សេដ្ឋកិច្ច

កសិករខ្មែរដំបូង នាំបច្ចេកទេសពីជប៉ុន ដាំឈូក យកមើមផ្គត់ផ្គង់ទីផ្សារកម្ពុជា

November 28, 2024
ថិញ រិទ្ធី
Heading
Option 1

ព្រៃវែង​:​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ដុះ​ចេញពី​ភក់​ ឈូក​មិនត្រឹមតែ​មាន​ផ្កា​ស្អាត​នោះទេ។មើម​របស់​វា​គឺ​ជា​ប្រភព​អាហារ​ដ៏​មាន​ឱជារស និង​ពេញនិយម​​ទទួលទាន​នៅ​បណ្ដា​ប្រទេស​ដូចជាចិន​ ​កូរ៉េ និង​ជប៉ុន។

​ប្រជាប្រិយភាព​នៃការបរិភោគ​មើមឈូក​គួបផ្សំ​នឹង​គុណប្រយោជន៍​សុខភាព​ជាច្រើន​ទៀតនោះបានធ្វើ​ឱ្យ​​អតីត​ពលករ​ខ្មែរទៅ​ធ្វើការ​នៅ​ប្រទេសជប៉ុន​​ម្នាក់​​ចាប់ផ្ដើម​ដំណើរការ​កសិដ្ឋាន​​មើម​ឈូក ខេ ធី ដោយ​នាំ​បច្ចេកទេស​ដាំឈូ​កយក​មើម​ដំបូងបង្អស់​មក​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​។

លោក ឡុង គ​ន្ធា ​បាន​ចាក​ចេញពី​ស្រុកកំណើត​​ដើម្បី​ស្វែងរក​ចំណេះ​ជំនាញតាមរយៈ​ការ​​​ដាក់ពាក្យ​ធ្វើជា​​ពលករ​ទៅធ្វើការ​នៅ​​​ប្រទេស​ជប៉ុន​ផ្នែក​ដំណាំ​ឈូក​យក​មើម​ចាប់​ពី​ឆ្នាំ​២០១៥រហូតដល់ ២០២៣។​

​កំឡុងពេល​ធ្វើជា​ពលក​រ​នៅ​ជប៉ុន លោក​បាន​យ​កចិត្តទុកដាក់ផ្តោត​លើការងារ​​​នេះ​យ៉ាងខ្លាំង ​ដោយ​លោក​​គិតថា​ចំណេះជំនាញ​​នេះអាច​យក​មក​បង្កើត​ជា​មុខរបរ​ចិញ្ចឹមជី​វិត​​នៅ​កម្ពុជា​។

​លោក​បាន​ប្រាប់ SR News ថា​៖ «​នៅក្នុង​ឆ្នាំ​២០២០​ខ្ញុំ​បាន​ត្រឡប់​ប្រទេស​កម្ពុជា​វិញ ​ដើម្បី​នាំ​បច្ចេកទេសនេះ​មក​ដាំ​ដុះ​ក្នុង​ស្រុកកំណើត​​ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ចម្ការ​ឃុំ​ស្មោង​ខាងជើង​ស្រុក​កំចាយមារ​ខេត្តព្រៃវែងប៉ុន្តែ​ខ្ញុំ​នៅតែ​ឡើង​ចុះទៅ​ជប៉ុន​នៅឡើយ​រហូតដល់​២០២៣​ទើប​ខ្ញុំ​ឈប់​ទៅ​ប្រទេស​ជប៉ុន»​។​

​លោក​បាន​បន្ថែមទៀតថា៖ «ថ្វីត្បិតតែ​ខ្ញុំ​មានចំណេះ​ជំនាញ​ខាង​ដាំ​ឈូក​យក​មើម​នេះ​ក៏ពិតមែនតែ​រយៈពេល​ប្រាំបី​ឆ្នាំ​មកនេះ​ខ្ញុំ​​នៅតែ​បន្ត​ការរៀន​និង​ស្រាវជ្រាវ​បន្តទៀត​ដែរ​»​។​

សព្វថ្ងៃនេះ​លោកមាន​ផ្ទៃ​ដី​ប្រហែល​៣​ទៅ​៤​ហិកតាដោយ​ធ្វើការ​ដាំបណ្ដាក់គ្នារហូត​​ព្រោះ​ដំណាំ​ឈូក​យក​មើមនេះជា​រុក្ខជាតិ​​មាន​អាយុ​ខ្លី។ ដើមឈូក​​ទាមទារ​​​ការ​មើលថែ​ជា​ប្រចាំ​ថ្ងៃ​ផងដែរ​ទើបវា​អាច​​ផ្ដល់​ទិន្នផល​បានខ្ពស់។

លោក​បាន​ឱ្យដឹងទៀត​ថា៖ «ដំណាំ​ឈូក​នេះ​ប្រើ​រយៈពេល​តែ​បី​ខែ​ប៉ុណ្ណោះ​​អាច​ប្រមូល​ផល​បាន​ហើយ ហើយ​ចំពោះ​ដំណាំ​ឈូក​នេះ​ ​យើង​ប្រមូល​ផល​បានតែ​ម្ដងគត់គឺ​យើង​ត្រូវ​ភ្ជួរ​វា​ដើម្បី​ដាំ​ដុះ​ឡើងវិញ»។

លោក​អាចប្រមូលផល​បាន​ប្រមាណ១តោន​កន្លះ​ក្នុងមួយ​ថ្ងៃ ​ប៉ុន្តែ​ទិន្នផល​​មិនអាច​​បំពេញតម្រូវការ​លើ​ទីផ្សារ​បាន​នៅឡើយ​ទេដែល​​តម្រូវ​ឲ្យ​រូបលោកត្រូវ​​ស្វែងរក​ផ្ទៃដី​បន្ថែមទៀត​ដើម្បី​អាចប្រមូលផល ​មើម​​ឈូក២តោន​ក្នុង​មួយថ្ងៃ ​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​។​

មិនមែនដើម​ឈូកទាំងអស់សុទ្ធតែអាចដាំដើម្បីប្រមូលផលមើមនោះទេ។វាអាស្រ័យទៅលើពូជ និង​លក្ខខណ្ឌលូតលាស់ ដូចជា​គុណភាពដី ជម្រៅទឹក សីតុណ្ហភាពពន្លឺព្រះអាទិត្យ និងកត្តា​សត្វល្អិត ដែលអាច​រំខានដល់ការលូតលាស់របស់ឫស។

ក្រៅពី​​បញ្ជាក់ថា ​ដំ​ណាំ​ឈូក​យក​មើម​នេះ ​លោក​ត្រូវ​នាំ​ពូជ​​ពី​ប្រទេស​ជប៉ុន​ ​​​លោកគ​ន្ធា​បាន​រៀបរាប់​បន្ថែមទៀតថា៖«ដំណាំ​ឈូក​យក​មើម​នេះ​វា​ត្រូវការ​ដី​ដែលមាន​ជីវជាតិ​ខ្លាំងដូចនេះ​យើង​ត្រូវ​រៀបចំ​ផ្ទៃដី ដែលមាន​ទីតាំង​ល្អ​សមស្រប​មានទឹក​គ្រប់គ្រាន់​ដែល​អាច​បញ្ចេញបញ្ចូល​ទឹកបាន​និងដាក់​ជីធម្មជាតិ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ឈូក​បាន​មើម​ធំៗ​ល្អ​»។

​ម្ចាស់​កសិដ្ឋាន​មើម​ឈូក ខេ ធី លោក ឡុងគ​ន្ធា បាន​បញ្ជាក់ថា​ចំពោះ​មើម​ឈូក​ស្រស់ លោក​លក់បាន​ក្នុងតម្លៃ​១៤០០​រៀល​ក្នុង​មួយ​គីឡូក្រាមនៅតាម​ផ្សារ​ទំនើប​និង​បាន​ចែកចាយ​ទៅតាម​បណ្ដា​​ខេត្ត​​ក្រុង​ទាំងអស់​​ជាពិសេស​នៅរាជធានី​ភ្នំពេញ​។

​​​​​ចាប់តាំងពី​លោក​ចាប់ផ្ដើម​ដាំ​ឈូក​នេះ​មកដល់​បច្ចុប្បន្ននេះ​ សន្ទុះ​នៃ​ការ​គាំទ្រ​មើមឈូក​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​​មើម​ឈូក​នេះ​​​អាច​យកទៅ​ធ្វើ​មុខម្ហូប​បាន​ច្រើន​ដូចជា​ស្ងោរ​ចៀន​ឆា​និង​បំពង​ជាដើម។ក្រៅពី​លក់​មើម​ឈូក​ស្រស់ៗ​លោក​ក៏បាន​កែច្នៃ​មើម​ឈូក​ទៅជា​ម្សៅឈូក សម្រាប់លក់ លើ​ទីផ្សារ​​ផង​ដែរ។​

យោងតាមការស្រាវជ្រាវនិង​ការពិសោធន៍​ដោយវិទ្យាស្ថានសុខភាពអាមេរិក​ បានឲ្យដឹងថា មើមឈូក មានអត្ថប្រយោជន៍ដល់​សុខភាពដូចជាសម្បូរទៅដោយសារ​ធាតុចិញ្ចឹម វីតាមីន C វីតាមីន Bសារធាតុរ៉ែប៉ូតាស្យូម និង​ទង់ដែង។ វា​ជួយពង្រឹងប្រព័ន្ធការពាររាងកាយនិង​សុខភាពស្បែក។មើមឈូក​​មានផ្ទុក​ជាតិសរសៃខ្ពស់ដែលសម្រួលការរំលាយអាហារ និង​​​​បញ្ហាទល់លាមក។ការទទួលទាន​មើមឈូក ​ល្អសម្រាប់សុខភាព​បេះដូង ដោយ​​វាអាច​ជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយកម្រិត កូឡេស្តេរ៉ុល។

ទន្ទឹម​នឹង​នោះ មើមឈូក​​ក៏​មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកនិងការពារ ប្រឆាំងនឹងជំងឺជាច្រើន​ទៀត​ដែរ។​

​នៅ​ថ្ងៃ​អនាគត​លោក​ក៏មាន​គម្រោង​ពង្រីក​វិសាលភាព​នៃផ្ទៃដី​​ដាំដុះនិង​​​ចងក្រង​សហគមន៍​​ ដើម្បី​ផលិត​​មើម​ឈូក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ឲ្យ​ទាន់ពេលវេលា​។លើក​ពី​ការ​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក លោក​ក៏​មាន​បំណង​​​ស្វែងរក​​​ដៃគូ​​​វិនិយោគ​សម្រាប់ការ​នាំចេញ​​​ទៅ​ក្រៅប្រទេស​ផង​ដែរ។​

​ព័ត៌មាន​បន្ថែម​ពី ដំណាំ​ឈូក​យក​មើមអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កកសិ​ដ្ឋា​ន​មើម​ឈូកខេ ធី ទំនាក់ទំនង​ទូរ​សព្ទ​លេខ ០៦៧ ២៧៧ ៧៦៧៕

អត្ថបទពេញនិយម

ប្រេងរឹតកសិករ ធ្វើពីស្លឹកគ្រៃធម្មជាតិ ជួយព្យាបាលអាការៈ និងលើកកម្ពស់ជីវភាពសហគមន៍ ១ពាន់គ្រួសារ

កសិករ លីវ ស៊ីយ៉ែន ដាំដំណាំបង្វិលទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារ

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard

សិល្បករល្បីលាង ស៊ីកន តាំងពិព័រណ៍ទោលដំបូងគេបង្អស់នៅសារមន្ទីរជាតិ

ទូច ប្រុសណុច៖ កីឡាករប្រដាល់ប្រើពេលខ្លីបំផុត ផ្តួលបរទេសឱ្យសន្លប់