ទេសចរណ៍

Wake Park Cambodia កន្លែងជិះស្គីលើទឹកដ៏ប្លែកដំបូងគេ នៅក្រុងសៀមរាប

October 22, 2024
លៀប ទេពិទូ
Heading
Option 1

សៀមរាប​: Wake Park Cambodia គឺ​ជាទី​កម្សាន្ត​ថ្មី​ប្លែក​មួយដែលមាន​កីឡា​លើទឹក​ដ៏​ទាក់ទាញ គឺ​ការ​ជិះ​ក្តារបន្ទះ ឬ​ក្តារ​ស្គី​លើទឹក​អូស​ដោយ​ខ្សែ​រ៉កដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​សប្បាយរីករាយ និង​ភ័យ​បុក​ពោះ បន្ថែម​ពី​នោះ​ក៏មាន​ពោង​ខ្យល់​បណ្ដែត​ទឹកនិង​ឆេ្នរ​ខ្សាច់​សក្បុស​ដ៏​ស្អាត​ផងដែរ​។

​ឧទ្យាន​កម្សាន្ត Wake Park Cambodia បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០២១ លើ​ផ្ទៃដី​ប្រហែល ៦​ហិកតា និង​មាន​ចម្ងាយ​ប្រមាណ៦​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ កន្លែង​កម្សាន្ត​នេះ ទទួលភ្ញៀវ​ទេសចរ​ម​ក កម្សាន្ត​ចាប់ពី​ថ្ងៃ​អង្គារដល់​ថ្ងៃអាទិត្យ ដោយ​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ បើក​ដំណើរការ​ពី​ម៉ោង​១២​ថ្ងៃត្រង់ដល់​ម៉ោង​៨​យប់ ចំណែក​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃអាទិត្យ បើក​ដំណើរការ​ពី ៩​ព្រឹក ដល់​ម៉ោង​៩​យប់​។

​អ្នកទេសចរ​អាច​ទិញ​សំបុត្រ​ដើម្បី​ចូល​កម្សាន្ត​បានដោយ​សំបុត្រ​ចូល​លេង​ធម្មតា​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តជាតិ​មានតម្លៃ​៥​ដុល្លារ(​កុមារ​មិន​គិតលុយ​) ហើយ​សំបុត្រ​អាច​ប្តូរ​ជា​ភេសជ្ជៈ និង​ម្ហូបអាហារ​បាន​នៅទីនេះ​។សំបុត្រ​សម្រាប់​ជិះ​ក្តារបន្ទះ ឬ​ស្គី​លើទឹក តម្លៃ ២៤​ដុល្លារ សម្រាប់​រយៈពេល​២​ម៉ោង​។សំបុត្រ​សម្រាប់​ជិះ​ក្តារបន្ទះ ឬ​ស្គី​លើទឹក តម្លៃ ៣២ ដុល្លារ សម្រាប់​មួយថ្ងៃ​ពេញ​។បន្ថែម​ពីនេះ សម្រាប់​ការ​ជិះ​ពោង​បណ្តែត​លើទឹក មានតម្លៃ ៨ ដុល្លារ សម្រាប់​មនុស្ស​គ្រប់​វ័យ​។

​បុគ្គលិក​ឧទ្យាន Wake Park Cambodia បាន​ប្រាប់ SR News ថា កីឡា​ជិះ​ស្គី​លើទឹក ឬ​ជិះ​ក្តារបន្ទះ​នេះ​មានតែ​នៅ​បរទេស​ប៉ុណ្ណោះប៉ុន្តែ​ពេលនេះ​បាន​មកដល់​ទឹកដី​សៀមរាប​ដំបូង​គេ ដោយ​កីឡា​មួយ​នេះ​មាន​បែងចែក​ទៅតាម​កម្រិត​របស់​អ្នកលេងជាពិសេស​ត្រូវ​ជិះ​ឆ្លងកាត់​ពីមួយ​វគ្គ​ទៅមួយ​វគ្គ កាន់ តែ​រំភើប​សប្បាយរីករាយ​។​

​មុន​ចូលទៅ​ជិះ​ស្គី​កម្សាន្ត​លេងអ្នកទេសចរ​ត្រូវ​ពាក់អាវ​ពោង​សុវត្ថិភាព និង​មួកសុវត្ថិភាព​ជាមុនសិន ដោយ​បុគ្គលិក​ទីនេះ​ជា​អ្នករៀបចំ​ជូនបន្ទាប់មក​គ្រូបង្ហាត់​នឹង​មក​បង្រៀន ឬ​ពន្យល់​ណែនាំ​ពី​របៀប​លេង និង​បច្ចេកទេស​ផ្សេងៗ​ផងដែរ​សម្រាប់​អ្នក​ពុំ​ធ្លាប់មាន​បទពិសោធន៍ប៉ុន្តែ​ចំពោះ​អ្នក​ធ្លាប់បាន​ជិះ​កីឡា​លើទឹក​នេះហើយ អាច​ចូល​លេង​បានតែ​ម្ដង​។​

​ការ​ជិះ​ក្តារបន្ទះឬ​ក្តារ​ស្គី​នៅលើ​ទឹក​នេះ មាន​៤ វគ្គ​សម្រាប់​ភ្ញៀវទេសចរ​ដូចជា វគ្គ​ទី​១ ភ្ញៀវ​ត្រូវ​លុតជង្គង់​លើ​ក្ដារបន្ទះហើយ​នេះ​គឺជា​វគ្គ​ដែល​ស្រួល​ជាងគេ​ចំពោះ​អ្នក​មិនចេះ​លេង​សោះ ក្នុងករណី​ភ្ញៀវ​មិនអាច​ធ្វើបានភ្ញៀវ​ត្រូវ​ធ្វើការ​ជិះ​បែបនេះ​ម្តង​ហើយ​ម្តងទៀត​ទាល់តែ​ជាប់ ប្រសិនបើ​ភ្ញៀវ​អាចធ្វើ​បានមានន័យថា​ភ្ញៀវ​បាន​ជាប់ អាច​ឆ្លងទៅ​កាន់​វគ្គ​ទី​២​។  

​វគ្គ​ទី​២ភ្ញៀវ​ត្រូវ​ឈរ​ដាក់​ជើង​ទាំងពីរ​ឱ្យ​នឹង​លើ​ក្ដារ​ស្គី​ជើង​២ ហើយ​ការ​ជិះ​បែបនេះ ពិបាក​ជាង​វគ្គ​១​បន្តិច​។ឆ្លង​មកដល់ វគ្គ​៣ ភ្ញៀវ​ត្រូវយក​ជើង​ទាំងពីរ​ឈរលើ​ក្តារ​ស្គី​មួយ​វិញ ធ្វើយ៉ាងណា​ភ្ញៀវ​ត្រូវ​ទប់​លំនឹង​ឱ្យបាន​។ចូលមក​ដល់​វគ្គ​ទី​៤ វគ្គ​នេះ​គឺ​សម្រាប់​អ្នកជំនាញ ដែល​ជិះ​បង្ហោះ​ស្គី ឬ Freestyle លើ​ក្តារ​ចំណោត​ដែល​រៀបចំ​ទុក​សម្រាប់​ភ្ញៀវទេសចរ បញ្ចេញ​ក្បាច់​តាម​ចំណូលចិត្ត​របស់ខ្លួនដោយ​អាច​ជិះ​ក្នុង​ល្បឿន ៣៨ ទៅ​៤០ គីឡូម៉ែត្រ​ក្នុង ១​ម៉ោង ប៉ុន្តែ​ភ្ញៀវទេសចរ​ត្រូវ​បង់ថ្លៃ​បន្ថែម​សម្រាប់​ការលេង​វគ្គ​ចុងក្រោយ​នេះដោយ​រយៈពេល​២​ម៉ោង​មានតម្លៃ ១៤​ដុល្លារ ចំណែក​រយៈពេល​ពេញ​មួយថ្ងៃ តម្លៃ ១៩​ដុល្លារ​។

ដោយឡែក​ការកម្សាន្ត​លើ​ពោង​បណ្តែត​លើទឹក​វិញភ្ញៀវទេសចរ​អាច​លោត​លេង ជិះ​ទម្លាក់ខ្លួន ឬ​ស្លាយ​លេង​លើទឹក ក៍​ដូចជា​ការកម្សាន្ត​ត្រូវ​ឆ្លង​ឧបសគ្គដូច​ក្នុង​កម្មវិធី Ninja Warrior ដូច្នោះ​ដែរ​។

​បន្ថែម​ពី​ការកម្សាន្ត​លើទឹកទីនេះ​មាន​ឆ្នេរ​សប្ប​និម្មិត​ក្រាល​ដោយ​ខ្សាច់​ដ៏​ស​ស្រស់ស្អាត ដែល​អ្នក អាច​អង្គុយលេង​មើល​ផ្ទៃ​ទឹក​ខៀវស្រងាត់ដែលមាន​ជម្រៅ​រាក់ ស័ក្ក​សម​សម្រាប់​កុមារ​តូចៗ អាច​លេង​ទឹកបាន​យ៉ាង​សុវត្ថិភាព​។ ក្នុង​ទី​កម្សាន្ត​នៃ​ទឹកដី​អង្គរ​នេះក៏មាន​ភោជនីយដ្ឋាន និង​បា​រ៍ ដែល​បម្រើ​ជូន​អាហារ​ក្នុងស្រុក បរទេស និង​ភេសជ្ជៈ​ជាច្រើនតម្លៃ​ចាប់ពី ២​ដុល្លារ ដល់ ៧​ដុល្លារ​។

បន្ទាប់ពី​លេង​កីឡា​លើទឹក​នៅ​ឧទ្យាន​ហើយភ្ញៀវទេសចរ អាច​ចំណាយ​ពេលវេលា​ដ៏​រីករាយ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​បាន នា​វេលា​កាល​ថ្ងៃ​រៀប​អស្តង្គតនិង​ពេល​រាត្រី ដោយ​ស្រូបយក​ខ្យល់អាកាស​ដ៏​ល្អ​បរិសុទ្ធ ក្រោម​ជំនោរ​ខ្យល់​ត្រជាក់​នៃ​ទីកន្លែង​គួរ​ជាទី​មនោ​រម្យ​ក្រៃលែង​។

​ទៅ​ថ្ងៃ​អនាគតឧទ្យាន Wake Park Cambodia នឹងមាន​គម្រោង​ក្នុងការ​ពង្រីក នឹង​កែច្នៃ​បន្ថែមទៀត ដូចជា​ការសាងសង់ផ្ទះ​បឹង​កា​ឡូ​នៅជាប់​មាត់ទឹក សម្រាប់​ភ្ញៀវ​ស្នាក់នៅ ដែល​ផ្ទះ​ស្នាក់​នេះ នឹង​បើក​ដំណើរការ​ចុងឆ្នាំ​។​

ឧទ្យាន​ Wake Park Cambodia មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាបខេត្តសៀមរាប​។ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Wake​ Park Cambodia ឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ០៩៥ ៨៨២ ៤២១ ៕

​ទីតាំង: Wake Park Cambodia

អត្ថបទពេញនិយម

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

តស់! មកដឹងពីវីតាមីនល្អៗជួយដល់សុខភាពភ្នែក

កសិករនៅបាត់ដំបង ចែករំលែកបទពិសោធន៍ចិញ្ចឹមជ្រូកកណ្ដុរ មិនត្រឹមតែងាយស្រួល ថែមទាំងមានទីផ្សារល្អ

បុរសឥណ្ឌូនេស៊ីម្នាក់ សម្លាប់អ្នកជិតខាង ដែលតែងសួរថា ហេតុអ្វីបានជាគាត់មិនទាន់រៀបការ?

លោក ធីម ម៉ាដុកស៍ បង្កើតសាលារៀន និងមណ្ឌលកុមារកំព្រា ដើម្បីជួយកុមារក្រីក្រ នៅក្នុងខេត្តសៀមរាប