បទល្បីរបស់ Rosé ពីក្រុម Blackpink ចំណងជើងថា “APT.” ដែលចាប់ដៃគូច្រៀងជាមួយតារាចម្រៀង Bruno Mars អាចនឹងបង្ហាញពីទិសដៅថ្មីសម្រាប់ការវាយលុយទីផ្សារសកលពីវិស័យ K-pop ខណៈបទនេះកំពុងឈរលើចំណុចកំពូលនៃតារាងបទចម្រៀងទូទាំងពិភពលោក។
អ្នកជំនាញខាងតន្ត្រីបានចាត់ទុកបទចម្រៀងនេះថាជាស្នាដៃនិពន្ធបង្កប់ស្នៀតខ្លាំង ដែលទាក់ទាញអ្នកស្តាប់គ្រប់វ័យតែម្ដង។
យោងតាម The Black Label ដែលជាទីភ្នាក់ងាររបស់ Rosé បទ “APT.” ជាប់ចំណាត់ថ្នាក់លេខមួយដោយមានចំនួនស្ដាប់ជាង ១០០លាន លើ Spotify ក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចេញផ្សាយរបស់វា។
នេះជាសមិទ្ធផលដ៏លឿនបំផុតសម្រាប់តារាចម្រៀងទោល K-pop ផ្នែកនារីនិងលឿនបំផុតទីពីរសម្រាប់តារា K-pop បន្ទាប់ពីតារាប្រុស Jungkook សមាជិកក្រុម BTS។
Rosé ចែករំលែកថា បទចម្រៀងនេះត្រូវបានបំផុសគំនិតដោយ «ហ្គេមអាផាតមេន»ដ៏ពេញនិយមរបស់ប្រទេសកូរ៉េ។
តារាចម្រៀងកូរ៉េខាងត្បូងធំធាត់នៅអូស្ត្រាលីរូបនេះបាននិយាយថា៖«វាជាហ្គេមដែលខ្ញុំចូលចិត្តបំផុត- សាមញ្ញ សប្បាយ និងល្អឥតខ្ចោះក្នុងការដាស់អារម្មណ៍។ ខ្ញុំបានចាប់ផ្តើមធ្វើតន្ត្រីអំពីហ្គេមនេះបន្ទាប់ពីបង្រៀនក្រុមស្ទូឌីយោពីរបៀបលេងវា ហើយក្រោយមក Bruno Mars បានចូលរួមបញ្ចប់បទចម្រៀងនេះ»។
វីដេអូចម្រៀងសម្រាប់បទ “APT.” ដែលបង្ហាញពី Mars ជាមួយ Rosé បានទាក់ទាញការមើល២៥លានដងក្នុងរយៈពេល ២៤ ម៉ោង និងឈានដល់ចំនួនទស្សនា ១០០លាន នៅលើ YouTube ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ។
វីដេអូនេះបានហក់ឡើងដល់លេខ ១ យ៉ាងឆាប់រហ័សក្នុងប្រភេទវីដេអូកំពុងពេញនិយមរបស់កូរ៉េខាងត្បូងនិងតារាងតន្ត្រីពេញនិយមរបស់ YouTube របស់សហរដ្ឋអាមេរិកដែលបញ្ជាក់ពីឥទ្ធិពលសកលរបស់ Rosé។ “APT” ទទួលបានអ្នកទស្សនាជាង ១៦០ លានដងគិតត្រឹមថ្ងៃអាទិត្យ។
អ្នកឃ្លាំមើលតន្ត្រី Lim Hee-yun បាននិយាយកាលពីថ្ងៃអាទិត្យថា៖«បទចម្រៀងនេះមានអារម្មណ៍ទាក់ទាញមិនគួរឱ្យជឿ។ និយាយទៅ វាហាក់ដូចជាត្រូវបានបង្កើតឡើងដើម្បីតែល្បីភ្លាមៗតែម្ដង។ពាក្យ 'a-par-teu' ស្ដាប់ទៅទាក់ចិត្តថ្ពក់អារម្មណ៍ និងងំជាប់ត្រចៀក។ បទភ្លេងបែបសាមញ្ញដូចគេដូចឯង តែវាជាការទាក់ទាញយ៉ាងទូលំទូលាយទៅវិញ»។
អ្នករិះគន់តន្ត្រី Cha Woo-jin បានបន្ទរពីអារម្មណ៍នេះដោយពណ៌នាអំពីបទ“APT” ថាវាមានថាមពលស្រូបទាញទោះជាការច្រៀងបែបច្រំដែល តែវាធ្វើឱ្យអ្នកស្ដាប់ចងចាំហើយចង់ចាក់ស្ដាប់ម្ដងហើយម្ដងទៀត។
លោក Chaបាននិយាយកាលពីថ្ងៃអាទិត្យថា៖«ប៉ារ៉ូចម្រៀងនិយាយត្រង់ហើយឆក់យកអារម្មណ៍អ្នកស្ដាប់ភ្លាមៗជាមួយសំឡេងបន្ទរ 'a-par-teu,a-par-teu' ចូលពេញត្រចៀក»។
លោកបានព្យាករណ៍ថា បទ “APT.” អាចសម្រេចបានគោលដៅខ្ពស់មួយកម្រិតទៀតក្នុងប្រវត្តិសាស្ត្រK-pop ទោះបីជាវាស្ថិតក្នុងកម្រិតមួយខុសពីបទ "Gangnam Style" របស់ Psy ក៏ដោយ។
លោកបានបន្តថា៖ «ក្មេងៗស្ទើរតែគ្រប់គ្នាកំពុងតែច្រៀងតាមវា ដែលជារឿងដ៏អស្ចារ្យមួយព្រោះវាទាក់ចិត្តមនុស្សគ្រប់វ័យ»។
Atlantic Records ដែលជាទីភ្នាក់ងារសហរដ្ឋអាមេរិករបស់ Rosé បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក Bruno Mars មកសហការជាមួយ Rosé។
ក្រោពីជាប់លើតារាកំពូលជាច្រើននៅប្រទេសកូរ៉េខាងត្បូងបទ "APT." ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាងកំពូល ៥០ របស់ Spotify សហរដ្ឋអាមេរិកនិងបាននាំមុខតារាង iTunes នៅក្នុងតំបន់ជាង៤០។ នៅក្នុងប្រទេសចិន បទនេះបានឈរនៅកំពូលតារាងរបស់ QQ Music។
ជាមួយនឹងបទចម្រៀងចុងក្រោយរបស់នាង Rosé ក៏បានក្លាយជាសិល្បករទោលស្រី K-pop ដំបូងគេដែលឈរនៅលើតារាងបទចម្រៀងកំពូលរបស់ Spotify របស់សហរដ្ឋអាមេរិក និងសកលលោក ដែលជាទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យក្នុងអាជីពចម្រៀងរបស់នាង។
អាល់ប៊ុមពេញ ក្រោមចំណងជើងថា “Rosie” ដែលមាន ១២ បទ របស់នាងត្រៀមនឹងសម្ពោធនៅថ្ងៃទី ៦ខែធ្នូ ដោយរួមបញ្ចូលបទ "APT."នេះផងដែរ។បទចម្រៀងទាំងនោះត្រូវបានតែងនិពន្ធដោយ Rosé បង្កប់ដោយទស្សនៈបុគ្គល និងទេពកោសល្យសិល្បៈដ៏ស៊ីជម្រៅរបស់នាង៕
ប្រភព៖ The Korea Herald/Asia News Network