ចំណេះដឹង

តើការជួញដូរមនុស្ស ជាអ្វី?

December 6, 2024
Heading
Option 1

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចជ្រើសយក​ថ្ងៃ​១២ ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្សដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រីយុវវ័យ និង​កុមារ ដែល​ជា​អំពើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុតលើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស។

តើ "ការជួញដូរមនុស្ស" ជាអ្វី?

ការជួញដូរមនុស្ស គឺជាការជ្រើសរើសការដឹកជញ្ជូនការផ្ទេរ ការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយក មនុស្សដោយមធ្យោបាយគំរាមកំហែងឬការប្រើកម្លាំង ឬការបង្ខិតបង្ខំតាមរូបភាពផ្សេងៗ ដូចជា ការចាប់ពង្រត់ការក្លែងបន្លំ ការបោក បញ្ឆោត ការរំលោភលើអំណាច ឬតួនាទីទៅលើជនដែល ងាយទទួលរងគ្រោះឬការផ្តល់ ឬការទទួលជាលុយកាក់ ឬផលកម្រៃ ផ្សេងៗដើម្បីឲ្យមានការ យល់ព្រមពីអ្នកគ្រប់គ្រងលើជនម្នាក់ទៀតក្នុងគោលបំណងដើម្បីធ្វើការ "កេងប្រវ័ញ្ច"។

ការកេងប្រវ័ញ្ច៖ ត្រូវរាប់បញ្ចូលជាអប្បបរមានូវការធ្វើអាជីវកម្មពេស្យាចារលើអ្នកដទៃ ឬការកេងប្រវ័ញ្ចផ្លូវភេទតាមរូបភាពផ្សេងទៀតការងារដោយបង្ខំ ឬសេវាកម្មទាសភាព ឬការអនុវត្តដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងទាសភាព (ភាពជាអ្នកបម្រើដាច់ថ្លៃ)ឬការដកហូតសរីរាង្គជាដើម ។

ការជ្រើសរើសការដឹកជញ្ជូន ការផ្ទេរការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយកកុមារ ក្នុងគោល បំណងធ្វើអាជីវកម្មត្រូវចាត់ទុកថាជា "ការជួញដូរមនុស្ស" ទោះបីជាអំពើនេះ មិនជាប់ពាក់ព័ន្ធទៅ នឹងមធ្យោបាយណាមួយខាងលើក៏ដោយ។("កុមារ" មានន័យថាមនុស្សណាម្នាក់ ដែលមានអាយុ ក្រោម១៨ឆ្នាំ) ។

កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​មាន​ការ​ជួញដូរ​មនុស្ស​បណ្តាល​មក​ពី​ភាព​មិន​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រីភាព​ក្រីក្រ ជាពិសេស​កង្វះ​ការងារ​នៅ​មូលដ្ឋាន​ជាដើម។ម្យ៉ាងទៀត​ការ​ចាកចេញ​ពី​ស្រុក​កំណើតដើម្បី​ទៅ​រក​ការងារ​ធ្វើ​ក៏​នាំ​ឲ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ។

តើអំពើជួញដូរមនុស្ស ផ្តល់ផលប៉ះពាល់អ្វីខ្លះ?  

- អំពើជួញដូរមនុស្ស បានបំផ្លាញដល់សន្តិសុខមនុស្សជាតិដោយការកេងប្រវ័ញ្ច និងរំលោភបំពានលើសិទ្ធិ អាយុជីវិត កិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលជាជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។

- ជនល្មើសជួញដូរមនុស្សកេងយកផលប្រយោជន៍ពីជនរងគ្រោះដោយចាត់ទុកថា “ ជាទំនិញ និងជាទាសករសម័យទំនើប ”ដោយមិនគិតពីទុក្ខវេទនា និងការខាតបង់របស់ជនរងគ្រោះ ។

- ពលរដ្ឋមួយចំនួនទាំងបុរស ស្រ្តី យុវវ័យ និងកុមារក្លាយជាជនរងគ្រោះ ដោយសារតែបានជឿលង់ តាមការសន្យាផ្តល់ផលប្រយោជន៍ការលួងលោម ឬបង្ខិតបង្ខំ តាមគ្រប់មធ្យោបាយ របស់មេខ្យល់ ព្រមទាំងការអូសទាញផ្សេងទៀតដោយមិនបានដឹងថា ខ្លួនកំពុងតែចូលក្នុងសំណាញ់ របស់ឧក្រិដ្ឋជន ពិបាកនឹងដកថយក្រោយ ។

- ពលករជាច្រើន បានចេញទៅរកការងារធ្វើនិងយុវនារីខ្លះស្វែងរកគូស្រករនៅក្រៅប្រទេស តាមរយ:មេខ្យល់ ឬមិត្តភក្តិ តែត្រូវបានគេជួញដូរធ្វើទណ្ឌកម្ម ប្រមាថមាក់ងាយ មិនបានអ្វីក្រៅពី ខាតបង់ទ្រព្យសម្បត្តិ ពេលវេលាកិត្តិយស សេចក្តីថ្លៃថ្នូរ ខ្លះធ្លាក់ខ្លួនពិការមានជម្ងឺរ៉ាំរ៉ៃ ញៀនថ្នាំមានផ្ទៃពោះដោយគ្មានការទទួលខុសត្រូវ និងខ្លះបានបាត់បង់ជីវិត ។

សូមជម្រាបថា គ្រប់ករណី ដែលអ្នកសង្ស័យថាជាអំពើជួញដូរមនុស្ស៖ជួញដូរពលកម្ម ឬជួញដូរផ្លូវភេទ ជាពិសេសលើស្រ្តី និងកុមារសូមរាយការណ៍ទៅបណ្តាញនៃរចនាសម្ព័ន្ធគណ:កម្មាធិការជាតិគ្រប់ថ្នាក់ ឬតាមលេខទូរស័ព្ទ១២៨៨ ឬ ០២៣ ៩៩៧៩១៩ ។

អត្ថបទដកស្រង់៖  គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

អត្ថបទពេញនិយម

«លែងអង លែងឃិន» ទឹកធ្លាក់ធម្មជាតិស្រស់ស្អាតខ្លាំង កំពុងលាក់ខ្លួនកណ្តាលព្រៃ

វិធីធ្វើម៉ាសបិទមុខ ផ្សំពីត្រសក់តាមបែបធម្មជាតិ

ឈីស និងយ៉ាអួរស្រស់ផលិតនៅខ្មែរ កែច្នៃពីទឹកដោះគោស្រស់មួយខែអស់ ៤-៥ តោន

កណ្ដាប់ដៃ បង្គាកណ្ដូប វៃសត្រូវល្បឿនលឿនដូចគ្រាប់កាំភ្លើង 22-caliber

ប្រ៊េនលំដាប់ខ្ពស់អ៊ីតាលី ថតម៉ូដ ២០២៥ រដូវកាលថ្មី នៅទឹកដីអច្ឆរិយៈកម្ពុជា