ទេសចរណ៍

«កីឡាលើទឹកក្បាលឆាយ» ទីជិះទូកកាត់ទឹកធ្លាក់ព្រឺព្រួច ងូតទឹកត្រជាក់កាយ អមដោយធម្មជាតិស្រស់បំព្រង

October 22, 2024
លៀប ទេពិទូ
Heading
Option 1

ក្រុងព្រះសីហនុៈ កីឡា​លើទឹក​ក្បាលឆាយ​ខេត្ត​ព្រះសីហនុ(BACAI DRIFT) គឺជា​រមណីយដ្ឋាន​ថ្មី​មួយ​ប្លែក​ពុំ​ធ្លាប់ មាន​ពីមុនមកដែលមាន​កីឡា​លើទឹក​នេះ​ប្លែក​ខុសពី​កីឡា​លើទឹក​ដ៏ទៃទៀត គឺជា​ការ​ជិះទូក​បង្ហូត​ខ្លួន​តាមដងទឹក​ធ្លាក់​ក្បាលឆាយជ្រែក​កាត់​ធម្មជាតិ​ព្រៃភ្នំ​ដ៏​ខៀវស្រងាត់​។

​មាន​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ កីឡា​លើទឹក​ក្បាលឆាយបើក​ដំណើរ​ជា​រៀងរាល់ថ្ងៃ ដោយ​ភ្ញៀវទេសចរ​អាចធ្វើ​ការទិញ​សំបុត្រ​ដើម្បី​ចូល​កម្សាន្ត​បាន​ក្នុងតម្លៃ១៥​ដុល្លារ សម្រាប់​ភ្ញៀវ​ជាតិ និង​តម្លៃ ៣០ ដុល្លារ សម្រាប់​ភ្ញៀវ​បរទេស ជាពិសេស​ភ្ញៀវ​ក៏​អាច​យក​ម្ហូបអាហារ​ចូល​បាន​ដោយ​សេរីពុំមាន​គិត​ប្រាក់​នោះឡើយ​។

​បើតាម​បុគ្គលិក​នៅ​រមណីយដ្ឋាន​កីឡា​លើទឹក​ក្បាលឆាយ បាន​ប្រាប់​សារព័ត៌មានSRDigital Media ឱ្យដឹងថា កីឡា​លើទឹក​នេះ​មានតែ​នៅ​បរទេស​ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​បាន​មកដល់​ទឹកដី​ខេត្ត​ព្រះសីហនុ​ហើយដោយ​ការ​ជិះ ទូក​តាម​ទឹកធ្លាក់​នេះ​មាន​ប្រវែង​២,៣​គីឡូម៉ែត្រនិង​កម្ពស់​ទឹកជ្រោះ​ពី​៨០​ម៉ែត្រ​ទៅ​១០០​ម៉ែត្រ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីតាំង​នេះ​អំណោយផល​ល្អសម្រាប់​កីឡា​លើទឹក​ទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា​។

​សម្រាប់​ការ​ជិះទូក​នេះ បុគ្គលិក​រមណីយដ្ឋាន នឹង​រៀបចំ​ពាក់អាវ​ពោង​សុវត្ថិភាពនិង​មួកសុវត្ថិភាព ជូន​ភ្ញៀវ​ជាមុនសិន ក្នុងការ​កម្សាន្ត​នេះ​គេ​មាន​ស្រោម​ការពារ​ទឹក​សម្រាប់​ដាក់​ទូរ​សព្ទផ្តិល​សម្រាប់​ដងទឹក និង​កាំភ្លើង​បាញ់​ទឹក​ផងដែរ ទុក​សម្រាប់​ភ្ញៀវ​លេង​ជះ​ទឹក​កម្សាន្ត​។សម្រាប់​ទូក​មួយ ភ្ញៀវ​អាច​ជិះ​បាន​ប្រមាណ ២ ទៅ ៣ នាក់ ដោយ​ចាប់​ផ្តើមចេញពី ដំណាក់​ខាងលើចុះទៅ​ដំណាក់​ខាងក្រោម​។

​នៅតាម​ផ្លូវ​កាត់ទឹក​ជ្រោះ​ដ៏​ស្រស់ស្អាត ភ្ញៀវ​នឹង​បាន​សប្បាយ​បុក​ពោះដោយសារតែ​ល្បឿន​ទឹក​ហូរ និង​ការទម្លាក់ ខ្លួន​នៃ​ទូក​តាម​ល្បាក់​ទឹកធ្លាក់ ជាពិសេស​ទេសភាព​ធម្ម​ជាតិ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយសុទ្ធសឹងតែ​រំលេច​នូវ ផ្ទាំងទស្សនីយភាព​ដ៏​ស្រស់ស្អាត នៃ​ព្រៃឈើ ក្រំ​ថ្មំ ជាពិសេស​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង​ព្រៃរបស់​ក្រុម​អ្នកជិះទូក​កម្សាន្ត​។

​ក្រៅពី​ការ​ជិះទូក អ្នកទេសចរ​ក៏​អាច​ចតទូក និង​ចុះ​ងូតទឹក​លេង​យ៉ាង​សប្បាយ​នៅ​ទីតាំង​ដែលមាន​ទឹកធ្លាក់​ស្អាតៗក្រោម​អាកាសធាតុ​ត្រជាក់ ស្តាប់​សំឡេង​ទឹក​ហូរ សំឡេង​សត្វ​បក្សាបក្សី​ស្រែកច្រៀង ដែល​នេះ​ហាក់ដូចជា​វង់ភ្លេងធម្មជាតិ ដែល​កំពុង​ប្រគុំ​បំពេរ​សោត​ទិ​ន្ទ្រី​យារ​ម្មណ៍​របស់​អ្នក​ដូច្នោះ​ដែរ​។

​នៅ​រមណីយដ្ឋាន កីឡា​លើទឹក​ក្បាលឆាយ មាន​បុគ្គលិក​រង់ចាំ​បម្រើនិង​ការពារ​សុវត្ថិភាព​ភ្ញៀវ​ជាប់​ជានិច្ច ដោយ​ទីនេះ មាន​បុគ្គលិក​ប្រចាំការ​តាម​ដំណាក់​នៃ​ទឹកធ្លាក់​ចាំ​ជួយ​ភ្ញៀវទេសចរ​ដូចជាការជាប់​ទូក ឬ​ទូក​ក្រឡាប់​ជាដើម​។ ក្រោយពី​ជិះទូក​កម្សាន្ត​រួច ទីនេះ​ក៏មាន​សេវា​ជូន​ភ្ញៀវទេសចរទៅកាន់​កន្លែង​ដើម​ផងដែរ​។

​ជាមួយគ្នានេះ ទីតាំង​កម្សាន្ត​កីឡា​ទឹក​នេះ ក៏​បន្ទប់​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាពកន្លែង​ស្ទូចត្រី ក្យូ​ស​សម្រាប់​អង្គុយលេង កន្លែង​អាំង​សាច់ និង​មាន​កន្លែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​។

អ្នកទេសចរ​អាចមក​ដក​បទពិសោធន៍​ថ្មី​នៃ​ការលេង​កីឡា​លើទឹក​នេះ​បានដែល​រមណីយដ្ឋាន​កីឡា​លើទឹក ក្បាលឆាយ​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ត្រាវឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឬ​ទាក់​ទាង​តាម​គេហទំព័រ​ហេ្វ​ស​ប៊ុ​កកីឡា​លើទឹក​ក្បាលឆាយ​ខេត្ត​ព្រះសីហនុ BA CAI DRIFT៕

អត្ថបទពេញនិយម

ជ្រក់ទំពាំងព្រេចឆ្ងាញ់ស្រួយស្រឹបផ្ទុះការគាំទ្រ មួយថ្ងៃលក់បានខ្ទង់រយគីឡូ

Google ផ្តល់មូលនិធិ ផ្កាយរណប AI អាចរកឃើញភ្លើងឆេះព្រៃលឿនជាងមុន

Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ Meta អំពីភាពជាដៃគូ AI ដើម្បីបង្កើនភាពវៃឆ្លាតរបស់ Apple Intelligence

អត្តពលិកកូនកំព្រា ឈុន ប៊ុនថន ហ្វឹកហាត់រត់១២ឆ្នាំ ដើម្បីលទ្ធផលល្អបំផុតក្នុងព្រឹត្តិការណ៍អូឡាំពិក

Elon Musk៖ បេសកកម្មដំបូងនៅភពអង្គារគ្រោងធ្វើនៅពីរឆ្នាំទៀត