ព្រះវិហារ៖ឆ្លៀតពីការបង្រៀនសិស្សនៅសាលាលោក យឿម យាំក៏ជាអ្នកផលិតមាតិកាក្នុងបណ្តាញសង្គមបានគៀងគរអ្នកភូមិទៅរកទំពាំងព្រេចដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកបរិភោគដោយមានការបញ្ជាទិញយ៉ាងច្រើនក្រោយផ្ទុះវិដេអូយកទំពាំងព្រេចធ្វើម្ហូបរួចមក។
លោក យឿន យាំ ជាគ្រូបង្រៀនបឋមសិក្សានិងជាអ្នកធ្វើវីដេអូក្នុងបណ្តាញសង្គមបានប្រាប់ SR News ថា៖ «ដំបូងឡើយពួកខ្ញុំទៅកាច់ទំពាំងព្រេចយកទៅស្លរហើយថតវិដេអូផុសនៅលើបណ្ដាញសង្គមលេង។ ក្នុងវិដេអូខ្ញុំសួរលេងថាមានអ្នកណាចង់ញ៉ាំទេខ្ញុំនឹងឱ្យអ្នកភូមិចូលកាច់ឱ្យ? ក្រោយពីផុសវីដេអូនោះរួចមក មានទទួលការឆាតក៏ដូចជាបញ្ចេញមាតិក្នុងវិដេអូយ៉ាងច្រើនអំពីតម្លៃខ្ញុំក៏សាកល្បងឱ្យប្អូនៗទៅកាច់ទំពាំងព្រេចតែមិនគ្រប់សម្រាប់ការបញ្ជាទិញនោះទេ។
លោក យឿម យាំមិនមានគោលដៅក្នុងការលក់ទំពាំងនេះជាដុំកំភួនអ្វីនោះទេតែដោយមើលឃើញពីការបញ្ជាទិញច្រើនពីញាត្តិមិត្តទីជិតឆ្ងាយច្រើនហើយផ្គត់ផ្គង់មិនទាន់តម្រូវការ លោកបានគាងគរអ្នកភូមិឱ្យជួយរកទិន្នផលព្រៃឈើទំពាំងព្រេចនេះ និងបានជួយសម្រួលដល់់ជីវភាពអ្នកភូមិបានមួយកំរិត។
អ្នកភូមិធ្វើដំណើរចាក់ចេញពីផ្ទះតាំងពីព្រលឹមតាមរយៈម៉ូតូខ្លះទៀតជិះគោយន្តដើម្បីទៅប្រមូលទិន្នផលព្រៃឈើ ទំពាំងព្រេចនេះ។ដោយចាក់ចេញពីភូមិចូលទៅក្នុងព្រៃឬស្សីព្រេចចម្ងាយប្រមាណជាង១០គីឡូម៉ែត្រឬឆ្ងាយជាងនេះទៅតាមស្ថានភាពជាងស្ដែង។
លោក យឿម យាំជាគ្រូបង្រៀននៅសាលាបឋមសិក្សាត្បែង២ បានប្រាប់ SR News ថា៖ «ក្នុងការទៅរកទំពាំងព្រេចនេះដែរអ្នកភូមិទៅតាំងពីព្រឹកដោយមធ្យបាយធ្វើដំណើរជិះម៉ូតូក៏បាន គោយន្តក៏បានទៅរាងឆ្ងាយគីឡូដែរប្រហែល១០គីឡូជាងតាមផ្លូវរទេះគោ រទេះក្របីពីមុនតាមផ្លូវមានការជាប់ផុងច្រើន បើជិះរាងពិបាកក្នុងការចូលទៅរកបើជិះគោយន្តចូលរាងស្រួលជាងបន្តិច»។
រដូវប្រាំងជារៀងរាលឆ្នាំដើមឬស្សីព្រេចឬទំពាំងព្រេចជាទំពាំងដែលដុះក្នុងព្រៃតែងតែមានការឆេះដោយសារការដុតព្រៃដោយកត្តាធម្មជាតិ ឬកត្តាមនុស្សដុតជាដើម។ហើយវាលូតលាស់ច្រើននៅរដូវភ្លៀងធ្លាក់។ក្នុងឆ្នាំនេះដែរនាដើមរដូវវស្សាមានដុះឡើងតិចតួច ឬគេហៅថា «ទំពាំងអណ្ដាតភ្លើង» ក្រោយពីបានឆេះនារដូវប្រាំងហើយទើបនឹងដុះដោយសារត្រូវទឹកភ្លៀងនៅដើមរដូវ តែវាដុះច្រើនក្នុងខែ ៦ដល់ខែ៨ និងអាចស្បើយទៅវិញនៅចុងខែ១០។ នេះបើយោងតាមការបញ្ជាក់ពីលោក យឿមយាំ។
ក្នុងការគៀងគរអ្នកភូមិដើម្បីរកទិន្នផលព្រៃឈើនេះដែរលោកយឿម យាំ បានបញ្ជាក់ប្រាប់សារព័ត៌មាន SR ថា៖«ពួកខ្ញុំប្រមូលទិញពីអ្នកភូមិក្នុងតម្លៃ៤០០០៛និងលក់ចេញវិញក្នុងតម្លៃ៥០០០៛ វាមិនមានចំណេញអ្វីនោះទេដោយសារតែយើងត្រូវរ៉ាប់រងសងគេវិញនៅពេលដែលទំពាំងខូចឬបាត់បង់នៅពេលផ្ញើទៅ ព្រោះទំពាំងព្រេចយើងនីស្រស់ៗទុកមិនបានយូរប៉ុន្មាននោះទេ»។
ទំពាំងព្រេចមិនអាចទុកបានយូរនោះទេដោយសារវាអាចរលួយគល់ ឬដង្កូវស៊ីនៅពេលដែលផ្ញើទៅ មានការយឺតយ៉ាវយូរថ្ងៃ។ហើយក្រោយទទួលបានការឆ្លើយតបជាច្រើនពីអតិថិជនពីចំនុចខ្វះខាតទាំងនោះលោកបានប្ដូរយុទ្ធសាស្ត្រពីការផ្ញើទំពាំងស្រស់ ទៅជាការស្រុះដោយមិនឱ្យឆ្អិនពេកនោះទេដើម្បីជៀសវាងការរលួតគល់ ឬដង្កូវស៊ីឬតម្រូវការអតិថិជនត្រូវការទពាំងស្រស់ នៅតែលក់ក្នុងតម្លៃ ៥០០០៛ដដែលនោះទេ។ ក្រៅពីទំពាំងស្រស់ និងទំពាំងស្រុះក៏មានការកែច្នៃទំពាំងទាំងនោះទៅធ្វើជាជ្រក់ដែលមានរសជាតិឆ្ងុយឆ្ងាញ់ផងដែរដោយមួយក្រឡ តម្លៃ ២០០០០៛។
ទំពាំង គឺសំបូរទៅដោយជាតិសរសៃចំណីអាហារមានកាឡូរីទាប និងថាមពលដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ។សារធាតុចិញ្ចឹមទាំងនេះរួមមានប្រូតេអ៊ីន កាបូអ៊ីដ្រាត អាស៊ីតអាមីណេសារធាតុរ៉ែ ខ្លាញ់ ស្ករ ជាតិសរសៃ និងអំបិលសរីរាង្គ។
ទំពាំង ឬហៅថា ពន្លកឬស្សីព្រេចមានរូបរាងតូចៗជាងទំពាំងស្រុក នៅតែជារុក្ខជាតិដ៏សំខាន់ដែលប្រជាពលរដ្ឋរស់នៅជនបទក្នុងខេត្តព្រះវិហារយកមកកែច្នៃធ្វើជាមុខម្ហូបបានជាច្រើនយ៉ាងស្ងោរ ឆា ឬម្ហូបបរិភោគផ្សេងៗទៀត ក្រៅពីទំពាំងស្រស់ និងទំពាំងស្រុះ។
គ្រូបង្រៀនវ័យ២៩ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ទំពាំងព្រេចមានរសជាតិហាងដូចទៅនឹងទំពាំងទូទៅដែរនៅពេលដែលនៅស្រស់ប៉ុន្តែមានវិធីសាស្ត្របំបាត់ជាតិហាងនោះបានយើងត្រូវស្ងោរក្នុងរយៈពេលប្រមាណ ៣០នាទី ទៅ ១ម៉ោង វានឹងបាត់ជាតិហាងសល់មកវិញនៅជាតិផ្អែមរបស់វា។ អាចយកទៅធ្វើម្ហូបបានច្រើនដូចជាសម្លប្រហើរ ខជើងជ្រូក ជាអន្លក់ជាដើម»។
អ្នកភូមិនៅតំបន់កោះកេរិ៍នេះដែរក្រៅពីការប្រកបមុខរបរកសិកម្មប្រចាំថ្ងៃពួកគេដើរកអនុផលព្រៃឈើធម្មជាតិដែលនៅក្នុងព្រៃទៅតាមរដូវកាលរបស់រុក្ខជាតិនីមួយៗដូចជាផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតចំប៉ើង ផ្សិតចេក កញ្ចូរ ផ្សិតពពែល ផ្សិតដំបូកនិងផ្សិតត្រចៀកកណ្ដុរ កាច់ទំពាំងព្រេចនេះជាដើម -ល-។
ព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិពិសេសអ្នកភូមិរស់នៅភូមិឈូក ឃុំភ្នំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារដែលបានអាស្រ័យផលពីអនុផលព្រៃឈើធម្មជាតិនេះ លោក យឿម យាំសូមអំពាវនាវឱ្យមានការការពារ ថែរក្សាព្រៃឈើ កុំមានបំផ្លាញព្រៃឈើបន្តទៀត។
ដោយមានការបញ្ជាទិញច្រើនពីអតិថិជនលោក យឿមយាំ ស្ថិតនៅភូមិឈូក ឃុំភ្នំត្បែង២ ស្រុកគូលែនខេត្តព្រះវិហារបានសូមការអធ្យាស្រ័យ និងបញ្ជាក់ថាលោកទទួលបញ្ជាទិញតែតាមរយៈឆាតពីគេហទំព័រហ្វេសប៊ុកៈ BRO SOKYT ឬទំនាក់ទំនងតេឡេហ្គ្រាមលេខទូរសព្ទៈ097 233 16 63 ប៉ុណ្ណោះ។