កែបៈស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រកែប គឺជាខេត្តមួយដែលសំបូរទៅដោយតំបន់ទេសចរណ៍ដ៏ទាក់ទាញ ជាពិសេសហាងកាហ្វេប្លែកៗដែលកំពុងឈរបង្អួតរាងនៅជាប់មាត់សមុទ្រ និងលើភ្នំជាដើម។
មកស្គាល់ហាងកាហ្វេល្បីឈ្មោះចំនួន៣ទីតាំងនៅក្នុងខេត្តកែប៖
១. ហ្ស៊ីបឡាញកាហ្វេ (Zip Line Café)
មានទីតាំងស្ថិតនៅលើកំពូលភ្នំទល់មុខរូបសំណាក់ស្រីស Zip Line Café គឺជាទីតាំងហាងកាហ្វេមួយ ដែលកំពុងស្រូបទាញភ្ញៀវទេសចរដែលទៅកម្សាន្តខេត្តកែបឱ្យចូលមកភ្លក់រសជាតិកាហ្វេ គយគន់សម្រស់ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្ររាំរេនិងជួរភ្នំព័ណ៌បៃតងដ៏ស្រស់ស្អាត។
បើកពីម៉ោង៧ ព្រឹក ដល់ម៉ោង ៩ យប់ ហាងកាហ្វេរ៉កនេះ ក៏មានសេវាកម្សាន្តដ៏ព្រឺព្រួចមួយគឺការដើរលើ ស្ពានយោល និងជិះខ្សែរ៉ក់ជុំវិញចង្កេះភ្នំ ដែលមានប្រវែងសរុប ប្រមាណជាង៨០០ម៉ែត្រ ជាពិសេសការកម្សាន្តនេះ គឺមានអ្នកជំនាញ នៅចាំមើលសុវត្ថិភាពជាប់ជានិច្ច។
ទីតាំង៖ ហ្ស៊ីបឡាញកាហ្វេ (Zip Line Café)
២TheWave Café
មានទីតាំងអំណោយផលនៅមាត់សមុទ្រTheWave Café គឺជាទីឋាដ៏ល្អបំផុតសម្រាប់អ្នកដែល ចូលចិត្តផឹកកាហ្វេគយគន់សម្រស់ថ្ងៃលិច ផ្ទៃសមុទ្រ ស្ដាប់សំលេងទឹករលក និងស្រូបយកខ្យល់អាកាស បរិសុទ្ធពីធម្មជាតិ។បន្ថែមពីនេះភ្ញៀវទេសចរ ក៏អាចកម្សាន្តលេងជាមួយនឹងសេវាកីឡាលើទឹក ដែលមានដូចជាជិះទូកកៃយ៉ាក់ ជិះទូកក្ដោង និងជិះម៉ូតូទឹកបានផងដែរ។
ទីតាំង៖ The Wave Café
៣កាហ្វេលើភ្នំLedZep Cafe
អមដោយធម្មជាតិដើមឈើតូចធំខៀវស្រងាត់កាហ្វេលើភ្នំ គឺជាទីតាំងដ៏មនោរម្យមួយ ក្នុងការមកកម្សាន្ត ផឹកកាហ្វេជជែកគ្នា និងលម្ហែអារម្មណ៍សម្លឹងមើលសម្រស់នៃដែនសមុទ្រខ្មែរ។ មានទីតាំងល្អស្ថិតនៅលើភ្នំនៃឧទ្យានជាតិកែប នៅហាងកាហ្វេលាក់ខ្លួនមួយនេះ រៀបចំបានយ៉ាងសមសួន មានទាំងតុអង្គុយអង្រឹង និងទោង ដែលទាំងនេះសុទ្ធសឹងតែជាប្លង់ថតរូបស្អាតៗ មិនតែប៉ុណ្ណោះ បរិយាកាសនិងធម្មជាតិនៃឧទ្យានជាតិ បែប គឺស្រស់ស្អាតខ្លាំងណាស់៕
ទីតាំង៖ កាហ្វេលើភ្នំ Led Zep Cafe