ការប្រកួតគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី-អាស៊ី អន្តរជាតិ ២០២៤ (SIMOC 2024) ដែលមានបេក្ខភាពសិស្សឆ្នើមពីកម្ពុជា១១៩នាក់ ចូលរួមប្រកួតនោះ ទីបំផុតពួកគេអាចឈ្នះលើវិញ្ញាសាជាច្រើនដោយនាំយកមេដាយចំនួន ១២០ គ្រឿងជាមោទនភាពមកកាន់មាតុភូមិវិញបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។
ក្នុងចំណោមបេក្ខជនចំនួន៥៧០៧៥ រូបមកពី ៣៨ ប្រទេសទូទាំងពិភពលោក សិស្សកម្ពុជាតំណាងឱ្យស្ថាប័នអប់រំចំនួន៤១ មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា បានទទួលជយលាភីលើឆាកអន្តរជាតិដោយទទួលបានមេដាយមាសចំនួន ១៧ គ្រឿង មេដាយប្រាក់ ៣៦ គ្រឿង និងមេដាយសំរឹទ្ធ ៦៧គ្រឿង រួមជាមួយនឹងរង្វាន់កិត្តិយសចំនួន ១៤ ដែលបង្ហាញពីទេពកោសល្យ និងភាពឆ្លាតវៃផ្នែកគណិតវិទ្យា។
លោកយ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ដែលដឹកនាំសិស្សពីកម្ពុជាទៅប្រកួតនៅសិង្ហបុរីបានឱ្យដឹងថា៖«សិស្សពីកម្ពុជាទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការប្រកួតគណិតវិទ្យាលើវិញ្ញាសារMath Olympiad ដោយទទួលបានមេដាយសរុប ៣៣ ក្នុងនោះមេដាយមាសចំនួន៣ មេដាយប្រាក់ ១១ មេដាយសំរឹទ្ធ ១៩ និងមេដាយកិត្តិយសចំនួន ១៤ ពីថ្នាក់ទី១ដល់ទី ១២»។
ចំពោះវិញ្ញាសាប្រកួតMind Sports និង Math Warrior សិស្សពីកម្ពុជាឈ្នះបានមេដាយមាស១៤ ប្រាក់ ២៥ សំរឹទ្ធ ៤៨ គ្រឿង។
លោកសុភ័ណ្ឌ បានឱ្យដឹងថា បេក្ខជនជ័យលាភីនៅប្រទេសសិង្ហបុរី នឹងទទួលបានមេដាយ មាសប្រាក់ សំរឹទ្ធរួមជាមួយនឹងពិន្ទុអាហារូបករណ៍សម្រាប់ចូលរួមកម្មវិធីបោះជំរុំភាពជាអ្នកដឹកនាំវ័យក្មេង(YALA)នៅចុងឆ្នាំ២០២៤នេះ នៅប្រទសចិន។
លោកបានបន្តទៀតថា៖«បេក្ខជននឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការបង្ហាញសមត្ថភាពលើឆាកអន្តរជិតការអភិវឌ្ឈចំណេះដឹងគណិតវិទ្យារួមជាមួយនឹងជំនាញទន់តាមរយៈការប្រកួតជាក្រុមនិងបង្កើតទំនាក់ទំនងជាមួយសិស្សពូកែៗមកពីបណ្តាប្រទេសទាំង៣០ប្រទេសជុំវិញពិភពលោក»។
កាលពីឆ្នាំ២០២៣មានបេក្ខជនកម្ពុជាចូលរួមការប្រកួតនេះចំនួន ៣៧នាក់ បានឈ្នះពាន១ និងមេដាយសរុបចំនួន៤២គ្រឿង ជូនប្រទេសជាតិ។
លោក សុភ័ណ្ឌ បានសង្កេតឃើញថា៖«សិស្សានុសិស្សកម្ពុជាមានការរីកចម្រើនលើមុខវិជ្ជាគណិតវិទ្យាគួរឲ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានកំណើននៃបេក្ខជនដាក់ពាក្យចូលប្រកួតការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សផ្ទាល់ និងការជំរុញអាណាព្យាបាលសិស្សដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាគម្រូក្នុងការបញ្ជូនកូនប្រុសឲ្យចូលរួមការប្រកួតគណិវិទ្យាកម្រិតអន្តរជាតិបែបនេះ»។
គួរបញ្ជាក់ថាប្រទេសដែលឈ្នះមេដាយច្រើនជាងគេពីការប្រកួត SIMOC ឆ្នាំនេះគឺឥណ្ឌូនេស៊ី ជាមួយមេដាយ ៥៨២គ្រឿង។ ប្រទេសសិង្ហបុរីជាម្ចាស់ផ្ទះ ឈ្នះបាន ៤៩៤មេដាយ ប្រទេសចិន ៤៣៧ មេដាយ វៀតណាម ១២៨មេដាយ និងប្រទេសថៃ ១១៦ មេដាយ៕