ជីវិត និង សង្គម

អ្នកស្រី សេង ម៉ូលីនី តស៊ូតាំងពីបាតដៃទទេ ក្លាយអ្នកផ្សព្វផ្សាយប្រដាល់គុនខ្មែរដ៏លេចធ្លោ

October 22, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ មាន​អ្នកគាំទ្រ​រហូតដល់​ចំនួន 181K នៅលើ​ហ្វេ​ស​ប៊ុ​កអ្នកស្រី សេង ម៉ូ​លី​នី បាន​ក្លាយជា​ស្ត្រីអ្នក​ផ្សព្វផ្សាយ​កីឡាប្រដាល់​គុន​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព ដោយសារតែ​ភាពប៉ិនប្រសប់​ក្នុងការ​សួរសំណួរ ការលើកទឹកចិត្ត​កីឡាករ និង​ទំនាក់ទំនង​ល្អ​ជាមួយ​កីឡាករ និង​គ្រូបង្វឹក​ប្រដាល់​ជាដើម ជាពិសេស​ការគាស់កកាយ រូត​វាំងនន បង្ហាញ​នូវ​រឿងរ៉ាវ​ផ្សេង​ៗដែល​កើត​មាននៅ​ខាងក្រោម​សង្វៀន ជូន​បងប្អូន​បាន​ទស្សនា​។  

​អ្នកស្រី សេង ម៉ូ​លី​នី អ្នក​ផ្សព្វផ្សាយ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​សារព័ត៌មាន SR News ថា មុននឹង​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ប្រដាល់​បែបនេះ អ្នកស្រី​ធ្លាប់​បានធ្វើ​ការងារ​ជា​អ្នកសារព័ត៌មាន​នៅតាមស្ថាប័ន​ជាច្រើន ហើយ​ជំនាញ​សារព័ត៌មាន​នេះ បាន​នាំឱ្យ​អ្នកស្រី​មាន​ភាពក្លាហាន ពូកែ​សួរដេញដោលស្វែងរក​ព័ត៌មាន និង​ផ្តល់នូវ​ព័ត៌មាន​ដែលមាន​ប្រយោជន៍​ជូន​ដល់​ទស្សនិកជន​។

​នៅក្នុង​ឆ្នាំ​២០១៩ អ្នកស្រី ម៉ូ​លី​នី បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​អ្នកសារព័ត៌មាន ក្លាយជា​អ្នក​ផ្សព្វផ្សាយ​គុន​ខ្មែរនៅ​ស្ថានីយទូរទស្សន៍​មួយ ដែលជា​កន្លែង​អ្នកស្រី​បម្រើការ គ្រានោះ​ហើយ​អ្នកស្រី​បាន​ផ្តិត​យក​នូវទិដ្ឋភាព​របស់​កីឡាករ​ប្រដាល់​ទាំង​នៅលើ​សង្វៀន និង​ក្រោម​សង្វៀន មក​បង្ហាញជូន​បងប្អូន​អ្នក​និយមតាមដាន​វិស័យ​ប្រដាល់ បាន​ទស្សនា​តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម លុះរហូតដល់​ឆ្នាំ ២០២២ ទើប​អ្នកស្រីសម្រេច​បង្កើត​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ផ្ទាល់ខ្លួន​ឡើង ​ដែលមាន​ឈ្មោះថា «Seng Moliny Journalist»​។

​អ្នកស្រី​បញ្ជាក់ថា​៖ «​មកដល់ពេលនេះ​ ខ្ញុំ​មាន​អ្នកគាំទ្រ181k លើ​ហ្វេ​ស​ប៊ុ​ក វា​តិច​ទេ​សម្រាប់​អ្នក​ដ៏​ទៃ ប៉ុន្តែ​វា​ច្រើន​សម្រាប់​ខ្ញុំ ​ដែល​ខ្ញុំ​ចាប់ផ្តើម​តាំងពី​ចំណុចសូន្យ បើ​ខ្ញុំ​រាប់​ទៅ​គឺ​នៅ​ខែ​៨ ឆ្នាំ​២០២២ ខ្ញុំ​សម្រេច​ធ្វើ​ផេ​ក​នេះ​ដោយ​ខ្លួនឯង ហើយ​ដើរ​ដោយ​ខ្លួន ដោយ​មិន​ពឹង​ទៅលើ​ស្ថាប័ន​ណាមួយ​»​។

​មាន​អ្នកគាំទ្រ​ច្រើន មាន​ទាំង​មនោសញ្ចេតនា និង​ក្តី​ស្រឡាញ់​ពី​អ្នក​នៅក្នុង​វិស័យ​ប្រដាល់​មួយ​នេះ អេតមីនផេក Seng Moliny Journalist ​រូបនេះ បញ្ជាក់​ពី​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖ «ការផ្សព្វផ្សាយគុន​ខ្មែរ គឺជា​ចំណែក​មួយ​នៅក្នុង​ជីវិត​របស់ខ្ញុំ នៅពេលដែល​ខ្ញុំ​អត់​បាន​ទៅ​មើល​ប្រដាល់ ឬ​អត់​បាន​ទៅដល់​ក្លឹប​ប្រដាល់​ណា​ដែល​ខ្ញុំ​ចង់ទៅ គឺ​នៅ​អត់​សុខ​ម៉​ង ពេលខ្លះ​ប្តី​ខ្ញុំ​គាត់​អត់​ស្រួលខ្លួន ខ្ញុំ​ថា​បង​! បង​ឯង​នៅផ្ទះ ទុកឱ្យ​ខ្ញុំ​ជា​អ្នក​ទៅ អ៊ីចឹង​ខ្ញុំ​ទៅ​ម្នាក់ឯង​ក៏មានដែរ បានន័យថាខ្ញុំ​មានអារម្មណ៍​មាន​ក្តី​សុខ ពេលដែល​ខ្ញុំ​ធ្វើការ​ងារ​មួយ​ហ្នឹង (​ការងារ​ផ្សព្វផ្សាយ​កីឡាប្រដាល់​គុន​ខ្មែរ​)»​។

​ស្ត្រី​វ័យ​៣២ ឆ្នាំ​រូបនេះ​ ថ្លែងថា នៅ​ពីក្រោយ​ភាពជោគជ័យ​ដ៏​មានតម្លៃ​មួយ​នេះ គឺមាន​ស្វាមី​របស់​អ្នកស្រី (​លោក ជា សុភា​រិ​ន​) ជា​អ្នក​ជួយ​ជ្រោមជ្រែងលើកទឹកចិត្ត បើទោះបី​ជាមាន​ឧបសគ្គយ៉ាងណាក៏ដោយ ក៏​ប្តី​ប្រពន្ធ​អ្នកស្រីនៅតែ​បន្តដំណើរ​ទៅមុន​ឥត​រុញ​រា រហូត​ទទួលបាន​ផ្លែផ្កា​ដូច​ពេលនេះ​។  

​អ្នកស្រី​សេង ម៉ូ​លី​នី រៀបរាប់ថា​៖ «​មកដល់​ចំណុច​នេះ ខ្ញុំ​ចង់​និយាយ​អរគុណ​ទៅកាន់​ស្វាមី​ខ្ញុំ ព្រោះ​ភាពជោគជ័យ​របស់ខ្ញុំមិនអាច​ជោគជ័យ​បាន​ដោយ​ម្នាក់ឯង​ទេ ព្រោះ​បើ​ខ្ញុំ​ធ្វើ​តែម្នាក់ឯងហើយ​គ្មាន​ការគាំទ្រ ក៏​មិនអាច​ទៅមុខ​រួច​ដែរ ទោះនៅពេល​ដំបូង​គ្មាន​ការគាំទ្រ​ពី​មនុស្ស​ណាក៏ដោយ តែ​ខ្ញុំ​មានការ​គាំទ្រ​ពី​ស្វាមី​របស់ខ្ញុំ​»៕

អត្ថបទពេញនិយម

អត្ថប្រយោជន៍៣សំខាន់ របស់ប្រទាលកន្ទុយក្រពើ

៤ វីធីតាមបែបធម្មជាតិ ជួយព្យាបាលបបូរមាត់ខ្មៅ

២១ ត្រណម តាមជំនឿតៗក្នុងរដូវកាលបុណ្យសែនក្បាលទឹក

«ម្លប់បៃតង» ល្បីមាន់ដុតទឹកឃ្មុំ ទីលម្ហែសមបំណងអ្នកចូលចិត្តទេសភាពស្ងប់ស្ងាត់

៨ ចំណុចដែលអ្នកត្រូវដឹងពីការប្រគំតន្ត្រីសូឡូរបស់ ឱក សុគន្ធកញ្ញា ដែលមិនដល់មួយម៉ោងផងសំបុត្រលក់ដាច់ខ្ទេចគ្មានសល់