ជីវិត និង សង្គម

គួរដឹង! ៧ចំណុចសំខាន់ នៃពិធីសែនក្បាលទឹក

October 22, 2024
វង់ អូន
Heading
Option 1

សែន​ក្បាលទឹក (Ghost Festival) គឺជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ​របស់​ជនជាតិ​ចិន ដែល​គេ​ជឿថា វេលា​សែន​ក្បាលទឹក​នេះ ទ្វារ​នរក​បាន​បើក ហើយ​ខ្មោច​ដែល​មិនទាន់បាន​ចាប់ជាតិ ត្រូវបាន​ដោះលែង ឱ្យ​ចេញមក​ទទួល​សំណែន និង​កុសលផល​បុណ្យ​ដែល​ញាតិ​នៅរស់​បាន​ឧទ្ទិស​ជូន ដូច្នេះ​បានជា​យើង ឃើញថា នៅ​ឋានមនុស្ស​មាន​រៀបចំ​នូវ​ការ​សែនព្រេន និង​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល បាន​ស្លាប់​។

ថ្ងៃនេះ​សារព័ត៌មាន​អេស​អ័​រ (SR) នឹង​លើកយក ៧​ចំនុច​ដែល​អ្នក​គួរ​ដឹង​ទាក់ទង​ជាមួយ​ថ្ងៃ សែន​ក្បាលទឹក​នេះ​៖

១ កាលបរិច្ឆេទ និង​ពេលវេលា​

​ពិធីបុណ្យ​សែន​ក្បាលទឹក ប្រារព្ធ​ឡើង​នៅ​ថ្ងៃ ១៥​កើត ខែ​៧(​ខែ​របស់​ចិន​) ត្រូវ​នឹង​ខែសីហា​។ បើតាម​ជនជាតិ​ចិន ខែ​៧​ត្រូវបាន​គេ​ហៅថា "​ខែ​ខ្មោច​" ដែល​ត្រូវបាន​គេ​ជឿថា ទ្វារ​នៃ​ពិភព​ខាងក្រោម​ដី ឬ​ឋាននរក បាន​បើកចំហ ហើយ​ព្រលឹង​ខ្មោច​អាច​ដើរ​ជុំវិញ​ផែនដី​បាន​ដោយ​សេរី​។​

២ សារៈសំខាន់​នៃ​ថ្ងៃ​សែន​ក្បាលទឹក​

​ថ្ងៃទី​១៥ ខែ​៧​នេះ មាន​សារៈសំខាន់​ណាស់ ជនជាតិ​ចិន​ជឿថា វា​ជា​ពេលវេលា ដែល​ព្រលឹង​ខ្មោច ធ្វើ​សកម្មភាព ហើយ​មនុស្ស​យកចិត្តទុកដាក់​បំផុត ព្រោះ​ពិធី​ជាច្រើន​នឹងត្រូវ​បានធ្វើ ដើម្បី​ដាស់​វិញ្ញាណ​ខ្មោច ដើម្បី​ឱ្យមក​ទទួល​សំណែន​។

៣ គោលបំណង​នៃ​ពិធីបុណ្យ​

​ពិធីបុណ្យ​សែន​ក្បាលទឹក គឺ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ នៃ​អ្នក​ដែល​បាន​ស្លាប់ទៅ​។ ចំពោះ​កូនចៅ​ដែល​មិន​បានធ្វើ​ពិធី​នេះ គេ​ជឿថា វិញ្ញាណ​ខ្មោច​ទាំងនោះ នឹងដាក់​បណ្តាសារ​ឱ្យ​កូនចៅ ដែល​មិនបាន​សែន ឱ្យ​ជួប​សំណាងអាក្រក់ ឬ​មាន​គ្រោះថ្នាក់​ជាដើម​។​

៤ ការ​សែនព្រេន

 ​ក្រុមគ្រួសារ​នីមួយៗ ត្រូវ​រៀបចំ​គ្រឿងឧបភោគ​បរិភោគ ធូប លុយ​សែន និង ក្រដាសសែន ដើម្បី​គោរព​ដល់​ព្រលឹង​បុព្វការី​ជន សាច់ញាតិ​។ សំណែន ទាំងនោះ ត្រូវបាន​សែន​នៅ​ខាងក្រៅ​ផ្ទះ ឬ​នៅ​វិហារ​បែប​ចិន​។ ការដុត​លុយ​សែន និង​របស់របរ​ផ្សេងៗ គឺ​តំណាងឱ្យ​ការជូន​លុយ និង​ជូន​នូវ​សម្ភារៈប្រើប្រាស់ ដល់​ព្រលឹង​ខ្មោច​ដែល​បាន​ស្លាប់ សម្រាប់​យកទៅ​ប្រើប្រាស់​នៅ​ជាតិ​មុខ​ឱ្យ​សំបូរហូរហៀរ​។​

៥ ការសម្តែង​តាម​ដងផ្លូវ

​សម្រាប់​បុណ្យ​សែន​ក្បាលទឹក​នេះ នៅ​តំបន់​ខ្លះ​មានការ​សម្តែង ដែល​គេ​ហៅថា "getai" សំដៅលើ​ការសំដែង​លើ​ឆាក​ដ៏​អធិកអធម រួមមាន​ល្ខោន​អូ​ប៉េ​រ៉ា ច្រៀង និង​រាំ​ជាដើម ហើយ​គេ​លេង​ចាប់ផ្តើម​ពី​ម៉ោង​៧:៣០​យប់ ដល់​ម៉ោង ១០ យប់​។ ការសម្តែង​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្ហាញ​ជាការ​កម្សាន្ត​ដល់​អ្នក​នៅរស់ និង​វិញ្ញាណ​ខ្មោច​។ ចំពោះ​កៅអី​ជួរ​ទីមួយ​ត្រូវបាន​គេ​ទុកចោល​សម្រាប់​ព្រលឹង​ខ្មោច​មក​ទស្សនា រីឯ​មនុស្ស​ទូទៅ អង្គុយ​នៅ​ជួរ​ទី​ពីរ​។

៦ ត្រណម​ក្នុង​ខែ​ខ្មោច​

​នៅក្នុង​ថ្ងៃ​សែន​ក្បាលទឹក មាន​ត្រណម​ជាច្រើន​ដែល​អ្នក​មិនគួរ​ធ្វើ ដូចជា​ការរៀប​អាពាហ៍ពិពាហ៍ ការ​រើ​ផ្ទះ ឬ​ហែល​ទឹក​នៅពេល​យប់ ព្រោះ​គេ​ជឿថា សកម្មភាព​ទាំងនោះ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​នៃ​ខ្មោច ហើយ​នាំឱ្យ​អ្នក​ជួប​សំណាងអាក្រក់​។​

៧ ការ​បណ្តែត​ចង្កៀងគោម​តាម​ដង​ទន្លេ​

​ចង្កៀងគោម​តែងតែ​ត្រូវបាន​បណ្តែត​នៅក្នុង​ទឹកទន្លេ ដើម្បី​ដឹកនាំ​វិញ្ញាណ​ត្រឡប់​ទៅ​ឋាន​ក្រោម​វិញ បន្ទាប់ពី​ពិធីបុណ្យ​ត្រូវបាន​បញ្ចប់​។ ការធ្វើ​បែបនេះ​ដើម្បី​ធានាថា វិញ្ញាណ​មិន​វង្វេងផ្លូវ ឬ​មិនបាន​ត្រឡប់​ទៅវិញ បន្ទាប់ពី​ពិធីបុណ្យ​ត្រូវបាន​បញ្ចប់​។​

​ជា​ចុងក្រោយ​ការ​ប្រារព្ធ​ពិធីបុណ្យ​សែន​ក្បាលទឹក បាន​ឆ្លុះបញ្ចាំង​ពី​ការគោរព​ចំពោះ​បុព្វបុរស និង​ការយល់ដឹង​អំពី​ពិភព​ខ្មោច ដែល​វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វប្បធម៌​ចិន ដោយ​សង្កត់ធ្ងន់​ទៅលើ​ទំនាក់ទំនង​រវាង​អ្នក​នៅរស់ និង​អ្នកស្លាប់​៕

 

អត្ថបទពេញនិយម

៩ ចំណុចសំខាន់ៗ ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី

Wake Park Cambodia កន្លែងជិះស្គីលើទឹកដ៏ប្លែកដំបូងគេ នៅក្រុងសៀមរាប

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង

៨ ចំណុចដែលអ្នកត្រូវដឹងពីការប្រគំតន្ត្រីសូឡូរបស់ ឱក សុគន្ធកញ្ញា ដែលមិនដល់មួយម៉ោងផងសំបុត្រលក់ដាច់ខ្ទេចគ្មានសល់

Suga ក្រុម BTS ត្រូវពិន័យប្រាក់ ១១៥០០ដុល្លារ ពីបទស្រវឹងបើកបរ