នៅក្នុងចំណោមអ្នកគាំទ្រជាច្រើនរួមទាំងថ្នាក់ដឹកនាំ ដែលបានអញ្ជើញទៅទទួលតារាចម្រៀង វណ្ណដាក្នុងដំណើរត្រឡប់មកមាតុភូមិវិញ ស្ថាបនិកផលិតកម្មបារមី កញ្ញា ឡូរ៉ា ម៉មបានបញ្ជាក់យ៉ាងច្បាស់ថាការសម្ដែងដ៏អស្ចារ្យលើឆាកតន្ត្រីបិទព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឯទីក្រុងប៉ារីស ជាជោគជ័យ ដែលមានចំណែកចូលរួមពីអតីតព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតាគង់ ណៃ ក្នុងនាមជាមរតកនៃវប្បធម៌តន្ត្រីខ្មែរ។
កំពូលតារាចម្រៀងរ៉េបវណ្ណដា ត្រូវបានទទួលស្វាគមន៍ដោយថ្នាក់ដឹកនាំវិស័យកីឡា អ្នកមានគុណទាំងពីរព្រមទាំងអ្នកគាំទ្រដ៏ច្រើនពេញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែសីហា។
នៅពីក្រោយជោគជ័យរបស់វណ្ណដា កញ្ញា ឡូរ៉ា ម៉ម បានបញ្ជាក់ថា មានក្រុមការងារបារមីចំនួន ៥២នាក់បានខិតខំដាក់ចិត្តដាក់កាយធ្វើកិច្ចការនេះទាំងអស់គ្នា។
ក្រៅពីការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសគណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនកម្ពុជាដែលបានចូលរួមកោតសរសើរ និងមានមោទនភាពចំពោះវណ្ណដា ក្នុងនាមជាតំណាងប្រទេសជាតិ កញ្ញា ឡូរ៉ា ម៉មបានឧទ្ទិសជោគជ័យនេះដល់វិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃនិងក្រុមគ្រួសាររបស់លោក។
នៅចំពោះមុខអ្នកគាំទ្រនិងអ្នកសារព័ត៌មាន កញ្ញា ឡូរ៉ា ម៉ម ម្ចាស់ផលិតកម្មបារមី បាននិយាយថា៖ «ខ្ញុំពិតជាមានមោនទភាពខ្លាំងមែនទែនសម្រាប់ខ្មែរសម្រាប់ផលិតកម្មបារមី សម្រាប់ខ្ញុំ និងសម្រាប់ វណ្ណដា»។
និយាយដោយក្ដីរំភើបស្ទើរស្រក់ទឹកភ្នែកកញ្ញា ឡូរ៉ា ម៉ម បានបន្តទៀតថា៖ «អ្វីដែលខ្ញុំចង់និយាយសំខាន់ជាងគេគឺខ្ញុំសូមអរគុណដល់លោកគ្រូគង់ ណៃ និងប្រពន្ធគាត់ បើអត់មានគាត់ គឺអត់មានថ្ងៃនេះទេ ហើយអ្វីដែលអ្វីដែលខ្ញុំសប្បាយចិត្ដគឺកេរតំណែលរបស់ខ្មែរនៅឆាកអន្តរជាតិគឺមានលោកគ្រូគង់ ណៃ ចូលរួមនៅក្នុងហ្នឹង មានវត្តមានរបស់គាត់នៅក្នុងហ្នឹងដែរ»។
កញ្ញាសារភាពថាខ្មែរមានតន្ដ្រីល្អ និងវប្បធម៌ល្អផូរផង់ តែមិននឹកស្មានថាសិល្បករខ្មែរអាចមានវត្ដមាននៅក្នុងព្រឹត្ដិការណ៍បិទកីឡាអូឡាំពិកនេះឡើយ។
កញ្ញាបានបញ្ជាក់ថា៖«ខ្ញុំមិនដែលគិតថាវាអាចទៅរួចទេ ហើយខ្ញុំគិតថា ក្ដីសុបិនរបស់យើងកាន់តែរីកធំទៅៗ។សម្រាប់ខ្ញុំ ខ្ញុំសប្បាយជាពិសេស ពីព្រោះវាជាថ្ងៃខួបកំណើតរបស់ម៉ាក់ដែលគាត់ស្រឡាញ់សិល្បៈខ្មែរយើងមែនទែន»។
ជាមួយអារម្មណ៍រំភើបរំជើបរំជួលកញ្ញា ឡូរ៉ា បានបន្ដថា៖ «ថ្ងៃនេះជាថ្ងៃជោគជ័យខ្លាំង ហើយខ្ញុំសង្ឃឹមថាខ្មែរយើងនឹងមើលរូបភាពរបស់ វណ្ណដា ហើយជឿជាក់លើខ្លួនថា យើងធ្វើបានអ្វីក៏ដោយក្ដីសុបិនដែលយើងចង់បាន គឺយើងអាចធ្វើបាន»៕