ទេសចរណ៍

កន្លែងដើរលេងទាំង៥ ដ៏ស្រស់ស្អាតនៅខេត្តកំពត

October 22, 2024
លៀប ទេពិទូ
Heading
Option 1

កំពតៈ កំពត គឺខេត្តមួយដែលសម្បូរទៅដោយទីតាំងទេសចរណ៍ជាច្រើន រួមមានទាំងដងព្រែក ព្រៃភ្នំទឹកជ្រោះ និងសមុទ្រជាដើម។ អ៊ីចឹងបើមានគម្រោងមកលេងខេត្តកំពត មកស្គាល់៥ទីតាំងនេះ សុទ្ធសឹងតែជាទីតាំងដ៏គួរឱ្យចាប់អារម្មណ៍៖

ទឹកជ្រោះឱម៉ាល់ ថតពីលើអាកាស។ រូបថត៖ រ៉ាស់ហ៊ីម

១. ទឹកធ្លាក់ឱម៉ាល់ ឬទឹកជ្រោះឱម៉ាល់

ទឹកធ្លាក់ឱម៉ាល់ គឺជាទីកន្លែងដើរលេងបែបផ្សងព្រេង គេងបោះតង់ជាពិសេសនៅក្នុងរដូវវស្សា ទីឋានមួយនេះ មានទេសភាពស្រស់ស្អាតខ្លាំងដោយរុក្ខជាតិដុះលូតលាស់ ទឹកធ្លាក់បង្អុរចុះយ៉ាងត្រជាក់ស្រេង ដែលសម្រស់ ធម្មជាតិទាំងនេះនឹងធ្វើឱ្យភ្ញៀវទេសចរ សប្បាយរីករាយរំសាយអស់នូវភាពតានតឹងទាំងឡាយ។

ទឹកធ្លាក់ជ្រោះឱម៉ាល់។ រូបថត៖ រ៉ាស់ហ៊ីម

ទឹកធ្លាក់ជ្រោះឱម៉ាល់មានចម្ងាយប្រហែល ១១គីឡូម៉ែត្រ និងមានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។ មុនឡើងទៅដល់ទីតាំងទឹកធ្លាក់ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ឬដើរដោយថ្មើរជើងក៏បាន ត្បិតនៅតាមផ្លូវ អ្នកទេសចរ អាចទស្សនាបាននូវព្រៃឈើ ដំណាំ​ហូប​ផ្លែជា​ច្រើន​ចំណែកនៅតាមផ្លូវក៏មានប្រជាពលរដ្ឋលក់ដូរនំចំណី និងភេសជ្ជៈផងដែរ។

ទីតាំង៖ ទឹកធ្លាក់ឱម៉ាល់ ឬទឹកជ្រោះឱម៉ាល់

 

២.រមណីយដ្ឋានភ្នំកំពង់ត្រាច  

ភ្ញៀវទេសចរណ៍កំពុងដើរនៅក្រោមល្អាងភ្នំ។ រូបថត៖ Visit Kampot

ជារមណីយដ្ឋានធម្មជាតិ ទីសក្ការៈ និងប្រវត្តិសាស្ត្ររមណីយដ្ឋានភ្នំកំពង់ត្រាច សំបូរទៅដោយល្អាងតូចធំ ដ៏គួរចាប់អារម្មណ៍ជាច្រើនដូចជាល្អាងស្ការហនុមាន, គុហាជាងលុកម៉ីន, រូងភ្នំត្រីបាឡែន, រូងភ្នំក្បាលអន្ទុង, ល្អាងឋានព្រះច័ន្ទ និងល្អាងឋានព្រះអាទិត្យ។ ផ្ទាំងថ្មនៅក្នុងល្អាងទាំងនោះមានសភាពស្អាត ប្លែក ដោយខ្លះ មានរាងស្រដៀងរូបសត្វ ឬវត្ថុផ្សេងៗ ក្រៅពីនេះល្អាងខ្លះមានទឹកថ្លា និងត្រជាក់ខ្លាំង។  

ទីតាំង៖ រមណីយដ្ឋានភ្នំកំពង់ត្រាច

 

៣. រមណីយដ្ឋានដូងទេ

រមណីយដ្ឋានដូងទេស្ថិតនៅជាប់មាត់ព្រែក។ រូបថត៖ រមណីយដ្ឋានដូងទេ

ស្ថិតនៅជាប់មាត់ព្រែក និងមានជួរភ្នំនៅខាងមុន រមណីយដ្ឋានដូងទេជាទីតាំងកម្សាន្តលេងនូវកីឡាលើទឹកដូចជា ជិះទូកកៃយ៉ាក់ ស្គីរំអិល និងហែលទឹកលេងជាដើម។មានដើមឈើធំៗខៀវស្រងាត់ ដែលជាម្លប់យ៉ាងត្រជាក់ចិត្តភ្ញៀវទេសចរ អាចសម្រាកលើក្យូសញ៊ាំម្ហូបអាហារដ៏ឆ្ងាញ់ប្រចាំតំបន់ និងជាវវត្ថុអនុស្សាវរីយ៍បានផងដែរ។

ទីតាំង៖ រមណីយដ្ឋានដូងទេ

៤. រមណីយដ្ឋានធម្មជាតិម្លេច Mlech Adventure 

ទិដ្ឋភាពទំនប់ម្លេចមើលពីលើអាកាស។ រូបថត៖ រ៉ាស់ហ៊ីម

ជាទីកន្លែងស្ងប់ស្ងាត់បែបធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធព័ទ្ធដោយជួរភ្នំវែងអន្លាយ រមណីយដ្ឋានធម្មជាតិម្លេច ជាទីឋានដែលភ្ញៀវទេសចរមិនគួរមើលរំលង។ មិនត្រឹមតែមានធម្មជាតិស្រស់ស្អាតប៉ុណ្ណោះទេទីតាំងនេះ ក៏មានការកំសាន្តជាច្រើនដូចជា ជិះម៉ូតូស្គី​​ បាញ់ព្រួញ​គយគន់សួនផ្កា ថតរូបលេង និងជិះទូកកៃយ៉ាក់មើលសត្វស្លាប បានផងដែរ។

លើសពីនេះ រមណីយដ្ឋាននេះក៏មានកន្លែងស្នាក់នៅជាប្រភេទតង់ប្រណីត តង់ធម្មតា និងមានសេវាកម្មម្ហូបអាហារដែលមានឱជារស និងតម្លៃសមរម្យ។

ទីតាំង៖ រមណីយដ្ឋានធម្មជាតិម្លេច

 

៥. សហគមន៍នេសាទត្រពាំងសង្កែ

ទិដ្ឋភាពសហគមន័ត្រពាំងសង្កែ ដែលសម្បូរដោយព្រៃកោងកាង។ រូបថត៖ Visit Kampot

មានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែស្រុកទឹកឈូ ខេត្តកំពត និងចម្ងាយ ៧គីឡូម៉ែត្រពីរង្វង់ មូលទុរេន សហគមន៍ត្រពាំងសង្កែ សម្បូរដោយព្រៃកោងកាងមានទំហំសរុប៤៨ហិចតា ដុះលាតសន្ធឹង តាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។ សម្រាកកម្សាន្តនៅទីនេះភ្ញៀវទេសចរ អាចជួលទូកជិះកម្សាន្ត ដើមកោងកាងស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេងស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ បរិភោគអាហារបែបជនបទ ភ្លក់អាហារសម្រន់ស្នាក់ក្នុងផ្ទះបឹងហ្គាឡូ ឬការបោះតង់ជាដើម។

អ្វីដែលភ្ញៀវទេសចរ តែងតែធ្វើដើម្បីទុកជាអនុស្សាចរីយ៍គឺទិញដើមកោងកាងដើម្បីដាំ  ដែលជាផ្នែកមួយ ជួយដល់បរិស្ថានព្រោះដើមកោងកាងមានប្រយោជន៍ជាច្រើនសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឱ្យ បោកបក់បំផ្លាញដំណាំ និងផ្ទះនៅតំបន់ឆ្នេរ៕

ទីតាំង៖ សហគមន៍នេសាទត្រពាំងសង្កែ

អត្ថបទពេញនិយម

ភ្លេង«ពិណពាទ្យ» វង់ភ្លេងខ្មែរដ៏ចំណាស់ មិនមែន ភ្លេង«សៀម»

វិធីសាស្ត្របំបាត់ និងទប់ស្កាត់មុនក្បាលខ្មៅ

ការហែទីងមោង មិនត្រូវបានបិទនោះទេ តែតម្រូវឱ្យមានការហែឱ្យបានត្រឹមត្រូវ

ក្រុមហ៊ុន Telegram អះអាងថា ការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុន "គ្មានអ្វីត្រូវលាក់បាំងទេ"

ពិភពមនុស្សតឿនៅចិន បង្កប់ដោយអាថ៌កំបាំង និងរឿងចម្រូងចម្រាស់