ភ្នំពេញៈនៅក្នុងកសិដ្ឋានក្នុងភូមិសន្សំកុសលប្រអប់ខៀវត្រួតគ្នាតម្រៀបជាជួរបំពាក់ដោយទុយោជ័រ ជាកន្លែងដែលវិស្វករឧត្តម ទិត្យា ចិញ្ចឹមបំប៉នក្ដាមថ្មជាគ្រឿងសមុទ្រដ៏មានឱជារស និងតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។
ជាវិស្វករបម្រើការក្នុងវិស័យសំណង់ដែលគ្មានជំនាញកសិកម្មទាល់តែសោះលោកទិត្យាបានសម្លឹងឃើញឱកាសល្អនិងបានសម្រេចចិត្តផ្លាស់ប្តូរអាជីពទៅបើកកសិដ្ឋាន ប្រើបច្ចេកទេសចិញ្ចឹមក្តាមថ្មក្នុងប្រអប់ដោយឃើញថាវាមានហាងឆេងខ្ពស់ និងពុំសូវសម្បូរដាក់លក់តាមហាង និងភោជនីយដ្ឋាន។
លោកបានរៀបរាប់ប្រាប់ SR News ឱ្យដឹងពីចំណុចចាប់ផ្តើមអាជីវកម្មរបស់លោកថា៖ «តាមពិតទៅដំបូងឡើយផ្ដើមចេញពីការទៅហូបគុយទាវ ខ្ញុំហៅគុយទាវគ្រឿងសមុទ្រប៉ុន្តែភាគច្រើនមានតែបង្គា និងមឹក អត់មានក្ដាម។ ចំណែកនៅតាមហាងគ្រឿងសមុទ្រក៏អ៊ីចឹងដែរ មានតែមឹកបង្គា»។
ស្របនឹងគោលដៅដែលបានគិតទុកមុន តាំងពីលោកនៅបម្រើការឱ្យគេលោក ទិត្យា ក៏បានឆ្លៀតរៀនតាមរយៈអនឡាញនូវបច្ចេកទេសចិញ្ចឹមក្ដាមថ្មក្នុងប្រអប់ដូចជានៅម៉ាឡេស៊ី និងហ្វីលីពីន។
លោកបានប្រាប់ទៀតថា៖ «ដោយសារពេលនោះជាពេលរីករាលដាលនៃមេរោគកូវីដ១៩ គេបើកបង្រៀនតាមអនឡាញគឺខ្ញុំរៀនតាមអនឡាញសុទ្ធសាធ ហើយចម្ងល់វិញគឺមានច្រើនខ្លាំងមែនទែន ទម្រាំខ្ញុំអាចឆ្លងផុតដំណាក់កាលបច្ចេកទេសនេះបាន»។
លោក ឧត្តម ទិត្យា ដែលជាម្ចាស់កសិដ្ឋាន «ក្តាមថ្មភ្នំពេញ»ឱ្យដឹងថា អាជីវកម្មរបស់លោកមិនធំពេកទេ ហើយលោកបានចាប់ផ្តើមដំបូងជាលក្ខណៈគ្រួសារដោយដំណើរការកន្លែងចិញ្ចឹមនៅក្រោយផ្ទះ។
លោកមានដីទំនេរស្រាប់ផង ហើយអាជីវកម្មចិញ្ចឹមក្ដាមថ្មនៅក្នុងប្រអប់ក៏មិនទាមទារទីតាំងធំពេកដែរគឺត្រឹម ៦០ ម៉ែត្រការ៉េតែប៉ុណ្ណោះ។
លោកបានបន្តថា៖ «អ៊ីចឹងខ្ញុំក៏មានគំនិតចង់នាំយកក្ដាមថ្មឱ្យមានវត្តមានលើទីផ្សារ ដល់ពេលខ្ញុំស្រាវជ្រាវមើលទៅនៅភ្នំពេញដូចជាមិនមានច្រើនទេ ណាមួយសម្រាប់អាជីវកម្មនេះ អាចនិយាយបានថាខ្ញុំចាប់ផ្ដើមបានមុនគេបន្តិច»។
បច្ចេកទេសចិញ្ចឹមក្ដាមថ្មដ៏ទំនើបនេះមានភាពងាយស្រួលនិងមិនរើសទីតាំង។ការដាក់ចិញ្ចឹមនៅក្នុងប្រអប់ដាច់ដោយឡែកពីគ្នា ក៏មិនតម្រូវឱ្យជីកស្រះឬធ្វើអាងឡើយ។
ទាក់ទិននឹងបច្ចេកទេសចិញ្ចឹមដដែលនេះម្ចាស់កសិដ្ឋានក្តាមថ្មភ្នំពេញបានឱ្យដឹងថា សម្រាប់ក្ដាមថ្មដែលលោកចិញ្ចឹមនៅភ្នំពេញនេះមិនមែនចិញ្ចឹមតាំងពីតូច ឬបង្កាត់ពូជថ្មីនោះទេ គឺលោកនាំយកក្ដាមថ្មពីខេត្តព្រះសីហនុនិងខេត្តកោះកុង។
ម្ចាស់កសិដ្ឋានបានជ្រើសរើសយកក្ដាមណាដែលស្ទើរសាច់ឬក៏ពេញសាច់ហើយ យកមកចិញ្ចឹមដាក់ក្នុងប្រអប់ ប្រៀបបីដូចជាកន្លែងស្តុកទៅវិញទេដើម្បីបំប៉នពួកវារយៈពេលពី២ សប្ដាហ៍ទៅ ១ខែកន្លះ មុននឹងលោកប្រមូលផលយកទៅលក់លើទីផ្សារ។
ចំពោះតម្រូវការវិញលោក កិត្យា បានឱ្យដឹងថា៖«ក្ដាមថ្មកំពុងមានតម្រូវការខ្ពស់ ដោយសារមិនមានកសិដ្ឋានបែបនេះច្រើនឬអតិថិជនគាត់ទៅរកអត់មាននៅលើទីផ្សារ ធ្វើឲ្យវាមានថ្លៃ ហើយទុកមិនបានយូរទៀតផង»។
លោក ឧត្តម ទិត្យា បានបន្តទៀតថាបច្ចុប្បន្ននេះកសិដ្ឋានរបស់លោកមានចំនួន ១ ពាន់ប្រអប់ ដែលអាចផ្គត់ផ្គង់ក្តាមថ្មជាច្រើនប្រភេទដូចជាក្តាមលេខ១លេខ ២ លេខ ៣ ប្រភេទ ក្ដាមធំ ក្ដាមសេះ និងក្ដាមពង ក្នុងតម្លៃចាប់ពី ២ម៉ឺនរៀល ដល់ ១២ ម៉ឺនរៀលក្នុង ១ គីឡូក្រាម។
ក្នុងមួយខែៗលោក អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារឯណោះពីកសិដ្ឋានប្រើបច្ចេកទេសចិញ្ចឹមក្ដាមក្នុងប្រអប់នេះ។
សម្រាប់ថ្ងៃអនាគតលោកក៏មានគម្រោងបង្កើនកន្លែងចិញ្ចឹមឱ្យច្រើនទីតាំងព្រមទាំងរកដៃគូសហការទាំងក្នុងនិងក្រៅស្រុកផងដែរ។
កសិដ្ឋានក្តាមថ្មភ្នំពេញមានអាសយដ្ឋាននៅផ្ទះលេខ ២២៦D ផ្លូវលេខ ៣៧BT ក្នុងភូមិសន្សំកុសល២សង្កាត់បឹងទំពុន១ខណ្ឌមានជ័យ។ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក កសិដ្ឋាន ក្តាមថ្មភ្នំពេញឬលេខទូរសព្ទ ០៨៦២៤២ ៩២៤៕