ជីវិត និង សង្គម

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង

October 22, 2024
August Stella
Heading
Option 1

សេ​អ៊ូ​ល​៖​ ចំនួន​តារាចម្រៀង​ K-pop ដែល​សម្រេចចិត្ត​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ភ្នាក់ងារ​ធំៗ កាន់តែកើនឡើងដោយសារ​តែ​ការ​​រឹតត្បិត​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការគ្រប់គ្រង​ហួសហេតុ​​​លើសេរីភាព​នៃ​ការ​ផលិត​​តន្ត្រី​របស់​ពួកគេ​។​

​ប្រភព​ពី​​​ឧស្សាហកម្ម​កម្សាន្ត​បាន​សម្គាល់​ពីការ​ផ្លាស់ប្ដូរ​​​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយនិង​ផលិតកម្ម​ដែល​បានផ្តល់​សិទ្ធិ​អំណាច​​ដល់​តារាកូរ៉េខាងត្បូងក្នុងការ​អភិវឌ្ឍន៍​ខ្លួនជាតារា​ចម្រៀង​ឯករាជ្យ ឬ​បង្កើត​ផលិតកម្ម​ទ្រង់ទ្រាយតូចល្មម​សម្រាប់​​ពួកគេ​។

ជាមួយនឹង​ការកើនឡើង​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​អ្នកផលិតមាតិកាឯករាជ្យ តារាចម្រៀង​​លែង​ពឹង​ផ្អែកលើទី​​ភ្នាក់ងារធំៗ​​​​ដើម្បី​ជោគជ័យ​ទៀតហើយ​។​

​ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​កម្សាន្ត​ក្នុងស្រុក​មានការ​ខកចិត្ត​ចំពោះ​តារា​ដែល​បាន​ចាកចេញពីទ្រនំដោយ​លើកឡើង​ពី​ការវិនិយោគ​ជាច្រើន​ឆ្នាំ​ក្នុងការ​ដុសខាត់​បង្វឹក​​​សិល្បករ​ទាំងនេះ​។​

​កាលពី​ថ្ងៃទី ៣ ខែសីហា Soyeonនៃ​ក្រុម(G)I-dle បានធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ក្នុងអំឡុងពេលច្រៀង​ទោល​របស់​នាង​នៅឯ​ការប្រគុំ​តន្ត្រី Idol នៅ KSPO Dome ក្នុង​ទីក្រុង​សេ​អ៊ូ​លនៅពេលដែល​នាង​បាន​ផ្លាស់ប្តូរ​ទំនុកច្រៀង​ថា «​តើ​អ្នកណា​នឹង​បញ្ឈប់​ខ្ញុំ​?» ដោយទំនងជា​សំដៅ​លើ​ការណែនាំ​អំពី​ជម្លោះ​ដែល​អាច​កើតមាន​ជាមួ​យ​ភ្នាក់ងារ​របស់​នាង​គឺ Cube Entertainment ។​

​ក្រោយមក ទីភ្នាក់ងារ​នេះ​បាន​និយាយថា ខ្លួន​មិនបាន​ដឹង​ពី​ព័ត៌មាន​លម្អិត​ជាក់លាក់​នៃ​ការសម្តែង​នោះទេប៉ុន្តែ Soyeon បាន​ប្រឆាំង​ធ្វើ​ឱ្យ​​បញ្ហា​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ក្រុមហ៊ុន​។យ៉ាងណាមិញ ដើមចម​​​ពិតប្រាកដ​នៃ​ជម្លោះ​រវាង​ភាគី​ទាំងពីរ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​។​

​ចាប់តាំងពី​ពេលនោះ​មក Cube Entertainment បាន​បញ្ជាក់ថា ​​កិច្ចសន្យា​របស់ Soyeon នឹង​ផុតកំណត់​នៅក្នុង​ខែវិច្ឆិកា ហើយ​ការពិភាក្សា​អំពី​ការបន្តកុងត្រានៅ​ស្រពេចស្រពិល​នៅឡើយ។

​អ្នកឃ្លាំមើល​ឧស្សាហកម្ម​​តន្ត្រី Lim Hee-yun ចាត់ទុក​និន្នាការ​នេះ​ថា ​​ជាការ​ផ្លាស់ប្តូរ​នៃ​សក្ដានុពលនៃអានុភាព​​រវាង​ភ្នាក់ងារគ្រប់គ្រង​តារា ​K-pop និង​តារា​ចម្រៀង​ផ្ទាល់តែម្ដង។​

​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ វេទិកាបង្ហាញស្នាដៃ ទម្លាប់​នៃការ​ទស្សនា​ចម្រៀងនិង​វិធីសាស្ត្រ​ផលិត​បាន​ផ្លាស់ប្តូរ​​ផ្នត់គំនិត​របស់តារាចម្រៀង​។​

​អ្នក​រិះគន់​រូបនេះ​បាន​និយាយ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា​ថា៖ «ជំនឿ​បាន​អូសបន្លាយ​យូរ​មកហើយ​ដែលថាតារា​ចម្រៀង​​ត្រូវការ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ភ្នាក់ងារ​ធំៗដើម្បី​រក្សា​សកម្មភាព​ជាប់លាប់​ តែ​វាបាន​ផ្លាស់ប្ដូរ​ហើយ​នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ»។

សព្វថ្ងៃ​ការធានាបាន​បទ​ចម្រៀង​ល្អ​ គឺជា​កត្តា​សំខាន់បំផុត ហើយ​វា​​អាច​សម្រេចបាន​តាមរយៈទីផ្សារ​ឯករាជ្យ​ដោយ​មិន​ពឹង​ផ្អែកលើ​ភ្នាក់ងារ​ធំៗ​។​

Joy សមាជិក​ក្រុម Red Velvet ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថានាង​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការបន្ត​កុងត្រា​របស់​នាង ដែល​ជិត​ដល់​ថ្ងៃ​ផុតកំណត់​​ជាមួយ SM Entertainment ។​

​កាលពី​ខែមិថុនានាង​បាន​បញ្ចេញ​ជា​សាធារណៈ​នូវ​ការមិន​ពេញចិត្ត​របស់​នាង​ចំពោះ​ក្រុមហ៊ុន ដោយធ្វើ​ឱ្យ​មហាជន​ទស្សន៍ទាយ​ពីអត្រា​ដែលនាង​អាច​ចាកចោលទ្រនំ។

​នៅពេលដែល​អ្នកគាំទ្រ​ម្នាក់​បាន​សួរ​តាម​អ៊ីនធឺណិត​សម្រាប់​គំនិត​របស់​នាង​ចំពោះ​វីដេអូ​ចម្រៀង​ថ្មីJoy បាន​និយាយថា៖ «មែនហើយពួកគេ (SM Entertainment) មិនបាន​ស្តាប់​យោបល់​ណាមួយ(Red Velvet) របស់​យើង​ទេហើយ​គ្រាន់តែ​ប្រាប់​យើង​ឱ្យ​រង់ចាំ​។ ខ្ញុំ​បាន​មើល​វីដេអូ​ចម្រៀង ​ហើយ​មិនមានអ្វីកែកុនតាម​យោបល់​របស់​ពួកយើង​ជាតារាចម្រៀងទេ។ខ្ញុំ​មិនគួរ​និយាយ​ច្រើន​ទេ ដូច្នេះ​ខ្ញុំ​នៅ​ស្ងៀម​»​។​

​នៅ​ថ្ងៃទី២៤ ខែកញ្ញា ផលិតកម្ម SM Entertainment បាន​បញ្ជាក់ថា ការពិភាក្សា​បន្ត​កិច្ចសន្យា​ជាមួយ Joy កំពុង​បន្ត ទោះបីជា​នាង​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ស្វែងរក​ឱកាស​ថ្មីៗ​ជាមួយ​ភ្នាក់ងារ​គ្រប់គ្រង​ផ្តោតលើ​ការសម្ដែង​ក៏ដោយ​។​

មន្ត្រីបម្រើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​​កម្សាន្ត​ក្នុងស្រុក​បាន​និយាយ​ថា៖«​តាម​ទស្សនៈ​របស់​ក្រុមហ៊ុនវា​ជាការ​ខកចិត្ត​ដែល​យើង​បាន​វិនិយោគ​ជាច្រើន​ឆ្នាំ​ដើម្បី​​ការរីកចម្រើនរ​បស់​សិល្បករ​។សព្វថ្ងៃនេះ​ភ្នាក់ងារ​លែង​ដាក់​ទិសដៅ​​សិល្បៈ​តឹងរ៉ឹង​ដូចពេលមុន​ទៀតហើយ​។ សិល្បករ​ត្រូវបាន​អនុញ្ញាតឱ្យ​បន្តសកម្មភាព​ទាំង​ក្រុមនិង​ទោល ដូច្នេះ​វា​មិន​ច្បាស់​ទេ​ថា ការ​រឹតបន្តឹង​កម្រិតណា​ដែល​ពួកគេ​អះអាងថា​បាន​ជួបប្រទះនោះ​»។

​តារា K-pop ផ្សេងទៀត​ក៏​បាន​និយាយ​ប្រឆាំងនឹង​ភ្នាក់ងារ​របស់​ពួកគេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ផងដែរដោយ​អ្នកខ្លះ​ថែមទាំង​ដាក់ពាក្យ​បណ្តឹងឬ​ជ្រើសរើស​មិន​បន្ត​កិច្ចសន្យា​របស់​ពួកគេ​។​

​ករណី​គួរឱ្យកត់សម្គាល់​រួមមាន Baekhyun, Chen និង Xiumin នៃ​ក្រុម Exo ដែល​បានដាក់​ពាក្យ​ប្តឹង SM Entertainment ក្នុង​ឆ្នាំ ២០២៣ជុំវិញ​ការអះអាង​ពី​ភាពមិន​យុត្តិធម៌ ជាពិសេស​ទាក់ទង​នឹង​ការបែងចែក​ប្រាក់ចំណេញ​។​

​នៅ​ឆ្នាំ ២០២១ Wheein នៃក្រុម Mamamoo បានជ្រើសរើស​មិន​បន្ត​កិច្ចសន្យា​ផ្តាច់មុខ​របស់​នាង​ជាមួយRBW ទោះបីជា​នាង​បាន​យល់ព្រម​បន្ត​ចូលរួម​ក្នុង​សកម្មភាព​ក្រុម​ខណៈពេលដែល​បន្ត​អាជីព​ទោល​របស់​នាង​ក្រោម​ភ្នាក់ងារ​ផ្សេង​ក៏ដោយ​៕

​ប្រភពព័ត៌មាន៖ The KoreaHerald/ Asia News Network

អត្ថបទពេញនិយម

កីឡាការិនីចំបាប់ស្ត្រីទី១របស់សិង្ហបុរីប្តេជ្ញាមិនរាថយលើសង្វៀន

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

ពលរដ្ឋសហគមន៍ ៥ ម៉ឺននាក់ អាចទទួលផលពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

តស់! ស្វែងយល់ពីទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន ២០២៤

កុមារានីហ្សេរីយ៉ាកើតនៅកម្ពុជា ប្រាថ្នាសញ្ជាតិខ្មែរ តំណាងកម្ពុជាដណ្ដើមពាន បាល់ទាត់ធំៗនៅបរទេស