យុវតីថៃអាយុ ១៧ ឆ្នាំម្នាក់ឈ្មោះ Kuilthida ដែលមានឈ្មោះហៅក្រៅថា Yeehwa បានផ្ទុះការចាប់អារម្មណ៍លើអ៊ីនធឺណិតដោយសារតែនាងមានមុខមាត់ដូចតារាខេផប់ Lisa នៃក្រុម Blackpink។
កញ្ញា Yeehwa ជាសិស្សឆ្នាំទី៥ នៅវិទ្យាល័យ(ស្មើនឹងថ្នាក់ទី ១១) នៃសាលា Taphanhin ស្ថិតក្នុងខេត្ត Phichit។ ពេលសម្រាកពីការងារ នាងតែងតែជួយម្តាយរបស់នាងបើកតូបលក់មាន់បំពងនៅផ្សារ។រូបថតរបស់ Yeehwaដែលកំពុងលក់ដូរនៅតូបនោះ ត្រូវបានចែកចាយពេញបណ្ដាញសង្គមដោយសារតែនាងមានមុខមាត់ស្រដៀងទៅនឹង Lisa តារាចម្រៀងដើមកំណើតថៃ។
ចំណាប់អារម្មណ៍លើយុវតីនេះ កើតឡើងស្របពេលនឹង Lisa ទទួលបានជោគជ័យថ្មីថ្មោងជាមួយបទចម្រៀងទោលរបស់នាងចំណងជើងថា Rockstar ដែលទើបតែចេញក្ដៅៗកាលពីថ្ងៃទី ២៧ ខែមិថុនា។វីដេអូចម្រៀងនេះបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីចម្រៀងលើបណ្ដាញវីដេអូYouTube ជាមួយចំនួនចូលមើលចំនួន ៦៦ លានដងក្នុងរយៈពេលតែ ៥ ថ្ងៃប៉ុណ្ណោះ។បទចម្រៀងនេះក៏បានគ្រប ដណ្តប់លើតារាង iTunes របស់អាមេរិកផងដែរ ជាមួយនឹង ៥ទម្រង់នៃបទនេះ សុទ្ធតែជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចេញបទចម្រៀង។
ភាពជោគជ័យរបស់ Lisa បានជំរុញឱ្យមានការចាប់អារម្មណ៍ជាថ្មីចំពោះវប្បធម៌ថៃជាពិសេសប្លុក ឆាយណាថោន នៃទីក្រុងបាងកកដែលនាងបានថតវីដេអូចម្រៀង Rockstar។ដើម្បីដោះស្រាយលំហូរភ្ញៀវទេសចរមកតំបន់នោះ មន្ត្រីក្រុងពង្រឹងការអនុវត្តវិធានការសុវត្ថិភាព។
ទោះបីជា Lisa បានសាងអាជីពសិល្បៈនៅកូរ៉េខាងត្បូងតាំងពីក្មេងក៏ដោយក៏ Lisaនៅតែស្រឡាញ់ការផ្សព្វផ្សាយបេតិកភណ្ឌថៃរបស់នាង។
នាងធ្លាប់បានបញ្ជាក់ក្នុងនាមជាសមាជិកក្រុម Blackpink ថា៖ «កូរ៉េខាងត្បូងជាប្រទេសរបស់យើង ហើយថៃជាប្រទេសរបស់ខ្ញុំ»។
ការលះបង់របស់ Lisa ចំពោះប្រទេសកំណើតរបស់នាងបានបំផុសកម្លាំងចិត្តដល់យុវជនថៃជាច្រើនរួមទាំង Yeehwa ផងដែរ។
ជាមួយការផ្ទុះភាពល្បីល្បាញលើអ៊ីនធឺណិតភ្លាមៗYeehwa ដែលមានមុខមាត់ស្រដៀង Lisa បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តអាជីពក្នុងវិស័យកម្សាន្ត។
នាងបានប្រាប់កាសែត Bangkok Post ថា៖«ខ្ញុំរីករាយ និងរំភើបណាស់ដែលមានមនុស្សជាច្រើនសរសើរថា ខ្ញុំមានមុខមាត់ដូចLisa។ ខ្ញុំពេញចិត្តនឹងប្រឡូកក្នុងវិស័យសិល្បៈប្រសិនបើមានឱកាស»។
អ្នកគាំទ្របានសាទរនឹងក្តីប្រាថ្នារបស់ យុវតីYeehwa ដោយអ្នកខ្លះហៅនាងថា «Lisa សិស្សវិទ្យាល័យ» និងមានបំណងចង់ឃើញអ្នកទាំងពីរសម្ដែងរួមគ្នាលើឆាកតែមួយ៕