ជីវិត និង សង្គម

សិប្បករដីឥដ្ឋធ្វើតុក្កតាសន្សំលុយឡាប៊ូប៊ូផ្ទុះការគាំទ្រខ្លាំងផលិតមិនទាន់តម្រូវការ

October 22, 2024
Heading
Option 1

ភ្នំពេញ​:​ជាង​ដីឥដ្ឋ​ផលិត​កូនជ្រូក​សន្សំ​លុយ​មានបទពិសោធន៍​ជាង​១២​ឆ្នាំលោក អាន សុខ​អ៊ាង បាន​ច្នៃ​កូនជ្រូក​ពី​ដីឥដ្ឋ ទៅជា​តុក្កតា​ឡា​ប៊ូ​ប៊ូ (Labubu) ជាទី​​ពេញនិយម​សម្រាប់កុមារនិង​យុវវ័យ ធ្វើ​ឱ្យ​ផ្ទុះ​ការចាប់អារម្មណ៍​និងមានឱកាស​​ទីផ្សារ​ល្អ​ក្នុងការ​លក់​។​

​លោកសុខអ៊ាង បាន​ប្រាប់​សារព័ត៌មាន SRNews ពី​ដំណើរ​ដើមទង​នៃ​ការ​ធ្វើ​តុក្កតា​សន្សំលុយ​លាប៊ូប៊ូ​នេះ​ថា​៖«​កត្តា​ដែល​ឱ្យ​រូបខ្ញុំ​បង្កើត  តុក្កតា​សន្សំ​លុយ​ឡា​ប៊ូ​ប៊ូ​នេះ​ឡើង​ដោយ​​ក្មួយ​ស្រី​របស់ខ្ញុំ​ទាមទារ​ឲ្យ​ទិញ​តុក្កតា​ឡា​ប៊ូ​ប៊ូដែល​កំពុងតែ​មានការ​ផ្ទុះ​ការពេញនិយម​នៅក្នុង​បណ្ដាញ​សង្គម»។

ដោយ​តុក្កតា​ឡា​ប៊ូ​ប៊ូ ទាំងនោះមានតម្លៃ​ថ្លៃ​គួរសម​ដែរ ទើបជាងដីឥដ្ឋ​ដែល​មាន​បទពិសោធន៍​​ធ្វើកូនជ្រូក​សន្សំលុយ​​​ក៏​​ចាប់ផ្ដើម​ផលិត​តុក្កតា​នេះ​ឡើង​តែម្ដង​។​

​វត្ថុធាតុដើមដែល​លោកសុខអ៊ាង ​បានប្រើប្រាស់គឺ​ជា​ប្រភេទ​ម្សៅ​កំបោរដែល​គេ​និយម​យក​ធ្វើជា​ម្នាងសិលា ជំនួស​ដោយ​​ដីឥដ្ឋ ដោយសារ​តែ​​ម្សៅ​កំបោរ​មាន​ភាពងាយស្រួលរហ័ស និង​ចំណេញ​ពេលវេលា​។

​សម្រាប់ដំណាក់កាល​ក្នុង​ការ​ផលិតលោក​បាន​រៀបរាប់ថា ​ដំបូង​ត្រូវយក​ម្សៅ​លាយ​ជាមួយ​ទឹក រួច​កូរ​ឲ្យ​វាស​ព្វ​សាច់​ល្អទើប​យក​ទៅ​ចាក់​ចូល​ពុម្ព ដែល​លោក​បានរៀបចំ​រួចដោយ​ក្រឡុក​​វា​ធ្លាក់ចូល​ក្នុង​ពុម្ព​ឱ្យ​បានសព្វ​ល្អ។ បន្ទាប់មក​ទៀត​ត្រូវ​ទុក​ឲ្យម្សៅ​ឱ្យ​​ស្ងួតសឹម​​​ដោះចេញ​ពី​ពុ​ម្ភ ហើយ​យកទៅ​​​​ហាលថ្ងៃ​​​ឲ្យ​ស្ងួតល្អ​។​

​បុរស​វ័យ​២៧​ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា​៖ «​រូប​តុក្កតា​ដែល​ដោះ​ចេញពី​ពុ​ម្ភ​រួច​​ត្រូវ​យកមក​ខាត់វា​ឲ្យ​ស្អាត​រលោង ទើប​យកមក​បាញ់ថ្នាំ​ពណ៌​ទៅតាម​រូប​ដែល​ចង់បាន​និង​រក្សាទុក​នៅ​កន្លែងស្ងួតជៀសវាង​ការ​ត្រូវ​ទឹក ដែល​ធ្វើ​ឲ្យ​ខូច​ទឹក​ថ្នាំ​​បាន​បាញ់​រួច​»​។​

​ថ្វីត្បិត​តែ​លោក​មានបទពិសោធ​ផលិត​កូនជ្រូកសន្សំលុយ​​យូរ​ឆ្នាំ​មកហើយតែ​ការផលិត​រូប​តុក្កតា​​ឡាប៊ូ​ប៊ូ នេះ​​​ក៏មាន​ផល​ពិបាក​ខ្លះៗ​ផងដែរ។ ដំបូង​លោកសុខអ៊ាងត្រូវ​ការចំណាយ​ពេលវេលាយូរ​ទៅលើ​សូន​រូប​ពុ​ម្ភ និង​នាំចូល​ប្រភេទ​ម្សៅ​ពី​ក្រៅប្រទេស​។​

​លោក​បានឱ្យដឹងទៀត​ថា​៖ «​តុក្កតា​ឡា​ប៊ូ​ប៊ូ មាន​ទំហំ​ធំ​លក់​ក្នុងតម្លៃ ៦០០០០ រៀល​ហើយ​ខ្ញុំ​​ក៏​នឹងកំពុង​ផលិត​តុក្កតា​ឡា​ប៊ូ​ប៊ូ​នេះ​ជា​ទំហំ​តូចៗ​ផងដែរ​»​។​

​សព្វថ្ងៃ​សិប្បកម្មរបស់​​លោក​មាន​បុគ្គលិក ១២នាក់​ទទួលខុសត្រូវ​សង្វាក់​ផលិតកម្ម​និង​បាញ់​តុបតែង​​ឲ្យតុក្កតា​សន្សំលុយ​​ឡាប៊ូប៊ូ​មាន​សោ​ភ័ណ​ភាព​ស្អាត​។

​ការលក់​នៅលើ​ទីផ្សារ​សព្វថ្ងៃមានការ​លក់ដាច់​ខ្លាំង ដែល​សិប្បកម្ម​របស់លោក​ផលិតពុំទាន់តម្រូវ​ការ​នោះទេ។  តម្រូវការ​ភាគច្រើន​​មក​ពី​តាម​បណ្ដាល​ខេត្ត។

លោកសុខអ៊ាង បាន​លើក​ហេតុផលថា​ការ​កុម្ម៉ង់​ច្រើន​ដោយសារតែ​គុណភាព​ល្អ​មិន​ធ្វើ​ឲ្យ​ខូច​ដល់​ក្រដាសប្រាក់ដែល​​យើង​សន្សំ ឬ​ធ្វើ​ឲ្យ​លុយ​ដុះ​ផ្សិ​ត​នោះទេ​។​

​សិប្បកម្ម​ផលិត​តុក្កតា​ឡា​ប៊ូ​ប៊ូ​មាន មាន​​អា​សយ​ដ្ឋា​ន​នៅ​ភូមិ​ទំនប់​ធំស្រុក ពញាឮ ខេត្ត កណ្ដាល​និង​នៅ​ចំការ​ដូង រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​អ​នា​គត​លោកសុខអ៊ាង​ក៏មាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​ឱ្យ​កាន់តែ​ធំ​ឡើងៗដើម្បី​ជួយ​ឱ្យ​កូន​ខ្មែរ​បាន​បានការ​ងារ​ធ្វើ​និង​ចែកចាយ​ទៅកាន់​ទីផ្សារ​បរទេស​។​

​សម្រាប់ព័ត៌មា​ន​បន្ថែម សូម​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​កពិភព កូនជ្រូក​សន្សំ​លុយ ឬ​លេខ​​ទូរ​សព្ទ​៖ ០៨៨ ៤៩៩ ៩៩២៦/០៨១ ៧២៧ ២៤៦៕

អត្ថបទពេញនិយម

K-Pop វាយលុកដូចព្យុះក្នុងវិស័យសិល្បៈតន្ត្រីនៅគុយបា

គន្លឹះខ្លះៗជួយឱ្យអ្នកត្រៀមខ្លួនបានល្អ ពេលទៅមើលសមរាត្រីនៅអង្គរវត្ត

អ្នកថតរូបល្បី លោក ឡា ម៉ូ៖ «ខ្ញុំប្រើជីវិតចុងក្រោយ ដាំដើមឈើនៅតំបន់តាំងបំពង់»

ក្រុមបាល់ទះកម្ពុជា បង្ហាញភាពខ្លាំង បង្កើតកំណត់ត្រាថ្មីចំនួន២ ក្នុងព្រឹត្តិការណ៍តែមួយ

ប្រជាជនខ្មែរអបអរសាទរ និងបង្ហាញមោទកភាព ថ្ងៃខួប ៦២ឆ្នាំ នៃប្រាសាទព្រះវិហារ ដែលតុលាអន្តរជាតិក្រុង ឡាអេ កាត់ក្តីឱ្យកម្ពុជាឈ្នះ ថៃ