សេដ្ឋកិច្ច

ដំណាំខ្ញីអូរសោម ដាំតាមលក្ខណៈបច្ចេកទេស គ្រោងនាំចេញទៅកាន់ទីផ្សារអាមេរិក

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ពោធិ៍សាត់​៖ កសិដ្ឋាន​ដំណាំ​ចំការ​ខ្ញី​អូរ​សោម គឺជា​ក​សិ​ដ្ឋា​ដ៏​ធំ​មួយដែល​ដាំ​ដុះ​ដំណាំ​ខ្ញី ទៅតាម​លក្ខណៈ បច្ចេកទេស ដោយ​ក្នុង​ ១ហិកតា​អាច​ដាំ​បាន​ចំនួន​ជាង ៧​ម៉ឺន​គុម្ព និង​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី ៧៥​តោនទៅ​១២០​តោន ហើយ​គ្រោង​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​។​

​លោក ហ៊ុល សុធាម្ចាស់​កសិដ្ឋាន​ដំណាំ​ចំការ​ខ្ញី​អូរ​រ​សោម​បាន​ប្រាប់ SR News ឱ្យដឹងថា​៖ «​ដំណាក់កាល​ដំបូង​នេះខ្ញុំ​បាន​ដាំ​ខ្ញី​លើ​ផ្ទៃដី​១៣​ហិកតា​សម្រាប់​ធ្វើជា​ពូជ បើ​ថែទាំ​បានល្អ​ត្រឹម៦​ខែ ទៅ​៨​ខែ​អាច​ប្រមូល​ផល​បាន​ហើយ ដោយ​ក្នុង​១​ហិកតា យើង​អាច​ដាំ​បាន​ចំនួន ៧​ម៉ឺន ៥​ពាន់​គុម្ព និង​ចាយ​ទុន​អស់ ២​ម៉ឺន ៨​ពាន់​ដុល្លារនិង​ទទួលបាន​ទិន្នផល​ក្នុង​១​ហិកតា​ចន្លោះ​ពី ៧៥​តោន ទៅ​១២០​តោនហើយ​ដំណាក់កាល​ទី​២ ខ្ញុំ​គ្រោង​នឹង​ពង្រីក​លើ​ផ្ទៃដី​ ១០០​ហិកតា ដើម្បី​នាំចេញទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​»​។​

​ម្ចាស់​កសិដ្ឋាន​រូបនេះ​បន្តថាកសិដ្ឋាន​ដំណាំ​ចំការ​ខ្ញី​អូរ​សោម បង្កើតឡើង​នៅ​ដើមឆ្នាំ ​២០២៣ដោយ​ប្រភេទ​ពូជ​ខ្ញី និង​បច្ចេកទេស​ដាំ​ដុះ គឺ​បានមកពី​ប្រទេស​ចិនហើយ​បច្ចុប្បន្ននេះ នៅ​កសិដ្ឋាន​របស់លោក ប្រើប្រាស់​កម្លាំង​កម្មករ​ចំនួន ៥០​នាក់រួមទាំង​អ្នកជំនាញ​ផ្នែក​កសិកម្ម​របស់​ចិន​ម្នាក់​ផងដែរ​។​

​ពាក់ព័ន្ធ​បច្ចេកទេស​ដាំ​ដុះលោក​អះអាង​បែបនេះ​ថា​៖ «​ការដាំ​ខ្ញី​នេះ​ពិបាក​បន្តិចយើង​មិន​ធ្វើ​ដូច​ទម្លាប់ របស់​កសិករ​ខ្មែរ​ធ្វើ​សព្វថ្ងៃ​នោះទេខ្ញុំ​ធ្វើ​ទៅតាម​បច្ចេកទេស ពិនិត្យ​ទាំង​ដី ទាំង​ការគ្រប់គ្រង​ដី គ្រប់គ្រង​ទឹកគ្រប់គ្រង​ទាំង​អាកាសធាតុ​ទៀត សូម្បីតែ​សំណើម​ក្នុង​ដី ក៏ត្រូវ​ពិនិត្យ​វាជា​រៀងរាល់​ដែរ ពេល​យើង​ធ្វើ​វា​ហើយ ត្រូវ​តាមដាន​ដូច​កូនក្មេង​អ៊ីចឹង​»​។​

​សម្រាប់​ការជ្រើសរើស​ពូជ​ខ្ញី​របស់​ចិន​មក​ដាំ​ដុះ​បែបនេះលោក​ពន្យល់ថា ពូជ​ខ្ញី​ចិន​មាន​លក្ខណៈ​ខុសគ្នា ពី​ខ្ញី​ខ្មែរ ដោយសារ​ខ្ញី​ចិន​មាន​រសជាតិ​ស្រាល​ជាងនិង​មិន​ហិ​រ​ខ្លាំង​ដូច​ខ្ញីភ្លើង​របស់​ខ្មែរ​ឡើយរីឯ​ការជ្រើសរើស​ទឹកដី​អូរ​សោម​សម្រាប់​ដាំំ​ដុះ​ដំណាំ​ខ្ញី​នេះ​វិញដោយ​លោក​មើលឃើញថាខេត្តពោធិ៍សាត់​មាន​លក្ខណៈ​អំណោយផល​ខ្លាំង​សម្រាប់​ដំណាំ​ប្រភេទ​មើម​ដូចជា ត្រាវដំឡូង និង​រមៀត ពិសេស​ដំណាំ​ខ្ញី​នេះ​តែម្តង​។

​លោក ហ៊ុល សុធាម្ចាស់​កសិដ្ឋាន​ដំណាំ​ខ្ញី​អូរ​សោម​បាន​លើកឡើងថាកង្វះ​ទីផ្សារ​ក្នុងការ​នាំចេញ​កសិផល នៅតែ​ជា​បញ្ហា​ប្រឈម​របស់​កសិករដូច្នេះ​មុន​ឈានដល់​ការដាំ​ដំណាំ​ខ្ញី លោក​បាន​ទៅ​ស្វែងរក​ទីផ្សារនៅ​សហរដ្ឋអាមេរិក​ជាមុនសិន លោក​នឹង​វាយលុក​ទីផ្សារ​ក្នុងស្រុក​បន្ទាប់​។​

​លោក បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​បានធ្វើ​រួចរាល់​ហើយដោយនៅ​រង់ចាំតែ​ការប្រមូល​ផល​ប៉ុណ្ណោះហើយ​ការដាំ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​នេះ ក៏​នៅមាន​មួយចំណែក​ទៀតសម្រាប់​លក់​លើ​ទីផ្សារ​ក្នុងស្រុក​ផងដែរ​»​។

​ពូជ​ខ្ញី​ដែល​ដាំ​ដុះ​នៅលើ​ទឹកដី​អូរ​សោម​នេះ ​នាំចូល​ពី​ប្រទេស​ចិនដែលមាន​រសជាតិ​ហឹរ ស្រាល​ជាង​ពូជ​ខ្ញី​ដែល​ដាំ​នៅក្នុង​ប្រទេស​កម្ពុជាហើយ​គេ​និយម​ប្រើប្រាស់​យ៉ាង ទូលំទូលាយ​សម្រាប់​ធ្វើជា​គ្រឿងទេសឬ​ធ្វើជា​ឱសថ​បុរាណ​ជាដើម ដែល​អាច​លក់បាន​តម្លៃ​ក្នុង ១​គីឡូក្រាម​ពី ២៥០០​រៀលទៅ ​៧០០០​រៀល សម្រាប់​ទីផ្សារ​ក្នុងស្រុក​៕

អត្ថបទពេញនិយម

សិល្បករ ប៉ែន រ៉ូប៊ីត រំលេចស្នាដៃគំនូរថ្មី តាមរយៈពិព័រណ៍ «ក្រឡា»

តស់! ទៅលេងផ្សារសួនម្លប់ «កសិកម្ម» បានទាំងគាំទ្រដំណាំក្នុងស្រុក និងរូបថតស្អាតៗ បរិយាកាសបរទេស

តើនឹងមានអ្វីកើតឡើងចំពោះ Telegram ក្រោយការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ?

ភូមិ Zombie នៅក្រុងហ្សាការតា អត់មនុស្សដោយសារទឹកជំនន់រាល់ឆ្នាំ

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង