ជីវិត និង សង្គម

អ្នកកំពង់ឆ្នាំង កែច្នៃទូកត្នោតដែលគេបោះបង់ចោល រកបានចំណូលរាប់ពាន់ដុល្លារ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

កំពង់ឆ្នាំង​: ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ លោក វន សុ​វី គឺ​​ជា​បុរស​ម្នា​ក់មាន​ចំណង់​ចំណូលចិត្ត​ក្នុងការកែច្នៃ​​​របស់​ចាស់ៗ​ដែល​គេ​បោះបង់ចោល​ទៅជា​របស់​​​មាន​សោភ័ណភាព​ក្នុងបំណង​​​អភិរក្សវត្ថុ​​តាំង​វប្បធម៌​​​​មរតក​ពី​​ដូនតា​​ឱ្យ​បន្ត​រស់រាន​​​​សម្រាប់​ក្មេងៗជំនាន់ក្រោយ។​

មូល​ហេតុដែល​ប្រជាជន​មួយចំនួន​​បាន​​បោះបង់​ទូកត្នោត​ហើយងាកមក​​​​ប្រើប្រាស់​​ទូក​ស្មាច់​ជំនួស​វិញ​ ដោយសា​រ​​តែ​​ទូក​ស្មា​ច់​​ស្រាលហើយ​​ងាយស្រួល​ទុកដាក់​។​

​ស្របពេលដែល​លោក​សម្គាល់​ឃើញថា​​ប្រជាជន​ខ្មែរបាន​​ងាក​មកប្រើប្រាស់​ទូក​ស្មាច់​ និង​​​បោះបង់​ទូកត្នោត​ចោល ស្ថាបនិក​សិប្បកម្ម​រូបនេះ​បានចាប់ផ្ដើមប្រមែប្រមូល​ទូកត្នោតចាស់ៗ​យក​មក​​កែច្នៃជាគ្រឿងតាំងលម្អរំលេចដាន​​ប្រវត្តិសាស្ត្រនៃយានជំនិះជា​​​មធ្យោបាយធ្វើដំណើរ​ផ្លូវ​ទឹក​ពី​បរម​បុរាណខ្មែរ​។សិប្បកម្មរបស់លោកក៏​រួមចំណែក​​ផ្ដល់​ការងារ​ដល់​សិស្ស-និស្សិតទំនេរ​ពី​ការសិក្សាផង​ដែរ​។​

​លោក​បាន​ប្រាប់​សារព័ត៌មានSR News យ៉ាង​ដូច្នេះ​ថា​៖ «​សិប្បកម្ម​នេះ​បង្កើតឡើង​នៅ​ឆ្នាំ​២០២០ ។ ពេលនោះ​ខ្ញុំ​បាន​ចុះ​ទៅតាម​ភូមិ​នៅ​ស្រុកស្រែ​ចម្ការខ្ញុំ​បានឃើញ​ទូកត្នោត​ដែល​គេបោះបង់​ចោល ដែល​​ទូក​ត្នោត​ទាំងនោះទូក​ខ្លះ​នៅ​ប្រើ​បាន​និង​ទូក​ខ្លះ​ប្រើ​មិនបាន​»​។​

​​លោក​បាន​បន្តទៀតថា​៖«​ខ្ញុំ​​ក៏បាន​សាកល្បង​ប្រមូល​ទូកត្នោត​ទាំង​នោះមក​កែច្នៃ​ល​មើលពេលនោះ ក៏មាន​ការផ្ទុះ​ចាប់អារម្មណ៍​ខ្លាំង ទើប​ខ្ញុំ​​ចាប់ផ្តើម​ប្រមូល​ទិញ​ទូកត្នោត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្ដង​»​។  

​​ការផលិត​នេះទៀត​សោត ​លោក​សុ​វីមិនបាន​ទៅ​កាប់​គាស់​ខ្លួនឯង​នោះទេ​គឺ​លោក​យក​​តែ​ទូក​ដែល​គេ​បោះបង់ចោល​ ប្រភេទ​ទូក​ចាស់ៗ​ឬក៏​ទូក​ដែល​គេ​ធ្វើ​រួចហើយ​បាន​៥០-៦០​ភាគរយ ប៉ុណ្ណោះ​យកមក​កែច្នៃ​។

ម្ចាស់សិប្បកម្ម​រូបនេះ​បញ្ជាក់ថា៖«ខ្ញុំ​មិនបាន​ចូលរួម​ក្នុងការ​កាប់បំផ្លាញ់​ដើមត្នោតនោះ​ទេ​»។  

លោក​បាន​ឱ្យដឹង​ទៀតថា៖«ដើមត្នោត ដែលមាន​អាយុ​លើសពី​១០​ឆ្នាំទៅ​វា​មាន​ខ្លឹម​ល្អ​ពេល យកមក​ធ្វើ​ទូក​នោះរឹងមាំ​ប្រើ​បានយូរ​តែបើ​ដើមត្នោត​នៅ​ស្ទើរ ពេល​យកមក​ធ្វើ​ទូក វា​ប្រើ​មិនបាន​យូរ​នេះ​ទេ​ឆាប់​ពុកផុយ»​។

​​ទូកត្នោត​ដែល​លោក​បាន​កែច្នៃ​រួចហើយ​​អាច​យកទៅ​ប្រើប្រាស់​​សម្រាប់​ដាក់​​តាំង​លម្អ​​ដាំ​ផ្កា ឬ​ចិញ្ចឹម​ត្រី​ក្រឹម នៅតាម​​​ភោ​ជនី​ដ្ឋា​ន​ គេហដ្ឋាន ឬ​តាម​ពិធីជប់លាង​ផ្សេងៗ​ដោយ​គេ​និយម​យកទៅ​ដាក់ទឹកកក​​ត្រាំ​ភេសជ្ជៈ​បាន​ទៀតផង​។​ដំណើរ​ការ​កែលម្អ​ទូកនិ​មួយៗលោក​ត្រូវ​ចំណាយ​រយៈពេល​ពី​រ​ទៅ​បី​ថ្ងៃ។

លោក​បាននិយាយ​ថា៖ «​ចំពោះ​ទូក​ដែលជា​ផលិតផល​​ពាក់កណ្តាល​ស​ម្រេច​នេះ​គឺ​យើង​ត្រូវ មក​ហាលថ្ងៃ​ឲ្យ​ស្ងួត​ទើប​យើង​ចាប់ធ្វើ​ទូក​បាន​»។

ទោះបីជា​ការ​កែច្នៃ​ទូកត្នោត​​ចាស់ៗ​ពុំមានអ្វីជាឧបសគ្គតែ​លោក​​ត្រូវ​ទិញ​ជើង​ទម្រ​ពី​កន្លែង​ផ្សេង​ដើម្បី​ផ្ដល់​លំនឹង​ដល់ទូកសម្រាប់ការ​​​ដាក់តាំង​លម្អ​។​

​​ទូកត្នោត​ចាស់ៗ​ត្រូវបាន​លោក​​ប្រមូល​ទិញ​ស្ទើរ​តែ​ពី​​គ្រប់​ខេត្ត​ក្រុង។​ទូកត្នោត​ដែល​លោក​បាន​កែច្នៃ​រួចហើយអាច​​មាន​តម្លៃ​ចាប់ពី​១៥០​ដុល្លារ​ទៅ​តាម​ប្រភេទ​ទូកខ្លីវែង ឬ​ទូក​តូច ទូក​ធំ​។

​នៅក្នុង​១​ខែៗ​លោកសុ​វី អាច​រកចំណូលបាន​ចន្លោះ​៥00 ដុល្លារ​ដល់​១000 ដុល្លារ។ ក្នុង​ខែដែល​​​លោក​លក់ដាច់​ខ្លាំងលោក​អាច​រក​ចំណូល​បាន​​រហូត​ទៅដល់​២០០០-៣០០០​ដុល្លារឯណោះ។

​លោក​អាច​លក់ទូកត្នោត​បាន​ច្រើន​បំផុត​ចន្លោះពេល​ពិធីបុណ្យ​អុំទូក​រហូតដល់​ចូលឆ្នាំ​ខ្មែរដោយវា​ជា​​​​រដូវកាល​មាន​តម្រូវការ​ខ្ពស់​ចំពោះ​ការទិញ​គ្រឿង​ដាក់​តាំង​លម្អ​។

លោ​កបាន​​និយាយ​ថា៖ «ភាគច្រើន​គេ​យកទូកត្នោត​នេះ យកទៅ​តាំង​លម្អ​ជាមួយនឹង​រទេះគោ​ដែល​តាំង​នៅតាម​ភោជនីយដ្ឋាន​ឬក៏​នៅតាមក្រសួង មន្ទីរ មួយចំនួន​»។

​​នៅ​ថ្ងៃ​អនាគតសិប្បកម្ម​របស់លោក ក៏មាន​បំណង​ពង្រីក​និងកែច្នៃ​ទូកត្នោត​ចាស់ៗ​ឲ្យ​មាន​គុណភាព​​កាន់តែ​ល្អដើម្បី​នាំចេញ​ទៅទីផ្សារ​អន្តរជាតិ ដូចជា​​​សហគមន៍ខ្មែរ​នៅក្រៅប្រទេស និងអតិថិជន​​បរទេសដែល​ស្រឡាញ់​វប្បធម៌ប្រពៃណីខ្មែរផងដែរ។​

​សិប្បកម្ម​របស់លោកសុ​វី ស្ថិតនៅ​ភូមិ​ស្មែ​ត ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​ព័ត៌មាន​បន្ថែម​ពីសិប្ប​កម្មនេះ អាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក  កំពង់ឆ្នាំង​លក់​រទេះគោ​តាំង លម្អ(https://www.facebook.com/profile.php?id=100063278285867:) ​ ​​និង​ទំនាក់ទំនង​ទូរ​សព្ទ​លេខ​ឬ​តេ​លេ​ក្រាម  ០៨៧ ៥៤៩ ០៦១៕

អត្ថបទពេញនិយម

រឿង «ការណាត់ជួបជាមួយ ប៉ុល ពត» របស់លោក រិទ្ធី ប៉ាន់ ចាក់បញ្ចាំងនៅកម្ពុជាហើយ ក្រោយពីបង្ហាញខ្លួននៅមហោស្រពភាពយន្តធំៗនៅបារាំង

អ្នកជំនាញចាក់សាក់យ័ន្ដខ្មែរតាមក្បួនខ្នាត មានចំនួនកាន់តិចតួចបំផុត

សារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកលើប្រទេសកម្ពុជា

នាយកសួនសត្វថៃថា នឹងចាត់វិធានការចំពោះភ្ញៀវធ្វើបានកូនដំរីទឹកតឿ

៨ ចំណុចដែលអ្នកត្រូវដឹងពីការប្រគំតន្ត្រីសូឡូរបស់ ឱក សុគន្ធកញ្ញា ដែលមិនដល់មួយម៉ោងផងសំបុត្រលក់ដាច់ខ្ទេចគ្មានសល់