ភ្នំពេញ៖ ស្រីមុំជាតួអង្គឯកក្នុងភាពយន្ដថ្មីរបស់ផលិតករទទួលការបណ្ដុះបណ្ដាលពីប្រទេសកូរ៉េខាងត្បូងមានសមត្ថភាពពិសេសមើលឃើញខ្មោចនៅរដូវបុណ្យភ្ជុំបិណ្ឌ។
សមត្ថភាពពិសេសបានធ្វើឱ្យស្រីមុំជាអ្នកស្រាយចម្ងល់ដ៏អាថ៌កំបាំងក្នុងការស្លាប់របស់មិត្ដសម្លាញ់ម្នាក់ថាតើនាងស្លាប់ដោយសារអត្ដឃាត ឬឃាតកម្ម?
និស្សិតបញ្ចប់ការសិក្សានៅសាលាភាពយន្ត Busan Asian នៅក្រុងប៊ូសាននៅប្រទេសកូរ៉េខាងត្បូង លោក សេង ធីបាននាំមកនូវទស្សនវិស័យថ្មីដល់ឧស្សាហកម្មភាពយន្តក្នុងស្រុកដោយរួមបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាជាមួយនឹងបច្ចេកទេសនិទានរឿងដ៏រស់រវើកដែលលោកទទួលបាននៅបរទេស។
លោកធី និយាយថា៖ «ភាពយន្តរបស់ខ្ញុំ រួមទាំង រឿងចុងក្រោយនេះ ព្រះភូមិត្រូវបានផលិតឡើងដើម្បីទាក់ទាញទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកខណៈដែលបង្ហាញពីសម្រស់វប្បធម៌ខ្មែរដ៏ពិសេស និងភាពស្មុគស្មាញនៃសាច់រឿង»។
ជាមួយនឹងការបង្កើតផលិតកម្ម Tiny Film Production ក្រោមការដឹកនាំរបស់ Westec Media លោក ធី បានធ្វើការដោយមិននឿយហត់ដើម្បីជំរុញព្រំដែននៃភាពយន្តខ្មែរ ហើយរឿង «ព្រះភូមិ» គឺជាគម្រោងមហិច្ឆតាចុងក្រោយរបស់លោក។
រឿង«ព្រះភូមិ» ផលិតដោយ BONG Film and Media សហការជាមួយ Two Rivers International បង្កប់នូវសាច់រឿងដ៏អាថ៌កំបាំង និងភាពភ័យរន្ធត់ដើម្បីបង្កើតបទពិសោធន៍ភាពយន្តដែលមិនអាចបំភ្លេចបាន។
តួសម្តែងក្នុងរឿង«ព្រះភូមិ» តំណាងឱ្យទេពកោសល្យខ្មែរជំនាន់ថ្មីដែលជ្រើសរើសមិនត្រឹមតែជំនាញសម្តែងប៉ុណ្ណោះទេប៉ុន្តែសម្រាប់សមត្ថភាពតំណាងឱ្យប្រទេសកម្ពុជាសម័យទំនើប។
លោកធី បាននិយាយថា៖ «ពួកគាត់មានទេពកោសល្យសម្ដែងយ៉ាងខ្លាំងដែលឆ្លុះបញ្ចាំងពីភាពពីរនៃជីវិតខ្មែរសម័យទំនើបដែលជាប់ទាក់ទងនឹងប្រពៃណីខាងវិញ្ញាណ»។
លោកបានបន្ដថា៖«តួសម្តែងរបស់យើងក៏បានលេចមុខតាមការប្រកួតបបរកញ្ញាឯក កម្មវិធីប្រលងសមត្ថភាព តាមប្រព័ន្ធផ្សព្វផ្សាយហើយម្នាក់ធ្លាប់បានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំរបស់តារាភាពយន្ដអេជឺលីណា ជោលី ផងដែរ»។
រឿង «ព្រះភូមិ» នឹងមានការចាក់បញ្ចាំងជាលើកដំបូងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី ១ និង ២ ខែតុលា ឆ្នាំ ២០២៤ នៅក្នុងរោងកុនមួយចំនួនបន្ទាប់មកការចេញផ្សាយជាផ្លូវការនៅថ្ងៃទី ៣ ខែតុលានៅក្នុងទីក្រុងធំៗទូទាំងប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ សៀមរាបព្រះសីហនុ បាត់ដំបង និងប៉ោយប៉ែត។
ភាពយន្តនេះត្រូវចំពេលនឹងពិធីបុណ្យភ្ជុំបិណ្ឌដែលអនុញ្ញាតឱ្យទស្សនិកជនបានជ្រួតជ្រាបទាំងសាច់រឿងនៃរឿងអបិយជំនឿនិងព្រឹត្តិការណ៍វប្បធម៌ពិត៕