នៅចំកណ្តាលទីក្រុងបុរាណនៅទឹកដីខេត្តសៀមរាបរបស់កម្ពុជាការលាយបញ្ចូលគ្នានៃប្រវត្តិសាស្ត្រ និងម៉ូដដ៏ប្រណីតពីប្រ៊េនលំដាប់ខ្ពស់របស់អ៊ីតាលីStefano Ricci បានបង្ហាញនូវឈុតសម្លៀកបំពាក់បុរសសម្រាប់ឆ្នាំ 2025 ដែលបង្កើតនិរន្តភាពនិរន្តរភាពនិងការអភិរក្សវប្បធម៌ខ្មែរ។
ម៉ាកយីហោអ៊ីតាលីដ៏ល្បីល្បាញដែលជំនាញស្នាដៃរចនាផលិតដោយដៃបង្កប់ដោយសិល្បៈច្នៃប្រឌិត និងពាក់មិនចេះសាបម៉ូដនោះបានជ្រើសរើសទេសភាពព្រៃព្រឹក្សា ធម្មជាតិ និងប្រាង្គប្រាសាទដ៏អស្ចារ្យនៃខេត្តសៀមរាបជាទីតាំងថតយុទ្ធនាការផ្សព្វផ្សាយខូលិកសិនសម្លៀកបំពាក់របស់ខ្លួនក្រោមទឹកដៃកាន់កាម៉េរាដោយអ្នកថតរូប Steve McCurry ។
ខូលិកសិនសម្លៀកបំពាក់ដែលជាផ្នែកមួយនៃបេសកកម្មឈ្មោះថាR EXPLORER របស់ម៉ាកយីហោអ៊ីតាលីនេះទាក់ទាញការបំផុសគំនិតពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តាមរយៈការផ្ដិតយកទេសភាពដ៏គួរឱ្យទាក់ទាញនៃប្រទេសកម្ពុជា។
ប្រ៊េននេះបានសហការជាមួយWild Earth Allies ដើម្បីជួយដល់ស្ថាប័នក្នុងស្រុកដែលការពារបេតិកភណ្ឌវប្បធម៌រួមទាំងការអភិរក្សជម្រកសំខាន់ៗសម្រាប់ដំរីអាស៊ី និងការដាំដើមឈើស្ដារតំបន់ព្រៃមួយចំនួនផងដែរ។
យុទ្ធនាការនេះបានរំលេចសម្លៀកបំពាក់បុរស Stefano Ricci ជាមួយប្រាសាទអង្គរអច្ឆរិយៈដ៏ល្បីល្បាញលើពិភពលោក ដូចជាប្រាសាទបាយ័នប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទបេងមាលា ដងទន្លេមេគង្គដ៏ស្ងប់ស្ងាត់បឹងទន្លេសាប និងតំបន់អភិរក្សដំរីព្រៃគូលែន។
លោក Stefano Ricci ដែលជាស្ថាបនិកដែលមានឈ្មោះល្បីល្បាញបានបង្ហាញពីចក្ខុវិស័យរបស់គាត់សម្រាប់ការប្រមូលផ្ដុំនេះថា៖«យើងចង់បង្កើតបណ្ដុំម៉ូដសម្លៀកបំពាក់ដែលមិនត្រឹមតែបង្កប់នូវស្មារតីនៃការផ្សងព្រងស្រាវជ្រាវរុករកប៉ុណ្ណោះទេប៉ុន្តែថែមទាំងគោរពដល់ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនិងភាពស្រស់ស្អាតនៃខេត្តសៀមរាបផងដែរ»។
លោកបានលើកឡើងថា៖«ខូលិកសិនសម្លៀកបំពាក់របស់យើងគឺជាការគោរពចំពោះបុរសដែលចូលចិត្តផ្សងព្រេងនិងនិយមរបស់ប្រើប្រាស់ល្អប្រណីតក្នុងជីវិត។ អ៊ីចឹងសួរថា តើមានទីតាំងកន្លែងណាដែលសក្ដិសមជាងទឹកដីនៃប្រាសាទអង្គរដ៏អស្ចារ្យក្នុងការតំណាងនូវភាពល្អប្រណីតបែបរនេះ»។
ខូលិកសិនរដូវផ្ការីកនិងរដូវក្ដៅឆ្នាំ ២០២៥ របស់ប្រ៊េននេះមានលក្ខណៈពិសេសសំខាន់ៗដូចជាអាវក្រណាត់អំបោះ ឈុតពណ៌សសម្រាប់ពេលល្ងាច អាវហោប៉ៅច្រើន និងអាវគ្របពីក្រៅដែលទាំងអស់ត្រូវបានតុបតែងដោយកាបូបស្ពាយលម្អដោយលោហៈ ruthenium។
កិច្ចការថតរូបភាពហ្វេសសិនលើកនេះគឺជាទឹកដៃរបស់អ្នកថតរូប SteveMcCurry ដែលតែងតែផ្ដិតយកនូវរូបភាពអមតៈនៃតំបន់ដាច់ស្រយាលនិងស្រស់ស្អាតបំផុតនៅលើផែនដី។
លោកបានចែករំលែកបទពិសោធន៍ថា៖«ការត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីច្រើនទសវត្សរ៍មកនេះ ខ្ញុំចាប់អារម្មណ៍នឹងការផ្លាស់ប្តូរនៃទេសភាពនិងស្មារតីរស់នៅរបស់ប្រជាជណនៅទីនោះ។ នៅទីក្រុងអង្គរ ថ្មប្រាសាទបុរាណ និងសត្វដំរីដ៏ធំគឺជាប្រភពនៃការបំផុសគំនិតសម្រាប់ខ្ញុំ។ ខ្ញុំពិតជារីករាយក្នុងការបញ្ចូលគ្នានូវសម្រស់ធម្មជាតិនៃខេត្តសៀមរាបជាមួយនឹងខ្លឹមសារដ៏ប្រណីតនៃខូលិកសិនសម្លៀកបំពាក់ Stefano Ricci»៕