រឹមតែរយៈពេល ១០ ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល ដែលធ្វើឱ្យមានការប្រសើរឡើងយ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រងការចម្លងជំងឺឆ្កែឆ្កួតនៅកម្ពុជា។
យុទ្ធនាការនេះដែរមានអ្នកស្ម័គ្រចិត្តកម្ពុជានិងអន្តរជាតិ ជាផ្នែកមួយនៃក្រុមចាក់វ៉ាក់សាំងដោយផ្ទាល់តែម្តង ដោយក្នុងនោះមាននិស្សិតពេទ្យសត្វចូលរួមពីសាកលវិទ្យាល័យភូមិន្ទកសិកម្មនិងវិទ្យាស្ថានជាតិកសិកម្ម។
ដៃគូសំខាន់ៗផ្សេងជាច្រើនទៀត រួមមាន វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រសួងសុខាភិបាល ដែលបានផ្តល់ថ្នាំបង្ការមុនពេលប៉ះពាល់សត្វសុខនដល់អ្នកស្ម័គ្រចិត្តទាំងអស់និងសមាគមសុខុមាលភាពសត្វភ្នំពេញ (PPAWS) ជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (ARC) សម្រាប់ការផ្តល់ការព្យាបាលសត្វ។
ក្រៅពីការចាក់វ៉ាក់សាំងឆ្កែឆ្កួតដល់សុនខឆ្នាំនេះក៏មានការផ្តល់ជូនបន្ថែមទៀតនូវសេវាគ្រៀវសត្វសុខនដោយឥតគិតថ្លៃនៅទីតាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
លោក Keiichiro Tazawa បានប្រាប់បន្តថា៖«សេវាកម្មនេះសម្រាប់សត្វសុខនដែលមកពីខណ្ឌដង្កោនៅរាជធានីភ្នំពេញ ហើយនឹងចាប់ពីថ្ងៃទី ២១ ខែតុលា ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤»។
ការចាក់ថ្នាំបង្ការធានាបាននូវការការពារក្រោយការប៉ះពាល់ និងត្រូវបានចាត់ទុកថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការស្លាប់ដោយជំងឺឆ្កែឆ្កួតរបស់មនុស្សដោយការពារការចម្លងជំងឺពីប្រភពរបស់វា។
ទំនាក់ទំនងដើម្បីទទួលព័ត៌មានបន្ថែមតាមរយៈទំព័រហ្វេសប៊ុក Mission Rabies Cambodia ឬតេលេក្រាម +85510804176 https://t.me/missionrabiescambodia៕
នៅពេលនេះមនុស្សជុំវិញពិភពលោកបានឮពី Oktoberfest ភាគច្រើនគេនឹកឃើញតែអំពីការប្រារព្ធពិធីដ៏រីករាយជាមួយនៃស្រាបៀរអាហារ និងតន្ត្រី ដែលមានកំណើតនៅទីក្រុងមុយនិច។
ជារៀងរាល់ឆ្នាំ Oktoberfest នៅទីក្រុងអាល្លឺម៉ង់មួយនេះបានទាក់ទាញមនុស្សជាង ៧ លាននាក់ ក្នុងរយៈពេល ១៨ ថ្ងៃដែលចាប់ផ្ដើមពីខែកញ្ញារហូតដល់ចុងខែតុលា។
ប្រពៃណីប្រារព្ធពិធីបុណ្យតាំងពីឆ្នាំ ១៨១០ នេះត្រូវបានសាយភាយទៅកាន់បណ្ដាប្រទេសនានាឆ្ងាយពីតំបន់ជម្រាលភ្នំ Bavarian។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រជាប្រិយភាពរៀបចំពិធីបុណ្យអាល្លឺម៉ង់បានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះដោយក្នុងនោះក៏មានជោគជ័យរបស់ Oktoberfest Cambodia ផងដែរ។
ចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០០៨ ដោយក្រុមធុរកិច្ចអាល្លឺម៉ង់នៅកម្ពុជា (GBC) វាជាការប្រារព្ធផ្លាស់ប្ដូរវប្បធម៌នៃបេតិកភណ្ឌអាល្លឺម៉ង់និងកម្ពុជា ដោយមានការរៀបចំក្រុមតន្ត្រីប្រពៃណី ស្រាបៀរ និងអាហារ។ វាបានក្លាយជាព្រឹត្តិការណ៍ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងចំណោមអ្នកចូលរួម និងអ្នកចូលចិត្តស្រាបៀរនៅកម្ពុជា។
ជនជាតិអាល្លឺម៉ង់Tassilo Brinzer ប្រធាន GBC និងជាបុគ្គលម្នាក់ដែលទទួលខុសត្រូវក្នុងការរៀបចំ Oktoberfest Cambodia បានិយាយថា៖ «Oktoberfest គឺជាវិធីដ៏រីករាយមួយក្នុងការធ្វើឱ្យមនុស្សរួមគ្នានិងទទួលបានរសជាតិនៃអ្វីមួយ ដែលមានលក្ខណៈជាអាល្លឺម៉ង់ ខណៈដែលវាមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅជុំវិញពិភពលោក»។
លោកបានបន្តថា៖«សហគមន៍អាល្លឺម៉ង់នៅពេលនោះចង់ចែករំលែកពិធីបុណ្យនេះជាមួយមិត្តភ័ក្តិរបស់យើងនៅក្នុងទីក្រុងភ្នំពេញ។យើងបានមកជុំគ្នាហើយរីករាយក្នុងពិធីបុណ្យរាំ និងជប់លៀងតាំងពីពេលនោះមក។ហើយដូចពួកយើងដែរ ប្រជាជនកម្ពុជាចូលចិត្តស្រាបៀរល្អ អាហារឆ្ងាញ់ៗនិងដើម្បីជប់លៀង។ នេះជាអ្វីដែលយើងធ្វើជាមួយគ្នា»។
Oktoberfest Cambodia ឆ្នាំ ២០២៤ នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី ២៥ ខែតុលា ជាមួយនឹងតន្ត្រី និងការកម្សាន្តរយៈពេលពីរថ្ងៃនៅអគារ Connexion Community Building នៅកោះពេជ្រ រាជធានីភ្នំពេញនិងបញ្ចប់ដោយកម្មវិធីជប់លៀងដ៏ធំនៅថ្ងៃសៅរ៍ទី ២៦។
អ្នកទស្សនារីករាយនឹងអាហារដ៏ឆ្ងាញ់របស់អាល្លឺម៉ង់រួមមានសាច់អាំងដ៏ពេញនិយមរបស់ភោជនីយដ្ឋាន Hops ក៏ដូចជាស្រាបៀរបង្ហូរដោយសេរីនៅក្នុងកែវស្រាបៀរអនុស្សាវរីយ៍ដែលផ្តល់ជូនដល់ភ្ញៀវទាំងអស់គ្នា៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុក Oktoberfest Cambodia៕
នៅពេលដែល Li-Da Kruger ចូលរួមក្នុងមហោស្រពខ្សែភាពយន្តក្រុងកម្ពុជា ឯក្រុងឡុងប៊ិក រដ្ឋកាលីហ្វ័រនីញ៉ាកាលពីខែកញ្ញាកន្លងទៅនេះ ស្ត្រីអង់គ្លេសដើមកំណើតខ្មែររូបនេះបានធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
ការធ្វើតេស្ត DNA នៅទីតាំងសាលមហោស្រពសិល្បៈArt Theatre of Long Beach ខណៈខ្សែភាពយន្តឯកសាររបស់អ្នកស្រីស្ដីអំពីការស្វែងរកឫសគល់សាវតាជាខ្មែរ ជាមួយអ្នកម្ដាយចិញ្ចឹមរបស់អ្នកស្រីរឿង «Prue Leith Journey With My Daughter ត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនៅមហោស្រពភាពយន្តខេមបូឌា ថោន (CTFF) លើកទី ១០ កាលពីខែកញ្ញា។
អ្នកស្រីបានឱ្យដឹងទៀតថា៖ «ខ្ញុំនិយាយអំពីរបៀបដែលការធ្វើតេស្ត DNA អាចជួយស្វែងរកសាច់ញាតិដែលបាត់បង់និងជួបជុំគ្រួសារឡើងវិញ។ បន្ទាប់ពីការពិនិត្យរបស់ខ្ញុំអ្នកនឹងជួបសាច់ញាតិដែលខ្ញុំបានរកឃើញនៅទីនេះក្នុងទីក្រុង Long Beach ដោយសារ DNA! យើងផ្តល់ជូនការធ្វើតេស្ត DNA ដោយឥតគិតថ្លៃដោយសង្ឃឹមថាអ្នកនឹងចូលរួមក្នុងគម្រោងសប្បុរសធម៌របស់ខ្ញុំដើម្បីជួយបង្រួបបង្រួមគ្រួសារកម្ពុជាឡើងវិញ»។
ការយកសំណាក និងធ្វើតេស្ត DNA នេះ គឺប្រយោជន៍ដល់ការស្វែងរកសាច់ឈាមដែលព្រាត់គ្នាយូរឆ្នាំ។ ជាលទ្ធផល ដោយសារតែការធ្វើតេស្ត DNA អ្នកស្រី លីដា បានរកឃើញសាច់ញាតិមួយចំនួន ហើយរឿងរ៉ាវនេះត្រូវបានលាតត្រដាងតាមរយៈភាពយន្តឯកសារPrue Leith Journey With My Daughter។
បេសកកម្មជួយស្វែងរកក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះពីរបបខ្មែរក្រហម ត្រូវបានប្រតិបត្តិការឡើងតាមរយៈអង្គការ Reconnecting Cambodia DNA Cambodia - ឌីអិនអេកម្ពុជាKFCO Cambodia។
អ្នកស្រីបានឱ្យដឹងថា៖ «ពួកយើងជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាតែមួយគត់ដែលធ្វើការផ្ដោតទៅលើការជួបជុំគ្រួសារឡើងវិញ ដែលបានបាត់ដំណឹងបែកបាក់ព្រាត់សមាជិកគ្រួសារ ដោយសារសង្គ្រាម របបប្រល័យពូជសាសន៍ និងភាពក្រីក្រតាមរយៈការធ្វើតេស្ត ឌីអិនអេ ដោយឥតគិតថ្លៃ និងការជួយជ្រោមជ្រែង និងការអប់រំ»។
សម្រង់សំណេរនៅលើទំព័រហ្វេសប៊ុករបស់អង្គការនេះ បានប្រកាសថា៖ «នៅដើមខែតុលា២៤ នេះអង្គការយើងខ្ញុំបានបន្តការធ្វើតេស្តបងប្អូនពូមីងដែលគាត់បានបាត់ព្រាត់គ្រួសារតាំងពីសម័យសង្គ្រាម និងសម័យខ្មែរក្រហមមកម្ល៉េះមិនដឹងថានៅរស់ ឬក៏ស្លាប់»។
លោក ឆាល សុង (Charles Song) ដែលបានចូលរួមជាមួយអ្នកស្រី លីដា និងប្រជាជនកម្ពុជាជាច្រើននាក់ទៀតក្នុងការធ្វើតេស្តDNA ដោយឥតគិតថ្លៃ នៅតេរំពឹងថាលោក ក៏ដូចជាមនុស្សជាច្រើនទៀតនឹងអាចស្វែងរកឃើញក្រុមគ្រួសារសាច់ញាតិព្រាត់ប្រាស់គ្នាដោយសារតែរបបអាវខ្មៅ។
លោកបានសរសេរថា៖ «រហូតមកដល់ថ្ងៃនេះ មនុស្សរាប់ម៉ឺននាក់រួមទាំងបងប្រុសច្បងរបស់ខ្ញុំនៅតែបាត់ខ្លួន»។
លោកបានអំពាវនាវឱ្យអ្នកដែលមានសមាជិកគ្រួសារបាត់ខ្លួន ស្វែងរកការធ្វើតេស្ត DNA ឬណែនាំប្រាប់មិត្តភ័ក្តិនិងក្រុមគ្រួសារអំពីសេវាកម្មស្វែងរកគ្រួសារនេះ ដោយ Reconnecting Cambodia និងអង្គការសប្បុរសធម៌គ្រួសារខ្មែរ (KFCO)។
ដើម្បីដាក់ពាក្យស្នើសុំឧបករណ៍ធ្វើតេស្ត DNA ដោយឥតគិតថ្លៃសូមមើលខិត្តប័ណ្ណដែលភ្ជាប់មកជាមួយ។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងអង្គការសប្បុរសដើម្បីគ្រួសារខ្មែរ KFCO និង Reconnecting Cambodia៕
ភ្នំពេញៈនៅក្នុងកសិដ្ឋានក្នុងភូមិសន្សំកុសលប្រអប់ខៀវត្រួតគ្នាតម្រៀបជាជួរបំពាក់ដោយទុយោជ័រ ជាកន្លែងដែលវិស្វករឧត្តម ទិត្យា ចិញ្ចឹមបំប៉នក្ដាមថ្មជាគ្រឿងសមុទ្រដ៏មានឱជារស និងតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។
ជាវិស្វករបម្រើការក្នុងវិស័យសំណង់ដែលគ្មានជំនាញកសិកម្មទាល់តែសោះលោកទិត្យាបានសម្លឹងឃើញឱកាសល្អនិងបានសម្រេចចិត្តផ្លាស់ប្តូរអាជីពទៅបើកកសិដ្ឋាន ប្រើបច្ចេកទេសចិញ្ចឹមក្តាមថ្មក្នុងប្រអប់ដោយឃើញថាវាមានហាងឆេងខ្ពស់ និងពុំសូវសម្បូរដាក់លក់តាមហាង និងភោជនីយដ្ឋាន។
លោកបានរៀបរាប់ប្រាប់ SR News ឱ្យដឹងពីចំណុចចាប់ផ្តើមអាជីវកម្មរបស់លោកថា៖ «តាមពិតទៅដំបូងឡើយផ្ដើមចេញពីការទៅហូបគុយទាវ ខ្ញុំហៅគុយទាវគ្រឿងសមុទ្រប៉ុន្តែភាគច្រើនមានតែបង្គា និងមឹក អត់មានក្ដាម។ ចំណែកនៅតាមហាងគ្រឿងសមុទ្រក៏អ៊ីចឹងដែរ មានតែមឹកបង្គា»។
ស្របនឹងគោលដៅដែលបានគិតទុកមុន តាំងពីលោកនៅបម្រើការឱ្យគេលោក ទិត្យា ក៏បានឆ្លៀតរៀនតាមរយៈអនឡាញនូវបច្ចេកទេសចិញ្ចឹមក្ដាមថ្មក្នុងប្រអប់ដូចជានៅម៉ាឡេស៊ី និងហ្វីលីពីន។
លោកបានប្រាប់ទៀតថា៖ «ដោយសារពេលនោះជាពេលរីករាលដាលនៃមេរោគកូវីដ១៩ គេបើកបង្រៀនតាមអនឡាញគឺខ្ញុំរៀនតាមអនឡាញសុទ្ធសាធ ហើយចម្ងល់វិញគឺមានច្រើនខ្លាំងមែនទែន ទម្រាំខ្ញុំអាចឆ្លងផុតដំណាក់កាលបច្ចេកទេសនេះបាន»។
លោក ឧត្តម ទិត្យា ដែលជាម្ចាស់កសិដ្ឋាន «ក្តាមថ្មភ្នំពេញ»ឱ្យដឹងថា អាជីវកម្មរបស់លោកមិនធំពេកទេ ហើយលោកបានចាប់ផ្តើមដំបូងជាលក្ខណៈគ្រួសារដោយដំណើរការកន្លែងចិញ្ចឹមនៅក្រោយផ្ទះ។
លោកមានដីទំនេរស្រាប់ផង ហើយអាជីវកម្មចិញ្ចឹមក្ដាមថ្មនៅក្នុងប្រអប់ក៏មិនទាមទារទីតាំងធំពេកដែរគឺត្រឹម ៦០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «អ៊ីចឹងខ្ញុំក៏មានគំនិតចង់នាំយកក្ដាមថ្មឱ្យមានវត្តមានលើទីផ្សារ ដល់ពេលខ្ញុំស្រាវជ្រាវមើលទៅនៅភ្នំពេញដូចជាមិនមានច្រើនទេ ណាមួយសម្រាប់អាជីវកម្មនេះ អាចនិយាយបានថាខ្ញុំចាប់ផ្ដើមបានមុនគេបន្តិច»។
បច្ចេកទេសចិញ្ចឹមក្ដាមថ្មដ៏ទំនើបនេះមានភាពងាយស្រួលនិងមិនរើសទីតាំង។ការដាក់ចិញ្ចឹមនៅក្នុងប្រអប់ដាច់ដោយឡែកពីគ្នា ក៏មិនតម្រូវឱ្យជីកស្រះឬធ្វើអាងឡើយ។
ទាក់ទិននឹងបច្ចេកទេសចិញ្ចឹមដដែលនេះម្ចាស់កសិដ្ឋានក្តាមថ្មភ្នំពេញបានឱ្យដឹងថា សម្រាប់ក្ដាមថ្មដែលលោកចិញ្ចឹមនៅភ្នំពេញនេះមិនមែនចិញ្ចឹមតាំងពីតូច ឬបង្កាត់ពូជថ្មីនោះទេ គឺលោកនាំយកក្ដាមថ្មពីខេត្តព្រះសីហនុនិងខេត្តកោះកុង។
ម្ចាស់កសិដ្ឋានបានជ្រើសរើសយកក្ដាមណាដែលស្ទើរសាច់ឬក៏ពេញសាច់ហើយ យកមកចិញ្ចឹមដាក់ក្នុងប្រអប់ ប្រៀបបីដូចជាកន្លែងស្តុកទៅវិញទេដើម្បីបំប៉នពួកវារយៈពេលពី២ សប្ដាហ៍ទៅ ១ខែកន្លះ មុននឹងលោកប្រមូលផលយកទៅលក់លើទីផ្សារ។
ចំពោះតម្រូវការវិញលោក កិត្យា បានឱ្យដឹងថា៖«ក្ដាមថ្មកំពុងមានតម្រូវការខ្ពស់ ដោយសារមិនមានកសិដ្ឋានបែបនេះច្រើនឬអតិថិជនគាត់ទៅរកអត់មាននៅលើទីផ្សារ ធ្វើឲ្យវាមានថ្លៃ ហើយទុកមិនបានយូរទៀតផង»។
លោក ឧត្តម ទិត្យា បានបន្តទៀតថាបច្ចុប្បន្ននេះកសិដ្ឋានរបស់លោកមានចំនួន ១ ពាន់ប្រអប់ ដែលអាចផ្គត់ផ្គង់ក្តាមថ្មជាច្រើនប្រភេទដូចជាក្តាមលេខ១លេខ ២ លេខ ៣ ប្រភេទ ក្ដាមធំ ក្ដាមសេះ និងក្ដាមពង ក្នុងតម្លៃចាប់ពី ២ម៉ឺនរៀល ដល់ ១២ ម៉ឺនរៀលក្នុង ១ គីឡូក្រាម។
ក្នុងមួយខែៗលោក អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារឯណោះពីកសិដ្ឋានប្រើបច្ចេកទេសចិញ្ចឹមក្ដាមក្នុងប្រអប់នេះ។
សម្រាប់ថ្ងៃអនាគតលោកក៏មានគម្រោងបង្កើនកន្លែងចិញ្ចឹមឱ្យច្រើនទីតាំងព្រមទាំងរកដៃគូសហការទាំងក្នុងនិងក្រៅស្រុកផងដែរ។
កសិដ្ឋានក្តាមថ្មភ្នំពេញមានអាសយដ្ឋាននៅផ្ទះលេខ ២២៦D ផ្លូវលេខ ៣៧BT ក្នុងភូមិសន្សំកុសល២សង្កាត់បឹងទំពុន១ខណ្ឌមានជ័យ។ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក កសិដ្ឋាន ក្តាមថ្មភ្នំពេញឬលេខទូរសព្ទ ០៨៦២៤២ ៩២៤៕
ការឈឺចាប់ពេលមករដូវ (dysmenorrhea)គឺជាបញ្ហាដែលមនុស្សស្រីជាច្រើនប្រឈមមុខតែយើងក៍អាចកាត់បន្ថយ ឬបំបាត់ការឈឺចាប់ដោយប្រើប្រាស់វិធីធម្មជាតិនិងវិធីសាស្ត្រងាយៗដទៃទៀតបានផងដែរ។
ថ្ងៃនេះ SR News និងលើកយកវិធីសាស្ត្រខ្លះៗមកបង្ហាញដល់មិត្តៗនារីដើម្បីទប់ស្កាត់ការឈឺចាប់ពេលមករដូវ៖
១. ស្អំខ្នើយកម្ដៅ ឬទឹកក្តៅឧណ្ហៗ
បើសិនជាអ្នកមានអារម្មណ៍ថាឈឺចាប់សូមសាកល្បងប្រើខ្នើយ ឬបន្ទះកម្ដៅ (Heating Pad) ឬច្រកទឹកក្តៅឧណ្ហៗក្នុងដបស្អំស្រាលៗនៅត្រង់ផ្នែកខាងក្រោមពោះកំឡុងពេលមករដូវដោយសារកម្ដៅនេះអាចជួយបន្ថយការឈឺចាប់ផ្នែកសាច់ដុំបានយ៉ាងមានប្រសិទ្ធភាព។
២. ធ្វើលំហាត់ប្រាណស្រាលៗ
ការធ្វើលំហាត់ប្រាណស្រាលៗ ដូចជា ហែលទឹកហាត់យូហ្គា ឬដើរតិចៗ អាចជួយសម្រួលចរន្តឈាមរត់បានស្រួលនិងកាត់បន្ថយការឈឺចាប់។
៣. ញ៉ាំទឹកក្តៅ និងតែរុក្ខជាតិ
ការញ៉ាំទឹកក្តៅអាចជួយបន្ថយការឈឺក្រពះនិងជួយឲ្យសាច់ដុំធូរស្រាល ចំនែកឯការញ៉ាំតែរុក្ខជាតិដូចជាតែផ្កានិងតែក្រហមក៏អាចសម្រួលការឈឺចាប់បានខ្លះដែរ។
៤. បរិភោគប្រភេទអាហារ ដែលងាយស្រួលរំលាយ
ប្រសិនបើអ្នកឈឺពោះពេលមករដូវសូមជៀសវាងអាហារដែលមានជាតិប្រេងខ្ពស់, អំបិលច្រើន,និងអាហារណាដែលមានសារធាតុកាហ្វេអ៊ីន។អ្នកគួរតែបរិភោគអាហារណាដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាផ្លែឈើ បន្លែនិងប្រភេទអាហារណាដែលងាយស្រួលរំលាយ ដោយរបបអាហារនេះជួយបន្ថយការឈឺចាប់បាន។
៥. សម្រាកឲ្យបានគ្រប់គ្រាន់
កំឡុងពេលមករដូវ មនុស្សស្រីតែងតែបាត់បង់ឈាមច្រើនដូច្នេះហើយវាធ្វើឱ្យយើងអស់កម្លាំងជារឿងធម្មតា។ ដូច្នេះការសម្រាកនិងគេងឲ្យបានគ្រប់គ្រាន់ គឺជារឿងចាំបាច់បំផុតដែលមិត្តនារីៗគួតែធ្វើ។
៦. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់
ប្រសិនបើការឈឺចាប់មានកម្រិតធ្ងន់អ្នកអាចប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (Ibuprofen ឬ Acetaminophen)តែមុននឹងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនដើម្បីប្រាកដថាវាគ្មានផលប៉ះពាល់អាក្រក់ដល់សុខភាព។
ការប្រើប្រាស់វិធីសាស្ត្រ សាមញៗខាងលើទាំងអស់នេះពិតជាសន្សំសំចៃ និងងាយស្រួល ក្នុងការថែរក្សាខ្លួនក៏ដូចជាកាត់បន្ថយការឈឺចាប់ពេលមករដូវបានយ៉ាងមានប្រសិទ្ធភាព៕
សេអ៊ូល៖ ចំនួនតារាចម្រៀង K-pop ដែលសម្រេចចិត្តមិនបន្តកិច្ចសន្យាជាមួយភ្នាក់ងារធំៗ កាន់តែកើនឡើងដោយសារតែការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ និងការគ្រប់គ្រងហួសហេតុលើសេរីភាពនៃការផលិតតន្ត្រីរបស់ពួកគេ។
ប្រភពពីឧស្សាហកម្មកម្សាន្តបានសម្គាល់ពីការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងផលិតកម្មដែលបានផ្តល់សិទ្ធិអំណាចដល់តារាកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍន៍ខ្លួនជាតារាចម្រៀងឯករាជ្យ ឬបង្កើតផលិតកម្មទ្រង់ទ្រាយតូចល្មមសម្រាប់ពួកគេ។
ជាមួយនឹងការកើនឡើងនៃបណ្តាញទំនាក់ទំនងសង្គម និងអ្នកផលិតមាតិកាឯករាជ្យ តារាចម្រៀងលែងពឹងផ្អែកលើទីភ្នាក់ងារធំៗដើម្បីជោគជ័យទៀតហើយ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនកម្សាន្តក្នុងស្រុកមានការខកចិត្តចំពោះតារាដែលបានចាកចេញពីទ្រនំដោយលើកឡើងពីការវិនិយោគជាច្រើនឆ្នាំក្នុងការដុសខាត់បង្វឹកសិល្បករទាំងនេះ។
កាលពីថ្ងៃទី ៣ ខែសីហា Soyeonនៃក្រុម(G)I-dle បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងអំឡុងពេលច្រៀងទោលរបស់នាងនៅឯការប្រគុំតន្ត្រី Idol នៅ KSPO Dome ក្នុងទីក្រុងសេអ៊ូលនៅពេលដែលនាងបានផ្លាស់ប្តូរទំនុកច្រៀងថា «តើអ្នកណានឹងបញ្ឈប់ខ្ញុំ?» ដោយទំនងជាសំដៅលើការណែនាំអំពីជម្លោះដែលអាចកើតមានជាមួយភ្នាក់ងាររបស់នាងគឺ Cube Entertainment ។
ក្រោយមក ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនមិនបានដឹងពីព័ត៌មានលម្អិតជាក់លាក់នៃការសម្តែងនោះទេប៉ុន្តែ Soyeon បានប្រឆាំងធ្វើឱ្យបញ្ហាកាន់តែស៊ីជម្រៅជាមួយក្រុមហ៊ុន។យ៉ាងណាមិញ ដើមចមពិតប្រាកដនៃជម្លោះរវាងភាគីទាំងពីរនៅមិនទាន់ច្បាស់នៅឡើយ។
ចាប់តាំងពីពេលនោះមក Cube Entertainment បានបញ្ជាក់ថា កិច្ចសន្យារបស់ Soyeon នឹងផុតកំណត់នៅក្នុងខែវិច្ឆិកា ហើយការពិភាក្សាអំពីការបន្តកុងត្រានៅស្រពេចស្រពិលនៅឡើយ។
អ្នកឃ្លាំមើលឧស្សាហកម្មតន្ត្រី Lim Hee-yun ចាត់ទុកនិន្នាការនេះថា ជាការផ្លាស់ប្តូរនៃសក្ដានុពលនៃអានុភាពរវាងភ្នាក់ងារគ្រប់គ្រងតារា K-pop និងតារាចម្រៀងផ្ទាល់តែម្ដង។
ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ វេទិកាបង្ហាញស្នាដៃ ទម្លាប់នៃការទស្សនាចម្រៀងនិងវិធីសាស្ត្រផលិតបានផ្លាស់ប្តូរផ្នត់គំនិតរបស់តារាចម្រៀង។
អ្នករិះគន់រូបនេះបាននិយាយនៅថ្ងៃទី ២៤ ខែកញ្ញាថា៖ «ជំនឿបានអូសបន្លាយយូរមកហើយដែលថាតារាចម្រៀងត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុពីភ្នាក់ងារធំៗដើម្បីរក្សាសកម្មភាពជាប់លាប់ តែវាបានផ្លាស់ប្ដូរហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ»។
សព្វថ្ងៃការធានាបានបទចម្រៀងល្អ គឺជាកត្តាសំខាន់បំផុត ហើយវាអាចសម្រេចបានតាមរយៈទីផ្សារឯករាជ្យដោយមិនពឹងផ្អែកលើភ្នាក់ងារធំៗ។
Joy សមាជិកក្រុម Red Velvet ក៏មានពាក្យចចាមអារ៉ាមថានាងមានការស្ទាក់ស្ទើរក្នុងការបន្តកុងត្រារបស់នាង ដែលជិតដល់ថ្ងៃផុតកំណត់ជាមួយ SM Entertainment ។
កាលពីខែមិថុនានាងបានបញ្ចេញជាសាធារណៈនូវការមិនពេញចិត្តរបស់នាងចំពោះក្រុមហ៊ុន ដោយធ្វើឱ្យមហាជនទស្សន៍ទាយពីអត្រាដែលនាងអាចចាកចោលទ្រនំ។
នៅពេលដែលអ្នកគាំទ្រម្នាក់បានសួរតាមអ៊ីនធឺណិតសម្រាប់គំនិតរបស់នាងចំពោះវីដេអូចម្រៀងថ្មីJoy បាននិយាយថា៖ «មែនហើយពួកគេ (SM Entertainment) មិនបានស្តាប់យោបល់ណាមួយ(Red Velvet) របស់យើងទេហើយគ្រាន់តែប្រាប់យើងឱ្យរង់ចាំ។ ខ្ញុំបានមើលវីដេអូចម្រៀង ហើយមិនមានអ្វីកែកុនតាមយោបល់របស់ពួកយើងជាតារាចម្រៀងទេ។ខ្ញុំមិនគួរនិយាយច្រើនទេ ដូច្នេះខ្ញុំនៅស្ងៀម»។
នៅថ្ងៃទី២៤ ខែកញ្ញា ផលិតកម្ម SM Entertainment បានបញ្ជាក់ថា ការពិភាក្សាបន្តកិច្ចសន្យាជាមួយ Joy កំពុងបន្ត ទោះបីជានាងត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកឱកាសថ្មីៗជាមួយភ្នាក់ងារគ្រប់គ្រងផ្តោតលើការសម្ដែងក៏ដោយ។
មន្ត្រីបម្រើការក្នុងវិស័យឧស្សាហកម្មកម្សាន្តក្នុងស្រុកបាននិយាយថា៖«តាមទស្សនៈរបស់ក្រុមហ៊ុនវាជាការខកចិត្តដែលយើងបានវិនិយោគជាច្រើនឆ្នាំដើម្បីការរីកចម្រើនរបស់សិល្បករ។សព្វថ្ងៃនេះភ្នាក់ងារលែងដាក់ទិសដៅសិល្បៈតឹងរ៉ឹងដូចពេលមុនទៀតហើយ។ សិល្បករត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាពទាំងក្រុមនិងទោល ដូច្នេះវាមិនច្បាស់ទេថា ការរឹតបន្តឹងកម្រិតណាដែលពួកគេអះអាងថាបានជួបប្រទះនោះ»។
តារា K-pop ផ្សេងទៀតក៏បាននិយាយប្រឆាំងនឹងភ្នាក់ងាររបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរដោយអ្នកខ្លះថែមទាំងដាក់ពាក្យបណ្តឹងឬជ្រើសរើសមិនបន្តកិច្ចសន្យារបស់ពួកគេ។
ករណីគួរឱ្យកត់សម្គាល់រួមមាន Baekhyun, Chen និង Xiumin នៃក្រុម Exo ដែលបានដាក់ពាក្យប្តឹង SM Entertainment ក្នុងឆ្នាំ ២០២៣ជុំវិញការអះអាងពីភាពមិនយុត្តិធម៌ ជាពិសេសទាក់ទងនឹងការបែងចែកប្រាក់ចំណេញ។
នៅឆ្នាំ ២០២១ Wheein នៃក្រុម Mamamoo បានជ្រើសរើសមិនបន្តកិច្ចសន្យាផ្តាច់មុខរបស់នាងជាមួយRBW ទោះបីជានាងបានយល់ព្រមបន្តចូលរួមក្នុងសកម្មភាពក្រុមខណៈពេលដែលបន្តអាជីពទោលរបស់នាងក្រោមភ្នាក់ងារផ្សេងក៏ដោយ៕
ប្រភពព័ត៌មាន៖ The KoreaHerald/ Asia News Network
ភ្នំពេញ:ជាងដីឥដ្ឋផលិតកូនជ្រូកសន្សំលុយមានបទពិសោធន៍ជាង១២ឆ្នាំលោក អាន សុខអ៊ាង បានច្នៃកូនជ្រូកពីដីឥដ្ឋ ទៅជាតុក្កតាឡាប៊ូប៊ូ (Labubu) ជាទីពេញនិយមសម្រាប់កុមារនិងយុវវ័យ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍និងមានឱកាសទីផ្សារល្អក្នុងការលក់។
លោកសុខអ៊ាង បានប្រាប់សារព័ត៌មាន SRNews ពីដំណើរដើមទងនៃការធ្វើតុក្កតាសន្សំលុយលាប៊ូប៊ូនេះថា៖«កត្តាដែលឱ្យរូបខ្ញុំបង្កើត តុក្កតាសន្សំលុយឡាប៊ូប៊ូនេះឡើងដោយក្មួយស្រីរបស់ខ្ញុំទាមទារឲ្យទិញតុក្កតាឡាប៊ូប៊ូដែលកំពុងតែមានការផ្ទុះការពេញនិយមនៅក្នុងបណ្ដាញសង្គម»។
ដោយតុក្កតាឡាប៊ូប៊ូ ទាំងនោះមានតម្លៃថ្លៃគួរសមដែរ ទើបជាងដីឥដ្ឋដែលមានបទពិសោធន៍ធ្វើកូនជ្រូកសន្សំលុយក៏ចាប់ផ្ដើមផលិតតុក្កតានេះឡើងតែម្ដង។
វត្ថុធាតុដើមដែលលោកសុខអ៊ាង បានប្រើប្រាស់គឺជាប្រភេទម្សៅកំបោរដែលគេនិយមយកធ្វើជាម្នាងសិលា ជំនួសដោយដីឥដ្ឋ ដោយសារតែម្សៅកំបោរមានភាពងាយស្រួលរហ័ស និងចំណេញពេលវេលា។
សម្រាប់ដំណាក់កាលក្នុងការផលិតលោកបានរៀបរាប់ថា ដំបូងត្រូវយកម្សៅលាយជាមួយទឹក រួចកូរឲ្យវាសព្វសាច់ល្អទើបយកទៅចាក់ចូលពុម្ព ដែលលោកបានរៀបចំរួចដោយក្រឡុកវាធ្លាក់ចូលក្នុងពុម្ពឱ្យបានសព្វល្អ។ បន្ទាប់មកទៀតត្រូវទុកឲ្យម្សៅឱ្យស្ងួតសឹមដោះចេញពីពុម្ភ ហើយយកទៅហាលថ្ងៃឲ្យស្ងួតល្អ។
បុរសវ័យ២៧ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ «រូបតុក្កតាដែលដោះចេញពីពុម្ភរួចត្រូវយកមកខាត់វាឲ្យស្អាតរលោង ទើបយកមកបាញ់ថ្នាំពណ៌ទៅតាមរូបដែលចង់បាននិងរក្សាទុកនៅកន្លែងស្ងួតជៀសវាងការត្រូវទឹក ដែលធ្វើឲ្យខូចទឹកថ្នាំបានបាញ់រួច»។
ថ្វីត្បិតតែលោកមានបទពិសោធផលិតកូនជ្រូកសន្សំលុយយូរឆ្នាំមកហើយតែការផលិតរូបតុក្កតាឡាប៊ូប៊ូ នេះក៏មានផលពិបាកខ្លះៗផងដែរ។ ដំបូងលោកសុខអ៊ាងត្រូវការចំណាយពេលវេលាយូរទៅលើសូនរូបពុម្ភ និងនាំចូលប្រភេទម្សៅពីក្រៅប្រទេស។
លោកបានឱ្យដឹងទៀតថា៖ «តុក្កតាឡាប៊ូប៊ូ មានទំហំធំលក់ក្នុងតម្លៃ ៦០០០០ រៀលហើយខ្ញុំក៏នឹងកំពុងផលិតតុក្កតាឡាប៊ូប៊ូនេះជាទំហំតូចៗផងដែរ»។
សព្វថ្ងៃសិប្បកម្មរបស់លោកមានបុគ្គលិក ១២នាក់ទទួលខុសត្រូវសង្វាក់ផលិតកម្មនិងបាញ់តុបតែងឲ្យតុក្កតាសន្សំលុយឡាប៊ូប៊ូមានសោភ័ណភាពស្អាត។
ការលក់នៅលើទីផ្សារសព្វថ្ងៃមានការលក់ដាច់ខ្លាំង ដែលសិប្បកម្មរបស់លោកផលិតពុំទាន់តម្រូវការនោះទេ។ តម្រូវការភាគច្រើនមកពីតាមបណ្ដាលខេត្ត។
លោកសុខអ៊ាង បានលើកហេតុផលថាការកុម្ម៉ង់ច្រើនដោយសារតែគុណភាពល្អមិនធ្វើឲ្យខូចដល់ក្រដាសប្រាក់ដែលយើងសន្សំ ឬធ្វើឲ្យលុយដុះផ្សិតនោះទេ។
សិប្បកម្មផលិតតុក្កតាឡាប៊ូប៊ូមាន មានអាសយដ្ឋាននៅភូមិទំនប់ធំស្រុក ពញាឮ ខេត្ត កណ្ដាលនិងនៅចំការដូង រាជធានីភ្នំពេញ។
នៅថ្ងៃអនាគតលោកសុខអ៊ាងក៏មានបំណងចង់ពង្រីកអាជីវកម្មឱ្យកាន់តែធំឡើងៗដើម្បីជួយឱ្យកូនខ្មែរបានបានការងារធ្វើនិងចែកចាយទៅកាន់ទីផ្សារបរទេស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងគេហទំព័រហ្វេសប៊ុកពិភព កូនជ្រូកសន្សំលុយ ឬលេខទូរសព្ទ៖ ០៨៨ ៤៩៩ ៩៩២៦/០៨១ ៧២៧ ២៤៦៕
ភ្នំពេញៈ មានអ្នកគាំទ្ររហូតដល់ចំនួន 181K នៅលើហ្វេសប៊ុកអ្នកស្រី សេង ម៉ូលីនី បានក្លាយជាស្ត្រីអ្នកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរដ៏មានប្រជាប្រិយភាព ដោយសារតែភាពប៉ិនប្រសប់ក្នុងការសួរសំណួរ ការលើកទឹកចិត្តកីឡាករ និងទំនាក់ទំនងល្អជាមួយកីឡាករ និងគ្រូបង្វឹកប្រដាល់ជាដើម ជាពិសេសការគាស់កកាយ រូតវាំងនន បង្ហាញនូវរឿងរ៉ាវផ្សេងៗដែលកើតមាននៅខាងក្រោមសង្វៀន ជូនបងប្អូនបានទស្សនា។
អ្នកស្រី សេង ម៉ូលីនី អ្នកផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មាន SR News ថា មុននឹងក្លាយជាអ្នកផ្សព្វផ្សាយប្រដាល់បែបនេះ អ្នកស្រីធ្លាប់បានធ្វើការងារជាអ្នកសារព័ត៌មាននៅតាមស្ថាប័នជាច្រើន ហើយជំនាញសារព័ត៌មាននេះ បាននាំឱ្យអ្នកស្រីមានភាពក្លាហាន ពូកែសួរដេញដោលស្វែងរកព័ត៌មាន និងផ្តល់នូវព័ត៌មានដែលមានប្រយោជន៍ជូនដល់ទស្សនិកជន។
នៅក្នុងឆ្នាំ២០១៩ អ្នកស្រី ម៉ូលីនី បានវិវឌ្ឍខ្លួនពីអ្នកសារព័ត៌មាន ក្លាយជាអ្នកផ្សព្វផ្សាយគុនខ្មែរនៅស្ថានីយទូរទស្សន៍មួយ ដែលជាកន្លែងអ្នកស្រីបម្រើការ គ្រានោះហើយអ្នកស្រីបានផ្តិតយកនូវទិដ្ឋភាពរបស់កីឡាករប្រដាល់ទាំងនៅលើសង្វៀន និងក្រោមសង្វៀន មកបង្ហាញជូនបងប្អូនអ្នកនិយមតាមដានវិស័យប្រដាល់ បានទស្សនាតាមរយៈប្រព័ន្ធបណ្តាញសង្គម លុះរហូតដល់ឆ្នាំ ២០២២ ទើបអ្នកស្រីសម្រេចបង្កើតផេកហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនឡើង ដែលមានឈ្មោះថា «Seng Moliny Journalist»។
អ្នកស្រីបញ្ជាក់ថា៖ «មកដល់ពេលនេះ ខ្ញុំមានអ្នកគាំទ្រ181k លើហ្វេសប៊ុក វាតិចទេសម្រាប់អ្នកដ៏ទៃ ប៉ុន្តែវាច្រើនសម្រាប់ខ្ញុំ ដែលខ្ញុំចាប់ផ្តើមតាំងពីចំណុចសូន្យ បើខ្ញុំរាប់ទៅគឺនៅខែ៨ ឆ្នាំ២០២២ ខ្ញុំសម្រេចធ្វើផេកនេះដោយខ្លួនឯង ហើយដើរដោយខ្លួន ដោយមិនពឹងទៅលើស្ថាប័នណាមួយ»។
មានអ្នកគាំទ្រច្រើន មានទាំងមនោសញ្ចេតនា និងក្តីស្រឡាញ់ពីអ្នកនៅក្នុងវិស័យប្រដាល់មួយនេះ អេតមីនផេក Seng Moliny Journalist រូបនេះ បញ្ជាក់ពីអារម្មណ៍យ៉ាងដូច្នេះថា៖ «ការផ្សព្វផ្សាយគុនខ្មែរ គឺជាចំណែកមួយនៅក្នុងជីវិតរបស់ខ្ញុំ នៅពេលដែលខ្ញុំអត់បានទៅមើលប្រដាល់ ឬអត់បានទៅដល់ក្លឹបប្រដាល់ណាដែលខ្ញុំចង់ទៅ គឺនៅអត់សុខម៉ង ពេលខ្លះប្តីខ្ញុំគាត់អត់ស្រួលខ្លួន ខ្ញុំថាបង! បងឯងនៅផ្ទះ ទុកឱ្យខ្ញុំជាអ្នកទៅ អ៊ីចឹងខ្ញុំទៅម្នាក់ឯងក៏មានដែរ បានន័យថាខ្ញុំមានអារម្មណ៍មានក្តីសុខ ពេលដែលខ្ញុំធ្វើការងារមួយហ្នឹង (ការងារផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ)»។
ស្ត្រីវ័យ៣២ ឆ្នាំរូបនេះ ថ្លែងថា នៅពីក្រោយភាពជោគជ័យដ៏មានតម្លៃមួយនេះ គឺមានស្វាមីរបស់អ្នកស្រី (លោក ជា សុភារិន) ជាអ្នកជួយជ្រោមជ្រែងលើកទឹកចិត្ត បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏ប្តីប្រពន្ធអ្នកស្រីនៅតែបន្តដំណើរទៅមុនឥតរុញរា រហូតទទួលបានផ្លែផ្កាដូចពេលនេះ។
អ្នកស្រីសេង ម៉ូលីនី រៀបរាប់ថា៖ «មកដល់ចំណុចនេះ ខ្ញុំចង់និយាយអរគុណទៅកាន់ស្វាមីខ្ញុំ ព្រោះភាពជោគជ័យរបស់ខ្ញុំមិនអាចជោគជ័យបានដោយម្នាក់ឯងទេ ព្រោះបើខ្ញុំធ្វើតែម្នាក់ឯងហើយគ្មានការគាំទ្រ ក៏មិនអាចទៅមុខរួចដែរ ទោះនៅពេលដំបូងគ្មានការគាំទ្រពីមនុស្សណាក៏ដោយ តែខ្ញុំមានការគាំទ្រពីស្វាមីរបស់ខ្ញុំ»៕
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏សំខាន់បំផុតមួយនៅប្រទេសកម្ពុជា ក្នុងការជួបជុំគ្រួសារនិងធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វការីជន។ ខណៈពេលដែលការឈប់សម្រាកកំឡុងពិធីបុណ្យនេះនាំមកនូវភាពរីករាយជារឿយៗការញ៉ាំអាហារបរិបូណ៌ និងការខកខានបញ្ចេញពលកម្មហាត់ប្រាណងាយនឹងធ្វើឱ្យមនុស្សឡើងទម្ងន់ណាស់។
ឥទ្ធិពលការញ៉ាំអាហាររដូវបុណ្យទាន
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នំអន្សម សម្លការី មាន់ ទា ត្រី សាច់ បង្អែម និងម្ហូបអាហារសម្បូរកាឡូរីផ្សេងៗទៀតត្រូវបានរៀបចំតាមប្រពៃណី។
រយៈពេលនៃការបណ្ដោយខ្លួនញ៉ាំឆ្ងាញ់ៗបែបនេះអាចនាំឱ្យមានការឡើងទម្ងន់គួរឱ្យកត់សម្គាល់មិនថាសម្រាប់ប្រជាជនខ្មែរ ឬនៅប្រទេសណានោះទេ។ ទំនោរឡើងទម្ងន់កំឡុងពេលបុណ្យទានវិស្សមកាល និងថ្ងៃឈប់សម្រាកនៅបណ្ដាប្រទេសផ្សេង ក៏ត្រូវបានគេសម្គាល់ឃើញថាអាចធ្វើឱ្យប្រជាជនគ្រប់ជាតិសាសន៍ឡើងទម្ងន់ផងដែរ។
យោងតាមអ្នកស្រី Christina Badaracco អ្នកជំនាញខាងចំណីអាហារនិងប្រឹក្សាផ្នែកថែទាំសុខភាពដែលមានមូលដ្ឋាននៅទីក្រុង Washington, DC បាននិយាយថា៖«មនុស្សទំនងជាគិតដឹងមុនថា ពួកគេនឹងឡើងទម្ងន់កំឡុងពេល ឬក្រោយចប់ថ្ងៃឈប់សម្រាកប៉ុន្តែកម្រិតគីឡូនឹងកើនឡើងតាមពេលវេលា ប្រសិនបើពួកគេមិនមានវិធានការទប់ទល់ជាមុន»។
យោងតាមការចុះផ្សាយដោយ www.everydayhealth.com អ្នកស្រីបានលើកឡើងថា ការយល់ដឹងពីការបម្រុងនឹងឡើងគីឡូដូច្នេះអាចជួយឱ្យមនុស្សគ្រប់គ្រងទម្ងន់នៅថ្ងៃបុណ្យ ក៏ដូចជាការពារបញ្ហាសុខភាពយូរអង្វែងទៅថ្ងៃមុខផងដែរ។
កត្តាដែលរួមចំណែកដល់ការឡើងទម្ងន់
អ្នកស្រី Katherine D. McManus, MS, RD, LDN មកពី Harvard Health បានពន្យល់ថា៖ «ម្ហូបម្ហាអាហារសម្រន់ អាហារប៊ូហ្វេដ៏សម្បូរបែបនិងកម្មវិធីជប់លៀងថ្ងៃសម្រាកធ្វើឱ្យការរក្សាទម្ងន់ជារឿងមួយដ៏លំបាកក្នុងអំឡុងវិស្សមកាល»។
ការចុះផ្សាយដោយ www.health.harvard.edu អ្នកស្រីបានបន្ថែមថា ទិដ្ឋភាពសង្គមនៃពិធីបុណ្យជារឿយៗពាក់ព័ន្ធនឹងការជួបជុំ និងពិធីជប់លៀងជាច្រើនដែលបង្កើនលទ្ធភាពនៃការញ៉ាំច្រើនពេកលើសតម្រូវការ។
គ្រប់គ្រងការឡើងទម្ងន់ក្រោយវិស្សមកាល
ដើម្បីគ្រប់គ្រងការឡើងទម្ងន់ក្រោយបុណ្យភ្ជុំបិណ្ឌ វាចាំបាច់ណាស់ក្នុងការត្រឡប់ទៅរកទម្លាប់ទទួលទានអាហារនិងការហាត់ប្រាណជាប្រចាំ។
អ្នកជំនាញបានណែនាំយុទ្ធសាស្ត្រជាច្រើនដូចជា រក្សាទម្លាប់ទទួលទានអាហារជ្រើសរើសអាហារដែលមានជាតិខ្លាញ់ទាប និងគោលដៅដើរឱ្យបាន ១ម៉ឺនជំហានក្នុងមួយថ្ងៃបន្ទាប់ពីវេលាឈប់សម្រាកនោះកន្លងផុត។
ការអនុវត្តទាំងនេះអាចជួយបន្ធូរបន្ថយផលប៉ះពាល់នៃការឡើងគីឡូនិងលើកកម្ពស់ការវិលត្រឡប់ទៅរករបៀបរស់នៅដែលមានសុខភាពល្អជាងមុន។
សរុបសេចក្តីមក ខណៈពេលដែលថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ គឺជាវេលាមាសក្នុងការជួបជុំក្រុមគ្រួសារវាក៏ជាអំឡុងពេលមនុស្សមួយចំនួនត្រូវប្រឈមនឹងរឿងឡើងទម្ងន់ដោយសារតែអាហារបុណ្យ និងការខកខានធ្វើលំហាត់ប្រាណ។
តាមរយៈការយល់ដឹងអំពីកត្តាដែលរួមចំណែកដល់ការឡើងទម្ងន់នេះនិងការអនុវត្តយុទ្ធសាស្ត្រដែលអ្នកជំនាញណែនាំខាងលើ អាចឱ្យបុគ្គលម្នាក់ៗអាចរីករាយជាមួយថ្ងៃឈប់សម្រាកពិធីបុណ្យនិងថែរក្សាសុខភាពរបស់ពួកគេពេលវិលត្រឡប់ចូលធ្វើការ និងដំណើរអាជីវកម្មឡើងវិញ៕
Suga ធ្លាប់សុំទោសចំពោះហ្វេនដោយចាត់ទុកអ្នកគាំទ្រថាជា «អ្នកដែលរូបលោកបានធ្វើឱ្យឈឺចាប់ដោយសារការធ្វេសប្រហែសនិងអាកប្បកិរិយាខុសរបស់ខ្លួន»។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា Suga មកពីក្រុមចម្រៀង K-pop BTS ត្រូវបានពិន័យជាប្រាក់ ១៥លានវ៉ុន (១១៥០០ ដុល្លាអាមេរិក) សម្រាប់ការបើកបរកង់អគ្គិសនី ខណៈពេលដែលស្ថិតក្រោមឥទ្ធិពលស្រវឹង។
តារាចម្រៀង ដែលមានឈ្មោះពិតថា Min Yoon-gi ត្រូវបានចោទប្រកាន់កាលពីខែសីហាបន្ទាប់ពីប៉ូលីសបានរកឃើញថា លោកព្យាយាមក្រោកឡើង បន្ទាប់ពីធ្លាក់ពីលើកង់អគ្គិសនីនៅជិតផ្ទះរបស់លោកនៅទីក្រុងសេអ៊ូល។ក្រោយមកប៉ូលិសបានរកឃើញថា លោកស្ថិតក្នុងស្ថានភាពស្រវឹង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់សម្តីប៉ូលិសនិយាយថាកម្រិតជាតិអាល់កុលក្នុងឈាមរបស់ Suga គឺ ០.២២% លើសពីកម្រិត ០.០៨%។
តុលាការក្រុងសេអ៊ូលបានដាក់ពិន័យកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តារារ៉េបដែលបានដកហូតប័ណ្ណបើកបរនោះ បានធ្វើការសុំទោសកាលពីខែសីហា ដោយនិយាយថាខ្លួនបានជិះកង់អាគុយក្នុងក្រុងសេអ៊ូលព្រោះ «គិតថាវាជាចម្ងាយជិត» និង"ភ្លេចថាអ្នកដំណើរមិនអាចប្រើកង់អគ្គិសនីក្រោមឥទ្ធិពលគ្រឿងស្រវឹងនោះទេ»។
លោកបន្តថា៖ «ទោះបីគ្មានអ្នកណាម្នាក់រងគ្រោះនិងគ្មានទ្រព្យសម្បត្តិណាមួយរងការខូចខាតប៉ុន្តែនេះជាទំនួលខុសត្រូវរបស់ខ្ញុំទាំងស្រុងដោយគ្មានលេសអ្វីទាំងអស់»។
Suga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងឡាយណាដែលរងការឈឺចាប់ដោយសារការធ្វេសប្រហែសនិងអាកប្បកិរិយាខុសឆ្គងរបស់ខ្ញុំហើយខ្ញុំនឹងធានាថារឿងនេះមិនកើតឡើងម្តងទៀតនាពេលអនាគត»។
Suga ប្រឈមមុខនឹងការរិះគន់នៅថ្ងៃបន្ទាប់ដោយអ្នកខ្លះសុំឱ្យលោកចាកចេញពីក្រុម BTS ។
តារា K-pop នៅក្នុងប្រទេសកូរ៉េខាងត្បូងជាទូទៅត្រូវបានគេរំពឹងថា ត្រូវតែមានស្អាតស្អំ ទោះបីជាក្នុងករណីនេះអ្នកគាំទ្ររបស់ Suga ជាច្រើនក៏បានប្រមូលផ្តុំគ្នាដើម្បីការពារតារាសំណប់របស់ខ្លួនផងដែរ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងបម្រើការជាភ្នាក់ងារបម្រើសង្គមក្នុងជួរយោធាខណៈដែលលោកត្រូវបានវាយតម្លៃលក្ខណៈសម្បត្តិថាមិនសមនឹងកាតព្វកិច្ចប្រយុទ្ធជួរមុខ៕
ប្រភព៖ https://www.bbc.com/news/articles/cz9p3vl8q3no
ជាជនជាតិអង់គ្លេសមានម្ដាយដើមកំណើតខ្មែរ លីហ្សា អូវេន (Liza Owen)គឺជាតារាចម្រៀង និងអ្នកនិពន្ធ ដ៏មានទេពកោសល្យតែមនុស្សមិនច្រើននោះទេដែលដឹងថា ស្នាដៃរបស់នាងបានរំលេចចេញជាបទចម្រៀងដ៏ល្បាញជាច្រើនបទ។
បទចម្រៀងដែល លីហ្សា បានចូលរួមនិពន្ធមាន Airplane pt.2 របស់ក្រុម K-Pop ដ៏ល្បីល្បាញ BTS ដែលមានចំនួនស្ដាប់លើ Spotify រហូតជិត ៣៤៤លានដង បទ Cut You Off របស់ សេលីណា ហ្គូមេស ជាមួយចំនួនអ្នកស្ដាប់ជិត៣៨ បទ Now or Never របស់ GOT7 និង Jonas Blue ជាមួយចំនួនស្ដាប់ជាង ៧លានកន្លះ។
ក្រៅពីស្នាដៃនិពន្ធលីហ្សា ក៏ជាមានបទចម្រៀងផ្ទាល់ខ្លួនដ៏ពីរោះជាច្រើនដូចជាបទ Getting Good និងបទ Why Aren’t We Having Sex? ដែលមានចំនួនទស្សនាជិត១,៥លានលើយូធូប។
ទោះបីជាកើត និងចម្រើនវ័យនៅបស្ចិមប្រទេសពិតមែន តែ លីហ្សា នៅតែមិនភ្លេចសាវតាជាខ្មែរ។ម្ដាយរបស់នាងជាជនភៀសខ្លួនពីរបបខ្មែរក្រហមនិងបានជួបឪពុកនាងនៅទីក្រុងប៉ារីសក្នុងទសវត្សរ៍ ៧០។
នាងត្រូវបានចិញ្ចឹមបីបាច់ដោយអ្នកម្ដាយ នៅភូមិ Headley ដ៏តូចនៃតំបន់ជនបទ Surrey។ នាងបានចាប់ផ្ដើមច្រៀង និងនិពន្ធតាំងពីអាយុ ១៣ឆ្នាំ។ ក្នុងវ័យត្រឹមតែ១៧ឆ្នាំ នាងបានលាស្រុកកំណើត មកភាគអាគ្នេយ៍ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនិងផ្ដើមអាជីពសិល្បៈក្នុងវ័យ ១៨ឆ្នាំ តាមរយៈការបង្ហោះបទចម្រៀង Coverដែលមានចំនួនទស្សនារាប់សិបលានដង។
លីហ្សា ធ្លាប់ត្រូវបានម្ដាយនាំមកលេងប្រទេសកម្ពុជាក្នុងវ័យជាង១០ឆ្នាំ តែឥទ្ធិពលឈាមជ័រជាខ្មែរនៅតែស្ថិតក្នុងបេះដូងរបស់នាង ដោយសូម្បីតែស្នាដៃចម្រៀងបទ Young Guns ក៏ លីហ្សាបានបញ្ចូលសម្លេងព្រះសង្ឃសូត្រធម៌ក្នុងនោះផងដែរ។នៅមានការរចនាអាល់ប៊ុមបទចម្រៀង ដោយប្រើអក្សរខ្មែរថែមទៀត។
សព្វថ្ងៃ លីហ្សា មានវ័យខ្ទង់ ៣០ឆ្នាំ ហើយនាងបានបន្តអាជីពចម្រៀងនៅទីក្រុងLA សហរដ្ឋអាមេរិក ដោយមានការណែនាំពីជនមានឥទ្ធិពលក្នុងឧស្សាហកម្មចម្រៀងដូចជាAli Tamposi, Beyoncé, XtinaនិងOne Direction ជាដើម។ នេះបើយោងតាមទស្សនាវដ្តី Wonderland Magazine បានចុះផ្សាយ។
ចង់ដឹងថាបទចម្រៀងរបស់ លីហ្សា ស្ដាប់ទៅជាប់ចិត្តប៉ុណ្ណាអាចចូលឆានែលយូធូបរបស់នាង https://www.youtube.com/channel/UCSzOzdEuTxPGewqfmF2aYOA ហើយចង់ដឹងថាបទល្បីៗណាខ្លះ ដែលនាងបានរួមចំណែកនិពន្ធអាចចូលមើលនៅទំព័រអ្នកនិពន្ធ Spotify https://artists.spotify.com/songwriter/3vGzXt9MNSvgPUD1LhZfZ6៕
តាកែវ៖ ជាមួយគុណប្រយោជន៍ព្យាបាលជំងឺប្រេងរឹតសរសៃកសិករ ដែលប្រមូលផលពីដំណាំសហគមន៍ បានជួយកាត់បន្ថយអត្រាចំណាកស្រុកនិងជ្រោមជ្រែងជីវភាពគ្រួសារសហគមន៍នៅខេត្តតាកែវ។
អស់រយៈពេលជាយូរមកហើយៗ នៅកម្ពុជាក៏ដូចជាបណ្ដាប្រទេសនៅអាស៊ី ប្រេងស្លឹកគ្រៃត្រូវបានគេប្រើប្រាស់លើវិស័យថែរក្សាសម្រស់សុខភាព រហូតដល់ការព្យាបាលសម្រួលអាការៈចុករោយផ្សេង។
នៅប្រទេសកម្ពុជា មានសហគ្រាស និង សិប្បកម្មច្នៃប្រេងស្លឹកគ្រៃ ធ្វើជាផលិតផលផ្សេងៗ ក្នុងចំណោមនោះ សហគ្រាស ស្រ៊ុន ឆ្លាត ខេបូអេហ្គ្រីប៊ីហ្សនេសបានផលិតប្រេងរឹតសរសៃកសិករ ក្រោយពីសម្គាល់ឃើញថា ការនិយមដាំស្លឹកគ្រៃច្រើននៅក្នុងសហគមន៍តែកសិករជួបផលលំបាកចំពោះទីផ្សារដំណាំមួយនេះ។
លោក ខុន លាងហេង នាយកប្រតិបត្តិសហគ្រាសស្រ៊ុនឆ្លាតបានឱ្យដឹងថា៖ «យើងក៏ស្រាវជ្រាវឃើញថាការចម្រាញ់ប្រេងរឹតចេញពីស្លឹកគ្រៃមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសូម្បីតែប្រទេសជិតខាងក៏គេប្រើប្រាស់ប្រេងនេះផងដែរ»។
សិប្បកម្មប្រេងរឹតកសិករក៏បានបង្កើតឡើងដើម្បីធានាបាននូវនិរន្តរភាពជូនកសិករការដាំដុះវិលជុំក្នុងមួយឆ្នាំៗ។
លោកបានបន្តទៀតថា៖ «យើងខ្ញុំមើលឃើញពីសក្ដានុពលនៃដំណាំដើមស្លឹកគ្រៃ នៅក្នុង ស្រុកភូមិរបស់យើងសម្បូរអ្នកដាំស្លឹកគ្រៃមិនថាដាំជាចម្ការ ឬ លក្ខណៈគ្រួសារនោះទេគឺមានច្រើនណាស់ណាមួយយើងក៏មានចំណេះជំនាញខាងផ្នែកចម្រាញ់ប្រេងពីដើមស្លឹកគ្រៃនេះផងដែរ»។
លោក លាងហេង បានឱ្យដឹងថា ប្រេងនេះអាចព្យាបាលអាការៈដូចជាឈឺសន្លាកដៃជើង ឈឺចង្កេះចុករោយ ស្ពឹកស្រពន់ ហើម គ្រេច ថ្លោះ រមាស់ សត្វល្អិតទិចឬខាំ។វាមិនត្រឹមតែមាន គុណប្រយោជន៍ជ ព្យាបាលប៉ុណ្ណោះទេ។វត្ថុធាតុដើម និង ដំណាក់ការនៃការផលិតបានជួយផ្ដល់ចំណូលដល់សហគមន៍ទៀតផង។
លោកបានឱ្យដឹងថា៖ «ដោយសារអ្នកខ្លះគាត់មានកូនច្រើនជីវភាពខ្សត់ខ្សោយត្រូវបង្ខំឲ្យកូនៗចំណាកស្រុកទៅធ្វើការនៅឆ្ងាយថែមទាំងជាប់បំណុលគេទៀត តែចាប់តាំងពីពួកគាត់ចូលក្នុងសហគមន៍រួចមកពួកគាត់ក៏មានជីវភាពប្រសើរជាងមុនដោយគាត់ជាអ្នកចម្រាញ់ផងនិងអ្នកដាំស្លឹកគ្រៃផងទើបគាត់មានលទ្ធភាពក្នុងការសងបំណុលគេ និងកូនៗ វិលត្រឡប់មករស់នៅជុំគ្រួសារដោយពួកគាត់មានមុខរបរនិងការងារ ជាក់លាក់ដោយមានការជ្រោមជ្រែងពីសហគមន៍»។
ស្លឹកគ្រៃដែលនឹងត្រូវយកទៅចម្រាញ់ជាប្រេងនេះ គឺស្លឹកគ្រៃធម្មជាតិ ដែលប្រជាសហគមន៍ប្រមាណជាង១០០០ គ្រួសារ ដាំដុះដោយផ្ទាល់ដៃតាមបែបធម្មជាតិ។រីឯការចម្រាញ់វិញស្លឹក ឬដើមស្លឹកគ្រៃ ត្រូវលាងទឹកឲ្យស្អាត រួចសម្ងួតឲ្យស្ងួត ទើបយកដាក់ចូលក្នុងឆ្នាំងចម្រាញ់ក្នុងរយៈពេលប្រមាណ៨ម៉ោងដើម្បីបានជាប្រេងរឹតសរសៃនេះឡើង។
លោក លាងហេង បានរៀបរាប់ទៀតថា៖ «ក្នុងការចម្រាញ់នេះយើងពុំសូវមានបញ្ហាចោទនោះទេដោយសារយើងមានបច្ចេកទេសនិងឧបករណ៍គ្រប់គ្រាន់ដោយទទួលបានការបណ្តុះបណ្តាលច្បាស់លាស់និងទាមទារឲ្យយើងអនុវត្តតាមស្តង់ដារបច្ចេកទេសដែលបានកំណត់»។លទ្ធផលនៃការចម្រាញ់គឺស្លឹកគ្រៃ១តោនអាចទាញយកប្រេងបានប្រមាណតែ១,៥ លីត្រប៉ុណ្ណោះ។
ប្រេងរឹតសរសៃមានជាប្រភេទដបតូចដែលមានចំណុះ១០ មីលីលីត្រតម្លៃ ១៨០០០ រៀល ចំណុះ២០ មីលីលីត្រមានតម្លៃ ៣០០០០ រៀល និង ចំណុះ៥០០ មីលីលីត្រ មានតម្លៃ ៥០០០០ រៀល។
លោកបានបញ្ជាក់ទៀតថា ក្រៅពីប្រេងរឹតសរសៃសហគ្រាស ស្រ៊ុន ឆ្លាត ខេបូ អេហ្គ្រីប៊ីហ្សនេស ក៏មានផលិតផលផ្សេងទៀតដូចជា ប្រេងកូឡាប្រេងខ្យល់ ស្ព្រាយបាញ់ការពារមូសខាំ និងស្ព្រាយបាញ់បំបាត់កាឈឺចាប់ភ្លាមៗផងដែរ។
ផលិតផលនេះមានការគាំទ្រច្រើន ទាំងអ្នកលក់និងអតិថិជនដោយពួកគាត់ទិញទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃព្រោះតែវាមានប្រសិទ្ធភាពខ្ពស់ និងតម្លៃសមរម្យ។
សម្រាប់គម្រោងនាពេលអនាគតនាយកប្រតិបត្តិវ័យ៣១ឆ្នាំរូបនេះ គ្រោងនឹងពង្រីកទីផ្សារបន្ថែម ដើម្បីជួយដល់សហគមន៍ក៏ដូចជាបង្កើនការផលិតឱ្យបានច្រើន។តាមរយៈកិច្ចការនេះ លោករំពឹងថានឹងអាចជួយលើកស្ទួយផលិតផលខ្មែរ ក៏ដូចជាស្នើឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលខ្មែរដើម្បីឲ្យខ្មែរមានផលិតផលមួយជាអត្តសញ្ញាណជាតិនិងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
សហគ្រាស ស្រ៊ុន ឆ្លាត ខេបូអេហ្គ្រីប៊ីហ្សនេស មានទីតាំងស្ថិតនៅភូមិ គ្រួស ឃុំ រវៀង ស្រុកសំរោង ខេត្ត តាកែវ។ ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ប្រេងរិតកសិករផលិតផលខ្មែរ
ឬ លេខទូរសព្ទទំនាក់ទំនង៖ ០៩៦ ៨១៣ ៦៧៦៧៕
កំពង់ចាម: ដោយសម្លឹងឃើញគុណវិបត្តិនៃការប្រើប្រាស់ហ្គាសចម្អិនអាហារប្រចាំថ្ងៃ ជាងក្រឡឹងម្នាក់បានកែច្នៃចង្ក្រានដោយប្រើប្រេងចាស់ៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្ទុះហ្គាសនិងសម្រួលការចំណាយក្នុងគ្រួសារ នាំឱ្យមានការគាំទ្រពេញបណ្ដាញសង្គម។
ប្រមាណជា ២ ខែមុន លោក កែវ សុធារ៉ា បានបង្កើតសិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅនៅ ភូមិ អ្នកតាស្នឹង ឃុំ បឹងណាយ ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម។
មិនយូរប៉ុន្មានចង្ក្រានកែច្នៃរបស់លោកត្រូវបានអ្នកប្រើប្រាស់ណែនាំតៗគ្នា ហើយសព្វថ្ងៃលោកកំពុងតែមមាញឹកក្នុងការផលិតចង្ក្រានប្រើប្រេងខ្មៅដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ខណៈអតិថិជនគាំទ្រមានមកពីគ្រប់បណ្ដាខេត្តក្រុងរហូតដល់មានការទិញទៅសហរដ្ឋអាមេរិកថែមទៀត។
ម្ចាស់សិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅបានប្រាប់ SR News ពីការបង្កើតសិប្បកម្មនេះឡើងថា៖ «បានជាខ្ញុំចាប់ផ្ដើមកែច្នៃចង្ក្រានប្រើប្រេងចាស់ៗនៅខែសីហាឆ្នាំ ២០២៤នេះបន្ទាប់ពីមានព័ត៌មានផ្ទុះនៅតាមបណ្ដាញសង្គម ដោយខ្ញុំជាជាងក្រឡឹងស្រាប់ ទើបខ្ញុំចាប់ផ្តើមច្នៃនិងបំពាក់គ្រឿងមួយចំនួន ដើម្បីបានចង្ក្រានដែលមានចំហេះខ្លាំងឆេះសព្វនិងមានគុណភាពខ្ពស់»។
លោក ធារ៉ា បានបញ្ជាក់ថា ការផលិតចង្ក្រាននេះត្រូវបានធ្វើឡើងក្នុងបំណងចង់ឲ្យអ្នកប្រើប្រាស់ចំណេញពេលវេលាដោយសារចង្ក្រានឆាប់ក្តៅ និងជួយសន្សំសំចៃថវិកាជាជាងការប្រើប្រាស់ ហ្គាសឬអគ្គិសនី។
ចង្ក្រាននេះប្រើប្រាស់ឡើងវិញ នូវកាកសំណល់ប្រេងម៉ាស៊ីនយានជំនិះ។ក្រៅពីប្រេងដែលស្ដារចេញពីម៉ូតូនិងរថយន្ត អ្នកប្រើប្រាស់ក៏អាចយកប្រេងសល់ពីការបំពងម្ហូបអាហាររួចមកប្រើប្រាស់ផងដែរ។
លោក ធារ៉ា បានបញ្ជាក់ថា៖ «ចង្ក្រាននេះយើងអាចប្រើជាមួយប្រភេទប្រេងឆាចាស់ៗប្រេងបាតម៉ូតូរថយន្តនិយាយរួម ឲ្យតែប្រភេទចាស់ៗ»។
ចំពោះចង្ក្រាន លោក ធារ៉ា បានផលិតជាខ្នាតទំហំ ៣តឹក ៤ជ្រុង កម្ពស់ ៣តឹកប្រវែងបណ្ដោយ ៥ តឹកដែលអាចប្រើជាលក្ខណៈគ្រួសារក៏បានឬក្នុងអាជីវកម្មខ្នាតតូចក៏បាន។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចកុម្ម៉ងខ្នាតចង្ក្រានសម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានផងដែរ។
ទោះជាសិប្បកររូបនេះមានបទពិសោធន៍ជាជាងក្រឡឹងក្ដីក៏ការផលិតចង្ក្រានប្រើប្រេងខ្មៅនៅតែជួបប្រទះការលំបាកខ្លះដែរដូចជាការនាំចូលនូវកង្ហារខ្យង និងម៉ូទ័រខ្យល់ពីបរទេស សម្រាប់ភ្ជាប់ជាមួយចង្ក្រានដោយសារតែគ្រឿងបង្គុំទាំងពីរនេះពុំមានផលិតនៅក្នុងស្រុក។
សិប្បករធ្វើចង្ក្រានវ័យ ៣៧ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «យើងត្រូវតែភ្ជាប់ម៉ូទ័រគូថខ្យងទៅនឹងទីបពណ៌ខ្មៅធំដោយបំពង់ទីបជ័រមួយទៀត។បន្ទាប់មកយើងត្រូវចាក់ប្រេងចូលក្នុងបំពង់បឺតស្តុកប្រេងរួចដាក់ក្រដាសចូលក្រឡចង្ក្រាន រួចដុតវាឲ្យចេះក្រដាសនិងប្រេងសិនទើបយើងចាប់ផ្តើមបើកវ៉ូលីមម៉ូទ័រគូថខ្យង ហើយយើងមិនត្រូវ ប្រើម៉ូទ័រគូថខ្យងនៅពេលវាមិនទាន់ឆេះប្រេងនោះទេ»។
ចង្ក្រានរបស់លោកទទួលបានការគាំទ្រច្រើនពីអតិថិជនដែលបានជាវយកទៅប្រើប្រាស់និងឃើញលទ្ធផលថា វាពិតជាជួយសន្សំសំចៃ ក្ដៅលឿនរហ័ស ចំណាយពេលវេលា ថវិកាតិចនិងមិនបារម្ភហានិភ័យចំពោះការផ្ទុះ។ អ្នកប្រើប្រាស់ត្រូវចំណាយលើភ្លើងអគ្គិសនីត្រឹមតែ៣ទៅ ៤ វ៉ាត់ប៉ុណ្ណោះ។
លោកបានសម្រិតសម្រាំងនូវប្រភេទដែកក្រាស់ៗ និងរឹងមាំ ដើម្បីឱ្យអតិថិជនអាចយកទៅប្រើប្រាស់ បានយូរអង្វែងក្នុងតម្លៃមួយសមរម្យ។
លោក ធារ៉ា បាននិយាយថា៖ «ចំពោះចង្ក្រានខ្នាតកណ្តាលយើងលក់ជូនក្នុងតម្លៃ ៦៥ ដុល្លារ ឬ ២៦ ម៉ឺនរៀលប៉ុណ្ណោះ»។
បើតាមការលើកឡើងរបស់សិប្បករអ្នកប្រើប្រាស់ចង្ក្រានប្រេងខ្មៅ លែងបារម្ភនឹងហានិភ័យចំពោះការផ្ទុះឆេះដូចចង្ក្រានហ្គាសឡើយ។អត្ថប្រយោជន៍ជារួមរបស់វាបន្ថែមទៀតគឺជួយកាត់បន្ថយការប្រើប្រាស់ អុស ធ្យូង ដែលនាំឲ្យបាត់បង់ព្រៃឈើ។ចង្ក្រានប្រើប្រេងខ្មៅក៏ជួយរក្សាបរិស្ថានក្នុងផ្ទះពីការខ្មៅគូថឆ្នាំងជញ្ជាំង និងពិដានផងដែរ ដោយសារតែវាមិនមានផ្សែង។
នាពេលអនាគតសិប្បកម្មរបស់លោកគ្រោងនឹងផលិតចង្ក្រានឱ្យបានច្រើនជម្រើសដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ម្ចាស់សិប្បកម្មកែច្នៃចង្ក្រានប្រើប្រេងខ្មៅបាននិយាយថា៖«ខាងយើងក៏នឹងចង់ឲ្យប្រជាជនខ្មែរងាកមកប្រើចង្ក្រាននេះព្រោះយើងមិនចាំបាច់កាប់ព្រៃឈើមកធ្វើជាអុសធ្យូងនិងចំណាយនៃការប្រើប្រាស់ហ្គាសដោយចំណាយលើភ្លើងបន្តិចបន្តួចប៉ុណ្ណោះជាពិសេសជួយសម្រួលសេដ្ឋកិច្ចគ្រួសារនិងជីវភាពឲ្យកាន់តែប្រសើរឡើង»។
សិប្បកម្មរបស់លោក កែវ សុធារ៉ា អាចទំនាក់ទំនងតាមទំព័រហ្វេសប៊ុកៈ សិប្បកម្មចង្ក្រានប្រេងខ្មៅ កូនខ្មែរកំពង់ចាម ឬ ក៏តាមរយៈតេឡេក្រាមលេខ ០៩៧២២៣១០០៧/០៨៨ ៧៩៦២៩៩៩៕
មានវិធីជាច្រើនដើម្បីអនុវត្តក្នុងការសម្រកទម្ងន់ហើយក្នុងនោះការបង្អត់អាហារ (fasting) ក៏ជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ននេះផងដែរ។
ខុសពីការតមអាហារ (dieting) ការបង្អត់អាហារ (fasting) មិនបានត្រឹមត្រូវពិសេសនៅពេលដែលអ្នកអនុវត្តដោយគ្មានចំណេះដឹងឬគ្មានការណែនាំពីវេជ្ជសាស្ត្រត្រឹមត្រូវ វាអាចនាំឱ្យអ្នកមានបញ្ហាសុខភាពមិនថាផ្លូវកាយ និងផ្លូវចិត្ត។
ខាងក្រោមនេះជាគុណវិបត្តិធំៗមួយចំនួននៃការបង្អត់អាហារសម្រកទម្ងន់មិនបានត្រឹមត្រូវដែល SR News សូមលើកមកបង្ហាញជូនដូចខាងក្រោម ៖
១.កង្វះអាហាររូបត្ថម្ភ
កង្វះសារធាតុចិញ្ចឹមសំខាន់ៗ៖ ការបង្អត់អាហារដោយមិនមានតុល្យភាពនៃសារធាតុចិញ្ចឹមអាចនាំឱ្យមានកង្វះវីតាមីនសារធាតុរ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗ ក្នុងរាងកាយដែលបណ្តាលឱ្យអ្នកអស់កម្លាំង មុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយ សក់ជ្រុះនិងក្រចកផុយ។
អតុល្យភាពអេឡិចត្រូលីត៖ អេឡិចត្រូលីត គឺជាភាគល្អិតសារធាតុរ៉ែដូចជា សូដ្យូម (អំបិល) ប៉ូតាស្យូមកាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាតជាដើម ដែលមាននៅក្នុងឈាមនិងសារធាតុរាវក្នុងរាងកាយរបស់យើង។ នៅពេលរាងកាយយើងបាត់បង់អេឡិចត្រូលីតយើងនឹងវិលមុខ អស់កម្លាំង ថប់អារម្មណ៍ រមួលសាច់ដុំ ឆាប់ខឹង ញ័របេះដូង វង្វេងឈឺក្បាល ស្រេកទឹក ទល់លាមក និងមានជំងឺឆ្អឹងហើយក្នុងករណីធ្ងន់ធ្ងរវាអាចគំរាមកំហែងដល់អាយុជីវិត។
២.ការថយចុះមេតាប៉ូលីស (រំលាយអាហារខុសប្រក្រតីរបស់រាងកាយ)
ការរំលាយអាហារយឺត៖ ការបង្អត់អាហារយូរអាចបន្ថយល្បឿនការរំលាយអាហាររបស់រាងកាយដោយសារវាព្យាយាមរក្សាថាមពល។ករណីនេះអាចធ្វើឱ្យអ្នកពិបាកក្នុងការសម្រកទម្ងន់និងហានិភ័យខ្ពស់ក្នុងការឡើងទម្ងន់វិញនៅពេលដែលអ្នកវិលមកញ៉ាំអាហារបែបធម្មតាឡើងវិញ។
ការបាត់បង់សាច់ដុំ៖ បើគ្មានការទទួលទានប្រូតេអ៊ីនត្រឹមត្រូវទេ រាងកាយអាចចាប់ផ្តើមបំបែកជាលិកាសាច់ដុំសម្រាប់ថាមពលដែលនាំឱ្យបាត់បង់សាច់ដុំ។
៣.ការខ្វះជាតិទឹក
កាត់បន្ថយការទទួលទានទឹក៖ ទម្រង់នៃការបង្អត់អាហារមួយចំនួន ដូចជាការមិនទទួលទានអាហារស្ងួតការដាក់កម្រិតការទទួលទានទឹក ដែលអាចនាំឱ្យខ្សោះជាតិទឹកក្នុងខ្លួននិងអាចបណ្តាលឱ្យវិលមុខ ឈឺក្បាល និងអស់កម្លាំងជាពិសេសប៉ះពាល់ទៅដល់តម្រងនោមកាន់តែខ្លាំង។
បញ្ហានៃការផ្តោតអារម្មណ៍៖ ការខ្វះជាតិទឹកអាចធ្វើឱ្យមុខងារនៃការយល់ដឹងចុះខ្សោយជាពិសេសធ្វើឱ្យពិបាកក្នុងការផ្ចង់អារម្មណ៍។
៤.អតុល្យភាពជាតិស្ករក្នុងឈាម
ជាតិស្ករក្នុងឈាមទាប៖ ការបង្អត់អាហារមិនបានត្រឹមត្រូវ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាកម្រិតជាតិស្ករក្នុងឈាមអាចនាំឱ្យកម្រិតជាតិស្ករក្នុងឈាមទាប បណ្តាលឱ្យខ្សោយ ដួលសន្លប់ ឆាប់ខឹងនិងប្រកាំង។
៥.បញ្ហារំលាយអាហារ
ការទល់លាមក៖ ការទទួលទានជាតិសរសៃ និងទឹកមិនគ្រប់គ្រាន់ក្នុងអំឡុងពេលបង្អត់អាហារអាចនាំឱ្យទល់លាមក។
ហើមពោះនិងមិនស្រួលក្នុងពោះ៖ ការញ៉ាំអាហារច្រើនបន្ទាប់ពីការការបង្អត់អាហារអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើសកម្មភាពលើសលប់ដែលជាហេតុបណ្តាលឱ្យហើមពោះ និងពិបាកក្នុងការរំលាយអាហារ។
៦.មានភាពតានតឹងផ្លូវចិត្ត និងអារម្មណ៍
អារម្មណ៍ប្រែប្រួល៖ កម្រិតជាតិស្ករក្នុងឈាមទាបអាចនាំឱ្យឆាប់ខឹង ថប់បារម្ភនិងផ្លាស់ប្តូរអារម្មណ៍ញឹកញាប់។
ភាពលំបាកក្នុងការផ្តោតអារម្មណ៍៖ កង្វះសារធាតុចិញ្ចឹម ជាពិសេសជាតិស្ករ អាចធ្វើឲ្យមុខងារនៃការយល់ដឹងចុះខ្សោយនាំឱ្យខួរក្បាលចុះខ្សោយការគិត និងពិបាកក្នុងការផ្តោតអារម្មណ៍។
៧.អតុល្យភាពអ័រម៉ូន
ផលប៉ះពាល់លើអរម៉ូនបន្តពូជ៖ ការបង្អត់អាហារមិនបានត្រឹមត្រូវ ជាពិសេសចំពោះស្ត្រី អាចនាំឱ្យមាន
វដ្តរដូវមិនទៀងទាត់ កាត់បន្ថយអត្រាមានកូន និងអតុល្យភាពអ័រម៉ូនដោយសាររាងកាយមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
៨.ហានិភ័យនៃបញ្ហានៃការញ៉ាំ
លំនាំនៃការញ៉ាំអាហារមិនប្រក្រតី៖ វដ្តនៃការបង្អត់អាហារដែលមានការរឹតត្បិតម្តងហើយម្តងទៀត អាចនាំឱ្យមានទំនាក់ទំនងមិនល្អជាមួយអាហារបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺនៃការញ៉ាំដូចជា ការងប់ងល់នឹងការញ៉ាំអាហាររហូតដល់ក្អួត bulimia ឬ orthorexia (ការរើសអាហារជ្រុលហួសហេតុ)។
៩.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ភាពស៊ាំចុះខ្សោយ៖ កង្វះសារធាតុចិញ្ចឹមសំខាន់ៗ ជាពិសេសប្រូតេអ៊ីន និងវីតាមីនធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ធ្វើឱ្យរាងកាយងាយនឹងឆ្លងមេរោគ និងប្រើពេលយូរក្នុងការជាសះស្បើយពីជំងឺផ្សេងៗ។
១០.បញ្ហាសុខភាពឆ្អឹង
កាត់បន្ថយដង់ស៊ីតេឆ្អឹង៖ ការទទួលទានកាល់ស្យូម វីតាមីន D និងសារធាតុចិញ្ចឹមផ្សេងៗទៀតមិនបានគ្រប់គ្រាន់ក្នុងអំឡុងពេលបង្អត់អាហារមិនបានត្រឹមត្រូវអាចធ្វើឱ្យឆ្អឹងចុះខ្សោយដែលបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង។
១១.បញ្ហាបេះដូង
ភាពតានតឹងក្នុងបេះដូង៖ ការកម្រិតកាឡូរីធ្ងន់ធ្ងរ និងអតុល្យភាពអេឡិចត្រូលីតអាចបង្កើនហានិភ័យនៃជំងឺចង្វាក់បេះដូង (ចង្វាក់បេះដូងមិនទៀងទាត់) ញ័របេះដូង និងបញ្ហាសរសៃឈាមបេះដូងផ្សេងទៀតជាច្រើន។
១២.ការបាត់បង់ជាលិកាគ្មានខ្លាញ់
កង្វះខាតសាច់ដុំ៖ រាងកាយអាចបំបែកជាលិកាគ្មានខ្លាញ់ (សាច់ដុំ) សម្រាប់ថាមពលក្នុងអំឡុងពេលបង្អត់អាហារយូរ ឬមិនសមរម្យ ជាពិសេសប្រសិនបើការទទួលទានប្រូតេអ៊ីនមិនគ្រប់គ្រាន់នេះអាចកាត់បន្ថយកម្លាំងក្នុងរាងកាយ។
ខណៈពេលដែលការបង្អត់អាហារបានត្រឹមត្រូវអាចមានអត្ថប្រយោជន៍ជាច្រើនតែបើសិនជាការបង្អត់អាហារមិនបានត្រឹមត្រូវអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពដូច្នេះ វាចាំបាច់ណាស់ក្នុងការបង្អត់អាហារសម្រកទម្ងន់ដោយប្រុងប្រយ័ត្ន ជាពិសេសត្រូវនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រឬវិជ្ជាជីវៈ៕
ទោះបីជាការដេកនៅកន្លែងធ្វើការហាក់ដូចជាមិនមានទំនួលខុសត្រូវចំពោះមនុស្សមួយចំនួនក៏ដោយរបាយការណ៍ថ្មីៗនេះបង្ហាញថា បុគ្គលិកជំនាន់ Gen Z (អ្នកកើតឆ្នាំ ១៩៩៧ ដល់ ២០១២)ចាត់ទុកការគេងនៅកន្លែងធ្វើការគឺជារឿងធម្មតា និងល្អចំពោះសុខភាព។
យោងតាមរបាយការណ៍ពី Plushbeds ជាក្រុមហ៊ុនផលិតផលពូកខ្នើយប្រណីតនៅសហរដ្ឋអាមេរិកបានធ្វើការស្ទាបស្ទង់មតិមនុស្ស ១០០០ នាក់ពីទម្លាប់ធ្មេចភ្នែកគេងនៅកន្លែងធ្វើការ។
អ្នកឆ្លើយសំណួរច្រើនជាង ២ ក្នុងចំណោម ៣ នាក់និយាយថា ពួកគេបានធ្លាប់គេងនៅកន្លែងធ្វើការពីមុនមក។អ្នកស្ថិតក្នុងជំនាន់ Gen Z ទទួលស្គាល់ការដេកនៅកន្លែងធ្វើការនៅ ៨០% បើប្រៀបធៀបទៅនឹង ៧០% នៃមនុស្សកើតជំនាន់ឆ្នាំ ១៩៨១ - ១៩៩៦ ដែលគេចាត់ថ្នាក់ថាជា Millenials។
មនុស្សដែលបានគេងថ្ងៃ មានភាពជឿជាក់ថានឹងឆ្លើយថា ពួកគេបានបង្កើនសុខុមាលភាពផលិតភាព និងភាពច្នៃប្រឌិតនៅកន្លែងធ្វើការ។
ការស្រាវជ្រាវបាននិយាយថា៖ «សម្រាប់ការបង្កើនផលិតភាពនៅកន្លែងធ្វើការមនុស្សបានគិតថា រយៈពេលគេងដ៏ល្អគឺពីចន្លោះពី ២០ ទៅ ៣០នាទី ដើម្បីបង្កើនអារម្មណ៍ច្នៃប្រឌិត»។
ការសិក្សាដោយ Sleep.org បានលើកឡើងថា ជាជាងការស្តីបន្ទោសដល់អ្នកគេងនៅកន្លែងធ្វើការមតិជាច្រើនបានគាំទ្រវប្បធម៌គេងថ្ងៃក្នុងម៉ោងសម្រាកការងារ។ ៤២ ភាគរយនៃការស្ទាបស្ទង់មតិបានស្នើឱ្យក្រុមហ៊ុនដាក់ឱ្យប្រើប្រាស់នូវបន្ទប់សម្រាកគ្រែគេង ប្រាក់ឧបត្ថម្ភសម្រាប់ជំនួយការគេង។ ៣៦ ភាគរយ បញ្ចេញមតិថាគួរគេគាំទ្រឱ្យក្រុមហ៊ុនលើកទឹកចិត្តបុគ្គលិកគេងក្នុងម៉ោងការងារ ប្រសិនបើចាំបាច់ឬមានការនឿយហត់ពេក។ ៣២ ភាគរយ អះអាងដាចង់បានវប្បធម៌គេងថ្ងៃដើម្បីសុខភាពល្អនៅក្នុងការិយាល័យរបស់ពួកគេ៕
កាហ្វេ គឺជាទម្លាប់ពេលព្រឹករបស់មនុស្សជាច្រើន មិនថាការឆុងផឹកនៅផ្ទះឬទិញតាមផ្លូវទៅកន្លែងធ្វើការនោះទេ។ ប៉ុន្តែមិនប្រាកដថាអ្នកផឹកកាហ្វេរាល់ថ្ងៃ សុទ្ធតែអាចដាស់ខួរក្បាលឱ្យបង្កើនប្រសិទ្ធភាពការងារនោះទេ។
យោងតាមការស្ទាបស្ទង់មតិរបស់ Cinch Home Services ដែលបាននិយាយទៅកាន់អ្នកផឹកកាហ្វេជាង ១០០០នាក់នៅសហរដ្ឋអាមេរិកគួបផ្សំនឹងការសម្ភាស CNBC Make It ជាមួយជំនាញផ្នែកកាហ្វេ និងអ្នកជំនាញផលិតភាព ខាងក្រោមនេះជារបៀបណែនាំដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីពែងកាហ្វេរបស់អ្នករាល់ព្រឹក។
១. កុំផឹកកាហ្វេភ្លាមៗនៅពេលអ្នកភ្ញាក់
ក្លិនកាហ្វេឈ្ងុយ អាចផ្ដល់ភាពស្រស់ស្រាយដល់អ្នកក្រោកពីដំណេកពេកព្រឹកតែការផឹកកាហ្វេភ្លាមៗបន្ទាប់ពីបើកភ្នែក អាចកាត់បន្ថយកម្រិតថាមពលធម្មជាតិនៃរាងកាយរបស់អ្នក។
អ្នកជំនាញផ្នែកគ្រប់គ្រង និងអាកប្បកិរិយា លោក Daniel Pink បានពិនិត្យមើលវិទ្យាសាស្ត្រនៃពេលវេលានិងរបៀបដែលកាហ្វេអាចប៉ះពាល់ដល់ផលិតភាពរបស់យើង។
នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “When: The Scientific Secrets of Perfect Timing” លោក Pink បានកត់សម្គាល់ថា ដោយផ្អែកលើការស្រាវជ្រាវពីការសិក្សាជាច្រើនថាពេលវេលាដ៏ល្អបំផុតក្នុងការផឹកកាហ្វេកែវដំបូងរបស់អ្នកគឺប្រហែល ៦០-៩០ នាទីបន្ទាប់ពីអ្នកភ្ញាក់ពីគេង។នោះដោយសារតែជាតិកាហ្វេអ៊ីនរំខានដល់ការផលិត cortisol ដែលជាអរម៉ូនដែលផ្តល់សញ្ញាឱ្យរាងកាយរបស់អ្នកភ្ញាក់និងប្រតិកម្មឆ្លើយតប។ យោងតាមការស្រាវជ្រាវនេះ ជាធម្មតាកម្រិត cortisol ឡើងខ្ពស់នៅម៉ោងខ្ទង់ ៨:៣០ព្រឹក។
២. ជ្រើសរើសគ្រឿងផ្សំត្រឹមត្រូវ
គ្រាប់កាហ្វេមានកម្រិតជាតិកាហ្វេអ៊ីនខុសៗគ្នា អាស្រ័យទៅលើរបៀបលីង។ប្រសិនបើអ្នកមានអារម្មណ៍ងងុយ ស្ពឹក បើកភ្នែកពុំរួចហើយកំពុងស្វែងរកការជំរុញថាមពលខ្លាំងជាងមុន សូមទៅរកកាហ្វេដែលមានស្លាកថា" light roast " ឬគ្រាប់កាហ្វេលីងស្ទើរ។ នេះបើយោងតាមលោក Mike Balderrama អ្នកជំនាញប្រចាំតំបន់សម្រាប់Counter Culture Coffee បានណែនាំ។
លោកបានពន្យល់ថា៖ «ពេលអ្នកលីងកាហ្វេកាន់តែយូរកាន់តែឡើងគ្រាប់ខ្មៅ ជាតិកាហ្វេអ៊ីនកាន់តែដុតអស់។
ប៉ុន្តែកាហ្វេក៏ពឹងផ្អែកលើគ្រឿងផ្សំសំខាន់មួយទៀតគឺ ទឹក។
លោកនិយាយថា៖ «ជាង ៩៨% នៃកាហ្វេមួយពែងគឺជាទឹកដូច្នេះប្រសិនបើប្រើទឹកមិនល្អ វាបីដូចជាអ្នកផឹកកាហ្វេមិនល្អដូចគ្នា»។
មិនថាអ្នកកំពុងធ្វើភេសជ្ជៈត្រជាក់ ឬកាហ្វេក្តៅទេ លោកណែនាំថា៖ «ត្រូវប្រាកដថាទឹកដែលអ្នកកំពុងដាក់ក្នុងភេសជ្ជៈរបស់អ្នកសូម្បីតែដុំទឹកកកនៅក្នុងកាហ្វេទឹកកករបស់អ្នក ត្រូវធ្វើការចម្រោះឱ្យស្អាតព្រោះវានឹងធ្វើឱ្យគុណភាពកាហ្វេរបស់អ្នកល្អទៅតាមហ្នឹងដែរ»។
២. សាកល្បងគេងថ្ងៃ + កាហ្វេ "nappucino"
កាហ្វេ និងការគេថ្ងៃ បើអនុវត្តរួមគ្នា វាអាចបង្កើនស្មារតីនិងប្រសិទ្ធភាពការងារ។ ការសិក្សានៅប្រទេសអង់គ្លេស និងជប៉ុនបានបង្ហាញថាប្រសិនបើអ្នកផឹកកាហ្វេភ្លាមៗមុនពេលគេងថ្ងៃ ២០នាទី នោះអ្នកអាចផ្តោតអារម្មណ៍លើការងារបានប្រសើរត្រឹមតែគេថ្ងៃឬត្រឹមតែផឹកកាហ្វេមួយពែង។
វិទ្យាសាស្ត្រនៅពីក្រោយការគេងថ្ងៃនិងផឹកកាហ្វេគឺសាមញ្ញងាយយល់។ ការគេងកាត់បន្ថយបរិមាណនៃសារធាតុ adenosine ជាសារធាតុគីមីដែលធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងនៅក្នុងខួរក្បាលនិងរាងកាយរបស់អ្នក។ ជាតិកាហ្វេអ៊ីនដែលត្រូវចំណាយពេលប្រហែល ២០នាទីក្នុងការទប់ស្កាត់ adenosine។ ដូច្នេះបើផឹកកាហ្វេមុនគេងថ្ងៃ វាស្មើនឹង ២០នាទីល្មមពេលអ្នកក្រោកឡើងមានបរិមាណ adenosineទាបនៅក្នុងប្រព័ន្ធរាងកាយហើយកាហ្វេក៏ចាប់ផ្ដើមជ្រាបប្រសិទ្ធភាព។ ដូច្នេះវាធ្វើឱ្យកាហ្វេអាចបង្កើនស្មារតីឱ្យអ្នកបានប្រសើរជាងមុន៕
បញ្ហាក្លិនជើងគឺជាក្តីកង្វល់សម្រាប់មនុស្សទូទៅដែលចូលចិត្តពាក់ស្បែកជើង ប៉ាតា ឬស្បែកជើងឃ្លុបជិតៗ ជាពិសេសអ្នកដែលចូលចិត្តហាត់ប្រាណហើយពាក់វាយូម៉ោង។ បញ្ហាក្លិនជើង ជាធម្មតាបណ្តាលមកពីការរីកលូតលាស់នៃបាក់តេរីនៅលើជើងដែលលូតលាស់នៅក្នុងបរិយាកាសក្តៅ និងមានសំណើម។
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនក្នុងការព្យាបាល និងការពារក្លិនជើងដែលក្រុមការងារសារព័ត៌មានអេសអ័រ (SR) នឹងលើកយកមកបង្ហាញ ៖
១ ថែរក្សាអនាម័យជើងអោយបានល្អ
លាងជើងរបស់អ្នកជារៀងរាល់ថ្ងៃៈ ប្រើទឹកក្តៅឧណ្ហៗ និងសាប៊ូសម្លាប់មេរោគដើម្បីលាងជើងរបស់អ្នកជារៀងរាល់ថ្ងៃដោយយកចិត្តទុកដាក់ជាពិសេសចំពោះចន្លោះរវាងម្រាមជើងរបស់អ្នក។
សម្ងួតជើងរបស់អ្នកឱ្យបានហ្មត់ចត់ៈបន្ទាប់ពីលាងរួច ត្រូវប្រាកដថាជើងរបស់អ្នកស្ងួតទាំងស្រុងជាពិសេសនៅចន្លោះម្រាមជើងព្រោះវាជាកន្លែងដែលបង្កើតសំណើមនាំអោយបង្កាត់ពូជបាក់តេរី។
ខាត់ស្បែកនៅបរិវេនជើងជាប្រចាំៈប្រើផលិតផលដើម្បីស្គ្រាប់ជើងជាប្រចាំ ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ជាពិសេសស្បែកដែលផ្ទុកបាក់តេរី។
២ ប្រើម្សៅជំនួយបាតជើង ឬផលិតផលប្រឆាំងនឹងមេរោគ
ប្រើម្សៅជំនួយបាតជើងឬម្សៅពោតៈ លាបម្សៅជំនួយបាតជើង talcum ឬម្សៅពោតលើជើងរបស់អ្នកមុនពេលពាក់ស្រោមជើង និងស្បែកជើងដើម្បីស្រូបយកសំណើម និងកាត់បន្ថយក្លិន។
ប្រើក្រែម ឬស្ព្រាយបាញ់សម្លាប់មេរោគៈ ប្រើផលិតផលប្រឆាំងនឹងមេរោគដើម្បីសម្លាប់បាក់តេរី និងផ្សិតដែលអាចបង្កក្លិន។
៣ ជ្រើសរើសស្បែកជើង និងស្រោមជើងដែលអាចអោយខ្យល់ចេញចូលបាន
ពាក់ស្បែកជើងដែលអាចមានខ្យល់ចេញចូលបានៈ ជ្រើសរើសស្បែកជើងដែលផលិតពីវត្ថុធាតុដើមធម្មជាតិដូចជាស្បែកឬផ្ទាំងក្រណាត់ ដែលអនុញ្ញាតឱ្យជើងរបស់អ្នកមានខ្យល់ចេញចូលបាន។
ពាក់ស្បែកជើងឆ្លាស់គ្នាៈ ជៀសវាងពាក់ស្បែកជើងដដែលពីរថ្ងៃជាប់គ្នាគួរទុកពេលឱ្យស្បែកជើងរបស់អ្នកមានខ្យល់ចេញចូលហើយស្ងួតទាំងស្រុងចាំពាក់វិញ។
ពាក់ស្រោមជើងការពារសំណើមៈ ជ្រើសរើសស្រោមជើងដែលផលិតពីសរសៃធម្មជាតិដូចជាកប្បាសឬវត្ថុធាតុសំណើមដែលទាញញើសចេញពីជើងរបស់អ្នក។ ត្រូវផ្លាស់ប្តូរស្រោមជើងយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃឬញឹកញាប់ជាងនេះ ប្រសិនបើវាសើម។
៤ រក្សាស្បែកជើងឱ្យស្អាត និងស្អួតល្អ
បោកស្បែកជើងឱ្យបានទៀងទាត់ៈឧស្សាហ៍បោកស្បែកជើងប៉ាតា និងស្បែកជើងក្រណាត់ក្នុងម៉ាស៊ីនបោកគក់ ឬដោយដៃហើយទុកវាឱ្យស្ងួតទាំងស្រុង មុនពេលពាក់វាម្តងទៀត។
៥ រក្សាជើងឱ្យស្ងួត
ប្រើAntiperspirant (សារធាតុប្រឆាំងញើស) ដើម្បីរារាំងក្រពេញញើសនិងអាចជួយកាត់បន្ថយសំណើម។
គួរតែដើរដោយជើងទទេរនៅពេលដែលមិនចាំបាច់ៈ នៅពេលនៅផ្ទះ ចូរដើរដោយជើងទទេរ ឬពាក់ស្បែកផ្ទាត់ដើម្បីឲ្យខ្យល់ចេញចូលជុំវិញជើងរបស់អ្នកបានល្អ។
៦ ស្វែងរកដំបូន្មានវេជ្ជសាស្ត្រប្រសិនបើចាំបាច់
ប្រសិនបើក្លិនជើងនៅតែបន្តទោះបីជាបានអនុវត្តតាមវិធានការទាំងនេះក៏ដោយ វាអាចបណ្តាលមកពីស្ថានភាពដូចជា hyperhidrosis (អាការៈបែកញើសច្រើន) ឬការឆ្លងមេរោគផ្សិត ដោយក្នុងករណីបែបនេះសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងការព្យាបាលអោយបានត្រឹមត្រូវ។
ការប្រើប្រាស់វិធីសាស្ត្រដូចដែលបានរៀបរាប់ គឺជាចំនែកដ៏សំខាន់ក្នុងការព្យាបាលនិងការពារក្លិនជើងបានយ៉ាងមានប្រសិទ្ធភាព។
កំពង់ឆ្នាំង: កាកសំណល់ត្រឡោកដូង និងសម្បកផ្លែឈើជាច្រើនតោនត្រូវបានសិប្បកម្មរបស់លោក សាប់ ម៉ុក ប្រមូលយកមកកែច្នៃ និងផលិតបានចេញជាធ្យូងអនាម័យមានគុណភាពខ្ពស់ក្នុងគោលបំណងកាត់បន្ថយការកាប់បំផ្លាញ់ព្រៃឈើនិងដើម្បីប្រកួតប្រជែងលើទីផ្សារ។
ស្ថាបនិកសិប្បកម្មរូបនេះបានចាប់ផ្ដើមផលិតធ្យូងអនាម័យនេះឡើងក្នុងគោលបំណងចូលរួមចំណែកអភិរក្សព្រៃឈើ និងផ្ដល់ការងារដល់ប្រជាជនស្របនឹងការសម្គាល់ឃើញប្រទេសកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមស្រាប់ ជាពិសេសត្រឡោកដូង និងសម្បកផ្លែឈើ។
លោកបានបញ្ជាក់ប្រាប់សារព័ត៌មាន SR News យ៉ាងដូច្នេះថា៖«សិប្បកម្មនេះបង្កើតឡើងនៅឆ្នាំ ២០២១ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងកែច្នៃវត្ថុមួយចំនួនឡើងវិញដើម្បីឲ្យវាមានប្រយោជន៍»។
លោកបានបន្តទៀតថា៖ «យើងត្រូវប្រមូលវត្ថុធាតុដើមដូចជា ត្រឡោកដូង សម្បកផ្លែឈើ និងមានវត្ថុជាច្រើនទៀតដើម្បីដុតយកធ្យូង រួចវាយកម្ទេចនៅក្នុងម៉ាស៊ីនឲ្យទៅជាល្បាយទើបលាយជាមួយម្សៅស្អិតដោយម្សៅស្អិត នោះធ្វើចេញពីកម្ទេចដំឡូងមី»។
លោកបានរៀបរាប់នូវដំណាក់កាលក្នុងការផលិតធ្យូងអនាម័យនេះទៀតថាបន្ទាប់មកលោកត្រូវយកល្បាយធ្យូងនិងម្សៅស្អិតលាយជាមួយទឹកកូរឲ្យវាស្អិតរមួតជាប់គ្នាដោយម៉ាស៊ីនស្វ័យប្រវត្តិប្រហែល ២០នាទី។ រួចហើយ ល្បាយធ្យូងទាំងនោះត្រូវយកទៅចាក់ចូលទៅក្នុងម៉ាស៊ីនមួយទៀតដើម្បីសង្កត់ពុម្ភចេញទៅជាដុំៗ មុននឹងតម្រៀបចូលក្នុងឡ ដើម្បីសម្ងួតក្នុងរយៈពេលប្រហែល ៤៨ម៉ោង ទើបផលិតផលចេញជាធ្យូងអនាម័យ ដែលយើង អាចយកមកប្រើប្រាស់បាន។
ទន្ទឹមនឹងទទួលបានជោជ័យក្នុងការផលិតធ្យូងអនាម័យនេះបុរសវ័យ ៣៤ឆ្នាំរូបនេះបានលើកឡើងថាក្នុងការផលិតធ្យូងអនាម័យនេះ លោកក៏ជួបផលពិបាកច្រើនផងដែរដោយត្រូវការចំណាយដើមទុនច្រើនទៅលើចង្វាក់ផលិតកម្មគ្រឿងម៉ាស៊ីន និងការពិបាកស្វែងរកវត្ថុធាតុដើម។
ម្ចាស់សិប្បកម្មលោក សាប់ ម៉ុក បាននិយាយថា៖«ប្រជាជនមួយចំនួនគាត់មិនបានយល់ដឹងអំពី កាកសំណល់ណាដែលអាចដុតធ្វើជាធ្យូងបានឬអាចយកមកលក់បាន និងប្រជាជនមួយចំនួនគាត់ ពុំសូវទាន់គាំទ្រធ្យូងអនាម័យបានទូលំទូលាយនៅឡើយទេ»។
កសិដ្ឋានបង្កងដំណាក់កី ក៏បានជួយឲ្យប្រជាជនមានការងារធ្វើនិងមានមុខរបរ បន្ថែមដោយការដើរទិញវត្ថុធាតុដើមដើម្បីលក់ឲ្យសិប្បកម្ម។
លោក សាប់ ម៉ុក បានប្រកាសទទួលទិញវត្ថុធាតុដើមដូចជាត្រឡោកដូង សម្បកផ្លែឈើ ឬក៏ធ្យូងដែលដុតហើយស្រាប់ផងដែរសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មរបស់ខ្លួន។
ក្នុងមួយថ្ងៃ កសិដ្ឋានបង្កងដំណាក់កីអាចផលិតធ្យូងអនាម័យបានចន្លោះពី ៤ ទៅ ៦ តោន ដោយផលិតផលសម្រេចត្រូវបានលក់រាយក្នុងមួយគីឡូក្រាមតម្លៃ ១១០០រៀល។
ធ្យូងអនាម័យនេះមានលក់នៅក្រុងភ្នំពេញនិងមានសេវាផ្ញើទៅតាមបណ្ដាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃអនាគត សិដ្ឋានបង្កងដំណាក់កីក៏មានបំណង កែច្នៃធ្យូងអនាម័យនេះឲ្យមានគុណភាពកាន់តែល្អដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពជិត ៨០ ភាគរយនៃគ្រួសារនៅតាមទីជនបទចម្អិនម្ហូបអាហារប្រចាំថ្ងៃដោយដុតអុសនៅឡើយ។ ការចេញផ្សាយកាលពីដើមឆ្នាំ ២០២២ជារៀងរាល់ឆ្នាំ បានឱ្យដឹងប្រជាជនកម្ពុជាប្រមាណ ១៤០០០នាក់ស្លាប់ដោយសារការបំពុលនៃខ្យល់ហើយក្នុងនោះស្ត្រី និងកុមារក៏ស្ថិតក្នុងជនរងគ្រោះនៃជំងឺបង្កឡើងដោយសារផ្សែងពីការដុតអុសផងដែរ។
ដូច្នេះធ្យូងអនាម័យដែលឆេះបានយូរក្ដៅខ្លាំង មិនផ្ទុះគ្មានកម្ទេច គ្មានក្លិន និងបំភាយផ្សែតិច ក៏អាចរួមចំណែកកាត់បន្ថយហានិភ័យសុខភាពអ្នកប្រើប្រាស់ផងដែរ។
ព័ត៌មានបន្ថែមពី ធ្យូងអនាម័យនេះ អាចស្វែងរកលើគេហទំព័រហ្វេសប៊ុក កសិដ្ឋានបង្កងដំណាក់កី ឬទំនាក់ទំនងទូរសព្ទលេខ ០៩២ ៥០០ ២០០/០៨១ ៥៩៥ ០១០៕
ភ្នំពេញ៖ ស្រីមុំជាតួអង្គឯកក្នុងភាពយន្ដថ្មីរបស់ផលិតករទទួលការបណ្ដុះបណ្ដាលពីប្រទេសកូរ៉េខាងត្បូងមានសមត្ថភាពពិសេសមើលឃើញខ្មោចនៅរដូវបុណ្យភ្ជុំបិណ្ឌ។
សមត្ថភាពពិសេសបានធ្វើឱ្យស្រីមុំជាអ្នកស្រាយចម្ងល់ដ៏អាថ៌កំបាំងក្នុងការស្លាប់របស់មិត្ដសម្លាញ់ម្នាក់ថាតើនាងស្លាប់ដោយសារអត្ដឃាត ឬឃាតកម្ម?
និស្សិតបញ្ចប់ការសិក្សានៅសាលាភាពយន្ត Busan Asian នៅក្រុងប៊ូសាននៅប្រទេសកូរ៉េខាងត្បូង លោក សេង ធីបាននាំមកនូវទស្សនវិស័យថ្មីដល់ឧស្សាហកម្មភាពយន្តក្នុងស្រុកដោយរួមបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាជាមួយនឹងបច្ចេកទេសនិទានរឿងដ៏រស់រវើកដែលលោកទទួលបាននៅបរទេស។
លោកធី និយាយថា៖ «ភាពយន្តរបស់ខ្ញុំ រួមទាំង រឿងចុងក្រោយនេះ ព្រះភូមិត្រូវបានផលិតឡើងដើម្បីទាក់ទាញទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកខណៈដែលបង្ហាញពីសម្រស់វប្បធម៌ខ្មែរដ៏ពិសេស និងភាពស្មុគស្មាញនៃសាច់រឿង»។
ជាមួយនឹងការបង្កើតផលិតកម្ម Tiny Film Production ក្រោមការដឹកនាំរបស់ Westec Media លោក ធី បានធ្វើការដោយមិននឿយហត់ដើម្បីជំរុញព្រំដែននៃភាពយន្តខ្មែរ ហើយរឿង «ព្រះភូមិ» គឺជាគម្រោងមហិច្ឆតាចុងក្រោយរបស់លោក។
រឿង«ព្រះភូមិ» ផលិតដោយ BONG Film and Media សហការជាមួយ Two Rivers International បង្កប់នូវសាច់រឿងដ៏អាថ៌កំបាំង និងភាពភ័យរន្ធត់ដើម្បីបង្កើតបទពិសោធន៍ភាពយន្តដែលមិនអាចបំភ្លេចបាន។
តួសម្តែងក្នុងរឿង«ព្រះភូមិ» តំណាងឱ្យទេពកោសល្យខ្មែរជំនាន់ថ្មីដែលជ្រើសរើសមិនត្រឹមតែជំនាញសម្តែងប៉ុណ្ណោះទេប៉ុន្តែសម្រាប់សមត្ថភាពតំណាងឱ្យប្រទេសកម្ពុជាសម័យទំនើប។
លោកធី បាននិយាយថា៖ «ពួកគាត់មានទេពកោសល្យសម្ដែងយ៉ាងខ្លាំងដែលឆ្លុះបញ្ចាំងពីភាពពីរនៃជីវិតខ្មែរសម័យទំនើបដែលជាប់ទាក់ទងនឹងប្រពៃណីខាងវិញ្ញាណ»។
លោកបានបន្ដថា៖«តួសម្តែងរបស់យើងក៏បានលេចមុខតាមការប្រកួតបបរកញ្ញាឯក កម្មវិធីប្រលងសមត្ថភាព តាមប្រព័ន្ធផ្សព្វផ្សាយហើយម្នាក់ធ្លាប់បានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរបស់តារាភាពយន្ដអេជឺលីណា ជោលី ផងដែរ»។
រឿង «ព្រះភូមិ» នឹងមានការចាក់បញ្ចាំងជាលើកដំបូងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី ១ និង ២ ខែតុលា ឆ្នាំ ២០២៤ នៅក្នុងរោងកុនមួយចំនួនបន្ទាប់មកការចេញផ្សាយជាផ្លូវការនៅថ្ងៃទី ៣ ខែតុលានៅក្នុងទីក្រុងធំៗទូទាំងប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ សៀមរាបព្រះសីហនុ បាត់ដំបង និងប៉ោយប៉ែត។
ភាពយន្តនេះត្រូវចំពេលនឹងពិធីបុណ្យភ្ជុំបិណ្ឌដែលអនុញ្ញាតឱ្យទស្សនិកជនបានជ្រួតជ្រាបទាំងសាច់រឿងនៃរឿងអបិយជំនឿនិងព្រឹត្តិការណ៍វប្បធម៌ពិត៕
Google រួមជាមួយនឹងដៃគូជាច្រើនកំពុងវិនិយោគលើគម្រោងផ្កាយរណបមួយ ដែលមានឈ្មោះថាFireSatដើម្បីស្វែងរកភ្លើងឆេះព្រៃបានយ៉ាងឆាប់រហ័ស និងជួយអ្នកពន្លត់អគ្គីភ័យប្រតិបត្តការបានលឿនជាងមុន។
ផ្កាយរណបទីមួយនៅក្នុងស៊េរីនេះគ្រោងនឹងបាញ់បង្ហោះនៅដើមឆ្នាំក្រោយ ក្នុងគោលបំណងផ្តល់រូបភាពទាន់សភាពការនៃភ្លើងឆេះព្រៃពីជុំវិញពិភពលោករៀងរាល់២០ នាទីម្តង។
ផ្កាយរណបចំនួន ៥២ របស់FireSatដែលត្រូវបានសាងសង់ឡើងជាមួយនឹងឧបករណ៍ចាប់សញ្ញាផ្ទាល់ខ្លួន នឹងអាចចាប់បានសូម្បីតែភ្លើងតូចៗដែលមានទំហំរហូតដល់ ៥ គុណនឹង ៥ ម៉ែត្រពីគ្រប់ទីកន្លែងក្នុងពិភពលោក។
នេះគឺជាការកែលម្អដ៏សំខាន់លើផ្កាយរណបបច្ចុប្បន្នដែលផ្តល់រូបភាពកម្រិតច្បាស់ តែមិនសូវញាក់ញាប់ ឬក៏ផ្ដល់រូបភាពញឹកញាប់ ប៉ុន្តែជារូបគុណភាពទាប។
AI ដើម្បីបង្កើនការរកឃើញភ្លើង
ប្រព័ន្ធ FireSat ក៏នឹងប្រើប្រាស់ឧបករណ៍ AI របស់ Google ដើម្បីស្វែងរក និងតាមដានសញ្ញាដំបូងនៃភ្លើងឆេះព្រៃផងដែរ។ ការរួមបញ្ចូលគ្នានៃរូបភាពផ្កាយរណបនិង AI នឹងត្រូវបានចែករំលែកជាមួយភ្នាក់ងារពន្លត់អគ្គីភ័យដោយឥតគិតថ្លៃដោយជួយពួកគេឱ្យយល់អំពីសណ្ឋានអគ្គីភ័យ ពង្រាយធនធានឱ្យកាន់តែប្រសើរឡើង និងជម្លៀសមនុស្សប្រកបដោយសុវត្ថិភាព។
ភ្លើងឆេះព្រៃបានក្លាយជារឿងធម្មតាដោយសារការប្រែប្រួលអាកាសធាតុខណៈដែលសីតុណ្ហភាពកើនឡើងធ្វើឱ្យព្រៃ និងវាលស្មៅស្ងួតក្រោម។ ម្យ៉ាងវិញទៀត ភ្លើងទាំងនេះបន្ថែមការឡើងកម្ដៅផែនដី។ជាឧទាហរណ៍ អគ្គីភ័យនៅប្រទេសកាណាដាកាលពីឆ្នាំមុនបានបញ្ចេញកាបូនឌីអុកស៊ីត ៤ដងនៃឧស្សាហកម្មអាកាសចរណ៍។
ប្រសិទ្ធភាពនៃFireSat
អ្នកជំនាញជឿថា FireSat អាចជួយអ្នកពន្លត់អគ្គីភ័យ ដោះស្រាយភ្លើងតូច មុនពេលពួកគេមិនអាចគ្រប់គ្រងបាន។វាក៏នឹងជួយក្នុងការសម្រេចចិត្តរហ័ស និងសង្គ្រោះជីវិតផងដែរ ដូចជាកន្លែងដែលត្រូវបញ្ជូនអ្នកពន្លត់អគ្គីភ័យឬរបៀបជម្លៀសមនុស្សដោយសុវត្ថិភាព។
ខណៈពេលដែលតំបន់មួយចំនួនដូចជាកាលីហ្វ័រញ៉ាបានប្រើប្រាស់បច្ចេកវិទ្យាទំនើបរួចហើយFireSatអាចមានប្រយោជន៍ជាពិសេសនៅក្នុងប្រទេសដែលខ្វះខាតធនធានបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយខណៈពេលដែល FireSatនឹងជួយរកឃើញភ្លើង អ្នកជំនាញសង្កត់ធ្ងន់លើតម្រូវការសម្រាប់យុទ្ធសាស្ត្រផ្សេងទៀតដូចជាបច្ចេកទេសដុតរុក្ខជាតិងាយបង្កហានិភ័យដើម្បីកាត់បន្ថយការឡើងនៃរុក្ខជាតិស្ងួត និងគោលនយោបាយប្រសើរជាងមុនក្នុងការរៀបចំតំបន់លំនៅដ្ឋានសហគមន៍ក្នុងតំបន់ងាយរងហានិភ័យភ្លើងឆេះ។
ការផ្តល់មូលនិធិនិងការបើកដំណើរការនាពេលអនាគត
ក្រុមហ៊ុន Google បានប្តេជ្ញាចិត្តដាក់ថវិកា ១៣ លានដុល្លារដល់កម្មវិធី ដោយផ្កាយរណបដំបូងគេនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។នៅឆ្នាំ ២០២៦ ផ្កាយរណបដែលដំណើរការពេញលេញចំនួន ៣ នឹងត្រូវបានដាក់ពង្រាយ ហើយគោលដៅគឺដំណើរការផ្កាយរណបចំនួន៥២ទាំងអស់នៅក្នុងគន្លងនៅចុងបញ្ចប់នៃទសវត្សរ៍នេះ។
ភ្នាក់ងារពន្លត់អគ្គីភ័យនឹងចាប់ផ្តើមទទួលបានការជូនដំណឹងទាន់ហេតុការណ៍រៀងរាល់ម៉ោងភ្លាមៗនៅពេលដែលផ្កាយរណបពាក់កណ្តាលដំណើរការ។
ការចំណាយសរុបនៃកម្មវិធីFireSatត្រូវបានគេរំពឹងថានឹងលើសពី ៤០០ លានដុល្លារ ប៉ុន្តែអ្នកជំនាញនិយាយថាចំនួនទឹកប្រាក់នេះគ្រាន់តែជាផ្នែកតូចមួយនៃការបាត់បង់សេដ្ឋកិច្ចដែលបណ្តាលមកពីភ្លើងឆេះព្រៃទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ។
បច្ចេកវិទ្យាជាច្រើនទៀតកំពុងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយភ្លើងឆេះព្រៃដូចជាកាមេរ៉ា យន្តហោះគ្មានមនុស្សបើក និងការព្យាករណ៍ AI ប៉ុន្តែFireSat ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនារយៈពេលយូរអង្វែង។
អ្នកជំនាញជឿថា វាប្រហែលជាត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីចាប់យកហានិភ័យនៃអគ្គីភ័យដែលកើនឡើងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែជាមួយនឹងឧបករណ៍ដូចជា FireSat និងគោលការណ៍ប្រសើរជាងនេះ សង្ឃឹមថា យើងអាចរៀនរស់នៅជាមួយគ្រោះភ្លើងឆេះព្រៃនាពេលអនាគត៕
ដំណឹងល្អសម្រាប់អ្នកចូលចិត្តធម្មជាតិនិងការថតរូប! ឧទ្យានស្ថានទូតបារាំងដែលមានដើមឈើត្រឈឹងត្រឈៃ និងផ្កាចម្រុះពណ៌ ហើយល្អសម្រាប់ការថតរូបគ្រប់ប្លង់នោះនឹងបើកទ្វារស្វាគមន៍សាធារណជនចូលដោយសេរីពេញមួយថ្ងៃ ក្នុងទិវាបេតិកភណ្ឌ។
បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៥៣០០នាក់កាលពីឆ្នាំមុន ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនានៅថ្ងៃសៅរ៍ទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ០៨ព្រឹកដល់រហូតម៉ោង ៤រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុបដើម្បីអនុញ្ញាតឱ្យសាធារណជនអាចស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូតដែលពោរពេញដោយប្រវត្តិសាស្ត្រ និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំ ៤,៧ ហិកតាដែលជាតំបន់បៃតងធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈចម្រុះក្នុងនោះមានដើមឈើ ៥០ប្រភេទ ជាង ២០០ដើម និងសត្វប្រមាណ ៣០ ប្រភេទដូចជាសត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។
អ្នកទស្សនាក៏នឹងឃើញផងដែរនូវទ្វាររបងចាស់មួយរបស់ស្ថានទូតកាលពីជិត ៥០ឆ្នាំមុនដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ ១៩៧៥។
នៅពេលចេញពីស្ថានទូតសាធារណជនអាចទស្សនាការតាំងពិព័រណ៍រូបថតនៅលើរបងស្ថានទូតដែលបង្ហាញពីការរាំបែបកីឡា Breakdance កម្ពុជា។ការរាំប្រភេទនេះត្រូវបានដាក់បញ្ចូលក្នុងចំណោមវិញ្ញាសាកីឡាអូឡាំពិកប៉ារីស ២០២៤ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ។
ដំណើរកម្សាន្តអមដោយការពន្យល់ពីមគ្គុទ្ទេសក៍ជាភាសាខ្មែរបារាំង និងអង់គ្លេសក៏គ្រោងនឹងរៀបចំផងដែរ។
ការទស្សនាធ្វើឡើងដោយសេរីនិងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើនជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។
កាបូបធំៗនិងរបស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយកចូលក្នុងស្ថានទូតឡើយ។អ្នកទស្សនាអាចយកមកជាមួយនូវទឹកសម្រាប់ទទួលទាននិងត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការដើរទស្សនានៅក្នុងឧទ្យានដែលកន្លែងខ្លះមានក្រាលថ្មតូចៗ និងខ្លះទៀតជាស្មៅ។
ផ្តួចផ្តើមឡើងនៅឆ្នាំ ១៩៨៥ ដោយប្រទេសបារាំងទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង ៥០។
នៅកម្ពុជាអគារដែលមានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗ ទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី ២១ កញ្ញាផងដែរ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងបើកឲ្យទស្សនាជាលើកទីមួយ ការិយាល័យអង្គការយូណេស្កូសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប។ម៉ោងពេល និងបែបបទទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕
កណ្ដាល :ជាងចម្លាក់បទពិសោធន៍ជាង ៤ទសវត្សរ៍ លោក ជា យុទ្ធា បានប្រែលោហធាតុជាវត្ថុសិល្បៈដ៏មានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារដោយសារតែទឹកដៃដ៏រស់រវើកល្អឯក រហូតទទួលបានការប្រទានបរមងារទេពហត្ថកោសល្យពីព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី។
នេះមិនមែនជារឿងងាយស្រួលទេដែលស្នាដៃចម្លាក់ប្រាក់ ស្ពាន់ និងដែក របស់លោកត្រូវបានទទួលស្គាល់ស្ញប់ស្ញែង និងមានទីផ្សារខ្ពស់។ជាមួយឧប្បនិស្ស័យ ទេពកោសល្យ និងការរៀនសូត្រអនុវត្តរាប់សិបឆ្នាំទើបលោកអាចសមត្ថភាពបង្កើតស្នាដៃចម្លាក់លោហៈដ៏អស្ចារ្យ។
លោក យុទ្ធា បានរៀនចម្លាក់តាំងពីទសវត្សរ៍ទី ៦០ និងបន្តសិក្សារហូតដល់ទសវត្សរ៍ឆ្នាំ ១៩៧៥ ពេលដែលប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម។
ក្រោយពីរបបអាវខ្មៅដួលរលំ លោកក៏បានចាប់ផ្ដើមអាជីពជាជាងចម្លាក់ឡើងវិញនៅក្នុងឆ្នាំ ១៩៨៧ តែលោកមិនអាចចម្លាក់ឆ្លាក់ស្ពាន់ ប្រាក់ និង ដែកបានច្រើននោះទេដោយសារតែភាពលម្អិតនៃចម្លាក់ទាមទាររយៈពេលយូរ និងភាពអំណត់អត់ធន់ខ្ពស់។
លោក យុទ្ធា បានប្រាប់សារព័ត៌មាន SR News ឲ្យដឹងថា៖ « រូបចម្លាក់ទាំងអស់ខ្ញុំឆ្លាក់ដោយដៃផ្ទាល់មិនមាន គ្រឿងម៉ាស៊ីនជួយទេដោយខ្ញុំអាចឆ្លាក់លើដាវ កាំបិត ពូថៅ ឬក៏វត្ថុផ្សេងៗទៀតទៅតាមការកុម្ម៉ង់របស់អតិថិជន»។
ចំពោះវត្ថុធាតុដើមលោកត្រូវទិញស្ពាន់ពីរាជធានីភ្នំពេញនិងស្ពាន់ក្រហមមកពីខាងព្រែកក្ដាម។ វត្ថុធាតុដើមទាំងនោះមានសណ្ឋានជាបន្ទះៗនៅឡើងមុននឹងលោកយកវាទៅកាប់តាមខ្នាតដែលត្រូវធ្វើដូចជាកាទឹក ចានស្រាក់ ឬក៏ផ្តិលជាដើម។លោហធាតុដែលកាប់តាមខ្នាតរួច ត្រូវបានយកមកផ្សារជាប់គ្នា រួចឆ្លាក់រំលេចក្បូរក្បាច់រចនាឬសាច់រឿងពីបុរមបុរាណទៅការនិយមរបស់អតិថិជន។
ក្នុងដំណើការផលិតវត្ថុសិល្បៈទាំងនេះលោក យុទ្ធា ក៏ជួបផលពិបាកផងដែរ ដោយកិច្ចការងារនេះត្រូវការពេលវេលាយូរ និងទាមទារសេចក្ដីអំណត់អត់ធន់ ប្រិតប្រៀង ផ្ចិតផ្ចង់ដើម្បីបានផលិតផលសម្រេចមួយដែលល្អឥតខ្ចោះ។ទោះយ៉ាងណាលោកនៅតែជ្រើសរើសអភិរក្សវិធីសាស្ត្របុរាណក្នុងការឆ្លាក់សម្ភារៈធ្វើពីលោហធាតុទាំងនេះ។
លោកបានបន្ថែមទៀតថា៖ «ចំពោះការឆ្លាក់នេះបើខ្ញុំឆ្លាក់តាមបែបសម័យគឺវាងាយស្រួលនិងរហ័ស។ តែបើខ្ញុំឆ្លាក់តាមក្បាច់បុរាណគឺទាមទារប្រើពេលវេលាយូរនិងម៉ត់ចត់ដោយកែវទឹកមួយត្រូវ ឆ្លាក់រយៈពេល ១៥ថ្ងៃ និងផ្ដិលទឹកធំត្រូវប្រើរយៈពេលប្រមាណ ៤ខែទើបរួច»។
ការបន្តរក្សាប្រពៃណីចម្លាក់ពីបុព្វបុរសរបស់លោកយុទ្ធា ក៏ត្រូវបានអតិថិជនកោតសរសើរ និងផ្ដល់តម្លៃខ្ពស់ផងដែរ។
លោកបានឱ្យដឹងថា៖ «ចំពោះកែវទឹកស្ពាន់មានតម្លៃ ៣០០ដុល្លារនិងផ្ដិលទឹកធំមានតម្ល ៃ៨០០-១០០០០ដុល្លារ និងចានស្រាក់មានតម្លៃ ២៣០០ដុល្លារ»។
អតិថិជនដែលបានកុម្ម៉ង់និងទទួលស្នាដៃរបស់លោកយុទ្ធា ទៅប្រើប្រាស់ហើយ ពួកគាត់មានសេចក្ដីត្រេកអរ និងគាំទ្រស្នាដៃរបស់លោកជាខ្លាំងដោយលោកបានឆ្លាក់ទៅក្បូរក្បាច់រចនាលំនាំដើម ទាំងរូបមនុស្សវល្លិផ្កាភ្ញី រុក្ខជាតិ រំលេចភាពលម្អិតរស់រវើកល្អឥតខ្ចោះស័ក្ដិសមនឹងតម្លៃវត្ថុសិល្បៈដ៏ប្រណីតទាំងនេះ។
សព្វថ្ងៃលោក ជា យុទ្ធា មានវ័យ ៧០ឆ្នាំ ហើយលោកក៏បានបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយឱ្យមានជំនាញសិល្បៈចម្លាក់លើលោហៈនេះផងដែរ។
លោកបានឱ្យដឹងថា៖ «សព្វថ្ងៃនេះខ្ញុំក៏បានបង្រៀនស្នាដៃចំណាក់នេះដល់កូននិងចៅរបស់ខ្ញុំផងដែរនិងសិស្ស មួយ ចំនួនទៀតតាំងពីឆ្នាំ ១៩៧៥មកម្ល៉េះ»។
ក្ដីប្រាថ្នារបស់លោកទៅថ្ងៃអនាគតគឺពុំមានអ្វីក្រៅពីបន្តខិតខំបង្ហាត់បង្រៀនកូនសិស្សឲ្យបានច្រើនបន្ថែមទៀតដោយលោក យុទ្ធា សង្ឃឹមថានឹងអាច៖ «បន្តមរតកដូនតាមួយនេះទៅក្មេងជំនាន់ក្រោយដោយមិនឲ្យបាត់បង់នោះឡើយ»។
ជាងចម្លាក់ប្រាក់ស្ពាន់ ដែក លោក ជា យុទ្ធា ស្ថិតនៅក្នុងភូមិសាលាកាត់សក់ ឃុំ វិហារហ្លួង ស្រុកពញាឮខេត្តកណ្ដាល។ ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក Ramo ជាងចម្លាក់
ឬលេខទូរសព្ទ៖ ០១៧ ៣១១ ១១៩/០៩២ ៦៧០ ០៣៨៕
សៀមរាប : ព្រឹត្តិការណ៍សមរាត្រី( Equinox) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តថ្ងៃទី ២១-២៣ ខែកញ្ញាខាងមុខនេះតើយើងត្រូវត្រៀមអ្វីខ្លះមុននឹងទៅមើលសមរាត្រី?
ខាងក្រោមនេះជាបទពិសោធន៍របស់ក្រុមការងារ SR News កន្លងមកក្នុងដំណើរទៅផ្ដិតយកទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដែលប្រិយមិត្តអាចស្វែងយល់ និងត្រៀមខ្លួនឱ្យបានល្អ៖
ទី១. សាកថ្ម កាំមេរ៉ា ទូរសព្ទឧបករណ៍ផ្សេងៗដើម្បីអាចផ្ដិតយករូបភាពដ៏អស្ចារ្យព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍។
ទី២. ដាក់ម៉ោងរោទ៍ នៅម៉ោង ៤ ទៅ ៤កន្លះដើម្បីងើបទៅប្រាសាទអង្គរវត្តឱ្យទាន់មុនថ្ងៃរះ។
ទី៣. យើងត្រូវរៀបចំខ្លួនឱ្យបានសមរម្យ (មិនស៊ិចស៊ីជ្រុល) នៅរាល់តំបន់ប្រាសាទដែលជាកន្លែងទីសក្ការៈនិងជាទីតាំងបេតិកភណ្ឌរបស់យើង។
ទី៤. ប្រើប្រាស់បន្ទប់ទឹកឱ្យរួចរាល់និងត្រៀមទឹកញ៉ាំ មុននឹងចូលទៅកាន់ទីតាំងប្រាសាទ
ទី៥. រកទីតាំងដែលល្អនៅចំកណ្ដាលនៃផ្លូវចូលប្រាសាទទើបបានឃើញច្បាស់ថ្ងៃរះចំកំពូលប្រាសាទតែកុំទៅកៀកទៅនឹងប្រាសាទពេក។
ទី ៦. ត្រូវរក្សាសុជីវធម៌និងការយោគយល់គ្នា កុំរុញច្រានអ្នកដទៃដើម្បីដណ្តើមទីតាំងណាមួយ។
ទី ៧.ថតរូបស្អាតក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាប្រាសាទខ្មែរយើងកាន់តែច្រើន។
ក្រោយបញ្ចប់ព្រឹត្តិការណ៍សមរាត្រី ( Equinox) ដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត យើងអាចបន្តដើរទស្សនានិងថតរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទ។
សមរាត្រីជាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ និងផែនដី ដោយសំដៅជាសាមញ្ញ គឺជាថ្ងៃដែលមានរយៈពេលថ្ងៃនិងយប់ស្មើគ្នា ខុសពីថ្ងៃខែដទៃទៀតដែលរយៈពេលយប់វែងជាងពេលថ្ងៃឬក៏រយៈពេលថ្ងៃវែងជាងយប់។
ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្តដែលមានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទកំណត់ចំវេលាសមរាត្រីនោះ មិនមែនជារឿងចៃដន្យទេ។ ទិដ្ឋភាពនេះគឺជាលក្ខណៈពិសេសនៃការគន់គូសដោយបុព្វបុរសខ្មែរដែលរៀបចំស្ថាបត្យកម្មប្លង់ប្រាសាទក្នុងបំណងផ្សារភ្ជាប់បាតុភូតធម្មជាតិនឹងប្រាង្គប្រាសាទបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលអង្គរវត្តនេះឡើង ។
ដោយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនសន្ធេកមកមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលអង្គរវត្តអាចត្រូវបានមើលឃើញច្បាស់ចំនួន២ដងក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ២១-២៣ ខែ មីនានិងថ្ងៃទី ២១- ២៣ ខែកញ្ញា៕
មុនពិធីបុណ្យសែនព្រះខែចិននៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះនំសែនព្រះខែជាច្រើនប្រភេទត្រូវបានដាក់តាំងលក់មិនថា តាមស្ដង់ ចិញ្ចើមផ្លូវ ផ្សារម្ហូប ផ្សារទំនើប ហាងកាហ្វេ ហាងនំប៉័ងនិងសូម្បីតែតាមកម្មវិធីលក់អនឡាញយ៉ាងគគ្រឹកគគ្រេង ជាពិសេសសម្រាប់ខ្សែជាប់សែស្រឡាយចិន។
ទោះជាយ៉ាងក្ដី តម្លៃនំព្រះខែមួយប្រអប់ ដែលមានតែ៤នំនោះ យ៉ាងហោចណាស់ក៏ ម៉ឺនរៀលដែរ ខណៈដែលតម្លៃនេះអាចឡើងដល់ ៦០ ទៅជាង ១០០ដុល្លារក្នុងមួយប្រអប់អាស្រ័យទៅតាមគ្រឿងផ្សំនិងកិត្តិនាមហាងដែលផលិតនំនោះផងដែរ។
នៅប្រទេសដែលមានប្រជាជនសែស្រឡាយចិន ដូចជានៅវៀតណាម ថៃ សិង្ហបុរីម៉ាឡេស៊ី ជាដើម នំសែនព្រះខែតម្លៃថ្លៃៗជាមួយការវេចខ្ចប់បែបប្រណីតត្រូវបានគេប្រើប្រាស់ជាអំណោយជូនសាច់ញាតិបងប្អូន ឬអ្នកមានមុខមាត់ធំដុំដើម្បីបង្កើតទំនាក់ទំនងអាជីវកម្មការងារជាដើម។
ប៉ុន្តែសម្រាប់ប្រជាជនខ្មែរមិនថាអ្នកជាប់សែស្រឡាយចិន ឬមិនជាប់នោះទេការធ្វើនំព្រះខែដើម្បីសែន និងជាអំណោយជូនញាតិ អាចជាការចំណាយដ៏ធ្ងន់មួយរហូតដល់គ្រួសារមួយចំនួនបានងារកមករកជម្រើសធ្វើនំព្រះខែដោយខ្លួនឯងតាមរយៈការមើលវីដេអូយូធូប ឬការរៀនតៗគ្នាពីអ្នកជំនាញធ្វើនំ។
ក្នុងចំណោមអ្នកដែលជ្រើសរើសធ្វើនំព្រះខែដោយខ្លួនឯងនោះ អ្នកស្រី លីម៉េងគីម ដែលជាកូនចៅចិនអាចនិយាយបានទាំងភាសាកុកងឺ ទាជីវ និងកាតាំង បានឱ្យដឹងថាអ្នកស្រីបានមើលវីដេអូយូធូប និងរៀនធ្វើតាមពីរបីដងរហូតទទួលបានលទ្ធផលនំព្រះខែជាទីគាប់ចិត្ត។
អ្នកស្រី ម៉េងគីម បានប្រាប់ SR News ថា៖ «ពីមុនខ្ញុំធូធារចេះតែទិញនំអស់រាប់រយដុល្លារចែកញាតិតែកាលពី ៤ឆ្នាំមុនពេលអត់ការងារធ្វើ កាលហ្នឹងកូវីដ អត់មានទេសចរណ៍ភ្នាក់ងារក៏ជម្រុះបុគ្គលិក ទើបខ្ញុំនៅផ្ទះ ទំនេរៗ ក៏សាកធ្វើនំព្រះខែតាមយូធូប»។
អ្នកស្រីបានបន្តថា៖ «ខ្ញុំទិញពុម្ពនំតាមថាវប៉ាវ អនឡាញ ហើយធ្វើដំបូងអត់ស្អាតទេតែលើកក្រោយៗយកជាការបាន។ ឥឡូវធ្វើជាងបីបួនឆ្នាំ ខ្ញុំជំនាញហើយអាចធ្វើបានទាំងស្នូលផ្អែម និងប្រៃ ហើយយើងទិញប្រអប់ច្នៃដាក់ ស្អាតមិនចាញ់គេលក់នៅហាងទេ»។
ដូចគ្នានេះដែរ សិស្សវគ្គរៀនដុតនំ ស៊ុ សុធាវី បានលើកឡើងថា ការធ្វើនំព្រះខែដោយខ្លួនឯងអាចសន្សំសំចៃថវិកាច្រើនណាស់។
កញ្ញា សុធាវី បាននិយាយថា៖ «អ៊ីចឹងចំណេញច្រើនណាស់ ដោយសារយើងទិញគេ មួយឈុតវាមាន៤ នំ ទូទៅតម្លៃ ២០ដុល្លារ អាហ្នឹងខ្ញុំទិញញ៉ាំ ហើយផេកដែលខ្ញុំទិញស្នូលនំ គេលក់ ៤នំ ១៨ ដុល្លារ និយាយទៅតម្លៃពី ១៨ ទៅ ២០ដុល្លារក្នុងមួយប្រអប់»។
កញ្ញាបានរៀបរាប់ពីការចំណាយទៀតថា៖ «ចាសបង ខ្ញុំធ្វើហ្នឹងចំណេញច្រើននិយាយទៅស្នូលខ្ញុំទិញអត់អស់ ២៥ ដុល្លារទេ និងម្សៅហ្នឹងខ្ញុំធ្វើនំពុម្ព១៥០ បានចំនួន ២០នំ ហើយនិយាយទៅទាំងពងមាន់ ទាំងស្នូល ទាំងពងទាប្រៃ ប្រអប់ដាក់នំ២ដុល្លារ ថាអស់មិនដល់ ២៥ដុល្លារ ទេ ហើយសល់ស្នូលនំ ៧០០ក្រាមទៀត»។
សិស្សធ្វើនំរូបនេះ ក៏បានបញ្ជាក់ផងដែរថាប្រសិនបើពុំទិញស្នូលនំស្រាប់ពីហាងអនឡាញទេ អ្នកធ្វើនំរឹតតែសន្សំសំចៃថវិកាច្រើនសន្ធឹក។
កញ្ញា សុធាវី បានលើកករណីមិត្តរួមថ្នាក់ម្នាក់ដែលធ្វើស្នូលនំដោយខ្លួនឯងថា៖«គាត់ធ្វើស្នូលខ្លួនឯង អស់ប្រហែល ៣០ដុល្លារ ហើយគាត់អាចធ្វើនំបានរហូត ៦៤នំហើយសុទ្ធតែពុម្ព ១៥០»៕
ស្ថាបនិក HYBE និងជាប្រធាន Bang Si-hyuk កាន់កាប់ជិតមួយភាគបីនៃក្រុមហ៊ុនHYBE គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២៤ នេះបើយោងតាមឯកសារដែលមើលឃើញដោយMusic Business Worldwide។
HYBE ដែលជាក្រុមហ៊ុន K-pop ដ៏ធំបំផុតនៅលើពិភពលោក បានធ្វើឱ្យមានរលកធំនៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោកចាប់តាំងពីការបើកទំព័រប្រវត្តិសាស្ត្រនៃក្រុមBTS ។
ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បំផុតរបស់ HYBE ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះគឺការទិញយកភាគហ៊ុនដោយ Scooter Braun's IthacaHoldings ក្នុងតម្លៃ ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។
Braun បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ HYBE ហើយបានក្លាយជានាយកប្រតិបត្តិនៃសាខាដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា HYBE America ។ លោកនៅតែជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៅក្នុងក្រុមហ៊ុននេះ។
កាលពីឆ្នាំមុន HYBE បានពង្រីកទៅក្នុងទីផ្សារតន្ត្រីឡាទីនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងការទិញយក Exile Music ដែលបង្កើតជាមូលដ្ឋានគ្រឹះនៃ HYBE Latin America ថ្មី។
ថ្មីៗនេះ ជាផ្នែកនៃយុទ្ធសាស្ត្រ HYBE 2.0 ថ្មីរបស់ខ្លួន HYBE បានចាប់ផ្តើមអាជីវកម្មសេវាកម្មស្លាកសញ្ញានៅសហរដ្ឋអាមេរិកនិងផ្នែកថ្មីមួយដែលមានឈ្មោះថា HYBEMUSIC GROUP APAC ដែលគ្រប់គ្រងអាជីវកម្មស្លាកសញ្ញាតន្ត្រីរបស់ក្រុមហ៊ុនទាំងអស់មានមូលដ្ឋាននៅប្រទេសកូរ៉េ និងជប៉ុន។
ច្បាស់ណាស់ HYBE មានបំណងក្លាយជាតួអង្គសកលលោកដ៏សំខាន់នៅក្នុងពិភពតន្ត្រីហើយប្រហែលជាក្រុមហ៊ុននេះបានទៅដល់គោលដៅរួចទៅហើយ។
តាមការគណនាចុងក្រោយ HYBE មានមូលធនប័ត្រទីផ្សារនៃ៥,៣៧ ពាន់លានដុល្លារ។ តួលេខនេះ មិនទាន់ស្មើនឹងមាត្រដ្ឋាននៃ Universal Music Group ប៉ុន្តែក៏មិនអន់ដែរសម្រាប់ក្រុមហ៊ុនដែលទើបតែបង្កើតឡើងកាលពី១៩ ឆ្នាំមុន (ដោយពីមុនត្រូវបានគេស្គាល់ថាជា Big Hit Entertainment)។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន HYBE សម្រាប់ឆ្នាំ ២០២៣ មានចំនួន ១,៦៦ ពាន់លានដុល្លារអាមេរិក ដោយ ៦៤% នៃចំនួននោះបានមកពីខាងក្រៅទីផ្សារក្នុងស្រុករបស់ប្រទេសកូរ៉េខាងត្បូង។
ទោះបីជាទទួលបានភាពជោគជ័យក្នុងតារាងតុល្យការក៏ដោយក៏តម្លៃភាគហ៊ុនរបស់ HYBE បានធ្លាក់ចុះនៅឆ្នាំ២០២៤។ វាបានបន្តធ្លាក់ចុះ ៣១.៦៨% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមថ្ងៃបិទទីផ្សារនៅថ្ងៃទី ៩ ខែកញ្ញា។
ការធ្លាក់ចុះនោះអាចត្រូវបានគេសន្មត់ថាជាមូលហេតុទូទៅដែលនេះមិនមែនជាឆ្នាំដ៏ល្អសម្រាប់ភាគហ៊ុនរបស់ក្រុមហ៊ុនកម្សាន្តនោះទេហើយចំពោះមូលហេតុជាក់លាក់មួយបន្ថែមទៀត៖ ជម្លោះរវាង HYBE និង Min Hee-jin ដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន HYBE ដែលបច្ចុប្បន្នជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំរបស់ក្រុមនារី NewJeans ។
យ៉ាងណាមិញតើនរណាជាអ្នកទទួលបានផលចំណេញពីដំណើរការរីកចម្រើនរបស់ខ្លួន?
មិនគួរឱ្យភ្ញាក់ផ្អើលទេ ម្ចាស់ភាគហ៊ុនធំជាងគេរបស់ HYBE គឺលោក BangSi-hyuk ដែលជាស្ថាបនិករបស់ក្រុមហ៊ុន ទោះជាលោកបានលាលែងពីតំណែងជានាយកប្រតិបត្តិក្នុងឆ្នាំ ២០២១ ប៉ុន្តែលោកនៅតែជាប្រធានក្រុមហ៊ុន HYBE ។
លោក Bang បានក្លាយជាមហាសេដ្ឋីនៅពេលដែលគាត់បានទិញយកHYBE ជាសាធារណៈក្នុងខែតុលា ឆ្នាំ២០២០ ហើយទិន្នន័យបង្ហាញថា លោកបានរក្សាស្ថានភាពប្រាក់ចំណេញច្រើនសន្ធឹក។
យោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំចុងក្រោយបំផុតរបស់ HYBE ដែលបានដាក់ជាមួយ DART គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ លោក Bang បានកាន់កាប់ភាគហ៊ុន ១៣,១៥ លាននៃភាគហ៊ុនធម្មតា ៤១,៤៥ លានរបស់ HYBE ឬស្មើនឹង ៣១,៥៧%នៃចំនួនសរុប។
គិតត្រឹមតម្លៃទីផ្សាររបស់ HYBEនៅបិទនៅថ្ងៃទី៩ ខែកញ្ញា ចំណែកតម្លៃភាគហ៊ុនរបស់លោកស្មើនឹង ១,៦១៩ពាន់លានដុល្លារ។
ម្ចាស់ភាគហ៊ុនធំទីពីររបស់ HYBEគឺសាជីវកម្ម Netmarble ដែលជាអ្នកបង្កើតវីដេអូហ្គេមដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដោយ Bang Jun-hyuk ដែលជាបងប្រុសរបស់ប្រធានក្រុមហ៊ុនBang Si-hyuk ។
យោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ HYBE ក្រុមហ៊ុន Netmarble បានកាន់កាប់ភាគហ៊ុនចំនួន ៣,៩៣ លានហ៊ុនរបស់ HYBE គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ដោយផ្តល់ឱ្យវានូវចំណែក ៩,៤៤% របស់ក្រុមហ៊ុន។គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ភាគហ៊ុននៅក្នុង HYBE របស់ Netmarble មានតម្លៃ ៤៨៣,៨លានដុល្លារ។
ម្ចាស់ភាគហ៊ុនធំទីបីនៅក្នុង HYBE គឺជាដៃគូវិនិយោគនៃសេវាសោធននិវត្តន៍ជាតិរបស់ប្រទេសកូរ៉េខាងត្បូងដែលជាមូលនិធិសោធននិវត្តន៍សាធារណៈរបស់ប្រទេស។
នេះមិនមែនជាមូលនិធិតូចទេ។ វាគឺជាមូលនិធិសោធនសាធារណៈធំជាងគេទី ៣របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិប្រហែល ៨៥០ពាន់លានដុល្លារក្រោមការគ្រប់គ្រងរបស់រដ្ឋ។
មូនិធិនេះកាន់កាប់ភាគហ៊ុន ២,៦៥ លាននៃ HYBE ឬ ៦,៣៦% ដែលមានតម្លៃ ៣២៥,៩ លានដុល្លារនៅរាប់ចុងក្រោយ។
ទន្ទឹមនឹងនោះក៏មានការងឿងឆ្ងល់ដែរថា BTS ដែលរួមមានសមាជិក Jin, Suga,J-Hope, RM, Jimin, V និង Jungkook គឺតួឯកដែលនាំប្រាក់ចំណូលធំដល់HYBE នោះមានភាគហ៊ុនយ៉ាងច្រើនកម្រិតណា។
យោងតាមការស្រាវជ្រាវរបស់ Korea CXO Research Institute ដែលបានចេញផ្សាយនៅចុងឆ្នាំ ២០២៣និងបានរាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េ សមាជិកទាំង ៧ នាក់របស់ BTS ម្នាក់ៗត្រូវបានផ្តល់ភាគហ៊ុនចំនួន ៦៨៣៨៥ ហ៊ុន នៅពេលពួកគេបន្តកិច្ចសន្យានៅក្នុងឆ្នាំ ២០១៨។
ដោយផ្អែកលើចំនួនភាគហ៊ុនដែលនៅសេសសល់គិតត្រឹមថ្ងៃទី ៣០ ខែមិថុនាដែលនឹងផ្តល់ឱ្យពួកគេម្នាក់ៗប្រហែល ០,១៦% នៃកម្មសិទ្ធិក្រុមហ៊ុន។ទោះយ៉ាងណាក៏ដោយ ពួកគេមួយចំនួនហាក់ដូចជាបានលក់ខ្លះនៃភាគហ៊ុននោះ។
យោងតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវ Korea CXO គិតត្រឹមដើមឆ្នាំ ២០២៣សមាជិក BTS បីនាក់បានលក់ភាគហ៊ុនរបស់ពួកគេ៖ J-Hope កាន់កាប់ភាគហ៊ុនចំនួន ៦២៧៨៤គិតត្រឹមពេលនោះ ខណៈដែល RM និង Jin មានភាគហ៊ុនតិចជាងបន្តិច។
បើគណនាតាមតម្លៃភាគហ៊ុននៅចុងបញ្ចប់នៃថ្ងៃជួញដូរនៅថ្ងៃទី ៩ ខែកញ្ញា ការកាន់កាប់ភាគហ៊ុនចំនួន ៦៨៣៨៥ នឹងមានតម្លៃប្រហែល៨,៤២ លានដុល្លារ។
សរុបមក សមាជិក BTS ទាំងប្រាំពីររូបត្រូវបានផ្តល់ភាគហ៊ុនចំនួន ៤៧៨៦៩៥ នៃ HYBE ឬប្រហែល ១.១៥% នៃភាគហ៊ុនសរុបគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ដែលគិតជាទឹកប្រាក់ស្មើនឹង ៥៨,៩៤លានដុល្លារ៕
ប្រភព៖ MusicBusiness Worldwide
OpenAI ត្រូវបានបង្កើតឡើងដោយ Sam Altman ក្នុងឆ្នាំ២០១៥ ជាមួយនឹងគោលដៅធំមួយ៖ បង្កើតបញ្ញាសិប្បនិម្មិត (AI)ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូបនៅក្នុងពិភពលោក។ដើម្បីរក្សាការពិតចំពោះគោល បំណងនេះ ក្រុមហ៊ុនត្រូវបានបង្កើតឡើងជាអង្គការមិនរកប្រាក់ចំណេញ។
ទោះជាយ៉ាងណាក៏ដោយនៅពេលក្រុមហ៊ុនកាន់តែខិតទៅជិតការអភិវឌ្ឍន៍ប្រភេទ AI ដែលអាចគិតដូចមនុស្សការព្រួយបារម្ភកាន់តែកើនឡើង។ ជាមួយនឹងលំហូរប្រាក់កាន់តែច្រើនបានមកពីអ្នកវិនិយោគដ៏អន្ទះសាមនុស្សមានការព្រួយបារម្ភថា OpenAI កំពុងផ្លាស់ប្តូរចាកឆ្ងាយពីបេសកកម្មដើមរបស់ខ្លួន។
មិនយូរប៉ុន្មានក្រុមហ៊ុនបានចាប់ផ្តើមផ្លាស់ប្តូរ។នៅឆ្នាំ ២០១៩ OpenAI បានប្រកាសថាខ្លួនកំពុងបន្ថែមផ្នែករកប្រាក់ចំណេញ ដើម្បីរៃអង្គាសប្រាក់បន្ថែមទៀតសម្រាប់កិច្ចការងាររបស់ខ្លួនប៉ុន្តែពួកគេបានសន្យាថា នឹងកំណត់ ថាតើ អ្នកវិនិយោគអាចរកប្រាក់ចំណេញបានប៉ុន្មាន។ OpenAI បានហៅការផ្លាស់ប្ដូរថ្មីនេះថាជាក្រុមហ៊ុន "Capped-profit" ដែលមានន័យថាពួកគេនៅតែអាចបន្តបេសកកម្មរបស់ពួកគេ ស្របពេលការស្វែងរកវិធី ដើម្បីរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ការផ្លាស់ប្តូរនេះគឺសំដៅធ្វើឱ្យមានតុល្យភាពរវាងបុគ្គលិក និងភាគីពាក់ព័ន្ធដែលចង់ឱ្យ AI ត្រូវបានអភិវឌ្ឍដោយសុវត្ថិភាព និងអ្នកដែលចង់ផ្តោតលើការផលិតផលិតផល។
ប៉ុន្តែនៅពេលដែលប្រាក់កាន់តែច្រើនបានហូរចូលទៅក្នុងផ្នែករកប្រាក់ចំណេញនៃអាជីវកម្មហើយ OpenAI កាន់ តែល្បីល្បាញមនុស្សមួយចំនួនចាប់ផ្តើមមានការព្រួយបារម្ភ។
កាលពីឆ្នាំមុនក្រុមប្រឹក្សាភិបាលរបស់ OpenAI បានដកលោក Altmanចេញពីតំណែងដោយបារម្ភថា ក្រុមហ៊ុនកំពុងដំណើរការលឿនពេកក្នុងការចេញផ្សាយផលិតផល ដោយមិនផ្តោតលើសុវត្ថិភាពគ្រប់គ្រាន់។
ទោះជាយ៉ាងណាក៏ដោយបុគ្គលិកជាច្រើន និងក្រុមហ៊ុន Microsoft ដែលជាអ្នកវិនិយោគធំបានគាំទ្រលោកAltmanហើយលោកបានវិលត្រឡប់មកបំពេញតួនាទីរបស់លោកវិញក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ទោះយ៉ាងណាក៏ដោយ ការបែងចែកនៅក្នុងក្រុមហ៊ុនត្រូវបានបង្ហាញ។ មិនយូរប៉ុន្មាន អ្នកស្រាវជ្រាវសំខាន់ពីរនាក់គឺ Jan Leike និង Ilya Sutskever ដែលបានដឹកនាំក្រុមដែលទទួលខុសត្រូវក្នុងការធានាថា AIត្រូវបានអភិវឌ្ឍដោយសុវត្ថិភាពនោះក៏បានចាកចេញពីក្រុមហ៊ុន។
ក្រុមការងារដែលពួកគេបានគ្រប់គ្រងដែលគេហៅថា«ក្រុម superalignment» ត្រូវបានរំលាយភ្លាមៗ។ Leikeបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេកំពុងប្រឆាំងនឹងទិសដៅរបស់ក្រុមហ៊ុន។ លោកបាននិយាយថាOpenAIចាំបាច់ត្រូវផ្តោតលើសុវត្ថិភាពបន្ថែមទៀតដោយហៅការបង្កើត AI ជាកិច្ចការដ៏គ្រោះថ្នាក់។ ប៉ុន្តែយោងតាមរូបលោកពេលនេះ OpenAI កាន់តែចាប់អារម្មណ៍លើការបង្កើតផលិតផលដែលទាក់ទាញនិងអាចធ្វើទីផ្សារបាន។
វាហាក់បីដូចជាOpenAIបានផ្លាស់ប្តូរទៅជាក្រុមហ៊ុនដែលប្រតិបត្តិការដូចក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដោយបានជំរុញទៅមុខយ៉ាងលឿន ទោះបីជាមានការរារាំងក៏ដោយ។
របាយការណ៍ថ្មីៗនេះបានលាតត្រដាងថាAltmanបានប្រាប់និយោជិតថាOpenAIទំនងជានឹងចាកចេញពីក្រុមប្រឹក្សាភិបាលមិនរកប្រាក់ចំណេញរបស់ខ្លួនដែលវាលែងសមនឹងទិសដៅរបស់ក្រុមហ៊ុនហើយនៅឆ្នាំក្រោយ។
ទន្ទឹមនឹងនេះOpenAIត្រូវបានគេរាយការណ៍ថាជិតទទួលបានមូលនិធិចំនួន ៦,៥ ពាន់លានដុល្លារបន្ថែមទៀតដែលនឹងផ្តល់ឱ្យក្រុមហ៊ុននេះមានតម្លៃចំនួន១៥០ពាន់លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយOpenAIបាននិយាយថាក្រុមហ៊ុននៅតែផ្តោតលើការកសាង AI ដែលជួយមនុស្សគ្រប់គ្នាហើយក្រុមហ៊ុនក៏នឹងនៅតែបន្តធ្វើការជាមួយក្រុមប្រឹក្សាភិបាលមិនរកប្រាក់ចំណេញរបស់ខ្លួន។ពួកគេបានសង្កត់ធ្ងន់ថា អង្គការមិនរកប្រាក់ចំណេញនៅតែជាផ្នែកស្នូលនៃបេសកកម្មរបស់ពួកគេ៕
ប្រភព៖ Business Insider
ស្រទាប់អូហ្សូន គឺជាតំបន់មួយនៃស្រទាប់ស្ត្រេតូស្ពែរ (មណ្ឌលអាកាសស្ងប់)របស់ផែនដី ដែលមានកំហាប់ខ្ពស់នៃម៉ូលេគុលអូហ្សូន (O3)។ វាជាស្រទាប់ការពារជីវិតនៅលើផែនដីដោយការស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ដែលបំផ្លាញព្រះអាទិត្យភាគច្រើន។
ទិវាអូហ្សូនពិភពលោក ដែលប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែកញ្ញាជារៀងរាល់ឆ្នាំគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃស្រទាប់អូហ្សូនក្នុងការការពារជីវិតនៅលើផែនដី។ វាបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយជារៀងរាល់ឆ្នាំ ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីអប់រំមនុស្សបន្ថែមទៀត និងផ្សព្វផ្សាយផងដែរអំពីជំហានដែលត្រូវបានអនុវត្តដើម្បីការពារស្រទាប់អូហ្សូន។
មហាសន្និបាតអង្គការសហប្រជាជាតិបានបង្កើតទិវាអូហ្សូនពិភពលោកក្នុងឆ្នាំ ១៩៩៤ដើម្បីអបអរសាទរការចុះហត្ថលេខាលើពិធីសារម៉ុងត្រេអាល់ស្តីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូន។ ពិធីសារម៉ុងត្រេអាល់បានព្រមព្រៀងគ្នានៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៨៧ គឺជាកតិកាសញ្ញាអន្តរជាតិ ដែលបានរៀបចំឡើងដើម្បីបញ្ឈប់ការផលិតនិងការប្រើប្រាស់សារធាតុបំផ្លាញអូហ្សូន (ODS)។
ទោះបីជាពិធីសារម៉ុងត្រេអាល់មានបំណងបញ្ឈប់ការផលិត និងការប្រើប្រាស់ ODSs ក៏ដោយក៏សារធាតុជំនួសមួយចំនួនសម្រាប់សមាសធាតុទាំងនេះដែលត្រូវបានគេស្គាល់ថាជា hydrofluorocarbons (HFCs) នៅតែត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់។
ដូច្នេះហើយ ក្រោយមក វិសោធនកម្ម Kigaliចំពោះពិធីសារម៉ុងត្រេអាល់ត្រូវបានធ្វើឡើងដោយស្របច្បាប់ និងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩។ វិសោធនកម្មនេះស្នើឱ្យបញ្ឈប់ការប្រើប្រាស់ hydrofluorocarbons (HFCs) នៅចុងទសវត្សរ៍ឆ្នាំ ២០៤០។
ប្រធានបទនៃទិវាអូហ្សូនពិភពលោកឆ្នាំ ២០២៤
ប្រធានបទសម្រាប់ឆ្នាំនេះគឺ «ពិធីសារម៉ុងត្រេអាល់៖ការជំរុញសកម្មភាពអាកាសធាតុ»។គោលបំណងគឺមិនត្រឹមតែអបអរសាទរសមិទ្ធិផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទន្ទឹងរង់ចាំសកម្មភាពកាន់តែស៊ីជម្រៅនិងលឿនជាងមុនក្រោមពិធីសារម៉ុងរ៉េអាល់នាពេលអនាគត។
សារសំខាន់នៃទិវាអូហ្សូនពិភពលោក
ស្រទាប់អូហ្សូន គឺជាតំបន់មួយនៃស្រទាប់ស្ត្រតូស្ពែររបស់ផែនដីដែលមានកំហាប់ខ្ពស់នៃម៉ូលេគុលអូហ្សូន (O3)។ វាការពារជីវិតនៅលើផែនដីដោយការស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេ (UV) ដែលបំផ្លាញព្រះអាទិត្យភាគច្រើន។ការថយចុះស្រទាប់អូហ្សូនអាចបណ្តាលឱ្យមានការកើនឡើងនៃបរិមាណវិទ្យុសកម្មកាំរស្មីយូវីដល់ផ្ទៃផែនដីដែលអាចបំផ្លាញសុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ទិវាអូហ្សូនពិភពលោកគឺជាការរំឭកពីភាពចាំបាច់នៃការការពារស្រទាប់អូហ្សូនសម្រាប់មនុស្សជំនាន់បច្ចុប្បន្ននិងអនាគត។
ចំណុចគួរយល់ដឹងពីអូហ្សូន
១. ទោះបីជាអូហ្សូនគឺជាស្រទាប់តូចមួយនៃបរិយាកាសរបស់យើងក៏ដោយប៉ុន្តែវាមានសំខាន់ចំពោះសុខភាពមនុស្ស។
២. អូហ្សូនភាគច្រើនត្រូវបានគេរកឃើញខ្ពស់នៅក្នុងបរិយាកាសចន្លោះពី ១០ ទៅ ៤០ គីឡូម៉ែត្រពីលើផ្ទៃផែនដី។ តំបន់នេះត្រូវបានគេស្គាល់ថាជា ស្ត្រេតូស្ពែរ ហើយវាមានប្រហែល ៩០%នៃអូហ្សូនទាំងអស់នៅក្នុងបរិយាកាស។
៣. អូហ្សូនស្រូបយកពន្លឺកាំរស្មីយូវីមួយចំនួនពីព្រះអាទិត្យដែលមានគ្រោះថ្នាក់ជីវសាស្ត្រដល់ជីវិតលើភពផែនដី។ ដោយសារតែតួនាទីដ៏មានអត្ថប្រយោជន៍របស់វា អូហ្សូននៅស្រទាប់ស្ត្រេតូស្ពែរត្រូវបានចាត់ទុកថាជាអូហ្សូន«ល្អ»។
៤. បាតុភូតនៃការថយចុះអូហ្សូនលើទ្វីបអង់តាក់ទិកត្រូវបានគេស្គាល់ថាជា«រន្ធអូហ្សូន»បន្ទាប់ពីការរកឃើញនៃការសិក្សាស្រាវជ្រាវអង់តាក់ទិករបស់ចក្រភពអង់គ្លេស ត្រូវបានបោះពុម្ពផ្សាយក្នុងខែឧសភាឆ្នាំ ១៩៨៥។ ឃ្លានេះត្រូវបានចងក្រងដំបូងដោយអ្នកឈ្នះរង្វាន់ណូបែល Sherwood Rowland៕
ប្រភព៖ News18
ថ្វីត្បិតតែជាថនិកសត្វដូចមនុស្ស តែដូហ្វីនដេកក្នុងរបៀបខុសគ្នាឆ្ងាយពីមនុស្សយើងដោយវានៅតែបន្តបណ្ដែតខ្លួនលើផ្ទៃទឹកដើម្បីដកដង្ហើម។ មនុស្សយើងមានរយៈពេលយូរនៃការគេងដោយមិនដឹងខ្លួន ហើយយើងមិនបានដឹងពីអ្វីកើតឡើងនៅជុំវិញខ្លួនក្នុងរយៈពេលនៃការគេងនោះទេ។ មនុស្សមានការដង្ហើមដោយស្វ័យប្រវត្តិនៅពេលយើងគេង ឬសន្លប់ តែដូហ្វីនមិនមានលទ្ធភាពពីធម្មជាតិដូចមនុស្សយើងទេ។
ពេលដែក ដូហ្វីនចាំបាច់ត្រូវតែដឹងខ្លួនដាច់ខាត ដោយសារការដកដង្ហើមរបស់ពួកវាមិនមានលក្ខណៈស្វ័យប្រវត្តិ។ការដកដង្ហើមរបស់ពួកគេចាំបាច់ត្រូវតែធ្វើឡើងដោយការបញ្ជានៃរាងកាយ។ ម្យ៉ាងទៀត សត្វដូហ្វីនត្រូវសម្រេចចិត្តយ៉ាងសកម្មថា ពេលណាត្រូវដកដង្ហើម ដូច្នេះពួកគេត្រូវតែដឹងខ្លួនជានិច្ចដើម្បីដកដង្ហើម។ប្រសិនបើដូហ្វីនអាចដកដង្ហើមដោយស្វ័យប្រវត្តិដូចមនុស្សដែរ សត្វដូហ្វីនអាចដេកលង់លក់ដោយភ្លេចខ្លួនជាហានិភ័យនាំឱ្យវាថប់ដង្ហើម ឬលង់ទឹក។
ដើម្បីឈានទៅដល់ចំណុច «ដេកដែរតែដឹងខ្លួន» នោះ សត្វដូហ្វីនអនុញ្ញាតឱ្យខួរក្បាលរបស់ពួកវាដេកបានតែពាក់កណ្តាលប៉ុណ្ណោះនិងពាក់កណ្ដាលទៀតដំណើរការក្នុងពេលតែមួយ។ ពាក់កណ្តាលទៀតរក្សាការប្រុងប្រយ័ត្នដើម្បីឱ្យសត្វដូហ្វីនបន្តដកដង្ហើមនិងរកមើលគ្រោះថ្នាក់នៅក្នុងបរិស្ថានជុំវិញខ្លួន។
សត្វដូហ្វីនបិទភ្នែកតែម្ខាងទេពេលពួកវាដេក។ភ្នែកខាងឆ្វេងនឹងបិទនៅពេលដែលពាក់កណ្តាលខាងស្តាំនៃខួរក្បាលសម្រាក។ ផ្ទុយទៅវិញភ្នែកខាងស្ដាំវាបើកនៅពេលដែលខួរក្បាលម្ខាងទៀតដំណើរការ។ការគេងប្រភេទនេះត្រូវបានគេស្គាល់ថាជា «ដំណេកឯកអឌ្ឍគោល»ដោយសារអឌ្ឍគោលខួរក្បាលតែមួយគេងក្នុងពេលតែមួយ។ សត្វដូហ្វីនឆ្លាស់គ្នាដោយទៀតទាត់នៅពេលដែលពាក់កណ្តាលនៃខួរក្បាលគេពាក់កណ្ដាលទៀតសម្រាក ដើម្បីឱ្យពួកគេអាចសម្រាកដោយមិនបាត់បង់ស្មារតី។
នៅពេលដេក សត្វដូហ្វីនតែងតែសម្រាកដោយគ្មានចលនានៅផ្ទៃទឹកដកដង្ហើមទៀងទាត់ ឬពួកវាអាចហែលស្មើយឺតៗ និងប៉ប្រ៉ះផ្ទៃទឹក។ នៅក្នុងជម្រៅទឹករាក់ជួនកាលសត្វដូហ្វីនដេកនៅលើបាតសមុទ្រ ហើយឡើងលើផ្ទៃទឹកជាប្រចាំដើម្បីដកដង្ហើម៕
ប្រភព៖ UK.whales.org
មុខឡើងមុនបណ្តាលមកពីរងនូវឥទ្ធិពលពីកត្តាផ្សេងៗ ជាពិសេសរបបអាហារ ថ្ងៃនេះសារព័ត៌មាន SR News នឹងលើកយកអាហារមួយចំនួនដែលជាទូទៅអាចបង្កឲ្យកើតមុនបាន៖
ប្រភេទអាហារ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់
អាហារនិងភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ នាំឱ្យបង្កើនការផលិតអាំងស៊ុយលីន ដែលបណ្តាលឱ្យ មានការកើនឡើងយ៉ាងឆាប់រហ័សនៃកម្រិតជាតិស្ករក្នុងឈាម។ កម្រិតអាំងស៊ុយលីនកើនឡើង អាចបង្កឱ្យមានការបញ្ចេញអរម៉ូនដែលបង្កើនការផលិតប្រេងនៅក្នុងស្បែកដែលអាចនាំឱ្យ កើតមុនបាន។ ឧទាហរណ៍មានដូចជា៖នំបុ័ងពណ៌ស បាយស អាហារសម្រន់ បង្អែម (សូកូឡា នំខេក ខូឃី) ភេសជ្ជៈផ្អែម (សូដាភេសជ្ជៈប៉ូវកម្លាំង និងទឹកផ្លែឈើមួយចំនួនជាដើម)។
ផលិតផលទឹកដោះគោ
ការសិក្សាមួយចំនួនបង្ហាញថាការទទួលទានទឹកដោះគោគឺបណ្តាលអោយកើតមុន ដោយសារ ទឹកដោះគោអាចមានឥទ្ធិពលលើកម្រិតអរម៉ូន (អរម៉ូនដែលត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងឈាម) ដែលជំរុញឱ្យកើតមុន។ ផលិតផលទឹកដោះគោដែលគួរជៀសវាងមានដូចជា៖ទឹកដោះគោជូរ ឈីស ការ៉េម និងទឹកដោះគោដែលមានជាតិស្ករបន្ថែម។
ប្រភេទអាហារចៀន និងបំពង
អាហារដែលសម្បូរទៅដោយជាតិខ្លាញ់និងប្រេងដែលមិនល្អសម្រាប់សុខភាពអ្នកគួរជៀសវាង ជាពិសេសអាហារដែលបំពង ឬកែច្នៃអាចជំរុញការរលាក និងអាចធ្វើឲ្យកើតមុនកាន់តែធ្ងន់ធ្ងរ។ ឧទាហរណ៍រួមមាន៖ ដំឡូងបារាំងបំពង មាន់បំពងជាដើម។
អាហារកែច្នៃ
ប្រភពអាហារកែច្នៃជាច្រើនសុទ្ធតែមានកាបូអ៊ីដ្រាតចម្រាញ់ជាតិស្ករបន្ថែម ខ្លាញ់មិនល្អ និងគ្រឿងផ្សំសិប្បនិម្មិតដែលអាចរួមចំណែកដល់ការកើតមុន ។ ឧទាហរណ៍រួមមាន៖ អាហារសម្រន់ខ្ចប់នំខូគី មីកញ្ចប់ ស៊ុបខ្ចប់ សាច់ក្រក់ និងសាច់ក្រហមជាដើម។
គ្រឿងស្រវឹង
អាល់កុលមិនបណ្តាលឱ្យកើតមុនដោយផ្ទាល់តែក្នុងជាតិអាល់កុលអាចនាំឱ្យខ្សោះជាតិទឹក និងរលាក ដែលធ្វើឱ្យស្បែកងាយនឹងបែកញើស វាក៏អាចប៉ះពាល់ដល់កម្រិតអរម៉ូននិងមុខងារថ្លើម ដែលអាចរួមចំណែកដល់បញ្ហាស្បែកឡើងមុនបានដែរ។
អាហារហឹរ
អាហារហឹរអាចបង្កើនលទ្ធភាពនៃការកើតមុនជាពិសេសវាធ្វើឱ្យបែកញើស ដែលអាចធ្វើឱ្យស្បែក យើងរលាក ហើយឡើងទៅជាមុនបាន។
ការតមប្រភេទអាហារដូចខាងលើបូករួមការពិសាអាហារ ដែលមានប្រយោជន៍ពិតជាអាចជួយឱ្យ ស្បែកមុខរបស់អ្នកជៀសឆ្ងាយពីការឡើងមុនយ៉ាងមានប្រសិទ្ធភាព៕
បាងកក៖ «មូតេង» (MooDeng) ជាកូនដំរីទឹកញីពូជតឿអាយុពីរខែ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែរូបរាងរបស់វាប៉ុន្តែភ្ញៀវទេសចរមួយចំនួនកំពុងទាញយកផលប្រយោជន៍ពីប្រជាប្រិយភាពកូនសត្វរហូតដល់បង្ហាញកាយវិការលេងជ្រុលខុសទំនង។
ឧបទ្ទវហេតុថ្មីៗនេះបានបង្ហាញភ្ញៀវទេសចរណ៍គប់វត្ថុដាក់ មូតេង ខណៈពេលដែលវាកំពុងដេកធ្វើឱ្យនាងភ្ញាក់ហើយភ័យ។អ្នកទេសចរម្នាក់ថែមទាំងជះទឹកលើកូនដំរីទឹក ក្នុងកាយវិការឃោរឃៅ។ សកម្មភាពទាំងនេះបានបង្កឱ្យមានការខឹងសម្បារតាមអ៊ីនធឺណិតដោយមនុស្សជាច្រើនបានថ្កោលទោសចំពោះអាកប្បកិរិយារបស់អ្នកទស្សនា។
លោក Narongwit Chodchoi នាយកសួនសត្វ Khao Kheow Open បានថ្កោលទោសទង្វើនេះហើយបានព្រមានថា ជនល្មើសអាចប្រឈមនឹងទោសផ្លូវច្បាប់។
លោកបានដាស់តឿនអ្នកទស្សនាឲ្យគោរពសត្វ និងកុំបោះវត្ថុ ឬបញ្ចេញសំឡេងខ្លាំងៗ។
ដំរីទឹកតឿ គឺជាប្រភេទសត្វជិតផុតពូជដែលមានចំនួនតិចជាង ៣០០០ក្បាលសេសសល់ក្នុងព្រៃ។ចំនួនវាបានធ្លាក់ចុះដោយសារតែការបាត់បង់ទីជម្រក ការបរបាញ់ និងសង្គ្រាម។សួនសត្វ Khao Kheow ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សប្រភេទសត្វនេះនិងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពរបស់វា៕
ប្រភព៖ AsiaNews Network/The Nation
ជាមួយសក់ពណ៌ម្ទេសទុំ ខោអាវក៏លេងពណ៌ឆើត សិល្បការិនី យ៉ាយ៉ូអី គូសាម៉ា(Yayoi Kusama) បាននិយាយពេលសម្លឹងមើលទីក្រុងញូវយ៉កដែលជាមជ្ឈមណ្ឌលនៃសិល្បៈសហសម័យ ពីអគារ Empire State ថា៖ «ខ្ញុំនឹងសោយរាជនៅក្រុងញូវយ៉ក!»។
សិល្បការិនីវ័យ ៩៥ ឆ្នាំ ដែលចេញពីជប៉ុនមកទីក្រុង Seattle ក្នុងឆ្នាំ ១៩៥៨ បានសន្យាខ្លួននឹងឯងថា នាងនឹងកាន់កាប់ពិភពសិល្បៈ។
កើតក្នុងឆ្នាំ ១៩២៩ គូសាម៉ា បានធ្វើឱ្យមនុស្សម្នាស្រឡាំងកាំងតាមរយៈការប្រើប្រាស់រូបភាពមមីមមើដែលរំខាននាងតាំងពីកុមារភាព រំលេចទៅជារូបចម្លាក់និងផ្ទាំងគំនូរក្រវេមក្រវាម ហើយមានរង្វង់ស្នាមអុជៗជាអត្តសញ្ញាណរបស់ខ្លួន។
ដោយសុខភាពមិនល្អ ធ្លាក់ខ្លួនឈឺ នាងធ្លាប់បានត្រលប់ទៅប្រទេសជប៉ុនវិញនៅឆ្នាំ ១៩៧៣ ដើម្បីសាកល្បងសាងកេរ្តិ៍ឈ្មោះ និងលក់ស្នាដៃរបស់ខ្លួន។
មនុស្សជាច្រើនតែងតែមានការគិតចំពោះអ្នកសិល្បៈថាជាមនុស្សធ្វើកិច្ចការចេញពីបេះដូង និងមិនចាប់អារម្មណ៍ចង់បានលុយ។ ប៉ុន្តែ គូសាម៉ា ខុសពីគេដោយនាងធ្លាប់ទាំងប្រើទូរស័ព្ទសាធារណៈតេស្វែងរកអ្នកទិញស្នាដៃរបស់នាង។
នៅពេលអាយុ ៦៤ឆ្នាំហើយ ទើបសិល្បការិនី គូសាម៉ា បានបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងឆ្នាំ ១៩៨៣ នៅឯមហោស្រពពិព័រណ៍សិល្បៈ Venice Biennale ដែលគេប្រដូចទៅនឹង «អូឡាំពិកនៃសិល្បៈ» នៅទីក្រុងវេនិក ប្រទេសអ៊ីគតាលី។
ចាប់ពីពេលនោះមក គូសាម៉ា ត្រូវបានគេអញ្ជើញដោយស្ថាប័ននានាទាំងក្នុងប្រទេស និងក្រៅប្រទេសឱ្យរៀបចំតាំងពិព័រណ៍ទោលជាហូរហែ។ដំណើរទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីនរបស់ គូសាម៉ា បានទាក់ទាញអ្នកទស្សនាសរុបចំនួន២ លាននាក់ដែលធ្វើឱ្យវាក្លាយជាពិព័រណ៍ដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៤។
បច្ចុប្បន្ននេះ ការតាំងពិព័រណ៍ទោលរបស់ គូសាម៉ា ទ្រង់ទ្រាយធំកំពុងដំណើរការនៅប្រទេសព័រទុយហ្គាល់។
ស្នាដៃសិល្បៈជាច្រើនរបស់នាងរួមមានរូបលិង្គតូចៗផុសច្រូងច្រាងល្ពៅ និងផ្កាពណ៌ឆើតៗ ហើយមានស្នាមអុជៗដែលពេញនិយមសម្រាប់មនុស្សគ្រប់វ័យមកថតរូប និងចែករំលែកតាមបណ្ដាញសង្គម៕
ប្រភព៖ Asia News Network/The Japan News
សិង្ហបុរី៖ មេធាវីនៅសិង្ហបុរីអាចប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយដើម្បីស្រាវជ្រាវ និងសង្ខេបសេចក្ដីវិនិច្ឆ័យចំនួនប្រមាណ ១៥០០០សំណុំរឿងនៅក្នុងប្រវត្តិសាស្ត្រតុលាការរបស់ប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ១៩៦៥។
សាលក្រមសំណុំរឿងប្រហែល ១០០០០ ផ្សេងទៀតត្រូវបានសង្ខេបដោយក្រឡាបញ្ជីដោយបន្ថែមលើការវិនិច្ឆ័យលើករណីសរុបប្រហែល ២៥០០០ សំណុំរឿង។ មេធាវីនឹងអាចចូលទៅប្រើប្រាស់នៅបណ្ដុំទិន្នន័យLawNet ដែលត្រូវបានកែលម្អឱ្យប្រសើរលើងនៅថ្ងៃទី១២ ខែកញ្ញា។
បង្កើតឡើងដោយបណ្ឌិតសភាច្បាប់សិង្ហបុរី (SAL) និងអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm សេវាកម្ម AIមានគោលបំណងជួយមេធាវីរៀបចំសំណុំរឿងឱ្យកាន់តែមានប្រសិទ្ធភាព។
សេវាកម្មថ្មីដែលមានឈ្មោះថា LawNetAI ត្រូវបានបង្ហាញនៅថ្ងៃទី១១ ខែកញ្ញានៅក្នុងសន្និសីទផ្នែកច្បាប់ TechLaw.Fest។
មេធាវីស្ទើរតែទាំងអស់នៅសិង្ហបុរី បានជាវ LawNet ដែលត្រូវបានបង្កើតឡើងដោយបណ្ឌិតសភាច្បាប់សិង្ហបុរីក្នុងឆ្នាំ ១៩៩០ ដើម្បីស្វែងរកមើលករណីកន្លងមកនិងធ្វើការសិក្សាស្រាវជ្រាវ។
ប្រធានផ្នែកបច្ចេកវិទ្យារបស់បណ្ឌិតសភាច្បាប់សិង្ហបុរី លោក Kenta Kusano ដែលជាប្រធានប្រតិបត្តិនៃ LawNet Technology Services បាននិយាយថាការវិនិច្ឆ័យករណីទាំងនេះភាគច្រើនមិនត្រូវបានសង្ខេបទេដែលពិបាកដល់មេធាវីសិក្សាស្រាវជ្រាវ និងធ្វើការដោះស្រាយ។
ដើម្បីកាត់បន្ថយហានិភ័យនៃសេវាកម្ម AI ដែលបង្កើតលទ្ធផលមិនត្រឹមត្រូវ ឬមិនសមហេតុសមផល លទ្ធផលដែលបង្កើតដោយAI ជិត 350 ត្រូវបានពិនិត្យដោយក្រឡាបញ្ជីដែលស្ថិតក្នុងសវនាការជាមួយចៅក្រមផ្ទាល់។
លោកបានបន្ថែមថា៖ «ច្បាប់ចម្លងដែលបានពិនិត្យត្រូវបានបញ្ជូនត្រឡប់ទៅAI វិញដើម្បីធ្វើឱ្យវាកាន់តែមានភាពសុក្រឹត»។
កថាខណ្ឌនៅក្នុងសេចក្ដីសង្ខេបដែលបង្កើតដោយ AI ក៏ត្រូវបានដាក់ស្លាកជាមួយនឹងឯកសារយោងទៅកាន់ប្រភពដើមដើម្បីជួយអ្នកប្រើប្រាស់ក្នុងការពិនិត្យផ្ទៀងផ្ទាត់មើលការពិតដោយភាពងាយស្រួល។
ការធ្វើឱ្យប្រសើរឡើងចំពោះ LawNetគឺស្ថិតក្នុងចំណោមសេវាកម្មថ្មីជាច្រើនដែលបង្ហាញនៅក្នុងសន្និសិទដែលត្រូវបានប្រារព្ធឡើងនៅ SandsExpo & Convention Center នៅថ្ងៃទី ១១ និង ១២ ខែកញ្ញា។
រហូតដល់ ២ ឆ្នាំ ក្រុមហ៊ុនច្បាប់អាចទទួលបានជំនួយ ៧០ភាគរយពីរដ្ឋាភិបាលដើម្បីទទួលយកសេវាកម្មនៅក្រោមវេទិកាបច្ចេកវិទ្យាច្បាប់ដែលនឹងរួមបញ្ចូលក្រុមហ៊ុន Microsoft'sCopilot ដែលជាជំនួយការ AI បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីជួយបង្កើតសេចក្តីព្រាងនិងគ្រប់គ្រងការងាររដ្ឋបាល។
រដ្ឋមន្ត្រីទីពីរសម្រាប់ច្បាប់ លោក Edwin Tong ដែលជាសមាជិកក្រុមនៅក្នុងសន្និសីទបានប្រកាសពីការណែនាំដើម្បីជួយមេធាវីឱ្យប្រើប្រាស់ឧបករណ៍AI ជំនាន់មុនបានប្រសើរជាងមុនរួមទាំងបច្ចេកទេសសម្រាប់ការជំរុញភាពជាក់លាក់បន្ថែមទៀតដើម្បីទទួលបានការឆ្លើយតបរឹតត្រឹមត្រូវជាងមុន។
នៅក្នុងការពិភាក្សាអំពីការអនុម័ត AI ក្នុងវិស័យច្បាប់ ឧត្តមចៅក្រម Aedit Abdullah បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រួតពិនិត្យការពិតដោយបន្ថែមថា មេធាវីនៅតែទទួលខុសត្រូវចំពោះការងាររបស់ពួកគេ ដោយមិនគិតពីថាតើដំណើរការរៀបចំសំណុំរឿង និងឯកសារត្រូវបានផលិតដោយជំនួយពី AI នោះទេ៕
ប្រភព៖ Asia NewsNetwork/The Straits Times
ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៦៥០ នាក់នៅក្នុងផ្នែកហ្គេម Xbox របស់ខ្លួន ដែលជាសញ្ញានៃការកាត់បន្ថយការងារមួយផ្សេងទៀតនៅក្នុងឧស្សាហកម្មវីដេអូហ្គេម។នេះគឺជាលើកទីបីនៃការបញ្ឈប់ការងារបុគ្គលិកសម្រាប់ផ្នែកហ្គេមរបស់ Microsoft បន្ទាប់ពីការទិញយកក្នុងតម្លៃ ៦៩ ពាន់លានដុល្លារ នៃ Activision Blizzard ដែលជាក្រុមហ៊ុនល្បីខាងផលិតហ្គេមជាស៊េរី Call of Duty ដ៏ពេញនិយម។
នៅក្នុងអនុស្សរណៈផ្ទៃក្នុង នាយកប្រតិបត្តិក្រុមហ៊ុន Microsoft Gaming លោក Phil Spencer បានពន្យល់ថាការសម្រេចចិត្តត្រូវបានធ្វើឡើងក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមឡើងវិញ ក្រោយពីការទិញយកដោយធានានូវភាពជោគជ័យរយៈពេលវែងសម្រាប់អាជីវកម្ម។ លោកទទួលស្គាល់ថាវាជាជម្រើសដ៏លំបាកប៉ុន្តែចាំបាច់សម្រាប់អនាគតរបស់ក្រុមហ៊ុន។
លោក Spencer បាននិយាយថា៖ «យើងពិតមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការងាររបស់សហសេវិករបស់យើងដែលជាអ្នករងផលប៉ះពាល់ឥឡូវនេះ»។
នៅសហរដ្ឋអាមេរិក អ្នកដែលរងផលប៉ះពាល់នឹងទទួលបានកញ្ចប់ចាកចេញដែលរួមមានប្រាក់បំណាច់ ការថែទាំសុខភាពបន្ថែម និងសេវាផ្តល់ការងារ ដើម្បីជួយគាំទ្រពួកគេក្នុងដំណើរផ្លាស់ប្តូរទៅរកតួនាទីការងារថ្មី។សម្រាប់បុគ្គលិកនៅក្រៅសហរដ្ឋអាមេរិក លក្ខខណ្ឌនៃការគាំទ្រនឹងប្រែប្រួលទៅតាមទីតាំង។
លោក Spencer ក៏បានលើកឡើងផងដែរថាក្រុមបុគ្គលិកផ្សេងទៀតមួយចំនួនអាចប្រឈមនឹងការផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរអាទិភាពប៉ុន្តែបានធានាដល់បុគ្គលិកថា មិនមានគម្រោងហ្គេម ឧបករណ៍ឬបទពិសោធន៍លេងហ្គេមណាមួយត្រូវបានលុបចោលនោះទេ។ លើសពីនេះ ក៏គ្មានស្ទូឌីយោណាមួយនឹងត្រូវបិទដោយសារតែការបញ្ឈប់បុគ្គលិកលើនេះដែរ។
ការកាត់បន្ថយការងាររបស់ Microsoft គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីកាត់បន្ថយការចំណាយធ្វើឱ្យការវិនិយោគដ៏ធំរបស់ខ្លួនក្នុងវិស័យហ្គេម និងធានានូវនិរន្តរភាពក្រោយការទិញយកដោយActivision។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏បានទិញយក ZeniMax Media ដែលជាក្រុមហ៊ុននៅពីក្រោយFallout និង The Elder Scrolls ក្នុងតម្លៃ៧.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។
និន្នាការនៃការបញ្ឈប់ការងារនេះមិនមានលក្ខណៈពិសេសសម្រាប់Microsoftទេ។
ក្រុមហ៊ុនវិស័យហ្គេមសំខាន់ៗផ្សេងទៀតនៅក្នុងឧស្សាហកម្មហ្គេមរួមមាន Sony,Unity, Twitch (គ្រប់គ្រងដោយ Amazon), Playtika និង Discord ក៏បានកាត់បន្ថយកម្លាំងការងាររបស់ពួកគេផងដែរ។ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយរបស់ក្រុមហ៊ុន Microsoft គឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន ១៩០០នាក់នៅក្នុងផ្នែកហ្គេម។ នៅក្នុងខែឧសភា ក្រុមហ៊ុន Microsoft បានបិទស្ទូឌីយ៉ូជាច្រើនដូចជាArkane Austin, Tango Gameworks និង Alpha Dog ទោះបីជាវាមិនបានបង្ហាញពីចំនួនមនុស្សដែលរងផលប៉ះពាល់នៅក្នុងការបិទទាំងនោះក៏ដោយ។
ខណៈពេលដែលឧស្សាហកម្មនេះកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក Microsoft មានបំណងផ្តោតលើកំណើនរយៈពេលវែងនិងភាពជោគជ័យនៅក្នុងអាជីវកម្មហ្គេមរបស់ខ្លួន បើទោះបីជាមានការកាត់បន្ថយបុគ្គលិកជាចាំបាច់ក៏ដោយ៕
ប្រភព៖ CNBC
សម្រាប់អ្នកដែលចូលចិត្តតន្ត្រីក្លាសិកនិងសិល្បៈចម្រៀងអូប៉េរា ឱកាសដ៏កម្រគឺការសម្ដែងនៅសណ្ឋាគារលំដាប់ផ្កាយដែលផ្ដល់ជូនសំបុត្រទស្សនាឥតគិតថ្លៃ។
ការប្រគំតន្ត្រីក្លាសិករបស់ក្រុមតន្ត្រីយុវជនអង្គររួមជាមួយអ្នកចំរៀងបែបអូប៉េរ៉ា លោក ឃួន សិទ្ធិស័ក្តិ នឹងធ្វើឡើងនៅថ្ងៃ ២៤ខែកញ្ញានេះ វេលាម៉ោង ៧យប់ នៅឯសាល NABA Theater ក្នុងសណ្ឋាការណាហ្គាវើលដ៍ ២ ដោយស្វាគមន៍ការចូលកន្លះម៉ោងមុនការសម្ដែង។
យោងតាមសេចក្ដីប្រកាសដោយក្រុមតន្ត្រីយុវជនអង្គរ ការសម្ដែងលើកនេះរួមមានបទក្លាស៊ិកបទចម្រៀអូប៉េរា បទនៅក្នុងខ្សែភាពយន្ត និងបទភ្លេងជាច្រើនទម្រង់ផ្សេងទៀតជាមួយឧបករណ៍ភ្លេងដ៏សម្បូរបែបរាប់តាំងពីព្យាណូ វីយូឡុង វីយូឡា ស្គរសាក់សូហ្វូ សេឡូ បាសទ្វេ និងក្លែរីណេតជាដើម។
បង្កើតឡើងកំឡុងឆ្នាំ ២០០៦និង២០០៧ ក្រុមតន្ត្រីយុវជនអង្គរ (ANYO) បានធ្វើការសម្តែងលើកដំបូងរបស់ខ្លួននៅបរិវេណប្រាសាទអង្គរវត្ត។នេះគឺជាការបង្កើតតន្ត្រីក្លាសិកដំបូងគេក្នុងប្រទេសកម្ពុជាចាប់តាំងពីសម័យសង្គមរាស្ត្រនិយម(១៩៥៣-១៩៧០)។ ក្រុមតន្ត្រីនេះត្រូវបានគ្រប់គ្រងដោយតន្ត្រីករពីររូបគឺ លោករ៉ម តារាវង្ស និងលោកស្រី ទេព គន្ធារ៉េត។
ក្រោមការសម្របសម្រួលរបស់គណៈរដ្ឋមន្ត្រីកម្ពុជានិងដោយមានការគាំទ្រពីក្រុមតន្ត្រី Gunma Junior Orchestra និង Shinichi Minami ក្រុមតន្ត្រីយុវជនអង្គរបាននិងកំពុងទទួលការជ្រោមជ្រែងហើយបានរីកចម្រើនបន្តិចម្តងៗរហូតក្លាយជាវង់ភ្លេងស៊ីមហ្វូនី។
ក្រុមតន្ត្រីយុវជនអង្គរ មានសមាសភាពគ្រូខ្មែរ(ធ្លាប់សិក្សានៅអតីតសហភាពសូវៀត)និងតន្ត្រីករវ័យក្មេងដែលមានចំនួនសរុបប្រហែល ៦០ ឬ ៧០ នាក់។តន្ត្រីករភាគច្រើនមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ អ្នកផ្សេងទៀតបង់ថ្លៃដើម្បីបង្រៀនតន្ត្រីហើយត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិនៅក្នុងក្រុមតន្ត្រីយុវជនអង្គរ។
ចង់ដឹងថាការសម្ដែងតន្ត្រីក្លាសិកនិងចម្រៀងអូប៉េរ៉ា ធ្វើឱ្យទស្សនិកជនរំភើប ផ្ចង់អារម្មណ៍ លន្លង់លន្លោច និងព្រឺសម្បុរទៅតាមសូរសៀងតន្ត្រីបែបអភិជននេះយ៉ាងណានោះប្រិយមិត្តអាចស្វែងរកសំបុត្រឥតគិតថ្លៃពីទីតាំងប្រគំន្ត្រី នៅណាហ្គា ២ ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ៕
Adobeបានបង្ហាញបច្ចេកវិទ្យាច្នៃប្រឌិតថ្មីបំផុតរបស់ខ្លួនគឺ FireflyVideo AI Model ដែលរចនាឡើងដើម្បីប្រកួតប្រជែងក្នុងទីផ្សារបង្កើតវីដេអូAI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ម៉ូដែលថ្មីនេះបង្កើតនៅលើAdobe Firefly ដែល Adobe មានស្រាប់ និងត្រូវបានប្រើសម្រាប់បង្កើតរូបភាព។
អ្វីដែលធ្វើឱ្យ Firefly មានភាពខុសប្លែកពីម៉ូដែល Video AI ដទៃទៀតនោះគឺថាវាប្រើតែទិន្នន័យដែលAdobeមានឬមានសិទ្ធិក្នុងការធានាថាវាត្រូវបានបណ្តុះបណ្តាលប្រកបដោយក្រមសីលធម៌និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម។ទិន្នន័យភាគច្រើនបានមកពី Adobe Stock។
គម្រូវីដេអូ Firefly នឹងមានបង្ហាញនានៅចុងឆ្នាំនេះជាជំនាន់បេតា ហើយ Adobe បានបើកឱ្យមានការចុះឈ្មោះរង់ចាំសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការសាកល្បងវា។ម៉ូដែលនេះអាចបំលែងអត្ថបទទៅវីដេអូ រូបភាពទៅវីដេអូ និងកិច្ចការកែសម្រួលវីដេអូទាំងអស់នៅក្នុងប្រព័ន្ធតែមួយ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ វាមានសមត្ថភាពបង្កើតវីដេអូរត្រឹមតែ៥ វិនាទី នេះបើយោងតាមរបាយការណ៍ពី The Verge។
លទ្ធផលដំបូងបង្ហាញពីគុណភាពគួរឱ្យចាប់អារម្មណ៍
Adobeបានចែករំលែកឧទាហរណ៍ខ្លះៗនៃវីដេអូដែលបង្កើតជាមួយ Firefly ហើយពួកគេរំលេចនូវសមត្ថភាពគួរឱ្យចាប់អារម្មណ៍របស់ឧបករណ៍។ នេះជាឧទាហរណ៍ដែលសំណេរសន្ទនា Prompt៖
"Cinematiccloseup and detailed portrait of a reindeer in a snowy forest at sunset. Thelighting is cinematic, soft, and sun-kissed with golden backlight and dreamybokeh, and lens flares. The color grade is magical."
ឧទាហរណ៍មួយទៀត៖
"Slow-motionfiery volcanic landscape with lava spewing out of craters. The camera fliesthrough the lava, which splashes onto the lens. The lighting is moody andcinematic with dramatic, high-contrast colors."
វីដេអូទាំងពីរត្រូវបានបង្កើតក្នុងរយៈពេលតិចជាង ២នាទី។
តួនាទីកាន់តែទូលំទូលាយរបស់ Firefly នៅក្នុង Adobe Creative Cloud
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងខែមីនា ឆ្នាំ ២០២៣ AdobeFirefly ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី Adobe ដ៏ពេញនិយមផ្សេងទៀតដូចជា Photoshop, Illustrator និងLightroom។ បច្ចេកវិទ្យា AI ទាំងនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំពេញកិច្ចការបានយ៉ាងរហ័សដូចជាការបំពេញបន្ថែម (Generative Fill)ការលុបវត្ថុដែលមិនត្រូវការ (GenerativeRemove)និង អត្ថបទអក្សរទៅគម្រូរចនា Text toTemplate ។ Adobe អះអាងថា រូបភាព និងវ៉ិចទ័រក្រាហ្វិកជាង១២ ពាន់លានត្រូវបានបង្កើតដោយប្រើ Firefly ។
មិនមែនសម្រាប់តែការបង្កើតវីដេអូប៉ុណ្ណោះទេ
ម៉ូដែលវីដេអូ Firefly លើសពីការបង្កើតវីដេអូសាមញ្ញ។វារួមបញ្ចូលបច្ចេកវិទ្យាកែសម្រួល AI (AI editing tool) ដ៏មានអានុភាព ឧទាហរណ៍លុបវត្ថុដែលមិនចង់បានចេញពីវីដេអូ ឬកែលម្អ Video Transition។ជាមួយនឹងការកើនឡើងនៃវីដេអូទម្រង់ខ្លី និងគម្រោងវីដេអូដែលមានពេលវេលាកំណត់ខ្លី អ្នកកាត់តវីដេអូកំពុងត្រូវការកាន់តែខ្លាំងឡើងដើម្បីធ្វើការឱ្យលឿនជាងមុន។ចាប់ពីការកាត់វីដេអូរហូតដល់ការកែពណ៌ ធ្វើចលនា (Animation) និង visual effects Fireflyអាចជួយសម្រួលកិច្ចការទាំងនេះ ដែលអនុញ្ញាតឱ្យអ្នកកាត់តវីដេអូផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើភាពច្នៃប្រឌិតនៃការងាររបស់ពួកគេ។
បច្ចេកវិទ្យានេះក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតបែបផែន (special effect) ដូចជា ភ្លើងផ្សែង និងទឹក ដែលអាចដាក់ស្រទាប់លើ (overlay) វីដេអូដែលមានស្រាប់ដែលសាកសមនឹងប្លង់ b-rolls និង macroshots ។
សរុបមក ម៉ូដែល Firefly Video AI របស់ Adobeមានគោលបំណងធ្វើឱ្យការបង្កើតវីដេអូកាន់តែងាយស្រួល និងលឿនជាងមុន ជាមួយការរក្សាបាននូវលទ្ធផលគុណភាពខ្ពស់៕
ប្រភព៖ Venture Beat,The Verge
ប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) ជាមួយនឹងក្រុមហ៊ុនចិនធំៗដូចជា Alibaba ក្រុមហ៊ុន Tencentនិងក្រុមហ៊ុន Huawei បានដាក់បង្ហាញម៉ូដែល AIផ្ទាល់ខ្លួនរបស់ពួកគេ។
ខណៈពេលដែលការយកចិត្តទុកដាក់ជាសកលភាគច្រើនបានទៅលើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដូចជាOpenAI,Google និង Meta ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនបាននឹងកំពុងធ្វើការយ៉ាងប្រកិតឥតគម្លាតក្នុងប្រកួតប្រជែងលើវិស័យAI។
Generative AI ជាប្រភេទAI ដែលបានប្រើប្រាស់នៅលើ ChatGPT របស់OpenAI អាចបង្កើតអត្ថបទ រូបភាព និងវីដេអូដោយផ្អែកលើការវាយបញ្ចូលការសន្ទនា(Prompt) របស់អ្នកប្រើប្រាស់។ក្រុមហ៊ុនចិនបានចាប់ផ្តើមដាក់ឱ្យដំណើរការនូវបច្ចេកវិទ្យាស្រដៀងគ្នានេះប៉ុន្តែត្រូវតែស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលយ៉ាងតឹងរឹងអំពីរបៀបដែល AI ត្រូវបានប្រើប្រាស់។
នេះជាអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនកំពុងធ្វើនៅក្នុងវិស័យAI៖
ក្រុមហ៊ុន Baidu៖ ERNIE Baidu
Baidu គឺជាក្រុមហ៊ុនចិនដំបូងគេដែលបញ្ចេញគម្រូAI ជំនាន់ថ្មី។ Chatbotរបស់វាត្រូវបានគេហៅថា Ernie Bot ត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយChatGPT។ Baidu អះអាងថា Ernieមានអ្នកប្រើប្រាស់ ៣០០ លាននាក់ហើយកំណែចុងក្រោយបំផុតរបស់វា Ernie 4.0មានសមត្ថភាពស្រដៀងទៅនឹង OpenAI's GPT-4។ក្រុមហ៊ុនក៏កំពុងផ្តល់ជូននូវការចូលប្រើគម្រូ AI របស់ខ្លួនតាមរយៈCloud Service របស់ខ្លួនផងដែរ។
ក្រុមហ៊ុន Alibaba៖ Tongyi Qianwen Alibaba
Alibaba បានចាប់ផ្តើមម៉ូដែលAI របស់ខ្លួន Tongyi Qianwen កាលពីឆ្នាំមុន។វាត្រូវបានគេស្គាល់ផងដែរថាជា Qwen គម្រូនេះអាចអនុវត្តការងារជាច្រើន ចាប់ពីការបង្កើតមាតិការហូតដល់ការដោះស្រាយបញ្ហាគណិតវិទ្យា។ កំណែមួយចំនួននៃម៉ូដែលនេះគឺជា Open Source ដែលមានន័យថាអ្នកអភិវឌ្ឍន៍អាចទាញយកនិងប្រើប្រាស់ ក្រោមការរឹតបន្តឹងជាក់លាក់។ Alibaba រាយការណ៍ថាអាជីវកម្មជាង ៩០០០០ កំពុងប្រើម៉ូដែល Qwen នេះ។
Tencent៖ HunyuanTencent
Tencent បានណែនាំគម្រូ AIមូលដ្ឋានរបស់ខ្លួនគឺ Hunyuan ដែលមានជំនាញភាសាចិនខ្លាំងនិងសមត្ថភាពវែកញែកវិភាគកម្រិតខ្ពស់។ ម៉ូដែលនេះអាចបង្កើតរូបភាព និងស្គាល់អក្សរក្នុងអត្ថបទហើយ Tencent កំពុងធ្វើឱ្យវាអាចប្រើបានសម្រាប់ក្រុមហ៊ុននានានៅទូទាំងឧស្សាហកម្មផ្សេងៗគ្នាចាប់ពីវិស័យហ្គេមកម្សាន្ត រហូតដល់វិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ Tencent ក៏បានបញ្ចូលគម្រូនេះទៅក្នុង WeChat ដែលជាកម្មវិធីផ្ញើសារដ៏ពេញនិយមរបស់ខ្លួនតាមរយៈ AI chatbot ហៅថា Yuanbao។
Huawei៖ Pangu
ម៉ូដែល AI របស់ Pangu Huawei ដែលត្រូវបានគេស្គាល់ថា Panguផ្តោតលើឧស្សាហកម្មជាក់លាក់ដែលត្រូវបានប្រើដោយរដ្ឋាភិបាល វិស័យហិរញ្ញវត្ថុនិងវិស័យឧស្សាហកម្ម។ ជាឧទាហរណ៍ គម្រូ AI ឧតុនិយម Pangu អាចព្យាករណ៍ដំណើររបស់ព្យុះទីហ្វុងលឿនជាងវិធីសាស្ត្រប្រពៃណី។ម៉ូដែល AI របស់ Huawei ក៏មានសមត្ថភាពបង្កើតសរសេរកូដឬរូបតំណាងនិម្មិត ផងដែរ។
ByteDance៖ DoubaoByteDance
ម្ចាស់ TikTok បានចូលរួមក្នុងការប្រកួតប្រជែង AI ជាមួយម៉ូដែល Doubao។ ទោះបីជា ByteDance យឺតក្នុងការប្រកួតប្រជែងនេះក៏ដោយDoubao ត្រូវបានផ្តល់ជូនក្នុងតម្លៃទាបជាងដៃគូប្រកួតប្រជែងរបស់ខ្លួនហើយអាចបង្កើតសំឡេង សរសេរកូដ និងអនុវត្តការងារផ្សេងទៀតសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី(developer)។
មហិច្ឆតារបស់ចិនក្នុងការក្លាយជាអ្នកនាំមុខគេផ្នែកAIបន្ថែមទិដ្ឋភាពមួយទៀតដល់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបន្ថែមជាមួយសហរដ្ឋអាមេរិកជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះកំពុងអភិវឌ្ឍគម្រូ AI កម្រិតខ្ពស់ ការប្រណាំងប្រជែងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងការច្នៃប្រឌិត AI កំពុងឡើងកំដៅ៕
ប្រភព៖ CNBC
ករណីកើនឡើងនៃជំងឺដែលបង្កដោយមូសដូចជាវីរុស West Nile បានធ្វើឱ្យប្រជាជនអាមេរិកជាច្រើនព្រួយបារម្ភ។ប៉ុន្តែសត្វល្អិតដែលគួរឱ្យខ្លាចទាំងនេះក៏ជាភ្នាក់ងារនាំលម្អងរុក្ខជាតិដ៏សំខាន់ផងដែរហើយការបាត់បង់របស់វាអាចមានផលប៉ះពាល់ ដែលពិបាកនឹងបរិយាយក្នុងខ្សែសង្វាក់ផលិតចំណីអាហាររបស់មនុស្ស។
សត្វមូស ត្បិតតែវា តូច ទន់ខ្សោយ ច្របាច់បន្តិចក៏ងាប់ តែវាមានសមត្ថភាពបំផ្លាញមនុស្សជាពិសេសជាភ្នាក់ងារចម្លងរោគ។
ម្ដងហើយម្ដងទៀត សត្វមូសបានក្លាយជាក្តីបារម្ភអំពីជំងឺដែលពួកវាអាចចម្លងដល់មនុស្ស។
កាលពីចុងខែសីហា ប្រជាជនតំបន់អ៊ុកស្វឺត រដ្ឋម៉ាសាឈូសេត សហរដ្ឋអាអាមេរិក ត្រូវបានស្នើសុំឱ្យគោរពតាមមគោចរពេលយប់ដោយស្ម័គ្រចិត្តដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារពួកគេពីជំងឺដ៏កម្រ ដែលគេស្គាល់ថាជាជំងឺរលាកស្រោមខួរក្បាលភាគខាងកើត (EEE) និងអាចបណ្តាលឱ្យមនុស្សស្លាប់។
លោក Anthony Fauci អតីតនាយកវិទ្យាស្ថានជាតិអាឡែរហ្ស៊ីនិងជំងឺឆ្លង ក៏ត្រូវបានសារព័ត៌មានចុះផ្សាយផងដែរ បន្ទាប់ពីមេរោគ West Nile បានធ្វើឱ្យរូបលោកឈឺចូលមន្ទីរពេទ្យ។
អ្នកស្រី Erin Staples អ្នកឯកទេសវេជ្ជសាស្ត្រខាងរោគរាតត្បាតនៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកបាននិយាយថា៖ «នេះគឺជារដូវកាលដ៏គួរឱ្យយកចិត្តទុកដាក់សម្រាប់ជំងឺទាំងពីរនេះ»។
អ្នកស្រីនិយាយថា ជាធម្មតាសហរដ្ឋអាមេរិកមានករណីឆ្លង West Nile ជាង ១,២០០ និងការស្លាប់មួយរយនាក់ក្នុងមួយឆ្នាំពី ប៉ុន្តែជំងឺ EEE មានចំនួនស្លាប់មានតែពី ៣ ទៅ ១៥ ករណីប៉ុណ្ណោះ។
ចុះបើយើងអាចធ្វើឲ្យមូសទាំងអស់បាត់ទៅវិញ? ហើយតើវានឹងមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីយ៉ាងណា?
សត្វមូសស្ថិតនៅចំណុចមួយណានៃខ្សែសង្វាក់ផលិតអាហារ?
ជាការពិតណាស់ គ្មាននរណាម្នាក់ដឹងច្បាស់ថា ពិភពលោកនឹងទៅជាយ៉ាងណាបើគ្មានមូស។
អ្នកស្រី Ann Froschauer អ្នកឯកទេសកិច្ចការសាធារណៈជលផលនិងសត្វព្រៃរបស់សហរដ្ឋអាមេរិកបាននិយាយថា៖ «ការកម្ចាត់មូសទាំងស្រុងអាចមានផលវិបាកដែលយើងមិនអាចទាយទុកជាមុនបាន»។
ទោះបីជាមានមូសប្រហែល ៣៥០០ ប្រភេទនៅលើភពផែនដីនេះក៏ដោយ ក៏បញ្ហាទូទៅគឺយើងមិនដឹងគ្រប់គ្រាន់អំពីការរួមចំណែករបស់សត្វមូសក្នុងខ្សែសង្វាក់ផលិតអាហារ។
ការស្រាវជ្រាវជាច្រើនបានបំបែកបណ្តាញអាហាររបស់ថនិកសត្វធំៗ ដូចជាតោឬខ្លារខិន។ ហើយសម្រាប់ហេតុផលដ៏ល្អ ពួកវាងាយស្រួលសង្កេតជាងមូសតូចៗដែលជារឿយៗបង្កាត់នៅក្នុងថ្លុកទឹក។
អ្វីដែលយើងដឹងគឺមូសគ្រប់វ័យនិងគ្រប់ភេទបម្រើជាប្រភពអាហារសម្រាប់សត្វដូចជា ត្រី អណ្តើក កន្ទុំរុយបក្សី ចំណាកស្រុក និងប្រចៀវ។
លើសពីនេះទៅទៀត សត្វមូសឈ្មោលស្ថិតក្នុងប្រភេទសត្វមូសជាច្រើនដែលក្រេបទឹកដមលម្អងផ្កាដែលធ្វើឱ្យមានការសាយភាយលម្អងរុក្ខជាតិ ដែលរួមចំណែកដល់ការដុះលូតលាស់នៃដំណាំផ្កា និងសូម្បីតែផ្កាអ័រគីដេ។
តើការកំចាត់មូស ប៉ះពាល់ដល់សត្វប្រចៀវទេ?
Winifred Frick អ្នកជីវវិទូសត្វប្រចៀវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសាន់តាគ្រូស និយាយថា មិនដូច្នោះទេ។
សត្វប្រចៀវភាគច្រើនស៊ីអ្វីក៏ដោយដែលពួកគេអាចចាប់បាន មូស សត្វល្អិត ឬសត្វកញ្ចែជាដើម។
Frick និយាយថា៖ «អត់មានប្រភេទសត្វប្រចៀវណាដែលស៊ីតែមូសនោះទេ»។
ជាការពិត សត្វមូសមួយចំនួនសកម្មតែនៅពេលថ្ងៃមានន័យថាសត្វប្រចៀវមានឱកាសតិចតួចណាស់ក្នុងការស៊ីមូសជាចំណី៕
ប្រភព៖ National Geographic
បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានរៀបចំពិធីបុណ្យប្រពៃណីដាក់បាត្រនំប្រគេនគ្រក់ថ្វាយព្រះសង្ឃពុទ្ធសាសនា «Khanom Krok' Alms Giving Tradition» នៅវត្ត Kaenchan Charoen កាលពីថ្ងៃទី ១០ ខែកញ្ញា។
ប្រពៃណីដែលមានអាយុកាលរាប់សតវត្សនេះវិលជុំវិញការថ្វាយដូងតាមបែបប្រពៃណីថៃ ដែលជាអាហារសម្រន់ដែលធ្វើពីម្សៅនិងទឹកដោះគោដូងដល់ព្រះសង្ឃ។ព្រឹត្តិការណ៍នេះគឺច្រើនជាងគ្រាន់តែជាទង្វើសាសនាមួយ; វាជាការប្រារព្ធពិធីនៃវប្បធម៌និងសហគមន៍ក្នុងតំបន់។
ភ្ញៀវអាចទស្សនាសិប្បកម្មប្រពៃណីដូចជាកោសដូង ពូតយកខ្ទិះ និងការកិនម្សៅព្រមទាំងរីករាយជាមួយការសម្តែងសិល្បៈប្រជាប្រិយ និងការប្រកួតកីឡាប្រពៃណី។
ចំណុចសំខាន់នៃព្រឹត្តិការណ៍នេះគឺដំណើរការធ្វើនំក្រមាដែលត្រូវបានគេជឿថាមានអត្ថន័យជានិមិត្តរូបសម្រាប់ស្នេហា និងទំនាក់ទំនង។
ទំនៀមទម្លាប់នេះត្រូវបានប្រារព្ធឡើងនៅវត្ត Kaenchan Charoen អស់រយៈពេលជាង ៨៥ ឆ្នាំមកហើយ និងជាសក្ខីភាពដល់ស្មារតីតស៊ូយូរអង្វែងនៃសហគមន៍ប្រជាជននៅខេត្តសាមុតសុងក្រាន៕
ប្រភព៖ Asia News Network/TheNation
ទោះបីជាមានការអាប់ដេតក៏ដោយ ក៏ហ្គេមកុងសូល PS5 Pro ហាក់បីដូចជាមិនអាចបញ្ចុះបញ្ចូលអ្នកគាំទ្រជាច្រើនឱ្យទិញវានោះទេ។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយIGN នៅលើវេទិកាផ្សេងៗគ្នា មានតែ ១០ ទៅ ១៥ភាគរយនៃអ្នកបញ្ចេញមតិប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេមានគម្រោងទិញហ្គេមកុងសូលថ្មីរបស់ Sony។
ក្រុមហ៊ុន Sony បានបង្ហាញ PS5 Proកាលពីថ្ងៃអង្គារ ដោយបង្ហាញពីការកើនឡើង ៤៥ភាគរយរបស់ខ្លួនក្នុងល្បឿនដំណើរការប្រើប្រាស់ និងការកែលម្អផ្សេងទៀត។ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនមានការគិតគូរអំពីតម្លៃខ្ពស់ជាងដល់ទៅ ៤០ ឬ ៥០ ភាគរយបើប្រៀបនឹងតម្លៃPS5Slim។
ការស្ទង់មតិបានឆ្លុះបញ្ចាំងពីទស្សនៈដែលត្រូវបានមើលឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។នៅក្នុងការស្ទង់មតិមួយ ៧៤ភាគរយនៃអ្នកឆ្លើយតបស្មើនឹង ៣៤០០០នាក់ បាននិយាយថា តម្លៃ ៧០០ដុល្លារសម្រាប់ PS5Pro គឺ «ថ្លៃពេក» ហើយ។ មានតែ ៥ ភាគរយប៉ុណ្ណោះ ដែលនិយាយថាវាជាតម្លៃសមរម្យខណៈដែលប្រហែល១៨,៥ភាគរយយល់ថាវា «ថ្លៃគួរសមដែរ»។
ទោះបីជាការស្ទង់មតិទាំងនេះមិនមានលក្ខណៈវិទ្យាសាស្ត្រក៏ដោយក៏ពួកគេបង្ហាញថា Sonyនៅតែមានកិច្ចការត្រូវធ្វើក្នុងការស្រូបទាញអ្នកគាំទ្រឱ្យចំណាយកាន់តែច្រើនលើហ្គេមកុងសូលដ៏មានឥទ្ធិពលនេះ។រហូតមកដល់ពេលនេះ Sony ហាក់បីដូចជាមិនអស់ចិត្តចំពោះការរិះគន់អំពីតម្លៃសូម្បីតែការឡើងថ្លៃនៅក្នុងតំបន់ខ្លះក៏ដោយ។
ទោះបីជាមានមតិកែលម្អយ៉ាងណា ក៏ Sony កំពុងឆ្ពោះទៅមុខជាមួយនឹង PS5 Pro។ ការបញ្ជាទិញទុកជាមុននឹងបើកនៅថ្ងៃទី២៦ ខែកញ្ញា ហើយកុងសូលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី៧ខែវិច្ឆិកា៕
ប្រភព៖ IGN
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei កាលពីថ្មីៗនេះបានដាក់លក់ស្មាតហ្វូនដែលអាចបត់ជាបី ក្នុងតម្លៃ ២៨០០ដុល្លារ។ទូរសព្ទនេះមានឈ្មោះថា Mate XT ដែលអាចបត់បានបីរបៀបហើយត្រូវបានគេបង្ហាញក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងស៊ិនជិន ប្រទេសចិន។ការចេញលក់នេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី Appleបានបង្ហាញiPhone16 ជាផ្លូវការ។
ក្រុមហ៊ុន Huawei បាននិយាយថាមនុស្សជាង ៤ លាននាក់បានបង្ហាញពីចំណាប់អារម្មណ៍លើ Mate XT តាមរយៈការបញ្ជាទិញជាមុន។
លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយដោយមោទនភាពថា៖«យើងបានធ្វើការយ៉ាងលំបាកអស់រយៈពេល ៥ ឆ្នាំដើម្បីបង្កើតផលិតផលនេះដោយប្រែក្លាយអ្វីដែលបីដូចជាការប្រឌិតបែបវិទ្យាសាស្ត្រឱ្យទៅជាការពិត»។
Mate XT មានមុខងារ AIកម្រិតខ្ពស់រួមទាំងការសង្ខេបអត្ថបទ ការបកប្រែ និងជម្រើសកែរូបថត។មុខងារទាំងនេះត្រូវបានបំពាក់ដោយបន្ទះឈីប Kylin របស់ក្រុមហ៊ុនHuaweiផ្ទាល់។ទូរសព្ទនេះមានពណ៌ក្រហម និងខ្មៅ ជាមួយនឹងអេក្រង់ទំហំ 10.2អ៊ីញ និងតួខ្លួនស្តើង 3.6mm។វាក៏រួមបញ្ចូលផងដែរនូវឯកសារភ្ជាប់ក្តារចុចទំហំប៉ុនហោប៉ៅ។ តម្លៃចាប់ផ្តើមពី ១៩៩៩៩យន់ (២៨០០ដុល្លារ) ជាមួយនឹងម៉ូដែលដែលមានតម្លៃកាន់តែថ្លៃ សម្រាប់ជម្រើសទំហំផ្ទុកទិន្ន័យកាន់តែធំ។
ទូរសព្ទថ្មី Mate XT ប្រជែងនឹង iPhone16របស់ Appleដែលត្រូវបានអ្នកប្រើចិនខ្លះរិះគន់ថាខ្វះមុខងារAIខ្លាំង។កម្មវិធី AI ថ្មីរបស់ Apple នឹងមិនមានជាភាសាចិនទេរហូតដល់ឆ្នាំក្រោយ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់មួយចំនួនចោទសួរពីតម្លៃ និងសមត្ថភាពរបស់iPhone។
ខណៈពេលដែលក្រុមហ៊ុន Huawei ត្រូវបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកHuaweiបានការត្រឡប់មកវិញយ៉ាងខ្លាំងកាលពីឆ្នាំមុនតាមរយៈការបើកដំណើរការទូរស័ព្ទកម្រិតខ្ពស់ដោយប្រើបន្ទះឈីបក្នុងស្រុករបស់ខ្លួន។
Mate XT ថ្មីនេះបង្ហាញថាHuaweiនៅតែជាក្រុមហ៊ុនយក្សនាំមុខគេខាងបច្ចេកវិទ្យាទោះបីជាតម្លៃខ្ពស់របស់វាអាចនឹងនាំធ្វើឱ្យការលក់មានកម្រិតក៏ដោយ។
ទីផ្សារទូរសព្ទដែលអាចបត់បានកំពុងកើនឡើង ហើយបច្ចុប្បន្ន Huaweiគឺជាអ្នកនាំមុខគេដែលមានចំណែកទីផ្សារ២៧,៥%។ទោះបីជាបែបនេះក៏ដោយ ទូរសព្ទដែលអាចបត់បាននៅតែតំណាងឱ្យផ្នែកដ៏តូចមួយនៃទីផ្សារស្មាតហ្វូនទាំងមូល៕
ប្រភព៖ NYPOST
ពាក្យ Introvert ឬ Extrovert ដែលប្រើក្នុងការពិពណ៌នាចរិតលក្ខណៈរបស់មនុស្សត្រូវបានប្រើប្រាស់យូរលង់ណាស់មកហើយក្នុងភាសាអង់គ្លេស។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ Introvert ឬ Extrovert ត្រូវបានគេប្រទះឃើញប្រើប្រាស់ច្រើននៅកម្ពុជាទាំងក្នុងន័យសំដៅលើប្រភេទមនុស្ស និងទាំងក្នុងន័យបែបលេងសើច។
យើងច្រើនតែឮគេចាត់ថ្នាក់នរណាម្នាក់ថាជា Introvert ឬ Extrovert។ ការស្វែងយល់ថាតើ បុគ្គលម្នាក់មានចរិតលក្ខណៈ introvert ឬ extrovert មានអត្ថន័យជាងទិដ្ឋភាពសង្គមនៃបុគ្គលិកលក្ខណៈពួកគេ។
ការបែងចែកចរិតលក្ខណៈដូច្នេះត្រូវបានផ្ដោតលើការប្រាស្រ័យទាក់ទងក្នុងបរិស្ថានឯកជននិងសាធារណៈ។
តើអ្នកមានឆ្ងល់ទេថាតើអ្នកជាមនុស្សបែបណា? តើ Introverts អាចចេញក្រៅបានទេ? តើអ្នកជា introvert ឬ extrovert?
ខាងក្រោមនេះ ជាកម្រងសំណួរដែលអ្នកត្រូវជ្រើសរើសចម្លើយ «ក» និង «ខ»។ សូមឆ្លើយសំណួរទាំង ១០ ខាងក្រោមដើម្បីដឹងពីលទ្ធផលនៃចរិតលក្ខណៈរបស់អ្នក។
១. តើអ្នកមានអារម្មណ៍ស្រួលចិត្តពេលទៅចូលរួមកម្មវិធីជប់លៀងតែម្នាក់ឯងហើយសុខចិត្តសប្បាយតែឯងមិនចាំបាច់មានគ្នា?
ក១៖ ប្រាកដណាស់ខ្ញុំមិនខ្វល់ទៅ តែឯងក៏បានដែរ។
ខ១៖ ទេ ខ្ញុំត្រូវការមានគ្នាកំដរដើម្បីទៅចូលរួមកម្មវិធីជាមួយខ្ញុំ។
២.មិត្តភ័ក្តិរបស់អ្នកមានគម្រោងដើរលេងពេលយប់ តើអ្នកទំនងធ្វើអ្វីជាងគេ?
ក៖ ខ្ញុំចង់ទៅនឹងគេដែរ មនុស្សកាន់តែច្រើន កាន់តែសប្បាយ។
ខ៖ ទេ ខ្ញុំចង់តែនៅលើគ្រែដេកញ៉ាំពោតផ្ទុះមើលទូរទស្សន៍ ឬ Netflix។
៣. សំណួរ៖ តើមួយណាជាដំណើរកម្សាន្តចុងសប្តាហ៍របស់អ្នក?
ក៖ ចុងសប្តាហ៍ ខ្ញុំចូលចិត្តការជួបជុំក្នុងសង្គមនិងជួបមនុស្សម្នា។
ខ៖ ចុងសប្តាហ៍ខ្ញុំមិនចង់ចេញក្រៅជួបនរណាទេខ្ញុំគ្រាន់តែចង់សម្រាកនៅផ្ទះរបស់ខ្ញុំ។
៤. បន្ទាប់ពីមានការជួបជុំគ្នាក្នុងសង្គមដ៏ធំឬព្រឹត្តិការណ៍បណ្ដាញនានា តើអ្នកមានអារម្មណ៍យ៉ាងណា?
ក៖ គិតដល់ព្រឹត្តិការណ៍បន្ទាប់ដែលខ្ញុំចង់ទៅចូលរួមជាច្រើនទៀត។ទាំងនេះជាបទពិសោធ និងជាការរៀនសូត្រ។
ខ៖ ចង់លុបចោលការអញ្ជើញលើក្រោយព្រោះខ្ញុំមានអារម្មណ៍ហត់ហើយ។
៥.តើអ្នកមានអារម្មណ៍យ៉ាងណាពេលជួបមនុស្សថ្មី?
ក៖ ជួបមនុស្សថ្មីៗគឺជារឿងគួរឱ្យរំភើបនិងរីករាយ។
ខ៖ អត់ទេ ខ្ញុំដូចជាហេងហាងប្រហោងពោះ។
៦. ប្រសិនបើអ្នកជួបនរណាម្នាក់ជាលើកដំបូងតើមួយណាទំនងជាការឆ្លើយតបរបស់អ្នក?
ក៖ ខ្ញុំអាចចាប់ផ្ដើមការសន្ទនាបានយ៉ាងងាយស្រួលឬងាយចុះចំណោមជាមួយពួកគេ។
ខ៖ ទេ ខ្ញុំប្រហែលជាសុខចិត្តស្តាប់ភាគច្រើនជាជាងស្រដីព្រោះមិនដឹងនិយាយអ្វី។
៧. តើពេលទំនេរអ្នកទំនងជាចំណាយពេលធ្វើអ្វី?
ក៖ ដើរលេងតាមពិធីជប់លៀងនិងជួបមនុស្សថ្មីៗ។
ខ៖ចែករំលែកការសន្ទនាដ៏ល្អជាមួយមិត្តភក្តិឬក្រុមគ្រួសារដ៏ល្អបំផុតរបស់អ្នក។
៨. តើអ្នកជាប្រភេទដែលមានអារម្មណ៍ថាអ្នកមានថាមពលធ្វើការច្រើនជាងនៅក្នុងបរិយាកាស៖
ក៖ ហាងកាហ្វេ
ខ៖ ផ្ទះ
៩. តើអ្នករីករាយនឹងអ្វីក្នុងចំណោមជម្រើសទាំងពីរនេះ៖
ក៖ ភាពលេចធ្លោរ និងចំណុចស្រូបទាញការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន
ខ៖ សុខចិត្តស្ថិតនៅខាងក្រោយចំណុចលេចធ្លោ
១០. អ្នកយល់ថាការនិយាយស្ដីជាមួយមនុស្សថ្មីនាំមកនូវ៖
ក: ថាមពល និងឱកាសដើម្បីស្វែងយល់បន្ថែម។
ខ៖ ខ្ជិលចង់ ព្រោះវាខ្ជះខ្ជាយខាតពេលវេលា។
សេចក្ដីសន្និដ្ឋាន៖
ប្រសិនបើអ្នកជ្រើសរើសជម្រើសក ចន្លោះពី ៨ ទៅ ១០ដង នោះអ្នកគឺជាExtrovert!
•មិនខ្លាចក្នុងការប្រថុយប្រថាន និងចូលចិត្តស្វែងរកអ្វីថ្មីៗ
•រីករាយក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មីនិងជាផ្នែកមួយនៃហ្វូងមនុស្សច្រើន។
•ការនៅម្នាក់ឯងមិនគួរឱ្យខ្លាចសម្រាប់អ្នកទេប៉ុន្តែហេតុអ្វីបានជាខកខានការសប្បាយជាមួយក្រុម
• មានថាមពលនិងរំភើបចំពោះព្រឹត្តិការណ៍សង្គម និងពិធីបុណ្យធំៗ
• អាចបញ្ជ្រាបខ្លួនក្នុងសង្គមឬហ្វូងមនុស្សបានយ៉ាងងាយ
• មិនខ្លាចក្នុងការបំពេញកង្វះចន្លោះនិយាយបង្ហាញទស្សនៈផ្ទាល់ខ្លួន និងបង្កើតមិត្តថ្មី។
• តែងតែចូលចិត្តការផ្សងព្រេងឬរីករាយជុំវិញទីក្រុង
• ឆាប់ទទួលចាប់បានចំណុចត្រូវនិយាយតបតឬពិពណ៌នាអំពីខ្លួនឯងដោយសេរី
• ក្លាហាន មានស្ទីលស្លៀកពាក់មានទំនុកចិត្ត រួសរាយរាក់ទាក់
• ចាប់អារម្មណ៍និងយកចិត្តទុកដាក់ជាចម្បងជាមួយពិភពលោកខាងក្រៅ។
• ពេលខ្លះអាចជាអ្នកស្តាប់ដ៏ល្អម្នាក់ផងដែរប្រសិនបើអ្នកព្យាយាមអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ខ្លួន
ប្រសិនបើអ្នកជ្រើសរើសជម្រើសខ ចន្លោះពី ៨ ទៅ ១០ ដងនោះ អ្នកគឺជា Introvert!
• អាចធ្វើកិច្ចការប្រកបដោយថាមពលនៅបរិស្ថានដែលខ្លួនទម្លាប់រស់នៅ
• ចូលចិត្តការជួបជុំជាមួយមិត្តភក្តិជិតស្និទ្ធនិងក្រុមគ្រួសារតែប៉ុណ្ណោះ
• អាចគិតមុននឹងនិយាយ ឬគិតវែងឆ្ងាយមុននឹងធ្វើសកម្មភាពតាមក្រោយ
• អាចរងសម្ពាធក្រោយពីមានជួបជុំសង្គមដ៏ធំនិងធ្វើឱ្យមានអារម្មណ៍ថាហត់នឿយ
•អាចមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីចូលរួមកម្មវិធីមានមនុស្សច្រើន
• អាចជាមនុស្សព្យាយាមចៀសវាងជម្លោះតាមដែលអាចធ្វើទៅបាន
•អាចស្តាប់អ្នកដទៃច្រើនជាងនិយាយអំពីខ្លួនឯង
•អាចរីករាយជាមួយពេលវេលាសាកថ្មជីវិតបែបស្ងប់ស្ងាត់ បន្ទាប់ពីមួយសប្តាហ៍ដ៏នឿយហត់
• អាចស្វែងមានបញ្ហាប្រឈមនៅក្នុងពិភពខាងក្រៅជាពិភពដែលសមស្របសម្រាប់អ្នក Extroverts៕
កំពង់ឆ្នាំង: ការពេញនិយមទទួលទានជ្រូកកណ្ដុរនៅប៉ុន្មានឆ្នាំចុងក្រោយបានធ្វើឱ្យសត្វចិញ្ចឹមនេះមានទីផ្សារល្អ និងបង្កើនឱកាសរកប្រាក់ចំណូលរហូតមានកសិករមួយចំនួនបានប្ដូរពីការចិញ្ចឹមជ្រូកទូទៅមកចិញ្ចឹមជ្រូកកណ្ដុរវិញ។
ទោះជាមានការចិញ្ចឹមជ្រូកកណ្ដុរច្រើនពីសំណាក់កសិករប៉ុន្តែទីផ្សារសត្វចិញ្ចឹមយកសាច់មួយនេះនៅតែទូលំទូលាយសម្រាប់កសិករជាច្រើនទៀតក្នុងការស្វែងរកចំណូល។
ក្នុងចំណោមនោះលោក សម ភារម្យ បានចំណាយពេល ២ឆ្នាំមកហើយក្នុងការចិញ្ចឹមជ្រូកកណ្ដុរដោយលោកអះអាងថា វាងាយស្រួលចិញ្ចឹម មើលថែ ធន់នឹងជំងឺ មានទីផ្សារល្អនិងតម្លៃខ្ពស់ជាងជ្រូកស្រុកទូទៅ។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុររូបនេះបានប្រាប់ SR News ថា៖ «ខ្ញុំមើលឃើញទីផ្សារមានតម្រូវការច្រើននិងងាយស្រួលចិញ្ចឹម ដោយយើងអាចប្រលែងនៅទីធ្លាក្រោយផ្ទះបាន ដោយដាំបន្លែត្រកួន ជីក ស្រះ ព័ទ្ធរបង ដើម្បីជាជម្រកដលើជ្រូកកណ្ដុរ»។
លើសពីចិញ្ចឹមសត្វដើម្បីប្រាក់ចំណូលលោក ភារម្យ ថាការមើលថែសត្វក៏ជាសកម្មភាពដែលលោកចូលចិត្តធ្វើផងដែរ។
លោកថា៖«ណាមួយវាជាចំណង់ចំណូលចិត្ដនៃការចិញ្ចឹមសត្វទៀតនោះទើបខ្ញុំចាប់ផ្ដើមចិញ្ចឹមតែម្ដងព្រោះវាអាចជួយកាត់បន្ថយភាពតានតឹងពីការងារ ដោយការដាក់ ត្រកួនឲ្យជ្រួកស៊ីថែទាំវា»។
លោកបានចាប់ផ្ដើមការចិញ្ចឹមជ្រូកកណ្ដុរដំបូងដោយចំណាយដើមទន់ប្រមាណ ១៥០០ដុល្លារទៅលើការដាក់មេជ្រូកចិញ្ចឹមចំនួន ៥ក្បាលប៉ុណ្ណោះដើម្បីយកកូនសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ និងទុកបន្តពូជថែមទៀត។
យោងតាម»សៀវភៅផលិតកម្មជ្រូកពូជ»ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧ជ្រូកកណ្ដុរជាប្រភេទពូជក្នុងស្រុក និងពូជអាស៊ីសុទ្ធសាធ។វាមានក្បាលស្រួចដូចក្បាលកណ្តុរ មានច្រមុះត្រង់ត្រចៀកត្រង់តូចបញ្ឈររាងស្រួច ខ្លួនខ្លីក្រាស់ ខ្នងអែន ពោះកិតដីមិនសូវមានរោម សម្បុរប្រែប្រួលពីខ្មៅប្រផេះ។ជ្រូកកណ្ដុរជាពូជដែលមានការលូតលាស់យឺត តែធន់នឹងជំងឺ។
ជាមួយបទពិសោធន៍ក្នុងការចិញ្ចឹមជ្រូកស្រុកដោយត្រូវការចំណាយថវិកាច្រើនលើការមើលថែទាំងការចាក់វ៉ាក់សាំងនិងការឲ្យចំណីឲ្យបានដិតដល់នោះ កសិករ សម ភារម្យ បានអះអាងថាការចិញ្ចឹមជ្រូកកណ្ដុរមិនសូវពិបាកមើលថែនោះទេ។
លោកបានលើកហេតុផលថា៖ «វាងាយស្រួលជាងការចិញ្ចឹមជ្រូកស្រុកច្រើនណាស់ដោយជ្រូកកណ្ដុរ ជាសត្វដែលស៊ីត្រកួន និងមើមឈើ ជាអាហារហើយធន់នឹងអាកាសធាតុ»។
យ៉ាងណាមិញលោកក៏បានរៀបរាប់ពីចំណុចដែលត្រូវយល់ដឹងនិងប្រុងប្រយ័ត្នសម្រាប់អ្នកចិញ្ចឹមជ្រូកកណ្ដុរផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ផលវិបាកនៃការចិញ្ចឹមជ្រូកកណ្ដុរគឺកុំឲ្យគេចូលក្នុងទ្រុងផ្ដេសផ្ដាស ព្រោះវាអាចបង្ករោគឆ្លងបានតែបើចូលត្រូវបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន»។
យោងតាម «សៀវភៅផលិតកម្មជ្រូកពូជ» ជ្រូកកណ្ដុរអាចមានទម្ងន់រហូតដល់ ៦០គីឡូក្រាមក្នុងអាយុ១២ខែ។ មេជ្រូកអាចបង្កាត់បាននៅអាយុ ១០ខែដោយរយៈពេលផើមជាមធ្យម ១១៣ថ្ងៃ។
តាមបទពិសោធន៍របស់លោកភារម្យ ការថែទាំត្រូវបានចែកចេញជាពីរគឺ៖ ទី ១សម្រាប់ជ្រូកទម្ងន់ចាប់ពី ១០គីឡូក្រាមយើងអាចប្រលែងឲ្យវាដើរស៊ីចំណីបានហើយ ព្រោះវាផុតពីជំងឺរាករូសហើយ។ ទី២ ជ្រូកទម្ងន់ចាប់ពី២៥ គីឡូក្រាមឡើងទៅ គឺជាពេលវាត្រូវបង្កាត់ពូជហើយយើងត្រូវបំបែកជ្រូកពពោះចេញពីហ្វូង ដើម្បីការពារកុំឲ្យវារលូតកូន។ក្នុងមេជ្រូក ១ ក្បាលអាចកើតកូនបានចន្លោះពី ៨ ទៅ ១០ ក្បាល។
លោកបានបន្ថែមទៀតថា៖«កូនជ្រូកទើបនឹងកើតត្រូវឲ្យវាស៊ីចំណី ៣០ថ្ងៃសិនដើម្បីឲ្យវាឆាប់ធំ និងមានទម្ងន់ចាប់ពី ១០គីឡូក្រាមឡើងទៅអាចប្រលែងកូនជ្រូក ក្នុងទ្រុង ឬទីធ្លាក្រោយផ្ទះបានហើយ។
ក្នុងមួយខែលោកអាចលក់កូនជ្រូកបានចន្លោះពី ១០ ទៅ ១៥ ក្បាល។ ការលក់ជ្រូកកណ្ដុរនៅលើទីផ្សារគឺមានតម្លៃខុសៗគ្នាទៅតាមទម្ងន់ និងឈ្មួញអ្នកទិញ។
ជ្រូកកណ្ដុរសាច់ដែលចិញ្ចឹមដោយកសិករវ័យ ៤៥ឆ្នាំរូបនេះ មានទីផ្សារល្អ ដោយលោកអាចលក់បាន ១ក្បាលក្នុងតម្លៃ២៣ម៉ឺនរៀល សម្រាប់ទម្ងន់ ៨គីឡូក្រាម តម្លៃ ២៥ម៉ឺនរៀល សម្រាប់ទម្ងន់១០គីឡូក្រាម និងតម្លៃ ២៨ម៉ឺន រៀល សម្រាប់ទម្ងន់ ១២គីឡូក្រាម។
ជាមួយនឹងជោគជ័យក្នុងការចិញ្ចឹមសត្វជ្រូកកណ្ដុរលោក ភារម្យក៏បានបង្ហាញពីបំណងចែករំលែកបច្ចេកទេសនៃការចិញ្ចឹមជ្រូកកណ្ដុរនេះទៅដល់អ្នកដែលចង់សាកល្បងចិញ្ចឹមសត្វដែលកំពុងពេញនិយមទទួលទាននិងមានទីផ្សារល្អមួយនេះ ព្រោះវាជាមុខរបរទទួលបានប្រាក់កម្រៃល្អប្រសើរនិងអាចដោះស្រាយជីវភាពគ្រួសារបានមួយកម្រិត។
កសិករចិញ្ចឹមជ្រូកកណ្ដុរលោក សំ ភារម្យ មានទីលំនៅក្នុងស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ឬទាក់ទងតាមគេហទំព័រហ្វេសប៊ុកៈ កសិដ្ឋានជ្រូកព្រៃ-ជ្រូកកណ្តុល KHWild pig farm និង លេខទូរស័ព្ទ៖ ០៧១ ៩៣២៧ ៣០០៕
សាធារណរដ្ឋគុយបា ដែលជាប្រភពនៃចង្វាក់រាំពត់ពេនអែនអនសាល់សា និងចង្វាក់ផ្សេងទៀតដ៏ល្បីល្បាញពេញពិភពលោក ឥឡូវនេះកំពុងចុះចាញ់នឹងការលុកលុយរបស់តន្ត្រីប៉ុបកូរ៉េខាងត្បូង។
ស្ថិតនៅចម្ងាយ ១៣០០០គីឡូម៉ែត្រ ឆ្លងទ្វីបមហាសាគរ ប្រទេសកោះដែលគ្រប់គ្រងដោយកុម្មុយនិស្តនិងមួយទៀតលទ្ធិសេរី មានភាសា និងប្រពៃណីវប្បធម៌ខុសគ្នាដាច់ស្រឡះ។
ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងអស់នេះហាក់ដូចជារលាយបាត់ក្នុងមួយវិនាទីដោយសារឥទ្ធិពលដ៏ពុះកញ្ជ្រោលនៃតន្ត្រី K-pop ។
តន្ត្រីពេញនិយមរបស់កូរ៉េ ឬ K-popបានរីករាលដាលយ៉ាងទូលំទូលាយពីឫសគល់អាស៊ីរបស់ខ្លួនខណៈដែលក្រុម BTS និង NCT រួមទាំងក្រុមនារី Blackpink បានស្រូបទាញអ្នកគាំទ្រទូទាំងពិភពលោក។
ប៉ុន្តែរលកនិយមនេះបានបក់បោកយឺតបន្តិចទៅដល់ប្រទេសគុយបាជាកន្លែងដែលគ្របដណ្ដប់ដោយតន្ត្រីសាល់សា ហើយល្បឿនអ៊ីនធឺណិតក៏ទើបតែអំណោយផលកាលពីថ្មីៗនេះទេ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ ក្មេងជំទង់គុយបារាប់សិបនាក់បានស្លៀកសំពត់ខ្លីខ្លះស្លៀកខោជើងវែង និងអាវធំ បញ្ចេញចលនាតាមតារា K-pop ក្នុងវីដេអូចម្រៀងដែលចាក់បញ្ចាំងនៅលើអេក្រង់ដ៏ធំនៃក្លិបរាំក្រុងហាវ៉ាណា។
លោក Fransico Piedra អាយុ ២៤ឆ្នាំដែលឆ្លៀតពេលទំនេរពីជំនួញជួយឪពុក បានបោះជំហានរាំយ៉ាងឡូយ។
យុវជនរូបនេះបាននិយាយថា៖ «K-popបានបើកពិភពថ្មីសម្រាប់ខ្ញុំ»។
យុវជនដែលមាននាមសិល្បៈឈ្មោះថា Ken រូបនេះក៏មានក្ដីស្រមៃចង់ក្លាយជាអ្នករាំ K-pop អាជីពផងដែរ។
លោកបាននិយាយថា៖ «វាជាកន្លែងដែលខ្ញុំមានអារម្មណ៍ថាជាខ្លួនខ្ញុំហើយខ្ញុំអាចចែករំលែកជាមួយមិត្តភក្តិនូវភាពរីករាយ សំណើចក្អាកក្អាយនៅពេលមានបទចម្រៀង និងការរាំ K-pop»។
ក្មេងជំទង់ជាច្រើនសង្ឃឹមថា នឹងអាចដើរតាមគន្លងនៃក្រុមគុយបាចំនួនពីរគឺ Limitless និង LTX ដែលមុនពេលជំងឺរាតត្បាតបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមក្នុងមហោស្រពតន្ត្រីខេប៉ុបពិភពលោក K-POP World Festival ដែលជាការប្រកួតប្រជែងទេពកោសល្យប្រចាំឆ្នាំដ៏អស្ចារ្យ។
ឥទ្ធិពលសិល្បៈកូរ៉េខាងត្បូងបានទៅដល់ប្រទេសគុយបាតាមរយៈភាពយន្តភាគកាលពីមួយទសវត្សរ៍មុន។
ខណៈពេលដែលក្មេងៗគុយបា បានងាកមកនិយមតន្ត្រី K-pop ថ្នាក់ដឹកនាំជំនាន់មានទំនាក់ទំនងកាន់តែត្រជាក់ជាមួយកូរ៉េខាងត្បូង។
ក្នុងឆ្នាំនេះ ប្រទេសទាំងពីរបានស្តារឡើងវិញនូវទំនាក់ទំនងការទូត ដែលត្រូវបានកាត់ផ្តាច់ក្រោយបដិវត្តគុយបាឆ្នាំ១៩៥៩ ហើយមិនទាន់មានការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅឡើយទេ។ ទន្ទឹមនឹងនេះដែរប្រទេសគុយបានៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់កូរ៉េខាងជើង ដែលចាត់ទុក K-pop ជាទម្រង់ឃោសនាដ៏គ្រោះថ្នាក់ពីកូរ៉េខាងត្បូង បន្ទាប់ពីការប្រឈមមុខដាក់គ្នាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០៕
ប្រភព៖ https://www.usnews.com/
ក្រុមហ៊ុនApple បានប្រកាសថា AirPods Pro 2 របស់ខ្លួនឆាប់ៗនេះនឹងមានមុខងារដែលអាចប្រើជាឧបករណ៍ជំនួយការស្តាប់បាន។ការអាប់ដេតនេះគឺជាផ្នែកមួយនៃការផ្តោតសំខាន់ទៅលើសុខភាពការស្តាប់របស់ Apple ដែលធ្វើឱ្យវាក្លាយជាផលិតផលដំបូងគេដែលផ្តល់ជូននូវដំណោះស្រាយសុខភាពការស្តាប់ពេញលេញ។
មុខងារជំនួយការស្តាប់សម្រាប់AirPodsPro 2
មុខងារជំនួយការស្តាប់ថ្មីត្រូវបានរចនាឡើងសម្រាប់អ្នកដែលមានការបាត់បង់ការស្តាប់ពីកម្រិតស្រាលទៅមធ្យម។វាជាមុខងារផ្អែកលើកម្មវិធី ដែលមានន័យថា អ្នកនឹងមិនចាំបាច់ទិញឧបករណ៍ជំនួយការស្តាប់ដាច់ដោយឡែកនោះទេ។Apple មានបំណងធ្វើឱ្យឧបករណ៍ជំនួយស្តាប់កាន់តែមានតម្លៃសមរម្យ និងងាយស្រួលប្រើជាមួយនឹងមុខងារថ្មីនេះ។
របៀបដែលវាដំណើរការ
មុនពេលអ្នកអាចប្រើAirPodsជាឧបករណ៍ជំនួយការស្តាប់ អ្នកនឹងត្រូវធ្វើតេស្តការស្តាប់។ ការធ្វើតេស្តនេះធ្វើឡើងជាមួយAirPods Pro 2 និង iPhone ឬ iPadរបស់អ្នក ចំណាយពេលប្រហែល 5 នាទី។ លទ្ធផលនឹងបង្ហាញក្រាហ្វនៃសមត្ថភាពស្តាប់របស់អ្នកនិងពិន្ទុសម្រាប់ត្រចៀកនីមួយៗ។ ទិន្នន័យនេះនឹងត្រូវបានរក្សាទុកនៅក្នុងកម្មវិធីសុខភាពហើយអ្នកអាចចែករំលែកវាជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើចាំបាច់។
នៅពេលដែលការធ្វើតេស្តត្រូវបានបញ្ចប់អ្នកអាចប្រើកាស AirPods Pro 2 របស់អ្នកជាឧបករណ៍ជំនួយការស្តាប់។AirPods Pro 2 នឹងកែតម្រូវសំឡេងជុំវិញអ្នកដោយស្វ័យប្រវត្តិក្នុងពេលវេលាជាក់ស្តែងហើយការកំណត់ទាំងនេះនឹងដំណើរការសម្រាប់ការហៅទូរសព្ទ តន្ត្រី ភាពយន្ត និងអ្វីៗជាច្រើនទៀត។
តើវាអាចប្រើបាននៅពេលណា?
Appleគ្រោងនឹងបញ្ចេញមុខងារជំនួយការស្តាប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែរង់ចាំការយល់ព្រមពី FDA និងអាជ្ញាធរសុខភាពផ្សេងទៀត មុនពេលមុខងារនេះអាចត្រូវបានដាក់ឱ្យដំណើរការពេញលេញ។
តើផលិតផល Apple អ្វីខ្លះដែលអាចប្រើមុខងារនេះ?
មុខងារជំនួយការស្តាប់នឹងមាននៅលើAirPodsPro 2 តាមរយៈការអាប់ដេតកម្មវិធី ដែលនឹងដំណើរការជាមួយ iPhoneនិង iPad ដែលដំណើរការដោយ iOS 18 ឬថ្មីជាងនេះ។
តើអ្នកណាអាចប្រើមុខងារនេះ?
លក្ខណៈពិសេសនេះគឺសម្រាប់មនុស្សដែលមានអាយុចាប់ពី18 ឆ្នាំឡើងទៅ ដែលមានការបាត់បង់ការស្តាប់ពីកម្រិតស្រាលទៅមធ្យម។ AirPodsដែលប្រើជាឧបករណ៍ជំនួយការស្តាប់ អាចជួយមនុស្សជាច្រើនជុំវិញពិភពលោកដែលមានការបាត់បង់ការស្តាប់ដោយធ្វើឱ្យវាកាន់តែងាយស្រួល និងមានតម្លៃថោកក្នុងការទទួលបានជំនួយ។
ការការពារការស្តាប់បន្ថែម
Appleក៏កំពុងបន្ថែមមុខងារ "ការពារការស្តាប់" ទៅ AirPodsPro 2 ផងដែរ។ វានឹងជួយកាត់បន្ថយសំឡេងខ្លាំងៗ និងការពារត្រចៀករបស់អ្នកខណៈពេលដែលនៅតែអនុញ្ញាតឱ្យអ្នកស្តាប់យ៉ាងច្បាស់ក្នុងអំឡុងពេលសកម្មភាពដូចជាការប្រគុំតន្ត្រីជាដើម។
ទាំងឧបករណ៍ជំនួយការស្តាប់និងមុខងារការពារការស្តាប់ ត្រូវបានគេរំពឹងថានឹងមាននៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ 2024 ។
ប្រភព៖CNET