នៅរាត្រីថ្ងៃចន្ទ ទី១៩ ខែសីហានេះបាតុភូតព្រះចន្ទពេញវង់ធំដំបូងបង្អស់ប្រចាំឆ្នាំ ២០២៤ នឹងបង្ហាញខ្លួនលើមេឃក្នុងចំណោមបាតុភូតព្រះចន្ទពេញវង់ធំៗ បួនដងជាប់ៗ គ្នាក្នុងឆ្នាំនេះ។
ព្រះចន្ទពេញវង់ធំ (supermoon) កើតឡើងនៅពេលដែលព្រះចន្ទរះនៅគន្លងជិតបំផុតជាមួយផែនដីដែលធ្វើឱ្យពន្លឺវាភ្លឺជាងធម្មតា ៣០ភាគរយ នឹងមើលឃើញធំជាងប្រក្រតី ១៤ភាគរយ ទោះបីជាភាពខុសគ្នានេះពិបាកសម្គាល់ដោយភ្នែកទទេក៏ដោយ។
រីឯបាតុភូតព្រះចន្ទពេញវង់ blue supermoon គឺជាពាក្យសំដៅលើព្រះចន្ទពេញវង់ចំនួន២ដង ក្នុង១ខែ។វដ្ដរបស់ព្រះចន្ទគឺ ២៩.៥ ថ្ងៃដូច្នេះវាខ្លីជាងរយៈពេលជាមធ្យមនៃខែប្រតិទិន។
យោងតាមលោក Fred Espanak អ្នកជំនាញខាងសូរ្យគ្រាស និងជាតារាសាស្ត្រអតីតបុគ្គលិករបស់ NASA ឆ្នាំ ២០២៤ នេះមានបាតុភូតព្រះចន្ទពេញវង់រះធំ ដ៏អស្ចារ្យចំនួន ៤ ដង គឺនៅក្នុងខែសីហាខែកញ្ញា ខែតុលា និងខែវិច្ឆិកា។
យោងតាមទិន្នន័យពីវិបសាយ Space.com បាតុភូតព្រះចន្ទពេញវង់ធំ (supermoon) នឹងកើតមានតាមថ្ងៃខែ និងពេលវេលា (ម៉ោងនៅកម្ពុជា) ដូចខាងក្រោម៖
• Sturgeon Moon៖ ថ្ងៃទី ១៩ ខែសីហា វេលាម៉ោង ៩:៣៦យប់
• Harvest Moon៖ ថ្ងៃទី ១៨ ខែកញ្ញា វេលាម៉ោង ៥:៣៤ទើបភ្លឺ
• Hunter's Moon៖ ថ្ងៃទី ១៧ ខែ តុលា វេលាម៉ោង ២:២៦រសៀល
• Beaver Moon: ថ្ងៃទី ១៥ ខែវិច្ឆិកា វេលាម៉ោង ១១:២៩ព្រឹក
តើអ្វីបណ្តាលឱ្យព្រះចន្ទពេញវង់ supermoon? គន្លងរបស់ព្រះចន្ទជុំវិញផែនដីមិនមែនជារង្វង់ដ៏ល្អឥតខ្ចោះនោះទេ។វាមានចម្ងាយជាមធ្យម ៣៨២៩០០ គីឡូម៉ែត្រពីផែនដី ដោយចំណុចជិតបំផុតនិងឆ្ងាយបំផុតពីភពផែនដីផ្លាស់ប្តូររៀងរាល់ខែតាមច័ន្ទគតិ។
កាលពីឆ្នាំ ២០១៦បាតុភូតដ៏អស្ចារ្យដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតដោយសារតែព្រះចន្ទនៅជិតភពផែនដីបំផុត ក្នុងចម្ងាយត្រឹមតែ ៣៥៦៥០៨ គីឡូម៉ែត្រដែលធ្វើឱ្យវាក្លាយជាព្រះចន្ទពេញវង់ដែលខិតជិតផែនដីបំផុតក្នុងរយៈពេល ៦៩ឆ្នាំ ចាប់តាំងពីបាតុភូត supermoon ដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងឆ្នាំ១៩៤៨៕