ភ្នំពេញៈ ក្រុមដំណើរខ្មែរ នឹងរៀបចំមហោស្រពសិល្បៈដំណើរខ្មែរ លើកទី១រយៈពេល៣ថ្ងៃ ដែលនឹងមាន ការបង្ហាញនូវសិល្បៈជាច្រើនទម្រង់ ដើម្បីរួបរួមអ្នកស្នេហាវិស័យសិល្បៈខ្មែរនិងផ្សារភ្ជាប់អតីតកាល បច្ចុប្បន្ន បន្តទៅអនាគតដើម្បីឱ្យកូនខ្មែរបានស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រសិល្បៈរបស់ខ្លួន។
លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ ប្រាប់សារព័ត៌មាន SR News ថា មហោស្រពសិល្បៈដំណើរខ្មែរ លើកទី១ ឆ្នាំ២០២៤គឺជាព្រឹត្តិការណ៍សិល្បៈដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ នៅអគាខេមរ៉ានីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ លើវិថីវិចិត្រសិល្បៈសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មហោស្រពសិល្បៈដំណើរខ្មែរ លើកទី១ប្រព្រឹត្តិទៅក្រោមប្រធានបទ «ព្រលឹងសិល្បៈចម្រៀង និងភាពយន្តខ្មែរ» ក្នុងគោលបំណងរម្លឹកអនុស្សាវរីយ៍ និងបង្ហាញឯកសារជាប្រវត្តិសាស្ត្រដល់មហាជនឱ្យបានស្គាល់ពីភាពអស្ចារ្យនៃសិល្បៈភាពយន្តនិងចម្រៀងខ្មែរដែលធ្លាប់កើតមាន ហើយនាំយុវជនជំនាន់ថ្មីទៅកាន់អតីតកាលដ៏ផូផង់សម័យយុគមាសខ្មែរមុនឆ្នាំ១៩៧៥ ដែលនេះជាការរួមចំណែកផ្តល់ចំណេះដឹង និងបណ្តុះមនសិការស្នេហាវប្បធម៌ជាតិនិងជាវេលាបង្កើនទំនាក់ទំនងរវាងសិល្បកររៀមច្បង និងសិល្បករបច្ចុប្បន្ន។
ប្រធានក្រុមដំណើរខ្មែរ បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់ផ្សារភ្ជាប់យុវជននិងសិល្បៈ សិល្បការិនី ជាមួយនឹងមហាជន ជាពិសេសនោះ គឺនឹងបង្ហាញពីប្រវត្តិសាស្ត្រខ្មែរយើងសម័យសង្គមរាស្ត្រនិយម និងសម័យមុនឆ្នាំ១៩៧៥ គឺផ្សព្វផ្សាយមរតកស្នាដៃពីជំនាន់យុគមាស»។
លោក វីរៈ រៀបរាប់ពីអារម្មណ៍ថា៖ «សម្រាប់ខ្ញុំជាអ្នករៀបចំខ្ញុំមានសេចក្តីរីករាយណាស់ ព្រោះខ្ញុំបានធ្វើអ្វី ដែលខ្ញុំស្រឡាញ់ ព្រោះថាការងារនេះខ្ញុំស្រឡាញ់តាំងពីដើមមក ហើយខ្ញុំចង់រៀបព្រឹត្តិការណ៍ធំៗបែបនេះសំខាន់ព្រឹត្តិការណ៍នេះប្លែកពីរាល់ដងដោយសារកន្លងមកយើងធ្លាប់ធ្វើកម្មវិធីតូចៗ ដូចជាស្លាបកាអនុស្សាវរីយ៍លើកទី១ ដែលគ្រាន់តែជួបជុំអ្នកស្រឡាញ់សិល្បៈ តែលើកនេះគឺយើងដាក់បញ្ជូលសិល្បៈចម្រុះចូលក្នុងកម្មវិធីនេះ»។
នៅក្នុងព្រឹត្តិការណ៍មហោស្រពសិល្បៈនេះមានកម្មវិធីជាច្រើនដូចជា ការចាក់បញ្ចាំងខ្សែភាពយន្តសម័យយុគមាស (ទសវត្សរ៍៦០និង ៧០) ចំនួន៥រឿង រួមមាន រឿងព្រះចន្ទគោរព រឿងសុវណ្ណហង្ស រឿងគូកម្មទេបងរឿងនាងសក់ក្រអូប និងភាពយន្តឯកសារ ស្តីពីដំណើរទស្សនកិច្ចរបស់ លោកហ្សាលដឹហ្គោលនៅក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៦៦។
បន្ថែមពីនេះក៏មាននូវការតាំងពិព័រណ៌ភាពយន្តល្បីៗសម័យយុគមាសការសម្តែងផ្ទាំងទស្សនីយភាព ចម្រៀងក្រោមចំណងជើងថា «ព្រលឹងភាពយន្ត»វេទិកាពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទមរតក សិល្បៈ ការបង្ហាញម៉ូតការប្រគំតន្ត្រីរាត្រីយុគមាស និងការប្រឡងប្រជែងស្នាដៃតែងនិពន្ធរឿងខ្លីពានរង្វាន់ សម្តេចក្រុមព្រះនរោត្តមចក្រពង្ស។
ទាក់ទងនឹងការប្រកួតប្រជែងស្នាដៃតែងនិពន្ធរឿងខ្លី លោក វីរៈវ៉ារ៉ានី បានពន្យល់ថា ទិសដៅរបស់ក្រុម ដំណើរខ្មែរគឺជាផ្តោតលើការសិក្សាស្រាវជ្រាវសិល្បៈចម្រៀង និងភាពយន្ត ចំណែកឫសគល់នៃសិល្បៈទាំង២នេះ ក៏ជាប់ទាក់ទងនឹងអក្សរសាស្ត្រ អក្សរសិល្បិ៍ផងដែរដូច្នេះទើបក្រុមដំណើរខ្មែរ រៀបចំការ ប្រឡងប្រជែងស្នាដៃតែងនិពន្ធរឿងខ្លីពានរង្វាន់សម្តេចក្រុមព្រះនរោត្តមចក្រពង្ស ដើម្បីលើកទឹកចិត្តឱ្យយុវជន យុវនារីក៏ដូចជាមហាជន ចូលរួមក្នុងការសរសេរអត្ថបទល្អៗ ក្នុងនោះប្រសិនបើអត្ថបទណាមួយមានខ្លឹមសារល្អមុតជ្រៅនឹងត្រូវបានយកទៅផលិតជាខ្សែភាពយន្តផងដែរ។
មហោស្រពសិល្បៈដំណើរខ្មែរ លើកទី១ ទទួលស្វាគមន៍ភ្ញៀវកិត្តិយសចូលរួមដោយសេរីក្នុងនោះកម្មវិធី នឹងចាប់ផ្តើមកម្មនៅវេលាម៉ោង ៨:00 នាទី ព្រឹក ដល់ម៉ោង ២១:00នាទីយប់។ កម្មវិធីនេះផ្តួចផ្តើមដោយសហភាពសហព័ន្ធយុវជនកម្ពុជានិងមានការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ស្ថាប័នមួយចំនួន ទៀតនិងមានដៃគូផ្សព្វផ្សាយរួមមានៈ សារព័ត៌មានភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន SR News និងបណ្តាញផ្សព្វផ្សាយនានា។
ប្រធានក្រុមដំណើរខ្មែរ លោក វីរៈ វ៉ារ៉ានី ស្នើឱ្យយុវជននិងសាធារណជនចូលរួមឱ្យបានច្រើន ដើម្បីស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរឱ្យបានច្បាស់លាស់ក៏ដូចជារួមចំណែកក្នុងការគាំទ្រនូវមរតកស្នាដៃរបស់សិល្បករ សិល្បការនីនិងរៀមច្បងជំនាន់មុន។
គួរបញ្ជាក់ថា ក្រុមដំណើរខ្មែរ គឺជាក្រុមយុវជនស្រាវជ្រាវអំពីសិល្បៈភាពយន្តនិងចម្រៀងខ្មែរក្នុងអំឡុងទសវត្សរ៍ទី៦០ និង៧០ ដែលបង្កើតឡើងនៅក្នុងខែកុម្ភៈឆ្នាំ២០២៣ និងមានសមាជិកសរុប២៨នាក់។
ក្រៅពីការងារខាងលើនេះ ក្រុមដំណើរខ្មែរក៏បានធ្វើការសិក្សាលើផ្នែកវប្បធម៍ ប្រវត្តិសាស្ត្រ ព្រះរាជវង្សានុវង្សខ្មែរ និងមានផលិតភាពយន្តឯកសារនិងភាពយន្តប្រឌិតខ្លីៗ ដែលស្នាដៃទាំងនោះ អស់នេះមានទាំងប្រភេទអត្ថបទ សំឡេងនិងវីដេអូ៕