កំពង់ចាមៈផ្តើមចេញពីការយកឫស្សីធ្វើជាសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងមានអ្នកសុំទិញបន្តយកទៅប្រើប្រាស់ អ្នកស្រី អាន សុវណ្ណីបានចាប់ឱកាសបង្កើតជាសិប្បកម្មកែច្នៃឫស្សី ធ្វើជាគ្រឿងសង្ហារឹមនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
អ្នកស្រីអាន សុវណ្ណនី ម្ចាស់សិប្បកម្មឫស្សីខ្មែរ ប្រាប់សារព័ត៌មាន SR News ថាសព្វថ្ងៃនេះ សិប្បកម្មឫស្សីខ្មែរ មានផលិតផលជាច្រើនដូចជា តុ ទូ កៅអី សាឡុងធ្នើដាក់សៀវភៅ ខោអាវ ស្បែកជើង គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយក៏ដូចជាសម្ភារៈដែលធ្វើពីឫស្សី សម្រាប់តាំងលម្អផងដែរ។ បន្ថែមពីនេះអ្នកស្រី ក៏មានសេវាកម្មរៀបចំក្នុងការដេគ័រតាមផ្ទះ ហាង និងទីតាំងកម្សាន្តនានាដូចជាការដេគ័ររបង ជញ្ជាំង ពិដាន និងមានសង់ជាក្យូស ធ្វើម៉ូតផ្ទះនិងបឹងកាឡូជាដើម។
ម្ចាស់សិប្បកម្មខាងលើនេះបានឱ្យដឹងថា គំនិតនៃការបង្កើតមុខរបរកែច្នៃឫស្សីនេះចាប់លេចចេញជារូបរាងឡើង ក្នុងអំឡុងពេលអ្នកស្រីសម្រាកពីការងារហើយត្រូវមកមើលថែកូន និងម្តាយក្មេកនៅឯខេត្តកំពង់ចាម។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំជាអ្នកធ្វើការធនាគារ តែពេលនោះខ្ញុំឈប់ធ្វើការត្រឡប់មកមើលថែអ្នកម្តាយក្មេកឈឺ និងកូន អំឡុងពេលនោះ យើងត្រូវសន្សំសំចៃលុយកាក់ ចៃដន្យពូដែលត្រូវជាប្អូនរបស់ម៉ាក់ក្មេកខ្ញុំគាត់ចេះធ្វើតុទូពីឫស្សី ខ្ញុំក៏ឱ្យគាត់ធ្វើចែកគ្នាក្នុងគ្រួសារប្រើមានគ្រែគេង និងធ្នើដាក់ស្បែកជើងហើយខ្ញុំក៏ធ្វើឱ្យគ្រួសារម៉ាក់ប៉ាបង្កើតខ្ញុំនៅខាងស្រុកដែរស្រាប់តែពេលនោះ មានគេសុំទិញតពីពួកគាត់ វាជាឱកាសខ្ញុំក៏គិតថាបើយើងធ្វើលក់វាយ៉ាងម៉េចដែរ? អ៊ីចឹងខ្ញុំក៏ធ្វើធ្នើដាក់ស្បែកជើង៣ជាន់តូចៗផ្ញើឱ្យគាត់លក់ ថ្ងៃណាបានលុយចាំឱ្យខ្ញុំវិញចៃដន្យអីចេះតែមានគេកុម្ម៉ង់តៗគ្នារហូត »។
នៅក្នុងឆ្នាំ២០១៩ សិប្បកម្មឫស្សីខ្មែរដែលស្ថិតនៅក្នុងខេត្តកំពងចាមនេះបានបើកដំណើរការជាលក្ខណៈគ្រួសារ ដោយមានសមាជិកចំនួន៣នាក់រួមមានអ្នកស្រីសុវណ្ណនី រួមនឹងស្វាមី និងលោកពូ
ដោយធ្វើការផ្សព្វផ្សាយលក់សម្ភារៈធ្វើពីឬស្សីនេះតាមរយៈបណ្តាញសង្គម។
អ្នកស្រីសុវណ្ណនី រំឭកថា អាជីវកម្មថ្មីថ្មោងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនមានទាំងការជាវពី សំណាក់បងប្អូនជិតខាង និងប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសការលក់ដូរតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គមរហូតអ្នកស្រីពង្រីកអាជីវកម្ម និងបន្ថែមសមាជិករហូតដល់៧នាក់។
ម្ចាស់អាជីវកម្មរូបនេះបន្តទៀតថា៖«ពេលនោះអត់ដល់១ឆ្នាំទេ មានភ្ញៀវបឹងកាឡូនៅខាងព្រះវិហារគាត់កុម្ម៉ង់មួយបឹងកាឡូម៉ង ទាំងដែរខ្ញុំថ្មីសុទ្ធវាជាឱកាសយើងមួយទៀត ព្រោះយើងទទួលរបស់ថ្មីដែលយើងអត់ដែលធ្វើដោយសារមួយបឹងកាឡូនោះមានទាំងការដេគ័រ មានតុ ទូ សាឡុង បាអ៊ីនិយាយទៅមួយឈុត ហើយខ្ញុំក៏រកគំនិតច្នៃអីថ្មីៗផងដែរ»។
មិនទាន់បានប៉ុន្មានជំងឺកូវីដ១៩ក៏ចូលមកដល់ដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាទាំងអស់ បាន ជួបប្រទះនឹងបញ្ហា តែទោះជាយ៉ាងណាម្ចាស់សិប្បកម្មឫស្សីខ្មែរខាងលើនេះបានប្រែក្លាយបញ្ហាទៅជាឱកាសវិញ ដោយអ្នកស្រីបានចំណាយពេលសិក្សាស្រាវជ្រាវ រករូបមន្តដើម្បីធ្វើយ៉ាងណារក្សាទុកឫស្សីឱ្យបានយូរនិងមានគុណភាពល្អ។
«ធ្វើដំបូង យើងអត់ទាន់គិតថាធ្វើយ៉ាងម៉េចឱ្យវាជាប់ឱ្យវាល្អចឹងទេ ហើយឫស្សីភាគច្រើន គឺមេស៊ី ហើយឫស្សីមានច្រើន មានឫស្សីស្រុកឫស្សីព្រៃ ឫស្សីពីងពុង និងឫស្សីខ្លី យើងត្រូវធ្វើតេស្តឫស្សីទាំងនោះទាល់ពេលកូវីដហ្នឹង យើងមានពេលយើងចាប់ផ្តើមពិសោធន៍ ធ្វើយ៉ាងណាកុំឱ្យមេស៊ីយើងធ្វើតាំងពីវិធីបុរាណ វិធីសម័យ រហូតមានបុរាណលាយសម័យច្រើនដែរ៥ទៅ៦មុខ ចុងក្រោយយើងពិសោធន៍ជោគជ័យ ១របៀប យើងប្រើមកដល់ពេលនេះ»។ នេះបើតាម អ្នកស្រី អាន សុវណ្ណនី
សម្រាប់ដំណើរការនៃការផលិតសម្ភារៈធ្វើពីឫស្សីនេះម្ចាស់សិប្បកម្មសម្បុរស្រអែមខាងលើនេះ បញ្ជាក់ថា ផលិតផលឫស្សីរបស់អ្នកស្រីអាចប្រើប្រាស់ចាប់ពី១០ឆ្នាំឡើងទៅ បើភ្ញៀវថែទាំ ដោយរក្សាសម្ភារៈទាំងនោះមិនឱ្យត្រូវថ្ងៃក្តៅ ជាពិសេសធានាលើគុណភាពឫស្សី។
ទាក់ទងនឹងការធានាគុណភាពឫស្សីបែបនេះម្ចាស់អាជីវកម្មនៅក្នុងខេត្តកំពង់ចាមរៀបរាប់យ៉ាងដូច្នេះថា៖ «យើងមានដំណាក់កាលធ្វើដើម្បីឱ្យឫស្សីយើងល្អយើងមានការព្យាបាលវា និងធ្វើឱ្យវាលើសពីឫស្សីធម្មតាខ្ញុំធ្វើធម្មតាចន្លោះពី ២ខែ ទៅ៣ខែ ដោយវីធីធ្វើខ្ញុំមានអាងត្រាំដែលអាចត្រាំបាន៨០០ ដើមក្នុងម្តង យើងមានវត្ថុផ្សេងៗដាក់ក្នុងនោះហើយយើងមានតាមប្រភេទឫស្សី បើតូចយើងត្រាំ១០ថ្ងៃ បើធំ យើងត្រាំ១៥ ថ្ងៃបន្ទាប់មកយើងយកឫស្សីទៅស្ងោរ ហើយយកទៅស្ទីមឱ្យអស់ជាតិទឹកហើយបានយើងយកទៅហាល ចុងក្រោយបានយកមកធ្វើ»។
សម្រាប់ឫស្សីដែលយកមកផលិតជាសម្ភារៈនេះគឺអ្នកស្រី សុវណ្ណនី បានប្រមូលទិញពីអ្នកស្រុកក្នុងតំបន់ដ្បិតទឹកដីខេត្តកំពង់ចាមនេះ សម្បូរដោយដើមឫស្សីស្រាប់ បន្ថែមពីនេះអ្នកស្រីក៏មានដីដាំឫស្សីផងដែរ។
អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំទិញពីអ្នកស្រុកជិតនេះ តែឥឡូវគាត់ផ្គត់ផ្គងអត់ទាន់ អ៊ីចឹងខ្ញុំឱ្យបងប្រុសខ្ញុំបង្កើតដាំឫស្សីនៅខេត្តក្រចេះ ខ្ញុំដាំលើដី១៥ហិកតា ដោយទទួលបានផល ៧០០០ដើមចាប់ពីឥឡូវហ្នឹងទៅ វត្ថុធាត់ដើមយើងលែងបារម្ភហើយ»។
ម្ចាស់សិប្បកម្មឫស្សីខ្មែរអ្នកស្រី អាន សុវណ្ណនី បន្ថែមថា អាជីវកម្មរបស់អ្នកស្រី បានចូលរួមជាចំណែកមួយក្នុងការជួយទៅដល់ពលរដ្ឋនៅស្រុកតួយ៉ាងការទទួលដើមឫស្សីពីអ្នកស្រុក និងការផ្តល់ឱកាសការងារដល់យុវជនដែលមានបំណងចាប់ជំនាញធ្វើសម្ភារៈពីឫស្សីនេះផងដែរ។
សិប្បកម្មឫស្សីខ្មែរមានទីតាំងស្ថិតនៅភូមិអំពិល ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕