សៀមរាប៖ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(ន.ទ.ទ.ក) ដែលលាតសន្ធឹងលើផ្ទៃដី ៣,៨ លានហិកតា ត្រូវបានគេរំពឹងថានឹងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋសហគមន៍ប្រមាណជា ៥០,០០០នាក់តាមរយៈឱកាសអភិវឌ្ឍទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាព។
លោកឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មាន SR ឱ្យដឹងថា៖ «នៅក្នុងតំបន់គោលដៅរបស់យើង គឺអ្នកទទួលផលប្រមាណជា ២៥,០០០គ្រួសារ អ៊ឹចឹងប្រហែលជា ៥ម៉ឺននាក់»។
លោកបានបង្ហាញក្ដីសង្ឃឹមថា៖«ក្រោយពេលអនុវត្តគម្រោង ប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍ធនធានធម្មជាតិមានជីវភាពល្អប្រសើរជាងមុន តាមរយៈការគាំទ្រពីគម្រោងជាពិសេសយើងបង្កើតគោលដៅអេកូទេសចរណ៍»។
គម្រោងនេះស្ថិតក្នុងតំបន់ការពារធម្មជាតិចំនួន ១៤និងខេត្តគោលដៅចំនួន ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។
តំបន់ការពារធនធានធម្មជាតិត្រូវបានក្រសួងបរិស្ថាន រួមជាមួយដៃគូអភិវឌ្ឍបានចូលរួមការរៀបចំហេដ្ឋារចនាសម្ព័ន្ធពង្រឹងសមត្ថភាពនៅក្នុងបែងចែកកំណត់តំបន់គ្រប់គ្រង ការចុះបញ្ជីដីធ្លី ដោយគាំទ្រដល់សហគមន៍ចំនួន ១១ ក្នុងវិស័យអេកូទេសចរណ៍។
ចំពោះការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងរៀបចំថ្លៃសម្រាប់កសាងផ្លូវថ្មើរជើង ការរៀបចំប្រព័ន្ធទឹកស្អាតនិងបង្គន់អនាម័យជាដើម។
ក្នុងចំណោមទីតាំងនៅខេត្តគោលដៅទាំង ៧ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាបានបង្កើតឱ្យមានតំបន់គោលដៅអេកូទេសចរណ៍ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ដែលជាទីតាំងមួយទទួលបានការយកចិត្តដាក់ខ្ពស់។
នៅទីនោះសក្តានុពលពីតំបន់ប្រវត្តិសាស្ត្រក៏ដូចជាអេកូទេសចរណ៍ធម្មជាតិនេះបានធ្វើឱ្យប្រជាសហគមន៍ជាច្រើននៅលើខ្នងភ្នំគូលែន ដែលធ្លាប់តែពឹងពាក់លើធនធានធម្មជាតិដូចជាកាប់ព្រៃឈើនិងបរបាញ់សត្វនោះ បានងាកមកថែរក្សានិងទាញប្រយោជន៍ពីធនធានធម្មជាតិទាំងនេះវិញ។
លោកឃិន ម៉េងឃាង ប្រធានគម្រោងបានបញ្ជាក់បន្ថែមថា៖ «បច្ចុប្បន្នឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន មានសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ខណៈមានសហគមន៍ធម្មជាតិចំនួន ២ គឺ «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ»ស្ថិតក្នុងភូមិអន្លង់ធំ «សហគមន៍ព្រៃធំពពេល»។ សហគមន៍ទាំងពីរនេះទទួលបានអនុវត្តគម្រោងគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយទទួលបានប្រយោជន៍ដោយផ្ទាល់»។
លោកសង្ឃឹមថាការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសមត្ថភាពសហគមន៍ការភ្ជាប់ទំនាក់ទំនងជាមួយវិស័យទេសចរណ៍ ជាពិសេសអ្នកអភិវឌ្ឍគម្រោងទេសចរក៏ដូចជា Tour Operator នឹងអាចនាំភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកាន់តែច្រើនកុះករទៅកម្សាន្តតំបន់គោលដៅពិសេសតំបន់ភ្នំគូលែននេះតែម្ដង។
នាពេលបច្ចុប្បន្នគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បាននិងកំពុងរៀបចំគាំទ្រខ្សែផ្លូវសម្រាប់ថ្មើរជើង និងសម្រាប់ម៉ូតូភ្ជាប់ពីទីតាំងមួយទៅទីតាំងមួយ។
លោកឃិន ម៉េងឃាង បានលើកឡើងបន្តថា៖ «ខ្សែផ្លូវថ្មើរជើងក្នុងព្រៃនេះទៀតសោតមាន២ខ្សែសំខាន់ៗគឺខ្សែទី១ ជាខ្សែដែលយើងធ្វើដំណើរឆ្លងកាត់ ឬទៅទស្សនាតំបន់ធម្មជាតិ។អ៊ីចឹងពេលដែលយើងធ្វើដំណើរទៅយើងឃើញព្រៃឈើ សត្វព្រៃ ទឹកធ្លាក់ឬទេសភាពស្អាតក្នុងតំបន់នោះដែលមានប្រវែងជិត៥គីឡូម៉ែត្រ។ ហើយខ្សែទី២ជាផ្លូវម៉ូតូ ដែលយើងភ្ជាប់ពីសហគមន៍អន្លង់ធំទៅចម្ងាយប្រហែលជា ៣០គីឡូម៉ែត្រ»។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន កាលពីចុងសប្ដាហ៍ ដែលមានការអញ្ជើញចូលរួមពីសំណាក់វិស័យឯកជននិងភ្នាក់ងារទេសចរ ព័ត៌មានអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសារមួយដ៏សំខាន់សម្រាប់សម្រាប់ភ្ញៀវទេសចរដែលប្រាថ្នាមកកម្សាន្តនៅភ្នំគូលែន។
លោកឡុង ឡេង មកពីវិស័យឯកជនផ្នែកនាំភ្ញៀវទេសចរ ដែលមកបានទស្សនកិច្ចនៅទីតាំងគម្រោងផ្ទាល់បានលើកទឹកចិត្តដល់អ្នកទេសចរក្នុងស្រុកឱ្យដើរលេងកម្សាន្តនៅតាមគោលដៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាពិសេសពង្រឹងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍មូលដ្ឋានឱ្យកាន់តែមានជីវភាពល្អប្រសើរ។
លោកឡេង បានបន្តថា៖«តាមរយៈដំណើរទស្សនកិច្ចនេះ និងជួយផ្សព្វផ្សាយបន្ថែមទៅដល់ប្រតិបត្តករទេសចរក្នុងការជំរុញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិឱ្យមកទស្សនាតំបន់ភ្នំគូលែន។យើងក៏មានការលើកទឹកចិត្តទេសចរក្នុងស្រុកយើងមកទស្សនាឱ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពរបស់សហគមន៍»។
គម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា ក៏បានជួយឱ្យមានកំណើនជីវភាពប្រជាសហគមន៍តាមរយៈការចិញ្វឹមមាន់ឃ្មុំព្រៃ និងសត្វជ្រូកកណ្តុរដ៏កំពុងពេញនិយមផងដែរ ។
តាមការបញ្ជាក់ពីពលរដ្ឋក្នុងសហគមន៍ពួកគាត់បានងាកមកចាប់អារម្មណ៍លើវិស័យទេសចរណ៍ និងបានរួមគ្នាអភិរក្សតំបន់ប្រាសាទធនធានធម្មជាតិ និងសត្វព្រៃ។
ពួកគាត់បានអាស្រ័យផលតាមរយៈការការចិញ្ចឹសត្វមាន់ទា ជ្រូក និងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរផងដែរ៕