
សៀមរាប:ខ្លែងឯកដ៏ធំកំពុងបង្ហើរត្រដាងខ្លួនលើអាកាសបន្លឺសម្លេងយ៉ាងគ្រលួច។នេះជាស្នាដៃរបស់ ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ ជាអ្នកខេត្តសៀមរាបមួយរូបដែលបានធ្វើខ្លែងឯកជាច្រើនតម្លៃរាប់រយដុល្លារដើម្បីផ្គត់ផ្គង់ទីផ្សារនារដូវបង្ហើរខ្លែងជារៀងរាល់ឆ្នាំ។
ការបង្ហើរខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបរមបុរាណហើយសព្វថ្ងៃនេះ លោក ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ ក៏នៅតែបន្តធ្វើខ្លែង ដោយគោរពតាមដូនតាខ្មែរដើម្បីផ្សារភ្ជាប់ទៅនឹងធម្មជាតិនៃធាតុទាំងបួនដែលទ្រទ្រង់នូវលោក គឺធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ដែលបានផ្តល់នូវជីវិតរស់នៅ។
ខ្លែងគឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញ។ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្តហើយ វាក៏ជាសិល្បៈវប្បធម៌របស់ជនជាតិខ្មែរផងដែរ។
ភាគច្រើនគេតែងបង្ហើរខ្លែងលេងកម្សាន្តក្នុងរដូវលំហើយចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់សិសិរដូវ។
លោក ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ បានរៀបរាប់ឱ្យ SR News ឲ្យដឹងថា៖ «ខ្ញុំធ្វើខ្លែងឯកនេះព្រោះជាទំនៀមទំលាប់ខ្មែរពីបុរាណមកក៏ដូចជាខ្ញុំធ្លាប់ឃើញ ឪពុកធំខ្ញុំគាត់ធ្វើនៅក្រោមដើមឈើ តាំងពីខ្ញុំនៅក្មេងៗដោយគាត់តែងតែប្រើឲ្យហុចរបស់នេះរបស់នោះ អំឡុងពេលធ្វើខ្លែងទើបខ្ញុំមានការចង់ចាំ និងរបៀប ធ្វើច្បាស់»។
ទើបនៅក្នុងឆ្នាំ២០០៧ ព្រឹទ្ធាចារ្យ ឈុំម៉ៅ ក៏បានចាប់ផ្តើមសាកល្បងធ្វើខ្លែងឯកតាមការចង់ចាំក៏ដូចជារំលឹកដល់អនុស្សាវរីជាមួយឪពុកធំ គ្រាដែលធ្វើខ្លែងនៅក្រោមដើមឈើ។
លោក ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ បានបញ្ជាក់ថា៖ « ដើម្បីធ្វើខ្លែងឯកមួយបានល្អលោកត្រូវ ជ្រើសរើសឬស្សីណាដែរចាស់មានសម្បុរក្រហមយកមកពុះហាលថ្ងៃរយៈពេល២០ថ្ងៃរួចត្រាំទឹក៥យប់ទៀតទើបយកមកហាលវាឲ្យស្ងួត រួចបិទសាច់ឬស្សីឲ្យស្មើ ទើបយកទៅចងធ្វើជាគ្រោងឆ្អឹងរួចបិទក្រដាស់នៅលើ គ្រោង ឆ្អឹងខ្លែងឯក។ខ្លែងមួយៗត្រូវចំណាយរយៈពេលធ្វើ៣ថ្ងៃ ដោយសម្រិតសម្រាំងខ្លាំងណាស់»។
ចំពោះប្រភេទខ្លែងឯកយើងអាចធ្វើពីក្រណាត់ប្លាស្ទិក ឬ ក្រដាសក៏បាន តែសម្រាប់រូបលោកជ្រើសរើសយកក្រដាសឃ្លុំបេម្សៅយកមកធ្វើ ដោយសារតែវាស្វិតរឹងមាំល្អសម្រាប់ធ្វើខ្លែងបានគ្រប់ខ្នាត។
លោកឈុំ ម៉ៅ បានរៀបរាប់ថា៖ «ខ្ញុំតែងតែនិយមធ្វើខ្លែងឯក មានកម្ពស់២ម៉ែត្រ៤តឹកនិង ២ម៉ែត្រ២តឹកទៅតាមការចង់បានអតិថិជននិងថែមទាំងមានរំលេចរូបភាពស្អាតទៀតផង»។
លក្ខណៈពិសេសនៃខ្លែងឯកគឺការបញ្ចេញសម្លេង។លោកព្រឹទ្ធាចារ្យ បានបន្ថែមទៀតថា បៀបធ្វើស្លាបឯកឲ្យឮសូរបានពីរោះត្រូវជ្រើសរើសយកផ្តៅណាដែលមានដើមចាស់ក្រហម។ ផ្ដៅត្រូវបានយកហាលថ្ងៃឲ្យស្ងួតរួចបិតឲ្យស្តើងដើម្បីបានជាសម្លេងឮសូរខ្លាំងល្អ។
សម្រាប់ខ្លែងឯកលម្អដោយគំនូររូបភាពមួយលោកអាចលក់បានតម្លៃ២០០ដុល្លាររីឯខ្លែងឯកធម្មតាគ្មានការគូររចនា លោកអាចលក់បានតម្លៃ១០០ដុល្លារ។ខ្លែងរបស់លោកមានការគាំទ្រច្រើនរហូតលោកមិនអាចធ្វើទាន់តាមការកុម្ម៉ង់។
លោកព្រឹទ្ធាចារ្យបានឱ្យដឹងថា ខ្លែងដែលប្រជាពលរដ្ឋខ្មែរបង្ហើរមានច្រើនប្រភេទណាស់ដូចជាខ្លែងឯក ឬខ្លែងព្នង ខ្លែងប្រម៉ង់ ខ្លែងហៅប៉ៅ និងខ្លែងកណ្តូងខ្លែងកូនមាន់ ខ្លែងមេអំបៅ ខ្លែងផ្កាយ ខ្លែងខ្លោះ ខ្លែងផ្កា ជាដើម។
រូបរាងខ្លែងគេអាចធ្វើទៅតាមការចូលចិត្តរៀងៗខ្លួនឬទៅតាមការច្នៃប្រឌិត។ចំពោះខ្លែងដែលគេនិយមតបង្ហើរជាងគេគឺខ្លែងកណ្ដូង និងខ្លែងឯក ដែលត្រូវបានបង្ហើរនៅតាមភូមិស្រុកទីជនបទ។
លោកក៏មានបំណងចង់បង្រៀនជំនាញខ្លែងឯកនេះទៅកាន់ក្មេងៗជំនាន់ក្រោយឲ្យចេះច្បាស់ដើម្បីបន្តថែរក្សាប្រពៃណីបង្ហើរខ្លែងខ្មែរ ជាពិសេសខ្លែងឯងនេះកុំឲ្យបាត់បង់។
ជាចុងក្រោយលោកបានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់សូមឈប់យល់ច្រឡំ និងផ្សព្វផ្សាយជំនឿអកុសលដែលថាខ្លែងឯកនេះបើធ្លាក់លើដំបូងផ្ទះអ្នកណាហើយ ត្រូវមានការសូត្រមន្តរំដោះគ្រោះចង្រៃតទៅទៀត។
ព័ត៌មានបន្ថែមពីពីខ្លែងឯកអាចទំនាក់ទំនងតាមទូរសព្ទលេខ ០១២ ៥៥៩ ៤៦៩៕
ខែត្រជាក់ចូលមកដល់មនុស្សជាច្រើនអាចជួបប្រទះបញ្ហាស្បែកស្ងួត និងបែកស្រកាដែលនេះគឺជាបញ្ហាប្រឈមខ្លាំងបំផុតក្នុងរដូវរងា។
បញ្ហានេះអាចជៀសវាងបានប្រសិនបើយើងអនុវត្តតតិចនិកការពារស្បែកឱ្យបានត្រឹមត្រូវ។អ្នកនឹងអាចរក្សាស្បែកឱ្យមានសុខភាពល្អ មានសំណើម និងភ្លឺរលោង។
ខាងក្រោមនេះគឺជាតិចនិកមួយចំនួនក្នុងការថែរក្សាស្បែកនិងសម្រស់ក្នុងរដូវរងានេះ៖
១. ផ្តល់សំណើមដល់ស្បែកឱ្យបានញឹកញាប់
លាបក្រែមឬឡេផ្តល់សំណើមភ្លាមៗដល់ស្បែកមុខ និងដងខ្លួនបន្ទាប់ពីងូតទឹករួច។
២. ជៀសវាងការងូតទឹកក្តៅ
ទឹកក្តៅអាចកម្ចាត់ប្រេងធម្មជាតិចេញពីស្បែករបស់អ្នកដូច្នេះសូមជ្រើសរើសងូតទឹកក្តៅឧណ្ហៗ មិនក្តៅខ្លាំងឬងូតទឹកធម្មតាជំនួសវិញ ដោយកំណត់ពេលវេលាងូតទឹករបស់អ្នកត្រឹម ៥-១០នាទីបានហើយ។
៣. ផ្តល់សំណើមពីខាងក្នុង
ផឹកទឹកឱ្យបានច្រើនពេញមួយថ្ងៃតាមដែលអាចធ្វើទៅបានដើម្បីរក្សាជាតិទឹកនៅក្នុងខ្លួន។បន្ថែមពីនោះទៀតអ្នកអាចបញ្ចូលអាហារដែលមានជាតិទឹកខ្ពស់ ដូចជាត្រសក់ ក្រូច និងបន្លែបៃតងជាដើម ។
៤.ជូតសម្អាតស្បែកថ្នមៗបន្ទាប់ពីងូតទឹករួច
ជៀសវាងការដុសខាត់ ឬជូតសម្អាតស្បែកខ្លាំងៗ។ ចូរជ្រើសរើសផលិតផលដែលមានសារធាតុអាស៊ីតអាល់ហ្វាអ៊ីដ្រូស៊ីស៊ី (AHAs) មកលាបលើស្បែកជាប្រចាំដើម្បីប្រឆាំងនឹងភាពចាស់។
៥. ប្រើប្រាស់ឡេការពារកម្តៅថ្ងៃជាប្រចាំ
ការពារស្បែករបស់អ្នកជាមួយនឹងឡេការពារកម្តៅជាប្រចាំថ្ងៃទោះបីជាក្នុងរដូវរងាក៏ដោយព្រោះកាំរស្មី UV នៅតែអាចធ្វើឱ្យស្បែករបស់អ្នកខូចខាតបាន។
៦. ការពារបបូរមាត់របស់អ្នក
ចូរប្រើប្រាស់ក្រែមបំប៉នបបូរមាត់ដែលមានកម្រិតSPF ដើម្បីការពារការប្រេះនិងការស្ងួតបបូរមាត់។ ចូរលាបវាឱ្យបានញឹកញាប់ពេញមួយថ្ងៃ។
៧.ថែរក្សាស្រទាប់ស្បែកដោយប្រើប្រាស់សេរ៉ូម
ចាប់ផ្តើមប្រើប្រាស់ជាមួយនឹងសេរ៉ូមផ្តល់សំណើមដល់ស្បែកដែលមានផ្ទុកអាស៊ីត Hyaluronic ដែលជាសារធាតុផ្តល់សំណើមធម្មជាតិនិងរក្សាជាតិទឹកសម្រាប់ស្បែក។
៨. ស្លៀកសម្លៀកបំពាក់ការពារខ្សល់ត្រជាក់
ស្លៀកសម្លៀកបំពាក់ខោអាវរងានិងរុំករជាមួយនឹងកន្សែងដើម្បីការពារស្បែករាងកាយពីខ្យល់ត្រជាក់មកប៉ះលើស្បែក។
៩. ជៀសវាងការលាងសម្អាតដៃច្រើនដងពេក
ក្នុងរដូវត្រជាក់ចូរជៀសវាងការលាងសម្អាតដៃច្រើនដងក្នុងមួយថ្ងៃ។ចូរប្រើប្រាស់សាប៊ូលាងដៃដែលមានសំណើមស្រាលៗហើយលាបក្រែមដៃបន្ទាប់ពីលាងសម្អាតរួច។
១០. លាបឡេលើស្បែកមុខនិងដងខ្លួនរៀងរាល់យប់មុនចូលគេង
មុនចូលគេងចូរលាបឡេលើស្បែកជារៀងរាល់យប់ដែលនេះជាវិធីដែលជួយផ្តល់សំណើមដល់ស្បែកពេញមួយយប់សម្រាប់ការជួសជុលកោសិការនៅលើស្បែក។
តាមរយៈការប្រើប្រាស់តិចនិកទាំងអស់នេះអ្នកអាចការពារស្បែករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពពីរងឥទ្ធិពលអាក្រក់ដែលបណ្តាលមកពីបញ្ហាអាកាសធាតុត្រជាក់៕
ការប្រើប្រាស់ស្ក្រាប់កាហ្វេដើម្បីខាត់ស្បែកមុខ និងដងខ្លួនគឺជាវិធីធម្មជាតិមួយដែលអាចជួយជម្រុះកោសិកាស្បែកចាស់ៗ និងធ្វើឱ្យស្បែកភ្លឺម៉ត់ទន់រលោង។
អ្នកក៏អាចធ្វើស្ក្រាប់នេះបានដោយខ្លួនឯងនៅផ្ទះដោយប្រើប្រាស់គ្រឿងផ្សំងាយៗ ដែលស្រួលរកទិញបាននៅតាមទីផ្សារផងដែរ។
ខាងក្រោមនេះគឺជាគ្រឿងផ្សំនិងវិធីសាស្ត្រសាមញ្ញៗក្នុងការធ្វើស្ក្រាប់ផ្សំពីកាហ្វេ៖
គ្រឿងផ្សំ៖
• ម្សៅកាហ្វេ ១០ស្លាបព្រាបាយ
• អម្ពិលទុំ មួយកូនចាន(លាយទឹកបន្តិចរួច ច្របាច់យកសាច់អំពិលទុំសុទ្ធ)
• ម្សៅល្មៀត ៥ស្លាបព្រាបាយ
• ទឹកឃ្មុំ ៥ស្លាបព្រាបាយ
• ទឹកដោះគោឆៅ កន្លះកំប៉ុង
អត្ថប្រយោជន៍៖
• កាហ្វេជួយជម្រុះកោសិកាស្បែកចាស់ៗ។
• អំពិលទុំសម្បូរសារធាតុចិញ្ចឹមដូចជាវីតាមីនC ជួយឱ្យស្បែកមានសុខភាពល្អ។
• ម្សៅល្មៀតជួយធ្វើឲ្យស្បែកភ្លឺថ្លា និងម៉ត់រលោង។
• ទឹកឃ្មុំជួយឱ្យស្បែកមានសំណើមហើយធន់នឹងកម្ដៅថ្ងៃ។
• ទឹកដោះគោឆៅសម្បូរទៅដោយវីតាមីន និងប្រូតេអ៊ីនដែលជួយផ្ដល់ជាតិទឹក និងពន្យារការវិវត្តន៍នូវស្នាមជ្រីវជ្រួញនៅលើស្បែក។
វិធីធ្វើ
១.លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា
២.ច្របល់ឱ្យសព្វ រហូតបានល្បាយស្ក្រាប់ខាប់ល្មម
៣.យកស្ក្រាប់មក បន្ថែមគ្រឿងផ្សំផ្សេងៗដូចជា យ៉ាអួ ឬពងទាផ្នែកពណ៌សតាមចំណង់ចំណូលចិត្ត និងប្រភេទស្បែក។
វិធីប្រើ
១.ងូតទឹកលាង សម្អាត ផ្ទៃមុខ និងដងខ្លួនឱ្យបានស្អាតល្អជាមួយសាប៊ូជាមុនសិន។
២.ដុសស្ក្រាប់លើដងខ្លួនប្រមាណ ៥ នាទី រួចអប់ទុកលើស្បែក ១៥-៣០នាទី ដើម្បីឱ្យជាតិស្ក្រាប់ជ្រាបចូលស្បែកបានល្អ។
៣.មុនលាងសម្អាតដងខ្លួន យកស្ក្រាប់មកអប់លើផ្ទៃមុខឱ្យបាន ៥នាទី (សូមស្ក្រាប់លើផ្ទៃមុខក្រោយដងខ្លួន)។
៤.លាងជម្រះទឹកចេញ ទាំងផ្ទៃមុខ និងដងខ្លួន រួចជាការស្រេច ។
កំណត់ចំណាំ
ប្រើស្ក្រាប់២-៣ ដងក្នុងមួយសប្តាហ៍ដើម្បីឆាប់ទទួលបានផលល្អ។
លាងជម្រះស្បែកឱ្យបានស្អាតល្អមុន និងដុសស្ក្រាប់លើស្បែក៕