ត្បូងឃ្មុំ:ផ្ដើមចេញពីដកបទពិសោធន៍លើដំណាំប្លែកៗ បូករួមជាមួយចំណេះដឹងផ្នែកកសិកម្មយ៉ាងស្ទាត់ជំនាញ និងការដាំដុះជាង ១០ឆ្នាំ លោក ប៊ូ ម៉ាន កសិករខេត្តត្បូងឃ្មុំបានទទួលជោគជ័យយ៉ាង ខ្លាំងលើការដាំដុះដំណាំឪឡឹកសាច់លឿង ដែលត្រូវបានចែកចាយទូទាំងប្រទេស។
លោក ប៊ូ ម៉ានកសិករខេត្តត្បូងឃ្មុំបានប្រាប់សារព័ត៌មានឌីជីថល SR ឱ្យដឹងថា បច្ចុប្បន្ន ដំណាំ ឪឡឹកសាច់លឿននេះមានការគាំទ្រជាខ្លាំងដោយសារតែវាមានសាច់លឿងប្លែក ហើយរសជាតិ ផ្អែមឆ្ងាញ់ និងស្រួយជាពិសេសឪឡឹកមួយប្រភេទនេះ ត្រូវបានដាំដុះតាមលក្ខណៈធម្មជាតិ។
លោក ប៊ូ ម៉ាន បានឱ្យដឹងបន្តថា ដំណាំឪឡឹកនេះមាន២ពណ៌គឺពណ៌លឿង និងពណ៌ទឹកក្រូច ប៉ុន្តែឪឡឹកសាច់លឿង មានការពេញនិយមជាងគេ ហើយក្នុងឪឡឹកមួយផ្លែមានទម្ងន់ស្តង់ដាចាប់ពី២គីឡូកន្លះឡើងទៅ ដោយលក់ក្នុងតម្លៃ៣ពាន់រៀលក្នុង១គីឡូក្រាម។
ចំពោះការដាំដុះ និងថែទាំដំណាំវល្លិមួយប្រភេទនេះកសិករខេត្តត្បូងឃ្មុំរូបនេះ ត្រូវធ្វើការតាមដាន ជាប់ជាប្រចាំនិងត្រូវដាក់ទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេសពិនិត្យកុំឱ្យមានសត្វល្អិតឬដង្កូវចង្រៃ មកបំផ្លាញស្លឹក និងផ្លែជាដើម ហើយការដាំដុះពីដំបូងរហូតទទួលបានផលលោកត្រូវប្រើរយៈពេល ប្រមាណ ៦០ថ្ងៃ ដោយក្នុង១ហិកតាទទួលបានផលចន្លោះពី ២០ ទៅ៣០តោនអាស្រ័យលើការថែទាំ ចំណែកការចំណាយវិញ លោកប្រើប្រាស់ថវិកាអស់ប្រមាណ ៣ពាន់ដុល្លារក្នុងមួយហិកតា។
ដាំដុះដំណាំបង្វិលលើផ្ទៃដីប្រមាណ ១០ហិកតាកសិករវ័យ ៤២រូបនេះ អះអាងថា ដំណាំឪឡឹក សាច់លឿងរបស់លោកមានទីផ្សារល្អហើយការប្រកួតប្រជែងមិនមានអ្វីចោទជាបញ្ហាសម្រាប់លោក នោះឡើយដោយការដាំដុះនេះ លោកបានគិតគូទៅលើគុណភាពជាចម្បង ខណៈឪឡឹកសាច់លឿងរបស់លោកត្រូវបានចែកចាយទៅបណ្តាគ្រប់រាជធានី-ខេត្ត ។
មានដើមកំណើតនៅខេត្តសៀមរាប លោក ប៊ូ ម៉ានដែលមានឈ្មោះក្រៅថាកសិកររីករាយ បានរំឮកពីប្រវត្តិដើមនៃការដាំដុះដំណាំឪឡឹកលឿងនេះថា៖«ខ្ញុំដាំដំណាំយូរឆ្នាំមកហើយនៅខេត្តសៀមរាបប៉ុន្តែអំឡុងឆ្នាំ ២០២០ ខ្ញុំបានមកអាស្រ័យផលនៅភូមិបឹងទន្សោមខេត្តត្បូងឃ្មុំ នៅទីនេះមានសក្ដានុពលណាស់ ប្រជាជនច្រើន ដីមានជីជាតិប្រភពទឹកក៏គ្រប់គ្រាន់ អ៊ីចឹងខ្ញុំក៏សម្រេចដាំដំណាំនៅទីហ្នឹងតែម្ដងហើយពេលនោះកូវីដ១៩ក៏ផ្ទុះល្មមធ្វើឱ្យសេដ្ឋកិច្ចជាប់គាំងគ្រានោះហើយខ្ញុំ ក៏ចាប់អារម្មណ៍យកពូជឪឡឹកសាច់លឿងនេះមកដាំសាកល្បង»។
យកពូជឪឡឹកសាច់លឿងមកពីប្រទេសជិតខាងកសិករីករាយរូបនេះបានឱ្យដឹងថា ការដាំដុះដំបូង ទទួលបានជោគជ័យនិងទទួលបានទិន្នផលគួរជាទីគាប់ចិត្ត ដោយសារលោកមានបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យកសិកម្ម ទន្ទឹមនឹងនោះដំណាំឪឡឹកសាច់លឿងបានផ្ទុះការចាប់អាម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន និងប្រជាកសិករដូចគ្នាផងដែរ ដោយហេតុនេះលោកក៏បានពង្រីក ផ្ទៃដីដាំដុះពី១ហិកតា ដល់ ៣ហិកតាហើយទីផ្សារក៏មានភាពល្អប្រសើរផងដែរ។
ក្រៅពីជោគជ័យទៅលើដំណាំឪឡឹកនេះកសិករសម្បុរស្រអែមរូបនេះ ក៏បានចែករំលែកបទពិសោធន៍នៃការដាំដំណាំមួយប្រភេទនេះ ទៅកាន់កសិករនៅតំបន់ផងដែរ ក៏ដូចជាប្រមូលផលិតផលឪឡឹកលឿងពីកសិករឱ្យ ដើម្បីផ្គត់ផ្គងលើទីផ្សារ។
ទៅថ្ងៃអនាគត លោកមានគម្រោងក្នុងការបង្កើតជាសហគមន៍កសិកម្មមួយដើម្បីចងក្រងកសិករ ដែលដាំដំណាំឪឡឹកលឿងឱ្យបានកាន់តែច្រើន ក្នុងគោលដៅផ្គត់ផ្គង់ផលិតផលមួយនេះឱ្យបានគ្រប់រដូវនៅលើទីផ្សារខណៈលោកតែម្នាក់ឯង មិនអាចផ្គត់ផ្គង់នៅលើទីផ្សារបានពេញមួយឆ្នាំនោះទេ។
ទន្ទឹមនឹងនេះ លោក ប៊ូ ម៉ានស្នើឲ្យកសិករទាំងអស់ត្រូវមានជំនាញមួយច្បាស់លាស់ជាពិសេសកុំបារម្ភពីទីផ្សារ ប៉ុន្តែត្រូវធ្វើយ៉ាងណា ផ្ដោតសំខាន់លើដីដែលមានជីជាតិទីតាំងមានប្រភពទឹកគ្រប់គ្រាន់ និងស្វែងរកពូជត្រឹមត្រូវ នោះផលិតផល នឹងមានគុណភាពល្អហើយនៅពេលមានការគាំទ្រ និងទទួលស្គាល់នៅក្នុងតំបន់ នោះទីផ្សារផលិតផលនឹងមានទៅតាមក្រោយ។
គួរបញ្ជាក់ថា លោក ប៊ូ ម៉ានដែលមានបទពិសោធន៍ជាង១០ឆ្នាំរូបនេះ មិនត្រឹមតែដាំដុះដំណាំឪឡឹកលឿងតែមួយមុខនោះទេប៉ុន្តែលោកបានប្រើប្រាស់ដីក្នុងការដាំដំណាំបង្វិលដែលមានដូចជា ដំណាំតាសក់ តាសក់ផ្អែមស្ពៃ និងបន្លែជាច្រើនប្រភេទទៀត ដែលមានទីតាំងស្ថិតនៅភូមិបឹងទន្សោមឃុំទន្លេបិទ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ។ គេហទំព័រហ្វេសប៊ុកៈកសិកម្ម រីករាយ ឬទំនាក់ទំនងតាមលេខទូរសព្ទៈ ០៩៧ ៧៦៨ ២៥០៦/ ០៧៨ ៧២៤ ៤៨៣៕