សៀមរាប៖ លោក ធីម ម៉ាដុកស៍ ជាជនជាតិអូស្ត្រាលីបានបង្កើតមណ្ឌលកុមារកំព្រា និងសាលារៀន អន្តរជាតិ ដើម្បីជួយដល់កុមារក្រីក្រ និងក្មេងអនាថាគ្មានទីពឹងឱ្យទទួលបានការអប់រំ និងមើលថែទាំយ៉ាងដិតដល់ ស្ថិតលើទឹកដីនៃក្រុងសៀមរាប។
លោក ធីម ម៉ាដុកស៍ បានប្រាប់សារព័ត៌មានSR Digital Media ឱ្យដឹងថាមណ្ឌលកុមារកំព្រាមាន ឈ្មោះថា Butterfly Paradise Orphanageបង្កើតឡើងជាផ្លូវការនៅក្នុងឆ្នាំ២០០៣។ កុមារដែលស្នាក់ នៅក្នុងមណ្ឌលកុមារកំព្រានេះ សុទ្ធសឹងតែជាកុមារដែលគ្មានឪពុកម្តាយគ្មានទីពឹង មានកាយសប្បទា មិនគ្រប់គ្រាន់ និងមកពីគ្រួសារដែលពុំមានលទ្ធភាពចិញ្ចឹមបីបាច់។
ម្ចាស់មណ្ឌលកុមារកំព្រារូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមកកម្ពុជាតាំងពីឆ្នាំ១៩៩២ពេលនោះយើង បានជួយកុមារបណ្តើរៗហើយ តែមណ្ឌលយើងបើកផ្លូវការនៅឆ្នាំ២០០៣ មានកុមារតែ២០នាក់ទេយើងជួយដល់ក្មេងៗដែលអត់មានឪពុកម្តាយ ហើយកុមារខ្លះយើងរើសមកពីធុងសំរាមមកចិញ្ចឹម ផងដែរ រហូតដល់ឆ្នាំ២០១០យើងមានកុមាររហូតដល់១៩៦នាក់ តែពេលនេះចំនួនបានថយចុះ ដោយសារកុមារមួយចំនួនបានរកឃើញឪពុកម្តាយនិងមួយចំនួនទៀត ពួកគេរៀនចប់ និងមានការងារ ធ្វើ ហើយឥឡូវនេះ មុននឹងយកកុមារមកចិញ្ចឹម ខាងមណ្ឌលយើង ក៏ទាក់ទងឱ្យក្រសួងទទួលស្គាល់ជាមុនសិនដែរ»។
ដោយមើលឃើញពីទុក្ខលំបាកនិងមានបំណងផ្តល់ចំណេះដឹងដល់កុមារកំព្រា និងសិស្សក្រីក្រ ដែលរស់ក្នុងតំបន់នោះ នៅឆ្នាំ១៩៩៩បុរសជនជាតិអូស្ត្រាលី វ័យ៦០ឆ្នាំរូបនេះក៏បានបើកដំណើរ ការសាលារៀនអន្តរជាតិមួយឈ្មោះ អាត់វេនទីស្ទ សៀមរាប (AISS) ។
លោកម៉ាដុកស៍ បញ្ជាក់ថា៖ «ជាទូទៅថ្លៃសិក្សាមានតម្លៃ២៤០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែកុមារនៅមណ្ឌល សិក្សាអត់បង់ថ្លៃទេ ហើយកុមារដែលចង់រៀនតែគ្រួសារមិនមានលុយបង់ក៏អាចរៀនបានដែរ តែយើងត្រូវមើលលើស្ថានភាពគ្រួសារជាក់ស្តែង បើគាត់មានលទ្ធភាពប៉ុណ្ណាយើងជួយគាត់ តាមនោះដែរ»។
សាលាអន្តរជាតិអាត់វេនទីស្ទ សៀមរាបAISS មានថ្នាក់បង្រៀនភាសាខ្មែរ អង់គ្លេស តន្ត្រី កុំព្យូទ័រ ថ្នាក់គូរគំនូរធ្វើម្ហូប និងថ្នាក់រៀនថត កាត់តវីដេអូ និងមុនវិជ្ជាជាច្រើនទៀត ដោយសិក្សាក្នុងរយៈពេល៦ម៉ោងក្នុងថ្ងៃ។
បើកដំណើរការទាំងមណ្ឌលកុមារកំព្រានិងសាលារៀន ស្ថាបនិកជនជាតិអូស្ត្រាលីរូបនេះបានជួបនឹង បញ្ហាជាច្រើន ប៉ុន្តែបញ្ហាចម្បង គឺកង្វះខាតហិរញ្ញវត្ថុ ត្បិតការចំណាយមានទំហំច្រើនដូចការផ្គត់ផ្គង់ អាហារ សម្ភារៈសិក្សា និងរបស់ប្រើប្រាស់មួយចំនួនទៀត ដោយហេតុនេះ នៅចុងឆ្នាំ២០១៨ម៉ាដុកស៍ បានសម្រេចបង្កើតនូវ «សួនមេអំបៅ» ដើម្បីរកចំណូលបន្ថែម លើជំនួយរបស់សម្បុរសជនពីក្រៅប្រទេស។
សាងសង់លើផ្ទៃដីប្រមាន២ ហិកតា សួនមេអំបៅ ButterflyParadiseមានចិញ្ចឹមមេអំបៅស្រស់ស្អាត ជាច្រើនប្រភេទ ដែលសុទ្ធតែជាមេអំបៅក្នុងស្រុក ក្រៅពីនេះក៏មានកន្លែងមើលសត្វជាច្រើនប្រភេទទៀតដូចជា ត្រី អណ្ដើក ក្រពើ ទន្សាយ កណ្ដុរបារាំង និងមានថ្នាក់គូររូប និងកន្លែងលក់ផ្កាគ្រប់ប្រភេទផងដែរ។
លោក ម៉ាដុកស៍បានឱ្យដឹងថា៖ «ភ្ញៀវដែលមកលេងនៅសួនមេអំបៅ នឹងបានមើលមេអំបៅស្រស់ស្អាតជាច្រើន បានមើលវីដេអូខ្លីៗទាក់ទងនឹងវដ្តជីវីត ការវិវត្តរបស់មេអំបៅ និងលក្ខណៈជីវសាស្ត្រជាដើម តួយ៉ាងមេអំបៅជាសត្វអត់មានអណ្តាត និងធ្មេញទេ មានតែទុយោសម្រាប់ក្រេបលំអងផ្កា ជាពិសេសដឹងពីការថែទាំព្រោះការមើលថែមេអំបៅ ត្រូវការអ្នកមានបទពិសោធន៍ និងចំណេះដឹងទៅ លើពូជវា»។
សួនមេអំបៅ Butterfly Paradise បើកដំណើរចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៤:៣០រសៀល ពីថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ។ សម្រាប់សំបុត្រចូលទស្សនាជនជាតិខ្មែរមនុស្សពេញវ័យតម្លៃ ៤ដុល្លារ និងកុមារ តម្លៃ តម្លៃ ១,៥ ដុល្លារ ចំណែកភ្ញៀវបរទេសពេញវ័យ តម្លៃ ៧,៥ដុល្លារ និងកុមារ ៥,៥ ដុល្លារ។
គួរបញ្ជាក់ថា មណ្ឌលកុមារកំព្រា សាលារៀន និងសួនមេអំបៅButterflyParadise មានទីតាំងស្ថិតនៅ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាបខេត្តសៀមរាប និងមានហ្វេសប៊ុកផេកឈ្មោះ Butterfly Paradise និងមានលេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៥៥៨ ៧៦៨ ៕