សត្វស្លាបដែលអាចហោះហើរបានហើយមានកម្ពស់ខ្ពស់ជាងគេនោះគឺ សត្វក្រៀល ឬសត្វកុកក្រៀល ឬអាចហៅម៉្យាងទៀតថាកុកទេព - Sarus Crane ៖ មានឈ្មោះវិទ្យាសាស្ត្រ Grusantigone ជាទូទៅមានកម្ពស់ ប្រហែល១,៨០ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាមនិងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហមក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។
សត្វក្រៀលមានម្រាមជើងក្រោយខ្លីមួយ និងម្រាមជើងមុខវែងៗចំនួនបី។ ពួកវាមិនអាចទំនៅលើដើមឈើ ដូចសត្វស្លាបដ៏ទៃទៀតបានទេ ដោយសារកម្ពស់និងទម្ងន់របស់វា។ ហើយពេលវាដេកឈរស្ងៀមធ្មឹង ដែលនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើមដូចទៅហ្នឹងសត្វកុកយើងដែរ។ ទីជម្រករបស់សត្វក្រៀលស្ថិតនៅតំបន់ដីសើមរាក់ វាលស្រែនិងវាលស្មៅសើម។ អ្នកជំនាញក៏ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូប៉ុន្តែសត្វញីមានមាឌតូចជាង អាឈ្មោលបន្តិច។ នេះបើយោងតាម WCS Cambodia។
សត្វក្រៀលទាំងអស់ជាសព្វាសី មានន័យថាពួកវាស៊ីទាំងរុក្ខជាតិនិងសត្វ។ សត្វក្រៀលប្រើចំពុះវែងរឹងមាំរបស់វាសម្រាប់ចឹកស៊ីមើមរុក្ខជាតិនិងសត្វល្អិតពីក្នុងភក់ល្បាប់។ សត្វក្រៀលនឹងទៅរកចំណីក្នុងវាលស្រែដោយស៊ីគ្រាប់ស្រូវដែលជ្រុះក្នុងស្រែបន្ទាប់ពីកសិករបានច្រូតកាត់ប្រមូលផលស្រូវរួច។ មេបារបស់សត្វក្រៀលតែងតែមើលថែទាំ ពាំនាំយកចំណីឱ្យកូននិងបង្រៀនកូនរបស់វាពីវិធីរកចំណី ទោះបីជាកូនរបស់វាធំធាត់ស្ទើរតែពេញវ័យហើយក៏ដោយ។
នៅរដូវកាលពងកូនសត្វក្រៀលញីឈ្មោលបំបែកខ្លួនចេញពីហ្វូងរបស់វាហើយស្វែងរកទីតាំងសមរម្យដើម្បីធ្វើសំបុកដែលជាដៃគូបន្តពូជ។
ការធ្លាក់ចុះចំនួនសត្វក្រៀលនៅទូទាំងពិភពលោកនេះគឺបណ្ដាលមកពីកត្តាគំរាមកំហែងផ្សេងៗ ដែលបង្កឡើងដោយមនុស្ស និងធម្មជាតិដូចជាការបាត់បង់តំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលការរំខាន់នៅតំបន់ពងកូន ដែលនាំឱ្យអាត្រាបង្កកំណើតទាប ការបំពុលដោយថ្នាំពុលកសិកម្មការថយចុះនូវវត្តមានចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុតឬកូនសត្វក្រៀលពីសំបុកដើម្បីចញ្ចឹម ឬជួញដូរ ការសម្លាប់ដោយសត្វឆ្កែខាំនិងការប្រែប្រួលអាកាសធាតុជាដើម។
នៅក្នុងទ្វីបអាស៊ី សត្វក្រៀលគឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។
ក្រៀលជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែង (VU) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN វាមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ភាគច្រើនរស់នៅតាម តំបន់វាលទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃល្បោះ នៃប្រទេស តំបន់បឹងទន្លេសាប ជាពិសេសខេត្តព្រះវិហារបន្ទាយមានជ័យ កំពត និងតាកែវ។
ចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលធ្វើការផ្លាស់ទីទៅតំបន់នានានៃអាងទន្លេសាបដោយរាប់បញ្ចូលទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។ ហើយមួយចំនួននៃសត្វក្រៀលប្រហែលពាក់កណ្ដាលទៀតធ្វើការផ្លាស់ទីទៅតំបន់ដីសណ្ដរទន្លេមេគង្គនៃប្រទេសកម្ពុជានិងវៀតណាម។ តំបន់ដីសណ្ដរទន្លេមេគង្គនៃប្រទេសកម្ពុជារួមមានតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពតនិងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។