ទើបតែប្រកាសលក់សំបុត្រការប្រគំតន្ត្រីសូឡូការប្រគំតន្ត្រី The Q–Rise of The Queen -Aok Sokunkanka Solo Concert ជាផ្លូវការមិនដល់មួយម៉ោងផង ស្រាប់តែទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ប្រកាសជាថ្មីថាសំបុត្រទស្សនាត្រូវបានលក់ដាច់អស់ហើយក្នុងរយៈពេលមិនដល់មួយម៉ោងផង។
តារាចម្រៀងអ្នកនាង ឱកសុគន្ធកញ្ញា ដែលបានរក្សាប្រជាប្រិយភាពតាំងពីនៅលីវ រហូតក្លាយជាអ្នកម្ដាយកូនពីរនោះបានធ្វើឱ្យប្រិយមិត្តគាំទ្រអ្នកនាងទន្ទឹងរង់ចាំការប្រគំតន្ត្រីសូឡូរបស់អ្នកនាងជាមួយបទចម្រៀងដែល ដិតដាមក្នុងអារម្មណ៍ព្រោះតែធ្លាប់ស្ដាប់តាំងពីក្មេងរហូតដល់វ័យចាស់ទុំ។
ឆ្លើយតបនឹងការសំណូមជាច្រើនពីប្រិយមិត្តអ្នកនាង ឱក សុគន្ធកញ្ញា បានប្រកាសពីការប្រគំតន្ត្រី The Q–Rise of The Queen-Aok Sokunkanka Solo Concert ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ។
សម្រាប់អ្នកដែលចង់ដឹងថាតើការប្រគំតន្ត្រីសូឡូនេះមានលក្ខណៈពិសេសនិងត្រូវចូលរួមបែបណាដែរ ខាងក្រោមនេះជា ៨ ចំណុចខ្លឹមៗដែល SR News សូមលើកយកមកបង្ហាញពី The Q–Rise of The Queen -Aok Sokunkanka Solo Concert៖
១. ថ្ងៃ ១៤ ខែកញ្ញា ត្រូវបានជ្រើសរើសសម្រាប់ការប្រគំតន្ត្រីសូឡូ ដែលចំនឹងឱកាសពិសេសជាថ្ងៃខួបកំណើតគម្រប់ ៣៧ ឆ្នាំ របសអ្នកនាង ឱក សុគន្ធកញ្ញា។
២. យោងតាមបណ្ដាញសង្គម និងការបង្ហើបពីផេកផ្លូវការ បទចម្រៀងដែលត្រូវបានសម្រិតសម្រាំងជាពិសេសនឹងលើកយកមកបកស្រាយ ដោយក្នុងនោះក៏មានបទ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ»និងបទ «១លានឆ្នាំ» ដែលអ្នកគាំទ្រអ្នកនាងភាគច្រើនសុទ្ធតែចេះច្រៀងតាម។
៣. ទស្សនីយភាពនៃការប្រគំន្ត្រីមានភាពពិសេស ជាមួយបទពិសោធន៍ថ្មីឆាកតន្ត្រីមានដំបូល indoor 360០ ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបំពាក់អេក្រង់ LED ដ៏ទាក់ទាញភ្លើងពណ៌ទំនើបដ៏អស្ចារ្យ ប្រព័ន្ធសម្លេងច្បាស់ល្អ សាលម៉ាស៊ីនត្រជាក់មានផាសុកភាព។
៤. សំបុត្រមាន ៥ ប្រភេទគឺ VIP កៅអីមុខឆាក តម្លៃ១០០ដុល្លារ Premium Pass តម្លៃ ៧០ដុល្លារ កៅអីកណ្ដាលសាលមហោស្រព Standing+ Pass ជាបរិវេណឈរនៅមុខឆាកផ្ទាល់ ៥០ ដុល្លារ Standard Pass ជាកៅអីស្ដង់ដារ (ផ្នែកខាងមុខ) ៤០ដុល្លារ និង Standard Pass ជាកៅអីស្ដង់ដារ (ផ្នែកខាងក្រោយ) តម្លៃ៣០ដុល្លារ។
៥. មានតែការចំណាយទិញសំបុត្រ ទើបប្រិយមិត្តអាចរីករាយនឹងការប្រគំតន្ត្រីសូឡូនេះបានព្រោះកម្មវិធីនឹងមិនមានការផ្សាយផ្ទាល់ឡើយ។
៦. សំបុត្រគ្រប់ប្រភេទទិញរួចមិនអាចប្ដូរវិញបានទេ ហើយក៏មិនមានការទទួលខុសត្រូវចំពោះសំបុត្រដែលបានបាត់ឬសំបុត្រទិញបន្តពីផេកជនខិលខូច។ ក្រោយពេលទិញសំបុត្របានហើយសូមកុំចែលរំលែកកូដ QR ឬសំបុត្រអេឡិចត្រូនិកជាមួយអ្នកដទៃព្រោះគេអាចយកសំបុត្រនោះចូលកម្មវិធីមុនអ្នក។
៧. អ្នកទិញសំបុត្ររួចគួរតែទទួលទានអាហារពេលល្ងាចមុនទៅចូលរួមការប្រគំតន្ត្រី ព្រោះអាហារ និងភេសជ្ជៈមិនត្រូវបានអនុញ្ញាតិឱ្យយកចូលនោះទេលើកលែងតែទឹកពិសា។
៨. កម្មវីធីប្រគំតន្ត្រីកំណត់ម៉ោងចូល ៥ល្ងាច ហើយសំបុត្រនឹងត្រូវបានចាត់ទុកថាអវត្តមានប្រសិនបើអ្នកមកយឺតក្រោយម៉ោង ៨យប់។ អ្នករៀបចំកម្មវិធីរក្សាសិទ្ធិក្នុងការដកហូតកៅអីក្រោមគោលការណ៍អវត្តមាន៕