ជីវិត និង សង្គម

សហគមន៍កសិកម្មកម្ពុជាមានជ័យ បង្កើតផ្លាកសញ្ញាផ្គត់ផ្គង់សាច់គោខ្មែរស្រស់ រសជាតិឆ្ងាញ់ ដើម្បីប្រកួតលើទីផ្សារ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

បន្ទាយមានជ័យ​:មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​ត្រាច ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ សហគមន៍​កសិកម្មកម្ពុជា​មានជ័យបាន​ចងក្រង​កសិករ​ក្នុង​តំបន់ មកចិញ្ចឹម​គោ​តាមបែប​ធម្មជាតិ ដើម្បី​យក​សាច់ផ្គត់​ផ្គង់​លើ​ទៅ​ផ្សារក្នុងស្រុក​។

​លោក រស់ មុនិន្ទៈ ប្រធាន​ក្រុមប្រឹក្សាភិបាលនិង​ជា​អ្នកបង្កើត​សហគមន៍កសិកម្ម​កម្ពុជា​មានជ័យ បាន​ប្រាប់​សារព័ត៌មាន SR Digital Media ឱ្យដឹងថា សហគមន៍​កសិកម្ម​ក​ម្ពុ​ជាមាន​ជ័យ គឺ​ជាសហគមន៍​កសិកម្ម​ទំនើបបង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​គោលបំណង​ចងក្រង​ជា​កម្លាំង​តែមួយ​នៃ​ប្រជាកសិករ​អ្នក​ចិញ្ចឹម​គោដើម្បី​ធ្វើការ​ចិញ្ចឹម និង​ផ្គត់​ផ្គង់​នូវ​តម្រូវការ​សាច់គោ ឱ្យបាន​ទាន់ពេលវេលា និង​ត្រូវ​ធានា​នូវ​និរន្តរភាពព្រោះ​ការ​ចិញ្ចឹមសត្វ​គោ​ត្រូវ​ប្រើប្រាស់​ពេលវេលា​យូរ​។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​តាមពិត​ខ្ញុំ​ជា​មេធាវី មិនមែនជា​កសិករ​ទេ តែ​ខ្ញុំ​មាន​ដី​៣ឬ​៤​រយ​ហិកតា ខ្ញុំ​ដាំ​ដើម​កូនឈើ ដើម​ប្រេងខ្យល់ ហើយ​ខ្ញុំ​ឃើញ​ជុំវិញ​ហ្នឹង​គេ​ចិញ្ចឹម​គោ​ច្រើនមាន​ស្មៅ និង​មាន​សក្កា​នុព​ល អ៊ីចឹង​ខ្ញុំ​ក៏​ផ្តើម​ដាក់​គោ​ចិញ្ចឹម​ដែរ ពេលនោះ​ខ្ញុំ​ចេះតែ​តាមដាននិង​ស្រាវជ្រាវ​ពី​ទីផ្សារ​គោ ខ្ញុំ​ក៏​រកឃើញថា​អ្នក​ចិញ្ចឹម​គោ​មានការ​លំបាក រួចខ្ញុំ​បាន​សិក្សា​ពី​បញ្ហា​ទាំងអស់នោះដំណោះស្រាយ​មានតែ​បង្កើត​សហគមន៍​ឡើង ដើម្បីឱ្យ​ទីផ្សារ​គោ​ហ្នឹង​ធំ យើង​រួមគ្នា​ងាយស្រួល​ផ្គត់​ផ្គង់ទីផ្សារដែល​យើង​រួម​ទុន រួម​គ្រប់គ្រង រួម​ប្រើប្រាស់​»​។

​ក្រោយ​ពី​បង្កើត​សហគមន៍​រួចប្រធាន​ក្រុម​ប្រឹក្សាភិបាល​រូបនេះ​រៀបរាប់​ពី​ផលលំបាក​ថា អំឡុងពេល​បង្កើត​សហគមន៍​ដំបូងកសិករ​ចិញ្ចឹម​គោជាច្រើនក្នុងតំបន់ បានបោះបង់​ការ​ចិញ្ចឹម​គោជាបណ្តើរៗ ព្រោះការចិញ្ចឹម​គោនាគ្រានោះ​ហាក់​ពុំ​សូវ​មាន​ទីផ្សារ​។ ចំណុច​ទី២ លោកពិបាក​ក្នុង​ការ​ពន្យល់ ប្រជាកសិករ​ឱ្យ​ត្រឡប់​មក​ចិញ្ចឹមគោ​វិញនិង​ចូល​ជា​សមាជិក​សហគមន៍ ត្បិត​ពួកគេ​ហាក់​គ្មាន​ទំនុក ចិត្តលើសហគមន៍ ដោយសារ​បញ្ហាដែលបាន​ប្រទះ​នាពេលកន្លងមកតែ​ទោះ​យ៉ាងណាក្តី មក​ដល់​ពេល​នេះ ផល​លំបាក​ខាងលើ​នេះលែង​ជា​បញ្ហា​ចោទ​សម្រាប់​លោក​ទៀត​ហើយ ព្រោះ​ការ​ចិញ្ចឹមគោ​មាន​ទីផ្សារ​ល្អ ហើយ​អ្នក​ចិញ្ចឹមគោ​មាន​ការ​កើនឡើងនិង​ចូល​ជា​សមាជិកសហគមន៍​ច្រើន។

សហគមន៍​កសិកម្ម​ក​ម្ពុ​ជាមាន​ជ័យ​នេះសមាជិក​សរុប​ចំនួន ៤០​ គ្រួសារ និង​មាន​គោ​ប្រមាណ​២០០០​ក្បាល ដែល​ការចិញ្ចឹម​គោ​មាន​លក្ខណៈពិសេសគឺ​ប្រជា​សហគមន៍​ទាំងមូល​ប្រើ​ក្រោលគោ​សុខភាព ដែល​ផ្ដល់នូវ​ការថែទាំ ការអនុវត្ត​ការការពារ​ជំងឺការគ្រប់គ្រង ការផ្តល់​ចំណីអាហារ និង​ទឹក ដែល​ប្រកបដោយ​អនាម័យ​និង​សុ​វត្តិភាព និង​មាន​ពេទ្យសត្វ​ជំនាញ​ច្បាស់លាស់​ក្នុងការ​ពិនិត្យ​តាមដាន​ផងដែរ​។​

​សម្រាស់​ពូជ​សត្វ​គោ ​ដែល​ត្រូវបាន​យកមក​ចិញ្ចឹម​ក្នុង​សហគមន៍​កសិកម្ម​កម្ពុ​ជាមាន​ជ័យបានមកពី​ការ​បង្កាត់​ពូជ រវាង​សត្វ​គោ​ក្នុងស្រុក និង​សត្វ​គោ​បរទេស ព្រោះ​ការ​បង្កាត់​ពូជ​បែបនេះនាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ដូចជា សត្វ​គោ​សម្បូរ​សាច់​, លូតលាស់​លឿន​,ធន់​នឹង​អាកាសធាតុ និង​មាន​ទីផ្សារ​ល្អ បើ​ប្រៀបធៀប​ជាមួយ​គោខ្មែរដែលមាន​មាឌតូច​, ឆ្អឹង​ច្រើន និង​មិនសូវ​សម្បូរ​សាច់​។

​លោក​បន្តថា​៖ «​ចំពោះ​សាច់គោ​វិញមាន​គុណភាព​ខ្ពស់ សាច់គោ​យើង​ស្រស់ ឆ្ងាញ់ និង​ផុយ ដោយសារ យើង​ចិញ្ចឹម​ក្នុងស្រុក​ជា​លក្ខណៈ​ធម្មជាតិដែល​គិតគូ​ដល់​សុខភាព​អ្នក​បរិភោគ គ្មាន​ផលប៉ះពាល់​សុខភាព ព្រោះ​យើង​បាន​បង្កើត​វិធាន​មួយ​ដែល​យកចិត្តទុកដាក់​តាំង​ពី​ចិញ្ចឹម​មើលថែ​ក្នុង​កសិដ្ឋានរហូតដល់ សាច់គោ ដាក់លើ​ចាន​»។​

​ប្រធាន​សហគមន៍​រូប​នេះ​បានឱ្យដឹងថាសាច់គោ​ដែល​ស្ថិតក្នុង​ស្តង់ដា​លក់ ​ត្រូវមាន​ទម្ងន់​ចាប់ពី​៤០០ គីឡូក្រាម​ឡើងទៅ ដោយ​ក្នុងនោះ​សាច់​ចំឡក១​គីឡូក្រាម មានតម្លៃ ៤៤០០០ រៀល​, ឆ្អឹងជំនី១​គីឡូក្រាម  ១៣២០០​រៀល​,សាច់​ភ្លៅ​១​គីឡូក្រាម​ថ្លៃ ៣៧៤០០​រៀល និងលិង្គ​គោ​១​គីឡូក្រាម​ថ្លៃ៣៧៤០០​រៀល និង​មាន​សាច់​ជាច្រើន​ប្រភេទ​ទៀត​។​

ទាក់ទង​នឹង​ទីផ្សារ​វិញ លោករស់ មុនិន្ទៈ បានឱ្យដឹងថា​៖ «​សាច់គោ គឺ​យើង​លក់​នៅក្នុង​ក្របខណ្ឌ​សហគមន៍មានន័យ​ថា សមាជិក​ង​ផ្គត់ផ្គង់​ទៅ​ឲ្យ​សហគមន៍ ហើយ​សហគមន៍​បាន​ចែកចាយ​ទៅដល់​ហាង​មួយចំនួនដែលជា​ដៃគូ​នៅ​ទីក្រុងភ្នំពេញ ចំពោះ​ការ​ប្រ​កួត​ប្រជែង​សាច់ ​វា​មិនសូវ​ជាមាន​បញ្ហា​ចោទ​នោះទេព្រោះ​វា​ជា​សេដ្ឋកិច្ច​ទីផ្សារសេរី សំខាន់​គុណភាព​សាច់​យើង​ស្រស់ ឆ្ងាញ់ ហើយ​ចិញ្ចឹម​ក្នុងស្រុក​ចំណាយ​ថ្លៃដើម​ទាប​»​។

​សម្រាប់​ថ្ងៃ​អនាគត ប្រធាន​ក្រុមប្រឹក្សាភិបាល​រូបនេះបានបង្ហាញ​ពី​បំណង​ក្នុងការ​ពង្រីក​សហគម​ន៍​ឱ្យ​កាន់តែ​ធំ និង​ពង្រីក​ទីផ្សារ​ផ្គត់ផ្គង់​សាច់គោ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផងដែរដោយ​លោក​នឹងធ្វើ​ការចែករំលែក​ពី​ចំណេះដឹង និង​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម​គោ​នេះ ព្រោះ​ការចិញ្ចឹម​គោ​យក​សាច់​នៅតែមាន​តម្រូវ​ច្រើននិង​ពុំ​សូវ​មាន​អ្នក​ចិញ្ចឹម​ច្រើន​ឡើយ​៕

អត្ថបទពេញនិយម

អ្នកស្រី សេង ម៉ូលីនី តស៊ូតាំងពីបាតដៃទទេ ក្លាយអ្នកផ្សព្វផ្សាយប្រដាល់គុនខ្មែរដ៏លេចធ្លោ

ក្រូចឆ្មាជួយបំបាត់ក្លិនក្លៀក បានយ៉ាងមានប្រសិទ្ធភាព

បញ្ជីសម្រាំង Grammy ឆ្នាំ ២០២៥ អត់មាន BTS, BLACKPINK, Stay Kids ទេ

«ស្រាស្តេចគោព្រៃ» និង «ស្រាផាសិនមណ្ឌលគិរី» ស្រារសជាតិឆ្ងាញ់ពិសេស តំណាងខេត្តមណ្ឌលគិរី

វិធីធ្វើម៉ាសបិទមុខ ផ្សំពីផ្លែប៊ឺរតាមបែបធម្មជាតិ