ភ្នំពេញៈ អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពលឬតួនាទីដោយមន្ត្រីរដ្ឋ អ្នកនយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរបស់ខ្លួនដើម្បីទទួលបានលាភ សក្ការៈឬផ្ដល់ /ទទួលនូវលក្ខខណ្ឌអនុគ្រោះផ្សេងៗដែលមិនអនុលោមទៅតាមច្បាប់ជាធរមាន។
ទោះបីជាគ្មាននិយមន័យជាសាកលណាមួយអំពីអំពើពុករលួយក្ដីក៏ប៉ុន្តែនៅពេលដែលលើកឡើងពីអំពើពុករលួយ ជាទូទៅគេតែងតែនឹកទៅដល់ការរំលោភបំពានអំណាចសាធារណៈឬការប្រើប្រាស់មុខតំណែងសាធារណៈ ដើម្បីទទួលបានផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនសម្រាប់ក្រុមខ្លួនឬអ្នកដែលជិតស្និទ្ធទៅនឹងបុគ្គលជាអ្នកកំពុងស្ថិតនៅក្នុងមុខតំណែង។
បើតាមអង្គការតម្លាភាពបានចែកអំពើពុករលួយជា ៦ប្រភេទដូចជា៖ ១.ការស៊ីសំណូក ២.ការប្រកាន់បក្សពួក ៣.ការកេងបន្លំ ៤.ការគំរាមគំហែងដោយប្រើអំណាច ៥.ការឧបត្ថម្ភក្រៅផ្លូវការដើម្បីទទួលបានផលប្រយោជន៍អ្វីមួយ និងទី៦.គឺ អំពើពុករលួយក្នុងនយោបាយ។
អំពើពុករលួយបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋក្រីក្រនិងក្រុមជនងាយរងគ្រោះ តាមរយៈការបង្កើនការចំណាយ និងកាត់បន្ថយលទ្ធភាពរបស់ពលរដ្ឋនៅក្នុងការទទួលបានសេវានិងសិទ្ធិជាមូលដ្ឋាន ដូចជា សេវាសុខាភិបាល ការអប់រំ កម្មវិធីសង្គមហេដ្ឋារចនាសម្ព័ន្ធ ការទទួលបាននូវយុត្តិធម៌និងសិទ្ធិស្មើភាពក្នុងនាមជាពលរដ្ឋជាដើម។ លើសពីនេះទៅទៀតផលប៉ះពាល់សង្គមទាំងមូលមានដូចជា៖ការបង្កើតគំលាតរវាងអ្នកមាន និងអ្នកក្រ ពន្យឺតកំណើនសេដ្ឋកិច្ចជាតិបង្កើតភាពអត់ការងារធ្វើ និងអតិផរណា និងបាត់បង់ក្តីសង្ឃឹមសម្រាប់អនាគត។
អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តលើរដ្ឋាភិបាលនិងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការការពារសាធារណជន ដែលនាំឱ្យមានកើនឡើងនូវការគំរាម កំហែងផ្នែកសន្តិសុខដែលកាន់តែពិបាកគ្រប់គ្រង។ ម្យ៉ាងវិញទៀត ជម្លោះគឺបង្កើតឱកាសឱ្យមានអំពើពុករលួយនិងធ្វើឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយវា។
កំណែទម្រង់មួយចំនួន ដើម្បីកាត់បន្ថយអំពើពុករលួយ
- ផ្ដន្ទាទោសលើការប្រព្រឹត្តអំពើនិងបទល្មើសពុករលួយទាំងទ្រង់ទ្រាយធំ និងតូច។
- ស្ដារនិងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន/បុគ្គលដែលមានតួនាទី និងអំណាច។ ស្ថាប័នសាធារណៈដែលទទួលបន្ទុកជាអ្នកត្រួតពិនិត្យមានដូចជា ភ្នាក់ងារប្រឆាំងអំពើពុករលួយនិងស្ថាប័នសវនកម្ម ត្រូវតែមានឯករាជ្យភាព មានធនធានគ្រប់គ្រាន់ និងត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីស្វែងរក និងផ្ដន្ទាទោសចំពោះអំពើខុសឆ្គង។
- រដ្ឋសភានិងតុលាការត្រូវតែមាន ឯករាជ្យភាព និងអាចទប់ស្កាត់ការបំពានហួសដែនសមត្ថកិច្ច របស់អង្គនីតិប្រតិបត្តិ។
- ធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយនិងធានាថាបទប្បញ្ញត្តិ នោះស្របតាម បទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ។
- អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលស្របតាមបទដ្ឋានអន្តរជាតិ និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានដើម្បីឱ្យប្រជាពលរដ្ឋដឹងថា តើថវិកាសាធារណៈ ត្រូវបានចំណាយលើអ្វីខ្លះធនធានរដ្ឋត្រូវបានបែងចែកយ៉ាងដូចម្ដេច ហើយបង្កឱ្យមានការ បើកចំហចំពោះការត្រួតពិនិត្យពីអ្នកសារព័ត៌មាននិងសង្គមស៊ីវិល
- ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជនរួមទាំងការ លើកកម្ពស់ តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈនិងការគោរពច្បាប់ ដោយស្មើភាព។
អត្ដបទដកស្រង់៖ អង្គការតម្លាភាព