នៅពេលដែល Li-Da Kruger ចូលរួមក្នុងមហោស្រពខ្សែភាពយន្តក្រុងកម្ពុជា ឯក្រុងឡុងប៊ិក រដ្ឋកាលីហ្វ័រនីញ៉ាកាលពីខែកញ្ញាកន្លងទៅនេះ ស្ត្រីអង់គ្លេសដើមកំណើតខ្មែររូបនេះបានធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។
ការធ្វើតេស្ត DNA នៅទីតាំងសាលមហោស្រពសិល្បៈArt Theatre of Long Beach ខណៈខ្សែភាពយន្តឯកសាររបស់អ្នកស្រីស្ដីអំពីការស្វែងរកឫសគល់សាវតាជាខ្មែរ ជាមួយអ្នកម្ដាយចិញ្ចឹមរបស់អ្នកស្រីរឿង «Prue Leith Journey With My Daughter ត្រូវបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងនៅមហោស្រពភាពយន្តខេមបូឌា ថោន (CTFF) លើកទី ១០ កាលពីខែកញ្ញា។
អ្នកស្រីបានឱ្យដឹងទៀតថា៖ «ខ្ញុំនិយាយអំពីរបៀបដែលការធ្វើតេស្ត DNA អាចជួយស្វែងរកសាច់ញាតិដែលបាត់បង់និងជួបជុំគ្រួសារឡើងវិញ។ បន្ទាប់ពីការពិនិត្យរបស់ខ្ញុំអ្នកនឹងជួបសាច់ញាតិដែលខ្ញុំបានរកឃើញនៅទីនេះក្នុងទីក្រុង Long Beach ដោយសារ DNA! យើងផ្តល់ជូនការធ្វើតេស្ត DNA ដោយឥតគិតថ្លៃដោយសង្ឃឹមថាអ្នកនឹងចូលរួមក្នុងគម្រោងសប្បុរសធម៌របស់ខ្ញុំដើម្បីជួយបង្រួបបង្រួមគ្រួសារកម្ពុជាឡើងវិញ»។
ការយកសំណាក និងធ្វើតេស្ត DNA នេះ គឺប្រយោជន៍ដល់ការស្វែងរកសាច់ឈាមដែលព្រាត់គ្នាយូរឆ្នាំ។ ជាលទ្ធផល ដោយសារតែការធ្វើតេស្ត DNA អ្នកស្រី លីដា បានរកឃើញសាច់ញាតិមួយចំនួន ហើយរឿងរ៉ាវនេះត្រូវបានលាតត្រដាងតាមរយៈភាពយន្តឯកសារPrue Leith Journey With My Daughter។
បេសកកម្មជួយស្វែងរកក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះពីរបបខ្មែរក្រហម ត្រូវបានប្រតិបត្តិការឡើងតាមរយៈអង្គការ Reconnecting Cambodia DNA Cambodia - ឌីអិនអេកម្ពុជាKFCO Cambodia។
អ្នកស្រីបានឱ្យដឹងថា៖ «ពួកយើងជាអង្គការក្រៅរដ្ឋាភិបាលកម្ពុជាតែមួយគត់ដែលធ្វើការផ្ដោតទៅលើការជួបជុំគ្រួសារឡើងវិញ ដែលបានបាត់ដំណឹងបែកបាក់ព្រាត់សមាជិកគ្រួសារ ដោយសារសង្គ្រាម របបប្រល័យពូជសាសន៍ និងភាពក្រីក្រតាមរយៈការធ្វើតេស្ត ឌីអិនអេ ដោយឥតគិតថ្លៃ និងការជួយជ្រោមជ្រែង និងការអប់រំ»។
សម្រង់សំណេរនៅលើទំព័រហ្វេសប៊ុករបស់អង្គការនេះ បានប្រកាសថា៖ «នៅដើមខែតុលា២៤ នេះអង្គការយើងខ្ញុំបានបន្តការធ្វើតេស្តបងប្អូនពូមីងដែលគាត់បានបាត់ព្រាត់គ្រួសារតាំងពីសម័យសង្គ្រាម និងសម័យខ្មែរក្រហមមកម្ល៉េះមិនដឹងថានៅរស់ ឬក៏ស្លាប់»។
លោក ឆាល សុង (Charles Song) ដែលបានចូលរួមជាមួយអ្នកស្រី លីដា និងប្រជាជនកម្ពុជាជាច្រើននាក់ទៀតក្នុងការធ្វើតេស្តDNA ដោយឥតគិតថ្លៃ នៅតេរំពឹងថាលោក ក៏ដូចជាមនុស្សជាច្រើនទៀតនឹងអាចស្វែងរកឃើញក្រុមគ្រួសារសាច់ញាតិព្រាត់ប្រាស់គ្នាដោយសារតែរបបអាវខ្មៅ។
លោកបានសរសេរថា៖ «រហូតមកដល់ថ្ងៃនេះ មនុស្សរាប់ម៉ឺននាក់រួមទាំងបងប្រុសច្បងរបស់ខ្ញុំនៅតែបាត់ខ្លួន»។
លោកបានអំពាវនាវឱ្យអ្នកដែលមានសមាជិកគ្រួសារបាត់ខ្លួន ស្វែងរកការធ្វើតេស្ត DNA ឬណែនាំប្រាប់មិត្តភ័ក្តិនិងក្រុមគ្រួសារអំពីសេវាកម្មស្វែងរកគ្រួសារនេះ ដោយ Reconnecting Cambodia និងអង្គការសប្បុរសធម៌គ្រួសារខ្មែរ (KFCO)។
ដើម្បីដាក់ពាក្យស្នើសុំឧបករណ៍ធ្វើតេស្ត DNA ដោយឥតគិតថ្លៃសូមមើលខិត្តប័ណ្ណដែលភ្ជាប់មកជាមួយ។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងអង្គការសប្បុរសដើម្បីគ្រួសារខ្មែរ KFCO និង Reconnecting Cambodia៕