សៀមរាប: សហគមន៍រទេះក្របី (Buffalo Park) គឺជាទីកន្លែងប្រមូលផ្ដុំទៅដោយរទេះក្របីជាច្រើនសម្រាក់ដឹកភ្ញៀវទេសចរដើរលេងកម្សាន្តតាមភូមិស្រុកនិងស្វែងយល់ពីជីវភាពរស់នៅរបស់កសិករខ្មែរដែលរស់នៅតាមទីជនបទនៃដែនដីអង្គរ។
បន្ទាប់ពីទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យក្នុងតំបន់អង្គរហើយភ្ញៀវទេសចរ អាចមកសាកបទពិសោធន៍ថ្មីនៃការជិះក្របីលេងតាមវាលស្រែវាលស្រូវ ភូមិឋាន និងបានទៅកន្លែងថ្មីៗផងដែរ ដោយសហគមន៍រទេះក្របីមានប្រមាណ៧គីឡូម៉ែត្រពីក្រុងសៀមរាប ឬភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវបារាយណ៍ទឹកថ្លាទៅកាន់ផ្សារទឹកវិលដែលមានចម្ងាយប្រមាណជិត១គីឡូម៉ែត្រប៉ុណ្ណោះ។
ការជិះរទេះក្របីកម្សាន្តលេងនេះសម្រាប់ភ្ញៀវជាតិ មានតម្លៃត្រឹមតែ៤ដុល្លារប៉ុណ្ណោះ ចំណែកភ្ញៀវអន្តរជាតិមានតម្លៃ ២០ដុល្លារ ហើយក្នុងមួយគ្រឿង ភ្ញៀវអាចជិះបានចំនួនប្រមាណ២ ទៅ៣នាក់ ដោយនៅទីនេះមានរទេះក្របីចំនួន ១៧គ្រឿងនិងមានប្រជាសហគមន៍ចាំបម្រើសេវាកម្មជូនភ្ញៀវទៅកម្សាន្តលម្ហែកាយ។
ដំណើរឆ្លងកាត់ភូមិឋាននៃដែនដីដ៏ពិសដ្ឋនេះមានរយៈពេលប្រមាណ៣០នាទី ដោយអ្នកទេសចរនឹងបានគយគន់សម្រស់ធម្មជាតិ វាលស្រែវាលស្រូវ ចម្ការច្បារដំណាំ ភូមឋានរបស់ប្រជាពលរដ្ឋនិងបានឃើញផ្ទាល់ភ្នែកនៃជីវិតពិតរបស់អ្នកជនបទ។ បើនៅក្នុងរដូវប្រាំងភ្ញៀវអាចចូលទៅតាមចម្ការអ្នកភូមិភ្លក្សផ្លែឈើធម្មជាតិដែលមានឱជារសជាប់ចិត្ត រីឯរដូវវស្សា អ្នកទេសចរ ក៏នឹងបានណែបណិត្យផ្ទាល់នឹងសន្សើមទឹកភ្លៀងដែលកំពុងរសាត់តាមកម្លាំងខ្យល់មកប៉ះកាយក៏ដូចជាស្រូបយកខ្យល់ល្អបរិសុទ្ធ ប្រលោមដោយធាតុអាកាសត្រជាក់ផងដែរ។
ក្រោយពីការកម្សាន្តតាមរទេះក្របីរួចអ្នកកម្សាន្តនឹងទទួលបានអាហារសម្រន់ ដែលរៀបចំដោយ សហគមន៍រួមមាននំនែក ផ្លែឈើនិងទឹកតែ ដែលហាក់បំពេញនូវកម្លាំងក្រោយពីកម្សាន្តរយៈកន្លះម៉ោងហើយយើងក៏អាចថតរូបលេងនៅក្នុងសហគមន៍បានផងដែរ ដើម្បីទុកជាការចងចាំនិងរូបអនុស្សាវរីយ៍
អ្នកគ្រប់គ្រងទូទៅក្នុងសហគមន៍រទេះក្របីលោក ឆេង ឆោម បានប្រាប់សារព័ត៌ SR ថា សហគមន៍នេះដំណើរការបានប្រមាណ១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០១៤មក ហើយម្ចាស់សហគមន៍គឺជាជនជាតិកូរ៉េ ដែលបានជួលដីសម្រាប់បង្កើតជាសហគមន៍ឡើងក្នុងគោលបំណងបម្រើដល់វិស័យទេសចរណ៍និងជួយដល់ប្រជាពលរដ្ឋឱ្យទទួលបានការងារធ្វើ។
លោកបញ្ជាក់ដូចច្នេះថា៖«សហគមន៍រទេះក្របីបង្កើតឡើងនេះមិនសំដៅតែរកប្រាក់ចំណូលទេតែជាការជួយដល់ពលរដ្ឋរស់នៅក្នុងឬជុំវិញសហគមន៍ឱ្យមានចំណូលចិញ្ចឹមគ្រួសារ។ម្យ៉ាងទៀតចង់អភិរក្សប្រពៃណីរទេះគោក្របីរបស់ខ្មែរយើង ដែលកំពុងបាត់ទៅបន្តិចម្តងៗផងព្រោះពីមុនមកដល់ឥឡូវនៅតែមានអ្នកដើរទិញកង់រទេះនិងរទេះគោក្របីយកទៅលក់ឱ្យប្រទេសជិតខាងទៀត»។
ចំពោះរទេះសម្រាប់ដឹកភ្ញៀវនេះលោក ឆោម បានរៀបរាប់ថា រទេះនេះគឺរក្សាតាមទម្រង់ជារទេះគោ-ក្របីបែបខ្មែរដដែល ដោយគ្រាន់តែមានការផ្លាស់ប្តូរឈើតួរទេះខ្លះដោយសារឈើរទេះសល់ពីមុនពុកផុយមិនអាចទ្រទម្ងន់បាន។
លោកបន្តថាជាទម្លាប់ខ្មែរ ការទឹមរទេះគោក្របីគេប្រើ ១ នឹម (គោ ឬក្របី ២ ក្បាល)តែសម្រាប់សហគមន៍នេះគឺប្រើក្របីតែ ១ ក្បាលទេហើយវាអាចអូសរទេះបានដូចគ្នា ហើយការដែលលោកធ្វើបែបនេះគឺដើម្បីបង្ហាត់ក្របីឱ្យវាចេះអូសរទេះតែឯង និងមើលទៅប្លែកភ្នែកផង។ដើម្បីជាការទាក់ទាញអារម្មណ៍ដល់ភ្ញៀវ នៅសហគមន៍រទេះក្របីក៏តែងតែរៀបចំជាសួនផ្កា ឬជាចម្ការដំណាំផ្សេងៗ និងមានដាំស្រូវផងដែរដើម្បីបង្កើតជាទេសភាពវាលស្រែសម្រាប់ភ្ញៀវទស្សនាតាមរដូវកាល។
សហគមន៍រទេះក្របី (Buffalo Park) មានទីតាំងស្ថិតនៅក្នុងភូមិជ្រៃសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ឬទំនាក់ទំនងលេខទូរសព្ទៈ ០៩៦ ៨០២១៥៧៩/០៧៧ ៨០២ ៩៤១។
ទីតាំងៈ Buffalo Park