សៀមរាប:ត្បិតតែចម្លាក់របស់លោកស៊ាប រតនៈ ច្នៃពីកាសែតនិងក្រដាសការិយាល័យតែគុណតម្លៃវត្ថុសិល្បៈដ៏ផ្ចិតផ្ចង់ទាំងនេះ អាចនាំចំណូលជូនលោកខ្ទង់ពាន់ដុល្លារថែមទាំងចូលរួមលើកស្ទួយកម្រិតជីវភាពជនមានពិការភាពនិងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
ខុសពីចម្លាក់ធ្វើពីឈើ ដែក ថ្ម ប្រាក់ឬស្ពាន់ចម្លាក់របស់លោកបានប្រើប្រាស់កាកសំណល់ក្រដាសដែលមានទម្ងន់ស្រាល ហើយរឹងមាំ។បច្ចេកទេសនិងសិល្បៈចម្លាក់ពីក្រដាសនេះត្រូវបានបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងម្នាក់មុននឹងលោក រតនៈ អាចចាប់ផ្ដើមមុខរបរនេះបាន។
លោកបានរំឭកប្រាប់ថា៖ «ខ្ញុំចាប់ផ្តើមរៀនចម្លាក់នេះតាំងពីឆ្នាំ២០១០មកម្ល៉េះ បង្រៀនដោយលោកគ្រូជនជាតិបារាំងឈ្មោះហ្វីលីបរ៉ូសូ។ ដោយក្ដីស្រឡាញ់ការងារហត្ថកម្មនេះហើយបានធ្វើឲ្យរូបខ្ញុំខិតខំពុះពាររហូត ចេះស្ទាត់ជំនាញ។ដោយលោកគ្រូ ហ្វីលីបរ៉ូសូមានវ័យកាន់ចាស់ទើបគាត់បានផ្ទេរមុខរបរនេះមកឲ្យរូបខ្ញុំជាអ្នកបន្តវេននៅក្នុងឆ្នាំ២០១៧»។
អស់រយៈពេលជាង ១ទសវត្សរ៍ លោក រតនៈជាម្ចាស់អាជីវកម្ម «ចាយ៉ាវ អាត»(Jayav Art) នៅភូមិទ្រាំងសង្កាត់ស្លក្រាម ខេត្តសៀមរាបបានច្នៃក្រដាសកាសែតនិងក្រដាសការិយាល័យដែលគេឈប់ប្រើ ទៅជាចម្លាក់ទាំងទម្រង់បុរាណ និងសម័យសម្រាប់តាំងលម្អខាងក្នុងអគារ។
លោកបានប្រាប់ SR News ពីគំនិតធ្វើចម្លាក់ពីក្រដាសនេះថា៖ «វាមិនត្រឹមចូលរួមកែច្នៃកាកសំណល់ឡើងវិញនោះទេអាជីវកម្មមួយ នេះក៏រក្សាទម្រង់ចម្លាក់សិល្បៈខ្មែរនិងបានផ្សព្វផ្សាយទៅកាន់ភ្ញៀវបរទេស ដែលមកទស្សនាទឹកដីអង្គរផងដែរ»។
អាជីវកម្មចាយ៉ាវ អាតបានផលិតរូបចម្លាក់បានជាង២០ទម្រង់ខុសៗគ្នារួមមានដូចជារូប អប្សរា រូបបដិមាចាប ដំរី គោ និងរូបព្រះគណេស ជាដើម។ ចម្លាក់ភាគច្រើនជាពណ៌ធម្មតា ព្រោះភ្ញៀវនិយមរចនាប័ទ្មបែបបុរាណ។
លោកបានបន្ថែមទៀតថា ពីដំណាក់កាលទៅមួយដំណាក់ការទាមទារភាពម៉ត់ចត់យកចិត្តទុកដាក់ និងអំណត់អត់ធន់ជាខ្លាំងមុននឹងទទួលបានស្នាដៃចម្លាក់ដ៏មានតម្លៃ។
សិប្បកររូបនេះបានរៀបរាប់ឱ្យ SR News ឲ្យដឹងថា៖ «ក្រដាសកាសែតនិងក្រដាសពីការិយាល័យជាច្រើនត្រូវបានយកមកកាត់ជាបំណែកតូចៗរួចដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋក្លាយទៅជាល្បាយទើបយកត្រាំទឹករួចយកទៅក្រឡុកជាមួយនឹងម៉ាស៊ីនក្រឡុកម្ដងទៀតដើម្បីឲ្យវាម៉ដ្ឋល្អទើបច្របាច់ពូតយកទឹកចេញ រួចលាយជាមួយនឹងកាវ ហើយទើបយកទៅបិទម្ដងមួយដុំៗចូលទៅ ក្នុងពុម្ពរូបចម្លាក់នីមួយៗ ដែលបានត្រៀមទុករួចស្រេច ហើយហាលថ្ងៃវាពី១២ម៉ោងទៅទៅ២៤ម៉ោង អាស្រ័យទៅលើកម្ដៅថ្ងៃ»។
ភ្ងៀវក៏អាចធ្វើការកម្ម៉ង់រូបចម្លាក់និងពណ៌តាមការចូលចិត្តរបស់ខ្លួនឯងផងដែរ។រាល់រូបចម្លាក់ទាំងអស់ដែលភ្ញៀវទេសចរទិញយកទៅភាគច្រើនក្នុងគោលបំណងតាំងលម្អនៅតាមគេហដ្ឋាន ហាង និងភោជនីយដ្ឋាននៅក្នុងខេត្តសៀមរាប។
បច្ចុប្បន្ន រូបចម្លាក់ពីក្រដាសកាសែតនេះមានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវជាតិនិងភ្ញៀវបរទេសជាមួយទីផ្សារកាន់តែទូលំទូលាយជាងមុន។
បុរសវ័យ៣៥រូបនេះបានបញ្ចាក់ថាចម្លាក់ដែលធ្វើពីក្រដាសនីមួយៗអាចមានតម្លៃចាប់ពី៧ដុល្លាររហូតដល់៤០០ដុល្លារ ឬក៏អាចហក់ខ្ពស់ជាងនេះ អាស្រ័យទៅតាមទំហំនៃរូបចម្លាក់តូចឬធំ។
លោក រតនៈ បានបន្តទៀតថាមុខរបរមួយនេះមិនត្រឹមតែជួយបរិស្ថានតែប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយុវជនមានពិការភាពគថ្លង់មកពីអង្គការគ្រួសារថ្មីដោយសម្រួលជីវភាពពួកគាត់ឱ្យទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងបន្តការសិក្សាឱ្យវែងឆ្ងាយ។
ក្រៅពីការងាររូបចម្លាក់ប្រចាំថ្ងៃសិប្បកម្មចាយ៉ាវ អាត(Jayav Art) ក៏មានទទួលបង្រៀនក្មេងៗជំនាន់ក្រោយ ដែលមានបំណងចង់ក្រេបជញ្ជក់ចំណេះជំនាញសិល្បៈនេះផងដែរ។
ព័ត៌មានបន្ថែមពី រូបចម្លាក់នេះអាចស្វែងរកលើគេហទំព័រហ្វេសប៊ុក Jayav Art Paper និងទំនាក់ទំនងទូរសព្ទលេខ ០១០ ២៧៤៤៧០៕