ភ្នំពេញៈ មានមុខរបរជាជាងសាឡន អ្នកស្រី ដាលីន គឺជាមនុស្សម្នាក់ដែលមានភាពរួសរាយរាក់ទាក់ និងតែងតែបញ្ចេញស្នាមញញឹមទៅកាន់ភ្ញៀវ និងមនុស្សជុំវិញខ្លួន ប៉ុន្តែនៅពីក្រោយស្នាមញញឹមនេះអ្នកស្រីធ្លាប់បានធ្លាក់ចូលក្នុងវិបិត្តិជំងឺផ្លូវចិត្តកម្រិតទី ២ ឈានចូលកម្រិតទី ៣ ក្លាយជាមនុស្សមិន និយាយស្តី សង្ងំនៅតែក្នុងផ្ទះក្រោយពីបាត់បង់កូនជាទីស្រឡាញ់ ដែលប្រសូត្រចេញពីផ្ទៃអ្នកស្រីអាយុប្រហែល១ខួប។
អ្នកស្រី ដាលីន បញ្ជាក់ថា «ក្រោយពីរៀបការ និងផ្តល់កំណើតកូនទី៣ខ្ញុំបានបាត់បង់កូនខ្ញុំទៅវិញ ព្រោះតែបញ្ហាសុខភាព កូនខ្ញុំមានអាយុ១៣ខែហើយពេលនោះ កូវីដកំពុងវាយលុកផង អ៊ីចឹងវាធ្វើឱ្យខ្ញុំមានបញ្ហាផ្លូវចិត្តកាន់តែខ្លាំងដោយមិនដឹងខ្លួន»។
បន្ទាប់ពីបាត់បង់កូន មិត្តភក្តិរបស់ដាលីនដែលជាគ្រូពេទ្យ តែងតែហៅទូរស័ព្ទមកជជែក និងលើកទឹកចិត្តដាលីនប៉ុន្តែមិត្តដែលជាគ្រូពេទ្យរូបនោះ បានសង្កេតឃើញថាដាលីន មានការប្រែប្រួលខុសប្រក្រតី ដែលបង្ហាញពីសញ្ញានៃការបាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្ត។
ស្ត្រីវ័យ ៤០ឆ្នាំរូបនេះអះអាងថា «មិត្តខ្ញុំតេស្តខ្ញុំដោយសួរសំណួរជាច្រើន តាមបែបវិទ្យាសាស្ត្រគាត់ថាខ្ញុំមានជំងឺផ្លូវចិត្តកម្រិត ២ហើយគាត់ណែនាំឱ្យខ្ញុំចេញក្រៅផ្ទះ និយាយរឿងក្នុងចិត្តនិងទៅធ្វើការធម្មតា ប៉ុន្តែខ្ញុំនៅតែធ្វើតាមគាត់ប្រាប់មិនបានដោយខ្ញុំតែងពួនសង្ងំនៅតែក្នុងផ្ទះ នៅទីងងឹតមិនឱ្យពន្លឺពីក្រៅចូលក្នុងផ្ទះទៀតផង អារម្មណ៍ខ្ញុំតានតឹងណាស់ ស្អប់ភាពអ៊ូអរ ខ្ញុំនិយាយតែម្នាក់ឯង ហើយចេះតែភ័យខ្លាច និងព្រួយបារម្មណ៍គ្រប់រឿង។
បើទោះបីជាមានការលើកទឹកចិត្តពីមិត្តភក្តិ និងស្វាមីយ៉ាងណាក៏ដោយ ក៏ស្ត្រីរូបនេះ នៅតែមិនអាចធូរស្រាល ពីជំងឺផ្លូវចិត្តប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ សុខភាពដាលីន កាន់តែទ្រុឌទ្រោមខ្លាំងឡើង រហូតនាងស្ទើរក្រោកដើរលែងរួច និងដេកលើកន្ទេលមួយកន្លែង។
ដាលីន និយាយយ៉ាងដូច្នេះថា៖ «កូនស្រីច្បងខ្ញុំចេញពីរៀនវិញ គាត់មើលមុខខ្ញុំនិយាយថាម៉ាក់ៗ! អូននិងប្អូន (ប្អូនប្រុស)នៅតូចណាស់ ម៉ាក់ប្រឹងឡើង ម៉ាក់ឆាប់ជាណាម៉ាក់ សម្តីកូនខ្ញុំ នេះហើយ ដែលធ្វើឱ្យខ្ញុំព្យាយាមដើរចេញពីជំងឺបាក់ទឹកចិត្តនេះ»។
តាំងចិត្តយកឈ្នះនូវជំងឺធ្លាក់ទឹកចិត្តវិធីសាស្ត្រដំបូងដែលដាលីន អនុវត្ត គឺការធ្វើសមាធិ នៅវត្តគល់ ទទឹង និងស្តាប់ឱវាទរបស់ព្រះសង្ឃដែលសម្តែងពីធម្មជាតិនៃជីវិត ដែលនាំឱ្យដាលីនគិតពិចារណា និងស្គាល់កាន់តែច្បាស់ពីអត្ថន័យនៃជីវិតជាពិសេសពុទ្ធដីកាដ៏មានតម្លៃ របស់ព្រះសម្មាសម្ពុទ្ធ «ខ្លួនទីពឹងខ្លួន»។
បន្ទាប់មកទៀត ដាលីនក៏ចាប់ផ្តើមផ្លាស់ប្តូរសកម្មភាពប្រចាំថ្ងៃបន្ថែមទៀត ដូចជាចេញក្រៅផ្ទះជួបគេឯង និយាយពីរឿងក្នុងចិត្ត ហាត់ប្រាណជាប់ជាប្រចាំ ស្តាប់ធម៌អប់រំចិត្ត និងរក្សាសីលប្រាំជាដើម។
អ្នកស្រីរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបង្កើតទម្លាប់ល្អជាប្រចាំ ហែលទឹក ស្ទីមសោណា យូហ្គាហើយរាល់ថ្ងៃ ដល់ម៉ោងបិទហាងសាឡាន ទោះជាមានភ្ញៀវចូលក៏ដោយក៏ខ្ញុំមិនទទួលដែរ ព្រោះវាជាម៉ោងមាសសម្រាប់ខ្ញុំអនុវត្តទម្លាប់ទាំងនោះ ជាពិសេសកុំប្រព្រឺត្តអំពើអបាយមុខនិងគ្រឿងស្រវឹងតែម្តង ព្រោះវាជាដើមហេតុនាំឱ្យយើងគិតខ្លី។
ក្រោយពីយកឈ្នះនូវជំងឺបាក់ទឹកចិត្តជាងសាឡនរូបនេះបានប្រែជាមនុស្សម្នាក់ថ្មី ដែលតែងតែ គិតវិជ្ជមានព្រមប្រឈមមុននឹងបញ្ហា និងដោះស្រាយបញ្ហាទាំងនោះម្តងមួយៗ ជាពិសេសឱ្យតម្លៃលើជិវិត។ «ខ្ញុំជួបបញ្ហាច្រើនតែមិនដែលមើលងាយជីវិតខ្លួនឯងនោះទេ ហើយអគុណអ្នកមានគុណទាំងអស់ និងអគុណទាំង មនុស្សល្អនិងអាក្រក់ដែលបានចូលក្នុងជីវិតខ្ញុំផងដែរ» នេះបើតាមសម្តីរបស់អ្នកស្រីដាលីន។