បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏សំខាន់បំផុតមួយនៅប្រទេសកម្ពុជា ក្នុងការជួបជុំគ្រួសារនិងធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វការីជន។ ខណៈពេលដែលការឈប់សម្រាកកំឡុងពិធីបុណ្យនេះនាំមកនូវភាពរីករាយជារឿយៗការញ៉ាំអាហារបរិបូណ៌ និងការខកខានបញ្ចេញពលកម្មហាត់ប្រាណងាយនឹងធ្វើឱ្យមនុស្សឡើងទម្ងន់ណាស់។
ឥទ្ធិពលការញ៉ាំអាហាររដូវបុណ្យទាន
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នំអន្សម សម្លការី មាន់ ទា ត្រី សាច់ បង្អែម និងម្ហូបអាហារសម្បូរកាឡូរីផ្សេងៗទៀតត្រូវបានរៀបចំតាមប្រពៃណី។
រយៈពេលនៃការបណ្ដោយខ្លួនញ៉ាំឆ្ងាញ់ៗបែបនេះអាចនាំឱ្យមានការឡើងទម្ងន់គួរឱ្យកត់សម្គាល់មិនថាសម្រាប់ប្រជាជនខ្មែរ ឬនៅប្រទេសណានោះទេ។ ទំនោរឡើងទម្ងន់កំឡុងពេលបុណ្យទានវិស្សមកាល និងថ្ងៃឈប់សម្រាកនៅបណ្ដាប្រទេសផ្សេង ក៏ត្រូវបានគេសម្គាល់ឃើញថាអាចធ្វើឱ្យប្រជាជនគ្រប់ជាតិសាសន៍ឡើងទម្ងន់ផងដែរ។
យោងតាមអ្នកស្រី Christina Badaracco អ្នកជំនាញខាងចំណីអាហារនិងប្រឹក្សាផ្នែកថែទាំសុខភាពដែលមានមូលដ្ឋាននៅទីក្រុង Washington, DC បាននិយាយថា៖«មនុស្សទំនងជាគិតដឹងមុនថា ពួកគេនឹងឡើងទម្ងន់កំឡុងពេល ឬក្រោយចប់ថ្ងៃឈប់សម្រាកប៉ុន្តែកម្រិតគីឡូនឹងកើនឡើងតាមពេលវេលា ប្រសិនបើពួកគេមិនមានវិធានការទប់ទល់ជាមុន»។
យោងតាមការចុះផ្សាយដោយ www.everydayhealth.com អ្នកស្រីបានលើកឡើងថា ការយល់ដឹងពីការបម្រុងនឹងឡើងគីឡូដូច្នេះអាចជួយឱ្យមនុស្សគ្រប់គ្រងទម្ងន់នៅថ្ងៃបុណ្យ ក៏ដូចជាការពារបញ្ហាសុខភាពយូរអង្វែងទៅថ្ងៃមុខផងដែរ។
កត្តាដែលរួមចំណែកដល់ការឡើងទម្ងន់
អ្នកស្រី Katherine D. McManus, MS, RD, LDN មកពី Harvard Health បានពន្យល់ថា៖ «ម្ហូបម្ហាអាហារសម្រន់ អាហារប៊ូហ្វេដ៏សម្បូរបែបនិងកម្មវិធីជប់លៀងថ្ងៃសម្រាកធ្វើឱ្យការរក្សាទម្ងន់ជារឿងមួយដ៏លំបាកក្នុងអំឡុងវិស្សមកាល»។
ការចុះផ្សាយដោយ www.health.harvard.edu អ្នកស្រីបានបន្ថែមថា ទិដ្ឋភាពសង្គមនៃពិធីបុណ្យជារឿយៗពាក់ព័ន្ធនឹងការជួបជុំ និងពិធីជប់លៀងជាច្រើនដែលបង្កើនលទ្ធភាពនៃការញ៉ាំច្រើនពេកលើសតម្រូវការ។
គ្រប់គ្រងការឡើងទម្ងន់ក្រោយវិស្សមកាល
ដើម្បីគ្រប់គ្រងការឡើងទម្ងន់ក្រោយបុណ្យភ្ជុំបិណ្ឌ វាចាំបាច់ណាស់ក្នុងការត្រឡប់ទៅរកទម្លាប់ទទួលទានអាហារនិងការហាត់ប្រាណជាប្រចាំ។
អ្នកជំនាញបានណែនាំយុទ្ធសាស្ត្រជាច្រើនដូចជា រក្សាទម្លាប់ទទួលទានអាហារជ្រើសរើសអាហារដែលមានជាតិខ្លាញ់ទាប និងគោលដៅដើរឱ្យបាន ១ម៉ឺនជំហានក្នុងមួយថ្ងៃបន្ទាប់ពីវេលាឈប់សម្រាកនោះកន្លងផុត។
ការអនុវត្តទាំងនេះអាចជួយបន្ធូរបន្ថយផលប៉ះពាល់នៃការឡើងគីឡូនិងលើកកម្ពស់ការវិលត្រឡប់ទៅរករបៀបរស់នៅដែលមានសុខភាពល្អជាងមុន។
សរុបសេចក្តីមក ខណៈពេលដែលថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ គឺជាវេលាមាសក្នុងការជួបជុំក្រុមគ្រួសារវាក៏ជាអំឡុងពេលមនុស្សមួយចំនួនត្រូវប្រឈមនឹងរឿងឡើងទម្ងន់ដោយសារតែអាហារបុណ្យ និងការខកខានធ្វើលំហាត់ប្រាណ។
តាមរយៈការយល់ដឹងអំពីកត្តាដែលរួមចំណែកដល់ការឡើងទម្ងន់នេះនិងការអនុវត្តយុទ្ធសាស្ត្រដែលអ្នកជំនាញណែនាំខាងលើ អាចឱ្យបុគ្គលម្នាក់ៗអាចរីករាយជាមួយថ្ងៃឈប់សម្រាកពិធីបុណ្យនិងថែរក្សាសុខភាពរបស់ពួកគេពេលវិលត្រឡប់ចូលធ្វើការ និងដំណើរអាជីវកម្មឡើងវិញ៕