បច្ចេកវិទ្យា

Elon Musk សម្រេចដកពាក្យបណ្តឹងប្រឆាំង OpenAI និងសហស្ថាបនិក

October 22, 2024
SR Digital Content Creator
Heading
Option 1

បរទេសៈ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនTesla លោក Elon Musk បានសម្រេចទម្លាក់ចោលនូវពាក្យបណ្តឹងជាផ្លូវការ ដែលប្តឹងប្រឆាំងនឹង OpenAIនិងសហស្ថាបនិកOpenAI គឺ Sam Altman និង Greg Brockman ។

ពាក្យបណ្តឹងរបស់លោក ElonMusk ដែលបានប្តឹងទៅកាន់តុលាការជាន់ខ្ពស់San Francisco កាលពីចុងខែកុម្ភៈបានចោទប្រកាន់ OpenAIពី«បទអនុវត្តខុសពីគោលការណ៍នៃបេសកកម្មដើមរបស់ខ្លួន» ក្នុងគោលបំណងបង្កើតបញ្ញាសិប្បនិម្មិត ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។

បណ្តឹងដំបូង ឬបណ្តឹងបឋមរបស់ Elon Musk

បណ្តឹងរបស់ លោក Muskផ្តោតលើការអះអាងដែលថាOpenAI បានរំលោភលើ «កិច្ចព្រមព្រៀងនៃការបង្កើត OpenAI» (founding agreement)។ យោងតាមលោក Muskកិច្ចព្រមព្រៀងនេះចែងថាOpenAI ត្រូវតែជាអង្គការដែលមិនរកប្រាក់ចំណេញដែលផ្តល់ការអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព និងសីលធម៌នៃបច្ចេកវិទ្យាAI។

ទោះជាយ៉ាងណាក៏ដោយ Musk បានអះអាងថាOpenAIបានរំលោភលើគោលការណ៍នេះដោយទទួលយកការវិនិយោគសំខាន់ៗពី Microsoftនិងបានផ្លាស់ប្តូរគោលការណ៍របស់ខ្លួនទៅជាការរកប្រាក់ចំណេញវិញ។ លោកបន្តថា ការផ្លាស់ប្តូរទាំងនេះបានធ្វើឱ្យខូចខាត ដល់គោលការណ៍ដើម នៃការបង្កើតបច្ចេកវិទ្យា AIដែលនឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ។

ការឆ្លើយតបរបស់OpenAI

ជាការឆ្លើយតប OpenAI បានបញ្ជាក់ថា គ្មានកិច្ចព្រមព្រៀងនៃការបង្កើត OpenAI ដែលធ្វើឡើងបែប នេះឡើយ។OpenAI បន្តថា ខ្លួនបានការពារភាពជាដៃគូជាមួយក្រុមហ៊ុនMicrosoftដោយបង្ហាញពីភាពចាំបាច់ក្នុងការទទួលនូវមូលនិធិយ៉ាងច្រើន ក្នុងគោលដៅជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍន៍AI ។  OpenAI បញ្ជាក់ថា ខ្លួនបានប្តេជ្ញាចិត្តនិងរក្សាគោលការណ៍នានាចំពោះការអភិវឌ្ឍន៍ AIប្រកបដោយក្រមសីលធម៌បើទោះបីជាមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាជីវកម្មធំមួយក៏ដោយ។

 ការទម្លាក់ពាក្យបណ្តឹង 

នៅថ្ងៃទី 12 ខែមិថុនាឆ្នាំ2024លោកMuskបានទម្លាក់ចោលពាក្យបណ្តឹងដែលប្តឹង OpenAI ប៉ុន្តែលោកពុំបានបញ្ជាក់ពីហេតុផលណាមួយនៃការសម្រេចដកពាក្យបណ្តឹងនេះឡើយ។ ការដកពាក្យ បណ្តឹងរបស់ស្ថាបនិកក្រុមហ៊ុន Tesla នេះបានបង្កជាការភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ លោកបានរិះគន់យ៉ាងចាស់ដៃលើOpenAI។ ជាមួយគ្នានេះ OpenAI វិញ ក៏មិនទាន់មានការបញ្ជាក់ណាមួយទាក់ទងនឹងការសម្រេចដកពាក្យបណ្តឹងរបស់លោក Musk ផងដែរ។  

ប្រវត្តិ និងដើមហេតុនៃទំនាស់ រវាង Musk និង OpenAI

លោក ElonMusk គឺសហស្ថាបនិកមួយរូបរបស់OpenAI ក្នុងឆ្នាំ 2015 ដែលមានចក្ខុវិស័យក្នុងការបង្កើតបច្ចេកវិទ្យា AIប៉ុន្តែលោកMusk បានចាកចេញពី OpenAI ក្នុងឆ្នាំ 2018  ដោយសារខ្វែងគំនិតគ្នា ទាក់ទងនឹងទិសដៅ និងយុទ្ធសាស្ត្ររបស់OpenAI ។ ចាប់តាំងពីពេលនោះមកOpenAI បានសម្រេច នូវសមិទ្ធផលសំខាន់ៗជាពិសេសការដាក់អោយប្រើ ChatGPTដែលជាបច្ចេកវិទ្យាទំនើប ឬបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ ដែលមានការគាំទ្រ និងប្រជាប្រិយខ្លាំង។

ការព្រួយបារម្ភនិងការរិះគន់ជាបន្តបន្ទាប់

ទោះ​បី​ជា​ទម្លាក់​ចោល​ពាក្យ​បណ្ដឹង​ក្ដីប៉ុន្តែលោកMusk បន្ត​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​​ការ​អភិវឌ្ឍAI ដោយ លោកបានរិះគន់ខ្លាំងៗសំដៅដល់ក្រុមហ៊ុន Appleដែលជាដៃគូថ្មីរបស់OpenAI។ថ្មីៗនេះMuskបានសម្តែងការមិនសប្បាយចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយព្រមានអំពីហានិភ័យសុវត្ថិភាពបច្ចេកវិទ្យា ហើយលោកក៏បានគំរាម និងហាមឃាត់នូវការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនAppleផងដែរ ដែលវានឹងធ្វើឱ្យមានបញ្ហាកើតឡើងចំពោះទិន្នន័យឯកជននិងក្រមសីលធម៌ AI ។

សូមជម្រាបថា លោក MuskនិងOpenAI គឺជាតួអង្គដ៏សំខាន់និងមានឥទ្ធិពលក្នុងការបង្កើតអនាគត នៃបញ្ញាសិប្បនិម្មិត ដូចនេះហើយរាល់សកម្មភាព និងការសម្រេចចិត្តរបស់ Musk និង OpenAI ច្បាស់ជា នឹងនាំឱ្យមានផលប៉ះពាល់ដល់ឧស្សាហកម្មបច្ចេកវិទ្យានិងសង្គមទាំងមូល៕

អត្ថបទពេញនិយម

«ភ្នំទឹកធំ» ឈរកណ្តាលទឹក ស្អាតខ្លាំងក្នុងរដូវវស្សា ជាប់ព្រំដែនវៀតណាម

AI ជួយមេធាវីអាចស្វែងរក ១៥០០០ សំណុំរឿងក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់សិង្ហបុរី

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

តើតារាចម្រៀងរូបណា ដែលពេញនិយមជាងគេសម្រាប់ក្រុមអាយុ Gen-Z

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?