នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក ElonMusk បានចែករំលែកថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមបេសកកម្មដំបូងរបស់ខ្លួនទៅកាន់ភពព្រះអង្គារក្នុងរយៈពេលពីរឆ្នាំខាងមុខ។បេសកកម្មនេះនឹងមិនមាននាវិកណាមួយនៅលើយានអវកាសទេ ហើយមានគោលបំណងសាកល្បងថាតើStarship របស់ SpaceX អាចចុះចតនៅលើភពអង្គារដោយសុវត្ថិភាពក្នុងកម្រិតណា។
លោក Musk បាននិយាយថា ប្រសិនបើការចុះចតទាំងនេះដំណើរការល្អពួកគេអាចបញ្ជូនបេសកកម្មនាវិកដំបូងទៅកាន់ភពអង្គារក្នុងរយៈពេលប្រហែល ៤ ឆ្នាំបន្ទាប់ទៀត។
បេសកកម្មដំបូងទាំងនេះត្រូវបានរៀបចំឡើង ដើម្បីធានាការចុះចតប្រកបដោយសុវត្ថិភាពមុនពេលបញ្ជូនមនុស្សទៅកាន់ភពក្រហម។
លោក Musk ធ្លាប់សុបិនចង់ធ្វើអាណានិគមលើដែនដីភពអង្គារប៉ុន្តែលោកបានលើកពេលវេលា នឹងធ្វើការផ្លាស់ប្តូរជាច្រើនដង។
កាលពីឆ្នាំ ២០១៦ លោកបាននិយាយថា អវកាសយានិកនឹងទៅដល់ភពអង្គារនៅឆ្នាំ២០២៥។ នៅឆ្នាំ ២០២០ លោក Musk បានកែសម្រួលផែនការនេះ ដោយនិយាយថាមនុស្សអាចចុះចតនៅលើភពអង្គារនៅឆ្នាំ ២០១៦។ នៅឆ្នាំ ២០២២ លោកបានព្យាករណ៍ជាថ្មីថាយានអវកាសមានមនុស្សនឹងអាចចុះចតនៅឆ្នាំ ២០២៩ លើ ភពអង្គារ។
ទោះបីជាមានការផ្លាស់ប្តូរទាំងនេះក៏ដោយ ក៏លោក Musk មានទំនុកចិត្តថា SpaceX នឹងឈានដល់គោលដៅរបស់ខ្លួន។ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក ចំនួនជើងហោះហើរទៅកាន់ភពអង្គារនឹងកើនឡើងយ៉ាងឆាប់រហ័ស។
គោលដៅចុងក្រោយរបស់ លោក Musk គឺបង្កើត «ទីក្រុងដែលទ្រទ្រង់ចិញ្ចឹមខ្លួនឯងបាន» នៅលើភពព្រះអង្គារក្នុងរយៈពេល ២០ឆ្នាំ ដោយមនុស្សអាចរស់នៅទាំងមិនចាំបាច់ត្រូវការការផ្គត់ផ្គង់ពីផែនដី។
លោក Musk បានទទួលស្គាល់ថា SpaceXត្រូវការពន្លឿនការងារឱ្យលឿនជាងមុន នៅក្នុងសន្និសីទឆ្នាំ ២០២០ហើយលោកបាននិយាយលេងសើចថា ប្រសិនបើដំណើរការនេះមិនប្រសើរឡើងទេ លោកប្រហែលមិនអាចនៅរស់មើលឃើញមនុស្សលើភពអង្គារទេ។
អ្នកតំណាង SpaceX មិនបានឆ្លើយតបទៅនឹងសំណួរអំពីការកំណត់ពេលវេលាក្នុងការចុះចតលើភពអង្គារនោះទេ៕
ប្រភព៖ Business Insider