ទេសចរណ៍

ជាង១ទសវត្សរ៍ KA-Tours នាំភ្ញៀវទេសចរជិះស៊ីក្លូ ស្វែងយល់ពីប្រវត្តិអគារស្ថាបត្យកម្មចាស់ៗនៅរាជធានីភ្នំពេញ

October 22, 2024
August Stella
Heading
Option 1

អស់​រយៈពេល​ជាង​១​ទសវត្សរ៍អតីត​និស្សិត​ស្ថាបត្យកម្ម​ខ្មែរ និង​បរទេស បាន​បង្កើត Khmer Architecture Tours (​ឬ KA-Tours) នាំ​ភ្ញៀវទេសចរ​ជិះ​ស៊ីក្លូ​ទស្សនា​សំណង់​ប្រវត្តិសាស្ត្រអមដោយ​ការបរិយាយ​រឿងរ៉ាវ​ពី​មគ្គុទ្ទេសក៍​ដែល​សុទ្ធសឹងតែ​ស្ថិតក្នុង​វិស័យ​ស្ថាបត្យកម្ម​។​

KA-Tours ជា​អង្គ​ការមិន​គិតពី​ប្រាក់ចំណេញ  ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ ២០០៣ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សំណង់​អគារ​ក្រោយ​ឆ្នាំ ១៩៥៣ជា​ឆ្នាំ​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យភាព​ពី​អាណានិគមនិយម​បារាំង​។​

​ភ្ញៀវទេសចរ Owen Bentley បាន​បង្ហោះ​រូបភាព​ដំណើរ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​កាលពី ​ឆ្នាំ២០២៣ ជាមួយ​ចំណាប់អារម្មណ៍​រីករាយ​។​

​រីឯ​អ្នក​បញ្ចេញមតិ​ម្នាក់ទៀត​ឈ្មោះ Felicity Flowerdew បានបង្ហាញ​ចំណាប់អារម្មណ៍​ស្រដៀង​គ្នា​នេះដែរ​ថាខ្លួន​ធ្លាប់បាន​ទាក់ទង KA-Tours ដោយ​បញ្ចូល​កម្មវិធី​ទស្សនា​ស្ថាបត្យកម្ម​នៅ​ភ្នំពេញក្នុង​ដំណើរ​កម្សាន្ត​ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍ Dragonfly Tours Cambodia​។​

ភ្ញៀវ​ឈ្មោះ Flowerdewបាន​កោតសរសើរ​ថា​៖ «KA-Tours ពិតជា​ល្អឥតខ្ចោះហើយ​ដំណើរ​កម្សាន្ត​នេះ​បាន​ផ្ដល់នូវ​ចំណេះដឹង​ស៊ីជម្រៅ​ពី​ប្រវត្តិសាស្ត្រ​នៅ​រាជធានី​ភ្នំពេញ​»​។​

​ភ្ញៀវ​ឈ្មោះ Bentley ដែល​បាន​ជួយ​ណែនាំ KA-Tours លើ​បណ្ដាញ​សង្គម​បាន​លើកឡើងថា​៖ «​វា​ជា​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​លើ​ស៊ីក្លូជាមួយ​ក្រុម​ទេសចរណ៍​ស្ថាបត្យកម្ម​ខ្មែរ​ ខ្ញុំ​ត្រូវបាន​ណែនាំ​បន្ត​ពី​មិត្តភក្ដិ​ដែរ​។ កញ្ញា  ជា​មគ្គុទេសក៍​ពោរពេញ​ដោយ​ចំណេះដឹង និង​រួសរាយ​ណាស់​។ តៃកុង​ស៊ីក្លូ​របស់​យើង​ពិតជា​អស្ចារ្យ​ នេះ​ពិតជា​សកម្មភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ប្រសិនបើ​អ្នក​មកលេង​ភ្នំពេញ​»​។​

​អ្នកស្រី សុក​ញ្ញាជា​ស្ថាបត្យករ​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​ស្ថាបត្យកម្មនិង​នគ​រូបនីយ​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានចាប់ផ្ដើម​បម្រើការ​នៅ KA-Tours តាំងពី​ឆ្នាំ ២០១៦​។​

​មគ្គុទេសក៍​មាន​ជំនាញ​ស្ថាបត្យកម្ម​រូបនេះ​បាន​បន្តថា​៖«​ខ្ញុំ​ចូលចិត្ត​នាំ​ Tour ​ហ្នឹង​ដោយសារ​យើង​អាច​បង្ហាញ​ពីអ្វី​ដែល​យើង​បានដឹង​ពី​សំណង់​ស្ថាបត្យកម្ម​ជា​សម្បត្តិ​បេតិកភណ្ឌ​ដូចជាអគារ​សម័យ​បារាំង ឬក៏​អគារ​របស់​លោកតា វណ្ណ មូលី​វណ្ណហើយ​ខ្ញុំ​ចូលចិត្ត​ជួប​មនុស្ស​ថ្មីៗ​ប្លែកៗ និង​បាន​ចែករំលែក​ប្រាប់​គាត់​ពីអ្វី​ដែល​យើង​ដឹង​ពី​អគារ​ទាំង​អស់ហ្នឹង​»​។​

​ក្នុងចំណោម​អគារ​ស្ថាបត្យកម្ម​ដ៏​ចំណាស់​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី​ពេញចិត្ត​ស្នាដៃ​ស្ថាបត្យករ​ល្បី​លោក វណ្ណ មូលី​វណ្ណ ដោយសារ​អគារ​របស់លោក​ជាក់ស្ដែង​ធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​អារម្មណ៍​ផាសុកភាព​។​

​អ្នកស្រី​បានលើកឡើង​ថា​៖ «​ខ្ញុំ​ចូលចិត្ត​អគារ​នៅ​សាលា​វិទ្យាស្ថាន​ភាសាបរទេស​ជាងគេ ព្រោះ​វា​នៅសល់​គូ​ទឹក នៅសល់​សួនច្បារ ហើយ​នៅពេល​យើង​នៅក្នុង​អគារ​ហ្នឹង​មាន​អារម្មណ៍​ថាវា​ត្រជាក់​ស្រួលខ្លួន​។ ទាំង​ប្រព័ន្ធ​ទឹកប្រព័ន្ធ​ខ្យល់​អី​គឺ​ល្អ​នៅក្នុង​ហ្នឹង ព្រោះ​គាត់​បាន​គិតគូរ​រួចហើយ​មុនពេល​សង់​»​។​

​អគារ​ប្រមាណ​ជាង ១០កន្លែង ត្រូវបាន​រៀបចំ​ជា​គោលដៅ​នាំ​ភ្ញៀវ​ទៅ​ទស្សនាក្នុងនោះ​តំបន់​អគារ​ប្រៃសណីយ៍​កម្ពុជា​ទទួលបាន​ការចាប់អារម្មណ៍​ជាងគេ​។​

​កញ្ចប់​ដំណើរ​ទស្សនា​ស្ថាបត្យកម្ម​ចែកចេញជា៣ គឺ​ការ​ជិះ​ស៊ីក្លូ​នៅ​កណ្ដាល​ទីក្រុង​, ការ​ទស្សនា​ស្ថាបត្យកម្ម​ខ្មែរ​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង​ស្ថាបត្យកម្ម​សាសនា​ទាំង ៤ នៅ​ភ្នំពេញ​។​

​ស្ថាបត្យករនិង​មគ្គុទ្ទេសក៍ ហ៊ុន សុក​ញ្ញា បាន​លើកឡើងថាភ្ញៀវទេសចរ​អាច​ទស្ស​នា​ស្វែងយល់​ពី​អគារ​ចាស់ៗ​នៅ​សេសសល់​ថ្ងៃនេះ ដោយ​ពុំ​ដឹងថាវា​អាច​ស្ថិតស្ថេរ​បាន​ដល់​ពេលណា​ឡើយ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ប្រសិនបើ​អគារ​ចាស់ៗ​ទាំង​អស់ហ្នឹង​ត្រូវបាន​ប្ដូរ​ជា​សំណង់​ខ្ពស់ៗវិញ ខ្ញុំ​អត់​មាន​អ្វី​និយាយ​ច្រើន​ក្រៅ​តែ​អំពី​ពាក្យ​ថា សោកស្ដាយ ហើយ​រាល់ថ្ងៃ​ខ្ញុំ​ក៏​ព្យាយាម​ចងក្រង​ឯកសារ​ខ្លះៗ ​ហើយ​ខ្ញុំ​ធ្វើការ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដែរ ទាក់ទង​ជាមួយ​គម្រោង​ឆ្នាំ ២០១៩ លើ​អគារ​បេតិកភណ្ឌ​ហ្នឹង​»​។​

​តម្លៃ​សម្រាប់​ភ្ញៀវ​ម្នាក់២០​ដុល្លារ ហើយ​ប្រាក់ចំណូល​ទាំងអស់​នៅ KA-Tours ត្រូវបាន​ផ្ដល់​ទៅខាង​ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​។ ដំណើរ​ទស្សនា​អគារ​ស្ថាបត្យកម្មធ្វើឡើង​រៀងរាល់​ថ្ងៃអាទិត្យ​ដោយ​ការជួប​ជុំគ្នា​នៅ​ទីតាំង​ប៉ុស្ដិ៍​ប្រៃសណីយ៍​។ ដើម្បី​ចុះឈ្មោះ សូម​ទំនាក់ទំនង​អ៊ី​ម៉ែ​ល contact@ka-tours.org/ ឬ WhatsApp និង Telegram ០៨៩៨២១៧១២៕

អត្ថបទពេញនិយម

អ្នកស្ម័គ្រចិត្តជិត ៣០០ នាក់ នឹងចុះតាមសហគមន៍ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឥតគិតថ្លៃដល់សត្វសុនខនៅ ៣ ខេត្ត-ក្រុង

កសិករ ប៊ូ ម៉ាន៖ ឪឡឹកសាច់លឿងរសជាតិឆ្ងាញ់ ស្រួយ មានទីផ្សារល្អ

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

ឥទ្ធិពល BTS លើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង

អ្នកដឹកនាំភាពយន្ត ២ រូប ធ្វើឱ្យមហោស្រពភាពយន្តខ្មែរ ក្រុងឡុងប៊ិច ឈានដល់ឆ្នាំទី ១០ មានទាំង អេនជែលីណា ចូលី ជាទូតសុឆន្ទៈ