គុនល្បុក្កតោជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់ និងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ។ពាក្យ «ល្បុក្កតោ» គឺជាបន្សំមកពីពាក្យ«ល្បុក្ក» និង «តោ» ដែលមានន័យថា សត្វតោមហាកម្លាំង ឬមហាថាមពល។
យោងតាមវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ ឆ្នាំ១៩៣៨ បានបញ្ចាក់ថា ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទអបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ល្បុក្កតោគឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោមានតាំងពីសម័យបុរាណមក។
ដូច្នេះគុនល្បុក្កតោគឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពានដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិទប់ទល់នឹងសត្វសាហាវ។ល។
តាមរយៈភ័ស្តុតាងប្រវត្តិសាស្ត្រគុនល្បុក្កតោ បានឆ្លាក់នៅលើជញ្ចាំងប្រាសាទ ដំបូងគេបំផុត នៅក្នុងសតវត្សរ៍ទី៧នៃប្រាសាទសំបូរព្រៃគុក និងបន្តបន្ទាប់មក នៅក្នុងសម័យអង្គរអំឡុងសតវត្សរ៍ទី១១ ដោយចលនានៃក្បាច់គុនល្បុក្កតោ ជាច្រើនត្រូវបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា ជាពិសេស នៅប្រាសាទអង្គវត្ត។
ល្បុក្កតោជាក្បាច់ដែលប្រមូលផ្តុំនូវក្បាច់និងស្នៀតយ៉ាងច្រើន ដែលយកតម្រាប់ ធម្មជាតិ និងកាយវិការរបស់សត្វដូចជា សត្វបក្សី សេះខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។
ល្បុក្កតោមានមេគុន១២ទ្វារ ដែលទ្វារទី១ដល់ទី៨ ហៅថា “រហ័នយុទ្ធ” ប្រើប្រាស់កាយសម្បទា ដូចជាគុនដៃនិងគុនជើង ដែលបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀត។
ល្បុក្កតោនៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា “អាខ័នយុទ្ធ” មានន័យថាច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូលដែលរាប់ជារឿងសាស្ត្រាវុធក្នុងការធ្វើសង្គ្រាមនិងបញ្ចាមិត្ត រីឯច្រកទ្វារទី១១ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា “អាត្ម័នយុទ្ធ” មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាសដួងវិញាណ មានន័យថាអ្នកចម្បាំងល្បុក្កតោអាចប្រើបានគ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និងជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ។
ហើយទ្វារទី៩ដល់ទី១០ ហៅថា “អាខ័នយុទ្ធ” ប្រើប្រាស់អាវុធគ្រោះថ្នាក់ដូចជា ដាវ កាំបិត លំពែង បាញ់ធ្នូរ ជាដើមនិងទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា “អាត្ម័នយុទ្ធ” ប្រើបានគ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនដូចជា តម្បៀតបោកស្រូវដំបងខ្លី ដំបងវែង ខែល និងដំបងផ្កាឈូក និងអាចប្រើក្រមាធ្វើជាអាវុធបានដែរ។
នៅក្នុងសម័យអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣គុនល្បុក្កតោបានទៅលាក់ខ្លួននៅតាមទីវត្តអារាម និងនៅតាមតំបន់ដាច់ស្រយាលដោយមិនមានស្ថាប័នទ្រទ្រង់ជាលក្ខណៈប្រព័ន្ធឲ្យបានត្រឹមត្រូវទេ។ ព្រះសង្ឃនិងចាស់ព្រឹទ្ធាចារ្យនៅតាមស្រុកភូមិបានដើរតួនាទីជាអ្នកថែរក្សាក្បាច់គុននេះដោយបានផ្ទេរចំណេះដឹងក្បាច់គុនទៅអ្នកជំនាន់ក្រោយនៅក្នុងន័យអភិរក្សផងសម្រាប់ការពារខ្លួនទប់ទល់នឹងអំពើឆក់ប្លន់ផងនិងដើម្បីកសាងកម្លាំងប្រឆាំងនឹងការត្រួតត្រារបស់បារាំងផង។
យ៉ាងណាក៏ដោយនៅក្នុងសម័យប៉ុលពត «គុនល្បុក្កតោ» ស្ទើរតែបាត់បង់ ប៉ុន្តែ ក្រោយឆ្នាំ១៩៧៩ គ្រូគុន និងអ្នកហាត់គុន មួយចំនួន ដែលបានរស់រានមានជីវិតបានចាប់ផ្តើមប្រមូលផ្តុំគ្នា ចងក្រងជាក្រុមៗ ដើម្បីរួមគ្នាអភិរក្សនិងអភិវឌ្ឍគុនល្បុក្កតោ ឡើងវិញ។ នៅឆ្នាំ ២០០៤ កម្ពុជាបានសម្រេចបង្កើតជាសហព័ន្ធកីឡាគុនល្បុក្កតោ ដើម្បីបំពេញកិច្ចការងារក្នុងការប្រមូលគ្រូគុនល្បុក្កតោ និងរៀបចំចងក្រងឯកសារនិងការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់របស់គុនល្បុក្កតោនៅតាមសហគមន៍ឡើងវិញ។
អង្គការយូនេស្កូ(UNESCO) សម្រេចចុះបញ្ជីក្បាច់គុន«ល្បុក្កតោ» កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីសម្រេចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត (Rabat) នៃប្រទេសម៉ារុក(Morocco)៕