កោះកុង: អារ៉ែងខេមភីង (ARENG Camping) គឺជាអេកូរីស៊តដែលពេញនិយមសម្រាប់អ្នកចូលចិត្ត ទេសភាពធម្មជាតិជាប់ដងស្ទឹង ព្រៃឈើពណ៌បៃតងខ្យល់អាកាសល្អបរិសុទ្ធ ហើយថែមទាំងបានជិះក្បូនតាមដងស្ទឹង ជិះខ្សែរ៉កនិងបាញ់ធ្នូរ ធានាថាសប្បាយបាត់អស់នូវភាពសៅហ្មង ជាមិនខាន។
ដើម្បីទៅកាន់រីស៊តអារ៉ែងខេមភីងនេះអ្នកទេសចរត្រូវធ្វើដំណើរទៅកាន់ផ្លូវបំបែកកោះកុង រួចបត់តាមផ្លូវលេខ៤៨ឬទៅតាមផ្លូវជីផាតក៏បាន ដោយអ្នកដំណើរចំណាយ ពេលប្រមាណ ១ម៉ោងកន្លះទៅ២ម៉ោង ទើបទៅដល់គោលដៅ។
បង្កើតឡើងនៅឆ្នាំ ២០២២លើផ្ទៃដី ១២ ហិចតា ទីនេះមានភូមិសាស្ត្រអំណោយផលណាស់ដោយផ្នែកខាងក្រោយព័ទ្ធទៅដោយជួរភ្នំខៀរស្រងាត់ហើយអ្នកនឹងបានស្តាប់ឮនូវសំឡេងទឹកហូររឹមៗ ហាក់ដូចជាតន្ត្រីបំពេរអារម្មណ៍ជាពិសេសទីនេះនៅជាប់ដងស្ទឹងធម្មជាតិ ដែលធ្វើឱ្យអាកាសធាតុត្រជាក់ស្រួលខ្លួន។
រីស៊តនេះបើកដំណើរការពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៨យប់ដែលមានកន្លែងស្នាក់នៅចំនួន៧ប្រភេទដូចជា ប្រភេទឡានវ៉ែន មានតម្លៃ៦៨ដុល្លារ, ប្រភេទឡានក្រុងទំនើបមានតម្លៃ ៩៨ដុល្លារ, ប្រភេទផ្ទះតង់ភ្លោះ មានតម្លៃ ១៧៨ដុល្លារ, ប្រភេទផ្ទះតង់ធម្មតាមានតម្លៃ ៧៨ដុល្លារ, ប្រភេទផ្ទះតង់មាត់អូរមានតម្លៃ៧៨ដុល្លារ, ប្រភេទវីឡាជាប់មាត់ស្ទឹងមាន២ប្រភេទគឺ វីឡាព្រៃផ្ទះកញ្ចក់ តម្លៃ២៤៨ដុល្លារ និង វីឡាទោលតម្លៃ១៤៨ដុល្លារ និងចុងក្រោយវីឡាទោលចំនួន២ប្រភេទទៀតរួមមានវីឡាទោលប្រភេទ១ មានតម្លៃ ៩៨ដុល្លារ ចំណែកវីឡាទោលប្រភេទ២ (មានពីរជាន់)និង៤បន្ទប់ អាចគេងបាន៦នាក់ ដែលមានតម្លៃ ៤៥០ ដុល្លារ។ក្រៅពីនេះក៏មានតង់ផងដែរ តម្លៃ៣០ ដុល្លារសម្រាប់គេងម្នាក់ឯងនិងគេងបាន២នាក់តម្លៃ ៤០ដុល្លារ។
ទីលម្ហែកម្សាន្តក្រសោបដោយរុក្ខជាតិតូចធំស្រស់បំព្រងនេះក៏មានសេវាកម្សាន្តជាច្រើនដូចជា ជិះខ្សែរ៉កគយគន់សម្រស់ធម្មជាតិព្រៃភ្នំមានតម្លៃ ៧ដុល្លារ/ម្នាក់ ដែលភ្ញៀវអាចជិះខ្សែរ៉កចម្ងាយ២៨០ម៉ែត្រឆ្លងកាត់ស្ទឹងអារ៉ែងហើយមានបុគ្គលិកចាំមើលការខុសត្រូវសុវត្ថិភាពភ្ញៀវ។
ក្នុងនោះក៏ការជិះម៉ូតូកង់បួនកម្សាន្តភូមិអ្នកស្រុកអាចជិះលេងទឹកធ្លាក់ ដែលមានតម្លៃ ២៥ ដុល្លារ /១ម៉ោង។ចំណែកការជិះទូកកៃយ៉ាក់វិញ មានតម្លៃ៥ដុល្លារ ជិះមិនកំណត់ម៉ោង ឯការជិះក្បូនរយៈពេល ១ម៉ោង ជិះបាន២៥នាក់ មានតម្លៃ ២០ដុល្លារបន្ថែមពីនេះក៏មានសេវាកម្មជួលគោយន្ត តម្លៃ១៥ ដុល្លារក្នុងមួយថ្ងៃដែលអាចជិះបានគ្នា ១០ នាក់ និងមានសេវាជិះត្រាក់ទ័រផងដែរ ដែលជិះបាន២០នាក់។
លើសពីនេះអ្នកទេសចរក៏អាចដើរលេងកន្លែងជិតៗបានដូចជា ទឹកជ្រោះឆាយតាហ៊ីងនិងឆាយអារ៉ែង និងកន្លែងដើរលេងជាច្រើនទៀត ឬចង់ដើរព្រៃឡើងភ្នំខាងរីស៊តអាចទាក់ទងខាង សហគមន៍ នាំទេសចរទៅបាន។
រីស៊តដ៏ពេញនិយមនិងស្ងប់ស្ងាត់នៅតំបន់អារ៉ែងនេះ មានបម្រើជូននូវម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារសជាប់មាត់មានម្ហូបខ្មែរប្រចាំតំបន់ដូចជា មាន់ដុត សម្លរប្រហើរ សម្លរកកូរមានត្រីបំពង់ និងមានមុខម្ហូបជាច្រើនទៀតហើយភ្ញៀវទេសក៏អាចម្មង់ម្ហូបបានដែរ។
ទីតាំបង្កើតឡើងកណ្តាលធម្មជាតិដ៏សែនមនោរម្យនេះក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់សហគមន៍ដូចជាផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់និងជួយទិញបន្លែសាច់ពីប្រជាសហគមន៍ជាដើម។
ខែដែលមានទេសភាពស្រស់ស្អាតនិងភ្ញៀវមកលេងច្រើនជាងគេ គឺចាប់ពីខែឧសភា ដល់ខែធ្នូដោយធម្មជាតិលូតលាស់ស្រស់បំព្រង ហើយពេលព្រឹកព្រលឹមមានអ័ព្ទធ្លាក់ចុះពាសពេញរីស៊ត ចំណែកពេលល្ងាចភ្ញៀវអាចមើលថ្ងៃលិចដ៏ស្រស់ស្អាតពីទីនេះបាន។
អារ៉ែងខេមភីង(ARENG Camping) មានទីតាំងស្ថិតនៅជួរភ្នំក្រវាញ នៃស្រុកថ្មបាំង ខេត្តកោះកុងនិងមានចម្ងាយ ៣១០គីឡូម៉ែត្រ ពីភ្នំពេញ ឬទំនាក់ទំនងគេហទំព័រហ្វេសប៊ុកៈ ARENGCamping
និងលេខទូរសព្ទៈ090 282 292៕
ទីតាំង: អារ៉ែងខេមភីង