សេដ្ឋកិច្ច

ផ្ទះឈើចល័តស្រុកស្រីសន្ធរ ផ្ទុះការចាប់អារម្មណ៍ និងកុម៉្មង់ជាប់គ្នាឥតស្បើយ

November 13, 2024
សួស យ៉ាមី
Heading
Option 1

កំពង់ចាមៈ ស្របពេលសំណង់ផ្ទះល្វែងបុរី និងផ្ទះថ្មជាច្រើនកំពុងសាងសង់យ៉ាងព្រោងព្រាតជាងផ្ទះនៅឯខេត្តកំពង់ចាមឯណោះវិញបែរជាងាកមកសាងសង់ផ្ទះឈើចល័តយ៉ាងញាប់ដៃញាប់ជើងដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការរបស់អតិថិជន។

មានអាជីពជាជាងធ្វើតុទ្វារ បង្អួចសម្រាប់ផ្គត់ផ្គងតាមសាលារៀនលោក គិនគាន់ បានចាប់ផ្តើមធ្វើផ្ទះឈើចល័តដំបូងនៅអំឡុងឆ្នាំ២០២០ដោយពេលនោះលោកធ្វើជាផ្ទះឈើគម្រូ ១តែប៉ុណ្ណោះ និងយករូបភាពផ្ទះឈើនេះបង្ហោះលើបណ្តាញសង្គម។

លោកប្រាប់សារព័ត៌មានSRNEWS យ៉ាងដូច្នេះថា៖ «ពេលកូវីដគេផ្អាកគម្រោង​នៅតាមសាលារៀនក្រុមជាងខ្ញុំមានគ្នាជាង១០នាក់ អ៊ីចឹងយើងទំនេរអត់មានការងារអីធ្វើទេ ហើយពេលនោះក៏អត់មានអ្នកធ្វើផ្ទះឈើលក់ដែរ ខ្ញុំក៏នឹកច្នៃផ្ទះគម្រូលេងហើយបង្ហោះតាមហ្វេសប៊ុក ស្រាប់តែមានភ្ញៀវមើលឃើញ គាត់មានរីស៊ត(Resort) គាត់ត្រូវចិត្តក៏ទិញយកទៅ»។

ស្នាដៃធ្វើផ្ទះឈើដំបូងរបស់ជាងផ្ទះវ័យ៤២ឆ្នាំរូបលក់ខាតដើម ដោយសារលោកចំណាយប្រាក់ច្រើនទៅលើសម្ភារៈ និងពេលវេលាត្បិតនេះជាបទពិសោធន៍ថ្មីតែវាក៏ជាផ្នែកមួយក្នុងការជម្រុញទឹកចិត្ត ឱ្យលោកធ្វើផ្ទះឈើចល័តនេះជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ននេះផ្ទះចល័តស្រុកស្រីសន្ធររបស់លោក គិនគាន់ ទទួលបានការចាប់អារម្មណ៍និងការគាំទ្រ យ៉ាងច្រើនពីសំណាក់បងប្អូនដែលនិយមស្រឡាញ់ផ្ទះឈើទូទាំងប្រទេសដោយលោកទទួលបាន ការកុម៉្មង់ម៉ូតផ្ទះឈើជាច្រើនផ្សេងៗគ្នាពីសំណាក់អតិថិជន។

ជាងផ្ទះវ័យ៤២ឆ្នាំខាងលើនេះនិយាយថា៖ «សព្វថ្ងៃខ្ញុំធ្វើផ្ទះហើយបង្ហោះលើហ្វេសប៊ុក ហើយមានបងប្អូនជាវយកទៅជាហូរហែ ហើយក៏មានការកុម៉្មង់ឱ្យធ្វើឥតដាច់ផ្ទះឈើទាំងអស់នោះ បងប្អូនខ្លះគាត់ទិញយក ទៅនៅខ្លះយកទៅដាក់នៅរីស៊ត ធ្វើផ្ទះលម្ហែតាមចិត្តគាត់ស្រឡាញ់អ៊ីចឹងទៅ»។  ផ្ទះឈើចល័តស្រុកស្រីសន្ធរមានសាងសាង់ផ្ទះឈើជាច្រើនប្រភេទ និងតាមការកុម៉្មង់របស់ភ្ញៀវ ដូចជាផ្ទះខ្មែរបុរាណ ផ្ទះរោងដោលផ្ទះរោងឌឿង ផ្ទះប៉ិត ផ្ទះកន្តាំង បឹងកាឡូ និងផ្ទះឈើផ្សេងៗ ហើយផ្ទះឈើទាំងអស់នេះមានទំហំ៣ខ្នាតរួមមានខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។

សម្រាប់តម្លៃនៃផ្ទះនីមួយៗលោក គិន គាន់ បញ្ជាក់យ៉ាងលម្អិតថា៖ « ផ្ទះតូចមានទំហំ ៣ម៉ែត្រ គុណ៦ម៉ែត្រមានពីរប្រភេទគឺផ្ទះទាបតម្លៃ៤៨០០ដុល្លារ ហើយផ្ទះខ្ពស់ ៥៥០០ដុល្លារ ផ្ទះមធ្យមមានទំហំ៣,៥ម៉ែត្រគុណ ៧ម៉ែត្រ និងមានពីរប្រភេទផ្ទះទាប តម្លៃ៧០០០ដុល្លារ និងផ្ទះខ្ពស់ ៧៧០០ដុល្លារចំណែកផ្ទះធំ មានទំហំ ៤ម៉ែត្រ គុណ៩ម៉ែត្រ និងមានពីរប្រភេទដូចគ្នា ផ្ទះទាប តម្លៃ១០១០០ដុល្លារ ឯផ្ទះខ្ពស់ ១០៨០០ដុល្លារ»។  

មេជាងរូបនេះបន្តថា « ឈើដែលយើងយកមកធ្វើផ្ទះសុទ្ធតែឈើលេខមួយមាន ស្រឡៅ សុក្រំ ផ្ចឹក ធានាគុណភាព យើងយកសុក្រំ ផ្ចឹក ធ្វើជាសសរនិងធ្វើជាក្តារក្រាល ហើយស្រឡៅ ធ្វើគ្រឿងផ្ទះ រនូត រនងជាដើម តែដំបូលវិញមានតាមម្ចាស់គេកុម៉្មង់មានដូចជាជ័រ ស៊ីប្រូថៃ ក្បឿងស្រកាលីញ ហើយតម្លៃវាទៅតាមណុងដែរ»។

ផ្ទះឈើចល័តនេះត្រូវការរយៈពេលសាងសង់ចន្លោះពីកន្លះខែ ទៅ១ខែ ដោយរួមបញ្ជូលទាំង ការតបណ្តាញភ្លើង និងការដេគ័រផ្សេងៗប៉ុន្តែពុំមានបន្ទប់ទឹកនោះទេ ប្រសិនបើអតិថិជន ចង់បានបន្ទប់ទឹក ត្រូវបូកតម្លៃបន្ថែម។ផ្ទះឈើដែលសាងសង់រួច នឹងត្រូវដឹកយកទៅតំឡើង ដល់ទីតាំងអតិថិជន ហើយក្រុមការងារលោកក៏មានទទួលធ្វើបន្ទប់ខាងក្រោមផងដែរ។

​ម្ចាស់អាជីវកម្មខាងលើនេះបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្ត នៅពេលភ្ញៀវសរសើរពីស្នាដៃធ្វើ ផ្ទះឈើនេះ និយាយទៅផ្ទះយើងមានគុណភាពនិងធានា តែបើភ្ញៀវគាត់ពុំសូវចូលចិត្តកន្លែងណា យើងយកចំណុចនោះមកកែលម្ហឱ្យកាន់ល្អសំខាន់ខ្ញុំមានជំហរមួយ គឺត្រូវតែដាប់ដេត ( Update) ផ្ទះឈើនេះរហូត»។

ផ្ទះចល័តស្រុកស្រីសន្ធរមានទីតាំងភូមិ សំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្តកំពង់ចាម៕ 

អត្ថបទពេញនិយម

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

ដំណាំខ្ញីអូរសោម ដាំតាមលក្ខណៈបច្ចេកទេស គ្រោងនាំចេញទៅកាន់ទីផ្សារអាមេរិក

ភាពយន្តឯកសារ RM មេក្រុម BTS ត្រូវបានសម្រាំងយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តដ៏ធំបំផុតមួយនៅអាស៊ី

លោក ឆាយ ស៊ីនឿន ប្រមូលទិញផ្លែដូងជាច្រើន ចម្រាញ់ជាប្រេងធម្មជាតិ សម្រាប់ថែរក្សាសម្ផស្ស និងព្យាបាលជំងឺ

ចិនសាងសង់ថាមពលកកើតឡើងវិញ បរិមាណទ្វេដង ច្រើនជាងប្រទេសទាំងអស់នៃពិភពលោករួមបញ្ចូលគ្នា