ជីវិត និង សង្គម

ទីងមោងមុខយក្សផលិតពីស្មាច់ដំបូងគេ យកគំរូតាមចម្លាក់យក្សនៅប្រាសាទអង្គរធំ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

កណ្តាលៈទីងមោង​មុខយក្ស​មាន​ពណ៌​លាយឡំ​ចម្រុះ​ស្រស់ស្អាត ដែល​ផលិត​ចេញពី​ស្មាច់ គឺជា​ស្នាដៃ​របស់លោកស៊ីវ សាំង​ងី ដែល​បាន​យកតាម​មុខ​ចម្លាក់​យក្ស​ទាញព្រ័ត្រ នៅ​តំបន់​អង្គរធំ ដើម្បីត្រៀម​បង្ហាញ​ក្នុងឱកាស​ពិធី​ប្រពៃណី​ខ្មែរ​នានា​។

​លោក ស៊ីវ សាំង​ងី ជាងចម្លាក់​ក្បាច់​ស៊ីម៉ងត៍និង​ជា​អ្នក​ផលិត​ទីងមោង​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បាន​ប្រាប់​សារព័ត៌មាន SR Digital Media ឱ្យដឹងថា កាលពីមុន លោក​ផលិត​ទីងមោងជា​មុខ​មនុស្ស​ធម្មតានិង​មុខយក្ស ដោយ​យកតាម​យក្ស​ដែល​គេ​គូរ​សម្តែង​តាម​វង់​ល្ខោន​តែប៉ុណ្ណោះ ប៉ុន្តែ​ថ្ងៃមួយលោក​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​អង្គរ លោក​ក៏បាន​ឃើញ​រូបចម្លាក់​យក្ស​ទាញព្រ័ត្រនៅខាងមុខ​ក្លោងទ្វារ​ប្រាសាទអង្គរធំដែល​ចម្លាក់​យក្ស​នេះ​មាន​ក្បូរក្បាច់រចនា​ល្អ​វិចិត្រ លោក​ក៏មាន​គំនិត​ថា នឹង​យក​លំនាំ​មុខយក្ស​ទាញព្រ័ត្រ​នេះទៅ​រំលេច​លើ​មុខយក្ស​ទីងមោង ដើម្បី​បង្កើត​ឱ្យចេញ​ជា​រូប​មាន​ភាព​ស្អាត​ប្លែក​ភ្នែក​ផងដែរ​។

​អ្នក​ផលិត​ទីងមោង​រូបនេះបាន​ផលិត​ទីងមោង​មុខយក្ស​ដែល​យក​ចេញពី​រូបចម្លាក់​យក្ស​ដ៏​អស្ចារ្យនៃ​រចនាប័ទ្ម​អង្គរដោយ​ជោគជ័យ​ក្នុង​ឆ្នាំ ២០២២ រហូតមកដល់​ឆ្នាំ​២០២៤​នេះ លោក​បាន​ផលិត​ទីងមោង​មុខយក្ស​ខាងលើ​បាន​ចំនួនប្រមាណ១០​គ្រឿង​ហើយ​ កាន់តែ​ពិសេស នៅក្នុង​ឆ្នាំ​២០២៤​នេះ​ផងដែរ លោក សាំង​ងី ក៏បាន​ផលិត​ទីងមោង​មុខយក្សដែលមាន​ទំហំ​ធំ និង​មាន​កម្ពស់​ខ្ពស់​រហូត​ជាង​៣​ម៉ែត្រ​។

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្វើ​ទីងមោង​ខ្ពស់ ​មាន​កម្ពស់​៣​ម៉ែត្រហើយ​ទម្ងន់​ប្រហែល ៣០​គីឡូក្រាម កម្ពស់​៣​ម៉ែត្រ​ហ្នឹង បូក​នឹង​អ្នក​ចូល​ឡក​ប្រហែក​ន្លះ​ម៉ែត្រ​ទៀតអ៊ីចឹង​៣​ម៉ែត្រ​កន្លះ វា​ជា​កម្ពស់​មួយ​ស្តង់ដា​ហើយ ព្រោះ​បើ​យើង​ធ្វើ​កម្ពស់​ខ្ពស់​ជាងនេះទៀតធ្វើ​ឲ្យ​អ្នកឡក​ពិបាក ក្នុងការ​ទប់​នឹង​កម្លាំង​ខ្យល់ អីចឹង​ការធ្វើ​ទីងមោង​៣​ម៉ែត្រគឺ​វា​ជា​កម្ពស់ សមល្មម​ដែល​យើង​អាច​ទ្រាំទ្រ នឹង​កម្លាំង​ខ្យល់​បាន​»​។​

​អ្វីដែល​កាន់តែ​ប្លែក​ទៀត​នោះទីងមោង​រូប​យក្ស​ដ៏​មានអំណាច​នេះ​ គឺ​ផលិត​ចេញពី​ស្មាច់ ដែល​ស្នាដៃ ធ្វើ​​ពី​ស្មា​ច់នេះក៏​ជា​គំនិត​ច្នៃប្រឌិត​មួយ​ថ្មី​មួយទៀត និង​ដំបូង​គេ​ផងដែររបស់​អ្នក​ផលិត​ទីងមោង ដែលមាន​ដើមកំណើត​នៅ​ស្រុក​ស្អាង​រូបនេះ​។​

​ទាក់ទងនឹងមូលហេតុ​ផលិត​ទីងមោង​ពី​ស្មា​ច់បែបនេះ​លោក សាំង​ងី បញ្ជាក់​ថា​៖ «​ធ្វើ​ទី​មោង​ពីមុនយើង​ប្រើ​ក្រដាស វា​ប្រើ​ពេលវេលា​យូរណាស់​ក្នុង​ការធ្វើ​ទីងមោង​ដោយ​យើង​បិទ​បាយម៉ានកាន់តែ​បិទ ក្រដាស​កាន់តែ​ក្រាស់ វា​ធ្វើឱ្យ​បាត់បង់​ទម្រង់​មុខ​កាន់តែច្រើន ឧបមា​ថា​បបូរមាត់យើង​ខំ​ធ្វើ​ពុម្ព​ដី​ស្អាត តែ​ភ្នែក​អី យើង​បិទ​ទៅ​វា​លុប​បូរ​មាត់ លុប​ទម្រង់​អស់វា​អត់​ស្អាតដូច្នេះ​ខ្ញុំ​ក៏​នឹក​ឃើញថា​មានតែ​ធ្វើ​ពី​ស្មាច់​វិញ ប្រហែលជា​ស្អាត ព្រោះ​នៅជាប់​ជាមួយ​ស្មា​ច់នេះខ្ញុំ​ជាជាង​ចម្លាក់​ក្បាច់​ស៊ីម៉ងត៍​ម្នាក់​ដែរ​»​។

​លោក រៀបរាប់​បន្តថា​៖ «​ធ្វើ​ទីងមោង​ពី​ស្មា​ច់នេះទទួលបាន​ជោគជ័យ​ក្នុង​ឆ្នាំ​២០២១ រូប​ដំបូង​ជា​រូប​យក្ស​បុរាណ ពេល​ហ្នឹង​ខ្ញុំ​មើលឃើញថាធ្វើ​ពី​ស្មាច់ វា​ងាយស្រួល ចំណេញ​ពេលវេលា ហើយ​ទីងមោង អត់​បាត់បង់​ទម្រង់​មុខ​ទេ បើ​និយាយ​ពី​អារម្មណ៍​វិញសប្បាយចិត្ត​ខ្លាំងព្រោះ​អ្វីដែល​យើង​ប៉ង​ធ្វើ គឺឱ្យ​ប្លែក​ពី​គេ ​ស្អាត​ជាងគេ ហើយ​ពេលនោះ​ក្មេងៗ គេ​ទទួលស្គាល់​ច្រើនហើយ​បើ​មកដល់ ១​ឆ្នាំ ២​ឆ្នាំនេះ ស្មាច់​ហ្នឹង​វា​សាយ​ភាយពេញ​ស្រុក​ស្អាង​ហើយ​»​។

​សព្វថ្ងៃនេះ លោក ស៊ីវ សាំង​ងីនិង​លោក ចុង យុ​និ​ន្ទ ដែល​ត្រូវជា​ក្មួយ កំពុង​សហការគ្នាផលិត​ទីងមោង​ឱ្យបាន​ទាន់ពេលវេលា​តាម​តម្រូវការ​របស់​ភ្ញៀវ​រួមមាន​ទាំង​ការផលិតទីងមោង​មុខ​មនុស្ស​ធម្មតា និង​មុខយក្ស​។  

​ជាងចម្លាក់​ក្បាច់​ស៊ីម៉ងត៍វ័យ​៣៧​ឆ្នាំ​រូបនេះ បានឱ្យដឹង​ទៀតថា ការធ្វើ​ទី​មោង​យក្ស​១​គ្រឿង ត្រូវ​ចំណាយពេល​ប្រមាណ​២០​ថ្ងៃចំណែកទី​មោង​មនុស្ស​ធម្មតា ត្រូវ​ចំណាយពេល​ប្រមាណ​១​សប្តាហ៍ ដោយ​រួមបញ្ចូលទាំងការផលិត​ពុម្ពគូរ​មុខ ធ្វើ​ជាលសម្រាប់ដងខ្នួន និង​ដេរ​សំលៀកបំពាក់​ទី​មោង​ផង​។ ទីងមោង​រូប​យក្ស​ដែលមាន​កម្ពស់​៣​ម៉ែត្រមានតម្លៃ​១​លាន​៥០​ម៉ឺន​រៀល (​តម្លៃ​តាម​ក្បាច់រចនា​និង​ម្កុដ​របស់​យក្ស​) ហើយ​ទីងមោង​មនុស្ស​ប្រុស​ស្រី​ធម្មតា​វិញមានតម្លៃ​៨០​ម៉ឺន​រៀល​។  

​លោកបន្ថែមទៀតថា ទីផ្សារ​ទីងមោង​នៅ​ស្រុក​ស្អាង​នេះមានការ​ប្រកួតប្រជែង​ខ្លាំង ព្រោះ​ទឹកដី​ខេត្តកណ្តាល​នេះ​ ជា​កន្លែង​បណ្ដុំ​នៃ​អ្នក​និយម​អ្នកលេង​ទីងមោងដោយពេល​ហែ​ម្តងៗ មាន​ទីងមោង​រហូតដល់​៣០ ​ទៅ​ ៤០គ្រឿង​ឯណោះ​។ មិន​ត្រឹមតែ​ផលិត​ទីងមោង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​តំបន់ប៉ុណ្ណោះ​ទេ ជាងចម្លាក់ខាងលើនេះ ក៏​​ធ្វើ​ទីងមោង​សម្រាប់​ចែកចាយ​កាន់រាជធានី- ខេត្តនានាផងដែរ។

​ទាក់ទង​នឹង​ការរៀន​ធ្វើ​ទីងមោង​នេះលោក ស៊ីវ សាំង​ងី ​បាន​សិក្សា​ពី​ចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិ​ដែល​ធ្លាប់មាន​បទពិសោធន៍​ចេះដឹង​ពី​ក្បួនខ្នាត​នៃ​ការធ្វើ​ទី​មោង​នេះម្យ៉ាង​កើតចេញពីចិត្ត​ស្រឡាញ់ និង​អនុស្សាវរីយ៍​ដែល​បាន​ដិត​ជាប់​ក្នុងការ​ចងចាំតាំងពី​កុមារព្រោះ​ពេលនោះលោក​តែងតែឈរ​មើល គេ​ហែ​ទីងមោង​តាមផ្លូវ និង​ក្នុង​កម្មវិធី​នានា​។

​ជាចុងក្រោយ​លោក​ សាំង​ងី​បានស្នើ​ដល់ប្រជាពលរដ្ឋជួយ​គាំទ្រ និង​ថែរក្សា​ការធ្វើ​ទីងមោង​ខ្មែរ​នេះ ក៏ដូចជា​ការចូលរួម​ហែ​ទីងមោងតាម​កម្មវិធី​ផ្សេងៗផងដែរព្រោះ​ទីងមោងតែងតែ​ផ្សារភ្ជាប់​ក្នុង​ពិធី របស់​ព្រះពុទ្ធសាសនា ដូចជា​កឋិនទាន និង​ហែ​ទៀនព្រះវស្សា​ជាដើម​៕

អត្ថបទពេញនិយម

កីឡាការិនីចំបាប់ស្ត្រីទី១របស់សិង្ហបុរីប្តេជ្ញាមិនរាថយលើសង្វៀន

«ភូមិធរណី» ភូមិឋានសម្រាកលម្ហែបែបធម្មជាតិស្រុកស្រែ ក្បែររាជធានីភ្នំពេញ

សហគមន៍កសិកម្មកម្ពុជាមានជ័យ បង្កើតផ្លាកសញ្ញាផ្គត់ផ្គង់សាច់គោខ្មែរស្រស់ រសជាតិឆ្ងាញ់ ដើម្បីប្រកួតលើទីផ្សារ

ស្រីមុំ នៅក្នុងរឿងព្រះភូមិ មើលឃើញខ្មោចក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ជាងចម្លាក់ជាង ៤០ឆ្នាំបន្តច្នៃប្រាក់ស្ពាន់ជាវត្ថុសិល្បៈដ៏រស់រវើកតម្លៃចាប់ពីខ្ទង់រយដល់ម៉ឺនដុល្លារ