ទេសចរណ៍

ភ្ញៀវទេសចរជាង ៥ពាន់នាក់ ចូលរួមព្រឹត្តិការណ៍“Big Bike meeting Elite Night” នៅផាប់ស្ទ្រីត

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

សៀមរាបៈ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងក្លឹប FRIENDLY BIKER CAMBODIA បានរៀបចំព្រឹត្តិការណ៍ “Big Bike meeting Elite Night” កាលពីរាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងចូលរួមចំណែកក្នុងការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ស្របពេលក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងជម្រុញ និងបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ តាមគ្រប់មធ្យោបាយស្របតាមផែនការមេ “អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥”។

ព្រឹត្តិការណ៍ម៉ូតូធំនេះ ក៏ជាផ្នែកមួយនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត បទពិសោធន៍ថ្មីៗ និងផ្តល់នូវការចងចាំដល់ភ្ញៀវទេសចរ ដែលបានរួមចំណែកក្នុងខ្សែសង្វាក់ផលិតកម្មទេសចរណ៍ សំដៅកាន់បន្ថយការធ្លាក់ចុះភ្ញៀវទេសចរមកលេងខេត្តសៀមរាបនៅរដូវភ្លៀងនេះ ព្រមទាំងជម្រុញរៀបចំព្រឹត្តិការណ៍នានា និងគាំទ្រយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤”។

ព្រឹត្តិការណ៍ “Big Bike meeting Elite Night” មានការចូលរួមពីអ្នកដែលស្រឡាញ់វិស័យម៉ូតូធំ និងតូចសរុបប្រមាណជាង១៥០គ្រឿង ជួបជុំគ្នានៅក្នុងបរិវេណ Pub street ដែលជាកន្លែងពេញនិយមរបស់ ភ្ញៀវទេសចរ ក្នុងនោះក៏មានការបង្ហាញអំពីតំបន់ដែលមានសក្ដានុពលនៅក្នុងខេត្តសៀមរាប និងម្ហូបអាហារតាមតំបន់ដ៏សម្បូរបែប ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជាង ៥០០០ នាក់។

លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មាន SR Digital Media ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើនចំណុចលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍រួមមាន ការជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិដែលត្រូវបានចាត់ទុកជា “មាសបៃតង” ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹម។

ស្ថាបនិកព្រឹត្តិការណ៍ “Big Bike meeting Elite Night” រូបនេះ គ្រោងនឹងបង្កើតកម្មវិធីចួបជុំនេះក្នុងរយៈពេល៣ខែម្ដង ទៅតាមស្ថានភាពជាក់ស្ដែង ដោយមានការចូលរួមពីអ្នកស្រឡាញ់ម៉ូតូ និងអ្នកស្រឡាញ់រថយន្តផងដែរ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគ្រោងនឹងបង្កើតព្រឹតិការណ៍ឱ្យបានច្រើនដែរ ការចួបជុំគ្នានៅ Pub street នេះ យើងចង់ធ្វើយ៉ាងហោចរៀងរាល់៣ខែម្ដង ក៏ប៉ុន្តែយើងមានរដូវភ្លៀង វាអាចនឹងខកខានខ្លះដែរ អ៊ីចឹងអាចថាលទ្ធភាពដែលយើងមើលជាក់ស្ដែង អាចធ្វើបានច្រើនកាលណាល្អកាលនោះ មួយវិញទៀតព្រឹត្តការណ៍ជំនួបយានយន្តជម្រុញទេសចរណ៍ គឺបន្ថែមពីលើការជួបជុំជាមួយអ្នកជិះម៉ូតូ (Biker) និងរថយន្ត ក៏នឹងមានវិញ្ញាសារប្រណាំងរថយន្ដនៅលើផ្លូវព្រលាយន្ដហោះចាស់ អាចនឹងធ្វើនៅខែធ្នូចុងឆ្នាំនេះ ជាលក្ខណៈទ្រុងទ្រាយធំ»។

ក្នុងឱកាសនេះ លោក គុជ បញ្ញាសា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ សូមចូលរួមអនុវត្តរៀបចំសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ និងជំរុញលើកស្ទួយដល់វិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ឱ្យកាន់តែទូលំទូលាយតាមលទ្ធភាពដែលអាចទៅធ្វើបាន៕

អត្ថបទពេញនិយម

ស្ត្រីមានជំងឺផ្លូវចិត្តឈានចូលកំរិតទី៣ ប្រាប់ពីគន្លឺះសំខាន់យកឈ្នះជម្ងឺមួយនេះ

ចម្លាក់ព្រះវិស្ណុ ត្រូវបានសិក្សាវិភាគនៅមន្ទីរពិសោធន៍ក្រោមដីដ៏ទំនើបបំផុតនៅប៉ារីស

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

Cinnamoroll តុក្កតាដ៏ពេញនិយមជាងគេក្នុងត្រកូល Sanrio ប្រចាំឆ្នាំ ២០២៤

ខួប ៧៣ ឆ្នាំក្នុងនាមជាសមាជិកអង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏អស្ចារ្យជាច្រើន