ភ្នំពេញៈ «ព្រះរាជបណ្ណាល័យហ្លួងម៉ែ» គឺជាទីតាំងដាក់តម្កល់សៀវភៅ និងឯកសារប្រវត្តិសាស្ត្រកម្ពុជារាប់ពាន់ដែលបង្កើតឡើងដើម្បីឱ្យយុវជនមានមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវដើម្បីស្វែងយល់អំពីអត្តសញ្ញាណខ្លួនឯង។
លោក រស់ សំពៅ អ្នកគ្រប់គ្រងបណ្ណាល័យសម្តេចម៉ែឬហ្លួងម៉ែ បានប្រាប់សារព័ត៌មាន SR ឱ្យដឹងថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ បង្កើតឡើងនៅក្នុងឆ្នាំ២០២០មានឯកសារជាសៀវភៅប្រមាណ ២៤០០ ក្បាល និងឯកសារផ្សេងជាច្រើនទៀត ទាក់ទងនឹងសិល្បៈវប្បធម៌ ច្បាប់ ទំនាក់ទំនងអន្តរជាតិ មានទាំងភាសាអង់គ្លេស បារាំង និងខេមរៈភាសាក្រៅពីនេះក៏មាននូវសៀវភៅប្រវត្តិសាស្ត្រ ឯកសារស្តីពីព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ និងរាជវង្សានុវង្សនិងតម្កល់នូវរូបថត ភាពយន្ត ខ្សែអាត់សំឡេង នៅក្នុងសម័យខ្មែរក្រហមផងដែរ។
លោក រស់ សំពៅ បន្ថែមថាបណ្ណាល័យហ្លួងម៉ែបើកដំណើរការចាបពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ និងពីម៉ោង ១:៣០ នាទីរសៀល ដល់ម៉ោង ៥:០០ នាទីល្ងាចរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយសិស្ស និស្សិត និងសាធារណជនអាចចូលរួមដោយសេរីឬផ្ញើសារប្រាប់ជាមុនបាន តាមរយៈគេហទំព័រហ្វេសប៊ុក The Queen Mother Library។
បើតាមអ្នកគ្រប់គ្រងបណ្ណាល័យសម្តេចម៉ែរូបនេះបញ្ជាក់ថា៖ «ក្នុង១ថ្ងៃ មានអ្នកចូលទស្សនាប្រមាណ១០នាក់ ភាគច្រើនជាសិស្សថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ អ្នកថតមាតិកា យូធូប( Youtube) ជាដើម និងមានអ្នកមួយចំនួនមកថតរូបលេងហើយពេលខ្លះមានក្រុមសិស្សានុសិស្ស មកពីតាមបណ្តាខេត្ត មកធ្វើកម្មសិក្សាស្រាវជ្រាវផងដែរ។ នៅបណ្ណាល័យនេះ ភាគច្រើន យើងមានតាំងជាឯកសារឌីជីថល ដោយយើងបានស្កេនជាហ្វាល់(File) PDS ស្រាប់ អ៊ីចឹងសិស្សដែលគាត់មិនបានមក អាចយកអានជា PDS បាន យើងផ្ញើឱ្យបាន ហើយយើងក៏មានការបង្ហាញជាផ្ទាំងវីដេអូឬភាពយន្តខ្លីៗ ដែលជាកុន ឯកសារទាក់ទងព្រះករុណា និងឯកសារប្រវត្តិសាស្ត្រផងដែរ»។
ដោយឡែក ទាក់ទងនឹងការដាក់ឈ្មោះបណ្ណាល័យសម្តេចម៉ែបែបនេះលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ធ្លាប់បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រវត្តិសាស្ត្រវាមានតម្លៃធំធេងណាស់ហើយការអភិរក្សប្រវត្តិសាស្ត្រនេះវាជារឿងសំខាន់ដែល «សម្តេចម៉ែផ្ទាល់តែងតែយកចិត្តទុកដាក់លើបញ្ហានេះអ៊ីចឹងហើយយើងក៏សម្រេចថា យកតាមព្រះនាមរបស់សម្តេចម៉ែដើម្បីបង្ហាញអំពីទឹកចិត្តរបស់សម្តេចម៉ែក្នុងការអភិរក្សប្រវត្តិសាស្ត្រ»។
គួរបញ្ជាក់ថា ព្រះរាជបណ្ណាល័យហ្លួងម៉ែមានទីតាំងស្ថិតនៅផ្ទះលេខ ៦៦ មហាវិថីព្រះសីហនុ ត្រូវបាន បង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៩៥ ហើយបានក្លាយជាស្ថាប័នស្រាវជា្រវឯករាជ្យនៅឆ្នាំ១៩៩៧។មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាកន្លែងតម្កល់និងស្រាវជ្រាវនូវឯកសារនានាក្នុងរបបខ្មែរក្រហមសម្រាប់មនុស្សជំនាន់ក្រោយ៕