ទេសចរណ៍

ប្រាសាទសំបូរព្រៃគុក៖ ទឹកដីផ្តុំដោយរឿងរ៉ាវប្រវត្តិសាស្ត្រ និងសំណង់ប្រាសាទដ៏អស្ចារ្យ

October 22, 2024
លៀប ទេពិទូ
Heading
Option 1

កំពង់ធំៈ រមណីយ​ដ្ឋា​ន​សំបូរ​ព្រៃ​គុកគឺជា​អតីត​រាជធានី​បុរាណ​ដែលមាន​ឈ្មោះថា ឦសាន​បុ​រៈ និងជា​មជ្ឈមណ្ឌល​នៃ​ព្រា​ហ្ម​ញ្ញ​សាសនា​សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈឬ​ព្រះ​ឥសូរ​និយម ដែល​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័នទី​១ នៅក្នុង​សតវត្សរ៍​ទី​៧ក្នុង​គ​.​ស​៦១៦ ដល់​៦៣៥​។

ប្រាសាទសំបូរព្រៃគុក​សាង​សង់​មាន​លក្ខណៈ​ជា​ប្រាសាទ​ទោល និង​សង់​ជា​ក្រុម​ក្នុង​កំពែង​តែមួយដែល​ធ្វើឡើង​អំពី​ឥដ្ឋ លើកលែងតែ​សមាសធាតុ​តុបតែង​លំអ​ខ្លះៗ ដូចជាមេ​ទ្វារ ផ្តែរ​ទ្វារសរសរ​ពេជ្រ​... និង​អាស្រម​មហាឥសី ដែល​ធ្វើ​អំពី​ថ្មភក់ និង​មាន​ចម្លាក់​លើ​កំបោរ​បាយអចំណែក​រចនាប័ទ្ម​សំណង់​មាន​ភាពល្អ​ឥតខ្ចោះ ជា​ក្បាច់​ផ្កាឈូក ឬ​ត្របកឈូក ដែល​ក្បាច់​នេះ​មានអត្ថន័យ​សំខាន់​ណាស់​ក្នុង​ជំនឿ​ខ្មែរគឺ «​តំណាង​ឲ្យ​ភាព​ស្អាតស្អំ និង​បរិសុទ្ធ​»​។​

ប្រភព៖ ក្រសួងបរិស្ថាន

ក្នុង​បរិវេណ​នៃ​ទីក្រុង​នេះ មាន​កំពែង​ព័ទ្ធជុំវិញ​ដោយ​ដី​ពីរ​ជាន់ដោយ​ជ្រុង​ខាងលិច​មាន​ប្រវែង ប្រមាណ​២​គី​ទ្បូ​ម៉ែត្រ និង​មាន​រៀបចំ​ប្រព័ន្ធ​ផ្លូវទឹក​យ៉ាង​សំបូរបែប​។ចំពោះ​ការរស់នៅ​របស់ ប្រជាជន​រស់​វិញ​មាន​ចំនួន​រាប់ម៉ឺន​គ្រួសារ ចំណែក​ចំ​កណ្ដាល​ក្រុងមានការ​រៀបចំ​អាសនៈ​យ៉ាង​ធំ សម្រាប់​ព្រះរាជា​ធ្វើ​សវន​ការ​ផងដែរ​។​

ប្រភព៖ ក្រសួងបរិស្ថាន

រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ចែកចេញជា​ក្រុម​ប្រាសាទ​៤​ធំៗ​រួមមាន​៖ទី​១ ក្រុម​ប្រាសាទ​ខាងជើង  ហៅថា​ប្រាសាទ​សំបូរ​នៅ​កណ្តាលនិង​ព​ទ្ធ័​ជុំវិញ​ដោយ​ប្រាសាទតូចៗ ហើយ​ប្លែកៗ​គ្នា​។ ទី​២ ប្រាសាទ​កណ្តាល ហៅថា​ប្រាសាទតោប្រាង្គ​ប្រាសាទ​កណ្តាល​មាន​ទ្វារ​ចូល​ពី​ទិស​ខាងជើង ឯ​ទ្វារ​បើក​ពី​ទិស​មួយទៀត​ជា​ទ្វារបញ្ឆោត​។ទី​៣ ប្រាសាទ​ខាងត្បូង ហៅថា ប្រាសាទ​យាយ​ព័ន្ធ ដែល​ស្ថិតនៅ​ចំ​កណ្តាល​ហ៊ុំព័ទ្ធ​ដោយ​ប្រាសាទ​ជាច្រើន​មាន​កំពែង​ពីរ​ជាន់ដែល​កំពែង​ខាងក្នុង​មាន គោ​បុ​រៈ​ចូល​ទាំង​បួន​ទិស ដែល​ក្រុម​ប្រាសាទ​ទាំងនេះ​ជា​អតីត​រាជធានីនិង​ទី​៤ ប្រាសាទ​ក្រោល​មាស ដែលមាន​ទីតាំងនៅ​ខាងជើង​ប្រាសាទសំបូរព្រៃគុក មាន​ប្រាសាទតូចៗ​ធ្វើអំពី​ឥដ្ឋ និង​ខាងលិច​មាន​ប្រាសាទ​មួយ​ធ្វើ​អំពី​ថ្មបាយក្រៀម​។​

រូបភាព៖ Yousos Apdoul Rashim

សំណង់​បុរាណ​ដ៏​មានតម្លៃ​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជានិង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ព្រោះ​ប្រាសាទសំបូរព្រៃគុក ជា​ដែលជា​សំណង់​ស្ថាបត្យកម្មតែមួយគត់​ដែល​នៅ​សេសសល់ និង​ជា​គំរូ​ស្ថាបត្យកម្ម និង​ចម្លាក់​នៅក្នុង​សតវត្សរ៍​ទី​៧ជាពិសេស​ប្រាសាទ សំបូរ​ព្រៃ​គុក​នេះ មាន​សិលាចារឹក​ចំនួន​៧ ដែល​បាន​រៀបរាប់​អំពី​ព្រះបាទឦសាន​វរ្ម័នទី​១ ដូចជា​ការសរសើរ កិត្តិសព្ទ​ល្បីល្បាញ ព្រះ​ភ​ក្រ្ត​ស្រស់ផូរផង់​របស់​ព្រះមហាក្សត្រ​ជាដើម​។

រូបភាព៖​ Yousos Apdoul Rashim

​ទាក់ទង​នឹង​ឈ្មោះ «​ព្រៃ​គុក​»​នេះអ្នកជំនាញ​ផ្នែក​អារ្យធម៌​ខ្មែរ លោក រ​ត្ន័ សណ្ដាប់ បាន​ពន្យល់ថា ទីតាំង​ប្រាសាទសំបូរព្រៃគុក​នា​សម័យបុរាណគឺជា​រាជធានី​ខ្មែរ​បុរាណ​នគរ​ភ្នំ​។ ពាក្យ «​គុក​» សំដៅ «​ប្រាសាទ ឬ​ទី​ងងឹត​» បានន័យថា ជាទី​កន្លែង​គោរពបូជា​ដ៏​ស្ងប់ស្ងាត់​ដើម្បី​អប់រំ​ចិ​ត្ដ ព្រោះថា​ប្រាសាទ​ជាទី​កន្លែង​សក្ការៈបូជារបស់​ព្រះរាជា គឺ​មិនមែនជា​ទីកន្លែង សម្រាប់​ព្រះអង្គ​គង់នៅ​ឡើយ ចំណែក​បច្ចុប្បន្ន​ពាក្យ«​គុក​» ក៏មាន​ន័យ​អប់រំ​ចិ​ត្ដ​ដែរ គឺ​មិនមែន​ជាទី​សម្រាប់​សប្បាយ​នោះទេ​។

រូបភាព៖ ក្រសួងបរិស្ថាន

គួរ​បញ្ជាក់ថា រមណីយដ្ឋាន​សំបូរ​ព្រៃ​គុកជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែលមាន​ចម្ងាយ ២៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកនៅ​ទីក្រុង​ក្រា​កូវ ប្រទេស​ប៉ូឡូញ កាលពី​យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧៕

អត្ថបទពេញនិយម

អ្នកស្រី មាន សុខឡេង ប្ដេជ្ញាចិត្តបំបៅកូនដោយទឹកដោះ

កម្ពុជារំពឹងព្រឹត្តិការណ៍ GUMBALL 3000 លើកស្ទួយទេសចរណ៍ ការវិនិយោគ សប្បុរសធម៌ និងបង្កើតកំណត់ត្រាហ្គីនណេសមុខប្រាសាទអង្គរ

ក្រុមបាល់ទះកម្ពុជា បង្ហាញភាពខ្លាំង បង្កើតកំណត់ត្រាថ្មីចំនួន២ ក្នុងព្រឹត្តិការណ៍តែមួយ

Liza Owen តារាចម្រៀងខ្មែរ-អង់គ្លេស នៅពីក្រោយបទល្បីៗ BTS និង Selena Gomez

Huawei ប្រកួតប្រជែងជាមួយ Apple ដោយដាក់លក់ស្មាតហ្វូនបត់ជាបី តម្លៃ ២៨០០ដុល្លារ