ជីវិត និង សង្គម

កសិករ លីវ ស៊ីយ៉ែន ដាំដំណាំបង្វិលទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារ

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

មណ្ឌលគិរីៈដាំដំណាំបង្វិលនៅលើផ្ទៃដីប្រមាណ២ហិកតាស្ថិតនៅភូមិអរបួន ឃុំអរបួនលើស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីកសិករ លីវស៊ី​យ៉ែនអះអាងថា ការដាំដំណាំប្រភេទនេះធ្វើឱ្យ កសិផលរបស់លោកទទួលបានទិន្នផលខ្ពស់និងមានទីផ្សារ និងការពារពីការឆ្លង​ជំងឺផ្សេងៗ។

លោកលីវ ស៊ី​យ៉ែនសមាជិក​​សមាគន៍កសិកម្ម​ទន្សោងកោះញ៉ែកបានប្រាប់សារព័ត៌មាន SR Digital Mediaឱ្យដឹងថា ការដាំ​ដំណាំ​ដដែលៗទៅតាមទម្លាប់​ពីចាស់បុរាណរបស់ប្រជាកសិករ​​បានធ្វើឱ្យ​​ទិន្ន​ផល​ធ្លាក់ចុះដុះលូតលាស់មិនសូវ​ល្អ​ មានសត្វល្អិតច្រើន​ និងងាយឆ្លងជំងឺមកលើដំណាំកាន់តែខ្លាំង។

លោកបញ្ជាក់ដូច្នេះថា៖ «បើយើងដាំតាសក់​ក្រោយពេលប្រមូលផលហើយ​ យើងនៅតែដាំតាសក់ ដដែលនោះ វានឹងធ្វើឱ្យទិន្នផលថយចុះ ប៉ុន្តែបើយើងប្ដូរពី​ដាំតាសក់ទៅជា​ប៉េងបោះ ឬត្រឡាច​វិញ​ វាធ្វើឱ្យដីហ្នឹងមិនជាន់ដំណាំគ្នា ការលូតលាស់របស់​ដំណាំវិញមានការប្រែប្រួលតែម្តងហើយយើងជាអ្នកដាំដុះស្រួល​មើលថែទាំ​ទៅតាមហ្នឹងដែរ»។

ក្រោយពីបានសិក្សាការដាំដុះដំណាំបង្វិលពីអង្គការWWF Cambodiaនៅក្នុងឆ្នាំ២០១៥ កសិករ​វ័យ​៣៥ ឆ្នាំ​រូបនេះ បានផ្លាស់ប្តូរទម្លាប់នៃការដាំដុះតាមបែបប្រពៃណីមកដាំជាដំណាំបង្វិល នៅក្នុងដីចម្ការ របស់ខ្លួនដែលមានដំណាំជាច្រើនដូចជាតាសក់ប៉េងបោះ ត្រឡាច សាលាដ ខ្ទឹម និងម្ទេសជាដើម។

«ដំណាំទទួលបានទិន្នផលខ្ពស់​និងមានទីផ្សារល្អណាស់ ដូចនៅខេត្ត​រតនគិរី គេត្រូវការដំណាំមួយថ្ងៃ​ជាង​១​តោនឯណោះ តែខ្ញុំ​ធ្វើមិនទាន់បានគ្រប់គ្រាន់ឱ្យតាមតម្រូវការរបស់គេនៅឡើយទេ បច្ចុប្បន្ន​ខ្ញុំ​ធ្វើបានតែមួយថ្ងៃ​៥​ ទៅ៦​រយគីឡូ​ប៉ុណ្ណោះ​»​។នេះបើតាមការបញ្ជាក់របស់ កសិករ ស៊ី​យ៉ែន។

លោក​ កា លីណា​ មន្ត្រីកសិកម្មឃុំប្រចាំខេត្តតាកែវបានឱ្យដឹងផងដែរថាប្រជាកសិករនៅក្នុង​ឃុំ​ធ្លូក ស្រុកទ្រាំង ខេត្តតាកែវ ​បាននាំគ្នា​ផ្លាស់ប្ដូរ​ពីការ​ដាំដំណាំ​ដដែលៗ​នៅលើដី​មួយកន្លែងមកជាការដាំដុះ ដំណាំឆ្លាស់ប្រភេទគ្នាតាមរដូវកាលវិញ ដោយការធ្វើបែបនេះ នាំឱ្យការដាំដុះទទួលបានផលល្អមិនសូវចំណាយប្រាក់ច្រើនទៅលើជី​កសិកម្ម​និងអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់។

មន្ត្រីកសិកម្មឃុំរូបនេះបន្ថែមថា៖ «កសិករ​ដែលមិនទាន់ទទួលចំណេះដឹង​អំពីការដាំ​ដំណាំឆ្លាស់ឬ​ដំណាំបង្វិល​នេះ​អាចទំនាក់ទងទៅមន្ត្រីបច្ចេកទេស​កសិកម្ម​ឃុំ​​ និងអាចរៀន​តាមវគ្គបណ្ដុះ​បណ្ដាល​​វិស័យកសិកម្ម​​របស់អង្គការឬនៅសាលាបង្រៀន​ជំនាញកសិម្ម​​ ដើម្បី​ការយល់ដឹង​​​ផ្គត់ផ្គង់ទីផ្សារ បានទាន់ពេលវេលានិងការបង្កើន​ប្រាក់ចំណូល»។

គួរបញ្ជាក់ថា ដំណាំបង្វិលគឺជាការអនុវត្តការដាំដុះឆ្លាស់ប្រភេទដំណាំខុសៗគ្នានៅលើដីតែមួយតាម រដូវកាលនិងមានគុណប្រយោជន៍ក្នុងការរក្សគុណភាពដីឱ្យមានជីជាតិល្អនិងធ្វើឲ្យសត្វល្អិតចង្រៃ បាត់បង់ជម្រក៕  

អត្ថបទពេញនិយម

អ្នកកំពង់ឆ្នាំងកែច្នៃរទេះគោគេបោះបង់ចោល រកបានចំណូលរាប់ម៉ឺនដុល្លារ

បទពិសោធន៍ថ្មី ជិះរទេះក្របីលម្ហែកាយ គយគន់ទេសភាព លើទឹកដីអង្គរ

កសិករ សាន ធារ៉ា៖ កណ្ដូបជាសត្វងាយស្រួលចិញ្ចឹម និងមានទីផ្សារល្អ

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

កសិករ ប៊ូ ម៉ាន៖ ឪឡឹកសាច់លឿងរសជាតិឆ្ងាញ់ ស្រួយ មានទីផ្សារល្អ