ភ្នំពេញៈ ជារៀងរាល់ឆ្នាំនាថ្ងៃ ៤និង៥ កើត ខែជេស្ឋ ប្រជាជនរស់នៅក្នុងភូមិបឹង សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញតែងតែរៀបចំប្រារព្ធពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ឬ «អ្នកតាកាហ៊េ» ដើម្បីបន់ស្រន់សុំទឹកភ្លៀងនាដើមរដូវវស្សានិងសូមពរជ័យ សេចក្តីសុខចម្រើន ដល់មនុស្សសត្វទាំងពួង។
ជាចាស់ទុំក្នុងភូមិដែលបានឃើញនិងដក់ជាប់ទិដ្ឋភាពនៃពិធីសុំទឹកភ្លៀងនេះតាំងពីកុមារភាពមក អ្នកស្រី ទឺ គីម មានប្រសាសន៍បានសារព័ត៌មានSR ថា៖ «កម្មវិធីហែរអ្នកតាព្រីងក្អែកនេះធ្វើឡើងដើម្បីសុំសេចក្ដីសុខចម្រុងចម្រើន សុំទឹកភ្លៀងតាមប្រពៃណីទំនៀមទម្លាប់ចាស់បុរាណមក។ កម្មវិធីនេះមាន ការប្រគេនចង្ហាន់ព្រះសង្ឃ សូត្រមន្តប្រោះព្រំ មានការតុបតែងខ្លួន ដង្ហែទៅកាន់អ្នកតាព្រីងក្អែកនិងមានការ ប្រណាំងគោ សេះ។
ស្ត្រីវ័យ៧២ឆ្នាំរូបនេះបន្តថាអ្នកស្រីមានជំនឿមុតមាំយ៉ាងខ្លាំងលើពិធីសុំទឹកភ្លៀងនេះ ព្រោះនាំឱ្យ គ្រួសារអ្នកស្រីនិងអ្នកភូមិជួបសុខសប្បាយ ហើយកូនប្រុសអ្នកស្រីចំនួន៣នាក់ បានស្នងប្តីរបស់ គាត់ចូលរួមក្នុងពិធីសុំទឹកភ្លៀង«ហែអ្នកតាព្រីងក្អែក» ពុំដែលខកខានឡើយ។
អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខុសពីពិធីសុំទឹកភ្លៀងនៅតាមតំបន់ដ៏ទៃទៀតនោះគឺពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» នេះ មានមនុស្សចាស់ក្មេង ស្រីប្រុសនាំគ្នា គូរមុខ គូរមាត់តុបតែងខ្លួនប្លែកៗ ជាតួអង្គ មនុស្សព្រៃ សត្វ ឬអមនុស្សដូចជា ព្រាយ ខ្មោចឬម្រិញគង្វាលជាដើម។ បន្ថែមពីនោះ ក៏មានការតែង ខ្លួនជាមេទ័ពកាន់ព្រះខ័នរាជ ដែលដឹកនាំមុខគេចេញដង្ហែក្បួនតាមដងផ្លូវ ឆ្ពោះទៅ កាន់ទីវាលស្រែ នៃដីទួលអ្នកតាព្រីងក្អែក។
យុវជនវ័យ ២៧ឆ្នាំលោកសុខ រ៉េត ដែលតុបតែងមុខជាតួយក្សបានឱ្យដឹងថា លោកមានបានចូល រួមកម្មវិធីហែអ្នកតាព្រីងក្អែកនេះប្រមាណ៥ឆ្នាំជាប់គ្នាមកហើយ ចំណែកការគូសមុខមាត់ តុបតែងខ្លួនគឺគ្រាន់តែជាសិល្បៈកម្សាន្តឱ្យមើលទៅប្លែកនិងបង្កការសប្បាយក្នុងកម្មវិធីនេះប៉ុណ្ណោះ ជាពិសេស អ្នកចូលរួមមិនត្រូវកំណត់អាយុឡើយ។
បុរសម្នាក់ទៀត ដែលតែងខ្លួនជាជនជាតិដើមភាគតិចលោក ចាន់ ជិន បានលើកឡើងថា លោកបានខកខាន តុបតែងខ្លួនចូលរួមពិធីនេះអស់រយៈពេល៧ឆ្នាំមកហើយដោយហេតុអៀនខ្មាស និងជាប់រវល់បំពេញការងារ ប៉ុន្តែឆ្នាំនេះ លោកសម្រេចចិត្តចូលរួមក្នុងពិធីនិងតុបតែងខ្លួនដង្ហែក្បួន ជាមួយអ្នកភូមិ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ពេលបានចូលរួមបែបនេះ បើខ្ញុំមិនចូលរួម និងផ្តើមថែរក្សាឡើងវិញនោះទេនោះវានឹងបាត់ជាមិនខាន ហើយបើខ្ញុំមិនធ្វើជាគម្រូ ក្មេងៗជំនាន់ ក្រោយដែលអៀនខ្មាសក៏ពួកគេមិនហ៊ានចូលរួមដែរ ចឹងយើងរួមគ្នាទាំងអស់គ្នា ថែរក្សាមរតកដូនតា កុំឱ្យបាត់បង់។
នៅជុំវិញបរិវេណប្រារព្វពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ក៏មានរៀបចំនូវការកម្សាន្តនានា ដូចជា ការគប់ប៉ោងៗ ជិះកន្ត្រកវិលជិះទោង ការសម្តែងជិះម៉ូតូហោះ និងល្ខោនជាដើម ក្រៅពីនេះក៏ មានការតាំងលក់នូវភេសជ្ជៈ និងម្ហូបអាហារជាច្រើនមុខជាពិសេសមានការការពារសុខសុវត្ថិភាព របស់អ្នកចូលរួមបានយ៉ាងតឹងរ៉ឹង។