ជីវិត និង សង្គម

លោក អ៊ុំ ប៊ុនរ៉េត សម្រេចបេសកកម្មជិះម៉ូតូម្នាក់ឯងជាង ២៩០០០ គីឡូម៉ែត រៃអង្គាសថវិកា ៦៤០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផា

November 10, 2024
August Stella
Heading
Option 1

អស់រយៈពេល​ប្រមាណ​ជិត ៤​ខែ ​លោក អ៊ុំ ប៊ុន​រ៉េត ដែល​បានធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​ពី​អឺរ៉ុបមកកម្ពុជា​​តែ​​​ម្នាក់ឯង បាន​បញ្ចប់​បេសកកម្ម​​ដោយ​ឆ្លង​កាត់​២២ប្រទេស​ លើ​ចម្ងាយ​ ២៩០០០គីឡូម៉ែត្រ។

លោក​បាន​​​មក​ដល់​រាជធានី​ភ្នំពេញ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមួយ​ការស្វាគមន៍​ពី​ក្រុមម៉ូតូ BMW កម្ពុជា និង​ការ​ថតរូប​អនុស្សាវរីយ៍​​នៅ​មុខ​វត្តភ្នំ​។

ក្នុង​ដំណើរ​ជិះម៉ូតូ​ចម្ងាយជិត ៣ពាន់គីឡូម៉ែត្រ​មក​ដល់​រាជធានីភ្នំពេញ ដោយសុវត្ថិភាព​នោះលោក ប៊ុន​រ៉េត ​បានសម្ដែងចំណាប់អារម្មណ៍​​ថា៖ «សូម​អរគុណ លោកនាយក និង​សហការីដែល​នៅចាំ​បដិសណ្ឋារកិច្ច​ការ​មក​ដល់​​របស់ខ្ញុំ។ ជាពិសេស​អរគុណ​ដល់​បងៗ​ក្រុមគ្រូពេទ្យដែល​ខិតខំ​ជួយសង្គ្រោះ​ជីវិត​កុមារ​រាល់ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់​»។

លោក ប៊ុនរ៉េតដែលជា​ប្រធាន BMW Club កម្ពុជា ​បានចាប់ផ្ដើមចេញដំណើរពី​ទី​ក្រុង​មូ​និកប្រទេស​អាល្លឺម៉ង់នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០២៤។

លោក​បាន​រៀបរាប់​​ពី​ដំណើរ​រយៈពេល​ជិត ៤ ខែ​នេះ​​ថា៖ «ប្រទេស​ទាំង ២២ ដែល​ខ្ញុំ​បាន​ឆ្លងកាត់​មាន អាល្លឺម៉ង់ អូទ្រីស អ៊ីតាលី ស្វីស បារាំង អង់ដូរ៉ាអេស្ប៉ាញ ស្លូវ៉ានី ក្រូអាត បូស្នី-អ៊ែរហ្សេហ្គោវីន ម៉ុងតេណេហ្គ្រោ​ កូសូវ៉ូ ម៉ាសេដូនីខាងជើងអាល់បានី ក្រិក ប៊ុលហ្គារី តួកគី អ៊ីរ៉ង់ បាគីស្ថាន ចិន ឡាវ ថៃ និង​កម្ពុជា»។

​បុរស​វ័យ​៤៤ឆ្ន ាំ​ដែល​ចូលចិត្ត​ជិះ​ម៉ូតូ​ធំ​ផ្សងព្រេងនិង​បំពេញបេសកកម្ម​សប្បុរ​ស​ធម៌បានគំនិត​ធ្វើយុទ្ធនាការ​ជិះ​ម៉ូតូ​ឆ្លងទ្វីបម្នាក់​ឯងដើម្បី​រៃអង្គាសថវិកា​សប្បុរសធម៌​ ដើម្បី​កុមារ​ជាមួយនឹង​មូលនិធិ​គន្ធបុប្ផាក្រោយ​ពី​លោក​បាន​ស្ដាប់​បទ​បង្ហាញ​របស់លោក​គ្រូ ឃុន លាង​ឈុន ដែលជា​អនុប្រធាន​មន្ទី​រ​ពេទ្យ។

មុនពេលចេញ​ដំណើរលោក ប៊ុនរ៉េត បាន​លើកឡើងថា​៖ «​កុមារ​គឺជា​ធនធាន​ដ៏​មានតម្លៃហើយក៏​ជា​ក្តីសង្ឃឹម​នៃ​អនាគតរបស់​ពិភពលោក​ផងដែរ​។ កុមារ​កម្ពុជាសរុប​ជិត ​១​លាន​នាក់ បានមក​សម្រាក និង​ព្យាបាលនៅ​មន្ទីរពេទ្យ​គន្ធបុប្ផានា​ឆ្នាំ​២០២៣ និង​ប្រមាណ ​២៨​លាន​នាក់ចាប់តាំងពី​ពេល​មន្ទី​ពេទ្យ​ចាប់​បើក​មក​»​។

​ក្រៅពី​បំណង​ចម្បង​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផា ដែល​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​រាប់លាន​នាក់ក្នុងប្រទេស​កម្ពុជាប្រធាន BMW Club រូបនេះ បន្ថែមថាបេសកកម្ម​ជិះ​ម៉ូតូ​ធំ​តែម្នាក់ឯង​នេះលោក​មានបំណង​បង្ហាញ​ពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​រឹងមាំ​រវាង​ប្រទេស​អាឡឺម៉ង់ និង​កម្ពុជា​។

លោក​ក៏​ចង់​បញ្ជាក់​ផងដែរ​ថា​កម្ពុជាគឺជា​ប្រទេស​មាន​សុខសន្តិភាព​ពេញលេញពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់ និង​រួសរាយ​រាក់ទាក់សម្រាប់​ភ្ញៀវ​ទេសចរណ៍​មកពី​អឺរ៉ុប និង​ពិភពលោក​។​

​​ការ​ជិះ​ម៉ូតូនេះ​ក៏ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់សហគមន៍​អ្នក​ធុរកិច្ច​អាល្លឺម៉ង់​នៅ​កម្ពុជា (GBC) ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា។​ ដើមឡើយ លោក​គ្រោង​​​នឹងជិះម៉ូតូ​មក​ដល់​​​​រាជធានី​ភ្នំពេញនៅ​ថ្ងៃទី ​២៥ ខែតុលាឆ្នាំ​២០២៤ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​របស់​អាល្លឺម៉ង់​។ តែ​ដោយសារ​កត្តា​យថាហេតុ​បេសកកម្ម​នេះ​ត្រូវបាន​ពន្យាពេល ហើយ​ដំណើរ​ផ្លូវ​កាន់តែ​វែងឆ្ងាយ​ពី​ត្រឹម ២៥០០០គីឡូម៉ែត្រ ឡើង​ដល់​ជាង ២៩០០០​គីឡូម៉ែត្រ។

យុទ្ធនាការ កៀរគរ​ជួយ​ដល់​កុមារ​កម្ពុជា​របស់លោក នឹង​នៅ​បន្ត​ដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​។ ​​សម្រាប់​ការបរិច្ចាគ​ដល់​មូលនិធិ​គន្ធបុប្ផាសូម​ចូលទៅ​កាន់​តំណ​ភ្ជាប់ មូលនិធិគន្ធបុប្ផា

អត្ថបទពេញនិយម

យុទ្ធនាការ ៥០០០ ជំហាន ដើម្បីកំពតស្អាត ទាក់ទាញអ្នកចូលរួមប្រមាណជា ៣០០នាក់ មកចូលរួមបំផុសគំនិតគិតគូរបរិស្ថាន

កុមារមើលទូរសព្ទ និងកុំព្យូទ័រច្រើន ធ្វើឱ្យសុខាភាពមិនប្រក្រតី

ក្រុមហ៊ុន Telegram អះអាងថា ការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុន "គ្មានអ្វីត្រូវលាក់បាំងទេ"

កសិករ ប៊ូ ម៉ាន៖ ឪឡឹកសាច់លឿងរសជាតិឆ្ងាញ់ ស្រួយ មានទីផ្សារល្អ

អូរសោម កែប្រែមុខមាត់ថ្មី ក្លាយជាតំបន់សក្ដានុពលទេសចរណ៍